ព្រហ្មវិហារធម៌
ព្រហ្មវិហារធម៌ ៤ របស់ឪពុកម្តាយ
កែប្រែក-មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។
ខ-ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេឆាប់រួចចាកសេចក្តីទុក្ខនោះ។
គ-មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។
ឃ-ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល (មិនលំអៀង) កាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣)។ ឧបេក្ខាជាការរក្សាចិត្តជាកណ្ដាល គឺ ការធ្វើទុកក្នុងចិត្តថា អ្នកទាំងឡាយ ទាំងខ្លួនខ្ញុំ ទាំងកូនរបស់ខ្ញុំផង សុទ្ធតែប្រព្រឹត្តទៅតាមកម្ម ឬអំពើដែលខ្លួនបានធ្វើមកហើយអំពីកាលមុន។ អំពើល្អរមែងឲ្យផលជាសុខ។ សេចក្ដីប្រមាទ (ការធ្វេសប្រហែស) ជាដើម រមែងឲ្យផលសមគួរទៅតាមអំពើនោះ។
ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម +វិហារ+ ធម៌។ ពាក្យថា ព្រហ្ម មាន ន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត ។ វិហារ ប្រែថា ទីកន្លែងសម្រាប់នៅ ការនៅ ការនៅដោយសប្បាយ ការដើរកម្សាន្តសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។ វិហារធម៌ ប្រែថា ភាវៈឬធម៌ជាទី សម្រាកចិត្ត ឈាន សមាបត្តិ។ ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម, ធម៌ជាលំនៅនៃ ចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ (នេះបើតាមវចនានុក្រមខ្មែរ)
សរុបសេចក្តីមក ព្រហ្មវិហារធម៌ (The Four Immeasurables) ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។ ឪពុកម្តាយតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះ ដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្ត់ល់ជម្រកឱ្យ។ រីឯកូននេះ អាក្រក់ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកឡើយ។ ការគិតដូច្នេះសូម្បី តែមួយវិនាទី មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ។
ពេលកូនមកនៅជ្រកកោនហើយ ឪពុកម្តាយមិនដែលប្រកែកប្រណាំង ហាមឃាត់ មិនឱ្យកូនចូលជ្រកទេ មិនតែប៉ុណ្ណោះពួកគាត់បានផ្តល់ជម្រកដល់កូន ដោយក្តី សោមនស្សរីករាយជាទីបំផុត។ សូមកូនទាំងឡាយត្រួតពិនិត្យមើលនូវជម្រកដ៏ឧត្តមនេះម្តងៗមួយ! ត្រួតពិនិត្យហើយ សូមផ្ទៀងផ្ទាត់ថាតើព្រះព្រហ្មនៅឯផ្ទះរបស់យើងមានទឹកចិត្តពិត ដូច្នេះមែនឬទេ? ចំណែកឯយើងជាកូនទទួលអំពើល្អវិញត្រូវត្រៀមកាយ ត្រៀមចិត្តយ៉ាងដូចម្តេចខ្លះ ដើម្បីតបឱ្យសមទៅនឹងទឹកចិត្តរបស់លោកទាំងពីរនោះ។
មេត្តាជាជម្រកដ៏សែនសុខសាន្ត
កែប្រែមេត្តា សេចក្តីស្រឡាញ់ពេញចិត្តកូន គឺប្រាថ្នាចង់ឱ្យកូនគ្រប់រូបបានសុខសាន្តគ្រប់វិនាទីទាំងអស់។ ឪពុកម្តាយគ្រប់ស្រទាប់វណ្ណៈទាំងអស់ ទោះម៉ែឪមានក្តី ក្រក្តី ខ្ពង់ខ្ពស់ក្តី ថោកទាបក្តី សុទ្ធតែមានទឹកចិត្តស្រឡាញ់រាប់អានកូន ចង់ឱ្យកូនបានសុខគ្រប់ពេលវេលា។ ឪពុកម្តាយខ្លះខិតខំលើកដៃបន់ព្រះសំពះដល់ពពួកទេវតា វត្ថុសក្តិសិទ្ធិ ក្នុងលោកដែលខ្លួនមានជំនឿទៅលើ ឱ្យជួយបីបាច់ថែរក្សា ការពារកូនឱ្យបាន សុខចម្រើន មានយសសក្តិ នៅក្នុងសង្គម។ ពេលកូនជាទីស្រឡាញ់ចេញអំពី ផ្ទះទៅខាងក្រៅ ដើម្បីធ្វើការរកទទួលទាន ទោះជិតក្តី ឆ្ងាយក្តី ឪពុកម្តាយតែងតែលើក ដៃបួងសួងសំបូងសម្រូងដល់គុណបុណ្យព្រះរតនត្រ័យ អាទិទេព ទេវតា វត្ថុស័ក្តិសិទ្ធិ ដើម្បីឱ្យកូនបានសុខសប្បាយតាមផ្លូវ ឱ្យឈ្នះអស់មារសត្រូវ ទាំងជិតទាំងឆ្ងាយ សូមឱ្យជួបតែកូនមានចិត្តសប្បុរស និងអាណិត ស្រឡាញ់កូនជានិច្ច។
មួយទៀត ឪពុកម្តាយហ៊ានធ្វើអ្វីៗទាំងអស់ ព្រោះតែស្រឡាញ់កូន។ ជាការណ៍ពិតណាស់ ការរកទ្រព្យយកមកចិញ្ចឹមកូនប្រុសស្រី ពិតជាមានឧបសគ្គច្រើនមែន ដែលពេលខ្លះ ធ្វើឱ្យឪពុកម្តាយទាំងទ្វេហា មិនអាចនឹងរកទ្រព្យដែលប្រកបដោយធម៌ទាំងអស់បានទេ ហើយក៏សុខចិត្តប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ដើម្បីទ្រព្យយកមកចិញ្ចឹមកូនគ្រប់រូប។ ជួនកាល អ្នកទាំងពីរហ៊ានសម្លាប់បំបាត់បង់អាយុជីវិតសត្វដទៃ ឬឈានទៅដល់ការកិបកេងប្រវញ្ចបំបាត់ កាន់យកទ្រព្យរបស់ដែលគេ មិនបានឱ្យដោយកាយឬវាចា(លួច) ពោលពាក្យកុហក បំផ្លើស ញុះញង់ចាក់ដោត អ្នកដទៃ ដើម្បីឱ្យទ្រព្យធ្លាក់មកលើខ្លួន នឹងយកទៅទំនុកបម្រុង បីបាច់ថែ រក្សាកូនឱ្យមានអនាគតភ្លឺស្វាង។ អំពើបាបអកុសលដែលឪពុកម្តាយបានប្រព្រឹត្ត ខាងលើនេះ មិនមែនពួកគាត់មិនដឹងលទ្ធផលនចុងក្រោយទេ ឪពុកម្តាយទាំងពីរស្គាល់យល់ដឹងអំពីរឿង នេះច្បាស់លាស់ណា់ស់ ប៉ុន្តែដើម្បីជីវិតកូនទាំងឡាយដែលខ្លួនបានបង្កើតមកឱ្យ ឃើញពិភពលោកនេះ ទើបឪពុកម្តាយទាំងពីរធ្វើបំពានទាំងគឃ្លើន។
ចូរសាធុជនទាំងឡាយមើលចុះ! ហេតុតែស្រឡាញ់ពេញចិត្តកូន ឪពុកម្តាយហ៊ាន ប្រព្រឹត្តអំពើគ្រប់យ៉ាងទាំងអស់ ទោះបីអំពើនោះជាអំពើបាបអកុសល ដែលមានផលគឺសេចក្តីទុក្ខលំបាកវេទនាក្នុងអបាយភូមិ មាននរក ប្រេត តិរច្ឆាន អសុរកាយ ក្តី ក៏ឪពុកម្តាយទាំងពីរកាយា ហ៊ានប្តូរផ្តាច់ ស៊ូរងទុក្ខ ហើយចចេសរឹងទទឹងធ្វើកម្មនោះ ដោយមិនខ្លាចរអានឹងសេចក្តីទុក្ខនោះសូម្បីតែបន្តិចឡើយ។ ឱ្យតែកូនបានសុខស្រួល ឪពុកម្តាយសុខចិត្តធ្វើមិនដឹងមិនឮចំពោះគ្រោះកាចទាំងអស់នោះ ហើយស៊ូទ្រាំរង ទុក្ខ ព្រោះតែចិញ្ចឹមរូបកូនគ្រប់រូប។
កូនប្រុសស្រីទាំងឡាយស្វែងរកចុះ! ក្រៅពីមាតាបិតានៅលើលោកនេះ គេមិនអាចស្វែងរកនរណាមួយ ដែលមានទឹកចិត្តប្រកបដោយសេចក្តីស្រឡាញ់ស្មោះត្រង់ ដូចឪពុកម្តាយដែលព្រមធ្វើអ្វីៗទាំងអស់យ៉ាងនេះ ហើយមិនទាមទារសំណងវិញឡើយ។ អ្នកដទៃមានតែចិត្តគំនុំគុំគួន ព្យាបាទធ្វើយ៉ាងណាឱ្យតែកូនទទួលបានតែសេចក្តីទុក្ខលំបាក ប៉ុណ្ណោះ។ ប្រសិនបើអ្នកដទៃ ធ្វើអំពើល្អចំពោះកូនវិញ គេធ្វើដើម្បី តែប្រយោជន៍ ដែលគេបានសម្លឹងរំពឹងទុកមុនថា នឹងបានទទួលផលកម្រៃតបស្នងពីកូនវិញប៉ុណ្ណោះ។ នៅលើភពផែនដីយើងនេះ គ្មាន នរណាម្នាក់ដែលប្រាថ្នាឱ្យសុខចម្រើនដល់កុនូដូចឪពុកម្តាយទាំងទ្វេទេ ។
ចំពោះទឹកចិត្តអ្នកម្តាយលោកឪពុក ទោះបីកូនទាំងឡាយមិនប្រកបដោយធម៌ ឬមិនស្តាប់ដំបូន្មានយ៉ាងណាក្តី ក៏លោកទាំងពីរមិនដែលក្បត់ចិត្ត កែប្រែចិត្តថា ឈប់ស្រឡាញ់កូន ដោយសារកូនប្រព្រឹត្តមិនល្អនោះទេ។ លោកទាំងពីរនៅតែស្រឡាញ់រាប់អានកូនដូចដើម ឪពុកម្តាយកាន់តែព្យាយាមណែនាំ ពន្យល់ប្រៀនប្រដៅ ពត់តម្រែតម្រង់កូន ឱ្យដើរក្នុងផ្លូវល្អឡើងវិញ។ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ឪពុកម្តាយមិនដែលបោះបង់កូនសម្លាញ់ចោលម្តងណាឡើយ។ ស្ថានភាពកាន់តែលំបាក ឪពុកម្តាយតស៊ូស្រឡាញ់កូនកាន់តែខ្លាំង។ ព្រោះតែក្តីស្រឡាញ់ដែលដក់ជាប់ នៅក្នុងដួងហឫទ័យរបស់លោកមានគុណទាំងពីរ ទោះបីពួកគាត់ធ្លាក់ ខ្លួនខ្វះខាតកម្សត់ទុរគត កម្សត់អត់ឃ្លានរហូត ដល់ថ្នាក់ដើរសុំទាន គេតាមផ្លូវយ៉ាងណាក្តី ក៏ឪពុកម្តាយមិនអាចកាត់ផ្តាច់ទឹកចិត្តស្រឡាញ់របស់ គាត់ចំពោះកូនបានឡើយ។ ឪពុកម្តាយនៅតែស្រឡាញ់កូនប្រុសស្រី ដោយ មិនព្រមលះបង់ចោល ដោយឈប់ថ្នាក់ថ្នមចិញ្ចឹមកូនឡើយ។ ករណី នេះរឹតតែបញ្ជាក់យ៉ាងច្បាស់ក្រឡែតទៀតថា ទឹកចិត្តស្រឡាញ់កូន មានទំហំធំធេងលើសពីអ្វីៗទាំងអស់ មិនអាចយកអ្វីមួយមកវាស់ វែងស្ទង់ទឹកចិត្តលោកទាំងពីរបានឡើយ។
បើយោងទៅតាមសេចក្តីពន្យល់ របស់ព្រះសិរីមង្គលាចារ្យនៅក្នុង គម្ពីរមង្គលត្ថទីបនី ២ ទំព័រ១៥៣ បានបង្ហាញឱ្យឃើញថា “មេត្តាគឺ សេចក្តីស្រឡាញ់របស់មាតាបិតាចំពោះកូន មានចាប់តាំងតែពីកូនមក ចុះចាប់បដិសន្ធិក្នុងផ្ទៃមាតាម៉្លេះ ”។
គ្រប់ឪពុកម្តាយទាំងអស់មាននាទីជាអ្នកបង្កើតកូន។ ការបង្កើតកូន ម្នាក់ៗមិនមែនជាការងាយទេ។ ជាតិជាកូនដើម្បីបង្កើតកូនបានស្ត្រី ជាម្តាយត្រូវតែពផ្ទៃ អស់រយៈពេលប្រាំបួនខែដប់ថ្ងៃ ហើយកំឡុងពេល នោះ មានកិច្ចការលំបាកជាច្រើន ដែលស្ត្រីជាម្តាយត្រូវជួបប្រទះ ដូចជាការចាញ់ផ្ទៃ(ចាញ់កូន) តមនឹងចំណីមួយចំនួនតាមដែលចាស់ បុរាណនិងគ្រូពេទ្យបានហាម និងអ្វីដែលកាន់តែលំបាកបំផុតនោះ គឺការឆ្លងទន្លេ។
ចាស់បុរាណបានហៅស្ត្រីដែលផ្ទៃពោះថាមានទម្ងន់។ ពាក្យនេះ ពិតណាស់ ហើយប្រកបដោយអត្ថន័យជ្រាលជ្រៅ និងត្រឹមត្រូវ ឥតខ្ចោះ។ ពេលម៉ែមានកូន មានន័យថាម៉ែត្រូវបន្ថែមបន្ទុកបន្ថែមទម្ងន់ មកដាក់លើខ្លួនម៉ែទៀត គឺម៉ែត្រូវពរកូនក្នុងផ្ទៃរយៈពេលស្ទើរពេញមួយ ឆ្នាំ។ កូនគិតពិចារណា និងធ្វើសេចក្តីប្រៀបធៀបលមើលថា ពេលកូន យួរ ឬកណ្តៀតវត្ថុមានទម្ងន់ណាមួយនៅជាប់នឹងចង្កេះជានិច្ច រយៈ ពេលតែពីបីម៉ោងប៉ុណ្ណោះ កូននឹងមានសំឡេងថ្ងួចថ្ងូរថា ធ្ងន់ណាស់ សូមម៉ែជួយយួរខ្ញុំផង កូនរោយដៃ ចុកចង្កេះ ស្ពឹកស្រពន់ណាស់ កូនត្រូវ ការដាក់ចុះសម្រាកបន្តិចសិន។ ចូរកូនគិតមើល! ម៉ែពរពោះ ពរខ្លួនកូន នៅក្នុងផ្ទៃរយៈពេល ជាងប្រាំបួនខែ តើគាត់ធ្ងន់យ៉ាងណា? លំបាកយ៉ាង ណា? វេទនាយ៉ាងណា? សូម្បីតែលំបាកយ៉ាងនេះ ក៏គាត់មិនដែល ត្អូញត្អែរសូម្បីមួយម៉ាត់។ ម៉ែទ្រាំពរកូនមិនដែលដាក់ចុះសោះ ដរាប ដល់កូនប្រសូតចាកផ្ទៃនៃម្តាយ ទើបបានស្រាកស្រាន្តខ្លះ។
