រឿងស៊ឹមអ្នកបរឡាន (វគ្គទី៩៖ ទៅមុន)

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៩៖ ទៅមុន)



ស៊ឹមបើកឡានចេញផុតពីរបងមន្ទីរធ្វើការ សួរ៖

  • តេជគុណអញ្ជើញទៅណា?
  • បត់ទៅអាថៃសាន ខ្ញុំត្រូវទៅជួបគេ។លោកបានបង្គាប់។


ស៊ឹមបរសំដៅទៅអាថៃសាន ដល់មុខរោងកុនទ្រឿងកុកឈប់។មុននឹងចុះ លោកបានមើលម៉ោងរួចបង្គាប់៖

  • ស៊ឹមឯងទៅទទួលកូនខ្ញុំសិនចុះ ដល់ម៉ោង១១កន្លះ ត្រូវត្រឡប់មកទទួលខ្ញុំវិញ
  • ប្របាទទាន...។


ឆ្លើយរួច ស៊ឹមបានបរឡានទៅសាលារៀនបារាំងខាងលិចវត្តភ្នំ ទទួលកូនលោកជូនទៅផ្ទះរួចជាស្រេច ក៏បានបរឡានត្រឡប់មកដល់អាថៃសានវិញជិតម៉ោង១១កន្លះ។ស៊ឹមចោលភ្នែកទៅក្នុងហាងអាថៃសាន ឃើញចៅហ្វាយគាត់អង្គុយជាមួយលោកបីនាក់ទៀតដល់ម៉ោង១១កន្លះ ស៊ឹមចោលភ្នែកទៅម្តងទៀត ឃើញមិត្តលោកម្ចាស់ថែមមួយដូសទៀត អផ្សុកពេកណាស់ ដល់ពេលប្រពន្ធចាំបាយផង ស៊ឹមបានចុះពីឡានដើរទៅបៀតចិនលក់ទឹកកក មើលរូបកុនដែលបិទនៅជញ្ជាំងទ្រឿងកុក។សារ៉ែនស្រែកឡើងស៊ឹមទៅថៃសាន ឃើញអ្នកបម្រើចាក់ឲ្យលោកមួយដូសទៀត ហើយអ្នកឡើងតុទាំងបួនជជែកគ្នាយ៉ាងរីករាយ។ឃើញដូចនេះ ស៊ឹមលាន់មាត់ម្នាក់ឯងថា “មិនមែនតែម្តងនេះទេ ម៉េចក៏ម៉េចចុះ អញទៅមុនហើយ...” ។ រួចពីរអ៊ូនេះស៊ឹមក៏ឡើងឡាន បញ្ឆេះរោទ៍ម៉ាស៊ីនយ៉ាងខ្លាំងឲ្យលោកឮ តែលោកមិនឮ ស៊ឹមក៏ដាក់លេខបើកឡានមកផ្ទះមុន។ចតរទេះឡានក្នុងរោងស្រួលបួលរួច ស៊ឹមក៏ជិះកង់កញ្ចាស់មកផ្ទះគាត់។ដល់ម៉ោងមួយជិតកន្លះ ស៊ឹមបានស្លៀកពាក់ជិះកង់ទៅផ្ទះលោក ជូនកូនលោកទៅសាលារៀន ហើយក៏ត្រឡប់មកចាំលោកវិញ។កំពុងតែជូតឡាន ស្រាប់តែឮសម្លេងលោកមកពីលើផ្ទះស្រែកហៅថា៖

