ស្រីជេដ្ឋា

(គ.ស ១៥១២ - ១៥២៥)

ស្រីជេដ្ឋាស្ដេចកន (អង់គ្លេស: Srei Chedtha or Sdach Korn) (ប្រ.ស|គ.ស ០០០០-១៥២៥) រជ្ជកាលគ្រងរាជ (គ.ស ១៥១២-១៥២៥) ព្រះអង្គជាព្រះជេដ្ឋា (បងថ្លៃ) របស់ ស្រីសុគន្ធបទ ទ្រង់ឡើងសោយរាជសម្បត្តិ ដោយការធ្វើរដ្ឋប្រហារ ហើយគ្រងរាជ ក្នុងឆ្នាំវក ចត្វាស័ក ព.សករាជ ២០៥៦ ត្រូវនិង គ.សករាជ ១៥១២ ត្រូវនិង មហាសករាជ ១៤៣៥ ទ្រង់មានព្រះនាមហៅថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" និង បានផ្លាសរាជធានីមកចន្លោះដូនតី ស្រុកត្បូងឃ្មុំ (បច្ចុប្បន្ន: ខេត្តត្បូងឃ្មុំ) ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដែលមានរាជធានីឈ្មោះថា "ស្រឡប់ដូនតីពិជ័យព្រៃនគរ" ។[]

ស្រីជេដ្ឋា

រជ្ជកាល ១៥១២-១៥២៥

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​លើកទី១ - ១៥១២
លើកទី២ - ១៥១៦
រាជសម័យ សម័យចតុមុខ
ព្រះនាមពេញ ​​​ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ស្រីសុគន្ធបទ
រាជបន្ត ចន្ទរាជា
សន្តិវង្ស វណ្ណៈរាស្ត្រ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត ១៥២៥
ជំនឿសាសនា ពុទ្ធសាសនា និង ព្រហ្មញ្ញ​សាសនា
ជំនឿលើពួកទេវតា

ចម្បាំងដណ្ដើមរាជ

កែប្រែ

Royal Conquest

 
Cambodia Map during the reign of Srei Chedtha or Sdach Korn 1516-1525.

គ.សករាជ ១៥១២ ស្ដេចកន បានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) វាយចូលរាជធានីទួលបាសាន ស្រុកស្រីសន្ធរ (បច្ចុប្បន្ន: កំពង់ចាម) ពញ្ញាកៅ ដែលជាមេទ័ពធំ បានលើកទ័ពវាយចូលរាជធានីចំនួន ៥ច្រកទ្វារ ដែលមានកងទ័ព ស្រីសុគន្ធបទ ចំនួន ៥០,០០០ (៥មុឺននាក់) ចាំការពាររាជធានី ដោយសារតែកំពែងក្រុង មានកំពស់ទាប ទើបធ្វើឱ្យកងទ័ព ស្ដេចកន ងាយស្រួលក្នុងការវាយបំបែករាធានីទួលបាសាន ត្រឹមរយៈពេលខ្លី តែ១០ ថ្ងៃប៉ុនណោះ ស្រីសុគន្ធបទ បានរត់ភៀសខ្លួន ទៅតាំងបន្ទាយនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) និង យកគ្រឿងសោយរាជទាំង៥ ទៅជាមួយផងដែរ ហើយបានឈរជើងនៅទីនោះអស់រយៈពេល ២ឆ្នាំ ទើបត្រូវបាន ស្ដេចកន លើកទ័ព ៥០,០០០ (៥មុឺននាក់) វាយចូល បន្ទាយស្ទឹងសែន ពីយប់អាធ្រាត ហើយធ្វើឃាតបាន នៅឆ្នាំ ១៥១៤ នៃគ.សករាជ ដោយស្ដេចកន មិនអាចរកឃើញនូវគ្រឿងសម្រាប់រាជទាំង៥ ទើបមិនអាចឡើងសោយរាជជាផ្លូវការណ៍ក្នុងពេលនោះ ដោយពន្យាពេល ២ឆ្នាំ ដើម្បីរងចាំនៅគ្រឿងសោយរាជទាំង៥ ថ្មៃធ្វើរួច ទើបអាចឡើងសោយរាជជាផ្លូវការណ៍បាន ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដោយមានព្រះនាម ក្នុងរាជថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" ហើយស្ដេចកន សោយរាជបានតែ ៣ខែ ប៉ុនណោះត្រូវ ចន្ទរាជា លើកទ័ពចំនួន ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ចេញពីរាជធានីទួលបាសាន ទៅតាំងបន្ទាយនៅ ចន្លោះដូតី នា ស្រុកត្បូងឃ្មុំ ក្នុងអំឡុងពេលនោះផងដែរ ។[]

