ជ័យជេដ្ឋាទី២
ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅឆ្នាំ១៦១៨ ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី។ ព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទស្រីសុរិយោពណ៌។ ព្រះអនុជត្រូវបានតែងតាំងជាមហាឧបរាជហើយទទួលព្រះនាមថា ឧទ័យបរមរាជា។ ឯព្រះបិតាលោកគ្រង់នៅជាឧភយោរាជ ប៉ុន្តែនៅឆ្នាំក្រោយព្រះអង្គបានសោយទីវង្គតទៅក្នុងព្រះជន្ម៦៤ព្រះវស្សានៅព្រះរាជវាំងល្វាឯម។ ព្រះបាទជ័យជេដ្ឋាទី២បានបោះបង់ទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរមកប្រើជំនួសវិញ ហើយដើម្បីបង្ហាញឱ្យសៀមឃើញថាព្រះអង្គមិនទទួលស្គាល់នូវអំណាចសៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏បានលើរាជធានីពីល្វាឯមទៅតាំងនៅក្រុងឧដុង្គនៅឆ្នាំ១៦២០។ នៅឆ្នាំ១៦២៣ ព្រះអង្គបានបញ្ជឱ្យសាងព្រះចេតីយ៍ធំឈ្មោះថា ចេតីយ៍ត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យ ដើប្បីតម្កល់ព្រះអដ្ខិធាតុព្រះបិតា[១]។
ព្រះបាទជ័យជេដ្ឋាទី២ | |
---|---|
រជ្ជកាល | ១៦១៨-១៦២៨ |
រាជ្យមុន | ព្រះបាទស្រីសុរិយោពណ៌ |
រាជ្យបន្ត | ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសម្ភារ ពញាតូ |
សាសនា | ព្រះពុទ្ធសាសនា និង ក្រុងឧដុង្គ |
ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទ ជ័យជេដ្ឋាទី២ ទ្រង់បញ្ញតិឲ្យបណ្ដាមុខមន្ដ្រីធំតូច និងបណ្ដានាយមហាតលិក នាយពល និងទូលឆ្លើយឲ្យថា សម្ដេចព្រះនារាយណ៍នរនាថ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីស្ដេចវៀតណាមឲ្យឡើងជាអគ្គមហេសីហៅ សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី។
ក្នុងរជ្ជកាលព្រះអង្គ មានការផ្ទៀងផ្ទាត់រៀបរៀងព្រះរាជក្រិត្យ ២៤ក្រម មានក្រម សុភាធិបតី ក្រម ទសភរិយា ក្រម ចែកពល ក្រម ឧទេន ក្រម សុរងសង្ឃ ក្រម ពលទេព ក្រមសួស្ដី។ល។
ទំនាក់ទំនងជាមួយសៀមកែប្រែ
ដោយព្រះបាទ ជ័យជេដ្ឋាទី២ ពុំព្រមទទួលស្គាល់អំណាចរបស់សៀមមកលើប្រទេសខ្មែរ ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅ គ.ស ១៦២២។ ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូណ៍) ព្រះអង្គនាំទ័ពតស៊ូប្រឆាំងនឹងកងទ័ពខ្មាំង។ សៀមបាក់ទ័ព ត្រូវខ្មែរចាប់បានជាឈ្លើយអស់ជាច្រើនហើយព្រះអង្គបានឲ្យហៅឈ្លើយទាំងនោះថា សៀមចុង្គាង។ នៅ គ.ស ១៦២៣ សៀមបានលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជាការរបស់ព្រះចៅ ស្រីធម្មរាជា។ លើកនេះ ទ័ពជើងទឹករបស់សៀមបានមកដល់ស្រុក ពាម ហើយបានទើបប្រយុទ្ធនឹងទ័ពរបស់ព្រះ ឧទ័យដែលចេញពីក្រុងឧដុង្គមានជ័យ។ សៀមចាញ់បាក់ទ័ពថយទៅវិញអស់ទៀត។ រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ថា ក្រោយមកព្រះចៅសៀមទ្រង់ចាត់ឲ្យបុត្រានាមព្រះជេដ្ឋា លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ ព្រះឧទ័យ ទ្រង់សុំចូលវាយស្រុកសៀមតែព្រះ ជ័យជេដ្ឋាទី២ ទ្រង់មិនអនុញ្ញាត។
ទំនាក់ទំនងជាមួយវៀតណាមកែប្រែ
សៀវភៅប្រវត្តិសាស្ត្រវៀតណាមបានបញ្ជាក់ថា ប្រទេសខ្មែរ(ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ ជាប្រទេសមួយសម្បូណ៌ទៅដោយផ្លូវទឹក ឯដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ ចំណែកឯនៅប្រទេស អាណ្ណាម ឯណោះប្រជារាស្ដ្រត្រូវប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែចម្ការពុំបានផ្ដល់ឲ្យគ្រប់គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា ម្ល៉ោះហើយមានជនជាតិវៀតណាមជាច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់ បារា និង ដូនណៃ ដើម្បីឆ្ការព្រៃយកដីធ្វើស្រែ។