តើកូនអាចសាកល្បង ដោយយកក្អមដាក់ពេញដោយទឹក ហើយ ចងភ្ជាប់ក្អមនោះនឹងចង្កេះ ឬពោះរបស់កូនហើយដើរដោយមិនដាក់ចុះ រយៈពេលពេញមួយថ្ងៃមើល៍! តើវាលំបាកយ៉ាងណា? ម៉ែគិតថាកូនមិន អាចទ្រាំទ្របានទេ។ ចំពោះម៉ែវិញ ដោយសារតែសេចក្តីស្រឡាញ់ ក្តីអាណិតមានចំពោះកូន ម៉ែអាចធ្វើការងារនេះ បានមិនត្រឹមតែពីរបីថ្ងៃ នោះទេ គឺរយៈ៩ខែ ១០ថ្ងៃ យ៉ាងពេញលេញឥតមានខ្វះ។
ចាប់តាំងពីម៉ែមានផ្ទៃពោះមក ម៉ែមានអាការៈខុសប្លែកពីស្ត្រី ធម្មតាហើយ ជាអាការៈដែលម៉ែមិនធ្លាប់មានពីមុនមក (សម្រាប់ស្ត្រីមាន គភ៌ដំបូង) ដូចជាអស់កម្លាំងហេវហត់ល្ហិតល្ហៃវិលមុខ ក្អួតចង្អោរ ជា រឿយៗ មិនស្រឡះស្រឡុមក្នុងខ្លួនដូចពីដើមឡើយ។ ជាពិសេសជាង នេះទៅទៀត ម៉ែចង់បរិភោគនេះ ចង់បរិភោគនោះ ជាពិសេសវត្ថុដែល មានរសជាតិជូរៗចត់ៗជាដើម។ អាការៈបែបនេះ បុរាណាចារ្យឱ្យឈ្មោះ ថា ម៉ែចាញ់ផ្ទៃ ឬចាញ់កូន ។
មួយវិញទៀត ក្រោយពេលដែលម្តាយដឹងថា ខ្លួនមានផ្ទៃពោះគឺ មានកូន មកចាប់បដិសន្ធិជ្រកកោននឹងខ្លួនម៉ែហើយ សេចក្តីស្រឡាញ់គឺ ទឹកចិត្តមេត្តា ក៏ចាប់កើតមានចំពោះកូនដែលមកអាស្រ័យនឹងម្តាយ ភ្លាម។ អ្នកម្តាយតែងគិតរំពឹងក្នុងចិត្តថា ឥឡូវនេះ អញមានផ្ទៃពោះ ហើយ អញជាកូនដែលនឹងក្លាយទៅជាម្តាយគេហើយ មិនមែនជា កូនមានខ្លួននៅទំនេរទទេស្អាតដូចមុនទៀតឡើយ។ ដូចនេះ គ្រប់ ឥរិយាបថរបស់អញ ត្រូវប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសទៀតទេ និងធ្វើយ៉ាងណាឱ្យកូនរបស់អញ នៅក្នុងផ្ទៃបានសុខចម្រើន មិនត្រូវឱ្យ កូននេះ មានគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។
ចាប់តាំងពីពេលនោះមក អ្នកម្តាយតែងតែប្រុងប្រយ័ត្នគ្រប់ ឥរិយាបថទាំងអស់ ទោះពេលធ្វើដំណើរទៅណាមកណាម្តងៗ មិន រហ័សពេក ឬរលះរលាំង ឬមួយ រត់លេងផ្តេសផ្តាសដូចកាលពីមុន ឡើយ គឺទៅដោយសន្សឹមៗថ្នមៗ ប្រុងប្រៀប មិនធ្វេសប្រហែសខ្លាច ក្រែងដួល ថ្លោះគ្រិច ហើយអាចមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ មួយ ទៀត ពេលឈរក្តី ពេលអង្គុយក្តី ក៏តែងមានសតិសម្បជញ្ញៈរឭក ដឹងជានិច្ចថា ខ្លួនមានគេមកជ្រកនៅជាមួយហើយ ដូចនេះ ម៉ែមិនហ៊ាន លោតកញ្ឆក់កញ្ឆែងលេងជាល្បែងទេ។
ពេលឈរក៏មិនហ៊ានឈរយូរ ពេក ពេលអង្គុយក៏អង្គុយក្នុងរយៈពេលល្មម និងពេលដេកក៏មិនឱ្យយូរ ហួសប្រមាណ គឺខិតខំធ្វើ យ៉ាងណាដើម្បីឱ្យឥរិយាបថទាំង៤ ប្រព្រឹត្ត ទៅស្មើគ្នា ដើម្បីឱ្យខ្លួនមានសុខភាពមាំមួនផង និងអាចញ៉ាំងកូន ដែល នៅក្នុងផ្ទៃបានសុខសាន្តផងដែរ។ នៅពេលទទួលទានអាហារ ម្តាយ តែងបរិភោគអាហារទាំងឡាយណា ដែលងាយដល់ក្រពះរំលាយ មិនហ៊ានបរិភោគអាហារណាដែលរឹងពេក ឬមិនបរិភោគអាហារឱ្យឆ្អែត ពេករហូតដល់ហល់ទេ បរិភោគតែអាហារណាដែលមិនប៉ះពាល់ដល់សុខភាពខ្លួន និងកូនក្នុងផ្ទៃ។ ការបរិភោគអាហារដែលមានជាតិហឹរពេក ក្តៅពេក ក៏អាចបណ្តាលឱ្យកូននៅក្នុងផ្ទៃមានភាពក្តៅក្រហល់ក្រហាយនៅមិនសុខ ដូចនេះម្តាយក៏មិនហ៊ានបរិភោគ ទោះបីជាខ្លូនឃ្លាន ឬញៀនញ៉ាមយ៉ាងណាក៏ដោយ ក៏សុខចិត្តទ្រាំអត់ធ្មត់ សង្កត់ចិត្ត កាត់ចិត្តទាំងអាល័យ ព្រោះខ្លាចបរិភោគទៅមិនបានសុខដល់កូនក្នុងផ្ទៃ។
ម៉ែបរិភោគតែអាហារទាំងឡាយណា ដែលមានប្រយោជន៍ដល់ សុខភាពកូនផង សុខភាពម៉ែផង។ មួយទៀត ការជក់បារី ការផឹកនូវ គ្រឿងស្រវឹងមានស្រាជាដើម ការទិញថ្នាំលេបផ្តេសផ្តាស សុទ្ធតែជា មូលហេតុបណ្តាលឱ្យប៉ះ ពាល់ដល់សុខភាព គឺនៅពេលដែលកូន កើតមកអាចជាកូនញៀនសុរាដូចម្តាយគេដែរ ឬប៉ះពាល់ដល់ផ្លូវ ដង្ហើម មានសុខភាពខ្សោយ ស្គមមិនគ្រប់ទម្ងន់ ឬក៏អាចមាន កាយសម្បទាមិនប្រក្រតីជាដើម។ នៅពេលម៉ែដឹងច្បាស់ពីហេតុនេះ តាមរយៈ ចាស់ទុំណែនាំក្តី តាមរយៈគ្រូពេទ្យជំនាញខាងស្ត្រីមានផ្ទៃ ពោះក្តី ម៉ែក៏បោះបង់ ចោលការផឹកសុរា ការសេពគ្រឿងញៀន ឬការជក់បារីជាដើមនោះ ទោះបីខ្លួននៅ ស្រេកឃ្លាននៅចង់ ក៏ប្តេជ្ញាចិត្តថាឈប់ប្រព្រឹត្តតទៅទៀត ព្រោះតែទឹកចិត្តស្មោះ ស្ម័គ្រស្រឡាញ់បេតីចំពោះកូនជាទីពេញហឫទ័យ។
តើកូនទាំងឡាយដឹងទេ? ពេលដែលម៉ែដឹងថា ម៉ែមានទម្ងន់ហើយ ម៉ែស្ទុះស្ទារឆ្លេរឆ្លារ ទៅសាកសួរចាស់ទុំ នៅក្នុងស្រុកដែលមានភូមិរបង ផងជាមួយគ្នាថា តើខ្លួនត្រូវប្រតិបត្តិយ៉ាងដូចម្តេចខ្លះ ដើម្បីថែរក្សា ការពារកូននៅក្នុងផ្ទៃឱ្យបានសុខសប្បាយ។ ពេលដែលទទួលបាន ដំបូន្មានពីចាស់ទុំព្រឹទ្ធាចារ្យ ឬគ្រូពេទ្យជំនាញ ហើយក៏ប្រតិបត្តិតាម មិនឱ្យឆ្គាំឆ្គងឡើយ។
ដោយសារតែស្រឡាញ់កូន ម៉ែសុខចិត្តតស៊ូទ្រាំហូបថ្នាំរក្សាគភ៌ បំប៉នសុខភាព ដើម្បីឱ្យកូនម៉ែនៅក្នុងផ្ទៃបានសុខសប្បាយ មិនមានជំងឺ បៀតបៀន ទោះបីថ្នាំនោះល្វីងជូរចត់សាបភ្លាវលំបាកផឹកយ៉ាងណា ម៉ែនៅតែស៊ូទ្រាំលេបទាំងត្រដរ ដើម្បីការពារកូនឱ្យសុខសប្បាយ។ ចំណែកខាងលោកឪពុកវិញក៏មិនណយប៉ុន្មានដែរ នៅពេល ដែលដឹងថា ប្រពន្ឋរបស់ខ្លួនមានផ្ទៃពោះ ហើយខ្លួននឹងក្លាយទៅជា ឪពុករបស់គេហើយ ក៏សប្បាយចិត្តរីករាយឥតឧបមា ហើយខិតខំប្រឹង ប្រែងថ្នាក់ថ្នមបម្រើការពារភរិយា មិនឱ្យធ្វើការធ្ងន់ដូចសព្វមួយដង ឡើយ ហើយខ្លួនរឹងរឹតតែប្រឹងប្រែងធ្វើការទ្វេឡើង។ ការងារទាំងឡាយ ស្ទើរតែទាំងអស់ ឪយកខ្លួនមកធានារ៉ាប់រង់ទាំងអស់ ព្រោះខ្លាចឧត្តម ភរិយាមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ ឪធ្វើ ការងារខាងក្រៅផ្ទះផង ខាងក្នុងផ្ទះផង រួមទាំងពុះអុស រែកទឹកដាក់ពាង បោសជូតដាំស្លជាដើម។ ឪថ្នាក់ថ្នមម៉ែទាំងកាយទាំងចិត្ត ត្បិតខ្លាច ប៉ះពាល់ដល់សុខភាពម៉ែ និងកូនក្នុងផ្ទៃ។ ពេលប្រពន្ធប្រាប់ថា ចង់ បរិភោគនូវម្ហូបចំណីអាហារ ឬផ្លែឈើប្រភេទណាមួយ ឪប្រញាប់ ប្រញាល់មិនបង្អង់យូរឡើយ ក៏ទៅរកមកប្រគល់ឱ្យ ភរិយាភ្លាមដើម្បី បំប៉នសុខភាពម្តាយ និងកូនឱ្យមានកម្លាំងពលំមាំមួនរឹងប៉ឹង។ នៅតាម ស្រុកស្រែចម្ការ លោកឪពុកគ្រាន់តែឮដំណឹងថា ឱសថបុរាណបែបនេះ បែបនោះ អាចរក្សាគភ៌ រក្សាសុខភាព ម្តាយកូនបានល្អ លោកក៏ស្រវេ ស្រវាទៅរក ដោយរហ័សរហួន មិននៅស្ពឹកស្រពន់ទម្រន់យូរឡើយ ហើយទៅស្វែងរកដើមឈើ សម្បកឈើ ឫសឈើនៅឯព្រៃ ឬទៅរក ទិញនៅទីផ្សារមកដាំ ស្ងោរឱ្យប្រពន្ធ ទទួលទានភ្លាម។ ចំណែកឯលោកឪពុកនៅតាមទីប្រជុំជនវិញ ក៏តែងតែខ្វល់ខ្វាយ ពីសុខមាល ភាពរបស់ប្រពន្ធកូនជានិច្ចដែរ។ ពេលដឹងថាភរិយាខ្លួន ក្លាយទៅជាម្តាយគេហើយ ក៏មានចិត្តសប្បាយរីករាយ ហើយជូនប្រពន្ធ ទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យលោកវេជ្ជបណ្ឌិត ដែលមានជំនាញខាងស្ត្រី ពិនិត្យមើលផ្ទៃពោះ និងសុខភាពម្តាយ និងទទួលយកដំបូន្មានល្អៗ ក្នុងការថែរក្សាការពារ ថែទាំសុខភាព និងការប្រតិបត្តិ យ៉ាងណា ដើម្បីឱ្យមានសុវត្ថិភាពដល់ម្តាយនិងកូន។ ក្រោយពេលដឹងថា ម្តាយនិង កូនមានសុខភាពល្អ លោកឪពុកក៏សប្បាយចិត្តនឹងរឹងរឹតតែមានកម្លាំង ចិត្តខិតខំ ធ្វើការរកទទួលទានថែមទៀត។
ទាំងពីរនាក់ប្តីប្រពន្ធដែលនឹងក្លាយទៅជាឪពុកម្តាយរបស់គេ មានទឹក ចិត្តប្រកបដោយក្តីរីករាយ ដោយក្តីស្រឡាញ់ជាទីបំផុត។ ក្តីស្រឡាញ់ (មេត្តា)នេះ ជាជម្រកមួយប្រកបដោយក្តីសុខសាន្តជាទីបំផុត គេមិនអាច ស្វែងរកជម្រកណាមួយមក ប្រៀបផ្ទឹមជាមួយបានឡើយ។ ជម្រកនេះ បានផ្តល់ជីវិតជាទីស្រឡញ់របស់សត្វ លោកឱ្យគង់វង្សស្ថិតស្ថេរនិង ថែមទាំងរក្សាការពារមិនឱ្យវិនាសដោយប្រការផ្សេងៗឡើយ។ ប្រសិន បើមានការថ្លោះធ្លោយគ្រោះថ្នាក់ដល់កូន ដែលនៅអាស្រ័យក្នុងផ្ទៃនោះ ក៏មិនមែនបណ្តាលមកពីទឹកចិត្តមេត្តានោះទេ គឺប្រាកដ ជាបណ្តាលមក ពីមូលហេតុផ្សេងៗ ដែលមានលក្ខណៈផ្ទុយពីទឹកចិត្តមេត្តាហើយ។ ការលំបាករបស់ព្រះម៉ែជាងពេលណាៗទាំងអស់ គឺពេលម៉ែឆ្លង ទន្លេបង្កើត កូនឱ្យឃើញពិភពលោកនេះ ពោលគឺម៉ែយកជីវិតម៉ែទៅ ប្តូរយកជីវិតកូន។ ការឆ្លងទន្លេ ដើម្បីទៅកាន់ត្រើយម្ខាងទៀត ពីសម័យដើមគេឆ្លង តាមរយៈ ទូក ក្បូន កំណាត់ឈើ កំណាត់ឫស្សី បន្ទះក្តារជាដើម ព្រោះគ្មានទូក កាណូត កប៉ាល ធំៗដូចសម័យបច្ចុប្បន្ននេះ។ ហេតុដូច នេះហើយ ការឆ្លងទន្លេនោះ ទើបមានគ្រោះកាចច្រើនឥតគណនា ជូនកាលត្រូវខ្យល់ព្យុះកំបុតត្បូង បោកបក់ពន្លិចស្លាប់ក៏មាន ជួនណា ត្រូវក្រពើ ត្រី ឆ្លាម មករ លេបត្របាក់ ទំពារស៊ីស្លាប់ក៏មាន ជួនណាត្រូវ ខ្សែទឹកកួចយកទៅបាត់ក៏មាន ជួនណាត្រូវចោរខូចកាចចាំប្លន់សម្លាប់ ក៏មាន។ ដូចនេះឃើញថា ការឆ្លងទន្លេមានគ្រោះកាចច្រើនជាង សំណាងសែនឆ្ងាយណាស់។
