ស្រឡប់ដូនតីពិជ័យព្រៃនគរ

អាណាចក្រទិសខាងកើត រឺ​ ស្រឡប់ដូនតីពិជ័យព្រៃនគរ (គ.ស ១៥១៤-១៥២៩) និង ស្រីសន្ធរ (គ.ស ១៥១២-១៥១៤ ) គឺជាអាណាចក្រទិសខាងកើតរបស់ព្រះស្រីជេដ្ឋាទី២ក្រោយពី​វាយ​បំបែក​ទ័ព​ទាំង​២ ​កង​របស់​ព្រះរាជា​រួច​ហើយ ហើយ​ចៅពញា​យស​រាជា​គេច​ខ្លួន​បាត់​ទៅនៅជាមួយព្រះបិតុលាចន្ទរាជានៅក្រុងទេពមហានគរ។ ស្ដេច​កន​គិត​ថា មាន​តែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជា​ម្ចាស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រលប់​មក​នៅ​ឯ​ស្រីសន្ធរ​វិញ។ ស្ដេច​កន​បាន​ចាត់​ឱ្យ​ចៅហ៊្វាកៅជា​ឪពុកមា ចេញ​បង្ក្រាប​អាណា​ខែត្រ​ដែល​មិន​ទាល់​ទទួល​ស្គាល់​អំណាច​របស់​ខ្លួន ថ្វីបើ​មាន​ខ្លះ​មិន​ប្រឆាំង​នឹង​ខ្លួន​ក៏​ដោយ។ មិន​យូរ​ប៉ុន្មាន​បណ្ដា​អាណា​ខែត្រ​ទាំងអស់​ទូ​ទាំង​ប្រទេស​មាន​ចៅហ្វាយ និង​នាម៉ឺន​ត្រួតត្រា​ដែល​តែង​តាំង​ដោយ​ស្ដេច​កន។ ប៉ុន្ដែ​ស្ដេច​កន​គ្មាន​ព្រះខ័នរាជ្យ​ដែល​ជា​និមិត្ដសញ្ញា​រាជា​និយម​ទេ ក៏​បាន​ផ្សព្វផ្សាយ​ថា​នឹង​ឱ្យ​រង្វាន់​ជា​មាស​ ៥០០ ​តម្លឹង (ប្រហែល​១៨​គីឡូ​ក្រាម) ដល់​ជន​ណា​ដែល​រក​ព្រះខ័នរាជ្យ​ឃើញ​យក​មក​ប្រគល់​ឱ្យ​ខ្លួន។ ស្ដេច​កន​ក៏​បាន​ឱ្យ​គេ​ធ្វើ​ព្រះខ័នរាជ្យ​មួយ​ទៀត​ដែល​ខ្លួន​កាន់​នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​មុខ​សាធារណជន។

ដោយប្រើប្រាស់​ព្រះខ័នរាជ្យ​ក្លែងក្លាយ​នេះ ស្ដេច​កន​បាន​ចាត់​ឱ្យ​គេ​រៀបចំ​អភិសេក​ខ្លួន​ជា​ព្រះរាជា​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ព្រះ​នាម​ថា​ «សម្ដេចព្រះ​ស្រីជេដ្ឋា​ធិរាជ​រាមាធិបតី» ជា​ព្រះរាជា​សោយរាជ​សម្បត្ដិ​នៅ​ក្រុងស្រីសន្ធរ​បវរ​បាសាន្ត

ស្ដេច​កន​បាន​លើក​ឪពុកមា​ឈ្មោះ កៅ ជាប្អូន​របស់​ម្ដាយឱ្យ​ឡើង​ជាទី​ចៅហ៊្វាគឺ​រដ្ឋមន្ដ្រី​ទី​១ ត្រួតត្រា​លើ​សមាជិក​រាជវង្ស​ និង​ពល​ព្រះស្រី​រតនត្រៃ​ទាំងអស់។​ អនុលោម​ទៅ​តាមទំលាប់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ ស្ដេច​កន​បាន​លើក​លែង​ឱ្យ​ប្រជានុរាស្ដ្រ​ទាំងអស់​រួច​ពន្ធ​ចំនួន​១​ឆ្នាំ​នៅ​ក្នុង​ឱកាស​អភិសេក​ខ្លួន​នេះ ហើយ​រាជពង្សាវតារ​និយាយ​ថា​ប្រជារាស្ដ្រ​ពេល​នោះ​បាន​សុខ​សប្បាយ​ខ្លាំង​ណាស់។

បន្ទាប់​មក ស្ដេច​កន​បានសំរេច​ចិត្ដ​ផ្លាស់​រាជធានី​ឱ្យ​រាជាណាចក្រ​ដែល​ខ្លួន​ដណ្ដើមបាន​ដោយ​ជ្រើស​រើស​កន្លែង​មួយ​ស្ថិត​នៅ​លើ​ព្រំប្រទល់​ខែត្រ​ត្បូងឃ្មុំ​ និងបាភ្នំ​ ត្រង់​កន្លែង​មួយ​មាន​ឈ្មោះ​ថា «ស្រឡប់» ​ហើយ​មក​គង់នៅ​ចាប់ពី​ឆ្នាំ​១៥១៤ ​រហូត​មក។ គេ​ត្រូវ​ប្រើ​ពេល​អស់​ ២​ ឆ្នាំ​ដើម្បី​សាងសង់​រាជវាំង កំពែងរាជធានី ប៉មសំរាប់​ការពារ​ដំណាក់​រាជមន្ទីរ​ និង​ត្រឡែងកែង​រោង​របាំ​សួនច្បារ ។​ ហើយ​ដោយ​រាជធានី​ខ្វះខាត​ទឹក​ ស្ដេច​កន​បាន​ចាត់​ឧកញ៉ា​វៀងវាំងលំពាង​ និង​ស្នល់​ ឱ្យ​ជីក​ស្រះ​ទឹក​ធំ​មួយ​រាង​ការ៉េ​ហើយ​ជ្រុង​មួយៗ​មាន​ឈ្មោះ​តាម​អ្នក​ទាំង​បួន។ ស្រះ​ទឹក​នេះ​នៅ​មាន​រហូត​ដល់​សព្វថ្ងៃ។ និយាយ​អំពី​រាជធានី​ថ្មី គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «ក្រុង​ស្រឡប់​ព្រៃនគរ​បុរៈ​រាជធានី»។ បី​ឆ្នាំ​ក្រោយ​មក រាជធានី​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន​រាជធានី​មុន ​២​ដង ហើយ​មាន​ជនបរទេស​ចេញ​ចូល​ជា​ច្រើន។ ព្រះរាជា​ណាចក្រ​មាន​សុខ​សន្ដិភាព​ដូច​ពី​មុន​ឡើង​វិញ ហើយ​ប្រជានុរាស្ដ្រ​បាន​សុខ​សំបូរ​សប្បាយ​ក្រោម​រាជ្យ​ស្ដេច​កន​នេះ​ជាង​ស្ដេច​មុនៗ​ទាំងអស់។

