រមណីយដ្ឋានភ្នំជីសូរ
ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ។ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែតខាងជើងទីរួមខេត្តតាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។ ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២ (១០០២ -១០៥០) វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទត្រូវបានហ៊ុមពទ្ធ័ដោយថែវ ២។ថែវទី១មានប្រវែង៦០ម៉ែត និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏សំខាន់ ជាមួយទ្វារពីរ និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។ វត្តភ្នំជីសូរត្រូវបានកសាងនៅឆ្នាំ១៩១៧ ហើយបានបំផ្លាញដោយសង្គ្រាមទសវត្សឆ្នាំ ១៩៧០ និងកសាងឡើងវិញនៅឆ្នាំ១៩៧៨ ។ ពីមុនវាគឺជាទួលដែលគេហៅថាសាលាធម្មសភា កុដិ និងជាកន្លែងសក្ការ:បូជាមួយ។ មានស្រះទឹកមួយកាលពីបុរាណដែលបានបង្កើតនូវភាពអរូបី។ ជាធម្មតាប្រជាជនច្រើនឡើងតាមទិសខាងលិចនៃភ្នំដែលមានកាំជណ្តើរ៣៩០កាំ និងខាងត្បូងមាន៤០៨កាំ ហើយក៏មានផ្លូវដែលអាចអោយឡាន ម៉ូតូធ្វើដំណើរទៅដល់លើភ្នំផងដែរ ដើម្បីដឹកសម្ភារ:មូយចំនួនយកទៅលើភ្នំ។ នៅភាគខាងកើតភ្នំក៏មានជណ្ដើរមួយដែរ គឺជណ្ដើរនេះធ្វើអំពីថ្មបាយក្រៀមដែលមានលក្ខណ:ចាស់ណាស់ទៅហើយ និង ចោតទៀតផង។ បើយើងឡើងដល់កំពូលភ្នំ យើងនឹងឃើញបឹងបួននៅជុំវិញភ្នំ។ ចំនែកឯទីធ្លាលើភ្នំវិញគឺមានទីធ្លាធំទូលាយ មានកន្លែងសម្រាប់សម្ដែងសិល្ប: មានប្រាសាទដ៏ស្រស់ស្អាតនៅប៉ែកឦសាននៃភ្នំ ឯខាងត្បូងវិញគឺមានល្អាងមួយដែលគេអោយឈ្មោះថាល្អាងចន្ទ័វិមាន។ នៅពេលមានពិធីបុណ្យប្រពៃណីជាតិ ឬ បុណ្យផ្សេងៗតែងតែមានប្រជាជនទៅលេងកម្សាន្តទីនោះយ៉ាងច្រើនកុះករ និង នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ក៏មានអ្នកទេសចរណ៍មកពីភ្នំពេញ ឬខេត្តផ្សេងៗមកកម្សាន្តផងដែរ។ នៅតាមផ្លូវចូលនៃជើងភ្នំខាងត្បូង និង ខាងលិចមានលក់់ម្ហូបអាហារ ផ្លែឈើ នំចំណីជាច្រើនប្រភេទ។
ភ្នំជីសូរ | |
---|---|
ទេសភាពមើលពីលើភ្នំជីសូរ | |
កំពស់ | ១៣០ ម៉ែត្រ |
ទីតាំង | ស្រុកសំរោង ខេត្តតាកែវ |
ប្រភពអត្ថបទ
កែប្រែសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភឆ្នាំ ២០០៥ ទំព័ ៦៣-៦៤ ដោយលោក កែវ ភួង។