មុច្ចលិន្ទវគ្គ ទី ២
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ឧទាន > មុច្ចលិន្ទវគ្គ ទី ២
(សៀវភៅលេខ ៥២ ទំព័រទី ១៣៣)
បឋមសូត្រ (ទ. ១៣៣)
កែប្រែ[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ ។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំដូចកាលកើតឡើង ។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយ នៃព្រះមានព្រះភាគដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំបាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយ នៃព្រះមានព្រះភាគ និមិត្តភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីន៎ុះហើយ ទ្រង់បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖
- វិវេក (១) របស់បុគ្គល អ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា (non-affliction) និងការសង្រួម (restraint) ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក (dispassion) ការប្រព្រឹត្តិកន្លងកាមទាំងឡាយ (overcoming of sensuality) ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានៈ ((subduing of conceit) ដំណើរន៎ុះ ឈ្មោះថាជាសុខយ៉ាងក្រៃលែង (ultimate blissful) ។ សូត្រទី ១ ។
- (១) បណ្តាវិវេក (blissful, សេចក្តីស្ងាត់, ការចាកអារម្មណ៍សៅហ្មង, ការពិចារណាឃើញសេចក្តីពិត) ៣ យ៉ាង ពោលគឺ កាយវិវេក (សេចក្តីស្ងាត់កាយ), ចិត្តវិវេក (សេចក្តីស្ងាត់ចិត្ត) និង ឧបធិវិវេក (សេចក្តីស្ងាត់កិលេស) ។ វិវេកក្នុងទីនេះ សំដៅយកឧបធិវិវេក គឺព្រះនិព្វាន ។ អដ្ឋកថា ។