នៅស្ទើរតែគ្រប់ប្រាសាទបុរាណខ្មែរ ដែលជាទីទេវឋានទាំងអស់សុទ្ធតែមានរានរាំ ឬក្តារបែន ដែលជាកន្លែងសម្រាប់រាំរបាំថ្វាយអាទិទេពក្នុងបរិវេណកំពែងប្រាសាទនៅមុខទ្វារចូលទៅតួប៉មប្រាសាទ កណ្តាលប្រាសាទតែម្តង។ ជាក់ស្តែងយើងឃើញនៅប្រាសាទអង្គរវត្ត បែនឬរានរាំយ៉ាងធំ ខ្ពស់ពីដីបែរមុខទៅទិសខាងលិច ស្ថិតនៅចំមុខប្រាសាទធំ ដែលមានទ្រង់ទ្រាយជាកាកបាទ ដោយមានលំអជាមួយបង្គាន់កាន់ដៃសត្វនាគ។ ពាក្យថាក្តារបែនមានពាក្យម៉្យាងទៀតហៅថារានហាល គឺជារានសង់អំពីថ្ម រៀបឱ្យខ្ពស់ពីដីមានបង្គាន់ដៃនិងគ្រឿងលម្អផ្សេងៗ តែពុំមានប្រក់ដំបូលទេហើយនៅជាប់ពីមុខប្រាសាទ ឬទីសក្ការៈអ្វីមួយ។ ជួនកាលជាកន្លែងសម្រាប់តភ្ជាប់ពីក្លោងទៅនឹងប្រាសាទ ឬពីសំណង់មួយទៅសំណង់មួយទៀតក៏គេហៅថារានហាលដែរ។ ឯសម័យក្រោយៗមក គេក៏នៅតែបន្តទ្រង់ទ្រាយក្តារបែនជារាងកាកបាទដដែល តួយ៉ាងនៅប្រាសាទបាយ័ន គេកសាងនៅទិសខាងកើតគឺច្រកចូលប្រាសាទធំ នៅទីនោះមានស្រះទឹកអមសង់ខាងពីរ។ ចំណែកឯនៅប្រាសាទតាព្រហ្មដែលជាទីសក្ការៈមួយក្នុងចំណោមទីសក្ការៈដ៏ធំៗរបស់ព្រះពុទ្ធសាសនិក សម័យនោះក្តារបែននិងរានហាលនេះដែរ។ នៅប្រាសាទព្រះខ័ន ដែលកសាងដោយព្រះបាទជ័យវរ្ម័នទី៧ រានរាំនិងក្តារបែននៅមានសណ្ឋាននិងទ្រង់ទ្រាយដូចនឹងប្រាសាទ ដែលបានលើកឡើងខាងលើដែរ។ លុះចំណេរកាលក្រោយមករានរាំងត្រូវបានគេជ្រើសរើសយកទីទួលកណ្តាលវាលសម្រាប់សម្តែងតែពុំមានដំបូលនិងជញ្ជាំងទេ គឺគ្រាន់តែក្រាលកន្ទេលសម្រាប់តែអ្នកសម្តែងតែប៉ុណ្ណោះ។ មកដល់បច្ចុប្បន្នគេលែងទៅសម្តែងនៅមុខប្រាសាទទៀតហើយ គេតែងសម្តែងនៅមហោស្រពជាដើម[]

  1. គ្រូធំបង្អស់នៅក្នុងទម្រង់សិល្បៈល្ខោន និងវេជ្ជសាស្រ្តខ្មែរបុរាណ អ្នករៀបរៀង រឹម ទិត្យបញ្ញា ឆ្នាំ២០១៦ ទំព័រទី៥០-៥១។