អាល់ហ្វ្រិដ ណូបែល
អាល់ហ្វ្រិដ ប៊ែរណា ណូបែល (ភាសាអង់គ្លេស: Alfred Bernhard Nobel) កើតនៅថ្ងៃទី ២១ តុលា ១៨៣៣ នៅស្តុកហូម ទទួលមរណភាពនៅថ្ងៃទី ១០ ឆ្នូ ១៨៩៦ នៅ សង់រ៉េម៉ូ អ៊ីតាលី។ គាត់មានសញ្ជាតិស៊ុយអែត។គាត់ជាអ្នកគីមីវិទ្យា វិស្វករ អ្នកស្រាវជ្រាវបង្កើតវត្ថុថ្មី អ្នកផលិតអាវុធ និងជាអ្នករកឃើញគ្រាប់បែក។ គាត់ជាស្ថាបនិកនៃរង្វាន់ណូបែល។ ជាកិត្តិយសដល់រូបលោកឈ្មោះលោកត្រូវបានផ្តល់ទៅឈ្មោះធាតុគីមី ណូបែលល្យូម។
អាល់ហ្វ្រិដ ណូបែល | |
---|---|
កើត | ២១ តុលា ១៨៣៣ ស្តុតហូម, ស៊ុយអែត |
ស្លាប់ | ១០ ធ្នូ ១៨៩៦ (អាយុ៦៣ឆ្នាំ) សង់រ៉េម៉ូ, អ៊ីតាលី |
កន្លែងសម្រាក | 59°21′24.52″N 18°1′9.43″E / 59.3568111°N 18.0192861°ECoordinates: 59°21′24.52″N 18°1′9.43″E / 59.3568111°N 18.0192861°E |
អាជីព | គីមីវិទូ វិស្វករ ស្ថាបនិក ផលិតករអាវុធ និងស្ថាបនិកគ្រាប់បែក |
ជីវប្រវត្តិ
កែប្រែណូបែល គឺជាកូនប្រុសទី៣របស់លោក អ៊ីម៉ានុយអែល ណូបែល Immanuel Nobel (១៨០១-១៨៧២) និងលោកស្រី អង់ឌ្រីយ៉ែត អាល់សែល ណូបែល Andriette Ahlsell Nobel (១៨០៥-១៨៨៩)។ លោកចាប់កំនើតចំពេលដែលលោកឪពុកលោកទើបតែក្ស័យធុនហើយចាកចោលគ្រួសារទៅធ្វើជំនួញដ៏ជោគជ័យមួយនៅរុស្ស៊ី។ នៅឆ្នាំ ១៨៤២ គាត់បានទៅនៅនិងជួយការងារឪពុកលោកនៅ St. Peterburg។ ការងារសំខាន់របស់ឪពុកលោកនៅទីនោះគឺផលិតគ្រាប់មីនអោយកងទ័ពរូស៊ី។ បន្តិចក្រោយមក សង្គ្រាមគ្រីមៀ បានផ្ទុះឡើង ពួកលោកសង្ឃឹមថារកចំនេញបានច្រើនដោយមាន ការបញ្ជាទិញគ្រប់មីនយ៉ាងច្រើនពីសំនាក់យោធា។ តែផ្ទុយទៅវិញ ការបញ្ជាទិញត្រូវបានបញ្ឈប់ពេលដែលសង្គ្រមចប់ ហើយការបង់ថ្លៃបញ្ជាទិញមុនត្រូវបានយោធាពន្យារពេល ធ្វើអោយរោងចក្រ ឪពុកលោកជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ រូចទីផុតក៏ត្រវូក្ស័យធុនម្តងទៀតនៅឆ្នាំ ១៨៥៩។
ណូបែលបានស្គាល់សារធាតុនីត្រូគ្លីសេរីន (Nitroglycerine) តាំងពីឆ្នាំ ១៨៥៥។ ប៉ុន្តែ ម្សៅរំសេវនេះមានចំនុចខ្សោយមួយគឺគេពិបាកនឹងបញ្ជាការផ្ទុះតាមចំនង់បាន។ គាត់ក៏ស្រាវជ្រាវឃើញឧបករណ៍សំរាប់បំផ្ទុះវាបានជោគជ័យ។ នៅឆ្នាំ ១៩៦២ នៅ St. Peterburg គាត់ទទួលបានជោគជ័យក្នុងការពិសោធន៍គ្រាប់បែកក្នុងទឹក។ នៅឆ្នាំ ១៨៦៣ គាត់បានអាជ្ញាប័ណ្ឌប៉ាតង់(Patent)ពីអាជ្ញាធម៌ស៊ុយអែត ក្នុងការស្រាវជ្រាវការផលិតគ្រាប់បែក។ នៅក្នុងឧបត្តិហេតុផ្ទុះដែលបង្កឡើងដោយការចំរាញ់សារធាតុហ្គ្លីសេរីននៅឆ្នាំ១៨៦៤ គាត់មានរបួសធ្ងន់ ខណៈប្អូនប្រុសបង្កើតរបស់លោកដែលជួយការងារនៅទីនោះ បានស្លាប់។ នៅឆ្នាំ ១៩៦៥ ការផលិតនីត្រូហ្គ្លីសេរីនបានចាប់ផ្តើម ហើយនៅឆ្នាំបន្ទាប់គាត់ក៏រកឃើញគ្រប់បែក ដែល១ឆ្នាំក្រោយមកទទួលបានប៉ាតង់អនុញ្ញាតអោយផលិត។ នៅឆ្នាំ ១៨៧១ ការផលិតគ្រប់បែកបានចាប់ផ្តើម។
នៅឆ្នាំ ១៨៧៦ ពេលគាត់ប្រកាសរកគូស្រករ មាននារីម្នាក់ឈ្មោះ បែលតា ឃីងស្គី បានដាក់ពាក្យ។ ក៏ប៉ុន្តែ នាង បែលតា ឃីងស្គី មានគូដណ្តឹងរួចហើយឈ្មោះ អាសា ហ្វុន ហ្សុតណា។ នាងក៏សំរេចចិត្តរត់ចោលណូបែលនៅទីបំផុត ហើយទៅរៀបការនឹងគូរដណ្តឹងម្នាក់នោះ។ គេនិយាយថា ណូបែលបានបង្កើតអោយមានរង្វាន់ណូបែលសន្តិភាពដោយសារគាត់ទទួលឥទ្ឋិពលគំនិត ពីនាង បែលតា ឃីងស្គីនេះ ដែលនាងជាមនុស្សនិយមសន្តិភាព។ ម្យ៉ាងទៀតដោយសារ អាសា ហ្វុន ហ្សុតណា ជាអ្នកគណិតវិទ្យា ទើបណូបែលមិនបង្កើតអោយមានរង្វាន់ណូបែលសំរាប់អ្នកគណិតវិទ្យា។ នៅឆ្នាំដដែល ណូបែលបានជួប និងចាប់ផ្តើមទំនាក់ទំនងជាមួយនារីអាយុ២០ឆ្នាំម្នាក់ឈ្មោះ សូហ្វី។ គាត់បានសរសេរសំបុត្រឆ្លើយឆ្លងទៅសូហ្វីប្រហែល ២១៨ច្បាប់។ ប៉ុន្តែ នៅឆ្នាំ ១៨៩១ ណូបែលបានដឹងថា សូហ្វីកំពុងពរពោះកូនរបស់ប្រុសដទៃ ហើយទំនាក់ទំនងរបស់អ្នកទាំង២ក៏បានផ្តាច់ទៅ។ ពេលដែលណូបែលបានស្លាប់ទៅ មូលនិធិណូបែលបានប្រមូលទិញនិងរក្សាទុកសំបុត្រទាំងអស់ពីសូហ្វី ក្នុងតំលៃយ៉ាងខ្ពស់។
នៅឆ្នាំ ១៨៩៤ ណូបែលបានឈានជើងចូលក្នុងឧស្សាហកម្មសព្វាវុធ ដោយទិញរោងចក្រផលិតសព្វវុធមួយ។