  • ស៊ឹមឡើងមកលើ។


ស៊ឹមបានរត់ឡើងទៅលើផ្ទះ រួចសួរ៖

  • មានការអ្វីហៅខ្ញុំបាទទាន?
  • ហេតុអ្វីក៏បើកឡានចោលខ្ញុំពីថ្ងៃត្រង់នេះ? លោកបាននិយាយមើលមុខស៊ឹមដោយខឹង។
  • ខ្ញុំបាទចាំតេជគុណដល់ម៉ោង១២ សារ៉ែនស្រែកបានខ្ញុំបាទចេញឡានមក...។
  • ស៊ឹមឯងធ្វើការស្រេចតែចិត្តស៊ឹមឯងឬ? លោកបានកាត់ញ័រមាត់។
  • បាទទេ តេជគុណឲ្យខ្ញុំបាទចាំត្រឹមតែម៉ោង១១កន្លះ។ខ្ញុំបាទចាំរហូតដល់ម៉ោង១២ យូរលើសកន្លះម៉ោងពីតេជគុណបង្គាប់ ខ្ញុំបាទស្មានតែតេជគុណមិនអញ្ជើញមកពិសាបាយផ្ទះ។
  • ឃើញខ្ញុំរាប់អានស៊ឹមឯងមើលងាយខ្ញុំណាស់។លោកបានបន្ទោស។
  • ខ្ញុំបាទមើលងាយតេជគុណឯណា? ខ្ញុំបាទខំយកចិត្តទុកដាក់ថែទាំឡានតេជគុណ ហើយខំផ្គាប់ជូនកូនតេជគុណ ជូនលោកស្រី ទៅរៀន ទៅផ្សារ...។
  • កុំជជែកជាមួយអាមនុស្សតូចតាចនោះ។បើវាមិនស្ដាប់កោតខ្លាចចៅហ្វាយនាយទេ ផ្លាស់វាទៅ ដេញវាចោលទៅ។ខ្វះអីមនុស្សបរឡាន។លោកស្រីដែលនៅក្បែរនោះបានអារកាត់។


ឮលោកស្រីឡើងសម្លេងដូចនេះ លោកប្រុសក៏ឈប់និយាយ។លោកចុះមកដីឡើងឡាន។ស៊ឹមក៏បានបរឡានសំដៅទៅមន្ទីរធ្វើការ។
ចូលក្នុងរបងមន្ទីរធ្វើការ ស៊ឹមបានចតឡានទុកស្រួលបួលហើយ ក៏ចុះពីឡានដើរសំដៅទៅគល់ឈើ ដែលពូសនបានអង្គុយនៅទីនោះ។ពូសនបានឃើញក៏សួរ៖

