ម៉ង់តេរីយើ
ម៉ង់តេរីយើ ( ១៦៨៩-១៧៥៥ នៃគ.ស. )
ជីវប្រវត្តិរបស់ ម៉ង់តេរីយើ លោក ម៉ង់តេរីយើ ជាទស្សនវិទូនយោបាយ ជាអ្នកប្រវត្តិវិទូ ជាអ្នកនិពន្ធប្រលោមលោក របស់បារាំងម្នាក់ និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបនិកមួយរូប ខាងសង្គមវិទ្យា និងជាបិតា នៃវិទ្យាសាស្រ្តនយោបាយទៀតផង ។ គាត់កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ១៦៨៩ នៃគ.ស. នៅតំបន់ប្រេដ នៃខែត្រជីរុន សាធាណរដ្ឋបារាំង ។ ហើយបានទទួលមរណកាល នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៧៥៥ ក្នុងជន្មាយុ ៦៦ ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ គាត់ក៏ធ្លាប់ជាទីប្រឹក្សាសភា ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ ។ នៅក្នុងឆ្នាំ ១៧២៦ គាត់លះបង់ការងារទាំងអស់ ដើម្បីយកពេលវេលា ធ្វើការសញ្ជឹងគិត និងធ្វើទៅក្រៅប្រទេស មានអ៊ីតាលី ហុងគ្រី ហូឡង់ដ៏ និងប្រទេសអង់គ្លេសជាដើម ។
ស្នាដៃ
គោលការណ៍សំខាន់របស់គាត់ គឺការផ្គត់ផ្គង់ច្បាប់ និងការបែងចែកអំណាចក្នុងរដ្ឋ ។ ក្នុងស្នាដៃដ៏ល្បី ២ របស់ម៉ង់តេរីយើនៅក្នុងគំនិតនោបាយគឺ៖
- ទី ១. ការសិក្សាបញ្ហាកត្តាទូទៅ ដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ «ឌឺ ស្ពីរីត អហ្ថ ឡរ "The Spirit of Law" (1728-1748)» ស្នាដៃនេះត្រូវបានបោះពុម្ពជាលើកទីមួយនៅក្នុងឆ្នាំ ១៧៤៨ ។ លោក ម៉ង់តេរីយើ បានធ្វើការកត់សម្គាល់ថា «មានមនុស្សជាច្រើន ដែលដឹកនាំមនុស្សរួមមាន អាកាសធាតុ សាសនា ច្បាប់ និងគោលការណ៍នៅក្នុងអតីតកាល ដូចជាសីលធម៌ ទំលាប់ ប្រពៃណី លទ្ធផលទាំងអស់នេះ បង្កើតបានជាព្រលឹងទូទៅរបស់ប្រជាជន »។
- ទី ២. សមិទ្ធិផលដែលលោក ម៉ង់តេរីយើ ទទួលបានគឺ ទ្រឹស្តីនៃការបែងចែកអំណាច។ ស្ថាបនិកទាំងអស់នៃទ្រឹស្តី បែងចែកអំណាចនោះ គឺអារីស្តូត និងផ្លាតូ បន្ទាប់អាគ្វីនីស និងចន ឡុក ។ ទ្រឹស្តីនេះ គេបានឃើញជាលើកទីមួយ នៅក្នុងក្រឹត្យច្បាប់ក្នុងប្រទេសអង់គ្លេស ក្នុងដំណាក់កាលនៃការគ្រប់គ្រងដោយក្រូមវែល ។ លោក ម៉ង់តេរីយើ បានឲ្យគំនិតជាទ្រឹស្តីថា «អំណាចនយោបាយ តែងតែអនុវត្តន៍ រំលោភលើច្បាប់ ដូច្នេះច្បាប់កំពូលអាចស្ថិតស្ថេរល្អនៅបាន លុះត្រាតែបែងចែកអំណាចនោះ ជានិតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ហើយធ្វើយ៉ាងណា ដើម្បីឲ្យស្ថាប័នអំណាចនិមួយៗ មានសកម្មភាពជាឯករាជ្យ ដាចចេញពីគ្នា» ។
A painting of Montesquieu | |
កើត | 18 January 1689 Château de la Brède, La Brède, Aquitaine, France |
---|---|
ស្លាប់ | 10 កុម្ភៈ 1755 Paris, France | (អាយុ 66 ឆ្នាំ)
សម័យ | 18th-century philosophy |
តំបន់ | Western Philosophy |
School | Enlightenment |
Main interests | Political Philosophy |
Notable ideas | Separation of state powers: executive, legislative, judicial; classification of systems of government based on their principles |
Influenced
|