នៅឆ្នាំ ១៨៩៥ ណូបែលបានសរសេរលិខិតបណ្តាំដែលមានខ្លឹមសារអោយបង្កើតរង្វាន់ណូបែល។
នៅថ្ងៃទី៧ ខែឆ្នូ ១៨៩៦ នៅសង់រ៉េម៉ូ(San Remo) ណូបែលបានដាច់សសៃឈាមខួរក្បាលភ្លាមៗ រួចក៏ដួលហើយស្រែកនូវពាក្យដែលស្តាប់មិនយល់មួយចំនួនដែលគេអាចស្តាប់បាននូវពាក្យតែមួយម៉ាត់គត់គឺពាក្យថា ទូរលេខ។ ពាក្យនេះបានក្លាយជាពាក្យចុងក្រោយរបស់លោក។ រយៈពេលមុននេះ១ម៉ោង គាត់មានអាការៈធម្មតា ថែមទាំងបានសរសេរសំបុតទៅមិត្តភក្តិលោកទៀតផង។ រយៈ៣ថ្ងៃក្រោយគាត់ក៏ទទួលមរណភាពទៅ។ គាត់ជាមនុស្សនៅលីវមួយជីវិត និងគ្មានកូនចៅបន្តកេរ្តិ៍តំនែលទេ។
មរតកដ៏ស្តុកស្តម្ភរបស់ណូបែលត្រូវបានបែងចែកតាមពាក្យបណ្តាំដែលគាត់សរសេរឡើងដោយខ្លួនឯង។ គេនិយាយថាណូបែលមិនជឿជាក់លើមេធាវីទេ ហេតុនេះគាត់ក៏សុខចិត្តសរសេរពាក្យបណ្តាំដោយផ្ទាល់ដៃលោក ដែលពាក្យបណ្តាំនេះមានចំនុចខ្លះស្រពេចស្រពិល ដែលធ្វើអោយអ្នកចែកកេរ្តិ៍មរតកលោកមានការឈឺក្បាលយ៉ាងខ្លាំង។ ទោះជាមានបងប្អូនរបស់លោកមកទាមទារយកចំនែកខ្លះក្នុងមរតកនេះក៏ដោយ ទីបំផុតមរតកទាំងអស់ត្រូវបានយកទៅបង្កើតជារង្វាន់៥ផ្នែកសំរាប់ អ្នកដែលចូលរួមចំនែកសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រ អក្សរសាស្ត្រ និង សន្តិភាព ដូចដែលបានសរសេរនៅក្នុងលិខិតបណ្តាំចុងក្រោយរបស់លោក។ ទោះជាណូបែលខ្លួនឯងមិនបានដាក់ឈ្មោះរង្វាន់នោះថាយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃនេះគេនាំគ្នាដាក់ឈ្មោះរង្វាន់នោះថារង្វាន់ណូបែលដើម្បីជាកិត្តិយសដល់គាត់ដែលជាស្ថាបនិក។
បច្ចុប្បន្ននៅមានក្រុមហ៊ុនផលិតរំសេវ និងសារធាតុគីមី មួយចំនួននៅអឺរ៉ុបដែលដាក់ឈ្មោះតាមណូបែល តួយ៉ាងដូចជា ក្រុមហ៊ុនដាយណាម៉ាយ ណូបែល ដែលជាក្រុមហ៊ុនផលិតអភិវឌ្ឍន៍និងផលិតសព្វាវុធ របស់អាលឺម៉ង់ជាដើម។
គំនិតពិចារណា
កែប្រែអ្នកគីមីវិទ្យាអាស្កានីញ៉ូ សូប្រេរ៉ូ (Ascanio Sobrero) ដែលជាមិត្តភក្តិរបស់ណូបែលបានរកឃើញរំសេវ នីត្រូគ្លីសេរីន មុនគេ។ ណូបែលបានយកវាមកកែឆ្នៃបានសំរេច ដោយបង្កើតជាគ្រាប់បែក ដែលអាចប្រើបានដោយសុវត្ថិភាព។ ដើមឡើយគ្រាប់បែកត្រូវបានប្រើសំរាប់បំបែកថ្មនៅតាមការដ្ឋានសំនង់ តែដោយសារអភិវឌ្ឍន៍បន្ត វាក៏ត្រូវគេប្រើប្រាស់ជាគ្រឿងផ្ទុះក្នុងសង្គ្រាម។
ណូបែលត្រូវបានគេហៅជាញឹកញាប់ថាជា ពាណិជ្ជករជីវិត។ ក្នុងមួយជីវិតរបស់គាត់ គាត់ធ្វើការទាក់ទិនតែនឹងការផលិតអាវុធ។ គាត់ដឹងខ្លួនឯងច្បាស់ណាស់ថា គ្រាប់បែកដែលគាត់បង្កើតនឹងត្រូវបានគេប្រើជាអាវុធសំលាប់មនុស្សក្នុងសង្គ្រាម។ គាត់ជាមនុស្សមានមុខ២៖ ១ជា អ្នកស្រលាញ់សន្តិភាពដ៏ឧត្តម និង១ទៀតជា គហបដីឈាមត្រជាក់។ គាត់ស្រែកប្រកាសប្រឆាំងនិងសង្គ្រាម តែជាមួយគ្នានោះគាត់ប្រឹងប្រែងផលិតអាវុធលក់យកចំនេញ ហើយយកប្រាក់ចំនេញទាំងនោះទៅបង្កើតជារង្វាន់ដល់អ្នកស្វែងរកសន្តិភាពអោយពិភពលោក។ មានគេនិយាយថា ណូបែលផលិតអាវុធនេះ ដោយគិតថា បើសិនជាប្រទេសណាក៏មានអាវុធដែលអាចបំផ្លាញអ្វីៗទាំងអស់ នោះលំនឹងកំលាំងយោធានឹងមាន ហើយប្រទេសទាំងអស់នឹងបញ្ចៀសសង្គ្រាម ហើយងាកមករកការដោះស្រាយតាមសន្តិវិធី។ គេមិនអាចនិយាយថាវាត្រឹមត្រូវទាំងអស់ទេដែលថា៖ ណូបែលមានការសោកស្តាយយ៉ាងខ្លាំងពេលដែលដឹងថាគ្រប់បែកដែលគាត់រកឃើញត្រូវបានប្រើដើម្បីសំលាប់មនុស្សក្នុងសង្គ្រាម ហេតុនេះគាត់ក៏ប្រើប្រាស់មរតកទាំងអស់របស់គាត់ទៅបង្កើតជារង្វាន់ណូបែលនោះទេ។ ផ្ទុយទៅវិញ ប្រហែលជាគាត់ដឹងថាការគិតរបស់គាត់ដែលថាគ្រាប់បែកនឹងធ្វើអោយគ្មានសង្គ្រាមនោះ ចុងក្រោយគឺវាខុសទាំងស្រុង ហេតុនេះដើម្បីកុំអោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះអាក្រក់ គាត់ក៏បង្កើតអោយមានរង្វាន់ណូបែលនេះឡើង។ រឿងនិទានស្ដីអំពី ការប្រើគ្រាប់បែកក្នុងសង្គ្រាមគឺផ្ទុយនឹងគោលបំនងរបស់ណូបែល ដែលមនុស្សក្នុងលោកបានជឿ ជាភស្តុតាងបញ្ជាក់ថា យុទ្ឋសាស្ត្របំបាត់ឈ្មោះអាក្រក់ របស់ណូបែល ទទួលជោគជ័យយ៉ាងត្រចះត្រចង់។