រឿង ភូមិតិរច្ឆាន

(ត្រូវបានបញ្ជូនបន្តពី រឿងភូមិតិរច្ឆាន)

រឿង ភូមិតិរច្ឆាន គឺជាប្រលោមលោកមួយបែបប្រវត្តិសាស្ត្រ ដែលបានរៀបរាប់ពីការជិះជាន់ គាបសង្កត់ កេងប្រវ័ញ្ច ពីសំណាក់ ពួកអាណានិគមបារាំង និងបានរៀបរាប់ពីទុក្ខវេទនា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅសម័យនោះ។

រឿងនេះត្រូវបានរៀបរៀង និងចងក្រងដោយលោក ឌឹក គាម និងលោក ឌឿក អំ នៅឆ្នាំ ១៩៦៤ ដល់ ១៩៦៥ ហើយចេញផ្សាយជាសាធារណៈ នៅឆ្នាំ ១៩៧១។

កថាមុខ

កែប្រែ

រឿង ភូមិតិរច្ឆាន បានត្រូវរៀបរៀងឡើងនៅឆ្នាំ ១៩៦៤ - ១៩៦៥ ដោយអ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ ហើយបានត្រូវបោះពុម្ពផ្សាយ ជាសាធារណៈ នៅឆ្នាំ ១៩៧១។ រឿងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ទំនាស់ដ៏ស្រួចស្រាល រវាងពលករកម្ពុជា ដែលរងការជិះជាន់ កេងប្រវ័ញ្ចយ៉ាងខ្លាំងក្លា នឹងពួកអាណានិគមបារាំង បនសក្ដិភូមិ បនមន្ត្រីអាយ៉ាងរបស់វា។

ព្រឹត្តិការណ៍ ១៨ មេសា ១៩២៥ របស់ប្រជាជនឃុំក្រាំងលាវ ជាព្រឹត្តិការណ៍មួយ បានទាក់ទាញចិត្តអ្នកនិពន្ធ ក្នុងការនិពន្ធស្នាដៃនេះ ដើម្បីដាស់សតិស្មារតីប្រជាជន ឲ្យនឹកឃើញជាប់ជានិច្ច នូវប្រវត្តិយ៉ាងឈឺចាប់ខ្លោចផ្សា ដែលពួកអាណានិគមបង្កឡើងនោះ។

រឿងភូមិតិរច្ឆាន ពិតជាបានទាញអារម្មណ៍ អ្នកអានឲ្យនឹកឃើញ ពីនឹមដែក របស់អាណានិគមបារាំង ដែលសង្កត់ប្រជាជនកម្ពុជា ជិតមួយសតវត្ស។ ទន្ទឹមនឹងនោះ ក៏បានបំផុសកំហឹងឈឺចាប់ដល់អ្នកអាន ពីទារុណកម្មដ៏សែនឃោរឃៅ របស់អាណានិគមបារាំង មកលើការស្លូតត្រង់កម្ពុជាយើង។ ការតស៊ូប្រឆាំងនឹងពួកត្រួតត្រា ការចងកំហឹង ឈឺចាប់នៃជនដែលត្រូវគេជិះជាន់ ពូតផ្ដុំបានជាកម្លាំងភ្ញាក់រឭក ស្នេហាជាតិ ដ៏មោះមុត ក្រោកឡើងតស៊ូរំដោះជាតិ។

ឆ្លងកាត់បទពិសោធជូរចត់ជាច្រើន នៅសម័យអាណានិគម អ្នកនិពន្ធបានពញ្ញាក់ស្មារតីប្រជាជន ឲ្យប្រុងប្រយ័ត្ន ចំពោះនឹមថ្មីមួយទៀត របស់ចក្រពត្តិអាមេរិក ដែលមានពិសពុល ជាអាណានិគមបារាំងទៅទៀត។ អ្នកនិពន្ធបានផ្សព្វផ្សាយរឿងនេះឡើង ក្នុងពេលចក្រពត្តិអាមេរិក កំពុងដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាយើង។

រឿងភូមិតិរច្ឆាន បានវែកមុខពួកចោរប្លន់ទឹកដី ប្លន់សេរីភាពប្រជាជន ហើយក៏បានបកអាក្រាត មុខមាត់យ៉ាងអាសោធ របស់បនអាយ៉ងឆ្កែបម្រើបារាំង ដែលមិនគ្រាន់តែធ្វើតាមខ្សែញាក់របស់ចៅហ្វាយប៉ុណ្ណោះទេ ថែមទាំងខំធ្វើឲ្យបានលើសទៀត ដើម្បីផ្គាប់ផ្គុនចៅហ្វាយ ហើយក្លាយខ្លួនជាឧបករណ៍ជិះជាន់ដាច់ថ្លៃ នៃពួកឈ្លានពាន។ អំពើជិះជាន់ សង្កត់សង្កិន ដ៏ឃោរឃៅរបស់អាណានិគមបារាំង មកលើប្រជាជនកម្ពុជាទាំងមូល ជាពិសេសរបស់លោកបាដេស (រេស៊ីដង់បារាំងប្រចាំខេត្តកំពង់ឆ្នាំង) មកលើអ្នកភូមិក្រាំងលាវ បានបណ្ដាលឲ្យមានប្រតិកម្មពីសំណាក់មហាជន ពលករ ដែលបានក្រោកឈរឡើង វាយបកទៅលើពួកវាវិញយ៉ាងខ្លាំងក្លា។

