រឿងមាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៧២ ។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទីឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។

កថាមុខ

កែប្រែ

ប្រលោមលោក​ថ្មី​ដែល​ខ្ញុំ​សូម​យកមក​ស្នើជា​គ្រឿង​កម្សាន្ត​សម្រាប់​អ្នកអាន​ក្នុង​ពេលនេះ ជា​រឿង​គម្រប់​ទី ៤ របស់ខ្ញុំ។ ដូចមុនៗដែរ សៀវភៅ​នេះ​បាន​តែង​ចប់​ក្នុងពេល​ឧត្ដមគតិ​មិនទាន់​ត្រូវ​ទម្លុះទម្លាយ ជា​ណាស់ណា​ពេក​ទេ​ដោយ​បញ្ហា​ជីវិត ពោល​គម្រប់ ២០ ឆ្នាំ​មកហើយ។ ក្រ​ដៅ​សំណៅ​ដើម​ប្រែសម្បុរ​ឡើង​លឿង​ពណ៌​ស្ករត្នោត ហើយ​ផុយ​របេះដុំៗព្រោះ​ជរាភាព។

ហេតុ​ធំ​ដែលនាំឱ្យ​ខ្ញុំ​ស្ទាក់ស្ទើរ យឺតយ៉ាវ​ក្រ​ផ្សាយ​ដល់​ម្លេះ​មកពី​មាន​បារម្ភ​ក្រែង​អ្នកផង​លើក​តួ​បុគ្គល​ខ្លះ​ក្នុង​រឿង​ទៅ​ប្រដូច ឬ​ចោទថា​ជា​ផ្នែក​ជីវភាព​របស់​បុរស​ស្ត្រី​ណាមួយ ឬ​យល់ថា ជាការ​រិះគន់​ចំពោះ​អ្នក​មុខ អ្នកការ​ណាមួយ​ទៅវិញ។ ក្នុង​ចំណុច​នេះ ពិសោធន៍​នៃ​រឿង “ផ្កា​ស្រពោន” បាន​ផ្ដល់នូវ​ឧទាហរណ៍​ស្រាប់​មកហើយ ព្រោះ​មាន​អ្នកអាន​ច្រើន​អ្នក​បាន​យល់ច្រឡំ ហើយ​លើក​ប្រដូច​តួ​បុគ្គល​នានា​ក្នុង​រឿង​នោះ​ទៅលើ​ជន​ដែលមាន​ជីវិត​រស់នៅ​មែនទែន។ ដើម្បី​ជៀសវាង​មន្ទិលសង្ស័យ​យ៉ាងនេះ​ទៀត ខ្ញុំ​បាន​យល់ថា គប្បី​ទុកពេល​វេលា​កន្លង​ហួស​ទៅហើយ​ឱ្យបាន​វែងឆ្ងាយ​បន្តិច​សិន ក្នុង​បំណង​បន្សាប​ការប្រដូច​ឬ​អត្ថាធិប្បាយផ្សេងៗ ដែល​អាច​កើតមានឡើង។

ដូច្នោះ​ខ្ញុំ​សូមបញ្ជាក់​ផ្ទួន​ជាថ្មី​ថា សៀវភៅ​នេះ​ពុំមែន​ជា​ប្រវត្តិ​បន្លំ​របស់​ជន​រូប​ណាមួយ​ឡើយ ទោះ​មាន​ឋា​នះ​ក្នុងសង្គម​ខ្ពស់​ឬ​ទាប​យ៉ាងណាក៏ដោយ​ថ្វីបើ​នៅ​ភាគ​ខាងចុង​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ចូល​មកជា​ផ្ទាំង​តម្បាញ​នៃ​រឿងលើក។ អាស្រ័យហេតុនេះ ប្រសិនបើ​អ្នកអាន​សង្កេតឃើញ ឬ​យល់ថា មាន​កន្លែង​ណា​សម​ដូច​ការពិត​ខ្លះសូម​សន្និដ្ឋាន​ចាត់ជា​ដំណើរ​ចៃដន្យ​ទៅវិញ​ផង​ចុះ។

ប្រលោមលោក “មាលាដួងចិត្ត” នេះ​និទាន​បាន​ផ្ដើម​ក្នុង​ឆ្នាំ១៩៣៩ គឺ​នៅពេល​សង្គ្រាមលោកលើកទី​ពីរ​ចាប់​ឆួល​ឆេះ​ឡើង ហើយ​មក​ចប់​នៅ​ចុងឆ្នាំ១៩៤៦ គឺ​នៅពេល​ខេត្តបាត់ដំបង និង​ដែនដី​យើង​ទាំង​ប៉ុន្មាន​ដែល​បាត់បង់​ទៅនោះ បាន​វិល​ត្រឡប់មក​ចូលរួម​ក្នុង​សហគមន៍ជាតិ​វិញ។

អ្នកនិពន្ធ​មានបំណង​ឱ្យ​សៀវភៅ​នេះ​មានគុណ​ភាពជា​កញ្ចក់ ឬ​ជា​ផ្ទាំងគំនូរ​រូបភាព​សំរាប់​គំនិត និង​ឧត្ដមគតិ​របស់​យុវជន​ខ្មែរ​ក្នុងសម័យ​នោះ។

មាន​ហេតុ​មួយទៀត​ដែលនាំឱ្យ​ខ្ញុំ​ប្រតិស្ឋ​រឿង “មាលាដួងចិត្ត” នេះ។ អ្នកអាន​យ៉ាង​ក្រាស់ក្រែល​មាន​នារី​ជា​ភាគច្រើន បាន​បន្ទោស​ខ្ញុំ​ថា ចិត្តអាក្រក់​ណាស់​ដោយ​បណ្ដោយឱ្យ នាង​វិធា​វី​ក្នុង​រឿង “ផ្កា​ស្រពោន” ស្លាប់បាត់​បង់ជីវិត​ទាំង​ក្មេងខ្ចី ហើយ​ស្លូតត្រង់​ផង។ ខ្ញុំ​សរសេរ​រឿង​ថ្មី​នេះ​ក្នុង​បំណង​ចង់​លុបលាង​នូវ​ការរិះគន់​បែបនេះ​ទៀត តើ​សម្រេច​ដូច​ប្រាថ្នា​មែនឬ​យ៉ាងណា សូម​មិត្ត​ទាំងឡាយ​មេត្តា​វិនិច្ឆ័យ​ផង​ចុះ។

សរុបសេចក្ដី​ទៅ សៀវភៅ​រឿងនេះ​ដែល​បរិបូណ៌​ដោយ​យុវភាព ហើយ​ដែល​ពិពណ៌នា​អំពី​គំនិត និង​ឧត្ដមគតិ​នៃ​យុវជន​ក្នុងអំឡុង​ឆ្នាំ១៩៣៩-១៩៤៦ សូម​យុវជន​យើង​ជំនាន់​ក្រោយ​ទុកជា​សក្ខីភាព​មួយនា​កាលសម័យ​នោះ។

ខ្ញុំ​សូម​ឧទ្ទិស​សៀវភៅ​នេះ​ចំពោះ​វិញ្ញាណក្ខន្ធ លោក ឃួន នៅ ជា​បិតា​និង​លោក ឱរ ស៊ិន ជា​ឪពុកធំ​ដែល​លោក​បាន​ណែនាំ​ខ្ញុំ​ឱ្យ​ស្រឡាញ់​អក្សរសាស្ត្រ​តាំងពី​កុមារភាព ហើយ​ចំពោះ​យុវជន​យើង វីរបុរស​យើង​ដែល​បាន​បូជាជីវិត​ដើម្បី​មាតុភូមិ។

