ព្រះបាទជ័យវរ្ម័ន (ម.គ.ស ៣៥២-២៦២) រជ្ជកាល (ម.គ.ស ៣៣២-២៨២) ជាស្ដេចចាមសោយរាជ្យទី១ ក្នុងរឿងព្រេង និងក្នុងពង្សាវតារខ្មែរ ព័ត៌មានទាក់ទងនឹងស្ដេចអង្គនេះបានពីរឿងនិទាន។ រឿងរ៉ាវរៀបរាប់​អំពី​ការ​លុកលុយ​របស់​ស្តេចហ៊ុនទៀន ដែល​យាង​មកពី​ទិស​ខាងត្បូង ដូចដែលបាន​កត់ត្រា​ដោយបេសកជនចិន។ ទោះជា​យ៉ាងណាក៏ដោយ ពួក​ជ្វាព្រាហ្មណ៍ ឬ​ព្រាហ្មណ៍ នៅ​កោះ​ជ្វា​ទាំងនោះ ធ្វើដំណើរ​ចេញមក​ពី​ប្រជុំ​កោះ​អាំង​ស៊ូ​ឡាំង។ ពួក​នោះ​ប្រហែលជា​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍ ប្រមាណ​ជា​ ២​ ម៉ឺន​គ្រួសារ ដែល​បានធ្វើ​និ​រ​ប្រវេសន៍​ចេញពី​ប្រទេសឥណ្ឌា នៅ​ដើម​មហាសករាជ មក​តាំងទី​លំនៅ​លើ​កោះ​ជា្វ ហើយ​ផ្សព្វផ្សាយ ព្រហ្ម​ញ្ញសាសនាដល់​ប្រជាជន​ដើម​នៅ​ទីនោះ។ រឿងនិទាន​រៀបរាប់ថា ក្រៅពី​ប្រជាជន ឬ​ពួក​ពលទាហាន និង​ពួក​សំពៅ ពួក​ព្រាហ្មណ៍​ដែលជា​មេ​គេ​ទាំងនោះ មាន​សក់វែង មាន សម្បុរ​ខ្មៅ ហើយ​បាន​អះអាងថា ពួកគេ​មកពី​នគរ​ពារាណសី។ រឿងនិទាន​ក៏បាន​រៀបរាប់​ផងដែរ​ថា នគរ​ដែល​ពួក​ជ្វា​ព្រាហ្មណ៍​ទាំងនោះ បាន​បង្កើតឡើង​គឺ​នគរ​គោកធ្លក គឺ​ស្រុក​ខ្មែរ​នេះឯង និង​ថា មាន​ព្រះមហាក្សត្រ​ចាម ​៦​ ព្រះអង្គ​សោយរាជ្យ​បន្តបន្ទាប់​គ្នា ព្រះមហាក្សត្រ​ទាំងនោះ ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន ដែលជា​ជ្វា ចំណុច​នេះ​ខុស ព្រោះថា​ហ៊ុនទៀន ឬ កៅ​ណ្ឌិ​ន្យ ( គឺជា​ជនជាតិ​ឥណ្ឌាមក នគរវ្នំ តាមរយៈ​កោះ​ជ្វា)។​ ស្តេចជ័យវរ្ម័ន សោយរាជ្យ​៥០​ឆ្នាំ។ តាម​រឿងនិទាន ព្រះអង្គ​គោរពបូជា​ព្រះ​វិស្ណុ ហើយ​ទ្រង់​សោយ​ទិវង្គត​ទៅ ក្នុង​ព្រះ​ជន្មាយុ​ ៧០ ​ឆ្នាំ។​ រាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ព្រះនាម កវលរាជកុមារ បាន​សោយរាជ្យ​បន្ត​ពី​ព្រះបិតា ហើយ​គោរពបូជា​ថ្ម​ស្វ័យ​ម្ភុ ដែល​មានន័យថា កើតមានឡើង​ដោយ​ឯងៗ។

ជ័យវរ្ម័ន
រជ្ជកាលម.គ.ស ៣៣២-២៨២
រាជ្យមុនគ្មាន
រាជ្យបន្តព្រះបាទកវលរាជកុមារ
ប្រសូតម.គ.ស ៣៥២
ពារាណសី រឺ កោះជ្វា
សុគតម.គ.ស ២៨២
នគរគោកធ្លក

ឯកសារយោង កែប្រែ

  • សៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា របស់លោកអាដឺម៉ា ឡឺក្ល៊ែរ
  • ប្រវត្តិសាស្ត្រខ្មែរ របស់លោកបណ្ឌិត រស់ ចន្ទ្រាបុត្រ
  • ប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤
  • [វិគីប្រភពដើម]
  • ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ទ្រាបុត្រ (ភាគរឿងនិទាន)
មុនដោយ
ចាប់ផ្ដើម
នគរគោកធ្លក តដោយ
ព្រះបាទកវលរាជកុមារ