  • មានដំណឹងអ្វីប្លែកទៀតទេស៊ឹម?
  • បាទមានច្រើនណាស់ ហើយពិសេសថ្ងៃនេះគឺរឿងផ្ទាល់ខ្លួនខ្ញុំនឹងលោក។
  • រឿងដូចម្តេចទៅ?
  • រឿងលោកចង់ផ្លាស់ខ្ញុំចោល។
  • ព្រោះអ្វី?
  • ព្រោះខ្ញុំបានបើកឡានចោលលោកពីថ្ងៃត្រង់នេះ។លោកឲ្យខ្ញុំចាំលោកនៅមុខថៃសាន សន្យាត្រឹមម៉ោង១១កន្លះ។ខ្ញុំចាំដល់សារ៉ែនស្រែក តែលោកមិនគិតខ្ញុំចាំលោកសោះ លោកនិងមិត្តលោកចេះតែថែមមួយដូស ហើយមួយដូសទៀត...។ខ្ញុំឃ្លានបាយពេកទ្រាំមិនបាន ក៏បើកឡានទៅមុនទៅ...។
  • ម្ដេចអីចឹងស៊ឹម ឯងលេងធំណាស់តើ ហ៊ានបើកឡានចោលចៅហ្វាយ។ពូសនបន្ទោស។
  • យើងធ្វើការមានម៉ោង មានពេលពូ។យើងមានភារៈជូនមកមន្ទីរធ្វើការ ហើយនឹងធ្វើការក្នុងរាជការជាការចប់ មិនមែនបើកប្រាក់ខែខ្វះព្រឹកល្ងាច បើកឡានជូនគេស៊ីផឹកដូចនេះទេ...។
  • ឥឡូវលោកគិតដូចម្ដេច?
  • លោកស្រីថា ខ្ញុំជាមនុស្សតូចតាច ហើយប្រាប់លោកឲ្យផ្លាស់ខ្ញុំចោល។
  • ស៊ឹមឯងត្រូវទៅសុំទោសលោកទៅ...។
  • ខ្ញុំមានទោសឯណាសុំ ខ្ញុំធ្វើតាមច្បាប់ បើលោករៀនចេះច្បាប់ហើយមិនគោរពច្បាប់ មុខតែយើងតូចតាចទាំងអស់វេទនាជានិច្ច។ថ្ងៃនេះវេនខ្ញុំ ថ្ងៃស្អែកវេនពូ ថ្ងៃក្រោយវេនអ្នកបើកឡានទាំងអស់គ្នា...។
  • ឱនដាក់គ្រាប់ ងើបវាស្កកស៊ឹម។ពូសនទូន្មាន។ឯងត្រូវគិតដល់កូនប្រពន្ធផង...។
  • ខ្ញុំគិតដល់កូនប្រពន្ធហើយ បានជាខ្ញុំការពារកម្រិតម៉ោងធ្វើការឲ្យត្រឹមត្រូវតាមច្បាប់ កុំឲ្យមានការរំលោភគ្រប់នាទីដូចនេះ... ដើម្បីខ្ញុំអាចថែទាំវាឲ្យបានសុខ រៀនស្រួល...។
  • ពងមាន់កុំជល់នឹងថ្មស៊ឹម។ពូសនបានប្រដៅថែម។ឯងស្ដប់ពូ។ពូបើកឡានយូរហើយ មានចៅហ្វាយបារាំងខ្មែរ។ពូមិនដែលហ៊ានទទឹងម្ដងណាឡើយ លោកប្រើថ្មើរម៉ាន ពូធ្វើភ្លាម។ចៅហ្វាយពូចូលចិត្តជានិច្ច ព្រួយចិត្តកាត់សាញ ពូដាក់អាជីហែ អាកំពង់ត្រាំមួយកែវរួចខ្លួនស្រេច។កុំចេះពេក កុំប្រាជ្ញពេកស៊ឹម ប្រយ័ត្នចោលប្រពន្ធកូន...។
  • ពូជាន់ចាស់។ខ្ញុំសម័យថ្មី ក្នុងស្រុកឯករាជ្យ ប្រជាធិបតេយ្យ ខ្ញុំត្រូវតែខំ ត្រូវតែដឹងដើម្បីការងារ សេរីភាព សិទ្ធិរបស់យើងរាល់គ្នា។
  • ក្មេងៗឥឡូវចចេសណាស់។អាកូនខ្ញុំក៏រឹងណាស់ដែរ។មួយថ្ងៃៗ ឮតែវាពន្យល់ម៉ែវា បងស្រីវាថា អាមេរិកខូចណាស់ ចង់យកខ្មែរជា ចំណុះវាដូចជាបារាំងអីចឹង ខ្ញុំជេរស្ដីវា សួរថាដឹងពីណាមក។វាថាមកពីវាមើលកាសែតនង្គ័លរាល់ថ្ងៃអង្គារ និងសុក្រ។
  • ខ្មែរឥឡូវក្រោកហើយ។កុំរាំងរា ទប់មិនជាប់ទេ។បារាំងធ្លាក់ទឹកហើយ ពូមិនឃើញទេឬ?
  • ស៊ឹមឯងត្រូវគិតមែនទែន។សូមទោសលោកទៅ។កុំហ៊ានបម្រះនឹងលោក...។
  • ខ្ញុំសូមតែយុត្តិធម៌ សូមតែធ្វើការត្រឹមម៉ោងប៉ុណ្ណោះជាការចប់។
  • ឈប់និយាយស៊ឹម។យើងស្ដាប់គ្នាមិនបានទេ។

ពូសនបានបញ្ចប់ រួចគាត់ក្រោកដើរសំដៅទៅឡានគាត់។