វគ្គទី ១ វិទ្យាល័យ គ.ស. ១៩៣៩

កែប្រែ

ដូចជា​ពិបាក​គិត​ដែរ!… មិនដឹង​ជា​ចាប់​និយាយ​ពី​ត្រឹមណា​ទេ​រឿងនេះ ហើយព្រោះ​មាន​រាង និង​ភាព​ដូច​ពពក មាន​ពណ៌​ចម្រុះ​ដូច​ឥន្ទធនូ ហើយ​មាន​មាឌ​និង​កម្ពស់​​កម្ព​រ​​ប៉ុន​យក្សា។

ក្នុង​ដួងចិត្ត​យុវជន​អាយុ​ម្ភៃ​ឆ្នាំ​អារម្មណ៍​ដ៏​អស្ចារ្យ​នេះ ជួនណា​បោកបក់​ជា​ព្យុះជួនណា​ផាត់ផាយ​ជា​ខ្យល់ជំនោរ។ ទុក្ខ និង​សេចក្ដីសង្ឃឹម​តែង​ផ្លាស់​វេន​គ្នា​ក្នុង​សតិ​មួយ​ដែលមាន​គំនិត​វែងឆ្ងាយ តែ​ស្រួយ​ដូច​ពពុះ​សាប៊ូ​ដែល​អណ្ដែតត្រសែត​មួយសន្ទុះ លំអ​ដោយ ឆព្វណ្ណរង្សី​ចាំង​ឆ្លុះ​ទៅលើ។

ឱ ! ឆ្នេរសមុទ្រ​ដែល​បរិបូណ៌​ដោយ​ក្លិនក្រអូប​ឈួ​ល​ដែល​វិចិត្រ​ដោយ​កូនខ្ទម​ជ្រក​ក្រោម​ដើម​ដូង​ល្វន់​ល្វៃ មាន​កម្រង​វល្លិ​ផ្កា​រុំ​ស្រោប​ដូច​ហត្ថា​នាង​នាដកា។ វាយោ​ហើរ​ពី​ផ្ទៃ​សាគរ​មក​យោល​ផួ​ង​ធម្មជាតិ ឱ្យមាន​ចលនា​ទន់ភ្លន់ រួច​ហើយក៏​តាំង​ដឹក​នាំទៅ​ឆ្ងាយ​នូវ​ពិដោរ​ឈ្ងុយ​ឈ្ងប់។

ទេសភាព​ត្រកាល​នេះ មាន​នាទី​ជា​អង្រឹង​សម្រាប់​យោល​រំសាយ​ទុក្ខ​នៃ​យុវជន​ដែល​ស្រវឹង​ដោយ​ឃ្លោង ដោយ​កាព្យ​ថ្លា​ដូច​ចរណៃហើយ​ស្អាត​ដូច​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី។ កវីនិពន្ធ​ដ៏​មាន​ពាក្យ​ពិ​រោះ ហាក់ដូចជា​កើត​ពី​ទេពកោសល្យ​ដែល​ត្រាំ​នៅក្នុង​ទុក្ខព្រួយហើយ​រមែង​ក្ដោប​ស្រោប​នូវ​វិការ​ដ្ឋា​ន​នៃ​ជីវិត បរិបូណ៌​ទៅដោយ​ការប្រយុទ្ធ ការដណ្ដើម​ស្ទើរ​ស៊ីសាច់​គ្នា។

អាត្ម័ន​ជរាព្រលឹង​រេចរឹល​អាច​រត់​ចូល​ជ្រក​បាន​ក្នុង​សាសនាប៉ុន្ដែ​អាត្ម័ន​ក្មេង​ចិន្ដា​នឹង​រក​កំពង់ផែ​ចូល​សម្រាក​បានតែ​ក្នុង​កាមារម្មណ៍។

គិតសព្វៗទៅ សេចក្ដីស្នេហា​ជា​សាសនា​មួយបែប​ដែរ​សម្រាប់​យុវជន ព្រោះ​រមែង​មាន​សទ្ធា មាន​ជំនឿ មាន​សេចក្ដីទុកចិត្ត​ទៅ វិញទៅមក។តែ​សាសនា​នេះចាស់ៗបែរជា​មិន​យល់​ដោយ​ភ្លេច​សូន្យឈឹង ថា​កាលពីដើម​មក​ខ្លួន​ធ្លាប់​ក្មេង​ដូចគ្នា​ដែរ​ទេតើ ហេតុដូច្នេះ​ហើយបានជា​ចាស់ៗទាំងនោះ​តែង​កាន់គំនិត​រឹងត្អឹង កាន់​លទ្ធិ​សម្បូរ​ជ្ញា​សិទ្ធិ​ចំពោះ​បំពង់​ត្រួយ​ខ្ចី​នៃ​មនុស្សជាតិ។

គួរ​យើង​គិតថា ផ្កា​ក្រូចពោធិ៍សាត់​មាន​ក្លិនក្រអូប​ជាង​ផ្លែ​វា​ដែល​ទុំ​លឿង​ផូ​រ។ យ៉ាង​នេះហើយ​បានជា​យុវជន​អាច​ក្រេប​ឱជា​រស​ជីវភាព​បានជា​ជាង​មនុស្ស​រសៀល ដែលជា​ហេតុនាំឱ្យ មាណព និង មាណវី មាន​ទីតាំង​ជិត​ជាង​ក្នុង​គោលបំណង ព្រះ​កាម​ទេព។

គំនិត​វិ​ពណ៌នា​ខាងលើនេះ ជា​យោបល់​របស់ក្មេងៗដែល​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​សម័យមុន​កើត​សង្គ្រាមលោកលើកទីពី​រ។ យុវជន​ទាំងនោះ​យល់​ដោយ​ខុស ហើយ​អយុត្តិធម៌​ខ្លះ​ផង ក៏​ពុំ​ដឹងថាចាស់ៗសង្កត់សង្កិន​ព្រលឹង និង​ចិន្ដា​របស់ខ្លួន ហើយ​ថែមទាំង​បំពុល​សេចក្ដី​ត្រេកត្រអាល​ទៀតផង។

គិត​ខុស​ក៏ដោយ ត្រូវ​ក៏ដោយ ក្មេងៗបើ​យល់​យ៉ាងណា​ហើយ​តែង​ជួញ​ចិត្ត​ធ្វើឱ្យ​គំនិត​នោះបាន​សម្រេច បាន​ពិតប្រាកដ​ដោយ​សកម្ម​ក្រៃលែង។ ដើម្បី​ងាយ​យល់​នូវ​មនោសញ្ចេតនាផ្សេងៗដែល​រមែង​ក​ញ្ច្រោ​ក​បោកបោះ​អាត្ម័ន​យុវជន​នោះ ទើប​សូម​នាំ​រឿងនេះ​មក​និទាន​ដូចតទៅ៖