សកម្មភាពក្រោកឈរ តស៊ូរបស់អ្នកក្រាំងលាវ ជាចលនាស្នេហាជាតិ ដ៏ក្ដៅគគុក ដែលជាទុនដ៏សំខាន់មួយ រួមចំណែកដល់ចលនាបដិវត្តអធន សម្រេចបានជោគជ័យជាបន្តបន្ទាប់ បទពិសោធក្នុងរឿង ភូមិតិរច្ឆាន ដែលកុលបុត្រកម្ពុជា ត្រូវចងចាំជានិច្ចកាល គឺភាពតក់ក្រហល់ និងមោទនភាពហួសហេតុ លើជ័យជំនះ (វាយបាដេសងាប់ មានសន្ទុះចិត្ត ចង់កម្ទេចបារាំងនៅបន្ទាយកំពង់ឆ្នាំងទៀត ដោយមិនគិតទៅដល់យុទ្ធវិធី ដើម្បីសម្រេចយុទ្ធសាស្ត្ររបស់ខ្លួន)។ ដូចនេះ យើងសង្កេតឃើញថា រាល់ជ័យជំនះកន្លងមក ពុំបានស្ថិតស្ថេរទេ ព្រោះគ្មានមាគ៌ាបក្សដឹកនាំ។

យោលលើខ្លឹមសាររឿង ភូមិតិរច្ឆាន ស្ថិតនៅក្នុងប្រភេទអក្សរសិល្ប៍តថនិយមរិះគន់ ដែលលើកឡើងត្រឹមចលនាតស៊ូរំដោះជាតិ មិនទាន់ដល់រំដោះវណ្ណៈទេ។ នេះជាក្រឹត្យក្រមនៃបដិវត្តន៍សង្គម ក្នុងករណីប្រទេសជាតិរងការត្រួតត្រា ពីពួកអាណានិគម។

ភូមិតិរច្ឆាន ឬ ផ្ដើមសេចក្ដី

កែប្រែ

រឿង ភូមិតិរច្ឆាន ព្រឹត្តិការណ៍ ១៨ មេសា ពុំមែនជារឿងយល់សប្តិ របស់អ្នកនិពន្ធទេ ប៉ុន្តែគឺជារឿងពិត នៅដើមសតវត្សទី២០នេះ។

ព្រឹត្តិការណ៍ ១៨ មេសា នឹងបង្ហាញលោកអ្នកអានជ្រាប អំពេីចលនាបាតុកម្មមួយ ប្រឆាំងទល់នឹងអាណានិគមបារាំងសែស នៅឆ្នាំ ១៩២៥។ ចលនានេះ មានសភាពឃោរឃៅ គួរឲ្យរំភើបក្រៃលែង ដែលបានផ្ទុះឡើងពីចំណោមកសិករខ្មែរ ដ៏សុទ្ធសាធ នៅភូមិក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់អ្នកក្លាហានពីរនាក់ គឺឈ្មោះ ជួន និងឈ្មោះ នៅ ដែលមានដើមកំណើត និងទីលំនៅ នៅភូមិបន្ទាយអំពិល ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពួកបាតុករ បានសម្លាប់លោកបារាំងម្នាក់ ឈ្មោះបាដេស ដែលធ្វើជារេស៊ីដង់នៅខេត្តកំពង់ឆ្នាំង ហើយនិង អ្នកបកប្រែភាសាម្នាក់ទៀត ឈ្មោះ សួន ព្រមទាំងទាហានរក្សាស្រុកម្នាក់ ឈ្មោះ ឡាច ដែលបានទៅតាមបារាំង នៅពេលនោះ។

ពិតមែន តែអ្នកសិក្សាខ្មែរភាគច្រើន មិនសូវបានដឹង ឮព្រឹត្តិការណ៍នេះ ប៉ុន្តែបើតាមយោបល់ផ្ទាល់យើងខ្ញុំ ៗ យល់ថា រឿងដែលយើងខ្ញុំបានសរសេរជម្រាប នៅទំព័រខាងមុខនេះ ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងប្រវត្តិសាស្ត្រជាតិយើង។ ហើយព្រឹត្តិការណ៍ថ្ងៃ ១៨ មេសា ឆ្នាំ ១៩២៥ ក៏បានពន្យល់ទុកនូវ អនុស្សាវរីយ៍ដ៏ជូរចត់មួយដែរ ដល់អ្នកស្រុកក្រាំងលាវ។

