ពិធីខួបកំណើតខ្មែរ

ពិធីអុជទាន ពេលប្រារព្ធខួបកំណើត តាមបែបប្រពៃណីខ្មែរបុរាណបច្ចុប្បន្ននេះ មានមនុស្សជាច្រើន បាននាំគ្នា ប្រារព្ធខួបកំណើត តាមបែបលោកខាងលិច ដែលគេនិយមហៅថា Birth Day ប៉ុន្តែ ពួកគេ ប្រហែលជាភ្លេចហើយថា ពិធីខួបកំណើតបែបខ្មែរក៏មានដែរ ។ តាមក្បួនខ្នាត ដែលមានសេសសល់ពីបុរាណ និងកំពុងអនុវត្ត នៅក្នុងសង្គមខ្មែរ សព្វថ្ងៃ ពិធីខួបកំណើតខ្មែរនេះ គេធ្វើឡើងដោយមិនប្រកាន់ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ និងព្រះរាជានោះទេ គឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើ តែប៉ុណ្ណោះ ។ សម្រាប់ព្រះមហាក្សត្រ និងព្រះសង្ឃគេហៅថា ពិធីចម្រើនព្រះជន្ម តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថា ចម្រើនអាយុ ឬខួបកំណើត ។

ការធ្វើបុណ្យខួបកំណើតបែបប្រពៃណីខ្មែរ ដែលស្ទើរតែបាត់បង់ទាំងស្រុងទៅហើយនោះ ត្រូវបានគេបង្ហាញតាមកញ្ចក់ទូរទស្សន៍ជារឿយៗ ឡើងវិញ ។ ក្រៅពីនោះ ពិធីនេះ ត្រូវបានគេប្រារព្ធតែ ចំពោះព្រះមហាក្សត្រ ញាតិវង្សានុវង្ស មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្ដាជន ដែលមានធនធានសម្បូរហូរហៀរ ។ កាលពីសម័យបុរាណ ពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង គឺកំណត់យកតាមថ្ងៃខែឆ្នាំ របស់ម្ចាស់ពិធី តាមប្រតិទិនចន្ទគតិ (ប្រតិទិនពុទ្ធសាសនា) តែដល់សម័យក្រោយមក គេក៏ឃើញមានការផ្លាស់ប្ដូរ ពីធ្វើរវាង១២ឆ្នាំម្ដង មកប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាម ធនធាន ។ ជាក់ស្ដែងសព្វថ្ងៃនេះ ពិធីខួបកំណើត ច្រើនតែរៀបចំសម្រាប់ព្រះមហាក្សត្មនកកក រ មន្ត្រីរដ្ឋាភិបាលធំៗ និងអ្នកមានធនធានមួយចំនួនតែប៉ុណ្ណោះ ។

អត្ថន័យនៃពិធីខួបកំណើតខ្មែរ

កែប្រែ

ពិធីខួបកំណើតបែបប្រពៃណីខ្មែរ មានបង្កប់អត្ថន័យអប់រំ ដាស់តឿនមនុស្ស តាមបែបទស្សនវិជ្ជាខ្មែរ ព្រោះនៅក្នុងពិធីនីមួយៗ សុទ្ធតែបង្កប់នូវអត្ថន័យអប់រំមនុស្ស ឲ្យដើរទៅរកផ្លូវល្អ មិនមែនចេះតែប្រឌិត ធ្វើដោយគ្មានគោលបំណងពិតនោះទេ ។ នេះបើតាមការឲ្យដឹងរបស់លោក ជា គាន អគ្គលេខាធិការរង គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ

លោកបន្តថា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរបានភ្ជាប់ខ្លួនជានិច្ច ទៅនឹងរូបភាព អច្ឆរិយៈ ផ្សេងៗដូចជា៖ ដងទន្លេមេគង្គ ទួល ឬអង្គ ភ្នំ សត្វដំរី ជំនឿលើទេវតា អារក្សអ្នកតា ប្រាង្គប្រាសាទនានា និងសាសនាជាដើម ។