ថ្ងៃអាទិត្យ! អរុណ​ចាប់​លាប​ពណ៌​ក្រហមទុំ​ទៅលើ​ជើងមេឃ​ខាងកើត។ ក្នុង​សយនដ្ឋាន​មួយ​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ​ដែល​សេចក្ដី​ស្ងប់ស្ងាត់​គ្របដណ្ដប់​នៅឡើយ ព្រោះ​មិនទាន់​ដល់​ម៉ោង សម្លេង​ខ្សឹប​ខ្សាវ​ចាប់​ឭខ្សៀវៗពី​ត្រង់នេះ​បន្តិច​ត្រង់នោះ​បន្តិច។ មាត់​មាន់រងាវ​បង្អូស​បែបបទ​វែង​អន្លាយ​ក្នុង​ពន្លឺស្រាងៗនៃ​ព្រហាម។ សេះ​សំគម​ដែល​ទាញ​រទេះដឹក​បន្លែ​មួយអន្លើ និង​ស្បែកជើង​ឈើ​ចិន​កន្តាំង​បាននាំគ្នា​វាយ​ផ្ទៃ​ថ្នល់​ចាក់​ជ័រ​ឭ​សូរ​ភ្លិ​បផ្លាប់ៗ ឭ​ក្រោក​ក្រាក។ កងទ័ព​ក្អែក​ចេញពី​ទ្រនុំ​ដើមអម្ពិល ខ្វក​កេកកាកៗ លាន់​រំពង​ហើយ​ហើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ដែល​ពំនូក​ពពកធំៗ ដេក​ទ្រមក់​ត្រាំ​ក្នុង​កម្ជិល​ច្រអូស​នៅឡើយ។

មួយសន្ទុះ​ក្រោយមក ស្គរ​អ្នកយាម​ទ្វារ​រោទិ៍​កម្រើក​រំ​ជួយ​អាកាស​ពណ៌​ខៀវ​នៃ​ព្រឹក​ព្រហាម ហើយ​សូរសព្ទ​ហ៊ោកញ្ជ្រៀវ​ក៏​ផ្ទុះឡើង​ដូច​ចិន​អុជ​ផាវ​សែនអ្នកតា។ អ្នកខ្លះ​ចាប់​ប្រយុទ្ធ​នឹង​សង្កើច​ដោយ​យក​ស្បែកជើង​ឈើ​វាយ​បំពៀច​ប​ច្ចា​មិត្រ​ដែល​បាន​ស្រូបយក​ឈាម​ពី​ពេលយប់ទៅលើ​ក្ដារ​គ្រែ​ឭ​ផូងផាង។ ក្នុងសម័យ​នោះ​មិនបាន​ស្គាល់​ច្បាស់​នៅឡើយ​ទេ នូវ​ការប្រើ​ម្សៅ​ដេដេតេ​សម្រាប់​សម្លាប់សត្វ​ល្អិត។ អ្នក​ខ្លះទៀត​ប្រជុំគ្នា​សប់​បាល់​ឡុង​ឭភិតៗ ហើយ​មួយ​ពួក​ផ្សែង​ដទៃ ក្រមា​មួយ​វ័ណ្ឌ​នៅ​ចង្កេះ​នាំគ្នា​ប្រមូល​ខោអាវ​យកទៅ​បោក​នៅ​ក្បាលម៉ាស៊ីនទឹក​ក្រោយ“ដ័​រ​ត្វារ។

សូរ​ទ្រហឹងអឹងអាប់​បាន​ដាស់ ទីឃាវុធ ភ្ញាក់​ពី​ដំណេក​ក្រោក​ឡើង ប្រមូល​ក្រសោប​ជើងមុង​ពាក់​ទៅលើ​ដំបូល​រួច ហើយក៏​តាំង​អង្គុយ​សញ្ជប់សញ្ជឹង​នៅលើ​គ្រែ​ដោយមាន​មុខស្ងួត​ស្ងប់ ក្មេង​ក​ម្លោះ​នេះ​នឹក​គួច​ដល់​នារី ដែល​កាលពី​ល្ងាចម៉ិញ​វិទ្យុ​បាន​នាំមក​នូវ​សម្លេង​ថ្លា​ដូច​កែវ​ទិព្វ។ នៅ​ជិត​សយនដ្ឋាន គឺ​នៅ​ម្ខាង​វិថី​ហ្វ្រ​ង់​ស្វាង​ហ្វុ​ង​តែ​ន អ្នក​ម្ចាស់​ផ្ទះមួយ​បាន​បើក​ស្ដាប់​ចម្រៀង​សិល្បការិនី​សៀម​ពីរោះ​ទន់​ល្វើយ។ គឺ​សម្លេង​នេះហើយ​ដែល​មក​ប្រលោម​បំពេរ​អាត្ម័ន ទីឃាវុធ ដែល​ស្រេកឃ្លាន​នូវ​កាមារម្មណ៍។ ចៅ​មាណព​ស្ដាប់​ពុំបាន​ច្បាស់​នូវ​ទំនុកច្រៀង​ទេតែ​សាច់​ពិ​រោះ ដែលមាន​ផ្នត់​ទូលាយ​ល្វឹងល្វើយ បាន​គួច​ព្រលឹង​ឱ្យ​អណ្ដែតអណ្ដូង​ក្នុង​រមណីយដ្ឋាន​មួយនា​វិមាន​សួគ៌ា​ល័យ។

វគ្គទី២។ សសេរខុសច្រើន

កែប្រែ

សៀវភៅ​ដាក់​លើ​ដើមទ្រូង ទៀន​លើ​ក្បាល​ដំណេក​ឆេះ​ចោល​ទទេ អ្នក​ក​ម្លោះ​តែង​បង្ហើរ​គំនិត​ទៅ​ទី​ឆ្ងាយ​ដោយ​មនោ​រម្យ។ ឋិត​ក្នុង​សភាព​យ៉ាងនេះ ចិន្ដា​តែង​នឹក​គួច​ពី​ចម្ងាយ​នូវ​សោភណភាព​នៃ​សិល្បការិនី។ ម្លេះ​សម​នឹង​នាង​មានមុខ​មូល​ពេញ មាន​ភ្នែក​ខ្មៅ​ថ្លាយង់ ដែលមាន​រោម​ត្របកភ្នែក​ទ​ន្ទ្រាំ​ចាំ​កា​ពារ​មាន​សក់ខ្មៅ​រលើប​ទម្លាក់​រលក​អង្កាញ់​មកលើ​ស្មា ពណ៌​សណ្ដែកបាយ ហើយ​ជា​រនាំង​សម្រាប់​កញ្ចឹងក​ដែល​កម្រើក​ចុះឡើង​ដោយ​សមសួន​ធ្វើឱ្យ​ក្បាល​រេរា​គួរឱ្យ​គយគន់ បីដូច​ដើម​ស្នោ​យោល​ផ្កា​លឿង​ឆ្អិន​ក្នុង​ក្រសែ​ខ្យ​ស់​ជំនោរ។ ម្លេះ​សមនាង​មាន​បបូរមាត់​ពណ៌​ផ្កាឈូក​ដែល​បិទ​ហើយ​បើក ដើម្បី​បង្ហាញឱ្យឃើញ​ធ្មេញ​ស​ថ្លា​ដូច​ផ្កា​ម្លិះលា។ ម្លេះ​សម​នៅលើ​ទ្រូង​អាវ​ព្រែ សាច់​ម៉ដ្ឋខៃ កាត់ដេរ​ឡើង​ប្រណិត​ទុកឱ្យ​ស្មា​នៅ​រាង​ប៉ោង​ក្បំ​លើ​ឱ​រ៉ា នាង​ពាក់​បណ្ដោង​ពេជ្រ​ដែល​ដេញ​រស្មី​ភ្លើង​ភ្លឺ​ពព្រាយ។