ភូមិតិរច្ឆាន គឺជាចំណងដៃ ដល់អ្នកស្រុកក្រាំងលាវ បន្ទាប់ពីបានសម្លាប់បាដេសម្នាក់នោះមក។ ភូមិតិរច្ឆាន គឺជាកេរមត៌ក របស់អាណានិគមបារាំងសេស បន្ទាប់ពីបានចូលមកទឹម កប្រជាជនខ្មែរ នៅចុងសតវត្សទី១៩។ ប៉ុន្តែ បើយោងតាមយោបល់យើងខ្ញុំបាទ ភូមិតិរច្ឆាន គឺជាភូមិតិរច្ឆានជាន់ខ្ពស់ ដែលសត្វតិរច្ឆាននៅក្នុងភូមិនេះ បានខិតខំរើបម្រះ ពីក្រោមនឹមដែក ដើម្បីទាមទារនូវអ្វីមួយ ដែលមនុស្សលោកត្រូវការ ចង់បានគ្រប់ៗគ្នា ប្រយោជន៍ឲ្យបានរស់នៅសមរម្យ និងពេញលក្ខណៈជាមនុស្សឡើងវិញ។

មុននឹងរ៉ាយរ៉ាប់ ឲ្យបានពិស្ដារ នូវព្រឹត្តិការណ៍ ១៨ មេសា ១៩២៥ អ្នកនិពន្ធសូមបញ្ជាក់ជូនលោកអ្នកអានថា រឿងនេះ យើងខ្ញុំបាទទាំងពីរនាក់ បម្រុងរៀបរៀងបោះពុម្ពផ្សាយ តាំងពីឆ្នាំ ១៩៦៤ - ១៩៦៥ ម្ល៉េះ ប៉ុន្តែ ដែលនៅកឿងទើរ រហូតមកដល់សព្វថ្ងៃនេះ ដោយសារបុព្វហេតុពីរយ៉ាង៖

  • ទីមួយ គឺកាលៈទេសៈនោះ របបផ្ដាច់ការខ្មែរយើង មានឥទ្ធិពលមួយថ្ងៃបន្តិចៗ ធ្វើឲ្យអ្នកនិពន្ធមានការរារែកចិត្តខ្លះ ព្រោះរឿងនេះ ថ្វីត្បិតតែជារឿងរវាងអ្នកស្រុកក្រាំងលាវ និងជនជាតិបារាំងម្នាក់ (ឬអ្នកតំណាងបារាំងម្នាក់) ប៉ុន្តែវាមានទាក់ទង មួយភាគតុជដល់ស្ដេចខ្មែរដែរ គឺព្រះរាជប្រកាស ចុះថ្ងៃទី ២៧ មេសា ១៩២៥ ដែលបង្គាប់ឲ្យហៅឈ្មោះភូមិក្រាំងលាវថា ភូមិតិរច្ឆាន។
  • ទីពីរទៀត គឹចង់ទុកពេល ស្រាវជ្រាវស៊ើបសួររឿងនេះ ឲ្យបានពិស្ដារសិន តែនៅតែរកមិនបានធនល្មម នឹងចិត្ត។

ដើម្បីនឹងធ្វើការនេះឲ្យបានu ហើយបានសព្វគ្រប់បន្តិចនោះ យើងខ្ញុំបានចែកគ្នា ដូច្នេះ៖

  • ម្នាក់ស្រាវជ្រាវ ប្រមែប្រមូលឯកសារ ដែលមានជាលាយលក្ខណ៍អក្សរ។
  • ម្នាក់ទៅស៊ើបសួរ ប្រមូលយកយោបល់អ្នកស្រុក ដែលនៅចាំ។

ចំពោះខទី១ ខាងលើនេះ ខ្ញុំបាទយល់ខុសទទេ ព្រោះដល់ពិនិត្យសាជាថ្មី នូវសេចក្ដី ក្នុងព្រះរាជប្រកាសនោះទៅ ទើបយល់ច្បាស់ថា ក្នុងថ្ងៃទី២៣ មេសា ១៩២៥ ដែលជាថ្ងៃប្រជុំសេនាបតីខ្មែរ គឺមានលោករេស៊ីដង់ស៊ុបបេរីយ័របារាំងជំនុំផងដែរ គឺលោករេស៊ីដង់ស៊ុបបេរីយ័របូដ្វាំង ជាប្រធាននៃអង្គប្រជុំ ឯស្ដេចខ្មែរ គ្រាន់តែជាអ្នកស៊ីញ៉េលើព្រះរាជប្រកាសនោះ។ បានសេចក្ដីថា រឿងដែលតម្រូវឲ្យហៅឈ្មោះក្រាំងលាវថា ភូមិតិរច្ឆាន នោះគឺដើមគំនិតមកពីបារាំងដដែល។ លោកអ្នក នឹងបានឃើញនូវព្រះរាជប្រកាសនោះ នៅវគ្គខាងមុខទៀត។