ជំនឿទាំងអស់នេះជាធាតុសំខាន់មួយ នៅក្នុងខឿនវប្បធម៌ខ្មែរ ដែលគេពុំអាចកាត់ផ្ដាច់ចេញ បានឡើយ ។ លោកជា គាន បញ្ជាក់ថា ពិធីខួបកំណើតបែបប្រពៃណីខ្មែរកើតចេញពីជំនឿសាសនាសុទ្ធសាធ ហើយពិធីនេះ នឹងព្យាបាលចិត្តគំនិត របស់ម្ចាស់ពិធី និងអ្នកចូលរួមពិធី ឲ្យយល់ពីតម្លៃនៃជីវិត ដែលបានចាប់បដិសន្ធិមក ហើយត្រូវខិតខំធ្វើអំពើល្អ ចេះយោគយល់អាណិតអាសូរ និងស្រឡាញ់គ្នា ទៅវិញទៅមក។

បើតាមការឲ្យដឹងរបស់លោក ជា គាន បច្ចុប្បន្នប្រជាជនខ្មែរមួយចំនួន នៅតាមបណ្ដាខេត្តនានា នៅតែធ្វើ ពិធីនេះនៅឡើយ ប៉ុន្តែមានអ្នកខ្លះ ធ្វើចំថ្ងៃកំណើត អ្នកខ្លះក៏រើសយកថ្ងៃផ្សេង ដែលគេយល់ថា ល្អតាមក្បួនតម្រាផ្សេងៗ និងជាពិសេស គេច្រើនឃើញមានធ្វើនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជាថ្ងៃដែលប្រជាជនខ្មែរយល់ថា មានជ័យមង្គលបំផុត លើសអស់ថ្ងៃទាំងពួង នៅក្នុងឆ្នាំនីមួយៗ ។

ដំណើរការនៃការប្រារព្ធពិធី

កែប្រែ

លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបាននិយាយថា ពិធីខួបកំណើត បែបប្រពៃណីខ្មែរ បានចាប់ផ្ដើមពិធីទីមួយរបស់ខ្លួន ដោយការនិមន្តព្រះសង្ឃមក សូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយ ឲ្យចៀស ចេញឆ្ងាយ និងនាំចូលមកវិញ នូវសិរីសួស្ដី ជ័យមង្គល និងលាភសំណាងទាំងពួង ។

បន្ទាប់មកទៀត គឺពិធីសំពះម្ដាយដើម ដែលសាមីពិធី ត្រូវសំពះនៅចំពោះមុខទៀនមួយគូ ហើយនៅក្នុងទៀននីមួយៗ មានសរសៃអំបោះចំនួន១២សរសៃ តំណាងឲ្យគុណម្ដាយទាំង១២ ។ រីឯពិធីទីបីវិញ គឺជាពិធីបង្វិលពពិល ការបង្វិលពពិលមានច្រើនបែបដូចជា៖

  • បង្វិល៣ជុំ មានន័យថា មនុស្សយើងមុននឹងចូលមកចាប់បដិសន្ធិ ក្នុងផ្ទៃមាតាត្រូវដើរក្រឡឹង ចំនួន៣ជុំសិន ។
  • បង្វិល៥ជុំ គឺតំណាងឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតា និងបិតា) ។

លោកស្រីបញ្ជាក់ថា ក្នុងការបង្វិលពពិលនោះ គេមិនអនុញ្ញាតឲ្យបុរសចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះ ដែលអាចចូលអង្គុយបង្វិលបាន ។

ពិធីទី៤ គឺពិធីចងដៃ ឬចងព្រលឹង គឺគេយកអំបោះមកចងដៃ ដែលក្នុងអំបោះមួយខ្សែមានសរសៃអំបោះចំនួន១២ វេញបញ្ចូលគ្នាតំណាង ឲ្យគុណម្ដាយទាំង១២ ហើយនៅចុងបញ្ចប់គឺ ពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃ ។ លោកស្រី ស៊ុន សុវណ្ណនី បញ្ជាក់ថា មានពិធីខួបកំណើតខ្មែរខ្លះបានប្រព្រឹត្តធ្វើដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀត ប៉ុន្តែនេះជាពិធីធំមួយដែលត្រូវ ចំណាយច្រើនទាំងពេលវេលា និងធនធានដែល ជាទូទៅ មានតែអ្នកមានឋានៈខ្ពង់ខ្ពស់ និងព្រះសង្ឃជាដើមដែលត្រូវធ្វើ ។

