រង្វាន់ណូបែល
រង្វាន់ ណូបែល ជារង្វាន់បង្កើតឡើងតាមលិខិតបណ្តាំរបស់ លោកអែលហ្វ្រិដ ប៊ែរណា ណូបែល (Alfred Bernhard Nobel) អ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែតនៅឆ្នាំ១៨៩៥។
លិខិតបណ្តាំរបស់លោក អែលហ្វ្រិដ ណូបែល
កែប្រែលោកណូបែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ៩៤% ដែលមានតំលៃ ៣១លាន ក្រូណរ (រូបិយប័ណ្ណស៊ុយអែត) ដើម្បីបង្កើតនិងទ្រទ្រង់មូលនិធិរង្វាន់ណូបែលទាំង៥។
ខ្លឹមសារនៃពាក្យបណ្តាំ៖ បណ្តាអចលនទ្រព្យដែលនៅសល់របស់ខ្ញុំទាំងអស់សូមយកទៅប្រើប្រាស់ដូចតទៅ៖ មូលធនទាំងអស់ត្រូវតែបានយកទៅបង្កើតជាមូលនិធិដោយមេធាវីរបស់ខ្ញុំ ដែលប្រាក់ដែលបានពីមូលនិធិនេះគួរតែបរិច្ចាគជារៀងរាល់ឆ្នាំ ក្នុងរូបភាពជារង្វាន់ដល់ អ្នកណាដែលបានរួមចំនែកដ៏មានតំលៃដល់ផលប្រយោជន៍មនុស្សជាតិទូទៅ។មូលនិធិដែលបានពោលខាងលើត្រូវតែបែងចែកជា៥ចំណែកស្មើៗគ្នាដូចតទៅ៖
- ចំនែក១ ដល់អ្នកណាដែលបានរកឃើញរបកគំហើញសំខាន់ៗក្នុងវិស័យរូបវិទ្យា
- ចំនែក២ ដល់អ្នកណាដែលបានរកឃើញរបកគំហើញសំខាន់ៗក្នុងវិស័យគីមីវិទ្យា
- ចំនែក៣ ដល់អ្នកណាដែលបានរកឃើញរបកគំហើញសំខាន់ៗក្នុងវិស័យជីវវិទ្យា ឬ វេជ្ជសាស្ត្រ
- ចំនែក៤ ដល់អ្នកណាដែលបានវិភាគទានការងារដ៏អស្ចារ្យក្នុងវិស័យអក្សរសាស្ត្រ ក្នុងនិន្នាកាប្រកបដោយឧត្តមគតិ
- ចំនែក៥ ដល់អ្នកណាដែលបានធ្វើការងារដ៏ឧត្តមក្នុងការរឹតចំណងមិត្តភាពរវាងជាតិសាសនានា,ក្នុងការលុបបំបាត់ការរើសអើងជាតិសាសន៍ និងជាពិសេសគឺរក្សានិងជំរុញអោយមានសន្តិភាពលើពិភពលោក
រង្វាន់សំរាប់វិស័យរូបវិទ្យានិងគីមីវិទ្យាត្រូវតែបានផ្តល់ដោយបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត។រង្វាន់សំរាប់វិស័យជីវវិទ្យានិងវេជ្ជសាស្ត្រ ដោយ វិទ្យាស្ថានការ៉ូលីនស្កានៅទីក្រុងស្តុកហូម។រង្វាន់សំរាប់វិស័យអក្សរសាស្ត្រដោយបណ្ឌិតសភានៅទីក្រុងស្តុកហូម។រង្វាន់សំរាបជ័យលាភីសន្តិភាពដោយគណកម្មាធិកា៥រូបដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភារបស់ប្រទេសណរវេយ។ នេះជាបំណងប្រាថ្នារបស់ខ្ញុំក្នុងការផ្តល់រង្វាន់ដល់បេក្ខជនដែលសមនឹងទទួលដោយមិនប្រកាន់សញ្ជាតិ ។
រយៈពេល៥ឆ្នាំបន្ទាប់មកមូលនិធិណូបែលបានលេចរូបរាងឡើង ហើយរង្វាន់ទី១ត្រូវបានផ្តល់នៅថ្ងៃទី ១០ ធ្នូ ១៩០១។ រង្វាន់ណូបែលត្រួវបានគេចាត់ទុកជារង្វាន់ប្រកបដោយកិត្តិយសបំផុត។
បេក្ខភាពនិងការជ្រើសរើស