គាត់ធ្លាប់សិក្សាពីច្បាប់ តែគាត់ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ពីព្រោះគាត់ចង់ស្វែងយល់ ពីគោលការណ៍ «ស្ពីរីត» របស់វា ។ ពាក្យថា គោលការណ៍ «ស្ពីរីត» មានន័យថា «ជាកម្លាំងជំរុញ» ឬអាចនិយាយបានថា «ជានិន្នាការ» ដែលនាំឲ្យគេដើរទៅមុខ ។ បើយើងធ្វើការប្រៀបធៀបនិយមន័យខាងលើ ទៅនឹងចំណងជើងសៀវភៅដ៏ល្បីល្បាញរបស់គាត់នោះ គឺចង់និយាយថា ហេតុដូចម្តេចបានជានៅក្នុងប្រទេសមួយមានច្បាប់ខុសៗគ្នា ? ដូចម្តេចបានជាច្បាប់ខ្លះ មានប្រសិទ្ធិភាព ហើយខ្លះទៀតគ្មាន ? វណ្ណកម្មដ៏ធំសម្បើមនេះ ចែកចេញជា ៣១ សៀវភៅ ដែលបែងចែកជា ១៥ ទៅ ២០ ជំពូក ក្នុងសៀវភៅនិមួយៗ ។ គេចាត់ទុកលោកជានយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់ សុទ្ធសឹងធ្វើ ការសិក្សាអំពីរបបគ្រប់គ្រងរបស់រដ្ឋ ។ លោកម៉ង់តេរីយើបានដាក់ចំណងជើងសៀវភៅរបស់គាត់ ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញមានលក្ខណៈនយោបាយទេ ៕
ទ្រឹស្ដីរបស់ ម៉ង់តេរីយើ
កែប្រែទ្រឹស្តីស្តីអំពីច្បាប់
កែប្រែលោក ម៉ង់តេរីយើ បានឲ្យនិយមន័យចំពោះពាក្យច្បាប់ថា «នៅក្នុងន័យទូលំទូលាយរបស់វា ច្បាប់គឺ ទំនាក់ទំនងចាំបាច់ទាំងឡាយ ដែលចេញមកពីអ្វី និងអ្វីដែលនឹងកើតឡើង ។ គាត់បានអះអាងថា «ច្បាប់ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ ខ្លួនចេញពីមូលហេតុ ២ យ៉ាង កាយមូលហេតុ និងសីលមូលហេតុ ។
- ១.កាយមូលហេតុ ជាមូលហេតុដែលមានចំណងទាក់ទងទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន ។ ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស ។ ដោយមនុស្ស ជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ ។ ច្បាប់ដែលកើតចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយនូវឥទ្ធពលនៃអាកាសធាតុ ដូច្នេះ សម្រាប់តំបន់ពីខុសគ្នា ច្បាប់ ក៏មានលក្ខណៈខុសគ្នាដែរ ។ សង្គមបែបណា បរិយាកាសបែបណា ភូមិសាស្រ្តបែបណា ប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា មុខជំនាញឯកទេសបែបណា មនុស្សបែបណា នាំឲ្យច្បាប់ មានលក្ខណៈ បែបនោះដែរ ។
លោកបានបញ្ជាក់ថា «ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុត ទៅនឹង ការប៉ិនប្រសប់នានា ដែលប្រជាជនខុសៗ គ្នា មានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជាមធ្យោបាយចិញ្ចឹមជីវិត» ។ ក្នុងចំណោមកាយមូលហេតុ កត្តាភូមិសាស្រ្ត ក៏ជាមូលហេតុចម្បង នៃកំណកំណើតច្បាប់ និងរដ្ឋ ។
- ២.សីលមូលហេតុ ជាមូលហេតុដែលស្តែងឡើង ជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹង កាយមូលហេតុ គឺកើតឡើង នៅពេលដែលសង្គមមានការរីកចម្រើន ផ្នែកអរិយធម៌ ។ ទាក់ទងទៅនឹងមូលហេតុ ប្រភេទនេះ មានគោលការណ៍ នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី ។ សីលមូលហេតុ គឺជាមូលហេតុ នៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗ រូប ។ មូលហេតុនេះ មានឥទ្ធិពល ទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ ។
ប្រភពច្បាប់ចែកជាពីរ៖
- -ច្បាប់ពិភពរូបវន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។
- -ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស ។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើន មានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស ។ គាត់ចែកច្បាប់ពិភពបញ្ញា ចែកចេញជា ៣ ទៀត គឺ៖ ១.ច្បាប់សាសនា, ២.ច្បាប់សីលធម៌, ៣.ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី។
ទ្រីស្តីស្តីអំពីរបបគ្រប់គ្រងរដ្ឋ
កែប្រែលោក ម៉ង់តេរីយើ បានធ្វើការបែងចែករបបនយោបាយជា ៣ ប្រភេទគឺ
