[១០] ​ម្នាល​ភិក្ខុ​ទាំងឡាយ យោគៈ (កិលេសជា​គ្រឿង​ប្រកប​សត្វ​ទុក ​ក្នុង​វដ្តៈ) ​នេះ​មាន​ ៤ យ៉ាង ។ យោគៈ ៤ យ៉ាង ​តើ​ដូច​ម្តេច ? ​គឺ​ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ កាមយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើត​ឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​កាម​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​កាម​ទាំងឡាយ ​ក៏​កើត​មាន​តម្រេក​ក្នុង​កាម ​សេចក្ដី​រីករាយ​ក្នុង​កាម ​សេចក្ដី​សេ្នហា​ក្នុង​កាម ​សេចក្ដី​ងប់​នៅ​ក្នុង​កាម ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​កាម ​សេចក្ដី​អន្ទះអន្ទែង ​ព្រោះ​កាម ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​កាម ​សេចក្ដី​ប្រាថ្នា ​ក្នុង​កាម​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ កាមយោគៈ [​បាន​ដល់​សេចក្ដី​ត្រេកត្រអាល ប្រកប​ដោយ​កាមគុណ ​ទាំង​ ៥ ។ អដ្ឋកថា ។] ។ កាម​យោគៈ ដូច្នេះឯង ។

ភវយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ភព​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់​ផង នូវ​ភព​ទាំងឡាយ ​ក៏​កើត​មាន​តម្រេក​ក្នុង​ភព ​សេចក្ដី​រីករាយ​ក្នុង​ភព ​សេចក្ដី​ស្នេហា​ក្នុង​ភព ​សេចក្ដី​ងប់​នៅ​ក្នុង​ភព ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​ភព ​សេចក្ដី​អន្ទះអន្ទែង​ព្រោះ​ភព ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​ភព ​សេចក្ដី​ប្រាថ្នា​ក្នុង​ភព ​ក្នុង​ភព​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ភវយោគៈ [​បាន​ដល់​សេចក្ដី​ប្រាថ្នា ​និង​សេចក្ដី​ត្រេកអរ ​ក្នុង​រូបភព ​និង​អរូបភព ។] ។ កាមយោគៈ ​និង​ភវយោគៈ ដូច្នេះឯង ។

ទិដ្ឋិយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ទិដ្ឋិ​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ មិន​ដឹង​ច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ទិដ្ឋិ​ទាំងឡាយ ​ក៏​កើត​មាន​តម្រេក​ក្នុង​ទិដ្ឋិ ​សេចក្ដី​រីករាយ​ក្នុង​ទិដ្ឋិ ​សេចក្ដី​ស្នេហា​ក្នុង​ទិដ្ឋិ ​សេចក្ដី​ងប់​នៅ​ក្នុង​ទិដ្ឋិ ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​ទិដ្ឋិ ​សេចក្ដី​អន្ទះអន្ទែង​ព្រោះ​ទិដ្ឋិ ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​ទិដ្ឋិ ​សេចក្ដី​ប្រាថ្នា​ក្នុង​ទិដ្ឋិ ​ក្នុង​ទិដ្ឋិ​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ទិដ្ឋិយោគៈ [​បាន​ដល់​តម្រេក ប្រកប​ដោយ​សស្សតទិដ្ឋិ ៦២ ។ អដ្ឋកថា ។] ។ កាមយោគៈ ភវយោគៈ ​និង​ទិដ្ឋិយោគៈ ដូច្នេះឯង ។

អវិជ្ជាយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ផស្សាយតនៈ ​ទាំង​ ៦ ​កាល​បើ​បុគ្គល​នោះ មិន​ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ផស្សាយតនៈ ​ទាំង​ ៦ ​ក៏​កើត​មាន​សេចក្ដី​ល្ងង់ មិន​ដឹង​ក្នុង​ផស្សាយតនៈ ​ទាំង​ ៦ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ អវិជ្ជាយោគៈ ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ ​និង​អវិជ្ជាយោគៈ ដូច្នេះឯង ។ បុគ្គល ប្រកប​ដោយ​ អកុសល​ធម៌ ដ៏​លា​មក​ ជា​គ្រឿង​សៅហ្មង ជា​គ្រឿង​នាំ​ឲ្យ​កើត​ក្នុង​ភពថ្មីទៀត ប្រកប​ដោយ​សេចក្ដី​ក្រវល់ក្រវាយ ​មាន​ទុក្ខជាវិបាក ជា​គ្រឿង​នាំ​ឲ្យ​កើតជាតិ ជរា មរណៈត​ទៅ ព្រោះ​ហេតុ​នោះ​ (បុគ្គល​នោះ​) ​ហៅ​ថា​ ជា​អ្នក​មិន​មាន​សេចក្ដី​ក្សេម ​ចាក​យោគៈទេ ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ យោគៈ ​មាន​ ៤ យ៉ាង​នេះ​ឯង ។ ​

ម្នាល​ភិក្ខុ​ទាំងឡាយ ការ​មិន​ប្រកប​ដោយ​យោគៈ​នេះ មាន​ ៤ យ៉ាង ។ ៤ យ៉ាង ​តើ​ដូច​ម្តេច​ខ្លះ​ ? ​គឺ​ការ​មិន​ប្រកប ​ដោយ​កាមយោគៈ ១ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ១ ការ​មិន​ប្រកប ​ដោយ​ទិដ្ឋិយោគៈ ១ ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ ១ ។ ​