ទីឃាវុធ ស្ដាប់​សម្លេង​ច្រៀង​ក្នុង​រាត្រី ហើយ​ស្រមៃ​ឃើញ​ជាក់ច្បាស់​ដូច​ទល់មុខ​គ្នា​នូវ​រូបឆោម​នារី​ដែលមាន​សម្ដី​ពិ​រោះ​ក្រអៅ។ សិស្ស​លី​សេ​មិនដែល​គិតដល់​ម្ដងណា​សោះ​ថា រមណី​វត្ថុ​នេះ​អាច​ចេញ​បានជា​រូបរាង​មួយ​ដែល​ធម្មជាតិ​ពុំមាន​សប្បុរសធម៌​ដើម្បី​តុបតែង​យ៉ាង​នោះទេ។ បើ​អ្នកណា​ចង់​ភ្នាល់​ក៏ ទីឃាវុធ ហ៊ាន​ភ្នាល់​ដែរ សម្លេង​បរិសុទ្ធ​ឥត​មន្ទិល​ឥត​ស្រាំ ឥត​ឆារ​យ៉ាងនេះ​ប្រាកដជា​ពុំមែន​ចេញពី​អង្គ​ខ្លួន​ក្រ​ងិ​ង​ក្រង​ង់​បានឡើយ ! កំពុងតែ​យល់សប្តិ​ទាំង​ភ្នែក​បើក​យ៉ាងនេះ​ស្រាប់តែ​វិទ្យុ​ឈប់​ស្ងាត់ឈឹង អន្ទះអន្ទែង​ក្រហាយ​ក្រហល់​ក្រៃលែង ទីឃាវុធ បិទ​សៀវភៅ​គណិតសាស្ត្រ​ដែល​ខ្លួន​មានបំណង​បញ្ចប់​មេរៀន​មួយ ហើយ​ចាប់​កម្រង​កវីនិពន្ធ​មក​អាន​វិញ។ នាយក​ម្លោះ​បើកក្រប​ជញ្ជក់​ម្ដងទៀត​នូវ​សាច់​កាព្យ “ឡឺ​សូល” របស់​អ័ល​ហ្រិដ​ដឺ​មុ​ស្សេ​ត៍។ មួយសន្ទុះ​ក្រោយមក លុះ​បាន​ផ្លុំ​ពន្លត់​ទៀន​រួច​ស្រ​ច​ហើយ សេចក្ដី​លង់លក់​ក៏​ស្រូប​គំនិត​ចិន្ដា​ចៅ​មាណព ទៅក្នុង​សកល​សុ​បិ​ន្ដ​យល់សប្ដិ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃអាទិត្យ កម្លាំង​ដែល​ភ្ជាប់​អង្គុយ ទីឃាវុធ យ៉ាងយូរ​នៅលើ​គ្រែ​ពី​វិការ​ដ្ឋា​ន​ដែល​វិញ្ញាណ​ប្រតិស្ឋ​ឡើង​ក្នុងពេលដែល​ដេកលក់។ ថ្វីបើ​ដឹងថា​ជាការ​ភូតកុហក ថ្វី​បើជា​ក្ដីសង្ឃឹម​ក្លែងក្លាយ​ដែល​ភ្លឺ​ព្រោង​ព្រាយ​តែមួយ​ភ្លែត​ដូច​ផ្លេកបន្ទោ​រតែក​ម្លោះ​យើង​នៅតែ​សញ្ជឹងគិត​ទៅរក​ដោ​យស​ប្បាយ​ផង ឈឺ​អួល​ផ្សា​ផង។ ជា​ប្រក្រតី​សុ​បិ​ន្ដ​និម្មិត​ជា​តំណ​នៃ​ប្រាកដនិយម។

យល់សប្ដិ​នោះបាន​បន្លប់ ទីឃាវុធ ថា​មាន​រថយន្ដ​ដំបូល​ផ្លឹ​ត​ដែលមាន​នារី​ទី​ត្រួយ​ចិត្តជា​អ្នកបើកបរ ឯ​ខ្លួន​អ្នក​ក​ម្លោះ​ឯង​អង្គុយ​នែបនិត្យ​ក្រេប​ជា​រស​សុភមង្គល​ល្អ រក​និយាយ​ពុំបាន។ រថយន្ដ​បង្វិលខ្លួន​ធូរ​ខ្សៀ​កលើ​ថ្នល់​ចាក់​ជ័រ​ដែលមាន​គគីរ​ខ្ពស់​ត្រ​សៃ​ដុះ​អម​ហែ​សងខាង។ លុះ​ដល់ទី​ថ្នល់​ខ្វែង​ប្រទាក់​គ្នា ឡាន​បត់​តម្រង់​ទៅរក​ភ្នំ​ដែល​ព្រះអាទិត្យ​ពេល​ល្ងាច​កំពុង​យក​មាស​ស្រោប​លើ​កំពូល។ លលក​មួយគូ​ផ្អើល​នឹង​ឡាន ស្ទុះ​ហើរ​យ៉ាង​លឿន​ដោយ​ទទះ​ស្លាប​ញាប់​ខ្មាញ់។ ទីឃាវុធ ក៏​យកដៃ​ទៅ​បបោសអង្អែល​ស្មា​នៃ​ឆោម​ស្និទ្ធ។

រថយន្ដ​ឈប់​គៀក​នឹង​ជើងភ្នំ​ដ៏​មាន​ថ្មធំៗ ដែល​ភ្លៀង​និង​ធាតុអាកាស​បាន​ធ្លាក់​ជា​រូប​សត្វ​រស់នៅ​ក្នុងសម័យ​បុព្វ​ប្រវត្តិសាស្ត្រ។ គូសង្សា​ទំនើប​អង្គុយ​លើ​ថ្មដារ​មួយ​ផ្ទាំង​នៅ​ចំ​ពីមុខ​បឹង​ទឹកថ្លា​ដែល​ក្នុង​ទីនោះ ព្រះ​សុរិយា​កំពុង​ទាញ​ពន្លត់​នូវ​កាំរស្មី​របស់ខ្លួន​ម្ដងមួយ។ ប្រប​ក​ផ្កាព្រលឹត​ដែល​រីក​រហង់​ក៏​ញាប់​ញ័រ​ព្រឺព្រួច ព្រោះ​សុ​ភី​វាត​បក់​មក​ថ្នាក់ថ្នម។ កូន​ត្រី​រ៉ស់ល្អិតៗពណ៌​ក្រហម​រងាល​នៅ​ហែបហែល​ចន្លោះ​ដើម​ស្លា ដែល​កំពុង​យោល​បង្អួត​គ្នា​នូវ​ចង្កោម​ផ្កា​លឿង​ឆ្អៅ និង​ត្រកួន​ផ្កា​ពណ៌​ស្វាយ​ដែល​កំពុង​បោះដៃ​រកគ្នា​រវាម។ រនាល​ស្លាប​ពណ៌​ជម្ពូ​ខំ​រំពៃ​រក​ឆ្មក់​មច្ឆា​ជាតិ​នៅ​រ៉​ប​មាត់បឹង ដើម្បី​ជា​អាហារ​បង្ហើយ​មុនពេល​វិល​រក​ទ្រនំ។ មួយសន្ទុះ​ក្រោយមក បក្សី​ជើងវែង​ស្ទុះ​ហើរ​ទាំងគូៗ ឆ្ពោះទៅ​ទិស​ខាងលិច ឯ​អា​កាល​ក៏​ធ្លាក់​ត្រជាក់​ស្រឺ​ត។

“ទិនករ​ល្អ​ថ្លា​រលាយ​សូន្យ​សល់​តែ​ម្លប់​ក្រអូប​ឈួ​ល” ទីឃាវុធ ខ្សិ​ប​កាព្យ​នេះ​របស់​កវី​បារាំង​ម្នាក់ ដែល​ខ្លួន​ពេញចិត្ត​ហើយ​ស្ងើច​ក្រៃលែង។ ហ្វូង​ជ្រី​ង​ចេញពី​គុហា​ភ្នំ​យក​ស្លាប​ល្អិត​ជ្រាយ​វាយ​អាកាស​ប្រផេះ​នៃ​រាត្រីកាល។ ដោយមាន​សត្វ​នេះ​មួយ​ហើរ​ឆាប​មក​ជិត​នាង​ពេក យុវតី​តក់ស្លុត គេ​ចរក​ជម្រក​ពួន​ភ័យ​នា​ដើមទ្រូង​នៃ​នាយក​ម្លោះ។