- ១.របបសាធារណរដ្ឋ គឺជារដ្ឋ របស់ប្រជាជនទាំងមូល ឬមួយផ្នែក ។ លោកបានបែងចែក សាធារណរដ្ឋជាពីរ គឺប្រជាធិបតេយ្យ និងអភិជនាធិបតេយ្យ ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជាជនទាំងមូល ផ្គុំគ្នាជាអង្គធំមួយនោះ ជាប្រជាធិបតេយ្យ ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ ប្រជាជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ ។
- ២.របបរាជាធិបតេយ្យ ជារដ្ឋរបស់មនុស្សម្នាក់ ដែលស្ថិតនៅ ក្រោមច្បាប់ ដែលមិនប្រែប្រួល និងដែលច្បាប់នោះ បម្រើគោលបំណង តែមនុស្សម្នាក់ខាងលើ ។
- ៣.របបផ្តាច់ការធិបតេយ្យ ជារបបមនុស្សម្នាក់ ដែលនៅលើច្បាប់ ។
របបនិមួយៗ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋ និមួយៗ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។ លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ ។ លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ ។ នៅក្នុងសាធារដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួនឯង ដើម្បីផលប្រយោជន៍ សាធារណៈ ។ នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គម ការស្គាល់នាទីខ្ពស់ទាប នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ ។
ទ្រឹស្តីស្តីអំពីអាកាសធាតុ
កែប្រែលោក ម៉ង់តេរីយើ ពិនិត្យឃើញថា អាកាសធាតុមានឥទ្ធិពល ទៅលើចរិតមនុស្ស ហើយដោយសារមនុស្ស ជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពល ទៅលើច្បាប់ដែរ ។
- ១.ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស
ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង ។ លោក ម៉ង់តេរីយើ សរសេរថា « គេមានកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់ គេមានការទុកចិត្តលើខ្លួនឯងជាង គេមានសេចក្តីក្លាហានជាង គេមានចំណង់ សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង» ។
- ២.ឥទ្ធិពលអាកាសធាតុទៅលើច្បាប់
ច្បាប់ដែលសម្តែងចេញ ពីចរិតមនុស្ស តណ្ហារបស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ស្នាម ធាតុអាកាស នៅជាមួយដែរ ។ ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋកិច្ច ហើយច្បាប់ ក៏មិនដូចគ្នាទេ សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជនជាអ្នកនេសាទ ។ លោក ម៉ង់តេរីយើ បានសរសេរថា «ច្បាប់ ត្រូវមានទំនាក់ទំនង ជាមួយនឹងរូបសាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករ ជាអ្នកប្រមាញ់ ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេ ទំនៀមរបស់គេ» ។ ដូច្នេះ ពាក្យអាកាសធាតុនេះ លោក ម៉ង់តេរីយើ ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុភូមិសាស្រ្តប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួម គ្រប់លក្ខណៈសង្គមសាស្រ្តទាំងអស់ ។ ហេតុនេះហើយ បានជាគេចាត់ទុកលោក ម៉ង់តេរីយើ ជាស្ថាបនិកសង្គមវិជ្ជាពិតៗ ។
ការវិភាគស្តីអំពីអំណាច
កែប្រែ- ក) ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ
ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់ អង្គកណ្តាលផ្សេងៗ ដែលស្ថិតនៅចន្លោះ រវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង ៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត ។ វណ្ណៈទាំងឡាយ ដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំង ទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តី នៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន លុះត្រាតែមាន ទ្រឹស្តី នៃការបែងចែកអំណាចផ្តេក មកបង្ក្រប់បន្ថែមដែរ ។
- ខ) ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក
ដើម្បីមានស្ថេរភាព នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមាន ការបែងចែកអំណាចរដ្ឋ ព្រោះថា ការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យមានសមាជិក នៃសង្គម ទទួលបាន នូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេស គឺស្ថេរភាពសង្គមតែម្តង ។
លោក ម៉ង់តេរីយើ បានបែងចែកអំណាច ដូចខាងក្រោមនេះ
- ១.អំណាចនិតិបញ្ញត្តិ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់ ។ អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ ទៅឲ្យសភាពីរជាន់ ជាអ្នកកានើកាប់ គឺសភាអភិជន (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភាជាន់ទាប) ។ ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទី ជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិ របស់ព្រះរាជា និងមានតួនាទី ជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាព ប្រតិបត្តិ ក្នុងសង្គមទាំងមូល ។
- ២.អំណាចនិតិប្រតិបត្តិ ជាអំណាចប្រតិបត្តិ តាមឆន្ទៈ របស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំ ដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាច ដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព ។ អំណាចនេះ មានបង្កប់នូវចរិត ជាអំណាចនៃច្បាប់អន្តជាតិផងដែរ ។ អំណាចនេះ ត្រូវប្រគល់ ទៅឲ្យព្រះមហាក្សត្រ ជាអ្នកកាន់កាប់ ។ អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិ ជំទាស់ចំពោះ អំណាចនិតិបញ្ញត្តិផងដែរ តាមនិតិវិធី នៃការប្រើសិទ្ធិ របស់ស្តេច ។
- ៣.អំណាចតុលាការ ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌ នៃច្បាប់រដ្ឋប្បវេណី ។ អំណាចនេះ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនិមួយៗ ដែលកាន់កាប់ អំណាចតុលាការ ។
គោលការណ៍ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់មិនឲ្យអំណាច ដែលស្ថិតនៅក្នុងដៃ បុគ្គលណាម្នាក់ នោះអាចនាំទៅរកសេចក្តីវិនាស ដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តី នៃការបែងចែកអំណាចនេះ លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បីរក្សា នូវតុល្យភាព នៃអំណាចទាំង ៣ របស់រដ្ឋ ។ មួយទៀត គោលដៅ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ដើម្បីប្រឆាំង នឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួល ទំនាស់រវាង របបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ ជៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា «សារជាតិរបស់មនុស្ស បើកាលណា បានអំណាចនៅក្នុងដៃ របស់ខ្លួនហើយ មនុស្សនោះ នឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងក្រោយ» ។ ដូច្នេះ ធ្វើយ៉ាងណា ឲ្យអំណាច ទប់ទល់នឹង អំណាច ពីព្រោះមនុស្សទាំងអស់ ដែលមានអំណាច តែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស ៕