ស្ដេចកនជា​ព្រះរាជា​កម្ពុជា​មុន​គេ​ដែល​បាន​ចាត់​ឱ្យ​បោះពុម្ព​ប្រាក់​សំរាប់​ចាយ​វាយជា​ប្រាក់​ស្លឹង​ធ្វើ​ពី​មាស​មាន​រូប​នាគ​ម្ខាង។

រាជធានីត្រូវបានគេវាយបែកខ្ចាត់ខ្ចាយនៅឆ្នាំគ.ស ១៥២៩។ ព្រះស្ដេចកន និងព្រះម្នាងត្រូវបានគេចាប់បានកាត់ក្បាលបញ្ជូនតាមជាលទៅឱ្យ សម្ដេចចៅពញាយសរាជា ព្រះភាគិនេយ្យោ ព្រះចន្ទរាជា និងព្រះស្រីជេដ្ឋាទី២

ទីតាំង និង ការស្រាវជ្រាវ

កែប្រែ

«ក្រុងស្រឡប់ព្រៃនគរ​បុរៈ​រាជធានី​ស្ថិត​នៅ​ទិស​ខាងកើត និង ​មាន​ចំងាយ​ប្រមាណ​ជា​ ២២ ​គីឡូម៉ែត្រ​ពី​លំនៅស្ថាន​ចៅហ្វាយ​ខែត្រ​ព្រៃវែងនៅ​លើ​ខ្ពង់រាប​ខ្ពស់​មួយ។»

  • ដំណាក់កាល​ទី​១: យើង ​សំអាង​ និង​មាន​ជំនឿ​ទៅ​លើ​ការ​កត់ត្រា​របស់​លោក អាឌេម៉ារ ឡឺក្លែរ ដោយ​បាន​ទៅ​សិក្សា​ធ្វើការ​ស៊ើបអង្កេត​នៅ​លើ​ទឹកដី​ខែត្រ​ព្រៃវែង​អស់​រយៈ​ ពេល​យូរ​ជាច្រើន​ដង យើង​នៅ​តែ​រក​មិន​ឃើញ​តាម​ឯកសារ​ខាងលើ ។
  • ដំណាក់កាល​ទី​២: យើង​ប្រមូល​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ជាពិសេស ពង្សាវតារ​គណៈកម្មការ​សម្ដេច​វាំងជួន ពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខែត្រ​កណ្ដាល ឯកសារ​មហាបុរស​ខ្មែរ​ដែល​រៀបរៀង​ដោយ​លោកអេង-សុត និង ​ឯកសារ​បរទេស​មួយ​ចំនួន ជា​ពិសេស ស្នាដៃ​និពន្ធ​របស់​លោកអាដេម៉ាដ៍​​​ ឡឺក្លែរ ដើម្បី​យក​មក​សិក្សា​ពិនិត្យ​ប្រៀបធៀប​មួយ​ម្ដងៗ រក​អ្វី​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​អាច​បង្ហាញ​ប្រាប់​អំពី​ទីតាំង​ភូមិសាស្ត្រ​ពិត​ប្រាកដ​នៃ​ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​របស់​ ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩។
  • ដំណាក់កាល​ទី​៣: យើង ​ស្រង់​យក​ឈ្មោះ​មនុស្ស និង​ភូមិសាស្ត្រ​ដែល​មាន​ទាំង​ប៉ុន្មាន​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មក​ ជ្រើស​រើស ហើយ​យក​ទៅ​ផ្ទៀងផ្ទាត់​ប្រៀប​ផ្ទឹម​ជាមួយ​ឈ្មោះ ខែត្រ ស្រុក ឃុំ ភូមិ និង​ទីតាំង​ផ្សេងៗ​ដែល​មាន​នៅ​លើ​ផែនទី​ខេត្ត​កំពង់ចាម ជា​ពិសេស​ស្រុក​ត្បូងឃ្មុំ​តែ​ម្ដង។ ខណៈ​នោះហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ភូមិសាស្ត្រភូមិ​ស្រឡប់ ភូមិ​ដូនតី ភូមិ​ព្រៃនគរក្នុង ភូមិ​ព្រៃនគរក្រៅ និង​ឈ្មោះ​ទីតាំង​ផ្សេងៗ​ទៀត​នៅ​ជិត​គ្នា​នោះ​ដែល​មាន​លក្ខណៈ​សមស្រប​ឆ្លើយ​ឆ្លង​ស៊ីគ្នា។ មិន​តែ​ប៉ុណ្ណោះ រូបភាព​កំពែង​ដី​រាង​៤​ជ្រុង​លើ​ផែនទី​ដែល​លើក​ឡើង​ចំ​កណ្ដាល​ភូមិ​ទាំង​បី​ ខាងលើ​ជំរុញ​ឲ្យ​យើង​យល់​ដឹង និង​ដាក់​ជា​ទស្សនទាន​ថា កន្លែង​នេះ​ពិត​ជា​រាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន។
  • ដំណាក់កាល​ទី​៤: យើង​បាន​ចុះ​ទៅ​ដល់​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ឬ​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ធ្វើ​ការ​សាកសួរ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ស្រុក អ្នក​ភូមិ ព្រះសង្ឃ ស្វែង​រក​វត្ថុ​តឹកតាង និង​ភ័ស្តុតាង​ទាំងឡាយ​ណា​ដែល​អាច​យក​មក​ធ្វើ​ជា​គោល​សំរាប់សំគាល់ ទ្រង់ទ្រាយ​ព្រះរាជធានី។

បន្ទាយ​ព្រៃនគរ​ដែល​មាន​កំពែង​ដី​ក្រាស់​ខ្ពស់​រាង​៤​ជ្រុង​ដែល​យើង​បាន​ឃើញ​នៅ​ មុខ​ទ្វារ​មាន​ភិនភាគ​ដូច​បេះ​បិទ​នឹង​ការ​ពិពណ៌នា​ក្នុង​ឯកសារ​ ប្រវត្តិសាស្ត្រ​ខ្មែរ ។

នេះ​គឺ​ពិតជា​ព្រះរាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន (ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ) ដែល​យើង​បាន​រក​ឃើញ​នៅ​ចុង​ឆ្នាំ​២០០០។