ពិធីខួបកំណើត ឬចម្រើនព្រះជន្មអាចនិយាយបានថា ក៏មានប្រើពាក្យរួមមួយទៀតដែរ គឺពិធីអាយុវឌ្ឍនៈមង្គល ដែលជាទូទៅគេធ្វើរៀងរាល់១២ឆ្នាំម្ដង គឺនៅអាយុ១២ឆ្នាំ អាយុ២៤ឆ្នាំនិង អាយុ៣៦ឆ្នាំ ។នៅពេលធ្វើពិធី អ្នកចូលរួមត្រូវជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី ត្រូវប្រសិទ្ធិពរជ័យ សិរីមង្គល និងស្រោចទឹក លាងជម្រះសេចក្ដី មន្ទិលសៅហ្មងទាំងឡាយ ដែលកើតមាននៅឆ្នាំចាស់កន្លងមក ។

លោក មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បាននិយាយថា តាមការសិក្សាស្រាវជ្រាវ ពិធីខួបកំណើត អាចកើតឡើងប្រហាក់ប្រហែលគ្នា ជាមួយពិធីកោរជុក ក្នុងសម័យប្រទេសកម្ពុជា កាន់ព្រហ្មញ្ញសាសនា ព្រោះរបៀបរៀបចំក្នុង ពិធីទាំងមូលស្ទើរតែដូចគ្នាទាំងស្រុង ។

មានពិធីប្រពៃណីខ្មែរផ្សេងៗជាច្រើន រួមទាំងពិធីខួបកំណើតខ្មែរ នេះផង បានបាត់បង់ និងស្ទើរតែគ្មានអ្នកចងចាំ និងប្រតិបត្តិឡើយ ។ លោក មៀច ប៉ុណ្ណ និយាយថា នេះគឺដោយសារតែរយៈពេល នៃការប្រារព្ធធ្វើម្ដងៗយូរពេកគឺរហូត ដល់១២ឆ្នាំធ្វើម្ដង ទើបធ្វើឲ្យពិធីនេះត្រូវបានគេភ្លេចអស់ ហើយបែរជាំនាំគ្នាមកធ្វើតាមបែបបស្ចិមប្រទេស ដូចសព្វថ្ងៃវិញ។

ម្ដាយដើមរបស់មនុស្ស

កែប្រែ

តាមគម្ពីរព្រះពុទ្ធសាសនាម្ដាយដើមមាន៩គឺ៖

  • ម្ដាយទី១៖ ជាអ្នកបង្កើតអាត្ម័នសង្ខារ ។
  • ម្ដាយទី២៖ ជាអ្នកថែរក្សា ។
  • ម្ដាយទី៣៖ ជាអ្នកជូនផ្លូវឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាល ។
  • ម្ដាយទី៤៖ ជាអ្នកសង់ផ្ទះឲ្យនៅ ឬរកផ្ទៃឲ្យកំណើត ។
  • ម្ដាយទី៥៖ ជាអ្នកបង្កើត បំពេញឲ្យមើលឃើញ ដឹងឮនូវអ្វីៗទាំងឡាយ ។
  • ម្ដាយទី៦៖ គឺម្ដាយដែលបានបង្កើត និងចិញ្ចឹមថែរក្សាសព្វថ្ងៃនេះ ។

​​*ចំណែកម្ដាយ៣ទៀតក្នុងសាស្ត្រាលោកថា ពុំគួរឲ្យសម្ដែងឡើយ បានន័យថា ម្ដាយ៣ទៀតនេះគឺជាអ្នកទទួលជីវិតឲ្យត្រលប់ទៅវិញ ៕ អាចារ្យ ជាអ្នកប្រដៅ

តំណភ្ជាប់

កែប្រែ