កែប្រែប្រៀបធៀបជាមួយរង្វាន់ដទៃ ការឧទ្ទេសនាមបេក្ខភាពនិងការជ្រើសរើសត្រូវការរយៈពេលយូរដោយត្រូវប្រើពេលវិនិច្ឆ័យយ៉ាងម៉ត់ចត់។ ជ័យលាភីណូបែលត្រូវបានជ្រើសរើសដោយគណកម្មការរៀងៗខ្លួន។ចំពោះរង្វាន់ក្នុងវិស័យគីមីវិទ្យា រូបវិទ្យា និងសេដ្ឋកិច្ច គណកម្មការមានសមាជិក៥រូបដែលត្រូវបានជ្រើសតាំងដោយ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត។ចំពោះរង្វាន់ក្នុងវិស័យអក្សរសាស្ត្រគណកម្មការមានសមាជិកពី៤ទៅ៥រូបដែលត្រូវបានជ្រើសតាំងដោយបណ្ឌិតសភាស៊ុយអែត។ចំពោះរង្វាន់ក្នុងវិស័យជីវវិទ្យានិងវេជ្ជសាស្ត្រគណកម្មការមានសមាជិក៥នាក់ដែលត្រូវបានជ្រើសតាំងដោយ សភាណូបែល(មានសមាជិក៥០នាក់ដែលត្រូវបានជ្រើសតាំងដោយវិទ្យាស្ថានការ៉ូលីនស្កា។ចំពោះរង្វាន់សន្តិភាព គណកម្មការណូបែលណរវេយមានសមាជិក៥នាក់ដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា ណរវេយ។
នៅដំណាក់កាលទី១ ការឧទ្ទេសនាមបេក្ខជនពីមនុស្សទូទៅរាប់ពាន់នាក់។ពាក្យសុំឧទ្ទេសនាមត្រូវបានផ្ញើទៅកាន់មនុស្ស៣ពាន់នាក់ដើម្បីអោយពួកគេឧទ្ទេសនាមបេក្ខជន។ចំពោះរង្វាន់សន្តិភាព លិខិតឧទ្ទេសនាមត្រូវបានផ្ញើទៅកាន់រដ្ឋាភិបាល សមាជិកតុលាការអន្តរជាតិ សាស្ត្រាចារ្យនិងព្រឹទ្ឋបុរសសកលវិទ្យាល័យ អតីតជ័យលាភីណូបែលសន្តិភាព សមាជិកទាំងអតីតនិងបច្ចុប្បន្ននៃគណកម្មការណូបែលណរវេយ ជាដើម។ ការបរិច្ឆេទផុតកំណត់ការផ្ញើលិខិតឧទ្ទេសនាម ថ្ងៃទី ៣ មករា (សំរាប់ណូបែលសន្តិភាព) និង ថ្ងៃទី ៣១ មករា (សំរាប់រង្វាន់ដទៃ) ។ ការឧទ្ទេសនាមខ្លួនឯង និង ការឧទ្ទេសនាមអ្នកដែលបានស្លាប់ទៅហើយត្រូវបានចាត់ទុកជាមោឃៈ។ ឈ្មោះបេក្ខជនប្រហែល២០០នាក់នឹងត្រួវបានយកទៅពិភាក្សាចំរាញ់ជ្រើសរើសដោយគណកម្មការ។បញ្ជីរាយនាមនេះនឹងត្រូវបានបញ្ជូនបន្តទៅ អ្នកឯកទេសក្នុងវិស័យនីមួយៗដើម្បីចំរាញ់ទុកតែប្រហែល១៥នាក់។គណកម្មការនឹងសរសេររបាយការណ៍ភ្ជាប់ដោយអនុសាសន៍ទៅដល់ស្ថាប័នពាក់ព័ន្ឋដើម្បីបោះឆ្នោតសំរេចបេក្ខជនចុងក្រោយ។ដំណើរការដ៏យឺតនិងលំអិតនេះត្រូវបានទទូចដោយលោកណូបែល ដែលជាហេតុធ្វើអោយរង្វាន់នេះមានតំលៃ។
ពិធីប្រគល់រង្វាន់
កែប្រែឈ្មោះបេក្ខជនជ័យលាភីជាធម្មតាត្រូវគេប្រកាសនៅខែតុលា ហើយពិធីប្រគល់រង្វាន់ជាផ្លួវការត្រូវប្រារព្ធឡើងនៅថ្ងៃទី ១០ ធ្នូ (ថ្ងៃមរណភាពរបស់លោកណូបែល) ជារាងរាល់ឆ្នាំ។ពីមុនពិធីប្រគល់ប្រារព្ឋធ្វើនៅ Stockholm's Grand Hotel តែក្រោយមកធ្វើនៅStockholm Concert Hall ក្រោមអធិបតីភាពព្រះមហាក្សត្រស៊ុយអែត ហើយពិធីជប់លៀងធ្វើនៅ the Blue Hall of Stockholm City Hallនាពេលបន្ទាប់។ ចំពោះរង្វាន់ណូបែលសន្តិភាព ពិធីប្រគល់ប្រារព្ឋធ្វើនៅNorwegian Nobel Institute (1905-1946) នៅ the Aula of the University of Oslo (1947-1990)និងថ្មីៗនេះនៅ the Oslo City Hallក្រោមអធិបតីភាពប្រធានរដ្ឋសភាណរវេយ។ ក្នុង១ឆ្នាំ ជ័យលាភីយ៉ាងច្រើន៣នាក់ត្រូវបានជ្រើសរើសសំរាប់រង្វាន់នីមួយៗ។ រង្វាន់នីមួយៗរួមមាន មេដាយមាស១ សញ្ញាប័ត្រ១ និង ប្រាក់រង្វាន់ចំនួន១០លានក្រូណា(ប្រហែល ១,៥លានដុល្លាអាមេរិក)។