បុរេប្រវត្តិកម្ពុជា
បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូយាង រឺ កាឡេដុង (Plissement calédonien) និង ពំនើងផ្នត់អែរស៊ីនញាង (Plissement hercynienne) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០០០០ ដល់ ៥០០០ ឆ្នាំ មុ.គ. ទឹកសមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និង ប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១៥០០០ ឆ្នាំមុ.គ. ទឹកសមុទ្រជោរបានកំពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣ មុ.គ. ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះ ទន្លេមេគង្គបាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។[១] គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) -ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមានត្រល់សម្រាប់ត្បាញសំពត់។ ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយយកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និង ចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬ ជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និង គ្រឿងអលង្ការ។
អរិយធម៌ទក្សិណាស៊ី (អូស្ត្រូអាស៊ី)
កែប្រែតាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធម៌ខ្មែរជាប់ទាក់ទងនឹងអរិយធម៌ទក្សិណាស៊ី។ តើអ្វីទៅជាអរិយធម៌ទក្សិណាស៊ី?
អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះរួចទៅហើយ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេស ឥណ្ឌា ហ្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ។ ដោយលោកអេម.ហូកាត និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲ្យសម្មតិកម្មពីរ៖
- អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ រឺ ច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
- ខ្លះទៀតយល់ថាពួកទ្រវិឌ រឺ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង រឺ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះអាំងសូលីន (Insulinde)។ គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖
សំភារៈ
កែប្រែ- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- ចេះប្រើគោក្របី និងធ្វើប្រដាប់សម្រាប់ធ្វើស្រែខ្លះ
- ចេះស្លលោហធាតុ
- ស្ទាត់ជំនាញខាងនាវាចរណ៍: អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀត ទំនាក់ទំនងសម្អាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសា និង របាំប្រពៃណី។ មូលហេតុបានផ្សព្វផ្សាយដូច្នេះមកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវ។
ជំនឿ
កែប្រែជនជាតិខ្មែរនៅសម័យបុរេប្រវត្តិ អនុវត្តជំនឿគោរពបុព្វបុរសដូនតា ហើយធ្វើសក្ការៈបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ជាទង្វើដែលអាចអោយយល់បានថា នៅក្នុងប្រទេសមួយដែលទឹក និងដី មិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយហាក់ដូចជាច្រឡូកលាយឡំភ្ជាប់គ្នាទៅនឹងមេឃ ក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយ។ មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ។ ពេលគេកប់គេតែងដាក់ប្រដាប់ប្រដារបស់មនុស្សស្លាប់ឲ្យទៅ ជាមួយដើម្បីឲ្យប្រើប្រាស់របស់ទាំងនោះតទៅទៀត។ ដូចខ្មែរសម័យឥឡូវដែរ នៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូន អ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចំការនៅឡើយ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹង និងវិញ្ញាណវាមិនដូចគ្នាបេះបិតទេ តែវាអាចសំរបទៅជាមួយអ្នកស្រុកដើមខ្មែរបាន។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម។ ដោយសារតែទស្សនៈបែបនេះហើយទើបឲ្យមានកសាងប្រាសាទភ្នំ ជាតិពន្ធុវិទូ ដូចលោកខ្វារីត-ឆេះ-វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲ្យភ្នំ ឯលិង្គតំណាងឲ្យអ្នកតានេះឯង។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល។
ភាសា
កែប្រែភាសាគេបង្កើតពាក្យដោយប្រើ បទដើម រឺ ផ្នត់ដើម រឺ បុព្វបទ (prefixes), បទជ្រែក រឺ ផ្នត់ជែក រឺ អព្វាបទ (infixes) និង បទចុង រឺ ផ្នត់ចុង រឺ បច្ច័យបទ (suffixes)។ ចំពោះខ្មែរយើងបទដើម និង បទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
- ភាសាខ្មែរ
- ពន + យល់ > ពន្យល់
- បណ + ដើរ > បណ្ដើរ
- គិត > គំនិត (គ + ន + ិ + ត)
- កាយ > កំណាយ (ក + ណ + ា + យ)
- ភាសាមន
- គេត (វិល) > បៈគេត (បង្វិល)
- គើ (ឆេះ) > ពគើ (បញ្ឆេះ)
- ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
- ក្លូត (លួច) > កម្លូត (ចោរ)[២]
ឝ្រីគោត្របូរ
កែប្រែឝ្រីគោត្របូរក្នុងព្រះរាជពង្សាវតារថៃ ប្រហែលទាក់ទងនឹងភូមិសាស្ត្រមួយ មុនការបង្កើតនគរភ្វូណាននាដើមសតវត្សទី១នៃគ្រិស្តសករាជ។ នគរនេះស្ថិតក្នុងសម័យបុរេប្រវត្តិ ស.វទី១ មុ.គ.។ អាណាចក្រនេះ គឺប្រហែលជាស្ថិតនៅចុងសម័យលោហធាតុ ដែលមានការដុះដាលនូវក្រុងជាច្រើន កើតឡើងដោយការប្រមូលផ្ដុំ នៃសហគមន៍មនុស្សយ៉ាងកុះករ ជាងពេលណាៗទាំងអស់ដោយសារវឌ្ឍនភាពរបស់កសិកម្ម រួមផ្សំនិងការចិញ្ចឹមសត្វ និងភាពរីកចម្រើននៃកុលសម្ព័ន្ធនានា បង្កើតបានជាភូមិ ស្រុក ឬសហគមន៍។ បរិបទវប្បធម៌នេះ បានបង្កើតឡើងនូវរឿងព្រេងបែបប្រវត្តិសាស្ត្រ។ ប្លែកពីនគរភ្វូណាន នគរគោកធ្លក រឺ នគរឝ្រីគោត្របូរ គឺជាឈ្មោះនគរតែមួយដែលជាទេវកថាបែបខ្មែរសុទ្ធសាធ។ ពង្សាវតារខ្មែរ មិនបាននិយាយដល់នគរខាងលើនេះទាល់តែសោះ? ច្បាប់ព្រះរាជពង្សាវតារខ្មែរ តាមពិតទើបតែត្រូវបានចារឡើងជាថ្មី នៅរវាងសតវត្សទី១៧ និងនៅដើមសតវត្សទី១៩ នៃគ្រិស្តសករាជតែប៉ុណ្ណោះ ហើយក្នុងការចារសាជាថ្មីឡើងវិញនេះ ស្មេរខ្មែរពុំបានចម្លងឡើងវិញ ដោយរំលងបញ្ហាពាក់ព័ន្ធនឹងនគរឝ្រីគោត្របូរ ដោយយល់ថាគ្មានប្រយោជន៍ ផ្ទុយពីស្មេរសៀម ដែលក្នុងច្បាប់ព្រះរាជពង្សាវតាររបស់គេនៅរក្សារឿងព្រេងខ្មែរ ជាច្រើនដូចជា នគរគោកធ្លក និងព្រះថោង នាងនាគ ជាដើម។ មូលហេតុបណ្តាលមកពីសង្គ្រាមឆាបឆេះមិនឈប់ឈរហើយបានបំផ្លាញនូវឯកសារ ក្នុងអតីតព្រះបរមរាជវាំងខ្មែរ។ នេះក៏ជាហេតុ ឲ្យមានការចងក្រងឡើងវិញ ដោយពឹងពាក់លើការចងចាំផ្តេកផ្តួលលើភាពអច្ឆរិយៈ ដើម្បីបំពេញកង្វះខាតនានា។
កាលបើបានអានរឿងព្រេងនេះហើយ យើងឃើញ ពាក្យថា ពញាគោត្តម ព្យាគោត្របង ឬគោដំបង ពាក្យពីម៉ាត់នេះ ដែលមាននៅក្នុងទំព័រប្រវត្តិសាស្ត្រ ពង្សាវតារថៃក្បាលទី១ ទំព័រ៣១ ផ្សព្វផ្សាយដោយរោងពុម្ព កាវណា ខែវិច្ឆិកា ពុទ្ធសករាជ ២៥០៦ ហើយនឹងព្រះរាជពង្សាតាវរខ្មែរ ប្រែជាភាសាថៃ ដោយប្រៃពីឡា នៅពុទ្ធសករាជ ២៥៦០ ទំព័រទី៥០ មានន័យដូចម្តេច ? ឈ្មោះនេះជាឈ្មោះសក្តិសិទ្ធិណាស់ ហើយទាក់ទិនទៅនឹងរបបរាជនិយម។ ការប្រៀបផ្ទឹមព្រះរាជាខ្មែរទៅនឹងព្រះពុទ្ធអង្គជារឿងធម្មតាក្នុងជំនាន់នោះ ហើយការគោរពពុទ្ធសាសនាមានជាទូទៅ។ ដោយយោងលើទស្សនៈនេះ ទើបក្នុងព្រះរាជពង្សាវតារខ្មែរបានចារអំពីការយាងមកដល់នគរគោកធ្លករបស់ព្រះពុទ្ធអង្គ និងអានន្ទ។ កាលពីដើម គេមានទំលាប់យកឈ្មោះតាមទីក្រុងនៅឥណ្ឌាជាភាសាសំស្ក្រឹតដូចជា ឥន្ទ្រប្រស្ថបុរ ចន្ទ្របុរ អយុធ្យា នគរឝ្រីធម៌រាជ។ល។ ខ្លឹមសារដែលមានក្នុងគម្ពីរជិនកាលមាលិនី តែងពីពុទ្ធសករាជ ១១០០ ជាភាសាបាលីបានចែងថានាសម័យនោះគឺខ្មែរយើងមានបុព្វបុរសជាជនអ្នកចិញ្ចឹមសត្វគោ។ ការដែលគេបានរកឃើញក្នុងស្ថានីយ៍បុរេប្រវត្តិនូវរូបគោធ្វើអំពីដីដុត និងសំរិទ្ធិជាច្រើនបញ្ជាក់ថាខ្មែរយើងចេះផ្សាំងសត្វគោតាំងពីជំនាន់នវសិលា (ថ្មរំលីង) និងលោហធាតុដោយមានកសិកម្មជាអត្ថិភាពជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។ ក្នុងករណីនេះហើយដែលខ្មែរសុរិន្ទ បុរីរម្យ ឧប្បល បាននិយាយតៗគ្នាថា ដូនតាគេដែលជាពូជខ្មែរចេះចិញ្ចឹមគោនៅតាមវាលនានាលើសុវណ្ណភូមិ ដែលជាច្រកមានដើមឈើដល់ទៅ ១០១ ច្រក ឬ មួយរយមួយវាល។ រីឯក្នុងដំណាលព្រះឧរង្គធាតុ គេហៅថា ទ្វារទាំង ១០១ ទៅវិញ។ តាមប្រភពឯកសារមានការគូសបញ្ជាក់ថានៅក្នុងវាលនីមួយៗ គេឃើញមានអ្នកឃ្វាលគោ ឬគៀងគោជាហ្វូងៗ។ តមកអ្នកឃ្វាលគោទាំងនោះកាន់តែមានអំណាចធំឡើងៗ ហើយរីឯចំនួនកូនចៅរបស់អ្នកគង្វាលទាំងនោះ ក៏កាន់តែមានចំនួនច្រើនឡើងៗដែរ។ ពួកគេស្ថិតនៅក្រោមការត្រួតត្រា របស់មេគង្វាលម្នាក់ឈ្មោះ កុហេ (ឈ្មោះស្រដៀង តាគហេ ដែលនាំបក្សីចាំក្រុងរត់ក្នុងពង្សាវតារ) ដោយយូរតមកទៀត វាលស្រែទាំងនោះក៏បានក្លាយទៅជាជំរំ ស្រុក នគរ តាមលំដាប់លំដោយ។ ប៉ុន្តែមេគង្វាលធំ ឬគោវាលធំទាំងនោះ សុទ្ធសឹងតែជាស្រុកចំណុះរបស់ មហានគរ ទីក្រុងនេះ ឬ ឥន្ទបត្តបុរីទៅវិញ។ ទាំងនេះជាខ្លឹមសារនៃរឿងនិទាន ដែលចាស់ៗបានចងចាំជាហូរហែរមក។ ចំណែកព្រះរាជពង្សាវតារខ្មែរវិញ ក៏បានឲ្យដឹងដែរថា ដើមឡើយប្រទេសកម្ពុជា មានឈ្មោះថា ស្រុកគោកធ្លក ឬក៏កោះគោកធ្លក។ ដោយហេតុថាមានដើមធ្លកធំមួយដុះនៅចំកណ្តាលកោះនោះ ដែលជាលំនៅស្ថានរបស់ភុជង្គនាគ និង នាងនាគ។ បើតាមចាស់បុរាណខ្មែរនៅខេត្តតាកែវ ឈ្មោះ គោកធ្លក ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរីស្ថិតក្នុងខេត្តតាកែវបច្ចុប្បន្ននេះបានក្លាយជាកម្ពុជា។ នៅមានឈ្មោះមួយទៀតដែលយើងបានជួបប្រទះក្នុងព្រះរាជពង្សាវតារខ្មែរគឺជម្ពូទ្វីប។ តាមពិតវាជាឈ្មោះរបស់ឥណ្ឌាទេ ដែលមានក្នុងគម្ពីរសាសនាឥណ្ឌាផងដែរ។ ប៉ុន្តែសម្រាប់ស្មេរបុរាណ ជម្ពូទ្វីប គឺជាឈ្មោះរបស់នគរគោកធ្លកទៅវិញ។ ដោយហេតុថា ក្នុងសម័យនោះ ខ្មែរមានទស្សនៈថា ដែនដីខ្មែរគឺជាដែនដីព្រះដែលមានភូមិរបងជាប់ជាមួយខ្មែរ ហើយព្រះរាជាខ្មែរសុទ្ធសឹងតែជាអ្នកមានបុណ្យ ព្រោះថាជាពូជព្រះ។ នៅមានចំណុចមួយទៀតដែលគួរឲ្យកត់សម្គាល់ផងដែរគឺចំពោះ ក្លិង្គបុរាណ ដើម្បីហៅប្រទេសខ្មែរគេប្រើពាក្យ សក្កទ្វីប ឬទ្វីបនៃដើមឈើសក្ក ឬម៉ៃសក្ក ដែលពាក្យខ្មែរផ្សំនឹងពាក្យសៀម លោកអាដឺម៉ាឡឺក្លេរបាននិយាយថា ដើមម៉ៃសក្ក និងដើមធ្លក មានសណ្ឋានដូចគ្នា។ ហេតុការណ៍ខាងលើនេះចង្អុលប្រាប់យើងឲ្យដឹងថារុក្ខជាតិបានដើរតួនាទីយ៉ាងសំខាន់់ក្នុងទេវកថាបុរាណដែលស្តីពីភូមិសាស្ត្រ ហើយប្រកបដោយភាពសក្តិសិទ្ធិ មហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យ។ មួយវិញទៀតពីព្រោះខ្មែរមានទំលាប់ធ្វើសក្ការៈបូជាដើមឈើបានជាក្រុងមហានគរយើងកាលណោះ ត្រូវគេឲ្យឈ្មោះថា ពោធិសារ គឺទីក្រុងមានដើមពោធិតំណាងការត្រាស់ដឹងរបស់ព្រះអង្គ ឬពុទ្ធិ ដែលចិនហៅថា ភ្វូណាន ទៅវិញ។ ដូចនេះអាណាចក្រដែលមានវាលស្រែ មួយរយមួយស្រែសម្រាប់ឃ្វាលគោ ឬអាណាចក្រគោត្របូរ កោះគោកធ្លក ឬក៏អាណាចក្រភ្វូណាន គឺជាឈ្មោះតែមួយគត់ សំដៅភូមិសាស្ត្រដើមរបស់ជនជាតិខ្មែរ។ ដោយឡែក តាមពង្សាវតារកាលពុទ្ធសករាជ ២២១ តែបើតាមសេចក្តីក្នុងដំណាល ព្រះឧរង្គធាតុថាកាលពុទ្ធសករាជទី៨ មានព្រះមហាក្សត្រខ្មែរ បាននាំឆ្អឹងដើមទ្រូងព្រះពុទ្ធ មកទុកក្នុងឥន្ទបត្ត ដោយស្តេចយាងចូលរួមផ្ទាល់ក្នុងពិធីដង្ហែនេះ។ បើតាមន័យនេះគេឃើញថារាជធានីឥន្ទបត្ត ឬអាណាចក្រគោត្របូរត្រូវបានសាងឡើងមុនគ្រិស្តសករាជមកម្ល៉េះ។ តាមព្រះរាជពង្សាវតារខ្មែរ ដើមឡើយនគរខ្មែរ ត្រូវបានសោយរាជ្យដោយស្តេចចាមទាំងប្រាំព្រះអង្គដែលនៅទីនោះគឺជ្វាព្រាហ្មណ៍ទៅវិញ ហើយក្នុងចំណោមស្តេចជ្វាទាំងនោះ មានស្តេច១ព្រះអង្គព្រះនាមថា អាទិច្ចវង្ស (អាទិត្យវង្ស) បានគ្រងរាជសម្បត្តិនៅឥន្ទបត្ត ឬឥន្ទបត្តបុរី នៅខេត្តឧត្តរទិសភាគ។ ម្យ៉ាងវិញទៀតមានដំណាលថាប្រុសៗពេលនោះត្រូវហៅថា គោ ដែលជាពាក្យសំស្រឹ្កត ប្រភពរឿងព្រេងនិទានក៏បានឲ្យដឹងទៀតថា ព្រោះមនុស្សប្រុសគឺជាអ្នកឃ្វាលគោនៅតាមទីវាលនានា។ ដូច្នេះពាក្យ ឃ្វាល អាចនឹងកើតមកពីពាក្យ "មេដេញគោវាល ហៅថាម្រេញគង្វាល" គឺអ្នកឃ្វាលគោ។ ឯស្រីៗ ហៅថា កុ ដូចជាឈ្មោះ សំ ហៅថា កុសំ-ក្សំ, កុអី-ក្អី ទាំងអស់ ដែលមាននៅក្នុងសិលាចារឹកទេដឹង? ដូចនេះហើយ បានជារាជធានីឥន្ទបត្តនេះ កាលដើមឡើយជាជំរំ ទីប្រជុំអ្នកឃ្វាលគោ សម្រាប់មកប្រជុំក្រោមដើមពោធិ ព្រោះខ្មែរព្រេងនាយគោរពដើមឈើ ដូច្នេះទើបហៅថា ពោធិសារ ដែលគេអាចជាទីពឹងជ្រកកោនបាន។ បន្ទាប់ពីតាំងក្រុងរួចទើបឲ្យឈ្មោះថា ពោធិសារដូច្នេះ។ ទីក្រុងពោធិសារនេះ តាមការស្រាវជ្រាវរបស់សាស្ត្រចារ្យពញាអនុមានរាជធន ជនជាតិថៃដែលបានកត់ត្រាទុកនៅក្នុងសៀវភៅរបស់លោកឈ្មោះឡែមឥណ្ឌូចិន។ លោកបានកត់ត្រាថា ក្រុងពោធិសារស្ថិតនៅខាងជើង កេងលីភី ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ ឯលោកបរិហារទេពធានី អ្នកស្រាវជ្រាវថៃផ្សេងម្នាក់ទៀតបានបន្ថែមថា ក្រុងពោធិសារ ស្ថិតនៅតាមមាត់ទន្លេអូរហិនបូរ ខាងជើងស្រុកទាខែក ឆ្នេរឆ្វេងនៃទន្លេមេគង្គ។ តាមកំណត់ហេតុរបស់ចិនឈ្មោះមាំងស៊ុយ ដែលលោកហ្សក-សឺដេស (Cf. The Indianized State of South-East Asia) ដកស្រង់នៅទំព័រ ៩៤ បានសរសេរថាឯកអគ្គរាជទូតបានមកស្រុកឥន្ទបត្តនេះ កាលគ្រិស្តសករាជ៧៩៩។ ទីក្រុងនេះតាំងនៅប៉ាកហិនបូរ មាត់ទន្លេមេគង្គប៉ែកកណ្តាលស្របសំដីគ្នានឹងការស្រាវជ្រាវនៃលោកបរិហារទេពធានីដែរ។ អញ្ជឹងទីតាំងនៃពោធិសារស្ថិតនៅម្តុំចម្ប៉ាសក្ដិប្រទេសលាវបច្ចុប្បន្ន និងប្រទេសថៃភាគឦសាន គឺចង្វាតឧត្តរ ឧប្បលធានីជាដើម ដែលផ្ទុកនូវលំនៅឋាន ឬទីប្រជុំជនធំៗជាច្រើននាសម័យលោហធាតុដ៏ល្បីល្បាញធំជាងគេបំផុត។ មានហេតុធំៗជាច្រើន បានឲ្យដឹងថាភាសាខ្មែរដែលនិយមនៅកាលណោះជាភាសាខ្មែរស្ថិតនៅក្នុងអំបូរខ្មែរ-មន។ ដោយហេតុនៅពេលនោះ ខ្មែរទើបនិយមភាសាដែលមានវិកត្តិការន្តរ។ សូមមើលបញ្ជាក់ក្នុង សៀវភៅ Linguistic Survey of India របស់លោក G.A. Grierson ភាគ២ ដែលមានការផ្តល់នូវឧទាហរណ៍ជាច្រើនស្តីអំពីភាសាដែលប្រើដោយមានវិធីដូចតទៅនេះ៖
- ប្រុសម្នាក់ = អ៊ូប្រូវ
- ប្រុសច្រើននាក់ = គិប្រូវ
- នូវប្រុសម្នាក់ = អៀអ៊ូប្រូវ
- នូវប្រុសទាំងឡាយ = អៀ-គិ-អ៊ូប្រូវ
- ដោយប្រុសម្នាក់ = ជាអ៊ូប្រូវ
- ដោយប្រុសទាំងឡាយ = ជា-គិ-អ៊ូប្រូវ
- ដើម្បីប្រុសម្នាក់ = ជាអ៊ូប្រូវ
- ដើម្បីប្រុសច្រើន = ជា-គិ-អ៊ូប្រូវ
- នាប្រុសម្នាក់ = នាអ៊ូប្រូវ
- នាប្រុសច្រើន = នា-គិ-អ៊ូប្រូវ
- នៃប្រុសម្នាក់ = ផងអ៊ូប្រូវ
- នៃប្រុសច្រើន = ផង-គិ-អ៊ូប្រូវ ដូច្នេះជាដើម។
អ្វីដែលពោលខាងលើនេះ វាសមស្របទៅនឹងព្រឹត្តិការណ៍បច្ចុប្បន្នដោយហេតុថាក្នុងចំណោមអំបូរខ្មែរ-មនទាំងឡាយ ដែលមានចំនួនប្រមាណជា១៣០កុលសម្ព័ន្ធ មានតែខ្មែរមួយទេដែលបានរក្សានូវបូរណភាពទឹកដីរបស់ខ្លួនបាន ទោះបីជនជាតិនេះបានបន្សល់ពលរដ្ឋរបស់ខ្លួននៅសេសសល់នៅក្នុងប្រទេសលាវ យួនខាងត្បួង និងសៀមចំនួនច្រើនលាននាក់ ដែលកំពុងតែបាត់បង់នូវអត្តសញ្ញាណជាតិដើមរបស់ខ្លួនក៏ដោយ។ ទីក្រុងគោត្របូរនេះ បើមានអាចនឹងស្ថិតនៅចុងសម័យលោហធាតុកើតឡើងដោយការប្រមូលផ្គុំគ្នានូវសហគមន៍មនុស្ស ជុំវិញស្តេចត្រាញ់តូច ឬធំទាំងឡាយតាមស្ថានភាពនយោបាយ និងសេដ្ឋកិច្ចបុរាណដូចខ្លឹមសារនៃដំណើររឿងបានចែង។ គប្បីរំលឹកថា តាមព្រះរាជពង្សាវតារលាវ នគរនេះស្ថិតនៅក្នុងទឹកដីរបស់ប្រទេសលាវទៅវិញហើយ ដោយស្តេចលាវជាច្រើនអង្គក្នុងសម័យកាលមួយកំណត់ពុំបាន (Cf. Ch. Archaimbault, Le Traibhumi)។ ទាំងឈ្មោះ ក្រុងពោធិសារ ទាំងឈ្មោះគោកធ្លក និងគោត្របូរ សុទ្ធសឹងពាក់ព័ន្ធទៅនឹងទេវកថាទាំងអស់ ព្រោះស្ថិតក្នុងបុព្វសម័យ ហើយវាក៏ជាកត្តាបង្ហាញនូវចំណាស់នៃខឿនវប្បធម៌-អារ្យធម៌ខ្មែរចាប់បដិសន្ធិឡើងមុនសម័យប្រវត្តិសាស្ត្រ។ ទេវកថានៃអាណាចក្រគោត្របូរ ដែលមានភូមិសាស្ត្រដ៏ធំល្វឹងល្វើយហើយថែមទាំងបានគ្របដណ្តប់លើទីតាំងប្រជុំជន ឬក្រុងធំៗ ដែលសុទ្ធតែជាបុរាណស្ថានសំខាន់ៗ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រហែលជាមិនមែនរឿងប្រឌិតទាំងស្រុងទេដឹង ។ អាណាចក្រគោត្របូរ គឺជាភស្តុតាងនៃការលេចធ្លោនូវអត្តសញ្ញាណទីក្រុងខ្មែរដំបូងបង្អស់នាចុងសម័យលោហធាតុយ៉ាងប្រាកដដោយឥតប្រកែក។ ដូច្នេះហើយ បានជាក្នុងបរិបទនេះ យើងឃើញមានវត្តមានរបស់រឿងព្រេងនិទានខ្មែរមួយចំនួន ដែលមានលក្ខណៈជាទេវកថាវិទ្យានិយម បែបខ្មែរត្រូវបានបង្កើតឡើងដោយបានបន្សល់ទុកគ្រាន់តែស្លាកស្នាមរហូតដល់បច្ចុប្បន្ន។[៣]
