យ៉ាបា ជាប្រភេទថ្នាំញៀនមានរាងជាគ្រាប់មូលសំប៉ែត ដែលកើតឡើងពីល្បាយមេតំហ្វេតាមីននិងកាហ្វេអ៊ីន។ ជាទូទៅ​វាមានពណ៌ឆើត​ (ទឹកក្រូចឬបៃតង) និងមានត្រាអក្សរ "R" ឬ "WY" បោះពីលើ។ ពាក្យយ៉ាបា ជាភាសាថៃមានន័យត្រង់ថា«ថ្នាំឆ្គួត»។ នៅឥណ្ឌាគេហៅវាថា ប៊ុលប៊ុលីយ៉ា នៅហ្វីលីពីន ឥណ្ឌូនេស៊ី និងជប៉ុន គេហៅវាថា ស្សាប៊ូ

ឯកសារ:ยาบ้า.jpg
យ៉ាបា

គុណភាពរបស់វា​ប្រែប្រួលទៅតាមប្រភព។ វាមានប្រភេទសំរាប់លេបនិងហិតចូលតាមច្រមុះ (មានប្រភេទចាក់ផលិតនៅប្រទេសឡាវដែរ)។ គ្រឿងញៀនលាយខុសច្បាប់​ មានប្រើច្រើនជាពិសេស​នៅប្រទេសថៃ ដែលនៅទីនោះ​មានបណ្ដាញនាំចូលពីប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ានិងឡាវជាដើម។ នាពេលថ្មីៗនេះ គេឃើញមានការប្រើប្រាស់​ក្នុងបណ្ដាជន​អន្តោរប្រវេសន៍នៅសហរដ្ឋអាមេរិកដែរ និងជួនកាល​ត្រូវគេប្រើជំនួសអេស្តាស៊ី

ថ្នាំគ្រាប់យ៉ាបា​ត្រូវបានដាក់ជារបស់ខុសច្បាប់​ដោយរដ្ឋាភិបាលថៃនៅឆ្នាំ១៩៧០។ នៅសម័យនោះ​វាត្រូវបាន​គេលក់នៅតាម​ស្ថានីយ៍ប្រេងឥន្ធនៈនានា និងត្រូវបានអ្នករត់ឡានទិញប្រើសំរាប់បំបាត់ការងងុយ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍​ធ្ងន់ៗ​ក្នុងចំនោមឡានក្រុងរត់ផ្លូវឆ្ងាយ រដ្ឋាភិបាលពេលនោះបានដាក់យុទ្ធនាការបោសសំអាត​គ្រឿងញៀនតាំងពីឆ្នាំ២០០៣ ហើយការប្រើប្រាស់គ្រឿងញៀនក្នុងចំនោម​អ្នកបើកឡានក្រុងបានធ្លាក់ចុះ។ ដោយសារតែហេតុនេះ ទើបតំលៃលក់រាយបានឡើងពី ១០០–១៥០បាត (ប្រហែល១២០០០–១៦០០០រៀល) ទៅ ២៥០–៤៥០បាត (២៨០០០–៤៨០០០រៀល) ក្នុងមួយគ្រាប់។ ក៏ប៉ុន្តែ វានៅតែពេញនិយមក្នុងចំនោមអ្នកប្រើប្រាស់គ្រឿងញៀន។

នៅឆ្នាំ២០០៦ យ៉ាបាបានទទួលការនិយមប្រើពីបណ្ដាអ្នកមាននៅប្រទេសបង់ក្លាដែស្ស។ អាជ្ញាធម៌បានធ្វើយុទ្ធនាការបោសសំអាតគ្រឿងញៀននៅឆ្នាំ២០០៧ ហើយបានរកឃើញពាណិជ្ជករល្បីៗមួយចំនួនប្រើប្រាស់វា។