រឿងស៊ឹមអ្នកបរឡាន (វគ្គទី៨៖ ដើរលេង)

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៨៖ ដើរលេង)




ដើរលេង ស៊ឹមបើកឡានផុតពីរបងមន្ទីរធ្វើការ ក៏សួរទៅលោកគាត់ថា៖

  • “តេជគុណអញ្ជើញទៅផ្ទះ ឬទៅខាងណា?” ។
  • មេឃស្រឡះល្អល្ងាចនេះ យើងដើរមើលភ្នំពេញម្ដង។បត់ទៅគីឡូម៉ែត្រលេខ៦ ស៊ឹម។


ស៊ឹមបើកឡានកាត់មុខប៉ុស្តិ៍ខ្សែលួសទៅតាមផ្លូវមាត់ទន្លេ ដល់គីឡូលេខ៦ ជិតហាងបិតស្រាបត់មកវិញ។មកដល់ផ្លូវប៉ាឆាបារាំង ស៊ឹមបត់មកខាងលិចបរកុងព័ទ្ធចេតិយរូបពីរ រួចក៏បើកតាមផ្លូវក្រោយពេទ្យធំ សំដៅមកត្បូងចូលទៅក្នុងកន្លែងពិព័រណ៍អន្តរជាតិ។ដល់កន្លែងរោងសត្វវត្តភ្នំ ស៊ឹមបើកតិចៗហើយសួរទៅលោក៖

  • អញ្ជើញទៅខាងណាទៀតទាន?
  • បើកលេងតិចៗបត់ចុះឡើងក្នុងទីនេះសិន។ខ្ញុំចាំជួបគេ។


ស៊ឹមបើកមកដល់ខាងលិចវត្តភ្នំបត់ទៅឯខាងលិច តាមថ្នល់ខាងជើងកន្លែងបារាំងហែលទឹក គាត់ក៏បានសួរលោក៖