ស្ថានីយ៍បុរេប្រវត្តិ
កែប្រែតាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះ ខេត្តក្រចេះ និង ស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយ៍ចំនួន ៦ ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុមកទល់សព្វថ្ងៃ។
ស្ថានីយ៍សំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយ៍ស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយ៍នេះមានកំពស់ ៥ មាត្រ ផ្ទៃក្រឡា ៦០០០ មាត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និង លោកម៉ង់ស៊ុយ (Mansuy) ១៩០២ និង ១៩២៣ បានធ្វើការុករកនៅទីនោះ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍។
អន្លង់ផ្ដៅគឺជាស្ថានីយ៍នៅចំងាយ ៣០ គ.ម ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយ៍ខាងលើដែរ។ លោកម៉ង់ស៊ុយជាអ្នករកឃើញស្ថានីយ៍នេះនៅឆ្នាំ ១៩០២។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ-ឡឺវី (P.le vy) នៅឆ្នាំ ១៩៤៣ ស្ថានីយ៍នេះថ្មីជាងស្ថានីយ៍ខាងលើពីរ ព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ។
ក្រសួងវប្បធម៌ និងសាកលវិទ្យាល័យស៊ីតនីនៃប្រទេសអូស្ត្រាលីបានធ្វើកំណាយសង្គ្រោះ ២ លើក។ ការសិក្សាសរីរវិទ្យា បង្ហាញថា ផ្នូរបញ្ចុះសពមនុស្សជំទង់ និងកូនក្មេងរួមនិងសំណែនបន្លុងសពដូចជា ឆ្អឹងសត្វ អង្កាំ អលង្ការ សំរឹទ្ធិ ចង្ក្រង់ ខ្នារអំបោះ វត្ថុធ្វើពីដែក និងភាជន៍។ល។ ឯស្ថានីយ៍គោកទ្រាស ភូមិឃុំបន្ទាយឆ្មារ ស្រុកថ្មពួកស្ថិតនៅ ៥ គ.ម ឦសានប្រាសាទបន្ទាយឆ្មាររកឃើញឆ្នាំ ២០០៦ ហើយក្រសួងវប្បធម៌បានធ្វើកំណាយផ្លូវការនៅឆ្នាំ ២០១២ ពេលរាជរដ្ឋាភិបាល សា្ថបនាផ្លូវជាតិលេខ៥៦ វាងហើយចំលើផ្នូរសពដែលរកឃើញ ៦ មានបញ្ចុះសំណែន ស្រដៀងនៅភូមិសូភីដែរ តែថែមមានវត្ថុធ្វើពីមាស និងរកឃើញកាកសំណល់ ពពួកខ្យង ខ្ចៅ គ្រំ។ល។
បុរាណវត្ថុខ្មែរដែលពួកឈ្មួញទុច្ចរិតបានជីកយកពីផ្នូរកប់សពនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅលក់នៅតាមទីផ្សារនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសយកទៅលក់នៅប៉ោយប៉ែត និងប្រទេសថៃ។ សកម្មភាពនេះមិនត្រូវបានអាជ្ញាធរខេត្តឈឺឆ្អាល ឬចាត់វិធានការហាមឃាត់ឡើយ។(២០០៧ ឯកសារក្រសួងវប្បធម៌ និងអង្គការជប៉ុន)
ស្ថានីយ៍ប្រវត្តិសាស្ត្រភូមិស្នាយស្ថិតឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាកន្លែងលក់សពមួយយ៉ាងធំធេងបំផុតក្នុងព្រះរាជាណាចក្រខ្មែរបច្ចុប្បន្ន។ សារៈសំខាន់នៃស្ថានីយ៍នោះគឺស្ថិតក្នុងអន្តរកាលចន្លោះរវាងសម័យកាលបុរេប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ត្រ ពោលគឺសតវត្សរ៍ទី៣-៤ មុនគ្រិស្តសករាជ ដូចករណីពូថៅថ្មរំលីងមួយ ដែលគេបានរកឃើញជាភស្តុតាងស្រាប់ (មើលរូបភាព) និងសតវត្សរ៍ទី៤-៥ ក្រោយគ្រិស្តសករាជ។ វត្ថុបុរាណទាំងអស់នៅទីនោះ ដែលមកពីរណ្តៅកំណាយទាំង៥ (A, B, C, D និង E) ជាស្លាកស្នាមវប្បធម៌ខ្មែរ ហើយគេពុំអាចស្វែងយល់ពីឫសកែវរបស់ជនជាតិខ្មែរយើងបានទេបើគ្មានវត្ថុទាំងនោះ។ (២០០៨ ឯកសារក្រសួងវប្បធម៌ និងអង្គការជប៉ុន) នៅឆ្នាំ ២០០៧-២០០៨ និង ២០០៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយមានការសហការជាមួយ International Research Center for Japanese Studies, 3-2 Oeyama-cho, Goryo, Nishikyo-ku, Kyoto 610-1192, Japan បានធ្វើកំណាយតាមវិធីសាស្ត្រយ៉ាងហ្មត់ចត់ ផ្នូរសពមួយចំនួននៅលើហើយថែមទាំងបានកសាងសារមន្ទីរមួយដែលក្បែរស្ថានីយ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ក៏ប៉ុន្តែជាអកុសលអ្វីៗដែលត្រូវបានគេយកទៅតំកល់ក្នុងសារមន្ទីរនេះមានចំនួនតិចតួចស្តួចស្តើងពេក បើប្រៀបធៀបទៅនឹងបុរាណវត្ថុទាំងតូចទាំងធំ គ្រប់ប្រភេទនិងខ្នាត ដែលគេយកទៅលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ពីសៀមរាបទៅកាន់បន្ទាយមានជ័យ ស្ថានីយ៍ទេពកូសាស្នាយ គឺជាភូមិតូចមួយដែលសព្វថ្ងៃនេះនៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយមានចំងាយប្រមាណជាង ៧១ គ.ម នៅខាងលិចនៃខេត្តសៀមរាបតែប៉ុណ្ណោះ។[៤]
ស្ថានីយ៍កោះតាមាស ស្រាវជ្រាវដោយសាលាបារាំងចុងបូព៌ាប្រទេសនៅឆ្នាំ ២០០៧ និងក្រុមឯកសារខ្មែរដែលបង្ហាញនូវឫសកែវវប្បធម៌ខ្មែរ ដែលស្ថិតរវាងចុងសម័យថ្មរំលីង និងសម័យដែក។ ស្ថានីយ៍នេះស្ថិតនៅផ្ទៃខាងក្នុងនៃបារាយណ៍ខាងលិច ដែលសាងសង់ឡើងនាស.វទី១១ នៃគ.ស មានចំងាយប្រមាណជា ១៣០០ មាត្រ ពីប្រាសាទមេបុណ្យ។ ស្ថានីយ៍នេះជាទួលកប់សពមួយដែលពិបាកនឹងសន្មត ដោយសារមានទឹកលិចនៅរដូវវស្សា ក្នុងកំពស់ ២ មាត្រ។ របកគំហើញខាងបុរាណវិទ្យាបានឲ្យដឹងថា ស្ថានីយ៍បុរេប្រវត្តិសាស្ត្រដែលរួមមានផ្នូរកប់សពមួយមានអាយុកាលចន្លោះ ១៨០០ ទៅ ៩០០ ឆ្នាំមុនគ.ស ដែលជាយុគសំរិទ្ធិ។ (Cf. Pottier, 2004, Koh Ta Meas, Un site inedit dans le Baray Occidental, Siem Reap, EFEO) រីឯយុគដែកក្នុងតំបន់វិញគឺស្ថិតក្នុងសម័យកាល ៥០០ ឆ្នាំមុនគ.ស បើយោងលើលទ្ធផលនៃការវិភាគវត្ថុបុរាណនៅស្ថានីយ៍ព្រៃក្មេង ដែលស្ថិតក្បែរនោះ។ ការតាំងកាលបរិច្ឆេទនេះគឺ សំអាងលើលទ្ធផលនៃការធ្វើតាំងអាយុកាល តាមវិធីប្រើប្រាស់កាបូន១៤ សម្រាប់វាស់ជាតិវិទ្យុសកម្មលើសំភារៈវប្បធម៌ ដែលគេបានរកឃើញក្នុងរណ្តៅចំនួន ៣ មានទំហំត្រឹមតែ ១០០ មាត្រក្រឡាប៉ុណ្ណោះ។ ស្រទាប់ដីខាងលើនៃស្ថានីយ៍កោះតាមាស គឺជាស្រទាប់ដីដែលមានអាយុតិចបំផុត រីឯស្រទាប់ដីនៅខាងក្រោម គឺជាស្រទាប់ ដីដែលមានអាយុចាស់ជាងគេបំផុត។ គេបានរកឃើញនូវឧបករណ៍ប្រើប្រាស់ និងគ្រឿងអលង្ការជាច្រើន ដែលអាចឆ្លុះបញ្ចាំងនូវប្រពៃណីទំនៀមទំលាប់ ប្រព័ន្ធជំនឿសាសនា និងជីវភាពប្រចាំថ្ងៃ ពោលគឺអារ្យធម៌របស់ប្រជាជនខ្មែរ ដែលទើបបានតាំងលំនៅស្ថានក្នុងតំបន់សៀមរាបអង្គរនេះ រវាងប្រហែលជាត្រូវបានធ្វើឡើងចាប់តាំងពីប្រមាណជា ១៨០០ ឆ្នាំមុនគ.ស។ ការផ្លាស់ប្តូរ ប្រែប្រួលសង្គមវប្បធម៌ នឹងផ្នត់គំនិតពីជីវចលនិយមទៅជាឥណ្ឌូនិយមក្នុងតំបន់ប្រហែលជាត្រូវបានធ្វើឡើងចាប់តាំងពីដើមស.វទី១នៃគ.ស។
- ក. សំភារៈប្រើប្រាស់ធ្វើអំពីថ្ម ឆ្អឹង និងឈើ គេបានរកឃើញនូវពូថៅធ្វើអំពីថ្មភក់ ថ្មសម្រាប់រំលីងមួយចំនួនព្រមទាំងឧបករណ៍ប្រើប្រាស់ធ្វើអំពីឆ្អឹង និងឈើ ឬមានដងធ្វើអំពីឈើ។ ម្យ៉ាងវិញទៀតមានឧបករណ៍ខ្លះធ្វើអំពីថ្ម ដែលត្រូវគេរំលីងឲ្យរលោងទាំងសងខាងប្រហែលជាសម្រាប់ជាទីគោរពសក្ការៈ។ វត្តមានរបស់ឧបករណ៍ធ្វើអំពីថ្មរំលីងបង្ហាញថា យើងកំពង់ស្ថិតក្នុងសម័យចុងយុគថ្មរំលីង ហើយកំពុងឈានចូលសម័យសំរិទ្ធិ។
- ខ. គ្រឿងអលង្ការធ្វើអំពីសំរិទ្ធិ និងមាសនៅស្ថានីយ៍បុរប្រវត្តិសាស្ត្រខាងលើនេះ នៅស្រទាប់ដីផ្នែកខាងលើ ដែលមានចំណាស់ប្រមាណជាពី៨០០ ឆ្នាំ មុនគ.ស ដល់៥០០ ឆ្នាំ គ.ស គេបានឃើញនូវវត្ថុប្រើប្រាស់ធ្វើអំពីសំរិទ្ធិ។ ថ្វីត្បិតតែវត្ថុធ្វើអំពីលោហៈមានចំនួនតិចតួចស្តួចស្តើងក្តី ក៏ប៉ុន្តែវត្តមានរបស់វា សបញ្ជាក់ឲ្យឃើញថាសំរិទ្ធិត្រូវបានគេនិយមរួចមកហើយក្នុងតំបន់សៀមរាបអង្គរ។ ឧទាហរណ៍ជាក់ស្តែង គេបានរកឃើញ កងដៃមួយធ្វើអំពីសំរិទ្ធិ ដែលពាក់នៅលើដៃសពស្ត្រីម្នាក់ដែលមានក្បាច់រំយោលវៀនជាគូថខ្យង។
- គ. ឧស្សាហកម្មភាជន៍នៅស្ថានីយ៍កោះតាមាស កុលាលភាជន៍ធ្វើអំពីដីដុតខ្លះមានគំរប ហើយខ្លះទៀតមានផាត់ពណ៌ក្រហមផង ដែលត្រូវបានគេបញ្ចុះជាមួយសព ភាគច្រើនមានទំហំធំ ហើយខ្លះទៀតថែមទាំងមានពណ៌ផាត់ពីលើផង។ ម្យ៉ាងវិញទៀតគេក៏បានជួបប្រទះនូវភាជន៍មួយចំនួនត្រួតលើគ្នា ដែលជាទំនៀមទំលាប់ប្រជាប្រិយ៍ ដែលមានលក្ខណៈជាទូទៅក្នុងសម័យកាលនោះ។ ព្រោះថាមានតឹកតាងប្រវត្តិសាស្ត្រជាច្រើនដែលបង្ហាញថា នៅផែនដីសណ្តកម្ពុជាក្រោម ក៏ដូចនៅលើខ្ពង់រាបនគររាជសីមា គឺសហគមន៍មន-ខ្មែរ ដែលជាបុព្វបុរសខ្មែរ មានទំលាប់ដាក់ភាជន៍ត្រួតលើគ្នា ហើយកប់ជាមួយសាកសព។
សារមន្ទីរជាតិភ្នំពេញបានជួសជុលភាជន៍យ៉ាងតិចក៏មួយរយដែរ ដែលមកពីតំបន់អង្គរជាពិសេសស្ថានីយ៍កោះតាមាស ព្រៃក្មេង និង ភូមិស្នាយ និងល្អាងស្ពាន ដែលភាគច្រើនត្រូវបានបែកបាក់ជាបំណែកតូចៗ ដោយសម្ពាធដីសង្កត់ពីលើ។ ការជួសជុលដោយផ្គុំឲ្យចេញជារូបរាងដើមឡើងវិញគូសបញ្ជាក់ឲ្យដឹងថានាដើមសម័យប្រវត្តិសាស្ត្រជនជាតិខ្មែរដែលរស់នៅក្នុងភូមិភាគនេះមានទេពកោសល្យយ៉ាងខ្ពស់ក្នុងការផលិតភាជន៍ដើម្បីយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជាឆ្នាំង, ចន្ក្រាន, ថូ, និងថូទឹកមានចំពួច ដើម្បីផ្ទុកនូវម្ហូបអាហារ ជាសំណែនដូចជា ស្រូវ អង្ករ បាយ ទឹក ស្រា ចំណីសម្រាប់បុព្វការីជនដែលបានចែកឋានទៅ។ ប្រពៃណីកប់សពដោយបញ្ចុះនូវរបស់ប្រើប្រាស់គ្រប់ប្រភេទ កន្ទេលសម្រាប់ក្រាល ឬរុំសព កុលាភាជន៍ គ្រឿងសំលៀកបំពាក់ ម្ហូបអាហារ ពោលគឺអ្វីៗដែលជាទ្រព្យសម្បត្តិរបស់សពនោះ ត្រូវបានប្រារព្វរហូតដល់សព្វថ្ងៃ ដោយកុលសម្ព័ន្ធព្នង ដែលរស់នៅក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ មានសញ្ញាណជាច្រើនដែលចង្អុលបង្ហាញថា ពិធីកប់សពខាងលើនេះត្រូវបានឈប់ប្រតិបត្តិ នៅពេលដែលសហគមន៍មនុស្ស ក្នុងភូមិភាគនេះទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា ចាប់តាំងពីដើមសតវត្សទី៧ មក។ មុនការលេចធ្លោឡើងនៃវប្បធម៌បុរេអង្គរ និងអង្គរ ដ៏មហារុងរឿង រវាងចុងស.វទី៧ ទី១៣-១៤នៃគ.ស តំបន់សៀមរាបអង្គរ ដែលស្ថិតនៅខាងជើង ហើយមិនឆ្ងាយពីដងទន្លេសាប ធ្លាប់ជាទីតាំងមួយដែលមានប្រជាជនរស់នៅយ៉ាងកុះកររួចមកហើយ។ ក្នុងតំបន់នេះ សហគមន៍មន-ខ្មែរ ដែលជាបុព្វការីជនរបស់ខ្មែរនាសម័យបុរេអង្គរ និងអង្គរបានបន្សល់នូវស្លាកស្នាមវប្បធម៌ដ៏ច្រើនលើសលុប ដែលបង្ហាញថា ពួកគេមានការរីកចម្រើនគ្រប់វិស័យរួចទៅហើយ។ បុព្វការីជនខ្មែរទាំងនោះ ដែលរស់នៅដោយការធ្វើស្រែចំការ ចេះផលិតវត្ថុធ្វើអំពីលោហធាតុ សូនធ្វើកុលាលភាជន៍ សម្រាប់យកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងចេះគោរពបូជាដូនតា ចែកឋាន តាមរយៈពិធីបូជាសព។ ពួកគេក៏ចេះផ្សាំងសត្វរួចមកហើយដែរ ដូចជាសត្វជ្រូក ក្របី គោ និងឆ្កែជាដើម។ ជាទូទៅសហគមន៍ទាំងនោះក៏មានទំនាក់ទំនងជាមួយសហគមន៍ដទៃៗទៀត ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។ ហេតុដូចនេះហើយ ទើបគ្រឿងអលង្ការដែលពួកគេប្រើប្រាស់ សម្រាប់តុបតែងរូបរាងកាយ ដូចជាត្បូងថ្មអហ្គាត ន័រណាលិន និងកែវជាដើម។ ក្រៅពីមានលក្ខណៈស្រដៀងទៅនឹងតំបន់ផ្សេងៗឯទៀតក្នុងសម័យនោះ មានគុណភាពខ្ពស់ល្អឥតខ្ចោះ បើនិយាយពីបច្ចេកទេសផលិត ឬដំណើរផលិតកម្ម។ ការផលិតនូវគ្រឿងអលង្ការជាគ្រាប់អង្កាំទាំងនោះ វាជាការលំបាកណាស់ក្នុងការរកប្រភពដើមនៃអង្កាំទាំងនោះ។ អ្វីដែលយើងអាចសន្និដ្ឋានជាបណ្តោះអាសន្ន គឺគ្រាប់អង្កាំទាំងនោះ ប្រហែលជាត្រូវបាននាំចូលពីស្ថានីយ៍ភូមិស្នាយ ស្ថិតមិនប្រមាណជា ៦០ គ.ម ពីនោះ ហើយដែលជាទីប្រជុំជនសំខាន់ផង។ ពីព្រោះបរិមាណនៃផ្នូរកប់សព មានចំនួនច្រើន អាចដល់ច្រើនរយពាន់ផ្នូរ។ កត្តាជាក់ស្តែងមួយទៀត គឺភាពសម្បូណ៍បែបខាងបុរាណវត្ថុ ដែលគេបានជួបប្រទះ ហើយដែលត្រូវបានគេយកទៅជួញដូរដោយខុសច្បាប់នៅលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងថៃបច្ចុប្បន្ន។[៥]
ព័ត៌មានដែលទទួលបានពីការស្រាវជ្រាវរបស់លោកម៉ាល្លើរេ ឃុត-សុខាន និងលោកស្រីម៉របានឲ្យដឹងថា យ៉ាងហោចណាស់ក៏ចាប់តាំងពី ១០០០ ឆ្នាំមុនគ.ស បុព្វការីជនខ្មែរបានមកតាំងទីលំនៅដ្ឋាននៅក្នុងភូមិភាគនេះមកហើយ ជាពិសេសនៅតាមដងស្ទឹងតូចធំទាំងឡាយដូចនៅស្រុករលួស បន្ទាយស្រី និងជីក្រែងជាដើម ហើយថ្មីៗនេះ យើងក៏បានឃើញនូវពូថៅ ពន្លួញថ្ម និងសំរិទ្ធិមួយចំនួនមកពីម្តុំជ្រីវថ្មី ក្បែរភ្នំក្រោម ដែលគេដាក់លក់នៅទីផ្សារខេត្តសៀមរាបដែរ។ ម្យ៉ាងវិញទៀត បើយោងតាមលទ្ធផលនៃការស្រាវជ្រាវនៅស្ថានីយ៍ព្រៃក្មេង និងកោះតាមាសនៅបារាយណ៍ទឹកថ្លា យើងក៏អាចសន្និដ្ឋានបានថា ទឹកដីសៀមរាបអង្គរដ៏បវរនេះពិតជាទឹកដីចាស់មែន។ តាមពិតទៅស្លាកស្នាមវប្បធម៌បុរាណទាំងនោះ បានលាតសន្ធឹងរហូតដល់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យបាត់បង់ ហើយគ្របដណ្តប់លើខ្ពង់រាបនគររាជសីមាទាំងមូល ដែលធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្ររបស់បុព្វបុរសខ្មែរ តែសព្វថ្ងៃស្ថិតក្នុងបង្គោលសីមារបស់ព្រះរាជាណាចក្រថៃ។
ភាពសម្បូណ៍បែបនៃកុលាលភាជន៍ ដែលគេជួបនៅតាមស្ថានីយ៍ទាំងនោះជាសក្ខីកម្មនៃភាពរីកចម្រើនខាងសិល្បៈកុលាលភាជន៍ ក៏ប៉ុន្តែលក្ខណៈពិសេសមួយគប្បីយើងត្រូវកត់សំគាល់គឺអវត្តមានរបស់ដៃសម្រាប់កាន់មិនដូចកុលាលភាជន៍ចិននោះទេ។ វត្តមានរបស់វត្ថុសំរិទ្ធក៏ត្រូវបានជួបក្នុងស្ថានីយ៍ បុរេប្រវត្តិសាស្ត្រទាំងនោះដែរ ជាហេតុដែលបណ្តាលឲ្យមានការសន្និដ្ឋានថា វប្បធម៌នាសម័យនោះគឺស្ថិតក្នុងដំណាក់កាលចុងក្រោយនៃយុគថ្មរំលីង ក៏ប៉ុន្តែតាមពិតទៅការអះអាងខាងលើនេះ ពុំទាន់មានលក្ខណៈត្រឹមត្រូវនៅឡើយទេព្រោះស្រទាប់ដីនៃស្ថានីយ៍ទាំងនោះមិនទាន់ត្រូវបានកំណត់បានត្រឹមត្រូវមួយវិញទៀតស្ថានីយ៍ទាំងនោះ ត្រូវបានបំផ្លិញបំផ្លាញស្ទើរតែទាំងស្រុងទៅហើយ។
បន្ទាប់ពីបានពិនិត្យសិក្សាវិភាគនូវរាល់ទិន្នន័យថ្មីៗ អស់រយៈពេលជាង ៣៥ ឆ្នាំមកទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ លាវ វៀតណាមកណ្តាល និងវៀតណាមខាងត្បូងអតីតលំនៅដ្ឋានរបស់បុព្វការីជនខ្មែរ យើងអាចធ្វើសេចក្តីសរុបចំណេះចេះដឹងដូចខាងក្រោមនេះ: បើពិនិត្យលទ្ធផលនៃការវិភាគរបកគំហើញទាំងនោះ យើងអាចកំណត់សំគាល់ថា រហូតដល់ពេលនេះមិនទាន់មានសញ្ញាអ្វីមួយដែលបង្ហាញថារាល់សមិទ្ធិផលសង្គម ត្រូវបានផលិតឡើងដោយអំបូរចិននៅក្នុងភូមិភាគខាងត្បូងនៃអាស៊ីអាគ្នេយ៍នៅឡើយទេ។ បើទោះបីអ្នកស្រាវជ្រាវ ឬ ប្រវត្តិវិទូមួយចំនួនបានអះអាងថា សំណល់វប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រគឺជាកម្មសិទ្ធិរបស់ដូនតាខ្លួនក៏ដោយ។