ចំណែកឯការប្រសូតបុត្ររបស់ម៉ែក៏កាន់តែមានការលំបាក និង គ្រោះកាចច្រើនណាស់ដែរ ហេតុនេះទើបបណ្ឌិតពីបុរាណ បានធ្វើ សេចក្តីប្រៀបធៀបការសម្រាលកូននេះ ទៅនឹងការឆ្លងទន្លេ ឆ្លងសមុទ្រ នោះដែរ។ ការណ៍ពិតណាស់ បុរាណាចារ្យពោលថា ការសម្រាលកូន គឺជាការឆ្លងទន្លេ ព្រោះការសម្រាលកូន ពិតជាមានគ្រោះកាចជាច្រើន មែនដល់ម្តាយនិងកូន។ នៅពេលសម្រាលកូនម្តងៗ ជីវិតរបស់ម្តាយស្ថិតក្នុងចង្កូម ក្រញ៉ាំនៃមច្ចុរាជទៅហើយ។ នៅពេលសម្រាលកូន ចាស់ទុំទាំងឡាយខំបែរបន់ នូវគុណបុណ្យព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតា អ្នកតាព្រៃភ្នំ ជាដើមដើម្បីឱ្យម៉ែ និងកូនប្រសូត ប្រកបដោយសុវត្ថិភាព។ នៅពេលខ្លះទៀត ការឆ្លងទន្លេធ្វើឱ្យបាត់បង់ជីវិតកូននៅក្នុងផ្ទៃ គេអាចជួយ សង្គ្រោះបានតែម្តាយក៏មាន ជួនកាលស្លាប់ម្តាយនៅរស់តែកូនក៏មាន ជួនណាទៅ ស្លាប់ទាំងម្តាយទាំងកូនក៏មានដែរ។ បើសំណាងល្អ បុណ្យកុសលមានអាចរស់បានទាំងម្តាយទាំងកូន។ នៅពេលឆ្លងទន្លេ ជីវិតម៉ែមិនបានពេញលេញបរិបូណ៌ មួយរយភាគរយទេ គឺផុតមុខផុតក្រោយ ប្រផុតប្រផើយស្ទើរស្លាប់ស្ទើររស់ គឺនៅពេលនោះហើយ ម៉ែយកជីវិតម៉ែទៅប្តូរជាមួយនឹងជីវិតកូន។ មួយទៀត ការឆ្លងទន្លេជាការលំបាក ព្រោះម្តាយមានការឈឺចុកចាប់ណាស់ រកអ្វីមកប្រៀបផ្ទឹមមិនបានឡើយ។ អដ្ឋកថាបញ្ជាក់ថា ក្នុងវេលាដែលមាតា ជិតប្រសូតបុត្រនោះ មានខ្យល់មួយឈ្មោះខ្យល់កម្មជ្ជវាត កើតអំពីកម្មបក់បង្វិលទារកនោះ ឱ្យវិលក្បាលចុះក្រោមជើងឡើងលើ ឱ្យប្រសូតចេញតាមមុខយោនីនៃមាតា ឧបមាដូចជាគេចាប់បោះចោលទៅក្នុងជ្រោះជ្រៅចំនួន១០០ជួរបុរស ហើយចង្អៀតក្រៃលែងពេកណាស់ ទម្រាំតែនឹងបានប្រសូតចេញរួចមក។ ទារកហើយនិងមាតាលំបាកស្ទើរតែនឹងដាច់ខ្យល់ស្លាប់ ឧបមាដូចជាបុគ្គលទាញដំរីដឹកចេញតាមចន្លោះខ្នួចអ៊ីចឹងដែរ។
ការឈឺចុកចាប់ ទុក្ខវេទនាត្រូវបានរសាយទៅវិញ នៅពេលដែលម៉ែបាន ឮសូរសម្រែកកូនយំ។ ម៉ែចង់ឃើញមុខកូនពុំងា ថាតើកូនមានសុខភាពល្អថ្លោសស្រស់ថ្លាយ៉ាងណា កូនស្អាតយ៉ាងណា មានមុខមាត់កាត់ទៅរកអ្នកណា? ដូចម្តាយ ឬ ដូចឪពុក ឬដូចមីង មា យាយ តា ឬដូចអ្នកណា? គួរអាសូរចិត្តអាណិតម៉ែ អស់ប្រាំបួនខែម៉ែពរផ្ទៃ ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យបុត្រភ្ងាផ្ញើជីវិត។ ម៉្លឹងហើយម៉ែនៅនឹកស្រឡាញ់ លំបាកម៉្តេចម៉ិញឥតបើគិត ទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី។ ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ ស្ទើរផុតជីវិតចាកលោកិយ វិស័យមច្ចុរាជមករង់ចាំ។ បើម៉ែបានឆ្លងផុតវាលធំ ម៉ែស្តប្កា់កូនយំម៉ែចំណាំ សំឡេងកូនតូចដូចបណ្តាំ ផ្សះផ្សាទ្រូងម៉ែឱ្យល្ហែពិត។ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម បំពេបីបមលោមប្រណីតឆ្លងកាត់តំណក់នៃលោហិត ផ្តិតដោយឱរាដ៏ថ្លាស្អាត។
ធម្មាចារ្យ ឆឹង កាន
កែប្រែឪពុកម្តាយសុទ្ធតែដឹងថា ការផ្តល់កំណើតឱ្យកូន ពិតជាលំបាកវេទនា មានគ្រោះ កាចច្រើនដល់ជីវិត ចុះហេតុដូចម្តេចបានជាឪពុកម្តាយទាំងពីរមិនរាងចាល នៅតែបង្កើត កូនបង្កើតចៅ ឆ្លងទន្លេមិនចេះឈប់ឈរ? ម៉េចក៏ម៉ែមិនពន្លូតទម្លាក់ ដោយលេបថ្នាំ ចាក់ថ្នាំសម្លាប់កម្ទេចកូនចោលឱ្យអស់តែម្តងទៅ? ចាំបាច់អីនៅរងទុក្ខលំបាកឆ្លង ទន្លេស្ទើរស្លាប់ស្ទើររស់? ឪពុកម្តាយខំតស៊ូលំបាកយ៉ាងនេះ មិនមកតែពីទឹកចិត្តប្រកបដោយមេត្តាស្រឡាញ់ស្នេហាចំពោះកូនទេឬ ?
តើកូនដឹងទេ! ហេតុអ្វីបានជាកូនមានជីវិតរស់យ៉ាងសប្បាយឆើតឆាយរីករាយដល់សព្វថ្ងៃនេះ? ប្រាកដជាមកពីលោកមានមេត្តាព្រហ្មវិហារធម៌គឺក្តីស្រឡាញ់ របស់ព្រះព្រហ្មទាំងពីរអង្គយ៉ាងប្រត្យក្ស គ្មាននរណាម្នាក់អាចប្រកែកបានឡើយ!
កូនទាំងឡាយស្វែងរកចុះ! គ្មានជម្រកណាមួយដែលផ្តល់ភាពសុខសាន្ត ភាពកក់ក្តៅ សុខសុភមង្គលដល់ជីវិតកូន ដូចជម្រកមេត្តារបស់ឪពុកម្តាយទាំងពីរទេ។ ទោះបីខ្លួនត្រូវភ្លៀង ត្រូវខ្យល់ត្រជាក់រងាញ័រចំប្រប់យ៉ាងណា ត្រូវថ្ងៃក្តៅស្ទើរឆេះ យ៉ាងណាក៏នៅតែសុខចិត្តផ្តល់ម្លប់ផ្តល់ភាពកក់ក្តៅ ភាពត្រជាក់ត្រជុំដល់កូនដែល កំពុងតែជ្រកកោន។ ឪពុកម្តាយមិនដែលត្អូញត្អែរថា ក្តៅណាស់ ត្រជាក់ណាស់ រងាណាស់ លំបាកណាស់ ក្នុងការផ្តល់ក្តីសុខឱ្យកូនស្ងួនភ្ងាពិសីនោះទេ។ ទោះលំបាកយ៉ាងណា គ្រោះថ្នាក់យ៉ាងណា ព្រះព្រហ្មទាំងពីរអង្គស៊ូអត់ទ្រាំ តស៊ូ ជម្នះនូវរាល់ឧបសគ្គតូចធំទាំងឡាយ ដែលរាំងស្ទះដល់ការការពាររូបកូនទាំងឡាយ។
ចូរកូនមើល! ពេលកូននៅជាកូនង៉ែតនៅឡើយ ពេលកូនឈឺបន្ទោបង់ម្តងៗ ម៉ែយកជើងទាំងពីរ ឬភ្លៅម៉ែទាំងពីរធ្វើជាបង្គន់សម្រាប់កូនបន្ទោបង់មូត្រលាមក អាចម៍នោមគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់។ ឪពុកម្តាយលាងលាមកកូន ចាប់កាន់លាមកកូន មិនដែលខ្ពើមរអើម លោកចាប់កាន់យ៉ាងស្និទ្ធ ហាក់ដូចជាការ ចាប់កាន់ដុំមាសដុំប្រាក់ ឬកម្រងភួងផ្កាអ៊ីចឹងដែរ។ កន្ទបលាមកដ៏ស្អុយរបស់កូន ឪពុកម្តាយយកទៅបោកគក់ ដោយផ្ទាល់ដៃហាក់ដូចជាគ្មានធុំក្លិនអាក្រក់អ្វីបន្តិចទាល់ តែសោះ។ ឪពុកម្តាយលើកកូនឡើងផ្ងូតទឹក រៀងរាល់ល្ងាចព្រឹក ឬនៅពេលថ្ងៃក្តៅ រួចហើយស្លៀកពាក់ និងដណ្តប់ឱ្យកូនដើម្បីការពារកម្តៅ ត្រជាក់ ការពារសត្វល្អិត ទិច ឬខាំគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ។
ចុះចំណែកកូនវិញ តើកូនដែលធ្លាប់យកភ្លៅខ្លួន សម្រាប់ឪពុកម្តាយទាំងទ្វេ ធ្វើជាបង្គន់បន្ទោបង់បានម្តងហើយឬនៅ? តើកូនធ្លាប់បោកគក់សម្លៀកបំពាក់ដែល ប្រឡាក់ដោយលាមករបស់លោកទាំងពីរដែលចាស់ជរាហើយឬនៅ? ធ្លាប់ផ្ងូតទឹក ជូនមាតាបិតាហើយឬនៅ...? ត្រង់ចំណុចនេះ ខ្ញុំគិតថាកូនទាំងឡាយគួរគិត ពិចារណាដោយខ្លួនឯងចុះ! នៅពេលកូនខ្លួនឯងផ្ទាល់ក្លាយទៅជាឪពុកម្តាយរបស់គេហើយ នោះកូននឹងយល់ច្បាស់ពីជម្រៅទឹកចិត្ត ឪពុកម្តាយទាំងទ្វេហាថាមានទំហំធំ និងជម្រៅដ៏សែនជ្រៅចំពោះកូនប៉ុនណា។
បើឪពុកម្តាយគ្មានមេត្តាទេ តើកូនដែលបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃនោះ នឹងទៅជាយ៉ាងណា? តើកូនអាចរស់នៅបានសុខសប្បាយទេ? ខ្ញុំគិតថា បើប្រាសចាកមេត្តាគឺក្តីស្រឡាញ់ដែលជាជម្រកដ៏សែនសុខនេះហើយ កូននោះមិនបានសុខទេ ហើយថែមទាំងមានគ្រោះមហន្តរាយដល់ជីវិតថែមទៀតផង។
មានអ្នកម្តាយមួយចំនួនតូចណានោះ គ្មានទឹកចិត្តមេត្តា ដែលជាជម្រកដ៏កក់ ក្តៅសម្រាប់កូនគ្រប់រូប តែបែរជាមានចិត្តបាបអកុសល មានចិត្តច្រណែននិន្ទា ឈ្នានីស ព្យាបាទ គំនុំគុំកួនជាដើមវិញ ម៉ែនោះក៏បណ្តាលឱ្យគភ៌ដែលនៅក្នុងផ្ទៃ វិនាសអន្តរាយស្លាប់បាត់បង់ជីវិត ហើយក៏មិនអាចកើតមកឃើញពន្លឺថ្ងៃទាល់តែសោះ ព្រោះតែគភ៌ ដែលមកអាស្រ័យនៅក្នុងផ្ទៃនោះបដិសន្ធិឡើង មិនមែនដោយសារទឹកចិត្តប្រកបដោយមេត្តារបស់ម្តាយឪពុក គឺប្រហែលជាកើតឡើងដោយសារ ការសប្បាយភ្លើតិភ្លើនភ្លេចខ្លួន ខុសគន្លងប្រពៃណីរវាងបុរសនិងស្ត្រីយ៉ាងពិតប្រាកដ។ ពិតមែនហើយ នៅពេលដែលកាមតណ្ហាគ្របសង្កត់ គេមិនអាចពិចារណា ឃើញហេតុផលខុសត្រូវ ឬភាពខុសឆ្គងនឹងប្រពៃណីទំនៀមទម្លាប់ ដែលមានមកតាំងពីបរមបុរាណឡើយ។ ដូចនេះទឹកចិត្តប្រកបដោយក្តីមេត្តាចំពោះកូន ដែលនៅអាស្រ័យនៅក្នុងផ្ទៃតើមានមកពីណា? មួយវិញទៀត ដោយខ្លាចខ្មាសអស់ញាតិសាច់សាលោហិត មិត្តភក្តិជិតឆ្ងាយ ដែលជាសមាជិកសង្គមរួមគ្នាផង ខ្លាចខូចខាតបាត់បង់អស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដែលជាស្ត្រីខ្មែរមានកូនគ្មានប្តីផង និងដោយសារចិត្តបាបអកុសលចិត្តច្រណែននិន្ទា ឈ្នានីសជាដើមរបស់ខ្លួនឯងផង ហើយប្រហែលជាមានការជំរុញលើកទឹកចិត្តពីប្រុសជាឪពុកនោះផង ទឹកចិត្តបាបអកុសលក៏មានកម្លាំងខ្លាំងក្លាឡើង ហើយ បណ្តេញចិត្តមេត្តាគឺក្តីស្រឡាញ់ឱ្យចេញពីក្នុងសន្តន្កាមួយរំពេច។ នៅពេលនោះ ភ្លើងចិត្តអាក្រក់ក៏ចូលមកជំនួសចិត្តស្រឡាញ់ ហើយក៏ចាប់ផ្តើមបៀតបៀនកូននៅក្នុងផ្ទៃ មិនឱ្យរស់នៅតទៅទៀត។ ចិត្តអាក្រក់ នោះ ក្តៅជាងភ្នំភ្លើងទៅទៀត ដែលធ្វើឱ្យគភ៌មិនអាចរស់នៅតទៅទៀតបាន ព្រោះគេចាប់ផ្តើមដុតឱ្យឆេះក្តៅ ក្រហល់ក្រហាយ ដោយគេផឹក គេចាក់ថ្នាំទម្លាក់ចោលយ៉ាងសប្បាយចិត្ត។ កាលពីជំនាន់ដើម វិទ្យាសាស្ត្រខាងវិជ្ជាពេទ្យមិនទាន់មានការរីកចម្រើននៅឡើយ ការ រំលូតកូនខ្វះលក្ខណៈបច្ចេកទេស អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ ម្តាយ ទៀតក៏មានដែរ។ សូម្បីសម័យបច្ចុប្បន្ន ក៏នៅតែអាចមាន គ្រោះថ្នាក់ដល់ម្តាយ និងគភ៌ផងដែរ។ គភ៌ដែលបាត់បង់ជីវិត មិនបាន ឃើញពន្លឺព្រះអាទិត្យ ក៏ព្រោះតែចិត្តបាប អកុសលដែលក្តៅជាងភ្នំភ្លើង របស់ឪពុកម្តាយអប្រិយនេះដែរ។
អស់លោកសាធុសប្បុរសមើលចុះ ចិត្តបាបនេះជាជម្រកដ៏សែន ក្តៅ ហើយគ្មាននរណាម្នាក់ អាចមានសមត្ថភាពមកនៅជ្រកកោន បានឡើយ។ ពេលវាបញ្ចោញចំហាយម្តងៗ វាធ្វើឱ្យអ្នកនៅក្បែរ គ្រោះថ្នាក់ ឬស្លាប់បាត់បង់សាបសូន្យជីវិត។ ដូចនេះ ទឹកចិត្តដែល ផ្ទុយពីក្តីស្រឡញ់(មេត្តា) គឺមានតែការស្អប់ ច្រណែន បៀតបៀនគ្នា ទៅវិញទៅមក និងធ្វើឱ្យវិនាសតែម៉្យាងប៉ុណ្ណោះ ហើយក៏គ្មានអ្វី មួយមកនៅជាមួយបានឡើយ។
នៅមានឪពុកម្តាយខ្វះការទទួលខុសត្រូវខ្លះទៀត ពេលបង្កើតកូនមក ហើយ មិនដឹងជាមូលហេតុអ្វី យកកូនទៅចោលនៅគំនរសំរាម។ នោះប្រហែលជាមាន ជីវភាពខ្វះខាត ឬខ្មាសញាតិជិតខាង? ឬត្រូវបោះ កូនចោលហើយរត់ទៅតាមប្រុស ឬស្រីថ្មីទៀត? ឬមួយកូនដែលកើត មកជាកូនកាឡកណ្ណីចង្រៃដល់គេ ដល់ឯងទើបបានជាយកទៅ បោះចោល? ឬមួយឪពុកម្តាយដែលបង្កើតគេមកនេះជាកូនវិកល ចរិត?