ដើម្បី​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ គេ​ត្រូវ​បើកបរ​យក​ផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះ​ទៅ​ទីក្រុង​ខេត្ត​កំពង់ចាមឆ្លង​ទន្លេ​ធំ​ទៅ​ដល់​ទីប្រជុំ​ជន​សួងរួច​ហើយ​បន្ត​ទៅ​ភូមិ​ត្រពាំងខ្នា។ មក​ដល់​ភូមិ​ត្រពាំងខ្នា យើង​បត់​ទៅ​ស្នាំ ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​សំដៅ​ទៅ​ទិស​ខាងត្បូង។ ១០​ គីឡូម៉ែត្រ​ ក្រោយ​មកយើង​ទៅ​ដល់​ទីតាំង​មួយ​ដែល​មាន​កំពែង​ដី​ខ្ពស់​វែង ដេក​ស្តូកស្ដឹង​សណ្ដូក​ជើង​ពី​កើត​ទៅ​លិចបាំង​បិទ​ភ្ជិតភ្ជាប់​ជើងមេឃ ប្រមាណ ​៣០​ គីឡូម៉ែត្រ និង​កំពស់​ប្រហែល​ជា​ជាង ​៤ ​ម៉ែត្រ។ នៅ​ជិត​ជុំ​វិញ​រាជធានី​មាន​គូទឹក​ដែល​មាន​ទទឹង​ប្រហែល​ជា​១០០​ម៉ែត្រ ។ គូទឹក​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ទិស​ខាងកើត ខាងត្បូង និង​ខាងលិច ត្រូវ​គោក​រាក់​ដោយ​អន្លើ នេះ​គឺ​ដោយសារ​ដី​កំពែង​បាន​បាក់​ហូរ​ចាក់​ច្រោះ​អស់​រយៈពេល​ជាង ​៤០០ ​ឆ្នាំ​មក​ហើយ។

រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​មាន​ទ្វារ​ចេញចូល​ ១២ ដោយ​ជ្រុង​នីមួយៗ​នៃ​រាជធានី​មាន​ទ្វារ​ ៣ ដូច​ដែល​មាន​កំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មែន។ យើង​សូម​រំឭក​ថា​ទ្វារ​ទាំង​ ១២ ​មាន​ឈ្មោះ៖

ទ្វារ​ទិស​ខាងកើត (រាប់​ពី​ជើង​ទៅ​ត្បូង): ទ្វារ​ចក្រឯក ទ្វារ​នាង​ជីលែង និង​ ទ្វារ​អន្ទាក់។ ទ្វារ​ទិស​ខាងត្បូង (រាប់​ពី​កើត​ទៅ​លិច): ទ្វារ​រៀម ទ្វារ​ចចកខាំ និង ​ទ្វារ​ទំនប់តាដី។ ទ្វារ​ខាងលិច (រាប់​ពី​ត្បូង​ទៅ​ជើង): ទា្វរ​ចែនកែ ទ្វារ​ពោធិ៍ធំ និង​ ទ្វារ​ភ្លុក។ ទ្វារ​ខាងជើង (រាប់​ពី​លិច​ទៅ​កើត): ទ្វារ​មាស ទ្វារ​ប្រាជ្ញ និង ​ទ្វារ​ត្នោតកល្ប។ ក្នុង​ចំណោម​ច្រក​ទ្វារ​ទាំង​១២​មាន​តែ​៤​ ទេ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ មាន​ផ្លូវ​ចេញចូល​ទាក់​ទង​គ្នា​ គឺ​មាន​ទ្វារ​២​ផ្នែក​កំពែង​ខាងជើង (ខាងលិច និង​កណ្ដាល) មួយ​ផ្នែក​ខាងកើត​ទ្វារ​ចំកណ្ដាល និង​មួយ​ទៀត​ផ្នែក​ទ្វារ​កណ្ដាល​ដែល​ត​ភ្ជាប់​ទៅ​ឃុំ​ដូនតី ចំណែក​ឯ​ទ្វារ​ប៉ែក​ខាងត្បូង គេ​ពុំ​បាន​ប្រើប្រាស់ ឬ​មាន​ផ្លូវ​ត​ភ្ជាប់​ឡើយ ។ កន្លែង​ដែល​យើង​ទៅ​ដល់ ដោយ​ចូល​តាម​ភូមិ​ត្រពាំងខ្នា ស្ថិត​នៅ​ចំ​ទ្វារ​ទិស​ខាងជើង​នៃ​រាជធានី ។ ទ្វារ​នេះ​ឈ្មោះ​ ទ្វារមាស ។ កាលណា​យើង​ចូល​ទៅ​ក្នុង​បន្ទាយ​តាម​ផ្លូវ​ទ្វារមាស យើង​ឃើញ​ស្រះ ឬ​ត្រពាំង​មួយ​នៅ​ឆ្វេង​ដៃ។ ស្រះ​នេះ​មាន​ទទឹង​ប្រហែល​ជា​ ៥០​ ម៉ែត្រ និង​បណ្ដោយ​ប្រហែល​ជា​១០០​ម៉ែត្រ ។ ស្រះ​នោះ​ឈ្មោះ បឹងប្រាក់ ។ គេមាន​ជំនឿ​ថា ដើមឡើយ​ស្រះ​នេះ​ជា​កន្លែង​ស័ក្តិសិទ្ធិ​ដែល​គេ​តែង​តែ​មក​សុំ​ខ្ចី​ចានឆ្នាំង​ និង​របស់​របរ​ផ្សេងទៀតសំរាប់​យក​ទៅ​រៀប​ចំ​ពិធីបុណ្យ។ ជារៀងរាល់​លើកអ្នក​សច្ចំ អ្នកត្រង់​បារមី​អ្នក​ល្ងិត​នៅ​ទីនោះ​តែង​តែ​ឲ្យ​ខ្ចី​ជានិច្ចកាល។ គេ​ដំណាល​ទៀត​ថា ជារៀងរាល់​ថ្ងៃសីល​នៅ​ទី​នោះ គេ​មាន​ឮ​សូរ​សំឡេង​ភ្លេង​ពិណពាទ្យ​ប្រគំ​រងំ​ជា​ប្រចាំ។ ស្រះ​នេះ​អាច​ជា​ស្រះ​ដែល​ព្រះស្ដេច​កន​បាន​ធ្លាប់​ត្រាស់​បង្គាប់​ឲ្យ​មន្ត្រី​ចតុស្ដម្ភ​នាំ​គ្នា​ជីក​សំរាប់ជា​ប្រយោជន៍​ដល់​ប្រជានុរាស្ត្រ។ ក្រៅ​អំពី​នេះ នៅ​ហូរហែ​ជាប់​នោះ​ដែរ គេ​កត់​សំគាល់ឃើញ​មាន ត្រពាំង​ដូនទាវ ត្រពាំង​ភ្ញារ ត្រពាំង​កូនដំរី ត្រពាំង​ស្នង ត្រពាំង​តាងឹន