ទាក់ទងទៅនឹងបញ្ហានេះ យើងសូមបញ្ជាក់ជាមួយលោកហ្សក-ស៊ឺដេស និងលោកហ្កេស-ឡាំង ថាជនជាតិអំបូរចិនដែលមានប្រភពចេញពីភូមិភាគខាងត្បូងនៃប្រទេសចិន ជាពិសេសនៅតំបន់យូណានបានធ្វើដំណើរឆ្ពោះទៅទិសខាងលិច ដែលត្រូវបានអនុវត្តជាច្រើនដំណាក់កាល ជួនកាលធ្វើឡើងដោយសង្គ្រាមវាតទីនិយម ជួនកាលដោយសន្តិវិធី មិនមែនជាស្ថាបនិកនៃសម្បត្តិ វប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នៅឡើយ។ ដូច្នេះមរតកវប្បធម៌រូបិយ និងអរូបិយទាំងឡាយដែលគេបានជួបប្រទះនៅតាមស្ថានីយ៍នានា ត្រូវបញ្ចូលក្នុងខឿនវប្បធម៌នៃជនជាតិដែលស្ថិតក្នុងអំបូរមន-ខ្មែរ ថ្វីត្បិតតែស្ថានីយ៍ទាំងនោះត្រូវបានផ្តាច់ចេញពីទឹកដីកំណើតនៃ ជនជាតិ មន និង ខ្មែរ តាមរយៈការរំកិលនៃជនជាតិអន្តោប្រវេសន៍ដែលបានកាន់កាប់ទឹកដីដូនតារបស់អ្នកស្រុកអាយជាអាទិ៍ មានកុលសម្ព័ន្ធជនជាតិភាគតិចរស់នៅតាមតំបន់ខ្ពង់រាប ព្រៃភ្នំ និងប្រជាជនខ្មែរ ព្រមទាំងមន។ ហេតុផលមួយដែលគួរឲ្យកត់សំគាល់គឺថាមុនឥទ្ធិពលឥណ្ឌានិងចិនបុព្វបុរសមន-ខ្មែរ បានស្គាល់នូវវឌ្ឍនភាពសង្គម វប្បធម៌របស់ខ្លួនរួចស្រេចទៅហើយ ដូចការលេចធ្លោឡើងនូវបន្ទាយគូជាសក្ខីកម្មស្រាប់។ ព្រោះថាការសាងសង់សំណង់ស្ថាបត្យកម្មទាំងនោះ ដែលធ្វើឡើងអំពីដីលើកមានទ្រង់ទ្រាយធំគឺដោយសារការអំណោយផលនៃធម្មជាតិក៏មែនពិត ក៏ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញបញ្ជាក់ថាសង្គមនាសម័យនោះបានស្គាល់នូវស្ថេរភាពនិងវឌ្ឍនភាពយ៉ាងពិតប្រាកដ។ ដោយសារតែអត្ថិភាពនៃកសិកម្ម ប្រមាណជា ២០០០ ឆ្នាំមុនគ.ស ប្រជាជនខ្មែរដែលជាកសិករ ហើយជាអ្នកស្លលោហធាតុផងមានការរីកចម្រើនគ្រប់វិស័យគួរឲ្យកត់សំគាល់។ ដូច្នោះហើយក្នុងបរិបទនេះចំនួនមនុស្សក្នុងសហគមន៍នានាត្រូវបានកើនឡើងជាលំដាប់ ហើយកំណើននេះ ក៏ដោយសារតែបុព្វការីជននាជំនាន់នោះដែលមានវិស័យកសិកម្មជាមូលដ្ឋាន សេដ្ឋកិច្ចសង្គម ចេះគ្រប់គ្រងធម្មជាតិជាវិជ្ជមាន។ តាមរយៈការស្រាវជ្រាវ យើងក៏ដឹងទៀតថាហេដ្ឋារចនាសម្ព័ន្ធនៃសង្គម ដូចជាផ្លូវសហគមន៍ខ្វាត់ខ្វែងដែលបានផ្តល់នូវភាពងាយស្រួលដល់ទំនាក់ទំនងពីតំបន់មួយទៅតំបន់មួយទៀតក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះជាពិសេសការផ្សារភ្ជាប់តំបន់ខ្ពង់រាបទៅនឹងវាលទំនាប ឬឆ្នេរសមុទ្រមានភាពល្អប្រសើរជឿនលឿនរួចទៅហើយដែរ។ កំណើនសេដ្ឋកិច្ច ផ្តើមចេញពីការប្រើឧបករណ៍សំរិទ្ធ និងដែកសម្រាប់កសិកម្មនិងចំនួនប្រជាជនក៏តម្រូវឲ្យមានការផ្តុំផ្គុំក្រុមមនុស្ស ជាសហគមន៍ដោយទន្ទឹមនឹងនេះ ក៏មានការកសាងនូវទីប្រជុំជន ឬក្រុងតូចធំទាំងឡាយរាប់រយកន្លែង ដែលមានឈ្មោះថា ភូមិមូល ឬបន្ទាយគូព្រមទាំងសំណង់ស្ថាបត្យកម្មធ្វើអំពីថ្មសម្រាប់មូលហេតុសាសនា ដូចជាករណីពាងថ្ម ថ្មបញ្ឈរ និងរណ្តៅបញ្ចុះសពដោយចោះភ្នំនៅតំបន់ខ្ពង់រាបនៃប្រទេសលាវ បច្ចុប្បន្នជាដើម។ យ៉ាងណាមិញ បុព្វការីជនខ្មែរនាសម័យមុនឥណ្ឌូបនីយកម្មក៏បានបន្សល់ទុកនូវស្លាកស្នាមវប្បធម៌ពាក់ព័ន្ធទៅនឹងការបញ្ចុះសពដោយប្រើពាងដីដុតធំៗនៅសាវិញ (វៀតណាមកណ្តាល) នៅភូមិបានឈៀង (ថៃ) និង ជ្រោយម៉ាឡេយូផងដែរ។
ទំរង់រដ្ឋ
កែប្រែបុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រជាពិសេសយុគលោហធាតុចូលចិត្តកសាងទីប្រជុំជនរាងមូលដូចក្បាច់គូថខ្យងភាគច្រើននៅលើទីដីខ្ពស់ ឬទួល ហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញសំរាប់ការពារជ្រកកោនក្នុងគ្រាមានភ័យអាសន្នអន្តរាយ ឬចំបាំងរាំងជល។ ប្រជុំជនបុរាណទាំងនោះមានរាងជារង្វង់មូល និងគូទឹកជុំវិញដែលគេបានជួបប្រទះក្នុងតំបន់នានានៃឥណ្ឌូចិនក្នុងភូមិភាគកណ្តាល។ ការស្រាវជ្រាវរបស់អ្នកឯកទេសថៃនៅលើដែនដីខ្មែរបុរាណដែលស្ថិតនៅម្ខាងទៀតនៃជួរភ្នំដងរែកបានពង្រីកនូវការយល់ដឹងបន្ថែមអំពីអតីតកាលខ្មែរ។ ទីក្រុងបុរាណទាំងនោះជាគ្រឹះមាំមួនសម្រាប់ស្វែងយល់ការអភិវឌ្ឍសង្គមខ្មែរ។ រវាង ១០០០ ឆ្នាំមុន គ.ស មុនការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជនជាតិខ្មែរបានកសាងពេញភូមិភាគនេះនូវទីក្រុងតូចធំជាច្រើនហើយទីក្រុងដើមទាំងនោះក៏បានក្លាយទៅជាបុរីនាសម័យឥណ្ឌូបនីយកម្ម។ ការសិក្សាអំពីទីប្រជុំជន ឬក្រុងបុរាណមុនសម័យប្រវត្តិសាស្ត្រមានផលប្រយោជន៍ជាច្រើនព្រោះបានជួយឲ្យដឹងដល់ការគ្រប់គ្រងរៀបចំស្រុកភូមិតាមបែបជំនឿជីវចលនិយម ដូចជាទីក្រុងរាងជាក្បាច់គូថខ្យងជាដើម និងការវិវត្តរបស់វាក្នុងអតីតកាល។ វាបានឲ្យយើងស្វែងយល់អំពីទំនាក់ទំនងរវាងទីក្រុងទាំងនោះ នឹងតំបន់មួយចំនួនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ក្នុងចង្វាតបុរីរម្យនៃប្រទេសថៃ គេតែងជួបទីប្រជុំជនដែលមានលក្ខណៈជារង្វង់មូល ហើយជួនកាល មានរង្វង់ជាច្រើនជាន់ដោយមានគូទឹកហ៊ំព័ទ្ធជុំវិញថែមទៀតផង។ ទំរង់ក្រុងបុរាណខ្មែរមួយប្រភេទទៀត ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺរាងជាពងក្រពើ ស្ថិតនៅលើទួលមានរាងរាបស្មើបែបខ្សែកោង ភ្ជាប់គ្នាដូចរាងពងក្រពើអញ្ចឹង។ វត្តមានរបស់ទីប្រជុំជនជាច្រើនដែលមានរូបរាងជា រង្វង់មូលដោយស្ថិតលើ ទួលរាបស្មើបែបខ្សែកោង ជាប់គ្នាតែអ្វីដែលគួរឲ្យកត់ត្រាគឺទីតាំងនេះមានរាងរង្វង់មូលជាច្រើនជាន់ ឬថ្នាក់។ ទីក្រុងច្រើនប្រភេទទៀតដូចជាទីក្រុងដែលមានរាងមូល ហើយមានជ្រុងមូល ដែលគេឃើញគូ និងទួលមានរាងជាខ្សែត្រង់ ហើយភ្ជាប់គ្នាជាមុំរង្វង់។ នៅមានទីប្រជុំជនបុរាណមួយប្រភេទទៀត ដែលមានជ្រុងនៅមុំ គូទឹកមានលក្ខណៈត្រង់ ភ្ជាប់គ្នាជាមុំជ្រុងគួរឲ្យចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះសោត ការវិភាគរូបថតលើអាកាស បង្ហាញថា មានទីក្រុងដែលមានលក្ខណៈសេរី ខុសប្លែកពីទំរង់ដែលបានជួបនៅខាងលើ។ គូទឹក និងទួលមានលក្ខណៈកោងភ្ជាប់គ្នាបែបសេរី។ ជនជាតិខ្មែរដើមបានបន្សល់ក្រុងមួយចំនួន ដែលមានរូបរាងប្រហាក់ប្រហែលនឹងទីក្រុងខាងលើ តែមានទ្រង់ទ្រាយជួនកាលស្របគ្នា ជួនកាលមិនស្របគ្នាអាស្រ័យលើទីតាំងភូមិសាស្ត្រជំនាន់នោះ។ ស្ថាបត្យកម្មចុងសម័យលោហធាតុខាងលើនេះជាការណ៍មួយយ៉ាងសំខាន់ណាស់ សឱ្យឃើញថាមានការកាន់កាប់រៀបចំគ្រប់គ្រងភូមិភាគនេះ ដែលសព្វថ្ងៃជានគរូបនីយកម្មនៃសមិទ្ធផលវប្បធម៌សង្គម យ៉ាងសំខាន់ជាងគេស្របតាមការវិវឌ្ឍរបស់សហគមន៍មន-ខ្មែរមុនការហូរចូលឥទ្ធិពលឥណ្ឌាក្នុងភូមិភាគនេះ នាសម័យស.តទី១ នៃគ.ស។ [៦]
ទាំងនេះជាភស្តុតាងបញ្ជាក់ពីសណ្ឋាននៃការបង្កើតរដ្ឋខ្មែរមុនដំបូងបង្អស់នាសម័យបុរេប្រវត្តិសាស្ត្រនៅក្នុងតំបន់ដីក្រហមភាគខាងកើតទន្លេមេគង្គនៃខ្ពង់រាបពីរតនគិរីចុះមកខេត្តកំពង់ចាមលាតសន្ធឹងទៅដល់ខេត្តមួយចំនួននៃអតីតកម្ពុជាក្រោមដូចជា ខេត្តឡុកនិញ (រោងដំរី)។ ទីប្រជុំជនដែលមានរាងមូល ឬពងក្រពើនោះ គេអាចគូសបញ្ជាក់ថាចំនួនស្ថានីយ៍នៅប្រទេសថៃមានរហូតដល់ច្រើនរយកន្លែងជាពិសេសនៅខ្ពង់រាបនគររាជ។ ប៉ុន្តេអ្វីដែលយើងអាចផ្តល់ជាចំលើយគឺដូចនៅប្រទេសអ៊ឺរ៉ុប សហគមន៍ខ្មែរ ដែលត្រូវបានសាងសង់ឡើងដោយមានរូបរាងមូល ឬគូថខ្យងនាសម័យបុរេប្រវត្តិសាស្ត្រគឺជាសណ្ឋាននៃរដ្ឋខ្មែរដំបូងយ៉ាងពិតប្រាកដ។ ទំរង់នៃទីក្រុងទាំងនោះ ជួនកាលគេហៅឈ្មោះថាបន្ទាយគូក្នុងករណីខ្លះត្រូវបានបន្តការកាន់កាប់រហូតដល់សម័យប្រវត្តិសាស្ត្រក៏សឹងមានក្រោយពីឆ្លងកាត់សម័យកាលមួយចំនួន។ ទឹកដីកំណើតនៃទីប្រជុំជនខ្មែរដែលមានទីតាំងស្ថិតលើតំបន់ខ្ពង់រាប ដែលបានទាក់ទាញមនុស្សឲ្យមករស់នៅយ៉ាងកុះករហើយអ្នកស្រុកហៅថាភូមិមូល ឬបន្ទាយគូ។ អំណោយផលធម្មជាតិ ឬភូមិសាស្ត្របូករួមជាមួយអត្ថិភាពនៃកសិកម្ម ការលេចឡើងនូវទីក្រុងទាំងនោះអាស្រ័យដោយសារអំណោយផលនៃភូមិសាស្ត្រ ដែលសំបូរដោយធនធានធម្មជាតិគ្រប់បែបយ៉ាង។ [៧] ភូមិមូលនៅវត្តជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ជិតរាជធានីភ្នំពេញ។ ភស្ដុតាងដ៏វិសេសវិសាល គឺវត្តមាននៃភូមិមូលមួយមានអង្កត់ផ្ចិត ១គ.ម ដែលជាសំណង់ស្ថាបត្យកម្មធ្វើអំពីដីលើកនាសម័យបុរេប្រវត្តិសាស្ដ្រដែលមានរាងមូល។ វត្តមានរបស់ស្ថាបត្យកម្មប្រាសាទនាសម័យបុរេអង្គរជាច្រើន ជាពិសេសឧបករណ៍ប្រើប្រាស់ ដូចជាបំណែកកុលាលភាជន៍ ចំលាក់បុរាណដែលបុព្វការីជនខ្មែរបានបន្សល់ទុកនៅលើទីតាំងទាំងនោះ។ ទិន្នន័យខាងបុរាណវិទ្យាខាងលើនេះបញ្ជាក់ថា មានការរីកចំរើនខាងវប្បធម៌ជុំវិញ និងនៅក្នុងបរិវេណនៃទីក្រុងភ្នំពេញ ដូចករណីនៃសំណង់ប្រាសាទនាសម័យអង្គរនៅក្នុងបរិវេណនៃវត្តឧណ្ណាលោមបច្ចុប្បន្នជាសក្ខីកម្មស្រាប់។ ដូច្នេះ បើយោងលើភាពស្របគ្នា និងការរួមគ្នានៃប្រភពទិន្នន័យជាច្រើនមុខវិជ្ជាដូចបានរៀបរាប់ខាងលើនេះ យើងអាចឆាប់យល់ស៊ីជម្រៅនូវលក្ខណៈនៃតំបន់រាជធានីភ្នំពេញទាំងមូល ដែលបានរីកដុះដាលជាបន្តបន្ទាប់គ្នាតាំងពីសម័យបុរេប្រវត្តិសាស្ដ្រដល់បច្ចុប្បន្នភាព ក្រោយពីបានឆ្លងកាត់សម័យបុរេអង្គរ និងអង្គរ។ ក្នុងន័យនេះ ក្រោយពីការវិភាគទិន្នន័យទាំងនោះ ដែលមានលំនាំចម្រុះគ្នា យើងអាចអះអាងថាសម្មតិកម្មដែលថា មុនស.វទី ១៥ តំបន់ទីក្រុងភ្នំពេញ គឺជាតំបន់គ្មានវប្បធម៌ ជាការខុសឆ្គងទាំងស្រុង ពីព្រោះចំណុចចាប់ផ្ដើមនៃការវិវត្តរបស់រាជធានីភ្នំពេញ ត្រូវបានផ្ដើមឡើងតាំងពីចុងសម័យថ្មរំលីង ដើមសម័យលោហធាតុម្ល៉េះ។ ទាំងនេះជាសារៈសំខាន់ក្នុងវិស័យស្រាវជ្រាវស្ដីពីប្រវត្តិរបស់ទីក្រុងភ្នំពេញ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទនឹងសម័យនគរវ្នំដែលបានតវេនពីសម័យបុរេប្រវត្តិសាស្ដ្រយ៉ាងប្រាកដ។ ផ្ដោតការយកចិត្តទុកដាក់លើវិស័យបុរាណវិទ្យា ជាពិសេសឡសម្រាប់ផលិតកុលាលភាជន៍តាំងពីដើមសម័យប្រវត្តិសាស្ដ្រដែលកំពុងទទួលនូវការបំផ្លិចបំផ្លាញយ៉ាងដំណំដោយទំនើបកម្មគួបផ្សំជាមួយលំហូរមនុស្សថ្មីក្នុងតំបន់ និងការទិញដូរដីពីឈ្មួញធំៗ យើងបានបំរែបំរួលនូវទិន្នន័យខាងបុរាណវិទ្យាមួយចំនួនដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រយោជន៍នឹងថែរក្សាស្លាកស្នាមវប្បធម៌បុរាណដែលជាឫសកែវនៃប្រវត្តិរបស់ទីក្រុងភ្នំពេញ។ [៨]
តួនាទីជាប្រវត្តិសាស្ដ្ររបស់តំបន់ជើងឯកមកបង្ហាញដោយផ្ដើមចេញពីការរកឃើញឡដុតកុលាលភាជន៍នាសម័យនគរវ្នំដោយលោកផុន-កាសិកាកន្លងមកនេះ។ ទិន្នន័យខាងបុរាណវិទ្យានេះមានសារៈសំខាន់ណាស់ពីព្រោះលោកគឺជាអ្នកដែលបានធ្វើកំណាយក្នុងបរិវេណនៃភូមិដែលមានសណ្ឋានដីរាងមូលខាងលើនេះមុនគេបង្អស់។ មួយវិញទៀតការរកឃើញនូវកុលាលភាជន៍នាសម័យនគរវ្នំរបស់លោក ក៏បានបញ្ជាក់យ៉ាងជាក់ច្បាស់ផងដែរ វាជាការប៉ាន់ស្មានរបស់យើងដែលធ្លាប់មានពីមុនគឺមានភាពត្រឹមត្រូវមែន។ សំណល់វប្បធម៌បុរាណដ៏ក្រាស់ក្រែល ដែលដូនតាខ្មែរបានបន្សល់ទុកក្នុងស្ថានីយ៍បុរេប្រវត្តិសាស្ដ្រដ៏សំខាន់នេះរួមមានគ្រឿងតុបតែងប្រាង្គប្រាសាទក្នុងរចនាបថកំពង់ព្រះ សិលាចារឹកនិងឡដុតកុលាលភាជន៍សម័យចេនឡា អង្គរ និង ក្រោយអង្គរជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺវត្តមានរបស់ឡចំនួន ៥៩ ដែលក្នុងនោះមានឡនាសម័យនគរវ្នំផងដែរ។ កន្លងមកការធ្វើកំណាយឡដុតកុលាលភាជន៍ក្នុងបរិវេណវត្តភូមិជើងឯកសព្វថ្ងៃ ដែលធ្លាប់ជាវាលពិឃាតក្នុងរបបប៉ុល ពតពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានឲ្យដឹងអំពីវត្តមានរបស់ភាជន៍ឈ្មោះកុណ្ឌីមួយចំនួន ប្រភេទកំសៀវទឹកមានចំពួយ មានប្រភពចេញពីឥណ្ឌា ភាជន៍ទាំងនោះស្ថិតក្នុងសម័យវប្បធម៌នគរវ្នំស្ថិតក្នុង ស.វ ទី៤ និង៥ នៃគ.ស។ បើយើងយកប្រភេទកណ្ឌីនៅភូមិជើងឯកទៅប្រៀបធៀប ទៅនឹងភាជន៍ដែលគេ បានរកឃើញ នៅភូមិស្នាយនៅខេត្តបន្ទាយមានជ័យ និងស្រុកអង្គរបុរី នៅខេត្តតាកែវ ឬក៏នៅម្ដុំអូរកែវជាដើម យើងពិតជាឃើញភាពស្រដៀងគ្នាពុំខាន។ ហើយគឺប្រការនេះហើយ ដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវចំណាស់នៃស្ថានីយ៍របស់យើង។ យោងតាមចំនួនឡដុតកុលាលភាជន៍បុរាណខាងលើទាំងនោះសឲ្យឃើញថាតំបន់ជើងឯកគឺជាមជ្ឈមណ្ឌលវប្បធម៌ និង សេដ្ឋកិច្ចយ៉ាងសំខាន់ ចាប់ពីដើមសម័យប្រវត្តិសាស្ត្ររហូតដល់សម័យក្រោយអង្គរដោយបានឆ្លងកាត់សម័យចេនឡា និងអង្គរដ៏រុងរឿងដូចវត្តមានរបស់សំណល់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងសិលាចារឹករបស់បុព្វការីជនខ្មែរ ដែលបានរស់ក្នុងតំបន់នេះបានបន្សល់ទុកជាសក្ខីកម្ម។ ក្រោយពីធ្វើការសិក្សាអំពីប្រភេទនៃកុលាលភាជន៍នៅភូមិជើងឯក យើងឃើញថាតំបន់នេះត្រូវផ្សាភ្ជាប់ទៅនឹងអង្គរបុរីយ៉ាងប្រាកដ។
ក្រៅពីនេះ វត្តមាននៃកុលាលភាជន៍បុរាណទាំងនោះដែលជាប្រភពព័ត៌មានដ៏សំខាន់ ក៏ជាប្រការបញ្ជាក់កាន់តែច្បាស់ថាតំបន់វត្តជើងឯកដែលជាផ្នែកមួយនៃទីក្រុងភ្នំពេញបច្ចុប្បន្នគឺជាតំបន់មានការអភិវឌ្ឍដោយបានមានការវិវត្តជាបន្តបន្ទាប់មិនដាច់ពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យទំនើបនេះក្រោយពីបានឆ្លងកាត់សម័យក្រោយអង្គរ ដែលមានការសាងសង់កន្លែងយ៉ាងធំមួយ ដែលផលិតកុលាលភាជន៍ប្រភេទកុណ្ឌីគឺម្តុំវត្តជើងឯកក្នុងសម័យវ្នំ។ តាមពិតទៅរាជធានីភ្នំពេញត្រូវបានសាងសង់ឡើងនៅលើទីប្រជុំជនមួយដែលមានការរីកដុះដាលគ្រប់វិស័យទៅហើយ។ ជាការពិត ចំណាស់នៃខឿនវប្បធម៌ក្នុងបរិវេណនៃវត្តជើងឯកនោះត្រូវបានបង្ហាញរួចមកហើយ ការរកឃើញនៃផ្ទាំងសិលាចារឹកព្រមទាំងស្ថាបត្យកម្មប្រាសាទនៅទសវត្សរ៍ឆ្នាំ១៩២០ ម្ល៉េះ។ ក៏ប៉ុន្តែគេមិនបាននឹកស្មានថាតំបន់នេះមិនត្រូវបានកាន់កាប់តាំងតែសម័យបុរេប្រវត្តិសាស្ត្រទេដូចវត្តមានរបស់ឧបករណ៍ប្រើប្រាស់ដូចជាពូថៅថ្មរំលីង ក្រវិលត្រចៀក ជួង កណ្តឹង កងដៃសំរិទ្ធជាដើម។ ម្យ៉ាងទៀតពីមុនគេក៏ពុំបានដឹងដែរថាមានស្លាកស្នាមវប្បធម៌នាសម័យវ្នំនៅក្នុងភូមិភាគខាលើនេះដែរ។ [៩]
នៅក្នុងបណ្តាចង្វាតមួយចំនួននៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសចង្វាតបុរីរម្យ ក៏ដូចនៅភូមិភាគកណ្តាល និងខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន គេតែងជួបប្រទះទីប្រជុំជនដែលមានលក្ខណៈជារាងរង្វង់ ហើយជួនកាលមានរង្វង់ជាច្រើនជាន់ ដោយមានគូទឹកហ៊ុំព័ទ្ធជុំវិញថែមទៀតផង។ ទំរង់ក្រុងបុរាណខ្មែរមួយប្រភេទទៀតដែលគួរឲ្យចាប់អារម្មណ៍ផងដែរគឺមានរាពងក្រពើ ហើយទីប្រជុំជនប្រភេទនេះស្ថិតនៅលើទួលមានរាងរាបស្មើបែបខ្សែកោងភ្ជាប់គ្នាដែលគួរឲ្យកត់ត្រានោះគឺទីតាំងនោះមានរាងរង្វង់មូលជាច្រើនជាន់ ឬថ្នាក់។ នៅមានទីក្រុងច្រើនប្រភេទទៀតដូចជាទីក្រុងដែលមានរាងមូល ហើយមានជ្រុងមូលដែលគេឃើញគូទឹកដែលជាស្នាមភ្លោះព័ទ្ធជុំវិញ និងទួលមានរាងជាខ្សែត្រង់ហើយភ្ជាប់គ្នាជាមុំរង្វង់។ នៅមានទីប្រជុំជនមួយប្រភេទទៀត ដែលមានជ្រុងនៅមុំគូទឹកមានលក្ខណៈត្រង់ភ្ជាប់គ្នាជាមុំជ្រុងគួរឲ្យចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះសោត ការវិភាគរូបថតលើអាកាស ក៏បានឲ្យដឹងជាបន្ថែមទៀតថាមានទីក្រុងដែលមានរាងលក្ខណៈសេរី ខុសប្លែកពីទំរង់ដែលបានជួបប្រទះនៅខាងលើ។ ជនជាតិខ្មែរដើមដែលរស់នៅក្នុងតំបន់នេះ ក៏បានបន្សល់ទុកទីប្រជុំជនមួយចំនួនផ្សេងទៀតដែរ ដែលមានរូបរាងប្រហាក់ប្រហែលនឹងទីក្រុងទើបតែអធិប្បាយខាងលើតែមានទ្រង់ទ្រាយជួនកាលស្របគ្នាជួនកាលមិនស្របគ្នាតាមលក្ខណៈភូមិសាស្ត្រព្រោះកើតចេញពីសេចក្តីត្រូវការនាជំនាន់នោះ។ ស្លាកស្នាមនៃស្ថាបត្យកម្មបុរាណនាចុងសម័យលោហធាតុខាងលើនេះ ជាការណ៍មួយយ៉ាងសំខាន់ណាស់ដែលបង្ហាញឲ្យយើងឃើញមានការកាន់កាប់រៀបចំគ្រប់គ្រងភូមិភាគនេះ។ អ្វីមួយដែលគេឲ្យឈ្មោះថានគរូបនីយកម្ម ដែលជាសមិទ្ធិផលវប្បធម៌សង្គមយ៉ាងសំខាន់ជាងគេសមស្របតាមការវិវត្តរបស់សហគមន៍មន-ខ្មែរ មុនការជ្រួតជ្រាបនៃឥទ្ធិពលឥណ្ឌាក្នុងភូមិភាគនេះនាដើមស.វទី ១ នៃគ.ស។