មានមូលហេតុតែមួយគត់ ដែលឪពុកម្តាយមិនទទួលខុសត្រូវនោះ បោះបង់កូនចោល គឺគ្មានមេត្តាធម៌(ក្តីស្រឡាញ់) ដែលជាម្លប់ដ៏ត្រជាក់ សែនសុខសម្រាប់កូនជ្រក។ ការលើកករណីនេះមកបង្ហាញ មិនមែន មានន័យថា ស្ត្រីជាម្តាយសុទ្ធតែមានចិត្តអាក្រក់ ចិត្តដាច់ឥតមេត្តា ដូច្នោះនោះទេ គឺគ្រាន់តែចង់បង្ហាញឱ្យឃើញ ពីគុណតម្លៃនៃចិត្តមេត្តា របស់មាតាបិតា ដែលមានលទ្ធភាពពេញលេញ ក្នុងការផ្តល់ជម្រក ដ៏សែនសុខសាន្ត ដល់សត្វដែលមកសុំជ្រកកោន ស្នាក់អាស្រ័យនៅ នឹងផ្ទៃ របស់ខ្លួនតែប៉ុណ្ណោះ ។ កូនទាំងឡាយ ចូរមើលគុណតម្លៃមេត្តាធម៌របស់ឪពុកម្តាយទាំងទ្វេចុះ! បើសិន ជាមានមេត្តាហើយ ទោះស្ថិតនៅក្នុងស្ថានភាពបែបណា ក៏ដោយ ក៏ឪពុកម្តាយទាំងទ្វេមិនដែលបោះបង់ចោលកូនឡើយ។ កូនទាំង ឡាយ ចូរមើលមកម្តាយឪពុក នៅក្នុងសង្គមខ្មែរមើល៍! ក្រោយពេល ពួកគាត់ចេញពីរបបវាលពិឃាតបីឆ្នាំ ប្រាំបីខែ ម្ភៃ ថ្ងៃមក ពួកគាត់មាន តែដៃទទេ គឺគ្មានទ្រព្យអ្វីទាល់តែសោះ ឪពុកម្តាយខ្លះមានកូនច្រើន រហូត ប្រាំបួន ទៅដប់នាក់ ប៉ុន្តែគាត់មិនបានបោះបង់កូនណាមួយចោលទេ ចិញ្ចឹមកូនទាំងនេះរស់ទាំងអស់ មិនបាត់បង់ដោយប្រការណាមួយ ឡើយ។ ឪពុកម្តាយខិតខំ ទំនុកបម្រុង រហូតដល់កូនរៀនបានថ្នាក់ខ្ពង់ខ្ពស់ រកទទួលួទានមានបានទៀតផង។
តួយ៉ាងដូចជាអ្នកម្តាយរបស់ខ្ញុំ កាលពីជំនាន់ចេញពីរបប ប៉ុល ពតភ្លាម, គាត់ក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះឪពុករបស់ខ្ញុំបានស្លាប់បាត់ បង់ជីវិត នៅក្នុងរបបកាចសាហាវនេះហើយ។ ម៉ែទទួលបន្ទុកយ៉ាងធ្ងន់ ក្នុងការចិញ្ចឹមកូន អប់រំកូនទាំង៤ ទាំង៥នាក់ ហើយសុទ្ឋតែតូចៗនៅ ឡើយ។ ម៉ែដើរតួជាឪពុកផង ជាម្តាយផង ចំណែកឯជីវភាពវិញ មាន ការលំបាកយ៉ាងក្រៃលែង ព្រោះការធ្វើស្រែចម្ការ ក៏លំបាក ដោយសារបងៗខ្ញុំសុទ្ធតែស្រីៗ។ ប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយ ម៉ែមិនបាន អនុញ្ញាតឱ្យកូនណាម្នាក់ អត់បាយស្លាប់នោះទេ។ កូនរបស់ម៉ែម្នាក់ៗ សុទ្ធតែមានសុខភាពល្អ។
លើសពីនេះទៅទៀត កូនៗត្រូវបានម៉ែអប់រំយ៉ាងយកចិត្តទុកដាក់ ហើយ គ្មានកូនណាមួយធ្វើឱ្យគាត់ព្រួយចិត្ត មិនប្រកបដោយធម៌ នោះឡើយ គឺម្នាក់ៗសុទ្ធ តែមានសីលធម៌ល្អ គួរឱ្យស្រឡាញ់រាប់អាន។ តែជាកម្មអកុសល ម៉ែរស់នៅមិនយូរប៉ុន្មាន ម៉ែក៏ចែកឋានលាលោក នេះទៅ ព្រោះតែម៉ែមានជំងឺធ្ងន់ ដោយសារតែធ្វើការហួសកម្លាំង ដើម្បីចិញ្ចឹមកូនមួយហ្វូងនេះ ។
ខ្ញុំគិតថា បើអស់លោកនៅមានម៉ែ នៅមានឪនៅឡើយ ត្រូវខំ រក្សាឪពុកម្តាយ ស្តាប់ដំបូន្មានគាត់ កុំធ្វើឱ្យគាត់លំបាកចិត្ត កុំដល់ពេលគាត់ ទៅបាត់លែងវិលត្រឡប់មកវិញ ជារៀងរហូតហើយ ទើបកូនដឹងខ្លួន ស្តាយស្រណោះ វាជាការយឺតពេលជាទីបំផុត។
ដើម្បីជាគ្រឿងពិចារណាអំពីទឹកចិត្តមេត្តា ស្រឡាញ់របស់មាតា បិតាថាមាន ទំហំធំធេងយ៉ាងណា ចូរកូនទាំងឡាយសាកល្បង ពិចារណានិទាន មាតុឃាតក (បុរសសម្លាប់ម្តាយ)ម្នាក់នេះមើល៍! ដើម្បី ជាគ្រឿងជំនួយស្មារតីកូន ៖
មាតុឃាតករ (Matricide)
កែប្រែ(ឪពុកម្តាយគិតកូន រកទ្រព្យឱ្យកូន ទោះបីកូនចង់សម្លាប់ខ្លួនក៏ដោយ)
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់នៅដែនកាសី កាលបើបិតាធ្វើ មរណកាលទៅហើយ ក៏ទំនុកបម្រុងបម្រើមាតាដោយគោរព។ ឯមាតាឃើញកូន មានវត្តប្រតិបត្តិល្អ ក៏មានចិត្តអាណិតស្រឡាញ់កូន ក៏ស្តីដណ្តឹងនារីមានរូបស្រស់ ប្រិមប្រិយម្នាក់មករៀបចំជាគូនឹងកូនខ្លួន។ ចំណែកខាងនាងនោះបិតាស្លាប់ចោល តាំងពីក្មេង នៅសល់តែមាតា ទើបនាំម៉ែមកនៅរួមរស់ជាមួយត្រកូលខាងស្វាមី ហើយទំនុកបម្រុងដល់មាតាទាំងពីរដោយគោរព។
ក្រោយមកបន្តិច នាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមាតាទាំងពីរ ហើយក៏មានគំនិតអាក្រក់កើតឡើង គឺគិតសម្លាប់ម្តាយក្មេកចោល។ លុះនាងបានគិតដូច្នេះហើយក៏ទៅនិយាយញុះញង់ស្វាមី ថា “ឥឡូវនេះ យើងគិតសម្លាប់ម្តាយយើងចោល ព្រោះយាយចាស់ ចង្រៃនេះ ខុសអស់ចាស់ទាំងពួង តែងបន្ទោបង់មូត្រ លាមក ដាក់ពាស ពេញផ្ទះសំបែង ហើយច្របាច់លេង ដូចកូនក្មេងដែលទើបនឹងកើត អ៊ីចឹង។ បើបងមិននៅផ្ទះកាលណា គាត់ធ្វើបាបតែអូន ឱ្យអូនវេទនារាប់ មិនឈ្នះ បើដូច្នេះ យើងគិតសម្លាប់ពួកគាត់ចោលឬ?”។ បុរសជាស្វាមី បានឮពាក្យ ប្រពន្ធរ៉ាយរ៉ាប់ញឹកញាប់ញយៗ ហើយក៏និយាយថា “ការសម្លាប់កូនមិនមែន ជាការងាយទេ វាជាការលំបាកណាស់”។ ភរិយានោះពោលតបថា “បងសម្លាញ់ការសម្លាប់នោះគឺងាយទេ មើល តែពួកគាត់ដេកលក់ យើងចងគ្រែរបស់គាត់សែង ទៅទម្លាក់ក្នុងស្ទឹង ខាងក្រោយផ្ទះ ហើយក្រពើឆ្លាមនឹងទំពារស៊ីភ្លាម”។ បុរសជាស្វាមី សួរថា “ម្តាយបងដេកខាងណា? ម្តាយអូនឯងដេកខាងណា?”។ ប្រពន្ធ ប្រាប់ថា “ម្តាយបងសម្រាន្តខាងណេះ ម្តាយអូនសម្រាន្តខាងណោះ”។ ស្វាមីប្រាប់ថា “បើដូច្នេះ ចូរអូនចងគ្រែរបស់ម្តាយបងទុកឱ្យហើយទៅ ដល់យប់ជ្រៅ យើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងឱ្យក្រពើស៊ី”។ ភរិយា ត្រេកអរណាស់ ក៏ធ្វើតាមបង្គាប់ស្វាមី ហើយក៏ចូលដេកលក់បាត់ ស្ងាត់ទៅ។ បុរសជាស្វាមីបានដឹងថា ភរិយារបស់ខ្លួនដេក លក់ហើយ ក៏ចូលទៅស្រាយចំណងពីគ្រែម្តាយខ្លួនចេញ ហើយយកខ្សែទៅចង គ្រែម្តាយក្មេកវិញ លុះចងសព្វគ្រប់ហើយ ដើរចូលទៅដាស់ភរិយាថា “នែ៎! ក្រោក ឡើង! យើងល្មមសែងដូនចាស់ទៅទម្លាក់ចោលហើយ”។ ជនទាំងពីរនាក់ក៏ម្នីម្នា សែងគ្រែយកទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះ យ៉ាងប្រញាប់ប្រញាល់ ព្រោះខ្លាចក្រែងគេមើលឃើញ។ ពួកសត្វ សាហាវទាំងឡាយមានក្រពើឆ្លាមជាដើម ក៏ដណ្តើម គ្នាប្រជែងស៊ីយាយ ចាស់នោះអស់មួយរំពេច។ លុះព្រឹកឡើង នាងប្រពន្ធដឹងច្បាស់ថា ម្តាយខ្លួនស្លាប់ហើយ ក៏នឹកតូចចិត្តក្តៅក្រហាយអន្ទះសារពន់ពេក ទើប ប្រាប់ស្វាមីថា “យើងនឹងសម្លាប់ដូនចាស់មួយទៀត”។ បុរសជាស្វាមី ក៏យល់ព្រមហើយ នាំគ្នាទៅធ្វើជើងថ្ករក្នុងព្រៃស្មសាន។ លុះដល់ពេល យប់ម្តាយក៏ដេកលក់ គេក៏នាំគ្នាសែងគ្រែព្រមជាមួយនឹងម្តាយលើគ្រែ យកទៅដាក់តម្កល់លើជើងថ្ករប្រារឰនឹងដុតភ្លើង។ ជួនជាពេលនោះ គេភ្លេចដាក់ភ្លើងទៅ ក៏នាំគ្នាត្រឡប់មកយកភ្លើងវិញ។
កាលដែលជនទាំងពីរនាក់ត្រឡប់មកផ្ទះវិញ យាយចាស់នោះ ក៏ក្រោកឡើងអង្គុយ ព្រោះត្រូវទឹកសន្សឹមត្រជាក់ខ្លាំង ហើយក្រឡេក មើលសព្វទិសទី ទើបដូនចាស់ដឹងថា គេយកខ្លួនមកសម្លាប់ ក៏ចុះទៅ យកខ្មោចសពពពែមួយទៅដាក់លើ គ្រែគ្របសំពត់ពីលើជួសខ្លួន ហើយ ភៀសខ្លួនចេញពីទីនោះភ្លាមមួយរំពេច។ ដូនចាស់ដើរចូលទៅក្នុងគុហា មួយ ហើយរំពឹងគិតអាណិតខ្លួនថា “ឱ!អាត្មាអញនឹក ស្មានថា បានកូនប្រសាជាទីពឹង ឥឡូវវាធ្វើឱ្យអញភ័យ និងមានគ្រោះដល់ជីវិត យ៉ាងក្រៃលែង”។ ចំណែកខាងប្តីប្រពន្ធយកភ្លើងបានមក ក៏ដុតសាក សពពពែនោះទៅ ដោយសម្គាល់ថាជាម្តាយរបស់ខ្លួន។ ឯគុហាដែល យាយចាស់ចូលទៅអង្គុយនោះ មានចោរម្នាក់យកបង្វិចមាសប្រាក់ ទៅលាក់ទុកក្នុងទីនោះជាច្រើន។ យាយចាស់បានឃើញមាសប្រាក់ នោះហើយ ក៏នឹកភ្នកដល់កូនភ្លាមថា “ឱ! កូនសម្លាញ់អញ! ប្រសិនបើ បានមាសប្រាក់ច្រើនយ៉ាងនេះ ប្រហែលជាត្រេកអរណាស់ហើយ”។ យាយចាស់កំពុងតែគិតដូច្នេះ ស្រាប់តែចោរមកដល់។ ចោរគ្រាន់ តែឃើញយាយចាស់ភ្លាម ក៏ភ្ញាក់ភិតភ័យរន្ធត់ញាប់ញ័រ មិនហ៊ាន ចូលទៅជិតឡើយ ដោយគិតស្មានថាជាយក្ស ក៏ត្រឡប់មកវិញ ទៅហៅ គ្រូខ្មោចម្នាក់ឱ្យចូលទៅសង្កេតមើល។ គ្រូខ្មោចក៏រាយមន្តវិជ្ជាការហើយ ដើរចូលទៅកាន់គុហានោះ។
ណែកយាយចាស់បានឃើញគ្រូខ្មោចនោះ ក៏និយាយថា “យើង មិនមែនជាយក្សទេ ចូរអ្នកចូលមក! យើងទាំងពីរនាក់នឹងចែកទ្រព្យ គ្នា”។ គ្រូខ្មោចនោះនិយាយថា “យើងមិនជឿទេ”។ យាយចាស់ក៏បញ្ជាក់ ថា “បើអ្នកមិនជឿយើងទេ ចូរអ្នកលៀនអណ្តាតមកដាក់លើអណ្តាត យើងចុះ នោះអ្នកនឹងដឹងថា យើងជាកូនពិតហើយ។ គ្រូខ្មោចក៏ ធ្វើតាមពាក្យសម្តីដូនចាស់នោះ យាយចាស់ក៏ខាំអណ្តត្កាគ្រូខ្មោចនោះ ជាប់ដោយចង្កូមយ៉ាងចំណាំប់។ គ្រូខ្មោចខំបម្រះរើរួចហើយ ក៏ស្រែក ប្រាប់គ្នាថា “យក្សទេវ៉ើយ! យក្សទេ! ” ទើបនាំគ្នារត់ចេញទៅ។ លុះដល់ ភ្លឺឡើង យាយចាស់ក៏ប្រមូលមាសប្រាក់ វេចស្ពាយយកទៅឱ្យ កូននៅឯផ្ទះ។
ចំណែកខាងកូនប្រសាស្រី ក្រឡេកឃើញម្តាយស្ពាយបង្វិចមាស ប្រាក់មកដូច្នេះ ក៏ចុះទៅទទួលរាក់ទាក់ធ្វើបដិសណ្ឋារៈ ធ្វើការគួរសម យ៉ាងអស្ចារ្យ ហើយនិយាយថា “ឱលោកម្តាយអើយ! គេយកទៅដុតក្នុង ព្រៃខ្មោច តែត្រឡប់ជាបាន មាសប្រាក់មកឱ្យកូន បើដូច្នោះ ខ្ញុំសូមឱ្យ លោកម្តាយយកខ្ញុំទៅដុតវិញម្តង ខ្ញុំនឹងកើបវេចយកមាសប្រាក់ឱ្យច្រើន ជាងនេះទៅទៀត”។ ស្ត្រីនោះជាស្ត្រីពាលកាឡកណ្ណី ល្មោភចង់បាន ទ្រព្យមិនគិតវែងឆ្ងាយ ព្រោះហេតុនោះ ក៏បានឱ្យស្វាមីយកខ្លួនទៅដុត ក្នុងព្រៃស្មសាន។ ស្វាមីក៏នាំយកទៅដុតឆេះខ្ទេចគ្មានសល់ ហើយ ស្លាប់ទៅកើតក្នុងនរក។ ឯស្វាមីលុះអស់អាយុក៏ទៅកើត និងសោយទុក្ខ ក្នុងនរកជាមួយ គ្នាដែរ។ (ស្រងចាកប្រជុំនិទានជាតកភាគ ១ ទំព័រ ២៩)
អស់លោកទាំងឡាយអើយ អ្នកមិនគួរជឿពាក្យប្រពន្ធគ្រប់ម៉ាត់ ពេកនោះទេ ...!
