ព្រះនាងពៅពិសី ទ្រង់ត្រូវជាព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង ដែលមានព្រះបរមនាមសំរាប់រាជ្យថា ព្រះ​ក្សត្រី​ភត្ដវត្ដី ​ពៅពិសី

ពៅពិសី
ព្រះនាង
រជ្ជកាល១០២៨-១០៧១
រាជ្យមុនមិនស្គាល់
រាជ្យបន្តនាងនាគទី២
ស្វាមី/មហេសីបក្សីចាំក្រុង
ព្រះនាមពេញ
ព្រះ​ក្សត្រី​ ភត្ដវត្ដី ​ពៅពិសី
វង្សស្រេន្ទ្រា
សន្តតិវង្សជ័យវរ្ម័ន
បិតាព្រះស្រេន្ទ្រាទី២
ប្រសូតមហានគរ
សុគតមហានគរ

ប្រវត្តិរបស់ព្រះនាង និង ព្រះបាទបក្សីចាំក្រុង

កែប្រែ

ដោយមានឯកសារ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​ ​គឺ​ព្រះ​នាង​ពៅពិសី​ ​ដែល​ជា​បុត្រី​របស់​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​ព្រះ​នាមស្រេន្ទ្រាទី២។​ ដូចដែល​យើង​បាន​ រៀបរាប់​រួច​ពី​ខាងលើ​ ​ព្រះ​ម្នាង​ទេព​ ​ដែល​ជា​ព្រះ​មាតា​របស់​បក្សីចាំក្រុង​ ត្រូវ​ស្ដេច​ព្រហ្មកិល] ​ឬ​ពញាក្រែក​ ​ឬ​សិន្ធពអមរិន្ទ​ ​បញ្ជា​ឲ្យ​យក​ទៅ​សំលាប់នៅ​កំពង់​ព្រះ​ជិន​ក្នុងស្រុក​ស្ទោង។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​កសាង​ព្រះវិហារ​មួយ​យ៉ាង​ល្អ​ស្អាត​ធ្វើ​អំពី​ ថ្មភ្នំ​ ​នៅ​ត្រង់​កន្លែង​ដែល​គេ​ប្រហារជីវិត​ព្រះ​មាតា​ ​គឺ​ដើម្បី​រំឭក​ដក់​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​ ​រំឭក​ដល់​គុណ​ព្រះ​មាតា​ ​ដែល​បាន​ផ្ដល់​ជីវិត​ដល់​ព្រះ​អង្គ​ ​និង​ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ព្រះ​អង្គ។​ ​ព្រះវិហារ​នោះ​ ​ព្រះ​អង្គ​បាន​ប្រទាន​ដាក់​ឈ្មោះ​ថា​ ​វត្ដ​ករណីដើម​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​វត្ដ​ក្ដីដើម វត្ដ​នេះ​ស្ថិត​នៅ​កំពង់ចិន​ ស្រុកស្ទោង​ក្នុង​ខេត្តកំពង់ធំ។​ ​វត្ដ​ករណីដើម​ ​កសាង​រួច​ស្រេចបាច់​កាលណា​ ​ព្រះ​អង្គ​ក៏​បាន​រៀបចំ​ឲ្យ​ប្រារព្ធ​​ធ្វើ​បុណ្យបញ្ចុះសីមា​ ​និង​ឆ្លង​ទៅ​តាម​ទំនៀមទំលាប់ប្រពៃណី​ ​នៅ​ក្នុង​ឆ្នាំឆ្លូវ។​ កាលនោះ ​ស្ដេច​ចាម​សេ្រន្ទ្រា​ទី​២ ​សោយរាជ្យ​គ្រប់គ្រង​នៅ​ស្រុក​ស្ទោង។​ ​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​ ​មាន​ធ្នូសរ​អាវុធ​ ​ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​អស្ចារ្យ​ ​គឺ​បាញ់​ម្ដង​ចេញ​ព្រួញ​ប្រាំ​ ​ឮ​សូរដូច​រន្ទះបាញ់​ផ្ទប់​គ្នា​ ​ហើយ​បើ​បាញ់​ទៅ​ប៉ះដើមឈើ​ណាមួយ​ ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​លើ​ដើម​ ​នឹង​ ​ត្រូវ​ជ្រុះ​អស់​គ្មាន​សល់។​ ​ធ្នូសរ​ទាំងនេះ​គេ​មិន​អាច​យក​ទៅ​ដាក់​លើ​ដី​ ​លើពូក​ ​ឬ​លើ​គ្រែ​បាន​ឡើយ។​ ​ដូច្នេះ​ហើយ​ ​បានជា​ស្ដេច​ចាម​កសាង​ប្រាសាទ​មួយ​ធ្វើ​អំពី​ឥដ្ឋ​ ​ហើយ​យកសរ​ ​និង​ធ្នូ​នោះ​ទៅ​ព្យួរ​ដាក់​ទុក​ធ្វើ​ដូច​ជា​ទោង។​ ​ដោយសារ​ហេតុភេទ​ដូចនេះ​ ​ទើប​បានជា​គេ​ដាក់​ឈ្មោះ​ទីកន្លែង​នោះ​ថា​ ​សរទោង ដែល​យូរ​ទៅៗ​ ​ក្លាយទៅជា​ស្ទោង។​ ​ស្ដេច​ចាម​ ​ព្រះបាទ​សេ្រន្ទ្រា​ទី​២​ ​ព្រះ​អង្គ​មានកូន​ស្រី​មួយ​ឈ្មោះ​ ​ព្រះ​នាង​ពៅពិសី​ ​ដែល​ទើបតែ​មាន​ព្រះ​ជន្ម ​១៦ ​វស្សា។​ ​ព្រះ​នាង​មាន​រូបឆោម​លោម​ពណ៌​សម្ផស្ស​ល្អល្អះ​បវរ​ស្រស់​ស្អាត​ ​នឹង​​រក​អ្វី​មក​ប្រៀបប្រដូច​ផ្ទឹម​មិន​បាន​ឡើយ។​ ​រីឯ​ចិត្ដគំនិត​ ​កិរិយា​មារយាទ​ ​ឫកពា​វិញ​សោត​ក៏​ល្អ​ប្រពៃ​ ​វិសេសវិសាល​ ​កំរ​នឹង​មាន​ ​ហើយ​ក៏​ពិបាក​នឹង​រក​ជួប​ប្រទះ​ដែរ។​ ព្រះបាទ​បក្សីចាំក្រុង​ ​ដែល​យាង​ទៅ​ធ្វើបុណ្យ​ឆ្លង​ ​វត្ដ​ករណីដើម​ ​នៅស្រុកស្ទោង​មាន​ក្រុម​មន្ដ្រី​ ​សេនា​រេហ៍ពល​គ្រប់​ជាន់ថ្នាក់​ជា​ច្រើន​ ​ហែហម​ជូន​ដំណើរ។​ ​ក្នុង​ចំណោម​នោះ​ ​មាន​នាម៉ឺន​ជំនិតជាទី​ទុកចិត្ដ​របស់​ព្រះ​អង្គ​ប្រាំ​នាក់​ ​ដែល​ធ្លាប់តែ​ជួយ​រៀបចំ​ធ្វើការ​បំរើ​ទឹកដី​ថ្វាយ​ព្រះ​អង្គ។​ ​ជំនិត​ទាំង​ប្រាំ​នាក់​មានចិត្ដ​ស្មោះត្រង់​ ​ល្អ​បរិសុទ្ធ​ ​សន្ដោស​ ​យុត្ដិធម៌​ ​ហើយ​គោរព​ទៀងទាត់​ធ្វើ​ទៅ​តាម​រាជឱង្ការ​ ​និង​បទបញ្ជា​របស់​ព្រះមហាក្សត្រយ៉ាង​ត្រឹមត្រូវ​ល្អិតល្អន់​ឥតបី​ខ្ចោះ​ ​ឬ​ ​ធ្វេសប្រហែស​ឡើយ។​ ​ជំនិត​ទាំង​ប្រាំ​មានមុខ​នាទី​ ​និង​អំណាច​ធំ​ទូលាយ​លើសលប់​អស់​មន្ដ្រី​នានា​ក្នុង​ព្រះ​នគរ។ ​ជំនិត​ទាំង​ប្រាំ​នោះ​គឺ​៖ ម៉ឺន​ប្រពៃជ័យជាតិ ម៉ឺន​ពិភ័ត្តិលោកនាថ ម៉ឺន​ជាតិសូរិវង្ស ម៉ឺន​បំរុងក្សត្រ និង​ម៉ឺន​ប្រពៃប្រឹក្សា។ ក្រៅ​អំពី​កិច្ចការ​ជាតិ​ ​ជំនិត​ទាំងនេះ​ក៏​តែងតែ​នាំ​គ្នា​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ ​ដើម្បី​បំពេញចិត្ដ​ព្រះមហាក្សត្រ​ដែរ។​ នៅ​ថ្ងៃ​បុណ្យ​ចុង​បង្ហើយ​ ​ម៉ឺន​បំរុងក្សត្រ​ ​និង​ម៉ឺន​ប្រពៃប្រឹក្សា​ ​ដែល​ដើរ​មើល​រក​នារី​ស្រស់​ស្អាត​ទុក​ថ្វាយ​ព្រះរាជា​ ​បាន​ទៅ​ទូល​ព្រះបាទ​បក្សីចាំក្រុង​ថា​ ​ខ្លួន​បានឃើញ​នាង​ពៅពិសី​ ​កូន​របស់​ស្ដេច​ចាម​សេ្រន្ទ្រា។​ ​ព្រះ​នាង​មាន​រូប​ស្រស់​សម្ផស្ស​ស្អាត​ណាស់។​ ​ក្សត្រី​មីនុំមីនាង​នៅ​ក្នុង​វាំង​ទាំង​ប៉ុន្មាន​ ​មិន​អាច​យក​មក​ប្រៀបផ្ទឹម​ជាមួយ​បាន​ឡើយ។​ ​ព្រះ​នាង​មាន​ភីលៀង​ពីរ​នាក់​ ​ដែល​ត្រូវជា​សង្សារ​របស់​ពួក​គេ។​ ​ភីលៀង​ទាំង​ពីរ​ ​បាន​យល់​ព្រមទៅ​បញ្ចុះបញ្ចូល​ពន្យល់​ព្រះ​នាង​ពៅពិសី​ឲ្យ​យល់ព្រម​សុខចិត្ដ ​ស្រឡាញ់​ ​រួម​រ័ក្ស​មេត្រី​ជាមួយនឹង​ព្រះមហាក្សត្រ​ ​ព្រះបាទ​បក្សីចាំក្រុង។​ ​កន្លែង​ដែល​ជំនិត​ទាំង​ពីរ​បាន​យល់​ ​បាន​ឃើញ​ព្រះ​នាង​ពៅពិសី​ ​បាន​ក្លាយទៅជា​ ​ភូមិ​នាងសស្ងាច ជាប់​រៀង​រហូត​ត​មក។​ ពង្សាវតារ​វត្ដ​ទឹកវិល​ បញ្ជាក់​តទៅ​ទៀត​ថា​ ​បក្សីចាំក្រុង​ ​បាន​ស្រឡាញ់​ប្រតិព័ទ្ធ​ព្រះ​នាង​ពៅពិសី​ស្មោះស្ម័គ្រ​អស់ពី​ដួង​ហឫទ័យ​ ​ឥត​មានចិត្ដ​ក្បត់​ចង់​បោក​បញ្ឆោត​ ​ឬ​ចង់បាន​ត្រឹមតែ​ខ្លួន​ ​យក​មក​សប្បាយ​លេងសើច​នោះ​ឡើយ។​ ​តែ​ព្រះ​អង្គ​មិន​ចង់​ចូល​ស្ដីដណ្ដឹង​ព្រះ​នាង​ ​តាម​ក្បួនខ្នាត​ទំនៀមទំលាប់​ប្រពៃណី​ទេ។​ ​ពីព្រោះ​ព្រះ​អង្គ​ខ្លាចក្រែង​បិតា​ព្រះ​នាង​ ​ដែល​ជា​ស្ដេច​ចាម​ ​តំរូវ​ ​នឹង​បង្ខំ​ព្រះ​អង្គ​ព្រះ​អង្គ​ឲ្យ​ចូល​ប្រកាន់​យក​សាសនា​ចាម។​ ​ដើម្បី​ឲ្យ​សេ្ន​ហា​របស់​ព្រះ​អង្គ​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នា​ ​កុំឲ្យ​មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឲ្យ​ស្ទះ​ដំណើរ​ ​បក្សីចាំក្រុង​បាន​ទៅ​សំពះ​បន់ស្រន់​ ​បួងសួង​សុំ​អ្នកតា​ស្ដី​ ​នៅ​ស្រុក​ស្ទោង​ ​ជួយ​ដោះស្រាយ​ ​សំរួល​កិច្ចការ​ថ្វាយ​ព្រះ​អង្គ។​ ​ព្រះ​អង្គ​បាន​សន្យា​ថា​ ​បើ​បាន​សំរេច​ ​ព្រះ​អង្គ​នឹង​បិតមាស​ថ្វាយ។ ថ្ងៃ​ ៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំឆ្លូវ​ ​នា​កណ្ដាល​អាធ្រាត​ ​ព្រះ​នាង​ពៅពិសី​ ​ដោយ​មាន​ភីលៀង​ទាំង​ពីរ​ ​ជូន​ហែហម​អមដំណើរ​ផង​ ​បាន​ចាក​ចេញពី​ព្រះរាជវាំង​មក​ជួប​បក្សីចាំក្រុង​ ​តាម​ការ​កំណត់។​ ​បក្សីចាំក្រុង​ ​ក៏​ចាប់ផ្ដើម​និយាយ​រ៉ាយរ៉ាប់​អធិប្បាយ​ពន្យល់​អំពី​ចិត្ដ​ស្នេហ៍ស្នង​ ​ស្មោះស្ម័គ្រ​ ​ឥត​ព្រំដែន​របស់​ព្រះ​អង្គ​ចំពោះ​ព្រះ​នាង។​ ​ព្រះ​អង្គ​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​នាង​យល់ព្រម​សុខចិត្ដ​រត់​តាម​ព្រះ​អង្គ ​ទៅ​នៅ​ឯ​ព្រះ​មហានគរ។​ ​ព្រះ​នាង​ពៅពិសី​ ​ដែល​បាន​គាប់ចិត្ដ​ស្រឡាញ់​បក្សីចាំក្រុង​មិន​បង្អង់​យូរ​ឡើយ​ ​ព្រះ​នាង​សុខចិត្ដ​យល់ព្រម​ទៅ​តាម​ព្រះ​អង្គ​ ​ដោយ​ឥត​រារែក។​ ​បក្សីចាំក្រុង​ដោយ​មាន​ជំនិត​ទាំង​ប្រាំ​នាក់​ជួយ​ជ្រោមជ្រែង​ផង​ ​បាន​នាំ​ព្រះ​នាង​ពៅពិសី​ ​ចុះទូក​ធ្វើ​ដំណើរតំរង់​ទៅ​ព្រះ​មហានគរ។​ ព្រឹក​ឡើង​ទើប​ព្រះបាទ​សេ្រន្ទ្រា​ដឹង​ថា​ ​បុត្រី​បាន​ចុះ​ចាក​ចេញពី​ដំណាក់​ ​រត់​ទៅ​តាម​បក្សីចាំក្រុង។​ ​ខឹង​ខ្ញាល់​ ​អាក់អន់​ស្រពន់ចិត្ដ​ខ្លាំង​ណាស់​ ​ព្រះ​អង្គ​ក៏​រៀបចំ​ប្រមូល​កងទ័ព​យ៉ាងច្រើន​ ​ដើម្បី​ដេញ​តាម​ចាប់​កូនស្រី​យក​មក​វិញ។​ ​កន្លែង​ប្រមូល​ប្រជុំ​ពល​រេហ៍​នោះ​បាន​ក្លាយទៅជា​ភូមិ​ហើយ​ជាប់​ឈ្មោះ​រៀង​ រហូត​ថា​ ​ភូមិ​ជុំពល។​ ​ដេញ​តាម​មក​ដល់​ទន្លេសាប​ ​ស្ដេច​ចាម​ក្រឡេក​មើលទៅ​ឆ្ងាយ​ ​ឃើញ​ទូក​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ដាច់​កន្ទុយភ្នែក​ ​ព្រះ​អង្គ​ក៏​អស់​សេចក្ដី​សង្ឃឹម​កើតក្ដី​មួហ្មង​ ​អាម៉ាស់មុខ​ ​ឈឺ​ចុកចាប់​រហូត​អស់​ជីវិត។​

ចំណែក​នាង​ ពៅពិសី​វិញ​ ​ក្រោយ​ដែល​បានដឹង​ថា​ ​ព្រះ​បិតា​ចូល​ទិវង្គត​ ​ដោយ​មាន​ព្រះ​ស្វាមី​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ជូន​ដំណើរ​មក​ជាមួយ​ផង​ ​ព្រះ​នាង​ក៏​វិល​ត្រលប់​មក​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ទាន​បញ្ជូន​កុសល​ថ្វាយ ​ព្រះ​បិតា​ទៅ​តាម​ប្រពៃណី។​ ​ព្រះ​នាង​បាន​រៀបចំ​ធ្វើ​ផ្លូវ​មួយ​យ៉ាង​ធំ​ល្អ​ស្អាត​សមរម្យ​ ​ខ្ពស់​ផុត​ពី​ទឹក​ ​កន្លែង​នោះ​មានឈ្មោះ​ថា​ ​កំពង់​ពៅពិសី​ រហូត​មក​ដល់​បច្ចុប្បន្ន។​ ​ព្រះ​នាង​បាន​បង្គាប់​ឲ្យ​យក​ធ្នូ​ ​និង​សរ​ ​ទៅ​តំកល់​ទុក​កន្លែង​ដើម​ ​ហើយ​ព្រះ​នាង​ក៏​បាន​បញ្ជា​ឲ្យ​សាង​អាស្រម​មួយ​ ​នៅ​ក្នុង​បរិវេណ​បរមរាជវាំង​ ​ដើម្បី​ទុក​ថ្វាយ​ រំឭកគុណ​បំណាច់​ ​និង​វិញ្ញាណខន្ធ​របស់​ព្រះ​បិតា។​ ​អាស្រម​នោះ​មានឈ្មោះ​ថា​ ​អាស្រម​ព្រះបាទ​ស្រេន្ទ្រា ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​អ្នកតា​ស្រេន្ទ្រា។ នៅ​ទីកន្លែង​នេះ​ ​តាម​ទំនៀមទំលាប់​ ​បី​ឆ្នាំ​ម្ដងៗ​ ​គេ​ត្រូវ​រៀបចំ​ធ្វើ​ពិធី​បូជាយញ្ញ​ ​យក​អ្នកទោស​ធ្ងន់​មក​ប្រហារជីវិត​ថ្វាយ​អ្នកតា​ ​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយចំរុងចំរើន។​ ​បើ​មិន​ដូច្នោះ​ទេ​ ​វិញ្ញាណខន្ធ​ស្ដេច​ចាម​ស្រេន្ទ្រា​ ​នឹង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​មនុស្ស​ ​ហើយ​នាំ​បង្វក់បង្វល់​ ​បញ្ចូល​ចិត្ដ​ឲ្យ​ឆ្កួត​ឡប់​សតិ​ ​កាច​សាហាវយង់ឃ្នង​ ​ក្បត់គ្នា​ចុះឡើង​ ​បង្កើត​ក្រុម​ជា​ទ័ព​បះបោរ​ ​កាប់សំលាប់​គ្នា​ឥត​ត្រា​ប្រណី។​ ​កងទ័ព​នេះ​នឹង​មានកំលាំង​ឥទ្ធិពល​ខ្លាំងក្លា​ ​ជាង​កងទ័ព​នានា​ទាំងឡាយ​ឯទៀត។ ចាប់តាំងពី​ ថ្ងៃ​នោះ​មក​ ​ព្រះរាជ​វង្សានុវង្ស​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​ក៏​រលាយ​បាត់​អស់​ទៅ​ដែរ​ ​ហើយ​ស្រុក​ស្ទោង​ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខេត្ដ​អាសន្នទុក្ខ។ ចំណែក ​ព្រះ​នាង​ពៅពិសី​ ​កាលបើ​យាង​មក​ដល់​ព្រះរាជ​ធានី​ ​ព្រះ​មហានគរ​ ​ព្រះ​នាង​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ព្រះបាទ​បក្សីចាំក្រុង​ ​តែងតាំង​ឋានៈ​ ​និង​ផ្ដល់​កិត្ដិយស​ជា​អគ្គមហេសី។​ ​ព្រះ​នាង​ទទួល​ព្រះ​បរម​នាម​ ​ព្រះ​ក្សត្រី​ភត្ដវត្ដី​ពៅពិសី។​ ​ចំពោះ​អ្នកតា​ស្ដី​ ​នៅ​ក្នុងស្រុកស្ទោង​ ​ដែល​បាន​ជួយ​ណែនាំ​បញ្ចុះបញ្ចូល​ ​សំរុះសំរួល​ចាត់ចែង​ធ្វើ​ឲ្យ​ស្នេហា​របស់​ព្រះ​អង្គ​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នា​ ​ព្រះ​អង្គ​មិន​បាន​បំភ្លេច​ទេ​ ​ព្រះ​អង្គ​បាន​យក​សន្លឹក​មាស​ទៅ​បិទ​ថ្វាយ​អ្នកតា​ ​តាម​ពាក្យ​បំណន់​ដែល​បាន​សន្យា​ ​អ្នកតា​ស្ដី​ក៏​ជាប់​ឈ្មោះ​ថា​ ​អ្នកតា​ស្ដីបិទមាស ពី​ថ្ងៃ​នោះ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។

មុនដោយ
មិនស្គាល់
មហានគរ តដោយ
នាងនាគទី២