វត្តមាននៃទីប្រជុំជនជាច្រើន នាសម័យបុរេប្រវត្តិសាស្ត្រ ដែលត្រូវបានសិក្សាស្រាវជ្រាវដោយក្រុមអ្នកបុរាណវិទូថៃ នៅពុទ្ធសករាជ ២៥២៦ ជាពិសេសនៅខេត្តសុរិន្ទ្រ។ អត្ថប្រយោជន៍នេះហើយដែលបង្ខំចិត្តយើងឲ្យខិតខំរាវរកឫសកែវនៃវប្បធម៌ដូនតានៅក្នុងភូមិភាគខាងលើនេះ។ ក្នុងចំណោមទីប្រជុំជន ឬក្រុងខ្មែរជាច្រើន នៅខេត្តសុរិន្ទ្រ យើងគ្រាន់តែសូមលើកយកទីប្រជុំជនចំនួន ៤ តែប៉ុណ្ណោះមកធ្វើការអធិប្បាយ។ លទ្ធផលនៃការស្រាវជ្រាវខាងបុរាណវិទ្យាបានឲ្យដឹងថាទីក្រុងទាំងនោះមានអាយុប្រមាណជា ៤០០០ ឆ្នាំមកហើយ។ ដោយមូលហេតុប្រវត្តិសាស្ត្រ អ្វីដែលមាននៅក្នុងខេត្តសុរិន្ទ្រ ក៏មានក្នុងអាណាខេត្តផ្សេងៗឯទៀតនៃព្រះរាជណាចក្រថៃ និងកម្ពុជាបច្ចុប្បន្នដែរ។ ប្រការនេះហើយ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដោយបកស្រាយថា ទីប្រជុំជនបុរេប្រវត្តិសាស្ត្រទាំងនោះត្រូវបានសាងសង់ឡើងដោយដូនតាខ្មែរ។ ជារួមក្នុងករណីនេះ យើងអាចបំភ្លឺនូវប្រភពមន-ខ្មែរនៃទីប្រជុំជននាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ដែលមានពាសពេញដេរដាសនៅទូទាំងព្រះរាជាណាចក្រថៃ និងកម្ពុជាបច្ចុប្បន្ន ហើយជាផ្នែកមួយនៃខឿនវប្បធម៌ខ្មែរមុនឥណ្ឌូបនីយកម្ម។ ទីប្រជុំជនបុរេប្រវត្តិសាស្ត្រដែលសំខាន់ជាងគេនៅក្នុងខេត្តសុរិន្ទ្រ និងមានរាងជាពងក្រពើ ដែលគេអាចសង្កេតឃើញរចនាសម្ព័ន្ធជាក់លាក់ដោយរូបភាពតែពីលើអាកាសគឺប្រជុំជននៅភូមិកៃយ៉ៃ ភូមិព្រះបិត ភូមិស្លែងផាន់ និងភូមិស្លាក់ដៃក្នុងទីរួមខេត្តសុរិន្ទ្រ។ តាមឯកសាររូបភាព ដែលបានមកពីការស្រាវជ្រាវនេះ បានចង្អុលបង្ហាញឲ្យយើងឃើញអំពីស្លាកស្នាមវប្បធម៌ខ្មែរ ដែលមានអាយុប្រមាណជា ៥០០០ ឆ្នាំមកហើយ។ វាគឺជាភស្តុតាងយ៉ាងសំខាន់មួយបញ្ជាក់ឲ្យយើងដឹងអំពីស្ថានភាពនៃការរៀបចំស្រុកភូមិ ឬសហគមន៍ជនជាតិខ្មែរយើង មុនការទទួលឥទ្ធិពលឥណ្ឌា ដែលបានធ្វើឲ្យទីតាំងនៃក្រុង (ពាក្យខ្មែរ) តូច-ធំទាំងនោះឲ្យក្លាយទៅជាបុរ (បុរៈ) (ពាក្យសំស្ក្រឹត) តាមលំនាំឥណ្ឌា។ ស្ថានីយ៍បុរេប្រវត្តិនៅខេត្តសុរិន្ទ្រ ដែលមានរាងដូចពងក្រពើ គឺដូចគ្នានឹងស្ថានីយ៍បុរេប្រវត្តិសាស្ត្រមេមត់ ខេត្តកំពង់ចាមដែរ។ ស្ថានភាពជាក្រុងបែបខ្មែរទៅជាបុរី ឬបុរៈ បែបឥណ្ឌាការផ្លាស់ប្តូរទំរង់ត្រូវបានធ្វើឡើងយ៉ាងងាយស្រួលជាទីបំផុត។ នេះក៏ជាចំណុចយ៉ាងប្រសើរ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីធ្វើឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័សដោយហេដ្ឋារចនាសម្ព័ន្ធឥណ្ឌា។ ក្នុងបរិវេណនៃទីក្រុងបុរាណទាំងនេះ គេបានរកឃើញឧបករណ៍ធ្វើអំពីថ្មរំលីង ដូចជាពូថៅ ឬពន្លួញ កុលលាភាជន៍ផាត់ពណ៌ និងឥតមានពណ៌មួយចំនួន និងរបស់ប្រើប្រាស់ជាច្រើនទៀត។ [១០]
ក្នុងប្រទេសវៀតណាមសព្វថ្ងៃ ជាពិសេសនៅតំបន់ខ្ពង់រាប ដែលពីដើមធ្លាប់ជាផ្នែកមួយនៃចក្រភពកម្ពុជទេស គេក៏បានជួបប្រទះនូវទីប្រជុំជនដែលមានលក្ខណៈដូចគ្នាដែរ។ ការរកឃើញនូវភូមិមូលទាំងនោះ ដែលពីសម័យមុនសង្គ្រាមលោកលើកទី២ ត្រូវអ្នកស្រាវជ្រាវបារាំងឲ្យឈ្មោះថា បន្ទាយព្នង ឬ ម៉យ (Forteresse mor) ឬក៏ខ្មែរដើម (Proto-Khmer)។ តាមរយៈការសិក្សាស្ថាបត្យកម្មឥណ្ឌាបានកើតចេញពីឥទ្ធិពលលោកធាតុវិទ្យា ដែលចាត់ទុកដែនដីមានរាងបួនជ្រុង ដែលជ្រុងនីមួយៗតំណាងឲ្យទិសធំៗទាំងបួនចំកណ្តាលគឺ ភ្នំព្រះសុមេរុ រឺឋានត្រៃត្រឹង្គ និងមានទឹកសមុទ្រព័ទ្ធជុំវិញ។ ជនជាតិឥណ្ឌាក៏ដូចជនជាតិខ្មែរបានយកទ្រឹស្តីលោកធាតុវិទ្យាទៅកសាងទីក្រុងក៏ដូចជាប្រាសាទថ្មផងដែរ។[១១] មុនឥណ្ឌូបនីយកម្ម បុព្វបុរសខ្មែរបានស្គាល់នូវវិស័យស្ថាបត្យកម្មមួយរួចមកហើយដូចករណី ភូមិមូល ឬ ក្រុងរាងមូល ឬពងក្រពើ ដែលគេបានជួបប្រទះក្នុងភូមិភាគអាស៊ីអាគ្នេយ៍ជាភស្តុតាងស្រាប់។ ទីប្រជុំជនបុរាណទាំងនោះដែលធ្វើឡើងដោយដីលើក ដំណើរមិនមែនជាចៃដន្យ ក៏ប៉ុន្តែជាសញ្ញាណនៃការលេចធ្លោឡើងនូវអំណាចកណ្តាលដែលជាសណ្ឋាន ឬនៃរដ្ឋខ្មែរដំបូងបង្អស់។ គឺលើមូលដ្ឋានគ្រឹះនេះហើយដែលហេដ្ឋារចនាសម្ព័នឥណ្ឌាបានចាប់ពន្លក ហើយឲ្យបង្កើតឲ្យទៅជាអាណាចក្រវ្នំ និងចេនឡាដោយការផ្តុំផ្គុំនូវក្រុងតូច ធំ ទាំងនោះឲ្យក្លាយទៅជាទឹកដី ឬប្រទេសតែមួយ រវាងសតវត្សទី១ និង ទី៧ នៃគ.ស។ ការលើកយកលក្ខណៈផ្សេងៗនៃទីក្រុងសម័យបុរេប្រវត្តិសាស្ដ្រក្នុងប្រទេសថៃបច្ចុប្បន្ន មកអធិប្បាយមានគោលដៅរួមចំណែក និងជួយដល់ការស្វែងយល់អំពីឫសកែវខ្មែរក្នុងភូមិភាគនេះដែលដើមឡើយទីនោះជាភាគមួយនៃទឹកដីកំណើតរបស់ពូជសាសន៍ខ្មែរ។ ដូនតាខ្មែរក្នុងសម័យបុរាណបានបាត់បង់ភូមិភាគនេះដោយចាញ់សង្គ្រាម។ នៅក្នុងរវាង ១០០០ឆ្នាំមុនគ.ស មុនការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជនជាតិខ្មែរបានកសាងពេញភូមិភាគនេះនូវទីក្រុងតូចធំជាច្រើន ហើយទីក្រុងដើមទាំងនោះបានក្លាយទៅជាបុរីនាសម័យឥណ្ឌូបនីយកម្ម។ ការណ៍នេះមានសារៈសំខាន់ណាស់ដល់ប្រវត្តិសាស្ដ្រខ្មែរ ហើយមានន័យថាក្រុងខ្មែរទាំងនោះបានកកើតឡើងមុនវប្បធម៌បុរីបែបឥណ្ឌា។ [១២]
ជនជាតិ
កែប្រែពលរដ្ឋកម្ពុជា ដែលសម្គាល់ ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះគឺជាមនុស្សមួយក្រុមក្នុងចំណោមពូជសាសន៍ទក្សិណាស៊ី ហើយដែលបានមកតាំងទីរស់នៅក្នុងតំបន់ឥណ្ឌូចិន នេះតាំងពីសម័យយុគថ្មរំលីងគឺប្រមាណ ១៥ សតវត្សមុនគ្រិស្តសករាជ។ ឯកសារខ្លះបញ្ជាក់ថាមានស្លាកស្នាមតាំងលំនៅនៅតំបន់នេះប្រមាណ ៥ ពាន់ឆ្នាំមុនគ្រិស្តសករាជឯណោះ។ ក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ី នេះនៅមានរស់រានរហូតដល់សព្វថ្ងៃនៅប្រទេសភូមាភាគខាងក្រោមហើយនិងនៅតាមជួរភ្នំអណ្ណាម។ ឯលក្ខណៈកាត់ជាមួយធាតុម៉ុងហ្គោលគឺជាការកើតឡើងថ្មីៗខាងក្រោយ។ ក្នុងចំណោមជនជាតិឥណ្ឌូចិន គឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិន និងឥណ្ឌា ប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេ ដែលបានតាំងទីលំនៅនៅលើទឹកដីរបស់ខ្លួនសព្វថ្ងៃនេះគឺរហូតមកដល់សតវត្សទី១៣ នៃគ្រិស្តសករាជទាក់ទាញដោយដែនដីសណ្ដមានជីជាតិ វាលទំនាប និងសមុទ្រផង ព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គោលពីប្រទេសចិនមកផងទើបជនជាតិយួន ជនជាតិសៀម និងភូមាបានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិននេះដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរ និងបងប្អូនរបស់ខ្លួន គឺជនជាតិមន អោយខ្ទាតពីតំបន់វាលទំនាបមេណាម និងពីតំបន់វាលទំនាបទន្លេឥរាវតី។
ចំពោះទឹកដីកំណើតនិងជាតិសាសន៍ ដោយយោងលើទិន្នន័យមួយចំនួន ដូចជាកំណត់ហេតុចិន និងរឿងព្រេងខ្មែរ ពួកចិនដែលស្គាល់ឥណ្ឌូចិនតាំងតែពី ២០០០ ឆ្នាំមុន ដោយមានពួកអ្នកដើរសំពៅមកចុះចតជាញឹកញយផងនោះ បានហៅទឹកដីនៃ អាងទន្លេមេគង្គខាងក្រោមរហូតដល់មាត់ត្បូងថា វ្នំ។ បើតាមប្រជាជនកម្ពុជា និងតាមរឿងព្រេងអ្នកស្រុកបានហៅចំណែកដែលត្រូវនឹងកម្ពុជាសព្វថ្ងៃថា គោកធ្លក ឬនគរគោកធ្លក។ គឺពេលក្រោយយូរមកទៀត ទើបអ្នកស្រុកប្រែហៅថា ស្រុកខ្មែរវិញ រួចក្រោយៗមកទៀតហៅកម្ពុជាជាសំស្ត្រឹតថា កម្ពុជា ជាឈ្មោះដែលជ្រើសរើសដោយពួកអ្នកមកច្បាំងដណ្តើមស្រុក និងអ្នកដែលនាំអារ្យធម៌ហិណ្ឌូមកផ្តល់ឲ្យ។ ប៉ុន្តែបើទោះជាឈ្មោះនោះជាពាក្យចិន ជាពាក្យរបស់អ្នកស្រុក ឬក៏ជាពាក្យសំស្ក្រឹតក្តី ក៏នៅឥណ្ឌាភាគខាងជើងគេស្គាល់ប្រទេសខ្មែរក្រោមឈ្មោះថា សក្កទ្វីប ឬទឹកដីរបស់ដើមសកៈ គឺដើមម៉ៃសាក់។ ដើមម៉ៃសាក់ខុសគ្នាពីដើមធ្លក ក៏ប៉ុន្តែដើមឈើទាំង២មានផ្លែដូចគ្នា ដែលពួកក្មេងៗ តែងតែយកមកកកេរ ហើយគេអាចយកមកចម្រាញ់យកប្រេងបាន។ បើដូច្នេះគេអាចទទួលស្គាល់ថា ឈ្មោះដែលគេដាក់ឲ្យកម្ពុជា ទោះជាដាក់ឲ្យដោយប្រជាជនខ្លួនឯង ឬក៏ដាក់ដោយពួកហិណ្ឌូក្តី គឺពាក្យតែមួយ ហើយដោយហេតុនេះ ប្រពៃណីរបស់ប្រជាជន គឺពិតជាត្រូវនឹងសញ្ញាណរបស់ហិណ្ឌូដែរ។ គួរកត់សំគាល់ថា នៅសតវត្សទី២ នៃគ្រិស្តសករាជ ពួកក្រិក និងរ៉ូម ស្គាល់ស្រុកខ្មែរដោយផែនទីរបស់ផ្តូលេមេ ដែលគូសឡើងតាមការនិទានរបស់អ្នកធ្វើដំណើរតាមសមុទ្រ ផែនទីនោះដាក់ឈ្មោះឲ្យថា ជាស្រុករបស់ពួកលេស្តៃ ដែលខុសគ្នាឆ្ងាយណាស់នឹងពាក្យកម្ពុជា។ លោកវរសេនីយ៍ឯកហ្សេរីនីបានសន្និដ្ឋានថា ឈ្មោះនេះមិនមែនជាឈ្មោះដែលថាតាមពាក្យអ្នកស្រុកដើមនោះទេ តែគឺជាពាក្យប្រែទៅវិញ។ បើនិយាយដូច្នេះ លេស្តៃ ជាពាក្យក្រិកដែលមានន័យថា ចោរ ឬចោរសមុទ្រ។ តែលោកវរសេនីយ៍ឯកបានរំលឹកថាពាក្យ កម្ពុ ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរសរបស់ កម្វុស្វយម្ភុវ ដែលមានន័យថា កម្វុកើតមានឡើងដោយខ្លួន។ ហើយពាក្យនេះជាភាសាសំស្រឹ្តតមានន័យថា ចោរ ឬចោរសមុទ្រ។ ដោយហេតុនេះលោកវរសេនីយ៍សន្និដ្ឋានថា ពាក្យក្រិកថា លេស្តៃ ត្រូវគ្នានឹងពាក្យ កម្ពុ ពាក្យទាំងពីរម៉ាត់នេះមានន័យថា ចោរ, ចោរសមុទ្រ ឬបើហោចណាស់ ក៏សំដៅយកពួកអ្នកដែលរស់នៅជាក្រុមប្រដាប់ដោយអាវុធដែរ។ លោកសន្និដ្ឋានបន្តទៀតថា នៅស្រុកនេះ អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬបើពុំនោះទេ ក៏ត្រូវជាកូនចៅរបស់មេចោរសមុទ្រ ឬចោរប្លន់តាមសមុទ្រណាម្នាក់ ដែលបុគ្គលិកលក្ខណៈ បានរលុបបាត់តាមវេលាទៅហើយនៅសតវត្សរ៍ទី៥។ ទាំងរឿងព្រេង ទាំងតាមទំនៀមទំលាប់ខ្មែរ និយាយថា ពួកអ្នករស់នៅក្នុងនគរគោកធ្លកមានឈ្មោះថា នាគ ដែលក្រោយមកដូរជាខ្មែររួចជាកម្ពុជាវិញ។ តែវាមានមូលហេតុដែលអាចឲ្យជឿ បានថា ពាក្យ នាគ នេះ មិនមែនជាឈ្មោះដើមដែលគេហៅខ្លួនគេនោះទេ ប៉ុន្តែ គឺជាពាក្យដែលពួកនិរប្រវេសន៍ហិណ្ឌូដាក់ឲ្យ។ ពាក្យដែលគេហៅខ្លួនគេនោះគឺប្រហែលជាពាក្យដែលមាននៅរហូតដល់សព្វថ្ងៃ គឺខ្មែរនេះឯង គ្រាន់តែពាក្យនេះ មានសរសេរប្លែកៗគ្នា ទៅតាមពេលវេលា ទីកន្លែង និងតាមគ្រាមភាសារបស់អ្នកស្រុកនីមួយៗ គឺមានពាក្យ ខម, កៅមេ, ក្មេន, ក្មី, គិមី, គួរ, ក្មៀរ, កុមារ ដែលជាពាក្យតាមភាសាអ្នកវិប្រជាដើម។(ស្រដៀងខ្មែរហៅពួកអឺរ៉ុប ថាបារាំងៗដូច្នេះដែរ) នៅចំពោះមុខពួកបរទេសហិណ្ឌូ ដែលមានអារ្យធម៌ជឿនលឿនជាងពួកអ្នករដ្ឋវាសី (អ្នកនៅក្នុងរដ្ឋ) ដែលមិនសូវមានអាវុធផង ហើយក៏អាចជាអ្នកចូលចិត្តសន្តិភាពជាងផង មិនបានវាយតបទេ គេដកថយទុកកន្លែងឲ្យពួកនោះ តាំងទីលំនៅកសាងបានជាក្រុមឧបនិវេសន៍ពាណិជ្ជករ ដែលធ្វើដំណើរចេញចូលស្រុកដោយ ស្ថិតនៅដាច់ស្រឡះពីអ្នកស្រុកដើម តែក្រោយមកបានក្លាយទៅជាមេដឹកនាំស្រុកវិញ។
ក្រុមឧបនិវេសន៍ដំបូងៗ ជាក្រុមឧបនិវេសន៍ពួកជ្វាមកពីកោះជ្វា ឬពួកម៉ាឡេមកពីកោះសមុទ្រៈ ដែលបានទទួលអារ្យធម៌ហិណ្ឌូរួចមកហើយ។ ពួកឧបនិវេសន៍ដែលមកបន្ទាប់ទៀត គឺពួកហិណ្ឌូមកពីរដ្ឋកលិង្គ។ គេអាចនឹងទទួលស្គាល់បានដូចដែលគេបានឃើញពីខាងលើ រួចមកហើយថា ពួកចាមបានមកដល់កម្ពុជាមុនកម្ពុជៈ ដោយគ្មានប៉ះពាល់អ្វីដល់ប្រវត្តិសាស្ត្រដែលផ្អែកទៅលើកំណត់ត្រារបស់ពួកចិនពីព្រោះថាកំណត់ត្រាទាំងនោះ មិនមែនសុទ្ធតែរៀបរាប់ប្រាប់យើងទាំងអស់អំពីអ្វីដែលចិនបានដឹងពីប្រជាជនដែលគេលើកឡើងនោះទេ។ ការដែលចង់អះអាងថា ប្រវត្តិសាស្ត្រដែលទាក់ទងទៅនឹងរឿងព្រេងពីរ ដែលយើងបានដឹង គឺរឿងជ្វាព្រាហ្មណ៍ និងរឿង ព្រះថោងនាងនាគ ដែលខ្ញុំនឹងរៀបរាប់ខាងក្រោម គឺជារឿងដែលកើតឡើងបន្តបន្ទាប់គ្នា នៅក្នុងក្សត្រប្រទេសតែមួយគឺព្រះរាជាណាចក្រខ្មែរពីព្រោះថានៅពេលនោះមានក្សត្រប្រទេសជាច្រើនទៀតក្រៅពីវ្នំ។ ជាអវសាន ចំពោះយើង បញ្ហាមហស្ចារ្យនៃស្តេចចាម ដែលជនជាតិខ្មែរបានចងចាំនោះ ដែលជារឿងហួសនិស្ស័យក៏មែនពិត ព្រោះពុំមានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ពីភាពត្រឹមត្រូវ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺវាប្រហែលជាព័ត៌មានជាប្រយោលមួយខាងប្រវត្តិសាស្ត្រ ដែលបង្ហាញនូវទំនាក់ទំនងវប្បធម៌ដ៏យូរលង់នាសម័យបុរេប្រវត្តិសាស្ត្ររវាងនគរវ្នំ និងជ្រោយមលយូ និងកោះជ្វាតែប៉ុណ្ណោះ។ ក្រោយពីបានសិក្សាប្រព័ន្ធនៃការរាប់ចំនួនខ្មែរ លោក អាដេម៉ាដ៍ ឡឺក្លែរ បានសន្និដ្ឋានថា ជនជាតិខ្មែរ និងព្នង គឺក្នុងអំបូរមនុស្សខាងជាតិពន្ធុ គឺអំបូរមន-ខ្មែរ ឬអូស្ត្រូអាស៊ី។ ក្នុងអត្ថបទមួយ។[១៣] លោកបានបញ្ជាក់ថា : ពួកខ្មែរគឺជាសាសន៍មួយមានខ្សែស្រឡាយជាមួយកុលសម្ព័ន្ធព្រៃភ្នំ ហើយជារដ្ឋវាសី ហើយរស់នៅទឹកដី (កំណើត) របស់ខ្លួនតាំងតែសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ។ ចំណែកពួកមនដែលបានបង្កើតអាណាចក្រទ្វារវតី ពួកគេបានបែកចេញពីខ្មែរដែលបានបង្កើតរដ្ឋនគរវ្នំ ក្រោយពីការបែកបាក់នៃរដ្ឋនេះនៅសតវត្សទី៦។ នេះបើសំអាងលើការសន្និដ្ឋានរបស់លោកណៃ-ប៉ាហ្លា ក្នុងអត្ថបទសរសេរនៅឆ្នាំ១៨៧២ មួយ (Cf. Nai Pan Hla, The Khmer Bronze figurines in Burma, in The Guardian, Jan 25, Rangoon, 1972)។ មុនការមកនៃជាតិឥណ្ឌាដែលបានពាំនាំមកជាមួយនូវការសាបព្រោះវប្បធម៌ លើប្រជាជនខ្មែរនៅភ្វូណាន ឬនគរវ្នំ។ [១៤]
យោងលើរបកគំហើញខាងបុរាណវិទ្យា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកន្លងមកនេះនិងការសិក្សាប្រៀបធៀបខាងជាតិពន្ធុវិទ្យាបានបង្ហាញថាវប្បធម៌ខ្មែរមានឫសគល់ចាស់ជរាមានអាយុរាប់ពាន់ឆ្នាំមុនការប្រាស្រ័យទាក់ទងជាមួយចិន និងឥណ្ឌា។ជនជាតិខ្មែរ ដែលរួមឈាមជ័រជាមួយជនជាតិដើមភាគតិច (បច្ចុប្បន្ននេះគេហៅថា កុលសម្ព័ន្ធមន-ខ្មែររស់នៅតាមតំបន់ខ្ពង់រាប) មានអត្ដសញ្ញាណរបស់ខ្លួនដូចជា លក្ខណៈរូបរាងកាយលំនៅដ្ឋាន ទំនៀមទំលាប់ (ការស្លៀកពាក់ប៉ឹង និងការគោរពដូនតា ឬអ្នកតា) ក៏ដូចជាវិស័យសិប្បកម្មផងដែរ។ អ្វីៗទាំងនេះខុសពីលក្ខណៈរបស់មនុស្សអំបូរផ្សេងៗ។ [១៥]
ជីវភាពមនុស្ស
កែប្រែបើតាមលោកអាយម៉ូនីញ៉េរកឃើញ នៅឆ្នាំ ១៩០១ បានឲ្យដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមាឌមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង) រឺ លើខ្ពង់រាប (មនុស្សសម័យមេមត់)។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺ ខាងជើងបន្តិចទៀត (ម្លូព្រៃ)។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវ និង ទឹកជំនន់។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់។ ស្ថានីយ៍ជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូក។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។
មនុស្សចេះត្បាញ គេរកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស។
គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យមាន កងដៃ និង ខ្សែក ជាដើម។[១៦]
វប្បធម៌
កែប្រែមុនឥទ្ធិពលឥណ្ឌានាដើមស.វទី១នៃគ.ស ជនជាតិខ្មែរដែលស្ថិតក្នុងអំបូរមន-ខ្មែរ ដែលរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ខាងលើនេះ បានស្គាល់រួចមកហើយនូវការសាងសង់ផ្ទះសំបែង ភូមិស្រុក ទីក្រុង (ភូមិមូល) ស្ថាបនាថ្មបញ្ឈរ និងថ្មផ្តេក ពាក់ព័ន្ធទៅនិងជំនឿសាសនាបែបជីវចលរួចទៅហើយ។ ហើយវិស័យស្ថាបត្យកម្មខាងលើនោះមានអាយុប្រមាណជា ៣៥០០ ឆ្នាំមកហើយ។ យ៉ាងណាមិញ ជនជាតិខ្មែរក៏មានភាសាប្រចាំជាតិរបស់ខ្លួនរួចហើយដែរ។ មិនតែប៉ុណ្ណោះ ខ្មែរក៏ចេះបង្កើតរបាំប្រជាប្រិយដូចជា របាំត្រុដ របាំទន្សោង៘ សំរាប់ថ្វាយដល់វត្ថុសក្តិសិទ្ធិ ដូចជាអារក្ស អ្នកតា ដែលជាអ្នកថែរក្សាភូមិស្រុកផងដែរ។ ក្រៅពីនេះ ខ្មែរក៏ចេះបង្កើតភូមិស្រុកដោយសង់ផ្ទះខ្ពស់ផុតពីដី សម្រាប់ការពារសត្វសាហាវ និងទឹកជំនន់ ចេះធ្វើស្រែវស្សា និងចេះបញ្ចូលទឹកក្នុងស្រែ ចេះប្រើគោ ក្របីជាយានជំនិះ និងភ្ជួរស្រែ ចេះធ្វើគ្រឿងភ្លេង ចេះប្រើទូក និងចេះផ្សាំងសត្វព្រៃអោយក្លាយទៅជាសត្វស្រុកដូចជា គោ ក្របី ដំរី ឆ្កែ មាន់ជាដើម។ ទន្ទឹមនឹងនេះ ក៏មានការបូជាសពនៅក្រោមផ្ទាំងថ្មធំៗ ឬដាក់ក្នុងក្តារមឈូសឈើ និងក្នុងពាង ឬក្រឡធ្វើអំពីដីដុត។ ដូចនេះ ខ្មែរមានវប្បធម៌ អារ្យធម៌របស់ខ្លួនរួចទៅហើយមុនពេលដែលវប្បធម៌ឥណ្ឌាហូរចូលមក។ ប៉ុន្តែដោយពុំទាន់ស្ថិតក្រោមឥទ្ធិពលសាសនាឥណ្ឌា ខ្មែរមិនទាន់មានប្រាង្គប្រាសាទបែបឥណ្ឌានៅឡើយ។ ជាឧទាហរណ៍ ដូចនៅប្រទេសខ្មែរ នៅក្នុងភូមិភាគខាងជើងនៃប្រទេសលាវ និងថៃបច្ចុប្បន្ន ដែលពីដើមជាទឹកដីខ្មែរ យើងឃើញមានថ្មបញ្ឈរធំៗដែលបុព្វការីជន បានលើកបញ្ឈរសំរាប់តំណាងឲ្យដួងព្រលឹងដូនតា ដែលសណ្ឋិតនៅ។ នៅទីនោះ យើងបានឃើញមានការចាំងថ្មធ្វើជាពាងធំៗ សំរាប់បញ្ចុះសព ព្រមទាំងក្តារមឈូសថ្មផងដែរ។ ក្រៅពីនេះ ក៏មានការចោះភ្នំដើម្បីធ្វើជាកន្លែងបញ្ចុះសពផងដែរ។ នេះសឲ្យឃើញជាប្រយោលថា មានការប្រើប្រាស់នូវឧបករណ៍ធ្វើំពីដែកនាសម័យនោះដើម្បីកិច្ចការខាងលើដោយឥតប្រកែកបាន។ ប៉ុន្តែសំណង់ស្ថាបត្យកម្មសំខាន់ជាងគេគួរឲ្យកត់សំគាល់នោះគឺទីក្រុងដែលជាទីប្រជុំជនធំៗ ដែលមានអង្កត់ផ្ចិតជិត ១០០០ មាត្រ ធ្វើអំពីដីលើកនៅក្បែរទីក្រុងភ្នំពេញ និងនៅខេត្តកំពង់ចាម ឬនៅខ្ពង់រាបនគររាជបច្ចុប្បន្នជាដើមដែលឆ្លុះបញ្ចាំងនូវភាពបរមបុរាណរបស់ខឿនវប្បធម៌ខ្មែរសុទ្ធសាធនាសម័យមុនប្រវត្តិសាស្ត្រ។ ទោះបីខ្មែរបានយកទ្រឹស្តីលោកធាតុវិទ្យាឥណ្ឌាមកធ្វើជារូបមន្ត សំរាប់ស្ថាបនាប្រាង្គប្រាសាទយ៉ាងណាក៏ដោយ ក៏ខ្មែរយើងបានបញ្ជូលនូវទស្សនវិជ្ជាដូនតាបែបជីវចលនិយមក្នុងសំណង់ស្ថាបត្យកម្មដែរ។ មានន័យថាសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដែលធ្វើតាមរូបមន្តឥណ្ឌាមិនបានបាត់បង់នូវលក្ខណៈខ្មែរទាំងស្រុងទេ។ ស្ថាបត្យករខ្មែរបានបញ្ចូលនូវក្នុងមូលនិធិសាសនានូវព្រលឹងរបស់ខ្លួនថែមទៀតផង។ គឺលើមូលដ្ឋាននៃលោកធាតុវិទ្យានេះហើយ ដែលបុព្វការីជនខ្មែរគ្រប់សម័យកាលបានសាងសង់ប្រាង្គប្រាសាទជាទីគោរពសក្ការៈ ដើម្បីតំកល់ព្រះទេវរូបតូច ធំ ទាំងឡាយនៃទេវកថាវិទ្យាឥណ្ឌា ឬក៏បុព្វការីជនរបស់ខ្លួនដែលតំណាងក្រោមរូបភាពនៃចំលាក់អាទិទេពឥណ្ឌា។ ដូចនេះ ពីការគោរពបូជាថ្ម ភ្នំធម្មជាតិ ដែលគេជឿថាមានបារមី ឬព្រលឹងសណ្ឋិតនៅ ឬកាន់ឥឡូវនេះ “ថ្មដុះ” ឬថ្មអ្នកតាទាំងនោះ បានក្លាយទៅជាព្រះសិវលិង្គ ដែលជាអង្គជាតិព្រះសិវនៃលទ្ធិព្រហ្មញ្ញសាសនា (សាសនាចំណូលថ្មី)។ ហើយដើម្បីរក្សានូវថាមពល ឬមហិទ្ធិឫទ្ធិអរូបីទាំងនោះ ដែលជាប្រភពនៃជីវិត គេក៏សាងសង់ប្រាសាទបែបឥណ្ឌា ហ៊ុំព័ទ្ធជុំវិញដូចករណី ប្រាសាទថ្មដុះ នៅខេត្តតាកែវ ឬប្រាសាទភ្នំប្រសិទ្ធិ នៅខេត្តកណ្តាលជាដើម។ នេះសឲ្យឃើញនូវឯកភាពផ្នែកនិមិត្តរូបរវាងថ្មភ្នំធម្មជាតិ និងព្រះសិវលិង្គ ដែលគេតំកល់ក្នុងប្រាសាទឥដ្ឋ ឬថ្ម។ [១៧]