តាមរយៈនិទាននេះ តើកូនទាំងឡាយអាចមើលឃើញទឹកចិត្ត ស្រឡាញ់ មេត្តារបស់ម៉ែកម្សត់នេះទេ ? ពីរនាក់ប្តីប្រពន្ធជាកូនអកតញ្ញូ មិនដឹងគុណម៉ែ ដែលបានបង្កើត និងខំចិញ្ចឹមយ៉ាងលំបាកវេទនា។ កូនទាំងពីរនេះ មិនត្រឹមតែមើលមិនឃើញគុណម៉ែ ដ៏សែនធ្ងន់ជាង ប្រថពីទេ តែថែមទាំងមានចិត្តគំនិតចង់សម្លាប់គាត់ទៀត ដោយគ្រាន់ លំបាកក្នុងការចិញ្ចឹមគាត់បន្តិចប៉ុណ្ណោះ ដោយគ្មានគិតឃើញ គុណូបការៈរបស់គាត់ សូម្បីប៉ុនសរសៃសក់សោះ។ កូនបែបនេះ ទទួលទោសធ្លាក់នរកដូចក្នុងនិទាននេះ សមស្របណាស់មិនខុស ឡើយ។
កូនចូរមើលទឹកចិត្តដូនចាស់ជរារូបនេះចុះ សូម្បីកូនយកទៅ សម្លាប់ហើយ ក៏នៅតែមិនខឹង មិនបោះបង់កូនចោល មិនចងគំនុំគុំ កួននឹងកូនទេ នៅតែគិតដល់កូនគ្រប់ដង្ហើមចេញចូលជានិច្ច។ ពេលម៉ែ បានជួបនឹងភព្វសំណាង បានមាស បានប្រាក់ ម៉ែនឹកដល់កូនសម្លាញ់ ភ្លាមថា“ ឱ! កូនសម្លាញ់អញ ! ប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះ មិនដឹងជាត្រេកអរយ៉ាងណាទេ”។ ម៉ែខំពុះពារគ្រប់ឧបសគ្គ ទោះបីប្រើ ល្បិច កិច្ចកលយ៉ាងណាក៏ម៉ែធ្វើដែរ ដើម្បីបានមាសប្រាក់នោះ យកមក ឱ្យកូនម៉ែ។ ម៉ែខំយ៉ាងនេះ មិនដើម្បីខ្លួនម៉ែផ្ទាល់ទេ គឺដើម្បីកូនតែម្នាក់ ប៉ុណ្ណោះ។ មាសប្រាក់ទាំងអម្បាលម៉ានដែលម៉ែបានមក ម៉ែមិនយក ទៅចាយវាយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនម៉ែទេ ម៉ែប្រមូល ទ្រព្យនោះបានមក ដើម្បីប្រគល់ឱ្យកូនម៉ែតែម្នាក់ប៉ុណ្ណោះ សូម្បីកូននោះ មានគំនិតអាក្រក់់ខ្មៅអប្រិយ យកម៉ែទៅសម្លាប់ចោលក៏ដោយ។ នៅក្នុង ពិភពលោកនេះ មិនមាននរណាដែលមានទឹកចិត្តស្រឡាញ់ មានចិត្ត ល្អបរិសុទ្ធចំពោះកូនដូចឪពុកម្តាយទេ។
១) ឱះ!ឱព្រះមាតាបិតា មានធម៌មេត្តាសង្គ្រោះកូន តាំងពីកូនមកនៅជ្រកពួន លាក់ខ្លួនសំងំក្នុងផ្ទៃម្តាយ។
២) លុះខែមួយពីរអ្នកដឹងច្បាស់ អ្នកត្រេកអរណាស់ចិត្តរីករាយ កាលដឹងថាកូនក្នុងផ្ទៃម្តាយ អ្នកតែងខ្វល់ខ្វាយមិនឱ្យហ្មង។
៣) ទោះបរិភោគបាយចំណី អាហារហឹរប្រៃហើយក្តៅផង ពុំហ៊ានបរិភោគឱ្យរំលង ខ្លាចក្រែងកូនរងទុក្ខក្នុងផ្ទៃ។
៤) ណាមួយចិត្តអ្នកគិតរំពឹង ចង់ដឹងថាកូនប្រុសឬស្រី ដែលទើបនឹងចាប់កំណើតថ្មី កូនប្រុសឬស្រីខ្មៅឬស។
៥) អ្នកម្តាយមានធម៌ព្រហ្មវិហារ មេត្តានោះជាចិត្តស្មោះសរ ស្រឡាញ់អាណិតចិត្តត្រេកអរ ដួងចិត្តបវរគ្រប់មាសា។
៦) ជិតថ្ងៃប្រសូតស្រងូតមុខ កើតទុក្ខចម្បែងក្នុងឱរ៉ា ការក្រែងមានគ្រោះកាចឫស្យា បន់ស្រន់ទេវតាឱ្យជួយផង។
៧) នឹកដល់គុណមាតាបិតា គុណដូនគុណតាជួយគ្រប់គ្រង ការពារបិសាចឱ្យរំលង ប្រសូតបុត្រផងផុតទុក្ខភ័យ។
៨) លុះថ្ងៃគម្រប់គ្រប់មាសា ប្រសូតបុត្រភ្ងាចេញចាកផ្ទៃ ទោះខ្មៅឬសប្រុសឬស្រី អ្នកថ្នាក់ថ្នមបីរាល់វេលា។
៩) ពីខែមួយដល់ខែដប់ ពកូនគ្មានឈប់ផ្ទប់ឱរ៉ា លុះដល់កូនកើតឃើញរូបា មាតាថ្នាក់ថ្នមដោយមេត្រី។
១០) ស្រឡាញ់រូបកូនស្មើជីវិត គ្មានគិតនឿយហត់ថាយប់ថ្ងៃ ពេលបរិភោគបាយចំណី ដៃម្ខាងម្ចាស់ថ្លៃអ្នកបីកូន។
១១) ដៃមួយអ្នកហូបនូវអាហារ លំបាកវេទនាស្គមទាំងខ្លួន ចិត្តម្តាយគ្មានខ្ជិលនឹងរូបកូន ថែថួនថ្នមបីបំបៅដោះ។
១២) ពេលណាដែលកូនក្តៅរងា ទ្រូងម្តាយខ្លោចផ្សាមុខក្រៀមក្រោះ រត់រកពេទ្យហ្មជួយរំដោះ ចាយអស់ទ្រព្យធនឱ្យកូនជា ។
(អ្នកនិពន្ឋអនាមិក)
កូនបានជ្រកក្នុងជម្រកនេះហើយ តើត្រជាក់ត្រជុំប៉ុនណាទៅ? តើទឹកចិត្ត ដែលជាជម្រកសម្រាប់កូនមានត្រឹមតែប៉ុណ្ណឹងទេឬ.? ចុះពេល កូនមានទុក្ខលំបាកវិញ តើឪពុកម្តាយមានទឹកចិត្ត និងចាត់វិធានការយ៉ាង ដូចម្តេចដែរ?
ព្រហ្មវិហារធម៌ ៤ សំខាន់យ៉ាងណាចំពោះមនុស្ស
កែប្រែបានដល់ ធម៌ជាគ្រឿងឋិតនៅដ៏ប្រសើរ ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការប្រព្រឹត្តិដ៏ បរិសុទ្ធិ ធម៌ដែលត្រូវមានទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្តិ ទើបនឹងមាននាមថា ដំណើរជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយដោយត្រូវ ប្រកបដោយ បានដល់ ៖
១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទូទៅ ។
២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខ ជួយសង្រ្គោះបំបាត់ទុក្ខលំបាករបស់ ពពួកសត្វ ។
៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមានសក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ អ្នកឋិតនៅក្នុងបកតិសុខ ។
៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌ដូចជាជញ្ជីង មិនលំអៀងដោយស្រ ឡាញ់ដោយស្អប់ ពិចារណាឃើញកម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬអាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅតាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមានកិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុសត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួលខុសត្រូវរបស់ខ្លួន ។
អ្នកឋិតនៅក្នុងព្រហ្មវិហារធម៌ រមែងជួយមនុស្ស សត្វទាំងឡាយដោយមេត្តាករុណា និងរមែងរក្សាធម៌ទុកបានដោយឧបេក្ខា ដូច្នោះ សូម្បីមានករុណាដែលនឹងជួយ សង្រ្គោះមនុស្សសត្វទាំងពួង តែក៏ត្រូវមានឧបេក្ខាផង ដែលនឹងនាំមិនឲ្យខូចធម៌ ។
ព្រហ្មវិហារធម៌នេះ ពេលខ្លះប្រែថា ធម៌របស់ព្រះព្រហ្ម ធម៌សម្រាប់ការរស់តាមបែបព្រះព្រហ្ម ធម៌ប្រចាំចិត្តដែលធ្វើឲ្យបានជាព្រះព្រហ្ម ឬ ឲ្យស្មើដោយព្រះព្រហ្ម ឬ ធម៌ ជាគ្រឿងរស់នៅរបស់អ្នកមានគុណខ្ពង់ខ្ពស់ ។
ព្រហ្មវិហារធម៌ ៤ ហៅម្យ៉ាងទៀតថា អប្បញ្ញា ៤ ព្រោះផ្សព្វផ្សាយជានិច្ចនៅក្នុង ចំណោមនុស្សសត្វទាំងឡាយមិនមានប្រមាណ មិនកំណត់ព្រំដែន ។ ព្រហ្មវិហារធម៌មាននៅក្នុងបុគ្គលណា រមែងធ្វើឲ្យអ្នកនោះប្រព្រឹត្តបដិបត្តិសង្រ្គោះដល់អ្នកដទៃ ដោយសង្គហវត្ថុជាដើម ។
ព្រហ្មវិហារធម៌ ៤ ប្រការនេះ ជាធម៌ដ៏ប្រសើរ ដែលចាត់ជាគោលធម៌ប្រចាំនៅក្នុងចិត្ត និងឃុំគ្រងការព្រឹត្តិ ជាធម៌ចាំបាច់យ៉ាងខ្លាំងក្នុងសង្គមខ្មែរ ដែលបច្ចុប្បន្ននេះ អំ ណាចវត្ថុនិយមបានរួមរឹត រហូតដល់ឲ្យបានក្លាយជាអ្នកមានចិត្តចង្អៀត គិតតែប្រយោជន៍ផ្ទាល់ខ្លួន ។ ការហ្វឹកហាត់ឲ្យមានក្តីស្រឡាញ់មេត្តា សូម្បីដល់សត្រូវរបស់ខ្លួនបាន រមែងនឹងបាននាមថា ពុទ្ធសាសនិកដ៏ពិត តាមគោលធម៌ពុទ្ធសាសនាថា ត្រូវប្រែមេត្តាដល់ចោរ ដែលកំពុងតែកាត់ ឬអាផ្តាច់អវយវៈ ដូចជាដៃ ឬជើងរបស់យើង នរណាមានក្រោធចំពោះចោរ អ្នកនោះក៏មិនមែនជាសាវករបស់យើង ។
ដូច្នោះ ការហ្វឹកហាត់ខ្លួនក្នុងរឿងប្រតិបត្តិព្រហ្មវិហារធម៌ ខាងដើមខ្លួនគួរប្រតិបត្តិដូច្នេះ ៖
១. ផ្សព្វផ្សាយមេត្តា
២. តាំងសេចក្តីប្រាថ្នាល្អចំពោះមនុស្សទូទៅ
៣. ខ្វល់ខ្វាយជួយសង្រ្គោះដល់អ្នកដទៃ
៤. ឧបត្ថម្ភបំរុង និងចូលរួមក្នុងកិច្ចការសាធាប្រយោជន៍
៥. មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ
៦. សម្តែងការពេញចិត្តនៅពេលអ្នកដទៃមានជោគជ័យ
៧. ដម្កល់ចិត្តជាកណ្តាល សម្លឹងមើលវត្ថុទាំងឡាយតាមសេចក្តីពិត ។
ព្រហ្មវិហារធម៌ និងទសពិធរាជធម៌របស់មេដឹកនាំ
កែប្រែក-ព្រហ្មវិហារធម៌ (Brahmavihāra)
កែប្រែតើព្រហ្មវិហារធម៌មានអ្វីខ្លះ ? ព្រហ្មវិហារធម៌មាន មេត្ដា ករុណា មុទិតា និង ឧបេក្ខា ។
មេត្ដា (loving-kindness, benevolence )
កែប្រែមេត្ដា គឺសេចក្ដីអាណិត ស្រឡាញ់ ចង់ឲ្យអ្នកផងបានសុខ ។ មេដឹកនាំតែងតែមានការអាណិតអាសូរជានិច្ចដល់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋ ។ យកចិត្ដទុកដាក់ខ្ពស់បំផុត ពោលគឺ បើស្រឡាញ់ខ្លួនឯងប៉ុណ្ណា ត្រូវតែស្រឡាញ់អ្នកដទៃ ក្រុមការងារ កូនចៅ អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋប៉ុណ្ណឹងដែរ ។ ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រដែលមានទសពិធរាជធម៌ និងព្រហ្មវិហារធម៌ពិតប្រាកដ ទ្រង់យកព្រះទ័យទុកដាក់ខ្វាយខ្វល់ចំពោះរាស្ដ្រជានិច្ច “ទ្រង់មានព្រះទ័យព្រួយបារម្ភចំពោះរោគរបស់ប្រជារាស្ដ្រព្រះអង្គ ជាងព្រះអាពាធព្រះអង្គទៅទៀត ព្រោះថាសេចក្ដីទុក្ខរបស់រាស្ដ្រ គឺជាសេចក្ដីទុក្ខរបស់អ្នកគ្រប់គ្រងទាំងឡាយ មិនមែនសេចក្ដីទុក្ខផ្ទាល់ព្រះអង្គទេ ដែលនាំឲ្យព្រះអង្គព្រួយឈឺចាប់នោះ” ។ បើមេត្តាជាសេចក្តីអាណិត ស្រឡាញ់ ចង់ឲ្យអ្នកផងបានសុខ ការយល់ដូច្នេះដូចជាច្របូកច្របល់ចែកគ្នាមិនដាច់រវាងមេត្តានិងករុណា!