មកដល់​ត្រឹមនេះ​សុ​បិ​ន្ដ​ក៏​អន្ដរធាន​បាត់​ទុកឱ្យ ទីឃាវុធ អល់ឯកព្រោះ​សុភមង្គល​ស្រពិចស្រពិល​នេះ នាំឱ្យ​រសាប់រសល់​ខ្វល់​ក្នុង​ចិន្ដា​ពន់ប្រមាណ។

វគ្គទី៣

កែប្រែ

ទីឃាវុធ ជា​សិស្ស​ឧស្សាហ៍ មាន​ប្រាជ្ញា​ឈ្លាសវៃ​នៅ​ថ្នាក់​ទី​ពីរ​នៃ​មធ្យមសិក្សា។ អ្នក​ក​ម្លោះ​ចូលចិត្ត​រៀន​ជីវ​ភាសា​ណាស់ ហើយ​តែង​បាន​លេខបា​នទីល្អៗក្នុង​វិជ្ជា​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ។ មួយទៀត​ដោយបាន​ជាវ​វចនានុក្រម​បារាំង សៀម​មួយ​ក្បាល​មក​ទុកមាណព​ក៏​ខំ​សិក្សា​ភាសា​ជិតខាង​នោះ​ទៀត​ក្នុង​ឱ្យ​កាស​ទំនេរ។ ដូច​ខ្មែរ​ទាំងពួង​ដែរ អ្នក​ក​ម្លោះ​តែង​សរសើរ​ថាភាសា​សៀម​មាន​សម្លេង​ពិ​រោះ។ ហេតុនេះហើយ​បាន​ខំព្យាយាម​ទាល់តែ​អាន​សៀវភៅ​បាន​ខ្លះ ថ្វីបើ​នៅ​រឹងមាត់​និយាយ​ពុំ​សូវ​ច្បាស់ ព្រោះ​ដាក់​ខ្យល់​ខ្ពស់​ទាប​ពុំ​ត្រូវ។

ប៉ុន្ដែ​សិស្ស​នេះ​ពុំ​សូវ​ចូលចិត្ត​វិទ្យាការសាស្ត្រ​ទេ។ ក្នុងពេល​រៀន​រូបសាស្ត្រ ឬ​គណិតសាស្ត្រ ព្រលឹង​តែង​អណ្ដែតអណ្ដូង​ទៅ​ឆ្ងាយ។ មួយទៀត​ពាក្យ​ដែល ទីឃាវុធ និយាយ​ច្រើន​ដូច​ក្នុង​សៀវភៅ​ពេក បានជា​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​តែង​ស្ដីបន្ទោស​ជា​ញឹកញាប់​ថា ខ្វះ​សេចក្ដី​ជាក់លាក់។ ទោះជា​យ៉ាងនេះ​ក៏ដោយ អ្នក​ក​ម្លោះ​តែង​ព្យាយាម​ណាស់ ហើយ​ចាត់​របៀប​ប្រើពេល​យ៉ាង​ទៀងទាត់។ ថ្វីបើ​ទើបតែ​ចាប់​រៀន​អង់គ្លេស តែ​អាច​និយាយ​ភាសា​នេះ​បាន​ខ្លះ ហើយ​អាន​ទស្សនាវដ្ដី​អាមេរិកកាំង ឬ​ប្រលោមលោក​អង់គ្លេស​ក្នុងការ​ប៉ូលីស ឬ​ផ្សងព្រេង​បាន​ធូរ​បង្គួរ។ ជាធម្មតា​ក្មេង​នេះ​អាន​ទាំងអស់​មិន​ថា​អ្វី​ជា​អ្វី​ទេ ចេះតែ​ចង់ដឹង ចង់​យល់​ជានិច្ច។ បើ​គេ​និយាយ​អំពី​នយោបាយ​ក្ដី រឿងកុន​ក្ដី អក្សរសាស្ត្រ​ក្ដី ទីឃាវុធ ចេះ​ជូន​យោបល់ ចេះ​អធិប្បាយ​ដោយ​ពិ​រោះ ហើយ​អ្នកផង​ចូលចិត្ត​ស្ដា​ពើប​លើ​មជ្ឈដ្ឋាន​មួយ​ថ្មី ទីឃាវុធ សម្លឹង​ហើយ​ស្ដាប់​មួយសន្ទុះ ក៏​ថ្លឹង​ឈ្វេងយល់​ភ្លាម​ថា ពពួក​ជន​នោះ​មាន​ប្រាជ្ញា​ត្រឹមនេះ ជម្រៅ​ត្រឹមនោះ។ ត​មក​ក៏​តាំង​លៃ​សំដី​ប្រមាណ​ពាក្យ​ឱ្យបាន​សមល្មម តែ​អ្នក​ទាំងនោះ​រីករាយ​ចង់​ស្ដាប់។ ទោះ​នៅ​ចំពោះមុខ​មនុស្ស​មាន​កិរិយា​យ៉ាងណាក៏ដោយ អ្នក​ក​ម្លោះ​ចេះ​រក​ពាក្យ​មក​ថ្លែង​កម្សាន្ដ​លេង​បាន​ពុំខាន​ឡើយ។ ទាំងនេះ ត្បិត​មានបំណង​តែមួយ គឺ​មិន​ចង់ឱ្យ​អ្នកផង​ឈឺចាប់ ឬ​ថ្នាក់ថ្នល់​ក្នុង​ចិត្ត​ដោយសារ​ខ្លួន​ព្រោះ​ខ្លួន​សោះឡើយ។

ទីឃាវុធ ជា​អ្នក​រហ័ស​ខឹង​បន្តិច ប៉ុន្តែ​ចេះ​ទប់មាត់ទប់ក​បាន មិនឱ្យ​ក្លាយទៅជា​ច្រឡោ​តដល់​ទៅ​ស្រែក​ឡូឡា​នោះទេ។ បើ​ឃើញ​មិត្ត​ណា​ចេះ​ស្រាក​ស្រួល​នឹង​ខ្លួន ចៅ​មាណព​យើង​មានចិត្ត​រីករាយ​នឹក​គុណ​គេ​ពុំ​ភ្លេច​ទេ តែបើ​គេ​ធ្វើ​ព្រងើយកន្តើយ ឬ​រំលោភ​ត្រង់ណា ចិត្ត​អ្នក​ក​ម្លោះ​ក៏​ថ្នាក់ថ្នល់​គ្នាន់គ្នាញ់​មិន​ងាយ​នឹង​រសាយ​បានឡើយ។ ក្នុងពេល​រៀបចំ​មុខ​កិច្ច​ការសិក្សា ទីឃាវុធ ខំ​ផ្ចិតផ្ចង់​មិនឱ្យ​ពួកម៉ាក​កើត​រំខាន​ដល់​ខ្លួន​សោះ ចំណែក​ខ្លួន​វិញ​ក៏​មិន​អត់ឱន​ដល់​ភឿន​ណា​ដែល​ធ្វើឱ្យមាន​អំពល់​បានឡើយ។