នៅ គ ស ១៦២៣ គណៈបេសកម្មទូតវៀតណាមមួយត្រូវបានបញ្ជូនមកក្រុង ឧដុង្គ ក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុញ្ញាតឲ្យវៀតណាមបង្កើតគ្រឹះស្ថានជំនួញនៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ព្រៃគរ (ទីក្រុងព្រៃនគរ) ខេត្តកំពង់ក្របី ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។ ស្ថានការណ៍ក្នុងប្រទេសសម្ព័ន្ធមិត្តជាមួយក្រុងវេ ការយោគយល់ដល់អង្គមហេសីទាំងនេះហើយជាកត្តាជម្រុញឲ្យព្រះ ជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីស្នើសុំរបស់គេ។ ចំពោះរឿងនេះ អ្នកប្រវត្តិសាស្ដ្របរទេសខ្លះយល់ឃើញថា :”ជាការវាយដណ្ដើមយកមណ្ឌលពាណិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ”។ ចាប់តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្តពីព្រះចៅក្រុងវេ ផង ជនជាតិវៀតណាមបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលទៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធរខ្មែររក្សាសន្ដិសុខឲ្យមានប្រសិទ្ធិភាព ព្រះចៅក្រុង វេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់ឲ្យទៅឈរនៅតំបន់នោះទៀត។
ចំពោះការដែលវៀតណាមលើកគ្នាចូលរស់នៅទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតាខ្មែរខ្លះនិយាយថា ស្ដេចវៀតណាមបានចាត់ទូតវៀតណាមឲ្យមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ-កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។
គួរគប្បីជ្រាបថា ពួកវៀតណាមចំណូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែទៅរស់នៅត្រង់កន្លែងណាដែលមានជីជាតិល្អដូចជាច្រាំងទន្លេនិងស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្ដាលឲ្យជនជាតិខ្មែរសុខចិត្តលះបង់ចោលនូវទ្រព្យសម្បត្តិ មានស្រែចម្ការ ផ្ទះសម្បែង ស្រុក ភូមិ ដើម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេង ព្រោះពុំអាចរស់ជាមួយពួកចំណូលថ្មីដែលមានទំនៀមទម្លាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។នៅពេលដែលព្រះបាទ ជ័យជេដ្ឋា ទ្រង់សោយទីវង្គតទៅ នៅ គ ស ១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និងដូនណៃ (កំពង់ស្រកាត្រី) ទៅទល់និងអតីតរាជាណាចក្រ ចាម្ប៉ា មានសុទ្ធតែជនជាតិវៀតណាមនៅពាសពេញអស់ទៅហើយ៕
ព្រះរាជវង្សកែប្រែ
កាលដែលមិនទាន់សោយរាជ្យ ព្រះជន្មបាន២៦វស្សា ព្រះជ័យជេដ្ឋា មានបុត្រ :
- នាម ចៅពញ្ញាតូ ជាមួយ អ្នកម្នាងសុខ
- នាម ចៅពញ្ញានូ ជាមួយ អ្នកម្នាងទង។
លុះសោយរាជ្យបាន២ឆ្នាំ ព្រះអង្គមានបុត្រ:
- នាម ចៅពញ្ញាចន្ទ ជាមួយ អ្នកម្នាង លាវឈ្មោះ ប៊ុស
រាជពង្សាវតាខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀត :
- នាម ចន្ទវតី ជាមួយ អ្នកម្នាងនង
- នាម បុប្ផាវតី ជាមួយអគ្គមហេសីវៀតណាម(ចូវ)
ចំណែកឯព្រះ ឧទ័យបរមរាជា មហាឧបរាជ ព្រះអង្គទ្រង់បញ្ញតិឲ្យបណ្ដាលមុខមន្ដ្រីទូល និងឆ្លើយថា ព្រះ ភូធរនរនាថ។ ស្ដេចមានម្នាង ៣នាក់ ហើយមានបុត្រ ៤អង្គដូចតទៅ:
- អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន
- អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស
- អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងអិន។
ឯកសារយោងកែប្រែ
- ↑ សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២០០។