ករុណា (compassion)
កែប្រែករុណា ចេះជួយសង្គ្រោះអ្នកដទៃឲ្យបានសេចក្ដីសុខ ។ មេដឹកនាំត្រូវចេះជួយសង្គ្រោះអ្នកក្រីក្រលំបាក អ្នករងគ្រោះ អ្នកដែលស្ថិតក្នុងភាពល្ងង់ខ្លៅ និងអ្នកមានវិបត្ដិផ្សេងៗ ។ មេដឹកនាំត្រូវតែហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះជនរួមជាតិខ្លួនឲ្យរួចផុតពីសេចក្ដីទុក្ខវេទនា ទាំងអស់ តែដំណោះស្រាយក្នុងការជួយសង្គ្រោះ ត្រូវដោះស្រាយពីដើមចមនៃបញ្ហា កុំព្យាយាមដោះចុងបញ្ហា វាជាការខាតពេល ខាតធនធានឥតប្រយោជន៍ ហើយបើប្រឹងដោះខ្លាំងប៉ុណ្ណា បញ្ហាក៏នឹងកើនឡើងប៉ុណ្ណោះ ទោះដោះរហូតស្លាប់ទាំងខ្លួនទៀត ក៏ពុំអាចចប់បានឡើយ ។ ព្រះពុទ្ធអង្គជាគំរូស្រាប់ ព្រះអង្គហ៊ានលះបង់រាជសម្បត្ដិ យសសក្កិ សេចក្ដីសុខផ្ទាល់ខ្លួន និងកាមកិលេស តណ្ហាផ្សេងៗ រហូតដល់អាយុជីវិត ដើម្បីស្វះស្វែងរកផ្លូវសង្គ្រោះមនុស្សលោកទូទៅឲ្យរួចផុតពី អវិជ្ជា គឺសេចក្ដីទុក្ខ ។
មុទិតា (empathetic joy)
កែប្រែមុទិតា មេដឹកនាំមិនត្រូវមានចិត្ដច្រណែនឈ្នានីស ឬអន់ចិត្ដចំពោះការរីកចម្រើន ជោគជ័យរបស់អ្នកដទៃ ឬអ្នកក្រោមបង្គាប់ ឬប្រជាពលរដ្ឋឡើយ ។ ផ្ទុយទៅវិញ មេដឹកនាំ ត្រូវសប្បាយត្រេកអរនឹងសេចក្ដីសុខចម្រើនរបស់ប្រជាពលរដ្ឋ ឬរីករាយសាទរ ពេលឃើញពលរដ្ឋបានសេចក្ដីសុខដោយសារខ្លួន ។ ក្រោយពីពេលខ្លួនបានជួយសង្គ្រោះ ទោះបីជាគេមិនថ្លែងអំណរគុណក៏ដោយ ក៏មិនត្រូវទោមនស្ស ។ មានន័យថា មេដឹកនាំ មិនត្រូវរម្លឹកគុណរបស់ខ្លួន អួតប្រាប់គេឲ្យដឹងពេលជួយអ្នកដទៃនោះទេ ។ តែផ្ទុយទៅវិញ មេដឹកនាំត្រូវសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋ ដែលបានធ្វើល្អមកលើខ្លួន ទោះជាអំពើល្អនោះតិចក្ដី ច្រើនក្ដី ។
ឧបេក្ខា (equanimity)
កែប្រែឧបេក្ខា មេដឹកនាំត្រូវប្រកាន់ចិត្ដជាកណ្ដាល មិនលំអៀង ព្រោះស្អប់ ស្រឡាញ់ ច្រណែន និន្ទាឈ្នានីស អន់ចិត្ដ ។ មេដឹកនាំស្មោះស្មើចំពោះប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ដោយសារភាពអគតិ និងការប្រកាន់បក្សពួកឡើយ ។ អ្នកដឹកនាំត្រូវបង្កើតគោលការណ៍រួម និងច្បាប់រដ្ឋជាច្បាប់មួយមានសមភាពអនុវត្ដន៍លើជនទូទៅដូចៗគ្នា ហើយជាអ្នកនាំមុខគេប្រតិបត្ដិ ប្រកាន់គោលការណ៍ និងអនុវត្ដច្បាប់ឱ្យបានត្រឹមត្រូវ ។
ឧបេក្ខា៖ ការរក្សាចិត្តជាកណ្ដាល គឺ ការធ្វើទុកក្នុងចិត្តថា អ្នកទាំងឡាយ ទាំងខ្លួនខ្ញុំផង សុទ្ធតែប្រព្រឹត្តទៅតាមកម្ម ឬអំពើដែលខ្លួនបានធ្វើមកហើយអំពីកាលមុន។ អំពើល្អរមែងឲ្យផលជាសុខ។ សេចក្ដីប្រមាទ ការធ្វេសប្រហែស សេចក្ដីខ្ជិលច្រអូស ការបៀតបៀនអ្នកដទៃជាដើម រមែងឲ្យផលសមគួរទៅតាមអំពើនោះ។
ខ-ទសពិធរាជធម៌ (Dasavidha-rājadhamma)
កែប្រែទសពិធធម៌ ឬទសពិធរាជធម៌ (Dasavidha-rājadhamma ឬ Rajādhamma 10 ("tenfold virtue of the ruler") គឺជាធម៌របស់ព្រះពុទ្ធដែលអ្នកដឹកនាំមនុស្ស អង្គការ ក្រុមហ៊ុន ការិយាល័យ ប្រទេស ឬស្ថាប័ននានាគួរតែប្រតិបត្តិជាប់ជានិច្ច ។ ទសពិធធម៌ អាចរកឃើញនៅក្នុងគម្ពីរព្រះត្រៃបិដក នៅក្នុងគម្ពីរខុទ្ទកនិកាយ (Khuddakanikāya) នៃវគ្គជាតក (Jātaka) សៀវភៅលេខ ៦១ ទំព័រ ១២៨ កថាខណ្ឌ ២៤០ ដែលមានសេចក្តីថា ៖ "(ព្រះរាជា ...) ម្នាលបក្សី យើងតែងប្រមើលមើលនូវកាលអនាគតដ៏វែង យើងឋិតនៅ ក្នុងធម៌ ១០ ប្រការ មិនតក់ស្លុតនឹងបរលោកឡើយ ។ (ធម៌ ១០ ប្រការគឺ) ទាន ១ សីល ១ បរិច្ចាគ ១ ភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ តបៈគឺឧបោសថសីល ១ ការមិនក្រោធ ១ ការមិនបៀតបៀន ១ ខន្តី ១ កិរិយាមិនភ្លាត់ ១ ។ យើងឃើញ នូវកុសលធម៌ទាំងនេះ ឋិតនៅក្នុងខ្លួន លំដាប់នោះ បីតិនិងសោមនស្សជាច្រើន កើតឡើងដល់យើង ដោយប្រការដូច្នេះ ។ ឯបក្សី ឈ្មោះសុមុខៈ មិនបានគិត ហើយបញ្ចេញ នូវវាចាដ៏ទ្រគោះ ព្រោះតែមិនបានដឹងច្បាស់ នូវការប្រទូស្ត ក្នុងចិត្ត របស់យើង ។ បក្សីនោះ លុះខឹងហើយ ក៏បញ្ចេញនូវវាចាដ៏ទ្រគោះ ដោយឥតគំនិត (ពោល) នូវទោសទាំងឡាយដែលមិនមានក្នុងពួកយើង ពាក្យនេះមិនមែនដូចពាក្យនៃបុគ្គលមានប្រាជ្ញា (ពោលហើយ) ទេ ។"
គោលធម៌ទាំង ១០ប្រការ នេះ មេដឹកនាំគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ។ គោលធម៌ទាំង ១០ប្រការមាន ៖
ទាន (Dāna = charity)
កែប្រែទាន គឺការផ្ដល់ឲ្យដូចជា វត្ថុ សម្ភារៈ ចំណេះដឹង ការអប់រំ ក្បួនច្បាប់ និងការអប់រំព្រះធម៌ ដល់ប្រជាពលរដ្ឋជាទីស្រឡាញ់របស់ខ្លួនជាដើម ។ មេដឹកនាំត្រូវហ៊ានលះបង់ធនធានផ្ទាល់ខ្លួន ធ្វើអំណោយទានដល់ប្រជាពលរដ្ឋដែលក្រីក្រលំបាក ។ មេដឹកនាំត្រូវធ្វើទានក្នុងគន្លងគតិបណ្ឌិត មិនមែនក្នុងបែបប្រជាភិថុតឡើយ ។ ពោលគឺ អំណោយជា ផ្លែ ខ្សែសន្ទូច និងចំណេះដឹង ដើម្បីឲ្យចេះរក ចេះស្ទូចត្រីចិញ្ចឹមជីវិតដោយខ្លួនឯង ។
សីល (Sīla = morality)
កែប្រែអ្នកដឹកនាំល្អ គឺជាអ្នកដែលប្រកាន់ខ្ជាប់វិន័យ អំពើល្អ តាមឱវាទព្រះពុទ្ធ ។ មេដឹកនាំត្រូវមានសីល៥ក្នុងខ្លួន ។
ទី១-សីលទាំង៥ រួមមានៈ អ្នកដឹកនាំមិនសាហាវយង់ឃ្នង មិនប្រព្រឹត្ដអំពើទុច្ចរិតផ្សេងៗ មិនបៀតបៀនមិត្ដរួមការងារ អ្នកក្រោមឱវាទ ប្រជាពលរដ្ឋរបស់ខ្លួន រហូតដល់ការកាប់សម្លាប់ជាដើម ។
ទី២-អ្នកដឹកនាំមិនត្រូវពុករលួយ ស៊ីសំណូក លួចបន្លំ កេងយកទ្រព្យសម្បត្ដិជាតិ ឬទ្រព្យបុគ្គល ឬក្រុមគ្រួសារណាមួយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍ក្រុមគ្រួសារ និងបក្សពួកឡើយ ។ មេដឹកនាំត្រូវតែមានការស្មោះត្រង់ចំពោះជាតិគ្រប់ពេលវេលា ។
ទី៣-អ្នកដឹកនាំជាតិមិនត្រូវពោលពាក្យកុហក ត្រូវតែស្មោះត្រង់ តាំងពីការគិត និយាយ និងការធ្វើឡើងទៅ ។ ពោលគឺ គិត និយាយ និងធ្វើតែ១ ។ មេដឹកនាំជាតិមិនត្រូវគិតផ្សេងៗ និយាយផ្សេង ធ្វើផ្សេងនោះទេ ។
ទី៤-អ្នកដឹកនាំជាតិមិនមែនជាអ្នកដែលល្មោភកាម តណ្ហា បុណ្យសក្កិ អំណាច និងទ្រព្យសម្បត្ដិជាតិឡើយ ។ មិនត្រូវប៉ះពាល់កូន ប្រពន្ធគេ ឬធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
ទី៥-មេដឹកនាំមិនត្រូវលង់ក្នុងការសេពគ្រឿងញៀន អាភៀន កញ្ឆា ស្រី ស្រា ល្បែង ព្រោះនាំឲ្យខូចស្មារតី និងប៉ះពាល់ដល់សុខភាព ។
សរុបមក មេដឹកនាំត្រូវគ្រប់គ្រងអារម្មណ៍ទាំង៦ឲ្យមានភាពប្រក្រតីជាដាច់ខាត គឺភាពសាមញ្ញ មិនវង្វេង និងលង់តាមអារម្មណ៍ទាំង៦នោះឡើយ ព្រោះនាំឲ្យមានចំណុចខ្សោយភ្លេចស្មារតី ។ ព្រះពុទ្ធទ្រង់ត្រាស់ទុកថា “អ្នកធ្វេសប្រហែស បាត់បង់ស្មារតី ប្រៀបដូចមនុស្សស្លាប់” ។
បរិច្ចាគ ឬការលះបង់ (Pariccāga = altruism)
កែប្រែបរិច្ចាគ ឬការលះបង់ មេដឹកនាំត្រូវលះបង់ខ្លួនដើម្បីជួយសង្គ្រោះជាតិ ឲ្យរស់រាន មានជីវិតគង់វង្ស ។ ការលះបង់ជាកត្ដាសំខាន់ក្នុងទាក់ទាញជំនឿពីអ្នកក្រោមឱវាទ ឬអ្នកជុំវិញ ឲ្យដើរតាមខ្លួន ។ ភាពកំណាញ់ស្វិត នឹងធ្វើឲ្យអ្នកដឹកនាំបាត់បង់ប្រីយ៍ភាព បាត់បង់ជំនឿពីអ្នកផង ។ ការលះបង់ទីនេះ ចង់និយាយសម្ដៅទៅលើការលះបង់ដើម្បីសាងប្រយោជន៏អ្វីមួយសម្រាប់ សង្គមជាតិ ។ ក្នុងឋានៈជាមេដឹកនាំត្រូវហ៊ានធ្វើគំរូ នាំមុខគេ ក្នុងការធ្វើពលីកម្មអាយុជីវិត លះបង់តាំងពីធនធាន ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន កិត្ដិយសមុខមាត់ រហូតដល់ជីវិត ដើម្បីធ្វើប្រយោជន៍ជូនជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខវេទនា ក្រីក្រ អត់ឃ្លាន ល្ងង់ខ្លៅ និងភ័យខ្លាច ។ តើត្រូវធ្វើការលះបង់អ្វីខ្លះ ? លះបង់ភាពមុខមាត់និយម សម្ភារៈហ៊ឺហា អំនួតអួតអាងនិយម អាត្មានិយម និងភាពភ្លើតភ្លើន ។
ដូចពោលខាងលើខ្លះៗមកហើយ ដើម្បីដឹកនាំគេ ត្រូវធ្វើឲ្យគេមានជំនឿ ស្រឡាញ់គោរពជាមុន ។ ដើម្បីឲ្យអ្នកផង ជឿស្រឡាញ់ ត្រូវធ្វើខ្លួនឲ្យសមសួន មានឫកពារថ្លៃថ្នូរ ដោយការវាចាកអំពើអបាយមុខផ្សេងៗ ។ ជាពិសេស លះបង់ការស្រេកឃ្លានមុខមាត់ អំនួតអួតអាង ភាពភ្លើតភ្លើននិងសម្ភារៈនិយម ហ៊ឺហាសម្បូរគ្មានព្រំដែន ។ ពោលគឺ ត្រូវតែចុះបម្រើពលរដ្ឋដល់ទីកន្លែង ។
អាជ្ជវៈ ឬសេចក្ដីស្មោះត្រង់ (Ājjava = honesty)