ការដុតបំផ្លាញរាជវាំងទួលបាសាន

កែប្រែ

Burning of Tuol Basan Royal Palace

ក្រោយពេល ស្រីជេដ្ឋា ត្រូវបាន ចន្ទរាជា លើកទ័ព វាយបណ្ដេញចេញពី រាជធានី ទួលបាសាន ស្រីជេដ្ឋា និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ដូនតី ពិជ័យព្រៃនគរ" បន្ទាយថ្មីព្រះស្ដេចកន មានកំពែងព័ទ្ធជុំវិញ រាងបួនជ្រុង មានដាំដើមឬស្សីកំរាស ២សិន ដោយស្មើនិង ៨០ ម៉ែត្រ (80m) និងមានកម្ពស់ ១៥ហត្ថ ដោយស្មើនិង កម្ពស់ ៧.៥ ម៉ែត្រ (7.5m) និងមានប្រវែងសរុប ២.៥ គ.ម (2.5km) ដែលជាបន្ទាយការពារដ៏រឹងមាំមួយ មិនងាយនិងវាយចូលបំបែកបាន ។ មួយឆ្នាំបន្ទាប់ពី ព្រះស្ដេចកន វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន និង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៥១៧ នៃគ​.សករាជ ហើយព្រះចន្ទរាជា និងកងទ័ពបានដកត្រឡប់ទៅបន្ទាយមុឺនជ័យ ស្រុកបាកាន (បច្ចុប្បន្ន: ពោធិសាត់) វិញ ក្នុងឆ្នាំ​ដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាមនិងគ្នា ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្ដេចកន បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។​[]

សុបិនឃើញព្រះចន្ទ

កែប្រែ

Dreaming of the moon

សមរភូមិ កំពង់ឆ្នាំង

កែប្រែ

Kampong Chhnang Battlefield

ក្នុងឆ្នាំ ១៥២០ នៃគ.សករាជ ស្រីជេដ្ឋា ទ្រង់បានសុបិនឃើញ ព្រះចន្ទចាប់រះបញ្ច្រាសទិស ដោយព្រះចន្ទនោះបានរះពីទិសខាងលិច ផ្ទៃពពកឡើងអព្ទខ្មៅមីដេដាស ភ្លៀងធ្លាក់ជាគ្រាប់ភ្លើង ធ្លាក់មកដុតបំផ្លាញរាជវាំងរបស់អង្គ ក្រោយសុបិនឃើញបែបនេះ ស្រីជេដ្ឋា ឱ្យគណៈព្រះគ្រូបរោហិត ទស្សន៍ទាយ នូវព្រះសុបិននេះ គណៈព្រះគ្រូ មានពំនោលថា សុបិននេះនិងនាំមកគ្រោះកាចដល់ព្រះអង្គនៅថ្ងៃខាងមុខ ដូចនេះព្រះអង្គត្រូវកំចាត់គ្រោះកាចនេះជាមុន ដែលយកសុបិននេះទៅធៀបនិង ចន្ទរាជា ដែលកំពុងមានឥទ្ធិពលប្រជែងអំណាចជាមួយព្រះអង្គជាខ្លាំងនៅភាគខាងលិចនេះ ។

ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ព្រះស្រីជេដ្ឋា បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ព្រះស្រីជេដ្ឋា នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពព្រះស្ដេចកន ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ចន្ទរាជា ត្រង់សមរភូមិ វាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ា​វង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមនិងដំរីចម្បាំង ចំនួន ១៤០ក្បាល ដឹកនាំដោយ ពញ្ញាមុឺនពេជ្រ ដែលជាមេទ័ពធំ របស់ចន្ទរាជា ដែលបង្កប់នៅខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" របស់ស្រីជេដ្ឋា បានសំរុកចេញមកវាយគាបទ័ពស្រីជេដ្ឋាពីផ្នែកខាងក្រោយ ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ) ។[]

ការបាត់បង់ បន្ទាយចតុមុខ

កែប្រែ

Loss of Chaktomuk Fort

ក្រោយពេល កងទ័ព ស្រីជេដ្ឋា ដែលដឹកនាំដោយ ចៅពញ្ញា លំពាំង បរាជ័យនៅសមរភូមិ កំពង់ឆ្នាំង កងទ័ពបានដកថយទៅបន្ទាយចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលមានកងទ័ពចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅទីនោះ ។ គ.សករាជ ១៥២១ កងទ័ព ចន្ទរាជា ចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ចំនួន ២រូប គឺមេទ័ព "ឧកញា ចក្រីកែវ" និង "ឧកញ៉ា វង្សាអគ្គរាជ" បានបើកការវាយប្រហារទៅលើ ចៅពញ្ញា លំពាំង ។ ចំនួនកងទ័ព ចន្ទរាជា ដែលលើស ២ដង នៃទ័ព ស្រីជេដ្ឋា បានវាយបែកបន្ទាយចតុមុខ និង បានធ្វើឃាត ចៅពញ្ញា លំពាំង ផងដែរ ។ ហើយកងទ័ព ចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសឱ្យ ចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេ ចន្ទរាជា និងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ដោយសារតែ ចៅហ្វាយស្រុក មួយចំនួន នៅកម្ពុជាក្រោម ខ្លាចនៅឥទ្ធិពលរបស់ ស្ដេចនៃអាណាចក្រខាងលិច ដូចច្នេះ ពួកគេមិនហ៊ានចងសម្ព័នមិត្តជាមួយ ស្រីជេដ្ឋា នោះទេ ដូចនេះហើយ ស្រីជេដ្ឋា បានបាត់បង់នៅការគាំទ្រ ពីកងទ័ពខ្មែរកម្ពុជាក្រោមទាំងស្រុង ។[]

ជ័យជំនះ នៅទន្លេមុខបួន

កែប្រែ

Victory at the Four Rivers

ក្រោយពេលដែល ព្រះស្រីជេដ្ឋា បានទទួលដំណឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ព ចន្ទរាជា ព្រះអង្គ​ទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្ន: កណ្ដាល) ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួ​ន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់)​ ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញា​ស្រាល" និង "ជហ្វាវាំងជុំ" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជា​នៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វា​រ) កងទ័ព​ជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ ចន្ទរាជា ដែលដឹកនាំដោយមេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ចន្ទរាជា​ នាម "ពញ្ញា​មុឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ពខ្លួនទាំងពីរ ។​ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បី ឱ្យ ពញ្ញា​មុឺនពេជ្រ មកដេញតាមកងទ័ពខ្លួន ។ ពញ្ញា​ស្រាល និង ជហ្វាវាំង ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទ័ព ជាមួយកងពលព្រួញ និង កាំភ្លើងធំ ទៅវាយគាបទ័ព ពញ្ញា​មុឺនពេជ្រ ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញា​មុឺនពេជ្រ បាននៅពេលនោះ ហើយក៏ជាជ័យជំនះដំបូងរបស់ ព្រះស្រីជេដ្ឋា ផងដែរ ដែលអាចសម្លាប់នៅមេទ័ពធំ របស់ចន្ទរាជា ។ ដោយសារតែ កងទ័ពស្រីជេដ្ឋា បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ ពញ្ញាកៅ ដែលជាមេទ័ពធំ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម (បច្ចុប្បន្ន: ខេត្តកំពង់ចាម) ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០​០ (១មុឺននាក់) ប៉ុនណោះដែលបោះជំរុំទ័ពនៅតំបន់នេះ ។[]