ទីឃាវុធ ចូលចិត្ត​កវីនិពន្ធ​បារាំង​ណាស់ តែ​មិន​ស្រឡាញ់​ពួក​បុរាណ​លើស​ពួក​ទំនើប​ទេ ឱ្យតែ​របស់​ទន់​ត្រជាក់​បរិបូណ៌​ដោយ​មនោសញ្ចេតនា​ចុះ​មុខជា​រាប់អាន​ពុំខាន​ឡើយ។ សិស្ស​នេះ​តែងសេចក្ដី​បាន​យ៉ាង​ធូរ បើកាលណា​ត្រូវការ​និយាយ​ពី​ដួងចិត្ត ពី​មនោសញ្ចេតនា។ ប៉ុន្តែ​សាច់​និពន្ធ​ប្រែជា​រដិបរដុប​ទៅវិញ ក្នុងពេលដែល​និយាយ​អំពី​ការណ៍​អ្វី​ដែលមាន​គ្រា​ត​គ្រើម។ ក្នុង​វិស្សមកាល អ្នក​ក​ម្លោះ​តែង​សរសេរ​សំបុត្រ​ជាច្រើន​ច្បាប់​មាន​សេចក្ដី​ទន់ភ្លន់​ទៅរក​មិត្តសំឡាញ់។ ប្រសិនបើ​អ្នក​នោះឯង ថ្លោះធ្លោយ​ពុំបាន​តប​វិញ​ទេ មុខតែ ទីឃាវុធ រង​សេចក្ដី​ឈឺចាប់​ក្រៃលែង។

មួយទៀត ចៅ​មាណព​ចេះ​លើក​កំណាព្យ​ស្រងេះស្រងោច​បរិបូណ៌​ដោយ​សេចក្ដីស្នេហា។ ចំពោះ​គុណជាតិ​នេះ អ្នក​ក​ម្លោះ​បាន​ក្រេប​សោភណភាព​តែ​ដោយ​សៀវភៅ ដោយ​ប្រលោមលោក និង​ដោយ​ភាពយន្ដ​ប៉ុណ្ណោះ។ ទីឃាវុធ តែង​អាន​ដោយ​ចាប់ចិត្ត​នូវ​រឿង​នានា​ដូចជា “ទ្វារ​ចង្អៀត” របស់​អង់​ដ្រេ​ហ្ស៊ី​ដ និង “ប្រិ​យ​នារី” របស់​វ៉ូ​ដ្វា​ឃែ​រ ជាដើម។ មិន​ថា​ទេ បើ​អ្នកនិពន្ធ​មិនសូវ​ប្រសប់​តែង​ពាក្យ គ្រាន់តែ​ធ្វើឱ្យ​ទាក់ចិត្ត​ចុះ មុខជា​រាប់អាន​ពុំខាន​ឡើយ។ ក្មេង​ក​ម្លោះ​នេះ​អាន​ញាប់​ណាស់ រហ័ស​ណាស់ ជួនកាល​ជក់​រឿង​ពេក​ក៏​បញ្ចប់​សៀវភៅ​ក្រាស់​បង្គួរ​តែ​ក្នុង​មួយ​យប់។

រាល់​រសៀល​ថ្ងៃអាទិត្យ ទីឃាវុធ តែង​ចេញពី​សាលា​ដើម្បី​ទៅរក​មើល​កុន។ ក្នុងពេលនោះ​អ្នក​ក​ម្លោះ​តែង​ផ្ទៀង​ឃ្លាំ​ឆាក​ណា ដែល​ប្រកបដោយ​សេចក្ដីស្នេហា​យ៉ាង​ត្រកាល ដូច​គូរ​សង្សារ​ជិះទូក​លេង​ក្នុង​បឹង​ឬ​លំហែ​ដោយ​រថយន្ដ​ដែល​បរ​កាត់​ទេសភាព​យ៉ាង​ចាប់ចិត្ត។ ញញឹម​ដែល​រីក​ពព្រាយ​លើ​បបូរមាត់​ស្រស់​មួយ តែង​ធ្វើឱ្យ​ចៅ​មាណព​សប្បាយ​ជាង​វិកា​រដ្ឋា​ន​អ្វី​ឯទៀត​ទាំងអស់។ លុះ​វិល​មក​ដំណេក​វិញ រូប​សិល្ប​នារី​ទាំងឡាយ​ដែល​ខ្លួន​បានឃើញ​ស្រមោល​ពីថ្ងៃ ក៏​ផុស​អណ្ដែត​ឡើងជា​ថ្មី​ក្នុង​សេចក្ដី​ស្រមៃ​មួយ​ដែលមាន​វង់រស្មី​ស្រោប​ព័ន្ធ​ពន្លឺ​ចិញ្ចាច។ ឱ ! កញ្ញា​មាន​ឆោម​លោម​ពណ៌ ដូច​ទេពអក្សរ ដែល​បាន​បញ្ចេញ​កាយវិការ​ល្វះ​ល្វន់​ក្នុង​ទេសភាព​ល្អឆើត​ឆាយ​ដូច​សួគ៌ា​ល័យ អនុស្សាវរីយ៍​ស្នេហ៍​ទាំងនេះ តែង​មក​ស្ថិតនៅ​ពាសពេញ​ក្នុង​សេចក្ដី​នឹង​រលឹក​របស់​យុវ​បុរស ហើយ​ធ្វើឱ្យ​ដួងចិត្ត​គេ​លេចលង់​ទៅក្នុង​ពិដោរ​កាមារម្មណ៍ ដែល​រសាត់​មកពី​ទី​ឆ្ងាយ។

ជួនកាល ពេល​ដើរ​លំហែ​បាន​នាំ​នាយក​ម្លោះ​ឱ្យ​ប្រទះឃើញ​មួយ​ភ្លែត នូវ​រាង​ក្លៀវក្លំ​នៃ​នារី​មួយ​នាក់។ រូប​ស្រពិចស្រពិល​នេះ បាន​បណ្ដោយឱ្យ​មាណព​យើង​ភ័ន្ដ​ភាំង​ស្មារតី ជំហាន​បោះ​ដើរទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ។ ថ្ងៃមួយ​កំពុង​ដើរ​តាម​វិថី​ផ្សារ​ស្រាប់​តែមាន​អារម្មណ៍​ថា មាន​ក្រសែភ្នែក​សំឡឹង​ខ្លួន។ ទីឃាវុធ ងើយ​មើល​ឡើយ​លើ​ឃើញ​នារី​ចិន​ម្នា​ក់សក់​សឹង​ម៉ឹង សាច់​ដៃ​ទ្រលុក​ច្រត់​លើ​មាត់​បង្អួច ហើយ​បង្ហើរ​ញញឹម​ទៅ​ទិស​មួយ​ដែល ទីឃាវុធ ស្មានថា​ត្រង់​មករក​ខ្លួន។ គ្រាន់តែ​ប៉ុណ្ណោះ​ក៏​ព្រលឹង​អណ្ដែតអណ្ដូង​ស្វែងរក​ការ​យល់សប្ដិ ជើង​លែង​ជាប់​នឹង​ដី​ទៅហើយ។

មួយទៀត ទីឃាវុធ មិន​ចូលចិត្ត​ឭ​សំដី​បន្ថោក​បន្ទាប ឬ​បង្គាប់​អំពី​ស្ត្រីភេទ​ទេ តែ​កាន់ជើង​ឥត្ថីភាព​ជានិច្ច ទោះបី​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ។ ក​ម្លោះ​មាន​យោបល់​ថា គួរតែ​ផ្ដាច់​នារី​ខ្មែរ​ឱ្យ​ផុត​ស្រឡះ​ពី​ប្រពៃណី។ ប្រសិនបើ​ឃើញ​ស្ត្រី​ណាមួយ​ប្រព្រឹត្ត​ឆ្គង និង​កន្លង​ចរិយា​បថ ទីឃាវុធ តែង​ថ្នាក់ថ្នល់​ក្នុង​ចិត្ត​ដែរ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ក៏​រក​លេស​បានមក​លើក​ទោស​ឱ្យ​ជានិច្ច។