កែប្រែអាជ្ជវៈ គឺជាសេចក្ដីត្រង់ មិនវៀចវេរ ក្រឡិចក្រឡុច ។ មេដឹកនាំត្រូវស្មោះត្រង់ចំពោះឧត្ដមគតិរួម មុខងារ តួនាទីរបស់ខ្លួន ត្រង់ចំពោះក្រុមការងារ ត្រង់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ត្រង់ទាំងការគិត ការនិយាយ និងការអនុវត្ដការងារ ត្រង់ចំពោះអ្នកក្រោមបង្គាប់ និងត្រង់ចំពោះសេចក្ដីល្អទាំងឡាយ ។ ភាពស្មោះត្រង់ ជាផ្លូវដ៏ល្អមួយ ញ៉ាំងឲ្យមានការជឿជាក់ពីអ្នកជុំវិញខ្លួន ។ ជំនឿជាក់ពីអ្នកផងទាំងពួង នឹងធ្វើឲ្យមានការរួបរួមសាមគ្គីគ្នាជុំវិញខ្លួនដែលជាអ្នកដឹកនាំ ហើយអាចជួយធ្វើឲ្យការដឹកនាំដើរទៅរកជោគជ័យបានឆាប់រហ័ស ។ ក៏ប៉ុន្ដែ នៅពេលដែលមានការរួបរួមជុំវិញខ្លួនហើយ មេដឹកនាំមិនត្រូវភ្លេចខ្លួនភ្លើតភ្លើន មើលងាយអ្នកផងជុំវិញឡើយ ។ កាន់តែមានការរួបរួមជុំវិញខ្លួនខ្លាំងឡើងកាលណា កាន់តែផ្ដល់សារៈសំខាន់ដល់សហការីជុំវិញខ្លួនកាន់តែឱនលំទោន ប្រកបដោយសេចក្ដីថ្លៃថ្នូរខ្ពស់ឡើងជានិច្ច ។ មិនគួរនិយាយពីអ្នកក្រោមឱវាទថាអាក្រក់យ៉ាងនេះ មិនល្អយ៉ាងនោះឡើយ ។ ត្រូវរិះរកវិធីកែខៃដោយភាពស្មោះត្រង់ ដើម្បីធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នា ដើរទៅជាមួយគ្នាឆ្ពោះទៅរកជោគជ័យ ។ ត្រូវចាំថា អង្គការនយោបាយដឹកនាំ ប្រៀបបីដូចជាក្រុមតូរ្យតន្ដ្រីមួយដែរ ។ ត្រូវមានភាពប៉ិនប្រសប់ក្នុងការងាររៀងខ្លួន ដូចគ្នាស្មើៗគ្នា ។ បើស្គរលេងល្អ តែហ្គីតាលេងអន់ ក៏មិនកន្ដ្រាក់ ទាក់អារម្មណ៍អ្នកមើលអ្នកស្ដាប់ ។ បើស្គ ហ្គីតា លេងល្អ តែបើអ្នកច្រៀង ច្រៀងមិនពិរោះ គ្មានការទាក់ទាញ នៅរឹងស្ដូក ក៏មិនអាចទាក់អារម្មណ៍អ្នកក្រោមឆាកឲ្យហក់លោតឡើងរាំបាន ឡើយ ។ ពោលគឺ ទាំងអស់គ្នាជាក្រុមការងារ ដែលស្មោះត្រង់នឹងគ្នា មានការទទួលខុសត្រូវតាមមុខងាររៀងៗខ្លួន ដោយស្មោះស្មគ្រ័ គ្មានល្បិចប៉ែងជើង ប៉ែងដៃគ្នាឡើយ ។ យ៉ាងណាមិញ ក្នុងភាពជាអង្គការនយោបាយមួយ ត្រូវតែកសាងឲ្យទៅជាក្រុមការងារល្អរលូនបំផុត ទើបអាចជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ ភ្ញាក់រលឹកជឿជាក់បាន ។ ម្នាក់ៗមានភាពស្មោះត្រង់ចំពោះភារៈរបស់ខ្លួនជាអ្នកដឹកនាំ មិនថាថ្នាក់ណា នៅទីណា កន្លែងណា មិនចាំបាច់ដេកចាំឲ្យមានអ្នកដាស់តឿន ឬធ្វើដើម្បីផ្គាប់មុខមាត់ឡើយ ។ ម្នាក់ៗត្រូវគិតថា ចេះអ្វីមួយដែលអ្នកឯទៀតមិនចេះ តែអ្នកឯទៀត ក៏ចេះអ្វីមួយដែលយើងមិនចេះ ។ ហេតុនេះ ដើម្បីសម្រេចជោគជ័យ អ្នកដឹកនាំមានភារៈពូត ប្រមូលផ្ដុំ សមត្ថភាព និងការប្រឹងប្រែងរបស់អ្នកជុំវិញខ្លួន ដើរឆ្ពោះទៅរកគោលដៅរួម ដោយភាពស្មោះត្រង់ និងពុះពារ ព្យាយាម ប្ដូរផ្ដាច់ យ៉ាងអត់ធ្មត់បំផុត ដោយការនាំមុខគេជានិច្ច ក្នុងការពុះពារឧបសគ្គផ្សេងៗ ។ ចូរពិចារណាចងចាំ និងយល់យ៉ាងជាក់ថា ខ្សែហ្គីតាមួយ មានសម្លេងតែមួយប៉ុណ្ណោះ ខ្សែទាំង៥មានសម្លេងខុសៗគ្នា តែដោយភាពប៉ិនប្រសប់របស់អ្នកលេងហ្គីតា ចេះរួមផ្សំសម្លេងខ្សែទាំងនោះបញ្ចូលគ្នាធ្វើឱ្យអ្នកលេងអាចលេង ភ្លេងបានយ៉ាងពិរោះរណ្ដំ នាំព្រលឹងអាត្ម័នអ្នកស្ដាប់ អ្នកទស្សនា ឲ្យលង់លក់ទៅតាមចំណង់របស់គេបាន ។ តើអ្នកណាមួយអាចទាយថា អ្នកលេងដែលប្រើប្រាស់ហ្គីតានេះ នឹងលេងបានត្រឹមតែប៉ុន្មានបទ ប្រាកដជាគ្មានចម្លើយទេ ។ យ៉ាងណាមិញ ជាអ្នកដឹកនាំដែលស្រឡាញ់ជាតិពិត ក៏ត្រូវរៀនសូត្រពីនេះដែរ ទើបអាចកសាងក្រុមការងារល្អរលូនបាន ។ ក្រៅពីនេះ ការរួមសុខ រួមទុក្ខជាកត្ដាសំខាន់ខ្លាំងណាស់ ។ ជាមេដឹកនាំ ត្រូវរស់នៅរួមសុខរួមទុក្ខជាមួយគ្នា មិនរត់មិនដោះយករួចខ្លួនក្នុងគ្រាអាសន្នមិនដេកស្រួល ស៊ីឆ្ងាញ់ យកសុខតែម្នាក់ឯង ឬប្រើហើយមិនទទួលខុសត្រូវ ឬមួយក៏បោកប្រាស់ប្រើ នោះមិនមែនជាការល្អដល់មេដឹកនាំសោះឡើយ ។ ដូចរៀបរាប់មកខាងលើមកហើយ គឺអ្នកដឹកនាំត្រូវតែស្មោះត្រង់គ្រប់ឥរិយាបថទាំអស់ តាំងពីការគិត ការនិយាយ ការធ្វើ ការរស់នៅដោយភាពប្ដូរផ្ដាច់ចំពោះជាតិមាតុភូមិ ប្រជាពលរដ្ឋ និងអង្គការនយោបាយរបស់ខ្លួន ដែលខ្លួនមានតួនាទីដឹកនាំ ដើម្បីជម្រុញការតស៊ូឆ្ពោះទៅរកជោគជ័យផ្ដាច់ព្រ័ត ដោយគ្មានវៀចវេរ ។
“ដាក់ខ្លួនឲ្យទាប ដើម្បីមើលឲ្យបានដល់ជម្រៅបញ្ហា តែក្រោកឈរឲ្យខ្ពស់ ដើម្បីមើលឲ្យបានឆ្ងាយ ដោយភាពភ្លឺស្វាងនៃអនាគត” ។
មទ្ទវៈ ឬភាពរាបសារទន់ភ្លន់ (Maddava = gentleness)
កែប្រែមទ្ទវៈ ជាសេចក្ដីរាបសារទន់ភ្លន់ មេដឹកនាំត្រូវសម្ដែងនូវទឹកមុខញញឹម រួសរាយរាក់ទាក់ជានិច្ចចំពោះអ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ទោះជានៅពេលមានឧបសគ្គពិបាកយ៉ាងណាក្ដី ។ សេចក្ដីរីករាយរបស់មេដឹកនាំជាឱសថ អាចលើកទឹកចិត្ដទាហាន ឬអ្នកក្រោមឱវាទឲ្យមានទឹកចិត្ដប្រយុទ្ធ ឬមានក្ដីសង្ឃឹមទៅមុខបាន ។ ហេតុនេះ មេដឹកនាំមិនត្រូវធ្វើមុខស្រពាប់ស្រពោន មុខក្រញូវ មុខស្អុយ ប្រកាន់ ឬកក្រអឺតក្រទម ច្រងេងច្រងាង ឆេវឆាវ អាងថាខ្លួនឯងអ្នកធំមានអំណាច ឬមេគេនោះទេ ។ មេដឹកនាំត្រូវតែរាក់ទាក់ដាក់អ្នកតូច អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋសាមញ្ញមុនជានិច្ច ។ ត្រូវព្យាយាមស្គាល់ឈ្មោះអ្នកក្រោមឱវាទឲ្យបានអស់ និងត្រូវហៅឲ្យចំៗឈ្មោះថា លោក. ក… ឬ លោក…ខ ជាដើម ។ ការហៅចំឈ្មោះមានន័យខាងចិត្ដសាស្ដ្រមួយធំណាស់ ជាពិសេស ចំពោះអ្នកដែលមានឋានៈតូចទាបជាង ។ ក្រៅពីនេះ មេដឹកនាំត្រូវទទួលនូវសេចក្ដីគោរពពីអ្នកផង ដោយការយកចិត្ដទុកដាក់ មិនព្រងើយកន្ដើយ ហើយត្រូវដាក់ខ្លួនឲ្យមានលក្ខណៈសាមញ្ញជាមួយនឹងប្រជាពលរដ្ឋ និងអ្នកក្រោមបង្គាប់ ។ មិនស៊ីជោរ អួតអាង ពេលគេសរសើរ មិនត្រូវអង្គុយលើចង្អេរលើកខ្លួនឯង ហើយបន្ដុះបង្អាប់អ្នកដទៃ ពោលគឺមិនត្រូវនិយាយពីរឿងខ្លួនឯងថា គ្រាន់បើជាងអ្នកដទៃ ឬតាំងខ្លួនឯងជាមេដឹកនាំរបស់អ្នកទាំងអស់នោះ ។ ផ្ទុយទៅវិញ ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋទើបប្រសើរ ។ មេដឹកនាំត្រូវហ៊ានសារភាពកំហុស ដោយការទទួលខុសត្រូវ និងដោយទឹកមុខញញឹមពេញចិត្ដចំពោះអ្វីដែលបានធ្វើខុស ឬបានចាត់ការខុស ។ មេដឹកនាំត្រូវទន់ភ្លន់ តែមិនទន់ជ្រាយនោះទេ បើប្រៀបធៀបទៅនឹងដើមឈើ មេដឹកនាំត្រូវធ្វើដូចជាដើមផ្ចឹក ក្រញូង និងបេង ជាដើម ដែលមានភាពទន់ខាងក្រៅ តែរឹងប៉ឹងខាងក្នុង ។ មេដឹកនាំមិនត្រូវធ្វើដូច ដើមល្ហុង និងអំពៅ ដែលមានលក្ខណៈរឹងក្រៅ តែប្រហោងក្នុងនោះទេ ។ មេដឹកនាំត្រូវចេះស្គាល់កាលៈទេសៈ និងស្ថានការណ៍ តើពេលណាត្រូវធ្វើមេដឹកនាំគេ ? ហើយពេលណាត្រូវធ្វើជាអ្នកក្រោមបង្គាប់គេ ? ។ កាន់តែមានការរួបរួម មានជោគជ័យក្នុងការធ្វើឲ្យអ្នកផងរួបរួមគ្នាដើរតាមខ្លួន អ្នកដឹកនាំកាន់តែមានភាពរាបសារទន់ភ្លន់ឱនលំទោនចំពោះអ្នកជុំវិញ ខ្លួនខ្លាំងឡើងជាលំដាប់ ។ ភាពរួសរាយ រាក់ទាក់ឲ្យលំទោនរបស់អ្នកដឹកនាំ ជាមន្ដស្នេហ៌មួយអាចធ្វើឲ្យគេដើរតាមគោលការណ៍នានារបស់ខ្លួន និងរបស់អង្គការនយោបាយខ្លួនបានយ៉ាងមានប្រសិទ្ធភាព ។ “ដើម្បីដឹកនាំគេ ត្រូវធ្វើឲ្យគេស្រឡាញ់ជាមុន ដើម្បីឲ្យគេស្រឡាញ់ ត្រូវស្រឡាញ់គេដោយស្មោះស្ម័គ្រជាមុន” ។ តែត្រូវចាំថា “ធ្វើជាអ្នកបម្រើជាតិប្រជាពលរដ្ឋ មិនមែនជាអ្នកជិះជាន់សង្កត់សង្កិនរាស្ដ្រតូចតាចឡើយ” ។
តបៈ ឬស្អាតស្អំ (Tapa = self controlling)
កែប្រែតបៈ ការដុះខាត់សម្អាតចិត្ដ ឬកម្ចាត់នូវអំពើអាក្រក់ក្នុងខ្លួន ។ តើត្រូវកំចាត់អ្វីខ្លះ ? មេដឹកនាំត្រូវកម្ចាត់អារម្មណ៍ដែលនាំឲ្យប្រព្រឹត្ដិអំពើអាក្រក់ ទាំងឡាយ និងបញ្ជាអារម្មណ៍របស់ខ្លួនឯងមិនឲ្យក្ដៅក្រហាយ ។ មេដឹកនាំមិនធ្វើឲ្យក្ដៅក្រហាយដល់ចិត្ដអ្នកដទៃ អ្នកក្រោមឱវាទឡើយ ។ ត្រូវមានផែនការ កាលវិភាគកំណត់ច្បាស់លាស់សម្រាប់កិច្ចការប្រចាំថ្ងៃ ហើយអនុវត្ដតាមផែនការនោះ ។ ដូច្នេះ ត្រូវសង្កេតមើលសកម្មភាពរបស់ខ្លួនគ្រប់ពេលវេលា បើដឹងថា ធ្វើខុស ឬធ្វើអំពើអាក្រក់ ត្រូវកែប្រែចេញ ។
អក្កោធៈ (Akkodha = non-anger)
កែប្រែអក្កោធៈ គឺការមិនងាយខឹងក្រេវក្រោធ ។ មេដឹកនាំមិនត្រូវខឹងក្រេវក្រោធ ឆេវឆាវជាដាច់ខាត ព្រោះការខឹងនេះ គឺជារនាំងបាំងឲ្យងងឹត មិនស្គាល់ខុស និងត្រូវ ល្អ និងអាក្រក់ យុត្ដិធម៌ និងអយុត្ដិធម៌ ដោយសារតែសេចក្ដីវង្វេងនឹងភ្លើងកំហឹង ។ បើមេដឹកនាំមានសេចក្ដីក្រោធ នោះមិនមែនជាការល្អសោះឡើយ ព្រោះសេចក្ដីក្រោធប្រៀបដូចជាច្រែះរបស់អាវុធក្នុងលោក ប្រៀបដូចជាភ្លើងឆេះសម្រាប់នាំទៅរកសេចក្ដីវិនាស ។ អ្នកក្រោធរមែងមិនដឹងនូវហេតុផល និងធ្វើឲ្យចិត្ដក្ដៅ សោកសៅ (មិនស្ងប់) មានទុក្ខជានិច្ច ។ គេសម្គាល់សេចក្ដីក្រោធបានតាមរយៈការមិនពេញចិត្ដ ការទាស់ចិត្ដ ការក្ដៅពុះកញ្ជ្រោល ការគិតឈ្លោះប្រកែក និងការចងគំនុំសងសឹក ។ ម្យ៉ាងទៀតពាក្យថា ក្រោធ ក៏មានន័យថា ខុស ដូច្នេះបើមេដឹកនាំខឹង ឬខ្ញាល់ មានន័យថា ខុស ដូចពាក្យចាស់ពោលថា “ខឹងខុស ខឹងខូច ខឹងខាត” ។ អាស្រ័យហេតុនេះ មេដឹកនាំគ្រប់លំដាប់ថ្នាក់ មិនត្រូវយកការខឹងក្រេវក្រោធ មកដាក់ខ្លួនឡើយ ។
អវិហឹង្សា (Avihimsa = non-violence)
