ល្អាងស្ពាន
និរុត្តិសាស្ត្រ
កែប្រែល្អាងស្ពានជាឈ្មោះដែលអ្នកស្រាវជ្រាវផ្ដល់ឱ្យ ដោយហៅតាមរូបរាងថ្មដែលមានសណ្ឋានដូចជាស្ពាននៅក្នុងល្អាង។ ភ្នំនេះកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។
ប្រវត្តិ
កែប្រែនៅទសវត្សទី៦០ (ឆ្នាំ១៩៦៤) លោករ៉ូឡង់-ម៉ូរ៉េ (Roland Mourer) និងប្រពន្ធរបស់គាត់អ្នកស្រីសេ-ស៊ីល (Cécile) បានមកដល់ល្អាងស្ពាននេះហើយគាត់បានធ្វើការសិក្សាដោយការធ្វើកំណាយសាកល្បង នៅលើផ្ទៃដីសរុបចំនួន១៥ម៉ែត្រក្រឡា ដែលចែកជាបីរណ្ដៅនៅក្នុងផ្ទៃរូងទាំងមូល។ រូងនេះមានបណ្ដោយ៤២ម៉ែត្រ ទទឹង២០ម៉ែត្រ និងកម្ពស់ពីផ្ទៃដីដល់ពិដាននៃរូងភ្នំប្រហែល២០ម៉ែត្រ។ នៅរណ្ដៅកណ្ដាលដែលស្ថិតនៅជិតជញ្ជាំងខាងលិច គាត់បានជីករណ្ដៅជម្រៅ១,៥០ម៉ែត្រ ហើយពិនិត្យឃើញមានដីចំនួន៩ស្រទាប់ ដោយនៅស្រទាប់ទីមួយមានដីពណ៌ស្ទើរក្រហមជម្រៅ៦សង់ទីម៉ែត្រ។ តាមរយៈការធ្វើកំណាយកាលជំនាន់នោះគាត់បានប្រទះឃើញបំណែកថ្ម និងកម្ទេចកម្ទីកុលាលភាជន៍មួយចំនួន នៅក្នុងស្រទាប់ដែលជ្រៅជាងគេ (ស្រទាប់ទី៩)។ លោករ៉ូឡង់-ម៉ូរ៉េបានបញ្ចប់ ការងារស្រាវជ្រាវរបស់គាត់ជាលើកដំបូង ដោយឱ្យលទ្ធផលនៅពេលនោះនូវកាលបរិច្ឆេទរវាង ៦៩០០០ (ការសិក្សស្រាវជ្រាវថ្មី) សាឆ្នាំ រហូតដល់ឆ្នាំ៦៨០០ មុនគ្រឹស្តសករាជ។ ចំពោះវត្ថុសិល្បៈដែលលោករ៉ូឡង់-ម៉ូរ៉េរកឃើញនៅពេលធ្វើកំណាយសុទ្ធតែជាឧបករណ៍ដែលទាក់ទងសម័យយុគថ្មបំបែក និងបំណែកវត្ថុប្រើប្រាស់ដែលធ្វើពីដីដុត។ គាត់បានធ្វើការសម្គាល់ថាល្អាងស្ពានជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងការតាំងទីលំនៅក្នុងរូងភ្នំរបស់មនុស្សនាសម័យយុគថ្មបំបែក។ នៅដើមឆ្នាំ២០០៩ គម្រោងសិក្សាស្រាវជ្រាវថ្មីមួយត្រូវបានអនុវត្ត ដោយធ្វើការសិក្សាបន្ថែមនៅស្ថានីយ៍ដដែលនេះ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងបារាំងដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍរបស់ប្រទេសបារាំងតាមរយៈស្ថានទូតបារាំង។ គម្រោងស្រាវជ្រាវនេះត្រូវបានចុះហត្ថលេខានៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមអធិបតីភាព ឯកឧត្តមជុច-ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិលប្បៈ និងតំណាងស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ។