មន្ត្រីតេជៈជ័យ

ចៅពញាមន្ត្រីតេជៈជ័យ (១៤??-១៥១៩)(ចៅពញា ជាសក្ដិ, មន្ត្រីតេជៈ ជាងារ, ជ័យ ជាឈ្មោះ) លោកត្រូវជាក្មួយម៉ែបាន ម្ដាយព្រះស្ដេចកន ដំបូងលោកមានងារជា ហ្លួងជ័យ ក្រោយមកក៏ត្រូវបានឡើងជា ចៅពញាមន្ត្រីតេជៈ

មន្ត្រីតេជៈជ័យ
ចៅពញាមន្ត្រីតេជៈនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
១៥១៨–១៥១៩
ព្រះមហាក្សត្រស្រីជេដ្ឋា
ហ្លួងជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
១៥១២–១៥១៨
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ជ័យ
ស្លាប់១៥១៩

ប្រវត្តិ និង ការងារ

កែប្រែ

លុះ​មក​ដល់​ឆ្នាំខាល ​១២​ កើត ខែមិគសិរ ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ ក្រោយពីព្រះបាទចន្ទរាជាឈ្នះ​សង្គ្រាម​ក្នុង​គ្រានោះយក​បាន​ខេត្ត​ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង ​កំពង់សោមចៅ​មឿង​ដែល​ឡើង​ខេត្ត​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខេត្ត​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពញាពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខេត្ត​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដងមិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ។ ទើប​ទ្រង់​គិត​ឧបាយកល​រើស​សេនា​ទាហាន​ដែល​មាន​ទំនុកចិត្ដទុក​ព្រះ​ទ័យ​បាន​ ១០០ ​នាក់ ហើយ​ត្រាស់​បង្គាប់​ថា “ឲ្យ​ក្លែង​រត់​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា កាលបើ​ល្បង​ឲ្យ​ទុក​ព្រះ​ទ័យ​បាន​កាលណា​ហើយ​ឲ្យ​ទាហាន​ទាំងនោះ​នាំ​គ្នា​លុក ​សំលាប់​ឲ្យ​បាន បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​យើង​នឹង​ឲ្យ​អ្នក​ឡើង​យសស័ក្ដិ​ឲ្យទ្រព្យសម្បត្ដិ​ឲ្យ​ពេញចិត្ដ”។ សេនា​ទាំង ​១០០​នាក់​នោះ​ថ្វាយបង្គំ​សុំ​ទទួល​អាសា​ថា “ទូលព្រះបង្គំ​ទាំងឡាយ​នឹង​ធ្វើ​ឲ្យ​បាន​តាម​ព្រះរាជ​ហឫទ័យ” ។ ព្រះ​ស្រីជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​សេនា​ទាហាន​ព្រមព្រៀង​ហើយ​ទ្រង់​ ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​តាំង​ឲ្យ​ហ្លួង​ជ័យ​ជា​ក្មួយ​មេ​បាន (ម្ដាយ​ព្រះស្ដេច​កន) ឲ្យធ្វើ​ជា​ចៅពញា​មន្ដ្រី​តេជៈ (មេទ័ព) ឃុំ​ពល​ទាហាន​ទាំង​ ១០០ ​នាក់​នោះ​ឲ្យទៅ​ចាត់ការ​ឲ្យ​បាន​សំរេច។ លុះទៅ​ដល់​បន្ទាយ​ផែនដី​ទិស​ខាងលិច ទាហាន​ទាំង​ ១០១ ​នាក់​នោះ​ក៏​ចូល​ទៅ​រក​សេនាបតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយខ្លួន​ នៅ​ជា​ខ្ញុំ​រាជការ​ទ្រង់​ព្រះករុណា​ពិសេស។ លុះដល់​ខ្នើត ខែ​ពិសាខ ព.ស​ ២០៦៣, គ.ស​ ១៥១៩, ម.ស ​១៤៤១, ច.