យើង​បន្ត​ដំណើរ​ពី​បឹងប្រាក់​ទៅ​មុខ​បាន​ប្រមាណ​ជា​ ៣០​ ម៉ែត្រ​ ទៀត យើង​ទៅ​ដល់​ផ្លូវ​មួយ​ទាល់។ បន្ទាប់​មក​យើង​បត់​ឆ្វេង​តំរង់​ទៅ​ទិស​ខាងកើត លុះ​ឆ្ងាយ​បន្តិច​នៅ​ខាង​ត្បូង​ផ្លូវ ឬ​នៅ​ស្ដាំ​ដៃ យើង​នឹង​ឃើញ​វត្ត​ព្រៃនគរក្នុងឬ​ វត្ត​ប្រាសាទ ឬ​វត្ត​ខ្មៅ ដែល​មាន​សរសេរ​កំណត់​ទុក​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ។ វត្តនេះ​សាងសង់​នៅ​ចំកណ្ដាល​ព្រះរាជធានី​ព្រះស្ដេច​កន។ ក្នុង​ឆ្នាំ​២០០០​ វត្ត​ព្រៃនគរក្នុង​មាន​ព្រះសង្ឃ​ ៧ ​អង្គ​គង់ចាំ​ព្រះវស្សា។ ព្រះគ្រូ​ចៅអធិការ​ធ្លាប់​បាន​ទទួល​ស្គាល់​ដឹង​ឮ​ថាមាន​ព្រះអង្គ​ខ្មៅ​មែនតែ​ត្រូវ​ក្រុម​ចោរ​លួច​បាត់​ជាយូរ​មក​ហើយ។

វត្តប្រាសាទ ឬ​វត្ត​ព្រៃនគរក្នុង​មាន​បរិវេណ​ធំ​ស្អាត​ស្រឡះ​ល្អមាន​ព្រះវិហារ​ថ្មី​មួយ​ដែល​សាងសង់​នៅ​លើ​ខឿន​ព្រះវិហារ​ចាស់។ នៅ​ក្រោយ​ព្រះវិហារ​មាន​ប្រាសាទ​បុរាណ​ពីរ​សង់​ដោយ​ឥដ្ឋ បែរ​មុខ​ទៅ​ខាងកើតមាន​ខ្លោង​ទ្វារ ផ្ដែរ​ធ្វើ​អំពី​ថ្មភក់ និង​សសរពេជ្រសំរាប់លំអរចនា។ ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ផ្នែក​ខាងជើង គេ​កត់សំគាល់​ឃើញ​មាន​ប្រាសាទ​បុរាណ​មួយ​ទៀត​ធ្វើ​អំពី​ឥដ្ឋ​ដែល​បន្សល់​ ទុក​តែ​ខឿន​គ្រឹះ​ក្រោម​តែ​ប៉ុណ្ណោះ។ ជញ្ជាំង​ដំបូល​ត្រូវ​រលំ​​បាក់​បែក​អស់​ជា​យូរយារ​មក​ហើយ។ ប្រាសាទ​ឥដ្ឋ​ទាំង​បី យើង​សង្កេត​ឃើញ​មាន​លក្ខណៈ​ជា​ប្រាសាទ​សាងសង់​ទៅ​តាម​បែប​បទ​ព្រហ្មញ្ញ​ សាសនា​ដែល​មាន​រចនាបថ​ដូចជា​ប្រាសាទ​ឥដ្ឋ​ឯទៀត​នៅ​ភូមិ​ជើងអង្គ ស្រុកដំបែ ខេត្ត​កំពង់ចាម ឬ​នៅ​ប្រាសាទ​ធំ (ឬ​ប្រាសាទ​ក្រហម) ក្នុង​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ខេត្តព្រះវិហារ។ រចនាបថ​នេះ​ធ្វើ​ឲ្យ​យើង​ប៉ាន់ស្មាន​សន្និដ្ឋាន​ថា ប្រាសាទ​ឥដ្ឋ​ទាំងបី​នៅ​វត្ត​ព្រៃនគរក្នុង​ប្រហែល​សាងសង់​ក្នុង​សតវត្ស​ទី​ ១០‑១១ ។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​បី ប្រាសាទ​នៅ​ខាងត្បូង​គេ​បង្អស់​ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូច​ប្រាសាទ​ស្រី ត្រូវ​គេ​និយម​ហៅ​ថា ប្រាសាទ​ស្រីគ្រប់លក្ខណ៍។ នៅ​លើ​ជញ្ជាំង​ផ្នែក​ខាងជើង គេ​ឃើញ​មាន​ផ្ទាំង​ថ្ម​មួយ​វែង មាន​ទ្រង់ទ្រាយ​ឆ្លាក់​ជា​ចង្អូរ​ទឹក​ចេញ​មក​ក្រៅ។ រូបភាព​នេះ​ធ្វើ​ឲ្យ​យើង​សន្និដ្ឋាន​ថា ប្រាសាទ​ស្រីគ្រប់លក្ខណ៍​ជា​កន្លែងសំរាប់​ធ្វើ​សក្ការៈបូជា​សុំ​ទឹកមន្ត​មក​ស្រោច​ស្រព​សុំ​ជោគជ័យ​សេរីមង្គល។ ដូចនេះ​នៅ​ក្នុង​ប្រាសាទ​ត្រូវ​មាន​សិវលិង្គ​ដែល​គេ​ត្រូវ​ស្រោច​ទឹក​លើ ហើយ​បង្ហូរ​តាម​ទ ឬ​ចង្អូរ​ថ្ម​ខាងលើ។ ទឹកមន្ត​ហូរ​ធ្លាក់​មក​លើ​យោនី​ជាតំរង​រួច​ស្រេច​ហើយ ទើប​គេ​ដួស​យក​មក​មុជ​ស្រោច​ស្រព ឬ​ផឹក​ជា​ក្រោយ។ យោនីតំរង​នេះ​ពុំ​ឃើញ​នៅ​ក្រោម​ចង្អូរ​ថ្ម​នោះ​ទេ តែ​ត្រូវ​បាន​ព្រះសង្ឃ​លើក​យក​ទៅ​ដាក់​លំអ​នៅ​កាំជណ្ដើរ​សាលា​ឆាន់​វិញ។ នៅ​ខាង​មុខ​ព្រះវិហារ​ មាន​ស្រះ​មួយ​ធំ យើង​សន្និដ្ឋាន​បាន​ថា ជា​ស្រះ​ថ្មី​ដែល​គេ​ជីក​យក​ដី​ក្នុង​ពេល​ថ្មីៗ​សំរាប់​យក​ដី​មក​បំពេញ​ខឿនវិហារ។ ឆ្ងាយ​អំពី​នេះ​ទៅ​មុខ​ទិស​ខាងកើត ចំងាយ​ប្រមាណ​ជាង​២០០ ​ម៉ែត្រ យើង​ឃើញ​ប្រាសាទ​តូចៗ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន ​៧​ ដែល​បែក​បាក់​ខូច​ខាង​អស់​ជាច្រើន។ ប្រាសាទ​តូចៗ​ទាំង​នេះ​ប្រហែល​ជា​ចេតិយ​ដែល​គេ​សាងសង់​ក្នុង​សម័យ​រាជ្យ​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន។