សមរភូមិកំពង់ចាម (គ.ស ១៥២៣)

កែប្រែ

Kampong Cham Battlefield (AD 1523)

គ.សករាជ ១៥២៣ ចន្ទរាជា បានប្រកាសសង្គ្រាម និង ស្រីជេដ្ឋា ហើយបាននាំទ័ព ១០៥,០០០ (ជាង១សែននាក់) វាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅ ស្រុកកំពង់សៀម ស្រីជេដ្ឋា បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញា​ព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញា​ពេញ" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញា​នួន" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០​០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯ ស្រីជេដ្ឋាកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ព​ធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះ​កងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) ទូកចម្បាំង ៣០០ គ្រឿង របស់ចន្ទរាជា បានទម្លាក់ក្ដោង លយកាំភ្លើងធំបាញ់ មកទូកចម្បាំង របស់កងទ័ពស្រីជេដ្ឋា ទ័ពជើងទឹករបស់ ស្រីជេដ្ឋា បានទៅប្រកៀក និងដាក់កាំភ្លើងធំបាញ់ តបត ត្រឡប់ទៅវិញ ទូកង ដាក់ចំនុះកងទ័ព របស់ចន្ទរាជា ជាង ៧០០ទូក បានអែបច្រាំងទម្លាក់ទ័ព ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពកងកាំភ្លើងវែង កងព្រួញ កងលំពែង និង ទ័ពសេះ ៥០០ក្បាល វាយចូលបន្ទាយស្រុកកំពង់សៀម ដោយសារតែ ចំនួនកងទ័ពដ៏ច្រើនផងដែរនោះ នៅទីបំផុតកងទ័ពជាង១សែននាក់ របស់ចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា នៃសមរភូមិកំពង់ចាម ដែលជាព្រឹត្តិការណ៍នៃសង្គ្រាមផ្ទៃក្នុងដ៏ធំក្នុងកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា ។[]

ស្រីជេដ្ឋា និង ចន្ទរាជា នៃសង្គ្រាមចុងក្រោយ

កែប្រែ

Srei Chedtha & Chan Reachea of Final War

ក្រោយពេល ស្រីជេដ្ឋា និង ចន្ទរាជា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ព​ទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះ​ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាង​ឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីប​ម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦​) ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម​) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជា​ក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ចន្ទរាជា ដូចនេះខាង ស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។[] []

សមរភូមិ​ទន្លេបិទ (គ.ស ១៥២៤)

កែប្រែ

Tonle Bet Battlefield (AD 1524)