កែប្រែអវិហឹង្សា មានន័យថា មិនបៀតបៀនធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ កើតទុក្ខដោយសារខ្លួន ជាពិសេសលើពលរដ្ឋរបស់ខ្លួនឯង ។ មេដឹកនាំមិនត្រូវយកអំណាចតួនាទីរបស់ខ្លួន ទៅគាបសង្កត់ជិះជាន់គំរាមកំហែងប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍បក្សពួកខ្លួននោះទេ ។ មេដឹកនាំត្រូវគោរពសិទ្ធិពលរដ្ឋ កុមារ ចាស់ទុំ និងស្ដ្រីភេទ ។មេដឹកនាំមិនត្រូវប្រើអំពើហឹង្សាចំពោះ ជនរួមជាតិឡើយ ត្រូវប្រកាន់យកប្រជាធិបតេយ្យ យកប្រជាពលរដ្ឋជាធំ ។ មេដឹកនាំត្រូវឲ្យអភ័យ និងលើកលែងទោស ចំពោះអ្នកដើរតាម ឬប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើខុស ។ មិនមែនខុសដៃយកដៃ ខុសជើងយកជើងទេ ។ ត្រូវចាំថា អ្នកដើរតាម និងប្រជាពលរដ្ឋ គ្មានកំហុសទេ ខុសឬត្រូវ គឺជាលទ្ធផលរបស់មេដឹកនាំ ព្រោះមេដឹកនាំជាអ្នកទទួលខុសត្រូវ ។ ប្រជាពលរដ្ឋប្រៀបដូចជាកូន ដែលពួកគេមិនដឹងអ្វីទេ ។ ហេតុនេះហើយ មេដឹកនាំត្រូវធ្វើការអប់រំបណ្ដុះបណ្ដាលពលរដ្ឋ ឲ្យមានចំណេះដឹង និងសមត្ថភាពគ្រប់ៗគ្នា ។ បើអ្នកក្រោមឱវាទធ្វើខុស ឬបរាជ័យក្នុងកិច្ចការអ្វីមួយ កំហុសត្រូវធ្លាក់លើមេដឹកនាំជាអ្នកខុស មិនត្រូវដាក់កំហុស ឬដាក់ទោសលើអ្នកក្រោមបង្គាប់នោះទេ ។ មេដឹកនាំជាអ្នកសម្រេចចិត្ដលើកិច្ចការគ្រប់យ៉ាង ទាំងការប៉ាន់ប្រមាណស្ថានការណ៍ ការរៀបចំផែនការ ការអនុវត្ដ ការដឹកនាំធ្វើ និងត្រួតពិនិត្យជាដើម ។
ខន្ដី ( Khanti = forbearance)
កែប្រែខន្ដី គឺការអត់ធន់ មេដឹកនាំនឹងទទួលបានជោគជ័យលើកិច្ចការងារទាំងពួង បើសិនជាមេដឹកនាំទាំងអស់មានខន្ដី គឺសេចក្ដីអត់ធន់ ។ តើមេដឹកនាំត្រូវអត់ធន់នឹងអ្វីខ្លះ ? មេដឹកនាំត្រូវអត់ធន់នឹងសេចក្ដីលំបាក សេចក្ដីវេទនា ការឈឺចាប់ទាំងពួង ការិះគន់ ការមើលងាយ មិនលើកទឹកចិត្ដ។ល ។ មេដឹកនាំត្រូវអត់ធន់នឹងតណ្ហា ឬមហិច្ឆតាផ្ទាល់ខ្លួនដែលគាបសង្កត់ជម្រុញឲ្យប្រព្រឹត្ដិអំពើមិន ត្រឹមត្រូវ (ទុច្ចរិត) ។ មេដឹកនាំមិនធ្វើតាមតែអារម្មណ៍ ឬចិត្ដរបស់ខ្លួននោះឡើយ ។ មេដឹកនាំត្រូវអត់ធន់ ដុសខាត់ភាពល្ងង់ខ្លៅរបស់ខ្លួន និងភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ ឬអ្នកក្រោមបង្គាប់ ។ មេដឹកនាំត្រូវអត់ធន់ចំពោះការងាររបស់ខ្លួន ពាក្យណែនាំ ឬការប្រឹក្សាពីអ្នកផងទាំងពួង មិនថា អ្នកក្រោមបង្គាប់ ឬជាគ្រូអាចារ្យឡើយ ។ មេដឹកនាំត្រូវអត់ធន់ចំពោះការត្មេះតេះដៀល ការប្រឆាំងពីសង្គម និងចំពោះពេលវេលាដែលធ្វើការងារមិចបានសម្រេច ។ ចំណុចពិសេសមួយទៀត មេដឹកនាំត្រូវមានអំណត់ចំពោះការស្ដាប់ ការជឿ ។ មិនត្រូវជឿងាយ ខឹងងាយ ផ្ដេសផ្ដាស (ត្រចៀកស)ឡើយ ។ឮមួយរយដង មិនស្មើនិងឃើញម្ដង ការឃើញមួយរយដង មិនស្មើបានប៉ះម្ដង ទោះជាមានហេតុផលក៏ដោយ ក៏មិនត្រូវដាក់ចិត្ដជឿភ្លាមទេ ។ មេដឹកនាំត្រូវចុះមើលស្ថានការណ៍ពិតជាក់ស្ដែងដោយខ្លួនឯង និងបង្កើតទម្លាប់នេះដល់អ្នកក្រោមបង្គាប់ ។ តោងគោរពប្រណិបតន៍តាមព្រះពុទ្ធបរមគ្រូនៃយើង ដែលអត់ធន់ស្វែងរកមាគ៌ាប្រោសសត្វលោករហូតបានសម្រេចព្រះ និញ្វន្ដ ។
អវិរោធនៈ (Avirodhana = uprightness)
កែប្រែអវិរោធនៈ គឺការមិនធ្វើខុស មេដឹកនាំត្រូវធ្វើឲ្យបានត្រឹមត្រូវជានិច្ច ទាំងការគិតត្រូវ ការយល់ត្រូវ ការនិយាយត្រូវ ការធ្វើត្រូវ ការព្យាយាមត្រូវ ការភ្ញាក់រលឹកត្រូវ ការតម្កល់ចិត្ដត្រូវ និងការចិញ្ចឹមជីវិតត្រូវ ។ តែមិនត្រូវរួញរាដល់មិនហ៊ានធ្វើអ្វីសោះ ព្រោះខ្លាចខុសនោះឡើយ ក្នុងភាពជាអ្នកដឹកនាំត្រូវហ៊ានប្រថុយ ហ៊ានអារកាត់នៅក្នុងកាលៈទេសៈចាំបាច់ ។ ប៉ុន្ដែការហ៊ានប្រថុយ ត្រូវផ្អែកលើផលប្រយោជន៍ជាតិ និងជនរួមជាតិជាធំ ផ្អែកលើកលយុទ្ធសាស្ដ្រត្រឹមត្រូវស្ថានការណ៍ជុំវិញខ្លួន ពេលវេលា និងលទ្ធភាពហុចឲ្យ ។ មិនត្រូវប្រថុយដោយគ្មានគ្រឹះ គ្មានការត្រេះរិះពិចារណាឡើយ ។ មេដឹកនាំមិនត្រូវប្រកាន់នូវគុណធម៌ងាប់ស្ដូក គ្មានភាពបត់បែន តាមតម្រូវការសម្រាប់អ្នកដឹកនាំនោះឡើយ ត្រូវចេះវិភាគរកអ្វីល្អ អ្វីអាក្រក់ អ្វីគ្រោះថ្នាក់ដល់សង្គមជាតិ ពោលគឺត្រូវហ៊ានធ្វើការអាកាត់ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិជាធំ ។
ការដែលធ្វើគំរោងផែនការមិនខុស មេដឹកនាំមុននឹងធ្វើផែនការ ត្រូវតែស្គាល់ស្ថានការណ៍ឲ្យច្បាស់ សិក្សាយកពត៌មានឲ្យបានជាក់លាក់ ។ មេដឹកនាំត្រូវចម្រាញ់ព័ត៌មានដែលទទួលបាន រហូតទាល់តែព័ត៌មាននោះល្អិតល្អន់ល្អ ទើបយកព័ត៌មាននោះ មកធ្វើផែនការ ដើម្បីប្រៀបធៀបជាមួយគូរប្រកួតប្រជែងរបស់ខ្លួន ដោយដឹងជាមុនថា គំរោងផែនការនោះពិតជាឈ្នះ ឬគំរោងផែនការនោះចាញ់ ។ មេដឹកនាំត្រូវដឹងពីខ្លួនឯង និងសត្រូវ ទាំងចំនួនកម្លាំង សមត្ថភាព ស្មារតី ធនធាន បច្ចេកវិទ្យា សម្ភារៈស្ថានការណ៍ និងបរិដ្ឋានជុំវិញខ្លួន ។ល។ បើសិនមានខ្វះចន្លោះ ត្រូវកែតម្រូវ និងបំពេញបន្ថែមឲ្យបានត្រឹមត្រូវ មុននឹងដាក់ឲ្យគេអនុវត្ដ ។ ការមិនធ្វើខុសដោយសម្ដី ដោយចិត្ដ ដោយកាយវិការ ដោយការងារចំពោះខ្លួនឯង អ្នកក្រោមបង្គាប់ សហការី ការងារ ប្រជាពលរដ្ឋ ច្បាប់ តួនាទី ទំនៀមទំលាប់ វប្បធម៌ និងប្រពៃណីជាតិនេះហើយ ជាលក្ខណៈមេដឹកនាំល្អ ។ «អ្នកដឹកនាំមិន គាំទ្រ មិនសមគំនិតនឹងអ្នកធ្វើខុសឡើយ ។ ពេលធ្វើខុស អ្នកដឹកនាំត្រូវហ៊ានទទួលខុស មិនលំអៀង ព្រោះ អគតិ៤យ៉ាង គឺការស្រឡាញ់ ស្អប់ ច្រណែន ឈ្នានីស» ៕
ឯកសារយោង
កែប្រែ- គម្ពីរវិសុទ្ធិមគ្គ (Visuddhimagga, The Path of Purification) ដោយពុទ្ធឃោសាចារ្យ (Buddhaghoṣa) (សតវត្សរ៍ទី ១ គ្រិស្តសករាជ) (5th century CE).
- ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សៀវភៅលេខ ៦១ ទំព័រ ១២៨ កថាខណ្ឌ ២៤០ ។
- Forest Wisdom. (2007, August 12). Buddhism by number : ten duties of the king.
- Jon Wetlesen, Did Santideva Destroy the Bodhisattva Path? Jnl Buddhist Ethics, Vol. 9, 2002 (accessed March 2010)
- Bodhi, Bhikkhu. 'Abhidhammattha Sangaha: A Comprehensive Manual of Abhidhamma. BPS Pariyatti Editions, 2000, p. 89.
- AN 4.125, Metta Sutta. See note 2 on the different kinds of Brahmas mentioned.
- Swami Jnāneshvara Bhārati. "Commentary on the Yoga Sutras". Swami Jnāneshvara Bhārati. Retrieved 2009-07-31.
- Karel Werner, The Yogi and the Mystic. Routledge 1994, page 27.
- Barbara Stoler Miller, Yoga: Discipline of Freedom: the Yoga Sutra Attributed to Patanjali; a Translation of the Text, with Commentary, Introduction, and Glossary of Keywords. University of California Press, 1996, page 9.
- Thanissaro Bhikkhu.
- Rhys Davids & Stede, 1921-25, Pali-English Dictionary, Pali Text Society.
- Peter Harvey, "An Introduction to Buddhist Ethics." Cambridge University Press, 2000, page 104.
- W.E. Soothill and Lewis Hodous, 1937, A Dictionary of Chinese Buddhist Terms.
- Buddhist Studies for Secondary Students, Unit 6: The Four Immeasurables
- http://www.accesstoinsight.org/lib/authors/piyadassi/wheel001.html
- A View on Buddhism, THE FOUR IMMEASURABLES: Love, Compassion, Joy and Equanimity
- Allen, Kim. "Beautifying the Mind: Benevolence". http://www.audiodharma.org/. Retrieved 16 January 2014.
- Fronsdal, Gil. "The Issue at Hand". theinsightmeditioncenter.com. Retrieved 16 January 2014.
- Majjhimanikaya, tr. by Kurt Schmidt, Kristkeitz, Berlin, 1978, p.261, tr. by Tony Page.
- AN 4.125, AN 4.126
- AN 4.125: Metta Sutta: Loving-kindness, Ñanamoli's translation (accessed March 2010)
- Berzin, Alexander (2005). The Four Immeasurable Attitudes in Hinayana, Mahayana, and Bon. Berzin Archives. (accessed: Monday March 1, 2010)
- "For students of Tibetan culture in general, the mDzod phug is one of the most intriguing of all Bon scriptures, since it is the only lengthy bilingual work in Zhang-zhung and Tibetan. (Some of the shorter but still significant sources for Zhang-zhung are signalled in Orofino 1990.)" Martin, Dan (n.d.). Comparing Treasuries: Mental states and other mdzod phug lists and passages with parallels in Abhidharma works of Vasubandhu and Asanga, or in Prajnaparamita Sutras: A progress report. University of Jerusalem. (accessed: Monday March 1, 2010)