វគ្គទី៤

កែប្រែ

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លុះ​បាន​ត្រា​ត្រែង សញ្ជប់សញ្ជឹង​ក្នុង​គំនិត​ឥត​ប្រាកដនិយម​យ៉ាងនេះ​អស់​ពេល​យ៉ាង​វែង​មក ទីឃាវុធ ក៏​ចូលទៅ​លប់មុខ​សិតសក់​រៀបចំខ្លួន​បាន​ស្រស់បស់។ ចេញ​ផុតពី​ភាព​រាយមាយ​កាលណា អ្នក​ក​ម្លោះ​ក៏​ក្លាយជា​អ្នក​លើ​ច​លេង​ក្អាកក្អាយ​ក្នុងចំណោម​ពួកម៉ាក​ជាច្រើន​នាក់។ លុះ​ឃើញ​មាណព​និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង​ដូច​គ្រា​ឥឡូវនេះ អ្នកផង​ដែល​ពុំដែល​ស្គាល់​ពីមុនមក​មុខតែ​មិនអាច​ស្មាន​បានទេ ថា​កាលពី​កន្លះ​ម៉ោង​មុនគេ​ជា​មនុស្ស​រវើរវាយ។

ក្នុងឱកាស​រៀបចំ​មុខ​រៀន ទីឃាវុធ ខំ​ផ្ចិតផ្ចង់​មិនឱ្យ​ល្អៀង​ទេ។ នៅលើ​មែក​ថ្កូវ​ជិត​បន្ទប់រៀន គ្រលឹង​គ្រ​លោង​ស្រវឹង​ដោយ​ពន្លឺ​ថ្ងៃ និង​សន្តិភាព​របស់​ធម្មជាតិ​ច្រៀង​ត​គ្នា​ពុំ​ដាច់​ពី​មាត់​ដែលជា​ហេតុនាំឱ្យ​ចៅ​មាណព​គួច​នឹក​ព្រួយ​ទៅ​ភូមិកំណើត ដែលជា​ភូមិតូច​មួយ​តាំងនៅ​កណ្ដាល​វាលស្រែ​ចម្ងាយ​ជាង១០គ.ម ពី​ក្រុង​បាត់ដំបង​តាមផ្លូវ​ថ្នល់​ទៅ​មង្គលបុរី។ មួយសន្ទុះ ទីឃាវុធ នឹក​ដល់​រលក​សន្ទូង និង​ពង្រោះ​ដែល​អង្កាញ់​ប្រដេញ​គ្នា​តាម​ក្រោម​រស្មី​ភ្លឺ​ថ្លា​នៃ​ព្រះ​សុរិយា ឬ​ដល់​ដងអូរ​ក្បាល​ស្រែ​ដែល​ខ្លួន​ធ្លាប់​នាំគ្នា​គ្នី​ទប់ទឹក​បាច​ចាប់​ត្រី។ ក​ម្លោះ​គិត​ឃើញ​ដោយ​រីករាយ​ថា នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​នឹង​ដល់​វិស្សមកាល​ឈប់​ចូលឆ្នាំ​ចិន​ហើយ។ អៃ​យ៉ា! ខ្លួន​នឹង​បាន​ឱកាស​ទៅលេង​ភូមិកំណើត​ហើយ​តើ!

រសៀល​ថ្ងៃនោះ ទីឃាវុធ ស្លៀកពាក់​ស្អាតបាត​ហើយ​ចេញពី​សាលា​ទៅ​ដើរ​ជាមួយ​មិត្ត​ភ័ក្ដិ​តាម​វិថី​មហាធានី។ បន្តិចក្រោយមក​ក៏​នាំគ្នា​នាំចូល​ទៅ​ញ៉ាំ​ទឹកក្រូច​នៅ​ភោជនីយដ្ឋាន “កុន​សាន” ទំរាំ​រោងកុន “ដេ​អិន” បើកទ្វារ​នឹង​ទិញ​សំបុត្រ​ចូល​មើល។ ពួក​យុវជន​ប្ដូរ​យោបល់​គ្នា​ដោយ​ប្រៀបផ្ទឹម​ការ​ប៉ិនប្រសប់​អ្នកដើរតួរ​កុន ស្រី-ប្រុស ហើយ​សើច​ធូរ​ស្រួល​សប្បាយ ទីឃាវុធ ជូន​ឧទាហរណ៍​ដោយ​ធ្វើ​ត្រាប់​អ្នកដើរតួរ​បារាំង​ម្នាក់​យ៉ាង​ក្រមាច់​ក្រមើម​នាំឱ្យ​សើច​ផ្ទុះ​ប្រាវ​ទទួល​ឡើង។

មិន​ប៉ុន្មាន​នាទី​ក្រោយមក កណ្ដឹង​អគ្គិសនី​រោង “ដេ​អិន” រោទិ៍​រន្ថាន់ ឯ​ទ្វារ​ដែក​ខាងមុខ​ក៏​បើក​ញែក​ជា​ពីរ​ផ្នែក​រួច​ចូល​គៀន។

ទីឃាវុធ ក្រោកឈរឡើង​ស្មើនឹង​គេ​ដែរ ក៏​ឧទាន៖ នៅតែ​មួយអាទិត្យ​ទៀត​ទេ យើង​ដល់ពេល​ឈប់​ចូលឆ្នាំ​ចិន​ហើយ…… មកដល់​ត្រង់នេះ​អ្នកនិពន្ធ​សូម​បើក​វង់ក្រចក​មួយ ដើម្បី​សូមឱ្យ​អ្នកអាន​អភ័យទោស ដោយបាន​ថ្លែង​រៀបរាប់​វែង​បន្តិច​អំពី​បរិយាកាស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ឆ្នាំ គ.ស ១៩៣៩ ហើយ​អំពី​កិរិយា​ទឹកចិត្ត​អ្នក​ក​ម្លោះ ទីឃាវុធ។ ប៉ុន្ដែ​អ្នកនិពន្ធ​យល់ថា​ជាការ​ចាំបាច់​ណាស់ ដើម្បី​ងាយ​យល់​រឿង​ដែល​ហូរ​ល្អិ​លតា​ម​នារី​នៃ​ជីវិត​ដែល​លើក​មក​ពណ៌នា​ក្នុង​គ្រានោះ។

វគ្គទី ៦ យល់សប្តិ​គង់​ក្លាយជា​ការពិត​មួយដង​មួយ​កាល​ដែរ

កែប្រែ

​​ កាលពី​យប់​មាន​ភ្លៀង​មួយ​មេ​ធំ។ ភ្លៀង​ធ្លាក់​ក្នុង​រដូវ​នេះ ជាការ​ចំឡែក​ដែរ​មិនសូវមាន​ទេ។ ទឹកល្អក់​ខ្វល់​កាត់​ក្នុង​ជង្ហុក និង​វិថី​នៃ​ក្រុង​បាត់ដំបង។ នៅពេល​បៀ​ប​ភ្លឺ ទីឃាវុធ ទុំ​បន្តើត​លើ​រ៉ូ​ម៉ក​ដែល​ដឹក​វ៉ា​លី​ស​ខ្លួន​មួយ​ផង​បាន​សំដៅ​ឆ្ពោះទៅ​ស្ថានីយ៍​រថភ្លើង ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​នា​ភូមិ​អូរ​តា​គី ក្នុងអំឡុងពេល​ឈប់​បុណ្យចូលឆ្នាំ​រួច អ្នក​ក​ម្លោះ​ក៏​បានមក​ស្នាក់អាស្រ័យ​នៅផ្ទះ​បងប្អូន​ក្នុង​ក្រុង​មួយ​យប់ ដើម្បី​ក្រោក​មក​ជិះ​រថភ្លើង​ឱ្យបាន​ទាន់ពេល​ព្រោះ​ត្រូវ​ចេញដំណើ​លពីព្រហាមស្រាង។