ក្រោយពេល កងទ័ពស្រីជេដ្ឋា បរាជ័យនៅសមរភូមិស្រុកលំពង់សៀម ស្រីជេដ្ឋា បានដកទ័ព ២០,០០០ (២មុឺននាក់) ដោយផ្ទាល់ ទៅបោះបន្ទាយនៅទន្លេបិទ (បច្ចុប្បន្ន: ស្រុកមេមត់, ខេត្តត្បូងឃ្មុំ) ទុកឱ្យពញ្ញាកៅ និង ជហ៊្វាវាំងជុំ រក្សាទ័ព ៦០,០០០ ( ៦មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ដូនតី ។ គ.សករាជ ១៥២៤ ទ័ពចន្ទរាជាចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាទេព បានវាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅសមរភូមិទន្លេបិទ កងទ័ពទាំងពីរបានច្បាំងគ្នាពីវេលាព្រឹករហូតដល់ថ្ងៃរសៀល ដំណឹងច្បាំងគ្នាបានដឹងទៅដល់ ពញ្ញាកៅ, ទើបពញ្ញាកៅ បាននាំទ័ព ៥០,០០០ (៥មុឺននាក់) ចេញមកវាយរំដោះ ស្រីជេដ្ឋា វាយសម្រុកចេញពីការឡោមព័ទ្ធ ទៅជួបនិង ទ័ពបង្កប់របស់ចន្ទរាជានៅ ព្រៃវែង ចំនួន ៥០០០ (៥ពាន់នាក់) ដឹកនាំដោយ ឧកញ៉ា មហាមន្រ្តីបែន វាយស្ទាក់ពីមុខ ពញ្ញាកៅ​ឃើញដូចនេះ ក៏ឱ្យព្រះស្រីជេដ្ឋា ស្រូតទៅបន្ទាយស្រឡប់ពិជ័យមុន ខ្លួននៅចាំច្បាំងការពារជាមួយ ឧកញ៉ា​បែន ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ ឧកញ៉ា​បែន ស្លាប់ក្នុងពេលនោះ ហើយក៏ត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ពិជ័យវិញ ចំណែកឯទ័ពឪពុកក្មេក របស់ ព្រះស្រីជេដ្ឋា ចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាកំហែង នៅស្រុកសៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលត្រៀមលើកមកជួយ ស្រីជេដ្ឋា ត្រូវទ័ពចន្ទរាជា ចំនួន ៥០,០០០ (៥មុឺននាក់) ដឹកនាំដោយ ពញ្ញាភក្ដី បានលើកទៅស្ទាក់កងទ័ព ពញ្ញាកំហែង វាយធ្វើឃាតបាននៅពេលនោះទៅ ។[១០]

ការបរាជ័យ របស់ស្រីជេដ្ឋា

កែប្រែ

Srei Chedtha's failure

គ.សករាជ ១៥២៥ ចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ដូនតី​" របស់ ស្រីជេដ្ឋា ដែលមានកងទ័ព​យាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ចន្ទរាជា​ បានឡោមព័ទ្ធ បន្ទាយស្រឡប់ដូនតី អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ចន្ទរាជា បានចាត់ពលសេនា ឱ្យប្រកាសរាជសារ ដោយមានពំនោលថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និង មានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយមន្ត្រីប្រកាសរាជសារនៅមុខបន្ទាយស្ដេចកនចប់ ប៉ុន្មានថ្ងៃក្រោយមក ស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួននាម "មន្ត្រី​ដូនកែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង២៥នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រី​ដូនកែវ" ជាពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ចំណែកឯ​ក្បាលព្រះស្ដេចកន និងបក្សពួកទាំង២៥នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ដូនតី នេះតែម្ដងទុកជាបម្រាម ។[១១]

សេដ្ឋកិច្ច និង សង្គមកិច្ច

កែប្រែ

Economy and Social Affairs

នៅក្នុងរាជ ស្រីជេដ្ឋា ទ្រង់បានបោះពុម្ភនៅរូបបិយប័ណ្ណ ផ្សេង សម្រាប់សេដ្ឋកិច្ចរបស់ទ្រង់ ដែលរូបបិយប័ណ្ណនោះ មានឈ្មោះថា "ប្រាក់ស្លឹង" ដែលគេយកប្រាក់សុទ្ធទៅរំលាយជាមួយស្ពាន់ ហើយគេសង្កត់ពុម្ភជាប្រាក់កាស ដែលមានរូបសត្វ ក្ដាម នាគ ឬ ប្រាសាទ ។ ក្នុងឯកត្តា តម្លៃនៃប្រាក់ស្លឹង ដោយកំណត់ ១ស្លឹង ស្មើនិង ២០សេន, ៤ស្លឹង ទើបស្មើនិង ១បាត នៃតម្លៃរូបិយប័ណ្ណរបស់ ចន្ទរាជា ។ ដូចនេះហើយ ទំហំសេដ្ឋកិច្ចក្នុងរាជរបស់ ស្រីជេដ្ឋា ទាបជាង ទំហំសេដ្ឋកិច្ចរបស់ ចន្ទរាជា ៤ដង បើធៀបនិងការដោះដូររូបិយប័ណ្ណ ។