មួយវិញទៀត សូមបញ្ជាក់ថា ក្រៅពីឯកសារយ៉ាងកម្រ ដែលខំសន្សំបានមកនេះ យើងខ្ញុំស៊ើបសួរចាស់ៗ ដែលធ្លាប់បានដឹងឮរឿងនេះខ្លះ ហើយអស់លោកខ្លះទៀត បានទាំងចូលរួមក្នុងមហាបាតុកម្ម ថ្ងៃ១៨ មេសានោះថែមទៀតផង។

រីឯនាមអស់លោក ដែលបានផ្ដល់ឯកសារជាលាយលក្ខណ៍អក្សរ និងដំណាលប្រាប់ផ្ទាល់មាត់មានដូចតទៅ៖

  • សម្ដេចព្រះសង្ឃរាជ ជួន ណាត មានព្រះរាជបន្ទូល នូវចំណុចខ្លះៗ ប្រាប់ខ្ញុំ ហើយបានទាំងមានព្រះបន្ទូលថា ឲ្យចងក្រងជាសៀវភៅឡើង កុំឲ្យបាត់រឿងនេះ។
  • ព្រះតេជគុណ ស៊ូ សុគន្ធ គង់នៅវត្តព្រះទ្វារ សង្កាត់ពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាស្រ័យដោយឯកសារព្រះថេរអង្គនេះ ទើបខ្ញុំមានពន្លឺច្រើនក្នុងការសរសេររឿងនេះ
  • លោក ភិន សង់អ៊ីម ធ្វើការនៅសាលាក្រុងភ្នំពេញ
  • លោក ឱក ឆុន ធ្វើការនៅក្រុមហ៊ុនចំការកៅស៊ូចំការអណ្ដូង រូបលោកទាំងពីររូបបានជួយខ្នះខ្នែងជាទីបំផុត ក្នុងការរកឯកសារ និងជួយស៊ើបព័ត៌មានត្រង់ចំណុចសំខាន់ៗ
  • លោកតា ឃុត នៅភូមិពង្រ ឃុំពង្រ
  • លោកតា ប៉ុល នៅភូមិប៉ាតឡាង ឃុំពង្រ។ លោកតា ប៉ុល ពេលនោះត្រូវពួកបាតុករ វាយក្បាលគាត់ត្រូវមួយដំបងយ៉ាងដំណំ ហូរឈាមរហាម។ ប៉ុន្តែ ជាការវាយដោយអចេតនាទេ ព្រោះបារាំងហក់រត់គេចតាមបង្អួចមកដី ហើយពួកបាតុករ យារដំបងវាយបារាំង ស្រាប់តែដំបងនោះ ផ្លាតមកត្រូវក្បាលគាត់តែម្ដង
  • លោកតា ទីវ ផ្លឹង នៅភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ពីដើមនៅភូមិពង្រដែរ។

ឯកសារ ដែលជាលាយលក្ខណ៍អក្សរ មានបោះពុម្ពផ្សាយ ហើយដែលយើងយកមកសរសេរគឺ៖

  • L’Affaire Bardez. Réquisitoire de M. 1 Avocat Général de Kersaint Gilly, Imprimerie Nouvelle Albert Portail 1926.
  • L’Affaire Bardez, Réquisitoire du Ministère Public… plaidoiries de M. Lortat Jocob, de M. Du fond…et de M. Galler, Imprimerie au Centre, Saigon 1926.
  • ព្រះរាជពង្សាវតារ សរសេរដៃ
  • ព្រះរាជប្រកាស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩២៥
  • រាជកិច្ចរាជការ ឆ្នាំ ១៩២៥ -១៩២៦
  • Situation Général du protectorat du Cambodge de Novembre 1914 Janvier 1920 et…
  • ច្បាប់ល្បើកថ្មី ក្រមង៉ុយ

ដើម្បីជួយបន្ធូរបរិយាកាស លោកអ្នកអានឲ្យបានសប្បាយរីករាយ យើងខ្ញុំ សូមអញ្ជើញលោកអ្នកអានរឿង ភូមិតិរច្ឆាន ឬ ព្រឹត្តិការណ៍ ១៨ មេសា តាមបែបប្រលោមលោកដូចតទៅ។