នៅក្នុង​បរិវេណ​ក្នុង​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ដដែល​នៅ​ជ្រុង​ខាងជើង​ឆៀង​ ខាងកើត ចំងាយ​ប្រមាណ​ជា​ ២៥០​ ម៉ែត្រ​ពី​វត្ត​ប្រាសាទ ឬ​ព្រៃនគរក្នុង គេ​ឃើញ​នៅ​សេស​សល់​ស្នាម​គ្រឹះ​ប្រាសាទ​បី​ទៀត​ដែល​សង់​អំពី​ឥដ្ឋ ហើយ​ដែល​ត្រូវ​ពួក​ជន​ទុច្ចរិត​នាំ​គ្នា​មក​គាស់​បំផ្លិចបំផ្លាញ។ នៅ​ទីនោះ គេ​ឃើញ​ឥដ្ឋ​ប្រាសាទ​រាយ​ប៉ាយ​ពាស​ពេញ​គ្រប់​ទិសទី។ ឥដ្ឋ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​អ្នក​ភូមិ​ប្រមូល​រើស​យក​ទៅ​ប្រើការ ក្រាល​នៅ​តាម​ផ្ទះ​ភូមិដ្ឋាន​រៀងៗ​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ យើង​កត់សំគាល់​ឃើញ​មាន​អណ្ដូង​ទឹក​បុរាណ​មួយ ​នៅ​ខាងជើង​វត្ត​ក្នុង​ដី​ភូមិ​អ្នក​ស្រុក​ម្នាក់។ អណ្ដូង​នោះ​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ មាន​មាត់​ជាប់​ស្មើ​នឹង​ដី គ្មាន​លើក​ឲ្យ​ខ្ពស់​សម្រាប់​ការពារ​ឡើយ។ ឯ​ផ្នែក​ខាង​ក្នុង​អណ្ដូង​ចាស់​បុរាណ លោក​បាន​យក​ឥដ្ឋ​មក​រៀប​តម្រៀប​លើ​គ្នា​ដើម្បី​ទប់​ដី​កុំ​ឲ្យ​បាក់។ ទិដ្ឋភាព​ជាទូទៅ​ដែល​យើង​បាន​រៀបរាប់​មក​ពី​ខាងលើ អ្នកស្រុក អ្នកភូមិ​នៅ​ភូមិ​ព្រៃនគរក្នុង ព្រៃនគរក្រៅ ឃុំ​ដូនតី និង​ផ្សេងទៀត សុទ្ធតែ​បាន​ដឹង​បាន​ស្គាល់​ទាំងអស់​តែ​ពួកគាត់​មិន​បាន​ដឹង​អំពី​ប្រវត្តិ ជា​ពិសេស​ប្រវត្តិ​ព្រឹត្តិការណ៍​ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ព្រះមហាក្សត្រ​ ព្រះស្រីជេដ្ឋា​ឡើយ ។ ដូច្នេះ គេ​ពុំ​អាច​ស្វែង​រក​ព័ត៌មាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់​អំពី​ប្រវត្តិ​ភូមិ ប្រវត្តិ​រាជធានី ឬ​ប្រវត្តិ​ព្រះស្ដេច​កន​នោះ​ទេ។ នៅ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ សម្បត្តិ​វប្បធម៌​ដែល​យើង​អាច​កត់​សំគាល់​មាន​ជា​អាទិ៍ ប្រាសាទ​ដែល​សាង​សង់​ឡើង​ដោយ​ឥដ្ឋ។ ប្រាសាទ​ទាំង​នោះ​អាច​ចែក​ចេញ​ជា​ពីរ​ក្រុម​ខុសគ្នា៖ ប្រាសាទ​សម័យ​មុន​អង្គរ និង​ ប្រាសាទ ឬ​ចេតិយ​ក្រោយ​អង្គរ។

ប្រាសាទដែល​អាច​ចាត់​បញ្ចូល​ទៅ​ក្នុង​ជំពូក​ប្រាសាទ​ឥដ្ឋ​សម័យ​មុន​អង្គរ​មាន​ ប្រាសាទ​ទាំង​បី​ស្ថិត​នៅ​ក្រោយ​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង និង​ខឿន​ប្រាសាទ​ដែល​សេស​សល់​នៅ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត ផ្នែក​ខង​ក្នុង​អតីត​រាជធានី។