  • មានការលើកឡើងជាច្រើនរបស់អ្នកប្រវត្តិវិទូរផ្នែកនយោបាយមួយចំនួន នៅកម្ពុជា បានក្លែងប្រវត្តិសាស្ត្រពិតកម្ពុជាថា កម្ពុជាទើបតែមានរូបបិយប័ណ្ណដំបូងក្នុងរាជ ស្រីជេដ្ឋា នោះទេ នេះជាការឡើងជាឯកតោភាគីសុទ្ធសាធ មានប្រវត្តិវិទូរបរទេសជាច្រើន បានធ្វើកំណត់ត្រា ជាមួយអជីករកម្ពុជាក្នុងការលក់ទិញដូរវត្ថុបុរាណ ក្នុងនោះកំណត់ត្រាទៅលើរូបបិយប័ណ្ណរបស់កម្ពុជាពីមុនៗមក ត្រូវបានគេដឹងថា កម្ពុជាមានរូបបិយប័ណ្ណផ្ទាល់ខ្លួន តាំងពីសម័យអង្គរមកម៉្លេះ ឬ មុនសម័យអង្គរទៅទៀត ។ មានការក្សាទុកនៅ រូបិយប័ណ្ណ ប្រាក់កាសរបស់កម្ពុជាមួយចំនួន នៅតាមសារៈមន្ទីរ នាក្រៅប្រទេសផងដែរ ដូចជា សារៈមន្ទីរ American Numismatic Society ។[១២]
  • កំណត់ត្រា របស់លោក Michel Tranet

អំពីរូបបិយប័ណ្ណ ប្រាក់ស្លឹង ក្នុងសម័យស្ដេចកន គ.សករាជ ១៥១២ - ១៥២៥ ទោះជាមានការលើកឡើងថា ប្រាក់ស្លឹង ជាប្រាក់ដែលប្រើសម្រាប់ស្ថានភាពយ៉ាប់យឺន ក្នុងវិបិត្តសង្គ្រាមក្នុងស្រុកក្ដី ក៏ប៉ុន្តែពុំមែនមានន័យថា នេះជាលើកទីមួយដែលប្រជាជនខ្មែរទើបតែចេះប្រើរូបបិយវត្ថុនោះឡើយ កុំភ្លេចថា ពាក្យ តម្លឹង ត្រូវបានកត់ត្រាដោយសិលាចរឹកមួយចំនួន នាសម័យបុរេប្រវត្តិ និង សម័យកាលអង្គរ ទោះបីជាទូទៅការទិញដូររូបបិយវត្ថុ ដោយ មាស ប្រាក់ ឬ វត្ថុផ្សេងៗទៀត ដូចជា ចាន ឆ្នាំង សំពត់ សត្វពាហណៈ ក៏ដោយ ជាការពិតណាស់ សម័យកាលចាប់ពីនគរភ្នំ ពីស.វទី១ ដល់ ស.វទី៧ ត្រូវបានជឿថា មានការប្រើប្រាក់កាស ធ្វើអំពី មាស ប្រាក់ ស្ពាន់ សំណរ រួចស្រេចទៅហើយ ដូចច្នេះ ការលើកឡើងរបស់ក្រុមប្រវត្តិវិទូរនយោបាយ ដែលអះអាងថា ស្ដេចកន បានបោះពុម្ភប្រាក់ស្លឹងជារូបបិយប័ណ្ណលើកដំបូងបង្អស់ នៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។[១៣]