យាន​តូច​បាន​បត់​កាច់​ចូល​តាម​ថ្នល់​ត្រង់​ទៅ​ស្ថាននីយ៍។ ផ្លូវ​នេះ​មានទឹក​ដក់​តាម​ក្រឡុក​ច្រើន​អនេក ព្រោះ​ខ្វះ​ការ​ជុស​ជុល​ជា​យូរយារ​ណាស់​មកហើយ។ ផ្ទៃ​ថ្នល់​ជា​ភក់​ស្អិត​ដូច​បាយម៉ាន។ ស្រាប់​តែមាន​រថយន្ដ​ប៊ឺ​ហ្សូ ៤០២ មួយ​បរ​យ៉ាង​លឿន​ជៀស​ហួស​ទៅដោយ​បាចទឹក​កខ្វក់​មកលើ​អ្នក​ដែល​វាររគើម។ អ្នក​រ៉ឺម៉ក​ក៏​តាំង​ជេរប្រទេច។ ឯ​ទីឃាវុធ បាន​សម្លឹងមើល​លេខ​ឡាន ហើយ​ស្គាល់​ជាក់​ជា​របស់​អ្នក សៅ​រ័​ប្យ។

ស្ត្រី​នេះ​ជា​ប្រពន្ធ​មួយ​តួ ក្នុងចំណោម​ប្រពន្ធ​ច្រើន​នាក់ របស់ ពញាគ​ទាធរ អតីត​ទេសាភិបាល​បាត់ដំបង​ក្នុងសម័យ​អាណាចក្រ​សៀម។ក្រោយមក ក្នុង​គ្រា​ផែនដី “ភ័ន្ដ​ប្រែ” បាត់ដំបង​ត្រូវ​បានមក​រួបរួម​ក្នុង​អាណាចក្រ​ខ្មែរ​វិញ អ្នក សៅ​រ័​ប្យ ក៏​រត់​ភៀសខ្លួន​ជាមួយ​ចង្កោម​ប្រពន្ធឯទៀតៗ ដើម្បី​ទៅតាម​ស៊ី​បុណ្យ “លោក​ម្ចាស់” ជា​ស្វាមី​ឯ​ប្រទេស​សៀម​ទៀត។ ដោយ​បានរួម​វាសនា​ចែក​ហ៊ុន​គ្នា​ជាមួយ​ស្ត្រី​ឯទៀត​ផងអ្នក សៅ​រ័​ប្យ ក៏​ទទួលបាន​កូនស្រី​មួយ កូនប្រុស​មួយ​ពី ពញាគ​ទាធរ មួយអន្លើ និង​ទ្រព្យសម្បត្តិ​ជា​មរតក​យ៉ាង​ក្រាសក្រែល។ ឥឡូវនេះ អ្នកសៅ​រ័​ប្យ រំលៀកខ្លួន​ត្រឡប់មក​ចូល​ដែល​កំណើត​វិញ​ហើយ​សង់​ផ្ទះថ្ម​មួយ​ស្កឹមស្កៃ​កំណាច​នៅ​ភូមិ​វត្ត​លៀប។

អ្នក សៅ​រ័​ប្យ ក្ដី​បុត្រាបុត្រី​គាត់​ក្ដី​ដែល​អ្នក​បាត់ដំបង​ហៅ​ដោយ​គោរព​ថា “ឃុន” ៗ នោះ​តែង​ចេញ​បង្អួត​ឱ្យ​អ្នកផង​កោត​ថា ខ្លួន​ជា​អ្នកមាន​ទ្រព្យ ជា​អ្នក​អម្បូរខ្ពស់ ហើយ​ជា​អ្នក​ធ្លាប់​នៅ​ទីក្រុងធំ។ នៅក្នុង​ផ្ទះ​គាត់​ដែល​តុបតែង​ដោយ​វត្ថុ​ច្រើន​ស្អេកស្កះ ឥត​សមសួន​សោះ គឺមាន​ប្រើ​សុទ្ធតែ​របស់ថ្លៃៗឱ្យគេ​ស្ញប់ស្ញែង​ដូចជា ផ្តិលមាស ប្រអប់​ស្លា​មាស​ជាដើម។ ថ្វីបើ​គាត់​មាន​អាយុ​ហាសិប​ប្លាយ​ទៅហើយ គាត់​នៅ​ស្លៀក​ខៀវ​ពណ៌ស្រស់ៗមុខ​គាត់​ទទះ​ម្សៅ​រទូសៗ ជើង​គាត់​ពាក់​ស្បែកជើង​ផ្ទូ​ខ្មៅ ចុង​ស្រួច​ហើយ​ង​ឡើងលើ ហើយ​គាត់​ដើរ​កែក្រាយ​ខ្នង​បន្ទេរ​មក​ក្រោយ​បន្តិច​ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ​មាន​ឫក​ខ្ពស់​ក្រអឺត​បែប​ចង់​សម្ដែង​ឱ្យឃើញថា ដី​នេះ ទីនេះ កាលពីដើម​ម៉ិ​ញ​ជា​របស់​ប្ដី​អញ គឺ​នៅ​ជា​របស់ខ្លួន​អញ​ខ្លះ​ដែរ។

ចំណែកឯ​កូនប្រុស​គាត់ ជើងខោ​ព្រែ​ខ្មៅធំៗប៉ុន​ការុង​អំបិល ហើយ​ពាក់អាវ​ព្រែ​អន្លូញ​តា​ប្លោកធំៗ ពណ៌​ខៀវ​ក្រហម ថ្ងៃៗឡើង គិតតែ​ពី​បើកឡាន​ដើរ​ជល់​ត្រី​ក្រឹម ឬ​ជល់​មាន់ ហើយយប់ៗឡើង ដើរ​ចែចង់​ស្រី​ជាមួយ​ដៃគូ​ត្បាញ​អាយ​ពីរ​បីនាក់។ រីឯ”ឃុន” ស្រី​វិញ​អស្ចារ្យ​ហើយ ដឹង​តែ​ប្រ​ភឹប​តែម្ដង ជិះ​កង់​ជិះ​ម៉ូតូ​តែងខ្លួន​ភោ​ភាវ​រក​គ្មាន​ពីរ​ទេ​ក្នុង​ដែន​បាត់ដំបង! ឃុន​ឯលិច ឃិន​ឯកើត អ្នក​ដងស្ទឹង​សង្កែ​ភាំង​ស្មារតី ដោយ​មិនដែល​ឃើញ​សោះ​នូវ​សេចក្ដី​ហ៊ឺហា​ចម្លែក​ដល់​ម្លេះ​ឡើយ ត្បិត​សម័យនេះ​ពុំ​ដែលមាន​ស្ត្រី​មានពូជ​អម្បូរ​ណា​ហ៊ាន​ជិះ​ទោច​ក្រ​ក្រ​យាន​ឡើយ។
[នៅ​មាន​ត]

អ្នកនិពន្ធ នូ ហាច
១៩៧២

ឯកសារយោង

កែប្រែ