ប្រាសាទ​ដែល​យើង​អាច​លើក​យក​មក​សិក្សា​គឺ​មាន​ប្រាសាទ​តែ​ពីរ​ប៉ុណ្ណោះ​នៅ​រក្សា​ ទ្រង់ទ្រាយ​ចាស់​មាំ​ល្អ ។ ប្រាសាទ​ទាំង​ពីរ​មាន​រចនាបថ​ដូច​ប្រាសាទ​នៅ​សម្បូណ៌​ព្រៃគុក ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សម័យ​កាល​ក្រោយ​ទេ ​គឺ​ក្នុង​សម័យ​អង្គរ ហើយ​ប្រហែល​ជា​ក្នុង​សតវត្ស​ទី​១០‑១១ ។ មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ធ្វើ​ការ​សន្និដ្ឋាន​ដូចនេះ​គឺ​ដោយសារ៖ នៅក្នុង​តំបន់​ស្រុក​ត្បូងឃ្មុំ​ យើង​សង្កេត​ឃើញ​ក្នុង​ការ​សាង​សង់​ប្រាសាទ គេ​ធ្វើ​អំពី​ឥដ្ឋ គេ​មិន​សង់​ប្រាសាទ​តែ​មួយ​ទោល​ទេ គឺ​គេ​សង់​ម្ដង​ប្រាសាទ​បី​នៅ​ជាប់​គ្នា​លើ​ដី​រាប ហើយ​ប្រាសាទ​ដែល​ស្ថិត​នៅ​កណ្ដាល​ជា​ប្រាសាទ​ធំ​ល្អ ហើយ​សំខាន់​ជាង​គេ។ ប្រាសាទ​ដែល​សាង​សង់​មាន​លក្ខណៈ​បី​ជាប់​គ្នា​ដូច​នេះ យើង​ឃើញ​មាន​នៅ​វត្ត​ព្រៃនគរ​ក្នុង​ទួល​ព្រៃគីរ (ភូមិ​អណ្ដោត) ជើងអង្គ (ភូមិ​ជើងអង្គ) និង​ប្រាសាទ​ខ្លះ​ទៀត​ក្នុង​ក្រុម​ប្រាសាទ​កោះកេរ្តិ៍។ សិលាចារឹក​ប្រាសាទ​ជើងអង្គ (K​៩៩) ដែល​ចារ​នៅ​លើ​ខ្លោងទ្វារ​ខាង​ជើង និង​ខាងត្បូង​ប្រាសាទ​ធំ​កណ្ដាលបាន​បញ្ជាក់​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ការ​ត្រាស់​បង្គាប់​បញ្ជា​ពី​ ព្រះបាទ​ជយវម៌្មទី​៥ (គ.ស ៩២៨‑៩៤១)។ សិលា​ចារឹក K៩៩ មាន​ពីរ​ផ្ទាំង។ សិលា​ចារឹក​នេះ​មាន​ការ​ខូចខាត​ដោយ​អន្លើ តែ​អក្សរ​ចារ​នៅ​មាន​សភាព​ល្អ​ច្បាស់។ ផ្ទាំង​អក្សរ​លើ​ទ្វារ​ផ្នែក​ខាងត្បូង​មាន ​៣២ ​បន្ទាត់សរសេរ​ចារ​ជា​ភាសា​ខ្មែរ និង​១​បន្ទាត់​កន្លះ​ទៀតជា​ភាសា​សំស្ក្រឹត។ ផ្ទាំង​ទ្វារ​ផ្នែក​ខាងជើង​មាន ​២៧ ​បន្ទាត់​ចារ​ជា​អក្សរ​ខ្មែរ។ ប្រាសាទ​ជើងអង្គ​កសាង​ក្នុង​សតវត្ស​ទី​១០។ ប្រាសាទនៅ​វត្ត​ព្រៃនគរក្នុង​ពុំ​មាន​ទំហំ​ធំសំបើម​​មាន​ក្បាច់​រចនា​ឆ្លាក់​អស្ចារ្យ​ទេ​គឺ​ជា​ប្រាសាទ​តូច​ល្មម មាន​សសរ​ពេជ្រ ផ្ដែរ ធ្វើ​អំពី​ថ្មភក់រចនាបថ​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​ក្នុង​សម័យ​កាល​នោះ។ ជាទូទៅ​ប្រាសាទ​ក្នុង​រចនាបថ​នេះ មាន​រាង​បួន​ជ្រុង​ស្មើ ប្រហែល​ជា​ ៣ ​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ និង​មាន​កំពស់​ប្រហែល​ពី​ ៥ ​ទៅ​ ៦​ ម៉ែត្រ។ ក្នុង​រចនាបថ​នេះ ប្រាសាទ​មាន​ទ្វារ​ចូល​តែ​មួយ​គត់​នៅ​ទិស​ខាងកើត។ ចំណែក​នៅ​តាម​ជញ្ជាំង​ទាំងបី​ទៀត​ដែល​បែរ​ទៅ​រក​ទិស​ផ្សេងៗ គេ​ឃើញ​មាន​រចនា​ជា​ទ្វារ​បញ្ឆោត ។

ប្រាសាទទាំងនោះ​សុទ្ធ​តែ​មាន​ប្រាង្គ​ប្រាសាទ​ដែល​កសាង​ឡើងសំរាប់ឧទ្ទិស​ថ្វាយ​ទៅ​ដល់​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនាជាពិសេស​ថ្វាយ​ចំពោះ​ព្រះសិវៈ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​ចោទ​ជា​សំណួរ​គឺ៖ តើ​ហេតុ​អ្វី​នៅ​ភូមិ​អណ្ដោត ស្រុក​ត្បូងឃ្មុំ អ្នកស្រុក​ទាំង​ក្មេង​ទាំង​ចាស់​ហៅ​ប្រាសាទ​នៅ​ទួល​ព្រៃ​គគីរ (ព្រៃគីរ) ថា​ ចេតិយ​ព្រៃគីរ​ទៅ​វិញ? តើ​ប្រាសាទ​ដែល​សង់​ទាំង​ប៉ុន្មាន​នោះ ជា​ចេតិយ ឬ​ក៏​ជា​ប្រាសាទ​សំរាប់ប្រារព្ធ​ធ្វើ​សក្ការៈបូជា​ថ្វាយ​ចំពោះ​អាទិទេព? ពីព្រោះ​ក្នុង​បញ្ហា​នេះ អ្នក​ប្រាជ្ញ​បារាំងជា​ពិសេសលោកហ្សក-សឺដេសបាន​ចោទ​សួរ​ដែរ​ថា តើ​ប្រាសាទ​ខ្មែរ​ជា​កន្លែង​ធ្វើ​សក្ការៈបូជា​ថ្វាយ​ព្រះអាទិទេព ឬ​ជា​កន្លែង​កប់​សព​ព្រះមហាក្សត្រ​ខ្មែរ? ម្យ៉ាង​វិញ​ទៀត​អ្នក​ស្រាវជ្រាវ​បារាំងលុយណេ-ឌឺ-ឡាស្ហុងតីជែរ (Lunet de LAJONQUIERE) បាន​កត់​សំគាល់​ឈ្មោះ​ប្រាសាទ​ទាំង​បី​នេះ​ថា ព្រះធាតុធំ