កំណត់ត្រារបស់លោក អាដេម៉ារ ឡឺក្ល៊ែរ

កែប្រែ

Adhémard Leclère Record

លោក អាដេម៉ារ ឡឺក្ល៊ែរ (Adhémard Leclère) ជាទេសាភិបាល រេសុីដង់បារាំង ប្រចាំទីក្រុង ព្រៃនគរ ដែលជាអ្នកគ្រប់គ្រងអណានិគម នៅកម្ពុជា ចន្លោះឆ្នាំ ១៨៨៦ ដល់ឆ្នាំ ១៩១១ លោក បានចងក្រងនូវជីវភាព សង្គមកិច្ច និង ប្រវត្តិសាស្ត្រកម្ពុជាផងដែរ នៅក្នុងកំណត់ត្រាមួយរបស់លោក ស្ដីពីការសិក្សាមួយដែលមានចំណងជើងថា៖ "Le Sdach Kan" បាននិយាយរៀបរាប់អំពីការបះបោរដណ្ដើមរាជដ៏ធំមួយនៅកម្ពុជា ក្នុងរាជព្រះស្ដេចកន ដែលបាន់ចាត់ឱ្យមេទ័ព ឈ្មោះ ឧកមុឺន សុរិន្ទកែវ ឱ្យលើកទ័ព ៥០,០០០ (៥មុឺននាក់) វាយផ្ដួលរំលំព្រះរាជា នៅខេត្តអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ហើយគ្រប់គ្រងអំណាចក្នុងពេលនោះ ។[១៤]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិបារាំងក្នុងឆ្នាំ (1883) អត្ថបទទាំងមូលសរសេរជាភាសាបារាំងផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ កំណត់ត្រា របស់ ស្រីជេដ្ឋា ឬ ស្ដេចកន មិនត្រូវបានសរសេរញាត់បញ្ជូលជាពង្សាវតារនៃរាជវង្សស្ដេចខ្មែរ ដោយប្រវត្តិវិទូរហូឡង់ ក្នុងឆ្នាំ (1871) នោះទេ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ស្រីជេដ្ឋា
(គ.ស ០០០០-១៥២៥)
មុនដោយ
ស្រីសុគន្ធបទ
រាជាណាចក្រកម្ពុជា
១៥១២-១៥២៥
តដោយ
ចន្ទរាជា

ឯកសារយោង

កែប្រែ
  1. Treng Nga (1973) Khmer History Volume 2, Publisher: Khmer Mon Institute, Publication: Center for Khmer Studies Library p.198 ISBN: 9995059959, 9789995059958
  2. Société des études indochinoises (1883) Bulletin de la Société des études indo-chinoises de Saigon, Publisher: Journal, Magazine, French, Original from University of Florida
  3. Bhun Khol (1994) Pravatti vidyā saṃrâp pathamsiksā, Publisher: Griḥsthān Poḥbumb Phsāy Qâpraṃ, Original from University of California, Berkeley p.138
  4. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  5. Mak Phoeun (1981) Chroniques royales du Cambodge, Volume 3, Publisher: Ecole française d'Extrême-Orient, Original from University of Chicago p.524 ISBN: 2855395372, 9782855395371
  6. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  7. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  8. Mamitua Saber, Dionisio G. Orellana (1977) Comparative Notes on Museum Exhibits in Singapore, Malaysia, Indonesia, Brunei, Macao, and the Philippines: A Report to the Ford Foundation on Travelling Symposium for Southeast Asia Museum Development, April-May, 1971, Publisher: Aga Khan Museum, Mindanao State University, Original from the University of Michigan p.354
  9. Contributor: James Richardson Logan (1851) The Journal of the Indian Archipelago and Eastern Asia, Volume 5, Publisher: Kraus Reprint, Original from Cornell University.
  10. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  11. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
  12. Charles K. Panish, (1975) The Coins of North Cambodia, Published in American Numismatic Society Museum Notes, Vol. 20, pp. 161-174, cfr. 1c. Similar design, but struck in gold.
  13. Michel Tranet (2002) Le Sdach Kan, Publisher: Atelier d'impression khmère p.40
  14. Journal, Magazine, English (1959) Studies in the History of Religions, Issue 4, Publisher: E. J. Brill, Original from the University of Michigan p.748