យើងក៏បានរកឃើញជាលើកដំបូងបង្អស់ថា គេពុំអាចផ្តាច់ខឿនវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ចេញពីខឿនវប្បធម៌នៃសហគមន៍មន-ខ្មែរ ឬខ្មែរដើម (Proto-Khmer) ជាដាច់ខាត។ ព្រោះមូលហេតុជាតិពន្ធុ។ ពាក្យខ្មែរដើមនេះត្រូវបានមានន័យប្រហាក់ប្រហែលនឹងពាក្យបារាំង Khmer des origines ដែលមានន័យខុសគ្នាទាំងស្រុងទៅនឹងពាក្យ Pré-Khmer ដែលមានន័យថា មុន-ខ្មែរ។ យើងមិនយល់ស្របនឹងមតិរបស់អ្នកស្រាវជ្រាវខ្លះ ដែលថា បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ មិនមែនជាជនជាតិខ្មែរដើម (Proto-Khmer) ព្រោះថា ពាក្យខ្មែរដើម គឺជាពាក្យប្រឌិត។ ចំពោះយើង យើងនៅតែជឿថាកុលសម្ព័ន្ធមន-ខ្មែរ នាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចនាសម័យទំនើប គឺជាខ្មែរដើម ទោះបីពួកគេមិនបានទទួលឥទ្ធិពលមកពីក្រៅក្តី។ ការរំឭកប្រភពនៃជនជាតិខ្មែរមានសារៈសំខាន់ណាស់ដោយហេតុថាជនជាតិខ្មែរសព្វថ្ងៃនេះ ពិតជាបានបន្តវេនពីសហគមន៍មន-ខ្មែរ នាសម័យបុរេប្រវត្តិសាស្ត្រយ៉ាងប្រាកដ ពោលគឺមិនមែនជាអន្តោប្រវេសន៍ ហើយកំពុងរស់នៅលើទឹកដីដូនតាតាំងពីសម័យមុនឥណ្ឌូរូបនីយកម្មម្ល៉េះ។ ហេតុដែលយើងលើកបញ្ហានេះឡើងគឺមានគោលដៅតែមួយគត់ គឺធ្វើឲ្យការស្រាវជ្រាវអំពីប្រភពនៃជំនឿសាសនាខ្មែរដើមនិងខ្មែរឥណ្ឌានិយមឲ្យមានសន្ទុះថ្មីឡើងវិញ។ យោងតាមនិយមន័យដែលយើងទើបតែលើកខាងលើនេះ ពាក្យខ្មែរដើម (Proto-Khmer) ពិតជាសមស្របតាមបរិបទសង្គមវប្បធម៌ខ្មែរ និងជាតិពន្ធុ។ កុំភ្លេចថា ពួកកុលសម្ព័ន្ធមន-ខ្មែរទាំងនោះ ពិតជារួមឈាមជ័រជាមួយខ្មែរយ៉ាងពិតប្រាកដ ដូចករណីប្រភេទឈាមអេម៉ូក្លូប៊ីន-E ជាសក្ខីភាពស្រាប់។ ម្ល៉ោះហើយ គេពិតជាពិបាកបែងចែកឲ្យដាច់ពីគ្នារវាងជំនឿជនជាតិភាគតិច ដែលរស់នៅក្នុងឧបទ្វីបឥណ្ឌូចិន និងជនជាតិខ្មែរ។ ខឿនវប្បធម៌ទាំងពីរ មន-ខ្មែរ និងខ្មែរនាគ្រាបឋមនៃប្រវត្តិសាស្ត្រ តែងតែជាប់ពាក់ព័ន្ធគ្នាជានិច្ចកាលព្រោះមានប្រភពតែមួយ បើទោះបីជាត្រូវបានឃ្លាតពីគ្នាដោយព្រឹត្តិការណ៍ឥណ្ឌូបនីយកម្មយ៉ាងណាក៏ដោយ។ ជាក់ស្តែងហើយជាសកម្មផង យើងសូមពិនិត្យក្រៅពីភាសា ទំនៀមទំលាប់មួយចំនួន ដូចជាការប្រើបំពង់បឺតស្រា ឬទឹក ការកាប់ក្របីថ្វាយអ្នកតា ការប្រើឧបករណ៍ភ្លេងម៉ឹម ការនិយមប៉ឹង និងសំពត់ ការលែងខ្លួនប្រាណនៃភេទទាំងពីរ៘ គួរកត់សំគាល់ថា ទស្សនៈរបស់ខ្មែរ និងខ្មែរដើម ឬខ្មែរលើទាក់ទងនិងវិស័យជំនឿគឺពិតជាមានលក្ខណៈជាជំនឿបែបជីវចល ឬព្រលឹងនិយមដែលគេពុំអាចផ្តាច់ចេញពីជំនឿលើបុព្វការីជន និងការចាប់ជាតិឡើងវិញជាដាច់ខាតព្រោះវាជាជំនឿរបស់អ្នកម្ចាស់ស្រុកផ្ទាល់ ដែលមានលក្ខណៈធម្មជាតិ។ ដោយមូលហេតុខាងលើនេះហើយបានជាវប្បធម៌មូលដ្ឋានគ្រឹះរបស់ជនជាតិខ្មែរដើម និងជនជាតិខ្មែរត្រូវបានផ្តើមចេញពីទស្សនវិជ្ជាខាងលើនេះ ដែលមានជំនឿលើកំលាំងធម្មជាតិ និងព្រលឹងដូនតា ដែលជាជំនឿតរបស់អ្នកស្រុកអាយជាមូលដ្ឋានដ៏រឹងមាំ។ ជនជាតិមន-ខ្មែរ ដូចជា ជង ព្នង រដែ កួយ ព័រ បាណា៘ និងខ្មែរ ក្នុងឧបទ្វីបឥណ្ឌូ-ចិន គឺជាជនជាតិ ដែលស្ថិតក្នុងអំបូរតែមួយ ទាំងភាសា ទាំងជំនឿសាសនា ទោះបីមានលក្ខណៈខុសប្លែកពីគ្នាជាច្រើនអន្លើក្តី តាមស្ថានភាពភូមិសាស្ត្រ សង្គមជាក់ស្តែង របស់តំបន់នីមួយៗក៏ដោយ។ ស្ថានភាពបច្ចុប្បន្ននៃការស្រាវជ្រាវខាងជាតិពន្ធុវិទ្យា មិនដូចនឹងសម័យមុនទេ ដោយមិនគាំទ្រទស្សនទានរបស់អ្នកស្រាវជ្រាវដែលជឿថាមានវប្បធម៌ខ្ពស់ និងវប្បធម៌ទាប ជំនឿល្អ និង ជំនឿអាក្រក់នោះទេ។ លទ្ធផលស្រាវជ្រាវនាបច្ចុប្បន្នភាពបានទទួលស្គាល់នូវលក្ខណៈសម្បត្តិបុគ្គលនៃវប្បធម៌នីមួយៗ ឬសមភាពរវាងវប្បធម៌ទាំងឡាយ ដែលត្រូវបានប្រសូត្រឡើងនៅលើដែនដីយើងនេះ។ ឧទាហរណ៍ ជនជាតិមួយដែលខ្សត់ផ្នែកសំភារៈអាចមានឧត្តមគតិ សីលធម៌ មេត្តាធម៌យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត ជាងប្រទេសឧស្សាហកម្ម។ បើនិយាយមួយបែបទៀត ពិនិត្យលើនិមិត្តរូបភាពដែលយើងបានវិភាគទិដ្ឋភាពរួមជាទូទៅពីមុន ជំនឿទាំងពីរនេះអាចប្រៀបផ្ទឹមទៅនឹងភាពផ្ងា និងផ្កាប់នៃកាក់តែមួយទេ។ យើងចង់និយាយបញ្ជាក់ថា មូលហេតុពិតនៃជំនឿ គឺកើតចេញពីកត្តាសីលធម៌ ដែលធ្វើឲ្យជីវិតមានន័យ សង្គមមានសណ្តាប់ធ្នាប់។ ដូច្នេះ សំរាប់យើងពាក្យជំនឿអកុសល ឬអបីជំនឿ មិនមានភាពត្រឹមត្រូវ ឬមានភាពសមស្របប៉ុន្មានទេ។ [១៨]
ក្នុងដំណើរចុះទៅសិក្សាស្រាវជ្រាវអំពីកេរ្តិ៍ដំណែលវប្បធម៌ដែលស្ថិតក្នុងតំបន់ជើងឯកក្បែររាជធានីភ្នំពេញកាលពីខែ វិច្ឆិកា ឆ្នាំ ២០០៨ យើងក៏បានជួបនូវវត្តមានរបស់គ្រឿងប្រើប្រាស់ធ្វើអំពីថ្ម ដែលអ្នកស្រុកបានរកឃើញក្នុងពេលភ្ជួរស្រែ។ ឧបករណ៍ប្រើប្រាស់ទាំងនោះ រួមមានពូថៅធ្វើអំពីថ្មរំលីងចំនួន ៥ ដែលស្ថិតក្នុងសម័យបុរេប្រវត្តិសាស្ត្រព្រមទាំងកុលាលភាជន៍មួយដែលជាកុណ្ឌីនាសម័យវប្បធម៌នគរវ្នំ រវាងស.វទី៤-៥នៃគ.ស។ ទន្ទឹមនឹងនេះដែរ យើងបានឃើញចំលាក់យោនីនាងឱមាមួយនៅខ្ទមអ្នកតាដែលអ្នកស្រុកចាត់ទុកថាជាវត្ថុសក្តិសិទ្ធិជាទីសក្ការៈបូជា។ តាមពិតទៅចំលាក់ថ្មនេះត្រូវបានគេរកឃើញនៅលើទួលប្រាសាទឥដ្ឋមួយបាក់បែកស្ថិតមិនឆ្ងាយប៉ុន្មានពីនោះ ក៏ប៉ុន្តែឥឡូវត្រូវគេបំផ្លាញដើម្បីយកទីធ្លាធ្វើចំការ។ យើងបានជួបបំណែកកុលាលភាជន៍ជាច្រើនឥតគណនា ក៏ប៉ុន្តែយើងពុំអាចសន្មតថា មួយណានាសម័យបុរេប្រវត្តិសាស្ត្រ ហើយមួយណាទៀតស្ថិតក្នុងយុគវប្បធម៌វ្នំ ឬចេនឡា។ យ៉ាងណាមិញ យើងក៏បានជួបបំណែកចានឆ្នាំងនាសម័យអង្គរព្រមទាំងឡបុរាណមួយចំនួនផងដែរ។ ដោយដំណើររបស់យើង ដែលអមដោយលោកតែល-ពិសិដ្ឋ និងលោកសិង្ហគា មានរយៈពេលខ្លីពេក យើងពុំអាចទៅមើលទីតាំងឡបុរាណមួយចំនួន ដែលលោកផុន-កសិកា បានធ្វើកំណាយតាមវិធីសាស្ត្រកន្លងមក។ បើយើងសម្អាងលើវត្តមានរបស់អាវុធធ្វើអំពីថ្មរំលីង ទោះបីជាមិនបានស្គាល់ស្រទាប់ដីវប្បធម៌យ៉ាងប្រាកដក៏ដោយ យើងអាចអះអាងយ៉ាងត្រឹមត្រូវថា ភូមិមូលនៅម្តុំវត្តជើងឯកខាងលើនេះ មិនមែនត្រូវបានស្ថាបនាឡើងនាសម័យវ្នំ ពីស.វទី១ ដល់ដើមទី៧ នៃគ.សនោះទេ។ ក៏ប៉ុន្តែរវាង៤០០ ដល់ ១០០ឆ្នាំ មុនគ.ស។ មានន័យថា អាយុកាលនៃមូលនិធិសង្គមដ៏ធំនេះ ត្រូវបានកំណត់បានដោយការសិក្សាប្រៀបធៀបទៅនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវពីមុនដោយលោកហ្គ្រោលីយេ។ រីឯវ័យចំណាស់នៃកុលាលភាជន៍មួយចំនួន យើងពុំអាចកំណត់បានទៅឡើយទេ លើកលែងតែករណីកុណ្ឌីចេញ ដែលជាឥទ្ធិពលមកពីអង្គរបុរី ហើយត្រូវបានផលិតតាមលំនាំឥណ្ឌា។ បើនិយាយឲ្យចំទៅយើងអាចសន្មតអាយុកាលបាន លុះត្រាតែមានការសិក្សាស៊ីជំរៅនៅថ្ងៃក្រោយបន្ថែមទៀត។ ព្រោះថាស្លាកស្នាមវប្បធម៌ទាំងនោះមិនបានស្ថិតនៅក្នុងស្រទាប់ដីវប្បធម៌ ពោលគឺនៅរាយប៉ាយលើដី ក្រៅបរិបទវប្បធម៌។ ទោះបីជាពូថៅថ្មរំលីងខាងលើនេះ ស្ថិតក្នុងបរិវេណនៃភូមិមូលក្តី ក៏ប៉ុន្តែដោយសារឧបករណ៍ប្រើប្រាស់នាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ស្ថិតក្រៅបរិបទវប្បធម៌ ពោលគឺពុំត្រូវបានរកឃើញក្នុងស្រទាប់ដីវប្បធម៌ ដោយការធ្វើកំណាយបែបវិធីសាស្ត្រ យើងពុំទាន់មានលទ្ធភាពនឹងកំណត់ចំណាស់នៃភូមិមូលនៅម្តុំវត្តជើងឯកនៅឡើយ។ អ្វីដែលយើងអាចប៉ាន់ស្មានថាគឺស្ថានីយ៍ជើងឯកខាងលើនេះ ដែលប្រហែលជាត្រូវបានប្រសូតចេញយ៉ាងហោចណាស់ក៏រវាងស.វទី៣ និងទី២មុនគ.ស បានអូសបន្លាយរហូតដល់ដើមសម័យប្រវត្តិសាស្ត្រ ដែលធាតុឥណ្ឌាបានចាក់ឫសកែវយ៉ាងផូរផង់។[១៩]
ឧបករណ៍ប្រើប្រាស់
កែប្រែ- ពីថ្មរំលីង: ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើយកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
- ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
- ពីសំបកខ្យង: អង្កាំ ទំហូ
- ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
- ពីលង្ហិន: ចុងព្រួញ កណ្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
- ពីដែក: មានតែពន្លាក១គត់នៅស្ថានីយ៍ម្លូព្រៃ។
- ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
- សំណល់ផ្ទះបាយ: ធ្យូង។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ។
ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ ១៩០១ គេរកឃើញលលាដ៍ក្បាល ១ នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៍ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិពលបូជាសពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់ ៥ ម គ្របលើស្ថានីយ៍សំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល ១០០ រឺ ២០០ ឆ្នាំមុនគ.ស។
ស្ថានីយ៍ព្រែកឆ្លូង (ស្រុកមេមត់ ខេត្តកំពង់ចាម) គេរកឃើញនៅឆ្នាំ ១៩២០ ដោយលោក B.P.Groslier លោកបានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញ វៀតណាមមកកាន់ឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។
លោកបានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីបញ្ជាក់នៅអំណះអំណាងនេះ លោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ។ លោកបានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង។ លោកថានេះគឺជាជំរុំដែលមានការការពារយ៉ាងម៉ត់ចត់មាំមួន។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ ២០០ ម) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី ១៥០០ ដល់ ៥០០ ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះជាចតុមុំខ្លះ យកតាមរបស់ធ្វើពីលង្ហិន។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា។
ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ ១៩៦៦ ដល់ ១៩៦៩ លោក និង លោកស្រី Mourer ជាសាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវត្ថុវិទ្យា និង និស្សិតបានចូលរួមធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង ៥ គ.ម។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន ២០០០ រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និង ដងកាំបិត)។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (C ១៤) ៖
- ស្រទាប់ទី១ = ១ ២០០ BP (៧៥០ ក្រោយគស.)
- ស្រទាប់ទី២ = ៤ ២០០ BP (២០៥០ មគ.ស)
- ស្រទាប់ទី៣ = ៦ ២៥០ BP (៤២៩០ មគ.ស)
ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល) Carbonnel និង (ដាលីប្រ៊ីយ៉ាស) Dalibrias នៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៩។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំងដែលមានអាយុ ៣៤២០ ឆ្នាំមគ.។[២០]
នៅក្នុងតំបន់ភាគខាងកើតក្នុងការកាប់ឆ្ការព្រៃស្បាត រានដីធ្វើចំការ ដើម្បីពង្រីកដំណាំកៅស៊ូនៅប្រទេសកម្ពុជា គេបានរកឃើញភូមិមូល ជាភូមិសម័យបុរេប្រវត្តិ ដែលមានគ្រឹះនៅសល់ដែលយើងអាចមើលឃើញយ៉ាងច្បាស់។ ក្នុងចំណោមភូមិទាំងនោះ ភូមិមួយត្រូវគេបានរកឃើញនៅមេមត់ ដែលយើងអាចឃើញច្បាស់នូវកំពែង ឬជញ្ជាំងក្រាស់ ហើយខ្ពស់ ធ្វើអំពីដីមានរាងជារង្វង់មូល ដែលមានវិជ្ឈមាត្រខាងក្រៅរហូតដល់ ២០០ម៉ែត្រ ហើយមានផ្លូវចូលពីរ។ ភូមិមូលពីសម័យបុរេប្រវត្តិនេះ ការពារដោយគូទឹកសងខាង ហើយគូទឹក ឬរណ្ដៅនោះ មានជំរៅរហូតដល់ ៦ម៉ែត្រនៅឡើយសព្វថ្ងៃនេះ។ គេបានរកឃើញរោងជាង ឬកន្លែងកាត់បំបែកថ្ម និងដុសរំលីង ឬខាត់ថ្ម ដែលមានសំណល់វត្ថុផ្សេងៗយ៉ាងច្រើនសន្ធឹកធ្វើអំពីថ្មរំលីង ព្រមទាំងមានបំណែកចាន ឬក្រឡ ឬហៅម៉្យាងទៀតថា កុលាលភាជន៍យ៉ាងច្រើននៅទីនោះ។ តាមការស្រាវជ្រាវថ្មីៗបន្ថែមទៀត ដោយប្រើប្រព័ន្ធផ្កាយរណបថតពីទីអវកាសមក មន្ទីរពិសោធន៍ណាសា (NASA) នៃសហរដ្ឋអាមេរិកបានប្រកាសថាបានរកឃើញភូមិមូលសម័យបុរេប្រវត្តិយ៉ាងច្រើននៅតំបន់សៀមរាបអង្គរផងដែរ។ ថ្វីត្បិតថាការស្រាវជ្រាវលើសិល្បៈគំនូរតាមច្រាំងថ្ម ឬគុហាពុំទាន់ត្រូវបានអនុវត្តនៅឡើយ ប៉ុន្ដែមានព័ត៌មានខ្លះបញ្ជាក់ថា នៅប្រទេសកម្ពុជាសព្វថ្ងៃ បុព្វការីជនខ្មែរបានបន្សល់ទុកនូវទំរង់រូបភាពបែបខាងលើនេះមួយចំនួនដូចនៅប្រទេសថៃ និងលាវអញ្ចឹងដែរ។ យើងសង្ឃឹមថាអត្ថបទនេះនឹងជួយជំរុញការស្រាវជ្រាវរាវរកនូវផ្ទាំងគំនូរទាំងនោះក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ បច្ចេកទេសគំនូរពណ៌ផាត់លើច្រាំងថ្ម ដូចនៅប្រទេសអឺរ៉ុប ដែលគេបានរកឃើញក្នុងប្រទេសថៃបច្ចុប្បន្នមានជាអាទិ៍: គូរដោយយកដៃធ្វើជាពុម្ពដោយសង្កត់លើផ្ទាំងថ្ម ក្រោយពីដៃជ្រលក់ថ្នាំ ប្រើសំភារៈអ្វីមួយដោយដាប់ជារាង ដែលគេចង់ផ្ដាមលើថ្មសម្រក់ទឹកថ្នាំជាតំណក់ពីលើ និងប្រើពណ៌ស្ងួតដែលមានប្រភពចេញពីរុក្ខជាតិ។ យោងតាមការស្រាវជ្រាវរបស់បុរេប្រវត្តិវិទូថៃ ដែលបានសិក្សាលំអិតបានបង្ហាញឲ្យដឹងថា ក្នុងចំណោមគំនូរជាច្រើន នៅក្នុងភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន មានគំនូរផាត់ពណ៌ចំនួនត្រឹមតែ ២ ប៉ុណ្ណោះទេ ដែលបញ្ជាក់អំពីការប្រើធ្នូ។ ផ្ទាំងរូបទី១ គឺស្ថិតនៅស្ថានីយភូមិបានភូតាគាម ស្រុកភើសងដាវ ក្នុងចង្វាតសកលនគរ និងផ្ទាំងរូបទី២ គឺស្ថិតនៅស្ថានីយ៍គុហារភ្នំចន្ទងាម ក្នុងចង្វាតនគររាជសីមា។ ដូចនេះភស្តុតាងនៃការប្រើធ្នូ ត្រូវបានបញ្ជាក់យ៉ាងជាក់ច្បាស់ដោយឥតសង្ស័យ តាមរយៈសិល្បៈគំនូរលើច្រាំងថ្មខាងលើនេះ។ ការដែលតំរូវឲ្យបុព្វការីជនខ្មែរនាសម័យលោហធាតុប្រើធ្នូគឺអាស្រ័យលើរបៀបរបបរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃយ៉ាងប្រាកដដោយមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកទាំងស្រុងលើការបរបាញ់សត្វដោយធ្នូ ការនេសាទ និងកសិកម្ម។ ទាំងនេះជាអ្វីដែលកុលសម្ព័ន្ធខ្មែរដើមមួយចំនួនមិនទាន់បោះបង់ចោលនៅឡើយនាដើមសតវត្សទី២១ នេះ។ ម្យ៉ាងវិញទៀត កុំភ្លេចថាគឺដោយមូលហេតុសាសនាផងដែរ ដែលបានជំរុញឲ្យដូនតាខ្មែរនាជំនាន់នោះពោលគឺនៅចុងសម័យលោហធាតុ ផលិតគំនូរទាំងនោះឡើង ហើយការផលិតនេះក៏ដើម្បីធ្វើឲ្យការបរបាញ់របស់ពួកគេប្រកបដោយប្រសិទ្ធិភាពខ្ពស់ដូចក្ដីប៉ងប្រាថ្នា។ [២១]
