មហាសេនាទន់
ចៅពញាមហាសេនាទន់ (ចៅពញា ជាសក្ដិ, មហាសេនា ជាងារ, ទន់ ជាឈ្មោះ) ជាមេទ័ពរបស់ព្រះបាទស្រីជេដ្ឋា ស្ដេចកន នគរទិសខាងកើត។
មហាសេនាទន់ | |
---|---|
ចៅពញាមហាសេនានៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ដើមសតវត្សទី១៦ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ទន់ |
លើកទៅវាយបន្ទាយកំពង់សៀម
កែប្រែឯសម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខេត្តខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខេត្តដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខេត្តត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំង ឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខេត្តកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខេត្តពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខេត្តកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខេត្តកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខេត្ដកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្ដធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរាមកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួង ខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ចៅពញាមហាសេនាទន់នៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ដើមសតវត្សទី១៦ |
តដោយ មិនស្គាល់ |