ទស្សនៈនេះ និង​ភាព​ជាក់ស្ដែង​ដែល​យើង​បាន​ទៅ​សាកសួរ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ត្បូងឃ្មុំធ្វើ​ឲ្យ​យើង​ហ៊ាន​សន្និដ្ឋាន​ថាប្រាសាទ​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោយ​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង ជា​ចេតិយ​ដែល​គេ​យក​អដ្ឋិធាតុ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​អ្នក​ម្នាងស្នំឯក​ជីលែង​ទៅ​បញ្ចុះ​ទី​នោះ។ ពីព្រោះពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាលបាន​សរសេរ​កត់ត្រា​យ៉ាង​ច្បាស់​ថា ៖ សម្ដេច​ព្រះ​យសរាជាជា​កែវ​នាយក ព្រះអង្គ​យល់​ឃើញ​ហើយ​ឲ្យ​យក​ក្បាល​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ជាលែង​ធ្វើ​បុណ្យ​បូជា​ព្រះភ្លើងសាង​ព្រះចេតិយ​ដាក់​ក្នុង​វត្ត​ប្រាសាទ​ព្រៃនគរក្នុង​ដោយ​ហេតុ​ជាប់​សាច់​សាលោហិត​ខាង​ព្រះអង្គ ។ ម្យ៉ាងវិញ​ទៀត​ ក៏​ស័ក្តិសម​ដែរ​ដែល​ព្រះអដ្ឋិធាតុ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង ​អ្នក​ម្នាង​ជាលែង​ត្រូវ​បាន​យក​ទី​បញ្ចុះ​ក្នុង​ប្រាសាទ​នោះ​លើ​ខឿន​តែ​ មួយ​ជាមួយ​នឹង​ព្រះវិហារ ពីព្រោះ​ព្រះអង្គ​ជា​អ្នក​មាន​បុណ្យជា​ព្រះមហាក្សត្រ​មួយ​អង្គ​របស់​ប្រទេស​ខ្មែរ ទោះបីជា​ព្រះអង្គ​កើត​ចេញ​ពី​គ្រួសារ​អ្នក​ក្រីក្រជា​ពល​រតនត្រ័យ​ក៏​ដោយ។ ប្រហែល​ជា​ក្នុង​ន័យ​ដូច​នេះ​ហើយ ទើប​បាន​ជា​ខ្មែរ​អ្នកភូមិ​ព្រៃនគរក្នុង​បាន​ហៅ​ប្រាសាទ​ខាងត្បូង​ថា ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍ជា​រៀង​រហូត​មកពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដោយ​មិន​ដឹង​ខ្លួន​ថា​កំពុង​តែ​គោរព​បូជា​អ្នកម្នាង​ជីលែង​ដែល​គេ​ចាត់​ទុក​ជា​ស្រី​គ្រប់​លក្ខណ៍។ ឯកសារ​វត្ត​ទឹកវិល​បាន​បញ្ជាក់​អំពី​អព្ភូតហេតុ​ជាច្រើន​ដែល​ជាប់​ទាក់​ទង​នឹង​អ្នកម្នាង​ក្នុង​ពេល​រត់​ភៀស​ខ្លួន ក្រោយ​បែក​បន្ទាយ​ស្រឡប់​ដូនតី​ពីជ័យ​ព្រៃនគរ។ ចំណោទដដែល​ខាងលើ ក៏​ចោទ​ចំពោះ​ប្រាសាទ ឬ​ចេតិយ​ទាំង​ប្រាំពីរ​នៅ​ទិស​ខាងកើត​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង​ដែរ។ សំណង់​ទាំង​ប្រាំពីរ​ធ្វើ​អំពី​ឥដ្ឋ មាន​ទំហំ​តូច​ល្មម តំរៀប​ជាជួរ មាន​ទ្រង់​ទ្រាយ​ពុំ​ដូច​ជា​ប្រាសាទ​ឡើយ។ តែ​បើ​យើង​សង្កេត​ឲ្យ​បាន​ដិតដល់ យើង​ឃើញ​ថារចនាបថ​សំណង់​ទាំងនោះ​មាន​លំនាំ​ដូច​ជា​ចេតិយ​ជាង។ ម្យ៉ាង​វិញ​ទៀត ឥដ្ឋ​ដែល​យក​មក​ប្រើ​សំរាប់​សាង​សង់ ក៏​មាន​លក្ខណៈ​ធំ​ជាង​ឥដ្ឋ​សម័យ​អង្គរ​ដែរ។ ឯ​ក្បាច់​ចំលាក់​តាម​ទ្វារ សសរ ឬ​ផ្ដែរ​ក៏​គ្មាន​ដែរ។ ប៉ុន្តែ​នៅ​លើ​ទួល​នោះ យើង​សង្កេត​ឃើញ​មាន​សេស​សល់​នូវ​បំណែកតំរងលិង្គ​ព្រះសិវៈ​ធ្វើ​អំពី​ ថ្មភក់​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​គិត​ស្មាន​ថា កន្លែង​នោះ​ជា​ទីតាំង​ចាស់​របស់​ព្រហ្មញ្ញ​សាសនា​ដែល​គេ​ទៅ​សាង​សង់​ចេតិយ​ពី​លើ។ ដូច្នេះ​ហើយ​បាន​ជា​ហ៊ាន​សន្និដ្ឋាន​ថា សំណង់​ឥដ្ឋ​ទាំងនោះ​សង់​ក្រោយ​សម័យ​អង្គរ​ទៅ​តាម​លំនាំ​ចេតិយ និង​ផ្នែក​ព្រះពុទ្ធសាសនាកាលបរិច្ឆេទ​នៃ​ការ​សាង​សង់​នោះ​អាច​នៅ​ក្នុង​សម័យ​កាល​ព្រះស្ដេច​កន ឬ​ក្រោយ​នោះ​បន្តិច​បន្តួច។ ចេតិយទាំង​នោះ​ប្រហែល​ជា​ចេតិយ​របស់​ព្រះញាតិវង្ស​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ឬ​មន្ត្រី​មេទ័ព​ធំៗ​របស់​ព្រះអង្គ​ដែល​លោកលុយណេ-ឌឺ-ឡាស្ហុងតីជែរកត់ត្រា​ឈ្មោះ​ជា​ព្រះធាតុ​តូច។ រចនាបថចេតិយ​ទាំង​ប្រាំពីរ​មាន​លក្ខណៈ​ល្អ​ម្យ៉ាង​ហើយ តែ​ខុស​ប្លែក​ពី​រចនាបថ​ចេតិយ​ផ្សេង​ឯ​ទៀត​ដែល​យើង​ធ្លាប់​ឃើញ​ក្នុង​សម័យ​កាល​ក្រោយ​អង្គរ។ លក្ខណៈបុរាណភាព​របស់​អតីត​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​មិន​មែន​មាន​តែ​ ប្រាសាទ​ប៉ុណ្ណោះ​ទេ​ នៅ​ក្នុង​រាជធានី​នេះ​ក៏​មាន​សិលាចារឹក​សម័យ​មុន​អង្គរ​ដែរ​ដែល​គេ​ស្គាល់​ ក្រោម​លេខ​សារពើភណ្ឌ K​៩៨។ នៅ​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ លោក អេទីជែន អាយម៉ូនីញ៉េរ (Etienne AYMONIER) បាន​សរសេរ​ចុះ​ផ្សព្វផ្សាយ​ថា ក្នុង​ព្រះវិហារ​ថ្មី​នៅ​បន្ទាយ​ព្រៃនគរ​មាន​ថ្ម​ខ្មៅ​មួយ​ចិត​ដុស​ខាត់​ស្អាតដូចជា តុ​មាន​រាង​សំប៉ែត​៤​ជ្រុង​ស្មើ ពុំ​មាន​ប្រហោង​ចោះ​ទេ​ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​ ០,៤០​ មាត្រ និង​កំពស់​០,០៦​ មាត្រ។ នៅ​លើ​គែម​ថ្ម​នោះ​មាន​អក្សរ​សម័យ​មុន​អង្គរ ​៧ ​តួ​បាន​ចារ​នៅ​លើ​នោះ​យ៉ាង​ច្បាស់។