នៅក្នុងឧបទី្វបឥណ្ឌូចិនដែលជាទឹកដីកំណើតរបស់អំបូរខ្មែរ-មន ឬ មន-ខ្មែរ ការប្រើឧបករណ៍ថ្មត្រូវបានផ្តើមឡើងតាំងពី ១ លានឆ្នាំតែប៉ុណ្ណោះ (ឡាំប៉ាងប្រទេសថៃ) រហូតដល់សម័យលោហធាតុប្រមាណ ១៥០០-១០០០ ឆ្នាំមុនគ.ស។ គេកំណត់អាយុតាមរបៀប ( K40/Ar40 )។ ការស្រាវជ្រាវឱ្យដឹងថានៅកម្ពុជាក្រោម ឧស្សាហកម្មថ្មមានអាយុពី ៥៦០០០០ ឆ្នាំទៅ ៦៥០០០០ ឆ្នាំ។ រីឯនៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ឧស្សាហកម្មថ្មនៅវាលស្បូវរវាងខេត្តក្រចេះ និងសឹ្ទងត្រែងមានអាយុពី ៥១០០០០ ទៅ ៦៩០០០០ ឆ្នាំមុនគ.ស។ ទិន្នន័យខាងបុរេប្រវត្តិទាំងនោះបង្ហាញឱ្យយើងស្វែងយល់អំពីចំណាស់នៃសំណង់ គ្រឹះរបស់វប្បធម៌-អរិយធម៌ខ្មែរដែលមានអាយុដ៏យូរលង់ណាស់មកហើយ មុនការបង្កើតអាណាចក្រវ្នំនាដើមស.វទី ១ នៃគ.ស ក្រោមឥទិ្ធពលវប្បធម៌ឥណ្ឌា។
មុនឥណ្ឌូរូបនីយកម្មអង្គរបុរីគឺគ្រាន់តែទីភូមិដ៏ធំមួយ ដែលមានរាងជាពងក្រពើ ដែលមានមនុស្សតាំងលំនៅស្ថានរួចទៅហើយ។ ដូច្នេះហើយ បានជាយើងរកឃើញនូវស្លាកស្នាមវប្បធម៌មួយចំនួនដូចជា ពូថៅ ធ្វើអំពីថ្មរំលីង ភាជន៍ កងដៃ ដឹង និងគ្រឿងអលង្ការធ្វើអំពីថ្ម និងសំរិទ្ធិជាដើមដែលត្រូវបានផលិតឡើងក្នុងអំឡុង ៥០០ ឆ្នាំមុនគ.ស ដោយអ្នកស្រុកដើមដើម្បីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ការលើកស្លាកស្នាមវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រ នៅអង្គរបុរីមកបង្ហាញសឲ្យឃើញថាកាលដើមឡើយគឺកាលដែលស្ថានីយ៍អង្គរបុរីមិនទាន់ក្លាយទៅជាបុរីនោះក្រោមឥទ្ធិពលឥណ្ឌា បុព្វការីជនខ្មែរមានវប្បធម៌របស់ខ្លួនរួចមកហើយ។ ថ្វីត្បិតតែគេពុំទាន់ដឹងច្បាស់ទេថាអាវុធ និងគ្រឿងប្រើប្រាស់ទាំងនោះ មានអាយុកាលប៉ុន្មានទៅហើយក៏ដោយ ក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងឧស្សាកម្មកុលាលភាជន៍ពិតជាស្ថិតក្នុងចុងយុគលោហៈ ពោលគឺរវាងស.វទី៥មុនគ.ស និង ១០០ មុនគ.ស។ ក្នុងការផលិតកុលាលភាជន៍ទាំងនេះ ដូនតាខ្មែរពុំទាន់ប្រើបច្ចេកទេសថ្មីនៅឡើយគឺធ្វើដោយសូនដី។ ម្យ៉ាងវិញទៀត ចានក្បានខ្លះក៏មានផាត់ពណ៌ក្រហមឆ្អៅដូចឈាមដែរ ហើយប្រកបដោយក្បាច់គូថខ្យង។ កុលាលភាជន៍ប្រភេទនេះ ប្រហែលជាត្រូវបានប្រើប្រាស់ក្នុងពិធីសាសនា ជាពិសេសក្នុងពិធីបុណ្យសព។ ប៉ុន្តែក្រោយមកចាប់តាំងពីខ្មែរបានមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយឥណ្ឌានាដើមគ្រិស្តសករាជមកផលិតកម្មភាជន៍ខ្មែរបានក្លាយទៅជាឧស្សាហកម្មយ៉ាងសំខាន់មួយនៅទីក្រុងអង្គរបុរី។ នេះក៏អាស្រ័យទៅលើការនាំចូលនូវបច្ចេកទេសឥណ្ឌា ផលិតដោយប្រើកង់វិលតាមលំនាំឥណ្ឌា និងគំរូភាជន៍ថ្មីដ៏ល្អៗមួយចំនួន ដូចជាប្រភេទភាជន៍ឥណ្ឌាឈ្មោះ កុណ្ឌី ឃតៈ លោតៈ ភ៌្រន្តរៈ និងប្រភេទចង្កៀងសំប៉ែតជាដើម ដែលបានឲ្យកំណើតទៅភាជន៍នាសម័យចេនឡា។ គេអាចនាំភាជន៍ទាំងនោះទៅជួញដូរដោយប្រើទូក ឬក៏រទេះគោដូចសព្វថ្ងៃនេះ។ ផ្អែកតាមលទ្ធផលនៃការវិភាគដោយកាបូនវិទ្យុសកម្ម (C14) លើស្រទាប់ដីមានវប្បធម៌ដើម្បីកំណត់កាលបរិច្ឆេទ យើងអាចកំណត់ការតាំងទីលំនៅរបស់មនុស្ស ពោលគឺចំណាស់របស់វប្បធម៌អង្គរបុរី។ ស្រទាប់ដីដែលមានវប្បធម៌ក្រោមបំផុត ពោលគឺចាស់បំផុតនៃស្ថានីយ៍អង្គរបុរីដែលបានមកពីរណ្តៅមួយ ដែលគេបានធ្វើកំណាយកាលពីឆ្នាំ ១៩៩៥ បានឲ្យដឹងថាទីតាំងស្ថិតក្នុងឆ្នាំ ៤០០មុនគ.ស ជាចុងសម័យលោហធាតុ (ដែក)។ តាមរយៈការតាំងកាលបរិច្ឆេទកុលាលភាជន៍តាមទំរង់ យើងអាចដឹងថាឧស្សាហកម្មកុលាលភាជន៍នៅអង្គរបុរីបានឆ្លងកាត់នូវការវិវត្តជាច្រើនសម័យកាល ពីសម័យបុរេប្រវត្តិសាស្ត្រ ដល់សម័យប្រវត្តិសាស្ត្រ នេះបើយោងតាមការស្រាវជ្រាវរបស់យើងផ្ទាល់ ដែលបញ្ជាក់ដោយលោក (Y. Yasuda, 2008. Preliminary report for the excavation in Phum Snay, 2007) ដូចខាងក្រោមនេះ៖
- ១-សម័យកាលទីមួយ ពី ៤០០មុនគ.ស - ២០០ មុនគ.ស
- ២-សម័យកាលទីពីរ (ក) ពី ២០០ មុនគ.ស - ២០០ នៃគ.ស
តាមការបង្ហាញអំពីលទ្ធផលនេះ ធ្វើឲ្យមានការយល់ឃើញដោយភាន់ច្រឡំថា មុននេះគ្មានមនុស្សរស់នៅលើស្ថានីយ៍នេះទេ ហើយរាល់ស្លាកស្នាមវប្បធម៌មុនការមកដល់នៃវប្បធម៌ឥណ្ឌាគឺស្ថិតក្នុងយុគដែកទាំងអស់។ តែបើយើងយកឧបករណ៍ប្រើប្រាស់ធ្វើអំពីថ្មរំលីងនៃស្ថានីយ៍នេះទៅប្រៀបធៀបនឹងឧបករណ៍នៅអាណាខេត្តផ្សេងៗទៀត ទើបថាទស្សនៈនេះ ត្បិតតែត្រឹមត្រូវ ក៏ប៉ុន្តែពុំទាន់ពេញលេញនៅឡើយ។ ហេតុផល គឺការសិក្សាស្រាវជ្រាវ ដោយការជីករណ្តៅសំរាប់ធ្វើកំណាយ តាមរយៈគំរោងការស្រាវជ្រាវបុរាណវិទ្យានៅតំបន់ទន្លេមេគង្គក្រោមរវាងភាគីសកលវិទ្យាល័យហាវ៉ៃ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពីឆ្នាំ ១៩៩៥ ដល់ ២០០០ ពុំទាន់មានលក្ខណៈជាទូទៅ ឬសំយោគនៅឡើយ។ មានន័យថា គេត្រូវបន្តការធ្វើកំណាយដើម្បីស្វែងរកទិន្នន័យបន្ថែមពាក់ព័ន្ធនិងចំណាស់នៃឧបករណ៍ធ្វើអំពីថ្មរំលីង និងលោហៈមួយចំនួនដូចជាដឹង និងអង្ក្រងធ្វើអំពីសំរឹទ្ធិជាដើម។ ជាទូទៅ កុលាលភាជន៍នៅទីក្រុងអង្គរបុរីមានលក្ខណៈផ្សេងៗពីគ្នា យ៉ាងតិចណាស់ក៏ ៣០ ប្រទេសដែរ ហើយត្រូវបានចែកចេញជាពីរសម័យកាលធំៗគឺសម័យបុរេប្រវត្តិសាស្ត្រ និងសម័យប្រវត្តិសាស្ត្រ ពោលគឺសម័យនគរវ្នំ។
- ៣- សម័យកាលទីពីរ (ខ) ពី ២០០ មុនគ.ស - ២០០ នៃគ.ស
- ៤- ដំណាក់កាលទីបី ពី ២០០ - ៣០០ នៃគ.ស - (?) ៦០០ គ.ស
បើសិនជាគេធ្វើការសរុបបញ្ចូលគ្នានូវរាល់ទិន្នន័យបុរាណវិទ្យា រវាងឆ្នាំ ១៩៩៥-២០០០ (Cf. ពេជ្រធីតា ការសិក្សាកុលាលភាជន៍នៅអង្គរបុរី ស្រទាប់ដីទី៨-៩ និង១០, និក្ខេបបទបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា, ភ្នំពេញ ២០០១) យើងអាចចែកឧស្សាហកម្មភាជន៍នៅអង្គរបុរីជា៥ដំណាក់កាល:
- ១- ពី៤០៦ ដល់ ១៧៤ ឆ្នាំ មុនគ.ស
- ២- ពី ៣៧៨ ដល់ ១០០ មុនគ.ស
- ៣- ពី ១៩៦ ឆ្នាំ មុន គ.ស ដល់ ១២៤ ក្រោយ គ.ស
- ៤- ពី ១០០ មុន គ.ស ដល់ ២០០-៣០០ នៃគ.ស
- ៥- ពី ២០០-៣០០ ឆ្នាំនៃគ.ស ដល់ ៣០០-៦០០ ឆ្នាំនៃគ.ស
ភាជន៍ដែលស្ថិតក្នុងដំណាក់កាលចាស់ជាងគេ ស្ថិតរវាងស.វទី៥ ដល់ទី២ មុនគ.ស គឺនៅក្នុងស្រទាប់ដីនៅខាងក្រោមគេ។ ភាជន៍ទាំងនោះភាគច្រើនមានពណ៌ខ្មៅលំអដោយស្នាមឆ្កូត ហើយស្នាមប្រថាប់សណ្ឋានមានលក្ខណៈជាខ្សែពួរជាងភាគដែលមានផ្ទៃរលីង។ រីឯភាជន៍ដែលនៅក្នុងស្រទាប់ដីថ្មីជាងគេគឺពី ២០០ ឆ្នាំនៃគ.ស រហូតដល់ ៦០០ ឆ្នាំនៃគ.ស ដែលត្រូវជាសម័យវប្បធម៌នគរវ្នំ។ ដើម្បីបែងចែកភាជន៍ ឬអំបែងភាជន៍ ជាប្រភេទផ្សេងៗ ដែលតាមពិតទៅមានយ៉ាងតិចក៏ ៤០ ប្រភេទគេត្រូវពិនិត្យរូបរាងរបស់មាត់ ពំនុះកាត់បណ្តោយរបស់មាត់ និងរូបរាងរបស់គែមភាជន៍។ ពាក់ព័ន្ធនឹងពណ៌ភាជន៍ ខ្លះមានពណ៌ក្រហមលឿង (5YR 6/6) ហើយភាគច្រើនមានប្រើពណ៌បានពីម្សៅឥដ្ឋ ក្រហមខ្មៅ និងលឿងបន្ថែម លឿងក្រហម (7.5YR 8/6), លឿង (5YR 7/6), ពណ៌ត្នោត, ពណ៌ប្រផេះភ្លឺ និងប្រផេះស្រអាប់, ពណ៌ទឹកក្រូច (5YR 6/6), ពណ៌ក្រហមភ្លឺ (2.5YR 7/6), ពណ៌ត្នោតស្លេក (2.5YR 7/6), ពណ៌ក្រហមស្រាល, ពណ៌ផ្កាឈូក, ពណ៌ខ្មៅ, ពណ៌លឿងត្នោតចាស់, ពណ៌ប្រផេះភ្លឺ (10YR 7/2), ពណ៌ត្នោត (2.5YR 5/4), ពណ៌ខ្មៅ (2N), ប្រផេះចាស់, ពណ៌ប្រផេះទឹកក្រូច, ពណ៌ក្រហមលឿង (5YR 6/6), ពណ៌ត្នោត, ពណ៌ខ្មៅ (25N), ពណ៌ប្រផេះខ្មៅ, ប្រផេះលឿង, ពណ៌ខ្មៅ (2.5YR 25/1), ពណ៌ត្នោត (10YR 5/3), ពណ៌ប្រផេះចាស់ (5YR 4/1), ពណ៌ក្រហមលឿង, ពណ៌ទឹកក្រូចស្រអាប់ (5YR 7/4), ពណ៌ប្រផេះ (2.5YR 5/1), ពណ៌ទឹកក្រូច (5YR 6/4), ពណ៌ក្រហមភ្លឺ (2.5YR 6/6), ពណ៌ក្រហមស្រាល (10R 6/4), ប្រផេះ និងត្នោត, ពណ៌ក្រហមប្រផេះ (10YR 6/4), ពណ៌ក្រហម (2.5YR 5/8) និង ពណ៌លឿង (5YR 5/6)៘ តាមការវិភាគនូវប្រភេទវត្ថុវប្បធម៌ទាំងនោះដោយត្រួសៗ យើងក៏ឃើញនវានុវត្តន៍វប្បធម៌ខ្មែរ ពោលគឺការផ្លាស់ប្តូរលក្ខណៈ ឬទំរង់នៃកុលាលភាជន៍ខ្លះៗដែលបណ្តាលមកពីលំហូរវប្បធម៌ឥណ្ឌា ជាហេតុដែលធ្វើឲ្យចានក្បាន ប្រកបដោយភាពសំបូរបែបអស្ចារ្យតែប៉ុណ្ណោះ ក៏ប៉ុន្តែមានភាពរីកចំរើនលើសដើម។ នៅទីនេះ គប្បីត្រូវរាប់បញ្ចូលបន្ថែមក្នុងឧស្សាហកម្មភាជន៍អង្គរបុរីនូវរាល់ចានក្បាន ដែលត្រូវបានរកឃើញនៅតាមទីប្រជុំជន ដែលមជ្ឍមណ្ឌលវប្បធម៌បុរាណរណបនិងអង្គរបុរីផងដែរ ដូចជាទីកំពង់ផែអូរកែវ ព្រមទាំងស្ថានីយ៍មួយចំនួនទៀតនៅក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល ភ្នំពេញ និង នៅទីក្រុងចាន់សែន ព្រមទាំងឧទង ចង្វាតសុពណ៌បុរី ប្រទេសថៃជាដើម។ បើនិយាយម្យ៉ាងទៀត ឯកភាពនៃក្បូរក្បាច់រចនា ឬក៏ប្រភេទនៃកុលាលភាជន៍មួយចំនួន បានអនុញ្ញាត្តិឲ្យយើងគិតថា វប្បធម៌អង្គរបុរី ឬនគរវ្នំ ពិតជាបានលាតសន្ធឹងដល់អាណាខេត្តផ្សេងៗរួមមានទីក្រុងភ្នំពេញនេះផងដែរ ដូចករណីប្រភេទកុណ្ឌី ដែលគេបានជួបប្រទះនៅម្តុំវត្តជើងឯក និងនៅភូមិព្រែកតាគង់ជាដើមជាភស្តុតាង។ ចង់ ឬមិនចង់ កុលាលភាជន៍ខ្មែរគ្រប់យុគគ្រប់សម័យ សុទ្ធសឹងតែលាតត្រដាងអំពីបរិបទវប្បធម៌ខ្មែរយ៉ាងប្រាកដ ព្រោះវាជាជ្រុងមួយនៃខឿនវប្បធម៌របស់ជនជាតិខ្មែរ។ មានន័យថា ចានក្បានខ្មែរ ដែលគេបានផលិតឡើងក្នុងអតីតកាលនោះ មិនត្រឹមតែសំរាប់ដាំស្ល ឬផ្ទុកស្រូវអង្ករ ម្ហូបអាហារ ដូចជាប្រហុក ទឹកត្រី ឬស្រាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែស្មូនឡើងសំរាប់ប្រើប្រាស់ក្នុងពិធីសាសនា ដូចជាការបូជាព្រះអាទិទេព ឬក៏ជំនឿបញ្ចុះសាកសព ឬអដ្ឋិធាតុផងដែរ។ [២២]
យើងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដែលភាជន៍ទាំងពីរនេះជាភាជន៍មានពណ៌ខ្មៅរលោង និងមានគំនូរជាពណ៌ក្រហមព្រឿងៗប្រកបដោយក្បាច់ជាប់មកជាមួយផង។ លក្ខណៈក្នុងការប្រៀបធៀបដោយសារភាជន៍ទាំងពីរនេះមានលក្ខណៈពិសេសខុសពីភាជន៍ទូទៅដែលធ្លាប់បានឃើញនៅក្នុងខេត្តសុរិន្ទ្រ ដែលមួយភាគធំជាគ្រឿងស្មូន ហើយក្រោយពីការសិក្សាប្រៀបធៀប យើងក៏បានដឹងថាភាជន៍ដូចដែលយើងបានរៀបរាប់ខាងលើគឺស្ថិតនៅយុគមុនប្រវត្តិសាស្ដ្រ ឬសម័យបុរេប្រវត្តិសាស្ត្រដែលមានអាយុមិនតិចជាង ៤០០០ ឆ្នាំទេ។ ភាជន៍គោកខាំទី១របស់យើងមានលក្ខណៈជាក្អមទឹកកតូច មាត់មានរាងជាសាជី។ រីឯតួភាជន៍វិញដែលមានរាងមូលមានជើងទ្រ ឬជើងដែលបានជ្រុះបាត់ទៅនោះមានសំបូរពណ៌ខ្មៅរលោងសាច់រឹង។ សាច់ខាងក្នុងភាជន៍មានលក្ខណៈខុសពីផ្នែកដែលបានបែកជ្រុះចេញ មានពណ៌ក្រហម ហើយមានក្បាច់គូសវាសនៅត្រង់មាត់ភាជន៍ផ្នែកខាងក្រៅ ព្រមទាំងមានស្នាមជាក្បាច់ឆ្នូតៗនៅត្រង់កភាជន៍ ជារង្វង់ជុំវិញរៀងគ្នាបីជួរ៖ ពីរជួរនៅត្រង់កភាជន៍ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម។ នៅចន្លោះស្នាមខ្សែឆ្នូតជារង្វង់នេះមានស្នាមចុចតូចៗរៀងគ្នាជុំវិញ។ ដូចភាជន៍នាសម័យបុរេប្រវត្តិសាស្ត្រជាពិសេសភាជន៍នាសម័យថ្មរំលីងនៅចន្លោះស្នាមឆូតគេឃើញរង្វង់ពីរជាន់ស្ថិតនៅត្រង់កភាជន៍ជាក្បាច់ឆូតជាខ្សែបន្ទាត់គូកោងឡើងកោងចុះស្រដៀងនឹងទឹករលក។ តួភាជន៍ផ្ទាល់មានស្នាមឆូតជាបន្ទាត់កោងក្រវិចក្រវៀន។ លក្ខណៈនៃការគូសវាសនេះត្រូវបានធ្វើដោយប៉ិនប្រសប់ដែលតៗគ្នាជារង្វង់ជុំវិញស្ទើរតែរកចំណុចចាប់ផ្ដើម និងចំណុចបញ្ចប់មិនឃើញ។ សំបូរភាជន៍មួយចំនួនតុបតែងដោយស្នាមគូសវាសដែលមានលក្ខណៈគ្រវាសៗ មួយចំនួនទៀតមានលក្ខណៈរលោងស្មើ។ ជើងទ្រភាជន៍បានជ្រុះបាត់បើតាមការស្មាន គឺមានលក្ខណៈស្រដៀងនឹងជើងបាត។ ទាំងនេះក៏ព្រោះតែសង្កេតឃើញស្នាមដែលជ្រុះបាត់ទៅជារង្វង់ព័ទ្ធជុំវិញត្រង់គូថភាជន៍។ ភាជន៍មួយនេះមិនឃើញមានស្នាមគូសពណ៌យ៉ាងណាទេ។ បន្ទាប់ពីធ្វើការពិចារណាប្រៀបធៀបនឹងភាជន៍វប្បធម៌ភូមិបានឈៀង នៅចង្វាតឧត្តរធានី ដែលជាភាជន៍ពណ៌ខ្មៅរលោងមានជើងតូច មានក្បាច់គូសវាសជាបន្ទាត់កោងឡើងចុះ ដែលមួយចំនួនតុបតែងដោយស្នាមគ្រវាស និងមានលក្ខណៈជាមាត់ធំទូលាយនៅឡើយ ហើយភាជន៍វប្បធម៌ភូមិបានឈៀង ដែលមានជើងធំឡើងលើកភាជន៍ស្ដួចចុះមានស្នាមគូសវាសជាបន្ទាត់គូត្រង់ផ្ទៃភាជន៍ក្រវិចក្រវក់ជុំវិញមួយចំនួនទៀតជាស្នាមគ្រវាសរួមទាំងលក្ខណៈគ្រវាសត្រង់មាត់ភាជន៍ផ្នែកខាងក្រៅផងដែរ។ ក្រោយពីការប្រៀបធៀបដូចដែលបានពោលគួរនឹងមានអាយុស្មើគ្នានឹងភាជន៍ភូមិបានឈៀងមុនសម័យកាលទី២ដែលមានអាយុពី ៤៥០០ ដល់ ៣៥០០ឆ្នាំ។ ភាជន៍គោកខាំទី២ មានលក្ខណៈជាក្អមកតូចគូទកោងមាត់រាងសាជីមានស្នាមឆូតជាក្បាច់ឆូតជុំវិញ ២,៥ ស.ម នៅចន្លោះស្នាមឆូតទាំងពីរបន្ទាត់នេះអាចបង្កើតបានក្បាច់គ្រវាសជុំវិញរួមទាំងក្បាច់គ្រវាសត្រង់កភាជន៍ផ្នែកខាងក្រៅ ព្រមទាំងគូទមានលក្ខណៈកោងស្រួច។ នៅត្រង់គូទភាជន៍ និងផ្នែកកោងរបស់តួភាជន៍ផ្ទាល់ដែលមកប្រសព្វគ្នា ផ្នែកភាជន៍រលោង និងពណ៌ខ្មៅមានស្នាមគូសវាសជាក្បាច់ និងគូរពណ៌នៅចន្លោះស្នាមឆូតដោយពណ៌ក្រហមព្រឿងៗ សាច់ភាជន៍មានលក្ខណៈរឹងពណ៌ខ្មៅសុទ្ធ។ លក្ខណៈដ៏សំខាន់មួយទៀតគឺក្រឡទាំងនោះ ផ្ទុកនូវធាតុរបស់សពដែលជាភស្តុតាងប្រយោលទាក់ទងនឹងការបូជាសពលើកទី២។ ក្រោយពីការវិភាគសិក្សាដោយប្រៀបធៀបមក យើងអាចសន្និដ្ឋានបានថា ខាងក្បាច់ក្បូររចនាភាជន៍នៅភូមិគោកខាំរបស់យើងមានលក្ខណៈដូចគ្នានឹងភាជន៍វប្បធម៌នៅភូមិបានឈៀង ពោលគឺជាប្រភេទភាជន៍ដែលមានលក្ខណៈស្ថិតនៅមុនសម័យកាលទី២ អាយុកាលពី ៤៥០០ ដល់ ៣៥០០ ឆ្នាំ។ នេះជាលទ្ធផលជាវិជ្ជមាននៃការស្រាវជ្រាវក្នុងដំណាក់កាលដំបូង គួរឱ្យមោទនភាព។ តែទោះជាយ៉ាងនេះក្តី ក៏យើងសង្ឃឹមយ៉ាងមាំដែរថា ក្រុមបុរាណវិទូថៃនឹងធ្វើកំណាយស្រាវជ្រាវបន្ថែមទៀត ដើម្បីនឹងស្វែងយល់ស៊ីជំរៅនូវឫសកែវនៃវប្បធម៌ អរិយធម៌របស់បុព្វការីជនខ្មែរក្នុងតំបន់ ហើយយើងជឿជាក់ថា គេពិតជានឹងរកឃើញនូវស្លាកស្នាមរបស់វប្បធម៌-អារ្យធម៌ខ្មែរថ្មីៗទៀត ដែលមានអាយុកាលច្រើនជាងនេះជាមិនខាន។ [២៣]
សំលៀកបំពាក់
កែប្រែមាសត្រូវបានអ្នកស្រុកចាត់ទុកថាជាវត្ថុសក្តិសិទ្ធិពាក់ព័ន្ធទៅនឹងឈាម ឬព្រះអាទិត្យ ដោយហេតុថា ដូចព្រះអាទិត្យដែលបញ្ចេញកាំរស្មីក្រហមឆ្អៅ ដែលជាប្រភពនៃជីវិតមាសពណ៌ក្រហមត្រូវបានប្រៀបផ្ទឹមទៅនឹងព្រះអាទិត្យ។ រីឯប្រាក់វិញ វត្ថុធាតុដើមនេះ រមែងតែគេប្រដូចទៅនឹងព្រះចន្ទ ដែលមានលក្ខណៈសថ្លា។ បើនិយាយម្យ៉ាងទៀត លោហធាតុទាំងពីរប្រភេទខាងលើនេះ ត្រូវបានចាត់ទុកថាជាវត្ថុសក្តិសិទ្ធិ ពោលគឺសុទ្ធសឹងតែមានបារមីកាន់។ ដោយមូលហេតុនេះហើយ ប្រភេទលោហៈទាំងនោះមានតំលៃជាងអ្វីៗទាំងអស់ក្នុងលោក ក្នុងក្រសែភ្នែករបស់បុព្វការីជនខ្មែរនាគ្រប់សម័យកាលទាំងអស់។ ពីមុនសម័យប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នភាព មាស និងប្រាក់ត្រូវបានគេយកមកផលិតធ្វើជារូបសំណាកតំណាងឲ្យព្រះអាទិទេព ព្រមទាំងគ្រឿងអលង្ការសំរាប់តុបតែងរូបរាងកាយរបស់មនុស្សទាំងពីរភេទ។ នៅពេលដែលពាក់គ្រឿងអលង្កាធ្វើអំពីមាស ឬប្រាក់ គេមានអារម្មណ៍ថា មានសារជាតិពិសិដ្ឋម្យ៉ាងជ្រួតជ្រាបតាមកោសិកា ធ្វើឲ្យគេរឹងមាំ ខ្លាំងក្លា អង់អាច ក្លាហាន ហើយរូបរាងកាយចែងចាំងខុសពីប្រក្រតី។ បើនិយាយម្យ៉ាងទៀត មាស និងប្រាក់អាចជួយយកអាសារមនុស្សបានយ៉ាងប្រាកដ។ នៅស្ថានីយ៍ភូមិព្រហារ ខេត្តព្រៃវែង និងនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យ មាស និងប្រាក់ ត្រូវបានគេយកមកធ្វើជាគ្រឿងលំអរូបរាងកាយមនុស្សទាំងពីរភេទ ដូចជាក្រវិលត្រចៀក បន្តោងខ្សែក ចិញ្ចៀន និងសន្លឹកមាសស្តើងៗដែលគេរមូរឲ្យមូលដើម្បីពាក់នៅចង្កេះលើក ឬក៏ប្រើជាត្រសាល់ត្រចៀកជាដើម។ យ៉ាងណាមិញនៅស្ថានីយគោកអូរជួនៅដែនដីសណ្តឯណោះវិញ គេក៏បានរកឃើញគ្រឿងអលង្ការធ្វើអំពីមាស ដែលស្ថិតក្នុងបរិបទវប្បធម៌មន-ខ្មែរ ហើយដែលមានអាយុកាលដូចគ្នា។ តាមរយៈលទ្ធផលនៃការវិភាគរកកាលបរិច្ឆេទដោយប្រើបច្ចេកទេសវិទ្យុសកម្ម C14 យើងអាចដឹងថាគ្រឿងអលង្ការទាំងនោះដែលពាក់ព័ន្ធទៅនឹងអំពីពិធីកប់សព ត្រូវបានផលិតឡើងប្រមាណជា ១៥០/១០០ឆ្នាំ មុនគ.សទៅ ១០០ ឆ្នាំនៃគ.ស។ ជាទូទៅដោយសារតែត្រូវបានកប់ទៅជាមួយនឹងសពបុរាណវត្ថុទាំងនោះមិនគ្រាន់តែត្រូវបានប្រើប្រាស់ជាគ្រឿងលំអតុបតែងខ្លួនប្រាណ ឬក៏បញ្ជាក់នូវឋានៈក្នុងសង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែរមែងតែពាក់ព័ន្ធទៅនឹងជំនឿសាសនាផងដែរ ដូចករណីរបាំងមុខ (មនុស្ស) ធ្វើអំពីសន្លឹកមាសស្តើងដែលគេរកឃើញនៅខេត្តប៉ារៀ-វុងតាវនៅឯវៀតណាមខាងត្បូងជាសក្ខីកម្មស្រាប់។ ដូចនេះ មាស និងប្រាក់ មិនគ្រាន់តែតំណាងឲ្យភាពស្តុកស្តម្ភ ទ្រព្យសម្បត្តិ ឬក៏ឋានៈក្នុងសង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែភាពបរិសុទ្ធភាពអមតៈផងដែរ ដោយហេតុថាគុណសម្បត្តិដ៏វិសេសវិសាលមួយទៀតនៃលោហធាតុនេះ គឺភាពមិនចេះពុកផុយ ឬសាបសូន្យ។ ដូច្នេះហើយបានជាគេផលិតព្រះអាទិទេពធ្វើអំពីមាស។ ហើយការគោរពចំលាក់តំណាងព្រះអាទិទេពធ្វើអំពីមាសត្រូវបានបន្តរហូតដល់សម័យទំនើបយើងនេះ។ [២៤]