ស​ ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះ​ចន្ទរាជាជា​អម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​ស្រង់​ក្នុង​ទឹកស្ទឹង​ខេត្ត​បរិបូណ៌​នោះ ព្រមទាំង​សេនា​ទាហាន​ស្និទព្រះ​អង្គជា​ច្រើន​សុទ្ធតែ​ដៃទទេ​គ្មាន​ សាស្ត្រាវុធ​សោះ។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំងនោះ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​ចុះ​ងូតទឹក​គ្រប់​គ្នា។ មន្ដ្រី​សេនា​ទាហាន​ស្និទព្រះ​អង្គ​ទាំងអស់​ក៏​ផ្លាស់សំពត់​ងូតទឹក​តាម​ ព្រះរាជ​អធ្យាស្រ័យ។ ឯ​ពញា​មន្ដ្រី​តេជៈ និង​ទាហាន​ ១០០​ នាក់​ដែល​ព្រះ​ស្រីជេដ្ឋា​ប្រើ​ទៅ​នោះ ងូតទឹក​ទាំង​សំពត់​ស្លៀក ពុំ​ហ៊ាន​ផ្លាស់​ព្រោះ​ក្រែង​គេ​មើលឃើញ​កាំបិត​ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​ នោះ។ សម្ដេច​បរមបពិត្រ​ទ្រង់​យល់​ដូច្នេះ​ហើយ ទ្រង់​មានការ​សង្ស័យ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ក៏​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​អស់​គ្រប់​គ្នា។ ពួក​ក្បត់​ទាំង​ ១០១​ នាក់​នោះ​យល់​ថា មុខជា​ពុំ​រួចខ្លួន​ទេ​ក៏​ថោះ​ទឹកមុខ​គ្រប់ៗ​គ្នា។ ទ្រង់​យល់​ពិរុទ្ធ​ដូច្នោះ​ហើយ ហេតុតែ​បុណ្យ​បារមី ទ្រង់​រឹតតែ​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ទៅ​ប្រថាប់​ក្រោម​ម្លប់ឈើ​មួយ។ ទ្រង់​ចាប់​បាន​ព្រះស្ដែង​ដាវ​ទាំង​ស្រោម ឯ​ពួក​ក្បត់​ទាំងនោះ​គិត​ថា ការណ៍​ម្ដងនេះ​បើ​មិន​ធ្វើ​ឲ្យ​ហើយ​ទេ មុខជា​មិន​រួចខ្លួន​ឡើយ ទើប​ពួក​វា​ទាំងនោះ​ក្លែង​ថា សូម​ចូល​ទៅ​ក្រាបទូល​ត្បិត​ថា​វា​មាន​ការណ៍​ជា​សំងាត់​នឹង​ត្រូវ​ក្រាបទូល។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយកល ហើយ​ក៏​កាន់​ព្រះរាជ​អាវុធ​ជាប់​នឹង​ព្រះ​ហត្ថា ហើយ​ព្រះ​អង្គ​ក៏​ក្លា​នូវគុណ​អាវុធ​ផង។ លុះ​ពួក​ក្បត់​ហូត​កាំបិត​ចូល​មក​ប្រហារ​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ ដោយ​កាប់​ត្រូវ​អា​មន្ដ្រី​តេជៈ​ជា​មុនគេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​អា​ក្បត់​ ១០០​ នាក់​ទៀត។ ឯ​អស់​ខ្ញុំ​រាជការ​ដែល​តាម​ហែ​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះ​ចូលចាប់​ដោយ​ដៃទទេ តែ​ត្រូវ​ពួក​អា​ក្បត់​ចាក់​ត្រូវ​ស្លាប់ និង​ពិការ​ជា​ច្រើន។ ខ្ញុំ​រាជការ​ខ្លះ​ទៀត​ស្ទុះ​ទៅ​ដក​បាន​បង្គោលរបង​ចូល​ត​នឹង​ពួក​អា​ក្បត់​ យ៉ាង​អង់អាច។ ពួក​អា​ក្បត់​ស្លាប់ និង​ចាប់​បាន​ ៣៥ ​នាក់ក្រៅពី​នោះ​រត់​រួច​ទាំងអស់ ឯ​ពួក​អា​ក្បត់​ដែល​ស្លាប់ និង​ត្រូវ​ចាប់​បាន​នោះ ទ្រង់​ត្រាស់​សុំ​ឲ្យ​កាត់​ក្បាល​ដោត​ជាបំរាម ហើយ​ស្ដេច​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព។

ឯកសារយោង

កែប្រែ
  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ចៅពញាមន្ត្រីតេជៈជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
១៥១៨-១៥១៩
តដោយ
មិនដឹង
មុនដោយ
មិនស្គាល់
ហ្លួងជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
១៥១២-១៥១៨
តដោយ
មិនដឹង