  • តេជគុណមានឃើញអ្វីប្លែកឬទេ កាលបុណ្យពិព័រណ៍អន្តរជាតិ?
  • គ្មានឃើញអ្វីជាចម្លែក ក្រៅពីការប្រឡងរើសរូបស្រីៗទេ។
  • តេជគុណយល់ឃើញដូចម្ដេច អំពីរឿងរើសរូបនេះ?
  • ចំពោះខ្ញុំ ខ្ញុំគ្រាន់តែសប្បាយភ្នែកដោយបានឃើញរូបស្រីមកប្រឡង។ស៊ឹមឯងមានបានមកមើលទេ។គេស្លៀកខោងូតទឹក បញ្ចេញគល់ភ្លៅខ្ចី។
  • ខ្ញុំបាទគ្មានលុយមើលទេ ខ្ញុំបាទប្រថុយចាយប្រាំរៀល ទិញរូបថតទៅឲ្យប្រពន្ធខ្ញុំបាទមើល។ប្រពន្ធខ្ញុំបាទវាថា កោតតែគេហ៊ានទៅបែរប្រឡងដែរ វាមិនចូលចិត្តទេរបៀបនេះ។វាមិនចង់ទាំងហ៊ានមើលរូបថតផង។ខ្ញុំបាទពន្យល់វាថាស្រុកគេស៊ីវីល័យ ត្រូវពាក់អាវនីឡុងបញ្ចេញសាច់ ត្រូវតុបតែងប្រឡងតាមសៀម អាមេរិក។វាថា វាដើរតាមគេមិនទាន់ទេ។
  • ចំណែកអ្នកផ្ទះខ្ញុំ ដូចជាផ្ទុយពីប្រពន្ធស៊ឹមឯង។គេចូលចិត្តប្រជុំគ្នានិយាយពីការប្រឡងណាស់។គេថានាងនេះសមត្រង់នេះ គេថានាងនោះទាស់ត្រង់នោះ។គេថានាងនេះខ្នងកំពឹស គេថានាងនោះបញ្ចេញភ្លៅហួសហេតុ ហើយបន្តិចគេថា ចេះថាឯចេះ បន្តិចគេថា ឯចុះ។
  • កាសែតមាតុភូមិ ក៏បានចុះសំបុត្រជាច្រើនពីរឿងប្រឡងរូបនេះដែរ។យោបល់ខ្លះធ្វើនេះត្រូវ យោបល់ខ្លះទៀតថាមិនត្រូវទេ នាំឲ្យខូចប្រពៃណីបុរាណអស់ហើយ។
  • ខ្ញុំមិនបានមើលកាសែតខ្មែរទេ ពាក្យខ្មែរថ្មីៗពិបាកណាស់។ខ្ញុំជាវកាសែតបារាំង មើលវានិយាយពីរោះជាង។
  • ចំពោះ ការប្រឡងរូបនេះ ខ្ញុំបាទបានសួរមីងម្នាក់។គាត់ឈ្មោះប្រេម។គាត់ទៅមករកប្រពន្ធខ្ញុំញឹក។គាត់ជាគូលីសង់ផ្ទះ។គាត់មានយោបល់រឹតតែប្លែកទៅទៀត។គាត់ថានៅស្រុកយើង គេច្រើនតែលើកស្រីក្នុងពេលមានលុយ ធ្វើរូបរក្សាឲ្យល្អ ហើយសុខចិត្តចាយលុយទាំងម៉ឺន ទាំងសែនឲ្យ។ឯ ត្រង់ចំពោះស្រីខ្មែរជាងលាននាក់ ដូចក្រុមគាត់ដែលខំធ្វើការសង់ថ្នល់ ធ្វើស្រែ ក្បាលបែកញើស គេមិនព្រមសរសើរសោះ គេរឹតតែបំភ្លេចទៅវិញ។គាត់បាននិយាយថា គួរណាស់តែគេគិតឲ្យប្រាក់ឈ្នួលគាត់ស៊ីគ្រប់គ្រាន់ សង់មន្ទីរពេទ្យ សង់សាលារៀនឲ្យកូនគាត់រៀនផង។
  • ប្រាប់គាត់ផងថា កុំឃើញដំរីជុះ ចង់ជុះតាមដំរី បើគាត់ចង់ល្អ ហេតុអ្វីក៏គាត់មិនខំធ្វើបុណ្យពីជាតិមុនឲ្យច្រើនទៅ។កម្មផលពីជាតិមុនទេដែលឲ្យគាត់តោកយ៉ាកនោះ។
  • ប្រពន្ធខ្ញុំបាទវាថាមិនមែនមកពីកម្មផលទេ តាំងពីវាចេះអក្សរមើលកាសែតមក វាយល់ថាទុក្ខវេទនារបស់ខ្មែរយើង គឺបណ្តាលមកពីពួកអាណានិគមនិយមជិះជាន់យើង។


ដល់ត្រង់នេះ ឡានមួយឲ្យសម្លេងពិតៗពីក្រោយ។លោកងាកមើលទៅ ឃើញអាអូមែលមួយខ្មៅសរិល។លោកបង្គាប់ឲ្យស៊ឹមឈប់ឡាន ហើយលោកចុះទៅដី។លោកប្រាប់ស៊ឹមថា៖

  • ស៊ឹមឯងបរឡានទៅផ្ទះចុះ ប្រាប់ប្រពន្ធខ្ញុំថាកុំចាំបាយខ្ញុំល្ងាចនេះ។ស៊ឹមបរឡានមកផ្ទះយកទៅចតដាក់ស្រួលបួល រួចក៏ឡើងទៅលើផ្ទះជម្រាបប្រពន្ធលោក។


នារីពាក់មាសប្រកបដោយបន្តោងពេជ្រទាំងគ្រាប់ មុនមិនសប្បាយបានសួរបញ្ជាក់ស៊ឹម៖

  • លោកស៊ឹមឯងអញ្ជើញទៅណា?
  • បាទ ខ្ញុំមិនដឹងទេ។
  • ស៊ឹមឯងកុំលាក់ លោកទៅណា?
  • លោកគ្រាន់តែប្រើខ្ញុំបាទមកជម្រាបថាលោកមិនមកពិសាបាយទេល្ងាចនេះ។
  • អញដឹងហើយ។បើមិនទៅមីទឹកល្អក់ មុនជាទៅមីទួលតាពូង។គង់តែស្គាល់ដៃទេថ្ងៃណាមួយ។