ទំនៀមទំលាប់ប្រពៃណីចោះត្រចៀកនេះ ពុំមានជាការពាក់ដើម្បីលំអរូបរាងកាយប៉ុណ្ណោះទេវាថែមទាំងមានអត្ថន័យពាក់ព័ន្ធនឹងជំនឿសាសនា។ ចំពោះមនុស្សបុរាណ ការចោះត្រចៀកយល់ឃើញថានាំមកនូវសិរីសួស្តី និងបុណ្យបារមីបង្ការនូវរាល់ឧបទ្រពចង្រៃ ដែលយាយីមនុស្ស និងសង្គម។ ជារួមក្រវិលត្រចៀក ឬត្រសាល់ខ្មែរ និងជនជាតិខ្មែរដើមភាគតិចនៅភូមិភាគឦសាននៃប្រទេសកម្ពុជាបច្ចុប្បន្នគឺស្ថិតក្នុងរង្វង់គ្រួសារវប្បធម៌តែមួយទេ ពោលគឺវាបានប្រសូត្រចេញពីខឿនវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រ។ ភស្តុតាងចាំបាច់ដើម្បីបង្ហាញ និរន្តរភាពនៃប្រពៃណីខាងលើនេះគឺរបកគំហើញខាងបុរាណវិទ្យាខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ។ ក្នុងចំណោមគ្រឿងអលង្ការនៅស្ថានីយ៍សំរោងសែន ដែលសិក្សាដោយលោកម៉ុងស៊ុយនៅឆ្នាំ១៩២៣ យើងបានឃើញក្រវិល និងត្រសាល់ត្រចៀក កងដៃ ធ្វើអំពីថ្ម និងខ្យង។ វត្តមានរបស់គ្រឿងអលង្ការខាងលើនេះ ក៏ត្រូវបានលើកឡើងក្នុងរបាយការណ៍របស់លោកអៃម៉ូនីយេផងដែរ។ ក្រៅពីនេះប្រភពព័ត៌មានគួរឲ្យទុកចិត្តបានបញ្ជាក់ថា ការប្រើអលង្ការនេះ ក៏ពេញនិយមនៅម្លូព្រៃផងដែរ។ ទន្ទឹមនឹងនោះ ថ្មីៗនេះនៅស្ថានីយ៍ភូមិស្នាយ និងស្វាយចេក យើងក៏បានរកឃើញនូវត្រសាល់ត្រចៀកធ្វើអំពីសំរិទ្ធិ និងថ្មថែមទៀត។ ចុងក្រោយបង្អស់ យើងក៏បានជួបនូវក្រវិល និងត្រសាល់ត្រចៀក នៅក្នុងស្ថានីយ៍មួយចំនួននៅសៀម និងលាវ។ ប្រពៃណីខាងលើនេះដែលមានកំណើតឡើងនាសម័យនវសិលា ឬថ្មរំលីងគឺជាប្រពៃណីជាតិពោលគឺទាំងស្ដេចទាំងរាស្ត្ររមែងតែងនិយមដូចគ្នា។ [២៥]
សឹងតែមិននឹកស្មានដល់ គំនូរលើច្រាំងថ្មដ៏កម្រមួយ ត្រូវបានគេរកឃើញ ដែលអនុញ្ញាតឲ្យយើងទទួលបានទិន្នន័យថ្មីពាក់ព័ន្ធនឹងការបរបាញ់ជាពិសេសការពាក់ស្នែងប្រើសនៅពេលបរបាញ់ដែលមានអាយុប្រមាណជា ២៥០០ ឆ្នាំមកហើយ។ នៅស្រុកស៊ីគីវ ចង្វាតនគររាជសីមាក្រៅពីគំនូរលើច្រាំងថ្ម ឬគុហានាសម័យបុរេប្រវត្តិសាស្ត្រមួយចំនួនពាក់ព័ន្ធទៅនឹងជំនឿសាសនាចុងសម័យវប្បធម៌យើងក៏បានឃើញនូវគំនូរមួយទៀត ដែលគេតែងតែហៅឈ្មោះថា ធ្មប់ កំពុងធ្វើពិធីកម្មដោយលើក្បាលមានពាក់ស្នែងប្រើសមួយគូរ។ ការពាក់ស្នែងប្រើសបែបនេះក្នុងពិធីកម្មសាសនាដោយមេព្រានព្រៃគឺធ្វើឡើងដើម្បីឲ្យសត្វប្រើសចូលក្នុងល្បិចកលរបស់អ្នកបរបាញ់អាចឲ្យអ្នកបរបាញ់លូនខិតចូលជិតដើម្បីបាញ់សម្លាប់សត្វម្រឹគ ដែលរួមមាន ប្រើស ក្ដាន់ ឈ្លូស ទន្សោងជាដើមបានដោយងាយ។ នេះជាទិដ្ឋភាពដែលបង្ហាញឲ្យឃើញពីវិធីរកសាច់សំរាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍មន-ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រហើយម្យ៉ាងទៀត វាក៏ឆ្លុះបញ្ចាំងឲ្យឃើញនូវបរិបទសង្គមមួយ ដែលសំបូរទៅដោយព្រៃព្រឹក្សាដែលជាអនុផលព្រមទាំងលក្ខណៈជីវចលនិយមនៃទំនៀមទំលាប់ក្នុងសង្គមនាសម័យបុរេប្រវត្តិសាស្ត្រផងដែរ។ នោះជារូបព្រានព្រៃនាសម័យអតីតកាលកំពុងបំពេញពិធីកម្មសាសនាអ្វីមួយយ៉ាងប្រាកដមុននឹងចេញទៅបរបាញ់ក្នុងគោលបំណងពិសិដ្ឋមួយ គឺធ្វើយ៉ាងណាឲ្យការបរបាញ់បានជោគជ័យ។ យើងអាចកត់សំគាល់ថា ការប្រើស្នែងប្រើសក្នុងការបរបាញ់សត្វព្រៃបានផ្ដើមឡើងនាសម័យបុរេប្រវត្តិសាស្ត្រ ដោយប្រជាជននៅតំបន់ខ្ពង់រាបនគររាជសីមា ដែលជាចំណែកយ៉ាងសំខាន់ខាងសេដ្ឋកិច្ចគ្រួសារនាសម័យនោះសំរាប់មនុស្សរស់នៅតាមដងព្រៃភ្នំ។ ទង្វើនេះបានបន្តរហូតដល់សម័យវប្បធម៌បាយ័នគឺចំណុចដ៏សំខាន់នេះហើយដែលធ្វើឲ្យឃើញនូវប្រភពបុរេប្រវត្តិសាស្ត្រនៃការបំពាក់ស្នែងប្រើសដោយព្រានព្រៃក្នុងពេលបរបាញ់។ [២៦]
មុនការទទួលវប្បធម៌ក្លិង្គ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះដូចបងប្អូនខ្មែរលើ សព្វថ្ងៃនេះជនជាតិខ្មែរយើងបានចេះនិយមសំលៀកបំពាក់រួចជាស្រេចទៅហើយ ដូចជាការប្រើប្រាស់ប៉ឹងវែងឬខ្លី និងសំពត់ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់ និងលំអរូបរាងកាយឬក៏គ្រាន់តែដើម្បីការពារអាកាសធាតុតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតគួរគូសបញ្ជាក់ផងដែរថានៅដើមស.វទី ១ នៃគ.ស ទើបមានការនិយមក្បិនតាមរបៀបពួកព្រាហ្មណ៍ឥណ្ឌា ដែលមានប្រភពចេញពីឥណ្ឌាខាងត្បូងហើយវាក៏ជាប្រពៃណីមួយនៅរស់រវើករហូតមកដល់សព្វថ្ងៃនេះដែរនៅប្រទេសឥណ្ឌាខាងត្បូងក៏ដូចនៅប្រទេសកម្ពុជា។ ដូច្នេះការដែលនិយាយថា ជនជាតិខ្មែរយើងមិនចេះស្លៀកពាក់មុនឥទ្ធិពលឥណ្ឌានោះ ពំនោលនេះគឺជារឿងមិនពិតទាល់តែសោះ។ ការដែលជនជាតិខ្មែរកាន់ទំនៀមទំលាប់តាមបែបឥណ្ឌាពុំមែនមានន័យថា ខ្មែរគ្មានសំលៀកបំពាក់ប្រចាំជាតិរបស់ខ្លួននោះទេ។ ក្រោមមេឃលើដីនេះ គ្មានជនជាតិណាដែលដើរស្រាតទេ ឬក៏បានបង្កើតឡើងនូវវប្បធម៌របស់ខ្លួនដោយគ្មានការទទួលឥទ្ធិពលមកពីខាងក្រៅនោះទេ។ ចំលាក់នៃប្រាសាទបុរាណខ្មែរដូចជាចំលាក់នៅលើប្រាសាទបាយ័ន បន្ទាយឆ្មារ និងអង្គរវត្ត អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីសំលៀកបំពាក់ខ្មែរបុរាណរវាងស.វទី ១២-១៣ នៃគ.ស ដែលក្នុងនោះមានការប្រើប៉ឹង និងសំពត់ជាដើម ក៏ជាសក្ខីកម្មមួយគួរឱ្យកត់សំគាល់ដែរ។ ឆ្លងតាមការវិភាគខាងលើនេះបានឱ្យដឹងថា ជនជាតិខ្មែរយើងចេះស្លៀកពាក់យ៉ាងហោចណាស់ក៏ចាប់ពីសម័យវប្បធម៌លោហធាតុមកដែរ។ នេះជាលើកទីមួយហើយដែលយើងបានប្រមូលឯកសារស្តីពីការស្លៀកពាក់របស់ខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រមកវិភាគសិក្សាដើម្បីបង្ហាញនូវនិរន្តរភាពនៃសំលៀកបំពាក់ខ្មែរតាមបែបប្រពៃណីប្រចាំជាតិរបស់ខ្លួន។
ទាក់ទងនឹងបញ្ហាប្រើកែវ ថ្វីត្បិតតែយើងពុំទាន់ដឹងនៅឡើយថា តើសមិទ្ធិផលកែវត្រូវបានបង្កើតនៅសម័យណាយ៉ាងប្រាកដនៅឡើយទេ ក៏ប៉ុន្តែទិន្នន័យទាក់ទិនទៅនឹងវត្ថុធ្វើអំពីកែវជាពិសេសគ្រាប់អង្កាំចាស់ជាងគេ ដែលគេបានរកឃើញនៅតាមស្ថានីយ៍មួយចំនួនដូចជានៅចង្វាតក្រៈប៊ីក្នុងឈូងសមុទ្រសៀមសព្វថ្ងៃជាដើមគឺមានអាយុចាស់រវាង ៣០០ឆ្នាំ និង ១០០ឆ្នាំមុនសម័យប្រវត្តិសាស្ត្រ។ ហើយជាអង្កាំ ដែលមានប្រភពចេញពីចក្រភពរ៉ូម។ រីឯនៅតាមស្ថានីយ៍មួយចំនួន ដែលស្ថិតក្នុងបង្គោលសីមានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នវិញ អង្កាំធ្វើអំពីកែវ ជួនកាលមានអាយុកាលប្រហាក់ប្រហែលគ្នា ឬក៏ត្រឹមតែពីស.វទី១ ដល់ស.វទី៤-៥នៃគ.ស តែប៉ុណ្ណោះនេះបើយោងតាមលក្ខណៈប្រភេទអង្កាំតាមតំបន់ភូមិសាស្ត្រនីមួយៗជាក់ស្តែង។
ការរកឃើញនូវវត្ថុធ្វើអំពីកែវជាច្រើនថ្មីៗនេះនៅភូមិស្នាយ និងនៅអង្គរបុរីបានផ្តល់ចំពោះយើងនូវព័ត៌មាន និងភាពសំបូរណ៍បែបនៃគ្រឿងអលង្ការធ្វើអំពីកែវពណ៌ដ៏ច្រើន ដើម្បីចូលរួមក្នុងការសរសេរខឿនវប្បធម៌ខ្មែរបុរាណឡើងវិញ។ ការរកឃើញនូវវត្ថុវប្បធម៌ធ្វើអំពីកែវដូចជា ក្រវិលត្រចៀក ឬកាវត្រចៀកមានរូបរាងជាសត្វចាប ក្របី ផ្កា កងដៃ ចិញ្ចៀន អង្កាំ ទេវរូប ពុទ្ធរូប សត្វ។ល។ ក៏បានជះឥទ្ធិពលយ៉ាងច្រើនចំពោះការចងក្រងទំព័រប្រវត្តិសាស្ត្រនៃកម្ពុជាឡើងវិញដែរ។ ដោយបញ្ជាក់ថាជនជាតិខ្មែរបានមានទំនាក់ទំនងខាងពាណិជ្ជកម្មអន្តរជាតិ និងវប្បធម៌ជាមួយបស្ចឹមប្រទេសចាប់តាំងពីចុងសម័យលោហធាតុពោលគឺដើមសម័យប្រវត្តិសាស្ត្រម្ល៉េះ។ ព្រោះក្នុងកំឡុងអន្តរកាលនេះហើយ ជនជាតិខ្មែរក្នុងដំណាក់កាលដំបូង ហើយបន្ទាប់មកក៏បានចេះស្លដោយខ្លួនឯងនៅដើមស.វទី១ តាមបច្ចេកទេសដែលបានមករស់នៅតាមកំពង់ផែសមុទ្រភ្វូណាន។[២៧]
ទីបំផុតទៅសម្ព័ន្ធភាព ឬបើនិយាយឲ្យចំទៅប្រភពរួមរវាងកងដៃរបស់មនុស្សនាសម័យបុរេប្រវត្តិសាស្ត្រ និងកងដៃព្នងត្រូវបានបំភ្លឺហើយ។ នោះគឺដោយសារតែយើងបានរកឃើញនូវលក្ខណៈដូចគ្នាក្រោយពីការសិក្សាប្រៀបធៀបខាងបុរាណវិទ្យា។ ម្យ៉ាងវិញទៀត យើងក៏អាចចាត់ទុកយ៉ាងត្រឹមត្រូវថា កងដៃខ្មែរក៏មានកំណើតដូចគ្នាដែរ គ្រាន់តែជនជាតិខ្មែរក្រោមឥទ្ធិពលវប្បធម៌ខ្មែរហើយក៏បែកចេញពីខឿនរួមមន-ខ្មែរ ចាប់តាំងពីដើមសតវត្សទី១ រហូតដល់សព្វថ្ងៃ។ វត្ថុសិល្បៈទាំងនោះគឺត្រូវបានទិញនៅស្រុកខ្មែរដោយលោក អាដេម៉ាដ៍ ឡឺក្លែរ (១៨៥៣-១៩១៧) ក្នុងខណៈគាត់នៅជារេស៊ីដង់ នៅខេត្តក្រចេះ និងកំពង់ធំ។ បន្ទាប់ពីបែងចែកវត្ថុសិល្បៈទាំងនោះជាច្រើនក្រុម យើងក៏បានឃើញមានវត្ថុប្រើប្រាស់របស់បងប្អូនជនជាតិព្នងមួយចំនួន រួមមានកងដៃ កងជើង ដែលគួរឲ្យចាប់អារម្មណ៍។ ជាច្រើនឆ្នាំកន្លងមកយើងខិតខំសិក្សាស្រាវជ្រាវអំពីគ្រឿងអលង្ការព្នងទាំងនោះ ដោយដេញដោលសាកសួរអត្ថន័យ។ ព្រោះថា ប្រជាជនខ្មែរក៏នៅពេញនិយមកងដៃប្រភេទបែបនេះដែរ ជាពិសេសនៅដើមសម័យប្រវត្តិសាស្ត្រ។ តាមពិតទៅ សំណួរគឺស្ថិតនៅត្រង់ចំណុចដែលថា ចុះហេតុអ្វីបានជាខ្មែរ និងព្នងមានរបស់តុបតែងខ្លួនប្រាណដូចគ្នា?
ជាការពិតណាស់ យើងអាចចាត់ទុកដោយឥតសង្ស័យឡើយថាកងដៃខ្មែរ និងព្នងមានប្រភពរួមតែមួយ។ ខ្មែរមិនបានខ្ចីពីព្នង ហើយព្នងក៏មិនបានខ្ចីពីខ្មែរគឺមានប្រភពតែមួយយ៉ាងប្រាកដ ព្រោះការនិយមកងដៃជាវប្បធម៌រួមដែលធ្លាប់មានតាំងពីបុរាណកាលដ៏យូរលង់មកហើយ។ បើទោះបីជាយើងមិនបានសិក្សាវិភាគល្អិតល្អន់ក៏ដោយ តាមការពិនិត្យទីកន្លែងផ្ទាល់ និងលក្ខណៈនៃប្រពៃណីពាក់កងដៃរបស់ប្រជាជនខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរដែលជាជនជាតិខ្មែរដើមភាគតិច មិនបានទទួលឥទ្ធិពលឥណ្ឌា យើងអាចឃើញប្រភពរួមរវាងកងដៃខ្មែរ ព្នង ក្នុងបច្ចុប្បន្នភាពក៏ដូចជាក្នុងសម័យដ៏យូរលង់គឺសម័យបុរេប្រវត្តិសាស្ត្រ។ ក្នុងការធ្វើកំណាយខាងបុរាណវិទ្យា ដែលត្រូវបានធ្វើឡើងនៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសកម្ពុជា ប្រទេសវៀតណាមខាងត្បូង ប្រទេសថៃ និងលាវបច្ចុប្បន្ន យើងបានឃើញក្រុមមនុស្សទាំងពីរភេទដូចនាសម័យប្រវត្តិសាស្ត្រ និងដើមសម័យអង្គរបាននិយមនូវកងដៃទាំងនោះ នេះបើយោងលើលទ្ធផលនៃការធ្វើកំណាយតាមរណ្តៅសព។ ឧទាហរណ៍ជាក់ស្តែងមួយនៅភូមិស្នាយក៏ដូចនៅភូមិបានឈៀង ប្រទេសថៃបច្ចុប្បន្ន នៅលើដៃរបស់សពជាច្រើនសុទ្ធសឹងតែមានបំពាក់កងដៃសំរឹទ្ធិ។ គ្រឿងអលង្ការទាំងនោះ ខ្លះមានក្បាច់ជាគូថខ្យង ខ្លះទៀតរាងជារមួលៗ ទំហំគ្រប់ខ្នាតពិតជាមានលក្ខណៈដូចគ្នាពីស្ថានីយ៍មួយទៅស្ថានីយ៍ទៀតហាក់បីកើតចេញពីពុម្ពតែមួយ។[២៨]
ប្រពៃណីពាក់ឆៀងខ្វែងខ្មែរ ប្រៀបផ្ទឹមទៅនឹងប្រពៃណីបងប្អូនខ្មែរដើមភាគតិច (ព្នង និង កាទុ) ដែលសម័យកាលមិនទាន់កែប្រែទាំងស្រុងនៅឡើយ។ ជាបឋមត្រូវជ្រាបថា ការលើកយកប្រធានបទនេះមកធ្វើការវិភាគហាក់បីជារឿងចំលែកមួយ ក៏ប៉ុន្តែផ្អែកលើមូលដ្ឋានជាតិពន្ធុដ៏ជាក់លាក់បញ្ហានេះមិនមានអាថ៌កំបាំងអ្វីសោះឡើយទេ។ ព្រោះការនិយមឆៀងខ្វែងគឺជាសម្បត្តិវប្បធម៌របស់អំបូរមន-ខ្មែរ ដែលក្នុងនោះមានជនជាតិខ្មែរផងដែរ។ ដូច្នេះរាល់ការស្រាវជ្រាវដែលមិនបានផ្តើមចេញពីកត្តានេះមិនអាចនាំឆ្ពោះទៅរកលទ្ធផលជាវិជ្ជមានបានឡើយ។ បើសំលឹងលើទិន្នន័យវិទ្យាសាស្ត្រដែលយើងបានប្រមែប្រមូលមកដើម្បីសិក្សាវិភាគ យើងអាចឃើញប្រពៃណីពាក់ឆៀងខ្វែងនេះបានឆ្លងកាត់នូវដំណាក់កាលវិវត្តន៍ធំៗពីរ គឺ សម័យបុរេប្រវត្តិសាស្ត្រ និងសម័យប្រវត្តិសាស្ត្រ។ ចំពោះការតុបតែងលំអរូបរាងកាយក្នុងដំណាក់កាលទី១ នេះ យើងពុំទាន់រកឃើញនូវតឹកតាងណាមួយឲ្យបានច្បាស់លាស់ស្តីពីការនិយមឆៀងខ្វែងនេះនៅឡើយ។ តែយើងអាចគិតថាវាពិតជាមានតាំងពីមុនសម័យប្រវត្តិសាស្ត្រយ៉ាងប្រាកដ។ សម័យនគរវ្នំដែលជាសម័យកាលទី២នៃសកលភាវូបនីយកម្ម ឬឥណ្ឌូបនីយកម្ម វិស័យសិល្បៈខ្មែរមានលក្ខណៈច្បាស់លាស់ជាងសម័យមុន ដែលជាសម័យបុរេប្រវត្តិសាស្ត្រ។ ហើយក្នុងសម័យកាលនេះហើយ ដែលយើងបានឃើញកេរ្តិ៍ដំណែលអរូបីនាសម័យបុរេប្រវត្តិសាស្ត្រ ដែលត្រូវកប់យ៉ាងជ្រៅក្នុងផ្នត់គំនិតមនុស្សត្រូវបានស្តែងចេញជាលើកដំបូងបង្អស់នៅអង្គរបុរីតាមរយៈចំលាក់ពីរនាសម័យនគរវ្នំមួយជាត្បូងចិញ្ចៀនធ្វើអំពីកែវ តំណាងឲ្យហនុមានក្នុងឋានៈជាមេទ័ព និងមួយទៀតធ្វើអំពីដីដុតតំណាងឲ្យ ខ្មោចបិសាច ជាភស្តុតាងស្រាប់។ សម័យវប្បធម៌វ្នំត្រូវបានគេចាត់ទុកថា សម័យកាលមួយដែលសិល្បៈខ្មែរត្រូវបានចាប់កំណើត ឬបង្កើតឡើង ហើយប្រកបដោយលក្ខណៈសំយោគរវាងធាតុខ្មែរ និងឥណ្ឌា។ ហើយទោះបីជាសម័យទំនើបនេះមានភាពជឿនលឿនប្រែប្រួលយ៉ាងណាក្តី ក៏ប៉ុន្តែការនិយមពាក់ឆៀងខ្វែងនៅតែពេញនិយមនៅតាមតំបន់ជនបទខ្លះ។ ពាក់ព័ន្ធទៅនឹងសម័យអង្គរ អ្នកស្រាវជ្រាវខាងវប្បធម៌ អារ្យធម៌ខ្មែរជាច្រើនជំនាន់មកហើយបានចាប់អារម្មណ៍លើការនិយមឆៀងខ្វែងនេះ ដោយមេទ័ពខ្មែរនាសម័យវប្បធម៌បាយ័ន ក៏ប៉ុន្តែពួកគេគ្រាន់តែមិនបាននឹកស្មានថា ប្រពៃណីនេះបានមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះ ដោយសារតែពួកគេមិនបានធ្វើការពិចារណាស៊ីជំរៅលើខឿនវប្បធម៌ខ្មែរប៉ុណ្ណោះ។ ឧទាហរណ៍ជាក់ស្តែងមួយ យើងតែងតែសង្កេតឃើញដោយសេចក្តីរន្ធត់ចិត្តនូវនិរន្តរភាពព្រះពោធិសត្វស្រីអារ្យមេត្រៃ ខ្មែរសព្វថ្ងៃនេះទ្រង់គ្រងឆៀងខ្វែងដែលធ្វើតាមលំនាំបែបមេទ័ពខ្មែរនាសម័យអង្គរ។ ឆៀងខ្វែង សព្វថ្ងៃដែលប្រើប្រាស់ដោយសហគមន៍មន-ខ្មែរមួយចំនួនដូចពួកកាទុនៅប្រទេសវៀតណាមខាងត្បូង ត្រូវបានចាត់ទុកថាជាសំលៀកបំពាក់ការពារមួយ ប្រកបដោយមហិទ្ធិឫទ្ធិអាស្ចារ្យ។ គឺគំនិតការពារ និងឧបទ្រពចង្រៃ និង រាល់កំលាំងអវិជ្ជមានដែលអាចយាយីដល់អាយុជីវិតនេះហើយ ដែលជាមូលដ្ឋានក្នុងការបង្កើតឡើងនូវវត្ថុសិល្បៈគ្រប់ប្រភេទដូចជាចំលាក់ស្មិតតំបាញជាដើមសំរាប់ប្រើប្រាស់ហើយក្លាយទៅជាប្រពៃណីប្រជាប្រិយ។ ការយកឆៀងនេះមកតុបតែង ឬធ្វើជាសំលៀកបំពាក់ ក្រៅពីសោភ័ណភាពក៏បង្កប់នូវជំនឿលើអច្ឆរិយភាពបន្ថែមទៀត ដែលជាតថភាពរបស់ប្រព័ន្ធមនោគមវិជ្ជាសាសនារបស់សហគមន៍មន-ខ្មែរ និងខ្មែរ។ សព្វថ្ងៃនេះ ដូចទើបពោលនៅខាងលើ ក្រោយពីសម័យអង្គរការនិយមឆៀងខ្វែងត្រូវបានឈប់ពេញនិយមដោយសារតែការប្រែប្រួលរបស់សង្គម ក៏ប៉ុន្តែមិនទាន់រលត់សាបសូន្យទាំងស្រុងនៅឡើយដែរ។ ហើយដោយសារតែការកំណត់ក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរបានជាសិប្បករខ្មែរបានឆ្លាក់ពុទ្ធបដិមាតំណាងឲ្យព្រះស្រីមេត្រៃគ្រងឆៀងខ្វែង។ មានន័យថា ដូចសម័យមុនៗ សិល្បករខ្មែរសព្វថ្ងៃបានផ្សាភ្ជាប់អតីតកាលទៅនិងបច្ចុប្បន្នភាព ពោលគឺ វិរបុរសខ្លាំងពូកែ អង់អាច ក្លាហាន និងព្រះអាទិទេព មានប្រភពពីឥណ្ឌាតាមរបៀបខ្មែរ។ ហើយខាងលើនេះ គឺជាទស្សនទានរបស់យើងដោយផ្ទាល់។[២៩]
សិល្បៈ