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ការ​មិន​ប្រកប​ដោយ​កាមយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​កាម​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុ​ជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​កាម​ទាំងឡាយ ​ក៏​មិន​កើត​មាន​តម្រេក​ក្នុង​កាម ​សេចក្ដី​រីករាយ​ក្នុង​កាម ​សេចក្ដី​សេ្នហា​ក្នុង​កាម ​សេចក្ដី​ងប់​នៅ​ក្នុង​កាម ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​កាម ​សេចក្ដី​អន្ទះអន្ទែង​ព្រោះ​កាម ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​កាម ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម ​ក្នុង​កាម​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ដូច្នេះឯង ។

ចុះការ​មិន​ប្រកប ​ដោយ​ភវយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុ​ជា​ទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ភព​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ភព​ទាំងឡាយ ​ក៏​មិន​កើត​មាន​តម្រេក​ក្នុង​ភព ​សេចក្ដី​រីករាយ​ក្នុង​ភព ​សេចក្ដី​សេ្នហា​ក្នុង​ភព ​សេចក្ដី​ងប់​នៅ​ក្នុង​ភព ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​ភព ​សេចក្ដី​អន្ទះអន្ទែង ​ព្រោះ​ភព ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​ភព ​សេចក្ដី​ប្រាថ្នា​ក្នុង​ភព ​ក្នុង​ភព​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ​និង​ការ​មិន​ប្រកប​ដោយ​ភវយោគៈ ដូច្នេះឯង ។

ចុះការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុ​ជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ទិដ្ឋិ​ទាំងឡាយ ​កាល​បើ​បុគ្គល​នោះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ទិដ្ឋិ​ទាំងឡាយ ​ក៏​មិន​កើត​មាន​តម្រេក​ក្នុង​ទិដ្ឋិ ​សេចក្ដី​រីករាយ​ក្នុង​ទិដ្ឋិ ​សេចក្ដី​ ស្នេហា​ក្នុង​ទិដ្ឋិ ​សេចក្ដី​ងប់​នៅ​ក្នុង​ទិដ្ឋិ ​សេចក្ដី​ស្រេកឃ្លាន​ក្នុង​ទិដ្ឋិ ​សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​ទិដ្ឋិ ​សេចក្ដី​ជ្រុលជ្រប់​ក្នុង​ទិដ្ឋិ ​សេចក្ដី​ប្រាថ្នា​ក្នុង​ទិដ្ឋិ ​ក្នុង​ទិដ្ឋិ​ទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ​និង​ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ដូច្នេះឯង ។

ចុះការ​មិន​ប្រកប​ដោយ​​អវិជ្ជាយោគៈ ​តើ​ដូច​ម្តេច ? ​ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ដឹងច្បាស់ ​តាម​ពិត​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ផស្សាយតនៈ​ទាំង​ ៦ ​កាល​បើ​បុគ្គល​នោះ​ ដឹងច្បាស់​តាម​ពិត ​នូវ​ហេតុជាទីកើតឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការរលាស់ចេញ​ផង នូវ​ផស្សាយតនៈ ​ទាំង​ ៦ ​ក៏​មិន​មាន​សេចក្ដី​ល្ងង់ ​សេចក្ដី​មិន​ដឹង ​ក្នុង​ផស្សាយតនៈ ​ទាំង​ ៦ ឡើយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ​និង​ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ ដូច្នេះឯង ។ បុគ្គល ប្រាស​ចាក​អកុសល​ធម៌ ដ៏​លា​មក​ ជា​គ្រឿង​សៅហ្មង ជាហេតុនាំ​ឲ្យ​ កើត​ក្នុង​ភពថ្មីទៀត ប្រកប​ដោយ​សេចក្ដី​ក្រវល់ក្រវាយ ​មាន​ទុក្ខជាវិបាក ជាហេតុ​នាំ​ឲ្យ​កើតជាតិ ជរា មរណៈត​ទៅ ព្រោះ​ហេតុ​នោះ​ (បុគ្គល​នោះ​) ​ទើប​ហៅ​ថា​ ជា​អ្នក​មាន​សេចក្ដី​ក្សេម​ចាក​យោគៈ ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ការ​មិន​ប្រកប​ដោយ​យោគៈ ​មាន​ ៤ យ៉ាងប៉ុណ្ណេះ ។

ពួក​សត្វ​ប្រកប​ដោយ​កាមយោគៈ ​និង​ភវយោគៈ ​ទាំង​ ២ ប្រកប​ដោយ​ទិដ្ឋិយោគៈ ​ត្រូវ​អវិជ្ជាយោគៈ ចោមរោម ជា​អ្នក​មាន​ដំណើរ​ទៅ​កាន់ជាតិ (ជរា) ​និង​មរណៈ ជាប្រក្រតី ​រមែង​អន្ទោល​ទៅ​រក​សង្សារ ។ ចំណែក​ពួក​ជនណា ​បាន​កំណត់​ដឹង ​នូវ​កាម​យោគៈ​ផង​ ភវយោគៈ ​ដោយ​អាការ​ទាំង​ពួង​ផង​ ដកឡើង​នូវ​ទិដ្ឋិយោគៈ​ផង​ លះបង់​នូវ​អវិជ្ជាយោគៈ​ផង​ ជា​អ្នក​ប្រាស​ចាក​យោគៈ​ទាំង​ពួង ជន​ទាំង​នោះ ឈ្មោះ​ថា ជា​អ្នក​ប្រាជ្ញ កន្លងផុត ​នូវ​យោគៈ ។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ចតុក្កនិបាត > បឋមបណ្ណាសក > ភណ្ឌគ្គាមវគ្គ > យោគសូត្រ ទី​១០ (សៀវភៅភាគ ៤២ ទំព័រទី ២៣)