ក្រោយ​មកនៅ​ដើម​សតវត្ស​ទី​ ២០ ​ដដែល លោកលុយណេ-ឌឺ-ឡាស្ហុងគែជែរបាន​សរសេរ​បញ្ជាក់​ប្រាប់​ថា លោក​បាន​ទៅ​រក​មើល​ថ្ម​ខ្មៅ​នោះ តែ​លោក​រក​មិន​ឃើញ។ បច្ចុប្បន្ន អ្វី​ដែល​នៅ​សេស​សល់​ពី​សិលាចារឹក K​៩៨ ថ្ម​ខ្មៅ​នោះ​គឺ​មាន​តែ​ស្លាក​ស្នាម​ក្រដាស​ផ្ដាម​របស់​លោកអាយម៉ូនីញេរ ដែល​គេ​រក្សា​ទុក​នៅ​បណ្ណាល័យ​ជាតិ​នៃ​ប្រទេស​បារាំង ចុះ​លេខ K​២២៨។ សិលាចារឹក​នេះ​មាន​អក្សរ​ច្បាស់​ងាយ​ស្រួល​ក្នុង​ការ​អាន និង​យល់​ តែ​បញ្ហា​ដែល​ចោទ​គឺ​ស្ថិត​នៅ​លើ​ពាក្យ​ទី​៣ ដែល​មាន​រូប​រាង​ចំលែកមិន​អាច​អាន ឬ​យល់​បាន។ លោកសឺដេសបាន​កត់ត្រា​ក្នុង​ស្នាដៃ​របស់​លោក​ដូច​តទៅ​នេះ៖

“gui neh…….ndāna tā´n añ”

“Ceci est le…..de Tā´n añ”

“នេះ​គឺ​ជា…….របស់​តាង​អញ”

ដែល​យើង​អាច​សរសេរ​ជា​ភាសា​ខ្មែរ​បុរាណ ៖

“នេះ​គឺ……ន្ទាន តាង​អញ”

លោកសឺដេសបាន​សរសេរ​បញ្ជាក់​តួ​អក្សរ​ទី​៣​ មាន​រូប​រាង​ចំលែកគឺ​សំដៅ​ទៅ​លើ​តុ​ថ្ម​ខ្មៅ​នោះ​ដែល​ស្ត្រី​ម្នាក់​ជាតាង​អញមាន ឬ​បាន​ទទួល។ ទោះបីជា​សិលាចារឹក​ត្រូវ​បាត់​បង់ ហើយ​សល់​តែ​អក្សរ​ផ្ដាម​ដែល​គេ​រក្សា​ទុក​នៅ​ប្រទេស​បារាំង​ក៏​ដោយ ក៏​យើង​អាច​កត់​សំគាល់​បាន​ដែរ​ថា សម័យ​មុន​អង្គរ​គឺ​សតវត្ស​ទី​៩​នៅ​លើ​ទឹក​ដី​ព្រៃនគរក្នុង​ស្រុក​ត្បូងឃ្មុំមាន​មនុស្ស​រស់​នៅមាន​ការ​ជឿនលឿនមាន​ការ​ចង​ចាំ ចេះ​ចារ​អក្សរ​រក្សា​ទុក​រួច​មក​ហើយ។ នេះ​ក៏​ជា​សក្ខីភាព​ដែល​បញ្ជាក់​ថា ទឹក​ដី​នេះ​មាន​ចំណាស់​ចាត់​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ព្រះមហាក្សត្រ និង​នាម៉ឺន​មុខ​មន្ត្រីទាំង​ជិត​ឆ្ងាយសុទ្ធ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​តំបន់​នេះ។ ភស្តុតាង​ជាក់ស្ដែង​គឺ​សិលាចារឹក​នៅ​ប្រាសាទ​ជើងអង្គ​របស់​ព្រះបាទជយវម៌្មទី៥។ ឯការ​ជ្រើស​រើស​យក​ជ័យភូមិ​មក​សាង​សង់​ព្រះរាជធានី​នៅ​ស្រឡប់​ដូនតី​ពិជ័យ​ ព្រៃនគរ​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​មិន​មែន​ជា​ការ​ចៃដន្យ ឬ​ជា​ព្រឹត្តិការណ៍​ជំរុញ​ដោយ​សុបិន​និមិត្ត​ទាំងស្រុង​នោះ​ទេគឺ​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស ធនធាន​ធម្មជាតិ ទឹកដី និង​ចំណុច​យុទ្ធសាស្ត្រគុណសម្បត្តិ ​រាជធានី​ព្រះស្ដេច​កន​ដែល​យើង​លើក​យក​មក​ខាងលើ​មិន​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ក្រោយៗ​ឲ្យ​តំលៃ​ឡើយ។ ក្រោយ​ដែល​ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​ចូល​ទិវង្គត ទីក្រុង​នេះ​ត្រូវ​គេ​បោះបង់​បំភ្លេ​ចចោល ភ្លេច​រហូត​ដល់​ទៅ​ឈ្មោះ និង​ទីតាំង​រហូត​មក​ដល់​ចុង​សតវត្ស​ទី​២០ ដើម​សតវត្ស​ទី​២១។ ប៉ុន្តែតាម​ការ​ពិត​ជាក់​ស្ដែង ទឹកដី​ខ្មែរ​ត្រើយ​ខាងកើត​តែង​តែ​មាន​សក្ដានុពល​គ្រប់​បែប​យ៉ាង​ដែល​ជំរុញ​ព្រឹត្តិការណ៍​វិវត្ត និង​អភិវឌ្ឍ​របស់​សង្គម​ជាតិ​ខ្មែរ​តាំង​តែ​ពី​អតីត​កាល​មក​ទល់​បច្ចុប្បន្ន៕

ឯកសារយោង

កែប្រែ

[]

  1. "ឈូកខ្មែរ". Archived from the original on 2015-07-29. Retrieved 2015-07-26.