កែប្រែនាសម័យបុរេប្រវត្តិសាស្ត្រ ក្រៅពីគំនូររូបសត្វ គេក៏បានសង្កេតឃើញមានគំនូរពណ៌តំណាងបុព្វការីជនផងដែរ។ តាមពិតទៅ គោលដៅនៃគំនូរជីវចលទាំងនោះ ហើយអ្វីដែលជាការប៉ងប្រាថ្នាចំបងរបស់មនុស្ស នាចុងសម័យវប្បធម៌សំរឹទ្ធនោះគឺការស្វែងរកនូវសេចក្ដីសុខសប្បាយ និងសិរីមង្គលក្នុងលោកនេះ ក៏ដូចក្នុងលោកខាងមុខ។ ដោយហេតុថា គំនូរទាំងនោះដែលប្រកបលក្ខណៈសក្តិសិទ្ធិ ហើយលក្ខណៈសក្តិសិទ្ធិនោះបញ្ជាក់តាមរយៈពណ៌ក្រហមឆ្អៅនៃល័ក្តអាចនឹងធ្វើឱ្យគេមានអារម្មណ៍ស្ងប់ និងសុខក្សេមក្សាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើនិយាយម្យ៉ាងទៀត គំនូរបុព្វការីជនទាំងនោះ ដែលគូរដោយល័ក្តពណ៌ក្រហមឆ្អៅ ជានិមិត្តសញ្ញានៃសរសៃឈាមទ្រទ្រង់ជីវិតបង្កប់នូវសារធាតុ ឬថាមពលមួយដ៏ពិសិដ្ឋ អមតៈ មិនគ្រាន់តែអាចនឹងបញ្ចៀសនូវគ្រប់អំពើឧបទ្រពចង្រៃទាំងឡាយដែលយាយីមនុស្សតែប៉ុណ្ណោះទេ ថែមទាំងអាចជួយធ្វើឱ្យមនុស្សរស់ឡើងវិញទៀតផង។ ខាងលើនេះគឺជាទស្សនវិជ្ជាបែបជីវចលនិយមរបស់ដូនតាខ្មែរនាជំនាន់នោះយ៉ាងប្រាកដ ដែលចិញ្ចឹមជីវិតដោយការធ្វើស្រែចំការ និងបរបាញ់សត្វ។ ដូចនេះគឺជំនឿលើបុព្វការីជនដែលជាមូលដ្ឋានបង្អែកនៃសិល្បៈ ក៏អាចពន្យល់បញ្ជាក់ជាប្រយោលនូវជំនឿលើការចាប់ជាតិសារជាថ្មីឡើងវិញផងដែរ។ ឈាមគឺជាប្រភពនៃជីវិតព្រោះថានៅពេលដែលឈាមឈប់ដើរជីវិតក៏ត្រូវរលត់ដែរ។ គំនូរបុព្វការីជនទាំងនោះ ឆ្លុះបញ្ចាំងចក្ខុវិស័យស្ដីពីជីវិតរបស់មនុស្សបុរាណ ហើយម្យ៉ាងវិញទៀតវាក៏ជាសក្ខីកម្មបង្ហាញឱ្យឃើញនូវអត្ថិភាពនៃវិស័យកសិកម្មផងដែរ ដែលជាមូលដ្ឋានសេដ្ឋកិច្ច ហើយបានឱ្យកំណើតទៅសិល្បៈអរូបីទាំងនោះ។ ការប្រើក្រឡដីដុតសំរាប់ផ្ទុកនូវអដ្ឋិធាតុ ឬធញ្ញជាតិដែលជាម្ហូបអាហារចាំបាច់សំរាប់សពក្នុងដំណើរទៅកាន់បរលោកនៅតែបន្តរហូតដល់បច្ចុប្បន្នភាពដោយពុទ្ធសាសនិកជន។ ដូចនេះ ជានិច្ចកាល សិល្បៈរមែងតែងតែជាប់ពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី និងរបបរស់នៅ ដែលជាត្រីវិស័យនាំមុខ។[៣០]
ដោយកត្តាភូមិសាស្ត្រ និងជាតិពន្ធុវិទ្យា លក្ខណៈវប្បធម៌នៅភូមិព្រហារ មិនមានលក្ខណៈខុសប្លែកគ្នាប៉ុន្មានពីស្ថានីយ៍ផ្សេងៗឯទៀតក្នុងតំបន់។ នេះជាសក្ខីកម្មជាប្រយោលបង្ហាញឲ្យដឹងថាមានការផ្លាស់ប្តូរខាងវិស័យវប្បធម៌តាមរយៈ អលង្ការ អង្កាំថ្ម អាវុធ និងកុលាលភាជន៍យ៉ាងប្រាកដ។ ក្នុងចំណោមវត្ថុប្រើប្រាស់ជាច្រើន ដែលកប់ជាមួយសពក្នុងផ្នូរមានវត្ថុមួយចំនួនដូចជាកុលាលភាជន៍ អង្កាំកែវ ថ្ម និង ស្គរមហោរធឹក ដែលគប្បីយើងត្រូវយកចិត្តទុកដាក់។ ព្រោះថាសមិទ្ធិធផលទាំងនោះឆ្លុះបញ្ចាំងឲ្យដឹងអំពីជីវភាពប្រចាំថ្ងៃ ព្រមទាំងសង្គមមនុស្សនាសម័យនោះយ៉ាងប្រាកដ។ ឧទាហរណ៍ ប្រភេទកុលាលភាជន៍នៅភូមិព្រហារដូចជាជើងពានខ្លះមានលក្ខណៈដូចគ្នាបេះបិតជាមួយនឹងកុលាលភាជន៍នៅអង្គរបុរី (តាកែវ) នៅហ្គោអូជួនៅខេត្តឡុងអាង និង នៅភូមិព្រែកតាគាំ ជ្រោយចង្វារ ឬក៏នៅម្តុំវត្តជើងឯក នៅរាជធានីភ្នំពេញជាដើម។ នៅក្នុងរណ្តៅសពខ្លះ យើងក៏បានឃើញមានគ្រឿងអលង្ការដូចគ្នាដែរ ដូចជាក្រវិលត្រចៀក និងអង្កាំ ធ្វើអំពីថ្ម កែវ និងមាស។ ក្រៅពីនេះ យើងក៏បានជួបប្រទះវត្តមានស្គរសំរឹទ្ធមួយចំនួន ដែលអ្នកស្រុកបានរកឃើញ។ បើតាមយោបល់របស់យើង ស្គរទាំងនោះមានប្រភពមកពីប្រទេសចិន។ មួយវិញទៀត ស្គរទាំងនោះក៏បង្ហាញឲ្យយើងឃើញអំពីទំនាក់ទំនងវប្បធម៌ជាពិសេសវិស័យសេដ្ឋកិច្ចជាមួយប្រទេសចិន។ យ៉ាងណាមិញ វត្តមានរបស់ចំលាក់សត្វសេះដែលឆ្លាក់លើចិញ្ចៀនមាសមួយចំនួន ក៏ជាភស្តុតាងបង្ហាញនូវការផ្លាស់ប្តូរវប្បធម៌ខាងលើនេះដែរ។ ដោយហេតុថា សត្វនេះពិតជាត្រូវបាននាំចូលពីភូមិភាគខាងត្បូងនៃប្រទេសចិនដូចជាតំបន់យូណានជាដើមមកកាន់ឥណ្ឌូចិន។ តាមការសង្កេត យើងបានប្រទះឃើញថាសត្វនេះត្រូវបានប្រើក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់ព្រះមហាក្សត្រនៅសម័យវ្នំ។ ក៏ប៉ុន្តែនៅភូមិព្រហារ យើងគ្មានភស្តុតាងច្បាស់លាស់ណាមួយដែលអាចបញ្ជាក់ពីបញ្ហានេះបានទេ។ ចិញ្ចៀនមាសខាងលើគ្រាន់តែជាដង្វាយ ដែលគេបានកប់ជាមួយសពតែប៉ុណ្ណោះ។ ដូចនេះយើងអាចសន្និដ្ឋានបានថា សេះត្រូវបានប្រើប្រាស់ជាយានជំនិះសំរាប់ពួកអភិជនតែប៉ុណ្ណោះជាងមូលហេតុសាសនា។ នៅភូមិព្រហារ ប្រពៃណីកប់អលង្ការជាមួយសពដោយមានកន្ទេលរុំ ក៏ត្រូវបានជួបប្រទះនៅកោះគោកតាមាស ខេត្តសៀមរាបផងដែរ។ នៅទីបញ្ចប់ យើងក៏សូមបញ្ជាក់ម្តងទៀតថា ការដែលថាស្គរសំរឹទ្ធនៅស្ថានីយដុងសឿង និងនៅព្រហារគឺជាសមិទ្ធិផលរបស់អ្នកស្រុកអាយពោលគឺមិនបានមានប្រភពពីចិននោះ គឺជាការបកស្រាយលំអៀង។ ព្រោះថាប្រសិនបើដូច្នោះមែន ហេតុដូចម្តេចបានជាទំរង់នៃស្គរសំរឹទ្ធក្នុងវប្បធម៌ដៀននៅយូណាន មានលក្ខណៈដូចគ្នាទៅនឹងស្គរនៅក្នុងភូមិភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិនទាំងមូល។ ម្យ៉ាងវិញទៀតផ្អែកលើការកំណត់កាលបរិច្ឆេទតាមកាបូន១៤ (C14) គេក៏អាចកត់សំគាល់ថា ស្គរសំរឹទ្ធ នៅក្នុងប្រទេសចិនមានចំណាស់ចាស់ជាងស្គរទាំងឡាយ ដែលគេបានជួបប្រទះ នៅក្នុងភូមិភាគឥណ្ឌូចិនសព្វថ្ងៃ។ មានន័យថាមជ្ឈមណ្ឌលលោហៈនានា នៅយូណានដែលមានលក្ខណៈចាស់ជាងហើយសំខាន់ជាងគេ ពិតជាបានចែកចាយផ្សព្វផ្សាយនូវប្រភេទស្គរមហោរធឹកសំរឹទ្ធទាំងនោះចូលកាន់ភូមិភាគនានា ដែលស្ថិតនៅក្នុងភូមិភាគខាងត្បូង។ ដូច្នេះការសាយភាយនៃស្គរសំរឹទ្ធិ ក៏ដូចជាបច្ចេកវិទ្យាផលិតធ្វើឲ្យគ្រឿងអលង្ការ អំពីមាស ប្រាក់ និងសំរឹទ្ធិ ដែលយើងទើបតែអធិប្បាយខាងលើ គឺជាភស្តុតាងនៃការទំនាក់ទំនងរបស់សហគមន៍មន-ខ្មែរ ជាមួយវប្បធម៌ចិន ចាប់តាំងពីស.វទី៣-២ មុនគ.ស.យ៉ាងពិតប្រាកដ។ ទោះបីយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនមានលទ្ធភាពសន្និដ្ឋានបានថា លក្ខណៈស្គរ និងគ្រឿងអលង្ការធ្វើអំពីលោហៈ មិនមែនមានទ្រង់ទ្រាយរូបរាងដូចគ្នាទាំងស្រុងទៅនឹងបុរាណវត្ថុចិនដែរ ជាពិសេសក្នុងដំណាក់កាលទី២នៃការវិវត្តដែលស្ថិតក្នុងសម័យកាលពីឆ្នាំ ១៥០ មុនគ.ស ដល់ ១០០ឆ្នាំនៃគ.ស។ ហេតុនេះហើយបានជានៅលើស្គរខ្លះមានរូបមនុស្សស្លៀកប៉ឹងខុសពីស្គរដំណាក់កាលទី១ដែរ ដែលមានអាយុកាលចាស់ជាងនេះបន្តិចពោលគឺ ១៥០ ឆ្នាំមុនគ.ស។ ទាំងនេះហើយជាហេតុនាំឲ្យយើងមិនអាចបដិសេធនូវឥទ្ធិពលនៃសិល្បៈចិន ក្នុងតំបន់ភូមិភាគខាងត្បូងនៃព្រំប្រទល់ដែនចិនសព្វថ្ងៃជាដាច់ខាតក្នុងខណៈមួយដែលទឹកដីកុលសម្ព័ន្ធមន-ខ្មែរមានព្រំប្រទល់ជាប់នឹងចិននៅឡើយ ហើយកុំភ្លេចថា រហូតដល់សព្វថ្ងៃកុលសម្ព័ន្ធចិនក្នុងតំបន់នៅតែផលិតស្គរមហោរធឹកខាងលើ សំរាប់មូលហេតុសាសនាតាមប្រពៃណីដូនតារបស់ខ្លួន។ [៣១]
ស្ថិតក្នុងអំបូរមន-ខ្មែរ ដូនតារបស់ជាតិសាសន៍នេះបានបន្សល់ទុកគំនូរផាត់ពណ៌ជារូបសត្វ នៅក្នុងសម័យបុរេប្រវត្តិសាស្ត្រជាច្រើនកន្លែងទូទាំងភូមិភាគខាងលើនេះ ដូចជានៅកម្ពុជាក្រោម នៅលាវ និងថៃ មានវត្ថុសិល្បៈដែលបានឆ្លុះបញ្ចាំងអំពីជំនឿសាសនា និងជីវភាពប្រចាំថ្ងៃក្នុងសង្គមខ្មែរដើម។ ក្នុងសម័យនោះ មនុស្សស្ថិតក្រោមឥទ្ធិពលធម្មជាតិ ម្ល៉ោះហើយមានការគោរពបូជាកំលាំងធម្មជាតិក្រោមរូបភាពនានាដូចជា ទឹក ដី ភ្លើង ខ្យល់ ព្រះអាទិត្យជាដើម។ ជំនឿសាសនាមានលក្ខណៈជាជីវចលនិយម យើងអាចសង្កេតថាមានភស្តុតាងជាច្រើននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលសហគមន៍មន-ខ្មែរបានបន្សល់ទុក ហើយដែលភាគច្រើនមានអាយុកាលប្រហែលគ្នាផង។ ប្រព័ន្ធគំនិតមនុស្សបុរាណអនុលោមតាមការប្រដូចគ្នា ហើយទស្សនៈនេះមានលក្ខណៈជាសកល។ ឧទាហរណ៍បើគេចង់ដាក់ផ្តាសសា ឬសម្លាប់នរណាមួយ គេសូនរូបតុក្កតាមួយតំណាងឲ្យមនុស្សនោះ ហើយគេយកម្ជុល ឬអាវុធទៅចាក់ ឬក៏កាត់ដៃកាត់ជើង។ ធ្វើដូច្នោះ គេជឿជាក់ថាសត្រូវរបស់គេនឹងទទួលគ្រោះថ្នាក់ដល់អាយុជីវិតពុំខាន។ ផ្ទុយទៅវិញ បើគេចង់បាននូវវត្ថុបំណងអ្វីមួយដូចសេចក្តីប៉ងប្រាថ្នាដូចជា ត្រី សាច់ ស្រូវ អង្ករ៘ ដើម្បីតពូជពង្សវង្សត្រកូល គេត្រូវបំពេញនូវពិធីកម្មមួយចំនួនដូចជាការបួងសួងអង្វករដល់វត្ថុសក្តិសិទ្ធិរួមមាន ព្រលឹងដូនតា និងសត្វពិសិដ្ឋប្រចាំត្រកូល (តូតែម) អ្វីមួយដែលអាចគូរបញ្ជាក់តាមរយៈសញ្ញានិមិត្តមួយចំនួន ដូចជាគំនូរលើជញ្ជាំង ឬពើងថ្មជាដើម។ យើងអាចស្មានថា នៅជំនាន់ចុងយុគសម័យលោហធាតុ ឬនៅសម័យមុន ដើមសម័យប្រវត្តិសាស្ត្របន្តិច ហើយជួនកាលសម័យនេះបានអូសបន្លាយយ៉ាងយូរនៅក្នុងសហគមន៍មន-ខ្មែរ រហូតដល់ដើមសម័យនគរវ្នំ គំនូរផាត់ពណ៌ទាំងនោះត្រូវបានប្រព្រឹត្តិទៅដោយសារតែមូលហេតុខាងលើនេះ។ បើនិយាយមួយបែបទៀតគឺដោយសារតែចង់បានត្រីសាច់បរិបូរណ៍ ទើបបុព្វបុរសទាំងនោះបានគូរផ្ទាំងគំនូរទាំងនោះឡើង ដែលចង់ ឬមិនចង់ រមែងតែពាក់ព័ន្ធទៅនឹងបរិស្ថានសង្គមវប្បធម៌របស់ខ្លួន។ បើទោះបីជាស្នាដៃទាំងនោះស្ថិតក្នុងបង្គោលខណ្ឌសីមានៃព្រះរាជាណាចក្រថៃ ឬលាវក្តី ក៏ប៉ុន្តែពុំមែនជាកម្មសិទ្ធិផ្ទាល់របស់ពួកគេឡើយ ដូចការបញ្ជាក់ម្តងហើយម្តងទៀតរបស់លោកហ្សក-សឺដេស ដែលថាជនជាតិអំបូរថៃ-លាវគឺមនុស្សចំណូលថ្មីក្នុងជ្រោយឥណ្ឌូចិនយើងនេះ។ តាមរយៈទស្សនៈខាងលើនេះហើយ យើងអាចដឹងអំពីប្រភព និងអត្ថន័យរបស់រូបគំនូរ សត្វ មនុស្ស និង រុក្ខជាតិ ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន ដែលភាគច្រើនស្ថិតក្នុងតំបន់ខ្ពង់រាប នៃអតីតប្រទេសកម្ពុជា គឺខ្ពង់រាបនគររាជ និងម្តុំភ្នំក្រវ៉ាន់ ឬគូលែននៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃជាដើមដែលទើបតែត្រូវបានសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយដោយ [www.khmerenaissance.info]។ យើងអាចនិយាយបានថា ដើម្បីឲ្យការបរបាញ់ ឬនេសាទ សំរាប់បំពេញសេចក្តីត្រូវការខាងស្បៀងអាហារប្រចាំថ្ងៃពួកគេមកបន់ស្រន់នៅមុខផ្ទាំងគំនូរទាំងនោះ ដែលគេចាត់ទុកថាពោរពេញទៅដោយបារមីល្អៗអាចនាំមកនូវភព្វសំណាង។ វត្តមានរបស់គំនូរសត្វត្រីក៏ដូចជា ដំរី ឆ្កែ គឺជាការបង្ហាញឲ្យឃើញពីទស្សនៈពិសិដ្ឋរបស់សត្វទាំងនោះ និងការទទួលស្គាល់ជាប្រយោលថាសត្វទាំងនោះគឺជាវត្ថុសក្តិសិទ្ធិតំណាងឲ្យជោគលាភក្នុងការទាក់ ឬចាប់សត្វ ដែលគេប៉ងប្រាថ្នា។ កុំភ្លេចថាការបរបាញ់ ឬ ការនេសាទគឺជាបញ្ហាធំបំផុត។ ហេតុដូច្នេះហើយពួកគេត្រូវបន់ស្រន់ព្រលឹងត្រីទាំងនោះឲ្យមកជួយ។ ត្រូវជ្រាបផងដែរថាសំរាប់មនុស្សបុរាណ រូងភ្នំ ពើង ឬជញ្ជាំងភ្នំសុទ្ធសឹងតែត្រូវបានចាត់ទុកថាជាកន្លែងអាថ៌កំបាំងបង្កប់នូវបារមីខ្លាំងក្លា ដែលជាទីគោរពសក្ការៈ។ ជាមួយនឹងអច្ឆរិយៈភាពនៃគំនូរទាំងនោះ ទីតាំងទាំងនោះក៏អាចការពារសុវត្ថិភាពពួកគេក្នុងគ្រាអាសន្នផងដែរ។ តាមការសិក្សា និងវិភាគរូបគំនូរសត្វនៅក្នុងភូមិបានឈាងនៅចង្វាតឧត្តរធានីក្នុងប្រទេសថៃបច្ចុប្បន្នរវាង ៥០០-២០០ ឆ្នាំមុនគ្រិស្តសករាជបានឲ្យដឹងថានាចុងសម័យវប្បធម៌បុរេប្រវត្តិសាស្ត្រ សត្វចតុប្បាទដូចជា គោ ដំរី និងក្របីបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមគ្រួសារខ្មែរនាជំនាន់ដើមយ៉ាងប្រាកដ។ អំពីការផ្សាំងសត្វគោ ក្របី ដំរី និងឆ្កែជាដើម យើងអាចនិយាយបានថាព្រឹត្តិការណ៍នេះពិតជាត្រូវបានធ្វើជាច្រើនពាន់ឆ្នាំមុនវត្តមានរបស់គំនូរទាំងនេះទៅទៀត។ ក៏ប៉ុន្តែ អ្វីដែលសំខាន់នៅទីនេះគឺ លក្ខណៈជាសត្វស្រុកទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវត្តមានរបស់មនុស្សដែលជាម្ចាស់របស់ខ្លួនដូចករណីមនុស្សម្នាក់កំពុងដឹកគោដោយប្រើខ្សែ ឬក៏ជាព្រានព្រៃស្លៀកប៉ឹង ដែលកំពុងបរបាញ់ជាឧទាហរណ៍ស្រាប់។ ម្យ៉ាងវិញទៀត ការអះអាងនេះ ក៏អាចគូសបញ្ជាក់យ៉ាងច្បាស់តាមរយៈរូបគំនូរដែលគេបានគូរលើក្រឡឆ្នាំងដីដុតនៅក្នុងភូមិបានឈាង (ចង្វាតឧត្តរធានី ប្រទេសថៃបច្ចុប្បន្ន) និង គំនូរលើពើងភ្នំនៅកម្ពុជាផងដែរ ដែលជាសមិទ្ធិផលរបស់សហគមន៍មន-ខ្មែរនាសម័យមុនឥណ្ឌូបនីយកម្ម។ លើសពីនេះទៅទៀត វត្តមានរបស់កុលាលភាជន៍ទាំងនោះ ក៏ជាកត្តាមួយយ៉ាងសំខាន់បំផុត ដែលបានជួយយើងឲ្យស្គាល់យល់ដឹងអំពីវិស័យ “វប្បធម៌” ខ្មែរផងដែរ។ ផ្អែកលើវប្បធម៌នាសម័យនោះ យើងអាចកត់សំគាល់នូវការសែនព្រេនចំពោះបុព្វការីជន ដោយកប់សំណែនជាមួយសពក្នុងផ្នូរបុរាណ៘ ការបញ្ចុះសពដោយមានគ្រឿងសំណែន ឬឧបករណ៍ប្រើប្រាស់សំរាប់ជីវិតទៅកាន់បរលោក ត្រូវបានថែរក្សារហូតដល់សព្វថ្ងៃនៅក្នុងក្រុមកុលសម្ព័ន្ធខ្មែរលើនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះដែរ យើងក៏បានឃើញមានវត្តមានរបស់សត្វប្រើស និងដំរីឆ្លាក់លើស្គរសំរិទ្ធិមួយចំនួន ដែលមានប្រភពមកពីភូមិភាគខាងត្បូងប្រទេសចិន។ ដោយឡែក ក្រៅពីការបញ្ជាក់អំពីការផ្សាំងសត្វដំរី គោ ក្របី និងឆ្កែ ដែលជាសមិទ្ធិផលសង្គមរបស់មន-ខ្មែរ យើងក៏ឃើញមានវត្តមានរបស់សត្វព្រៃមួយចំនួនដែរ ដូចជា ត្រកួត ឬទន្សង និងជីងចក់គូរលើជញ្ជាំងគុហា ឬក៏កុលាលភាជន៍។ [៣២] គំនូរក្នុងប្រទេសថៃបច្ចុប្បន្ន ដែលដើមឡើយជាភាគមួយនៃទឹកដីជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ។ ជាមួយគ្នានេះដែរ យើងក៏ខិតខំបង្ហាញនូវសារៈសំខាន់នៃគំនូរទាំងនោះដែលគូរដោយដីលែងពណ៌ស្អាប់តែមួយមុខឆ្លុះបញ្ចាំងនូវលក្ខណៈសង្គមវប្បធម៌របស់បុព្វការីជនខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ។ ខឿនវប្បធម៌សម័យបុរេប្រវត្តិសាស្ត្រដែលយើងទើបតែលើកឡើងនៅខាងលើនេះ សព្វថ្ងៃត្រូវបានបន្តដោយជនជាតិខ្មែរដើមភាគតិចនៅក្នុងប្រទេសខ្មែរដូចជា ព្នង លុន ក្រឹង ទំពួន ប្រូវ កាវែត គ្រឹង កាចក់ជាដើម និងនៅប្រទេសវៀតណាមកណ្តាល និងខាងត្បូងព្រមទាំងនៅប្រទេសលាវ ភូមា និងម៉ាឡេស៊ីដែលស្ថិតក្នុងអំបូរមន-ខ្មែរ។ តាមរយៈការសិក្សាវិភាគដោយការប្រៀបធៀបទៅនឹងគំនូរមួយចំនួនទៀតនៅលើខ្ពង់រាបនគររាជ ឬក៏នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន យើងអាចធ្វើការកត់សំគាល់ដូចតទៅ៖
- ទី ១- ដូចក្រុមកុលសម្ព័ន្ធបច្ចុប្បន្ន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះដែរ មនុស្សខ្មែរនាសម័យនោះរស់នៅដោយប្រមូលផ្តុំគ្នាជាក្រុមតូចៗ ឬកុលសម្ព័ន្ធដឹកនាំដោយមេកន្ទ្រាញដែលជាចាស់ទុំ។
- ទី ២- បុព្វបុរសទាំងនោះ ក្នុងជីវភាពប្រចាំថ្ងៃ បរបាញ់សត្វ ដោយប្រើធ្នូ និងផ្លែព្រួញជាអាវុធ។
គំនូរបង្ហាញពីជីវភាពប្រចាំថ្ងៃ ការបរបាញ់ ការដាំស្រូវ និង ការចិញ្ចឹមសត្វ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)
- ទី ៣- មនុស្សបុរាណនាសម័យនោះ ចេះត្បាញកញ្ជើ និង កន្ទេលជាដើម។
- ទី ៤- យោងតាមការសិក្សាវិភាគនូវផ្ទាំងគំនូរទាំងអស់នោះ យើងក៏ដឹងទៀតថាបុព្វការីជនយើងដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃក៏ចេះកាច់ត្រួយ និងជីកមើមរុក្ខជាតិនានាដើម្បីធ្វើជាចំណីអាហារថែមទៀតផង។
- ទី ៥- ក្នុងវិស័យកសិកម្មមនុស្សទាំងនោះក៏ចេះផលិតនូវឧបករណ៍ធ្វើអំពីលោហៈដូចជា ផ្លែផាល សំរាប់ភ្ជួរស្រែព្រមទាំងអាវុធផ្សេងៗដូចជា ពូថៅ ពន្លៀក ដឹង ស្ន ជាដើម។
គំនូរបង្ហាញពីជីវភាពប្រចាំថ្ងៃ ដោយមានវត្តមាននៃសត្វគោ និងឆ្កែ (ឯកសារ នាយកដ្ឋានវិចិត្រសិល្បៈថៃ) ក្រៅពីនេះ ពួកគេក៏ចេះធ្វើស្រែចំការផងដែរ ហើយថែមទាំងចេះចិញ្ចឹមសត្វ ដោយយកសត្វព្រៃមកផ្សាំងឲ្យក្លាយជាសត្វស្រុកដូចជាសត្វ គោ ក្របី ដំរី ឆ្កែ មាន់ ជាដើមដើម្បីបរិភោគ ឬយកទៅភ្ជួរស្រែចំការ ឬក៏សំរាប់សែនព្រេន អារក្ស ខ្មោចដូនតា ព្រៃភ្នំ ដែលជាវត្ថុសក្តិសិទ្ធិនៅជុំវិញខ្លួន។ មិនតែប៉ុណ្ណោះសោត ដើម្បីចាប់ត្រីនៅតាមបឹងបួ ឬដងទន្លេ គេចេះប្រើឧបករណ៍នេសាទដូចជា លប និងប្រើផ្លែសន្ទូចជាដើម។ ម្យ៉ាងវិញទៀត ក្នុងពិធីសែនព្រេនបួងសួង សូមសេចក្តីសុខសប្បាយពីអារ័ក្សអ្នកតា នៅពេលជួបគ្រោះភ័យម្តងៗ ពួកគេចេះប្រើឧបករណ៍ភ្លេង ដូចជាស្គរហើយមានការរាំរែកក្នុងពិធីកម្មទាំងនោះ។ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន គេពុំទាន់រកឃើញគំនូរពាក់ព័ន្ធទៅនឹងសំលៀកបំពាក់នាសម័យនោះទេ ក៏ប៉ុន្តែយើងដឹងច្បាស់ថា ដូនតាខ្មែរចំពោះបុរសគឺស្លៀកប៉ឹងឯស្ត្រីស្លៀកសំពត់ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់ ដូចករណីចំលាក់ឆ្លាក់លើស្គរសំរឹទ្ធិ នៅភូមិព្រហារ ខេត្តព្រៃវែង និង ចំលាក់ដីដុតនៅភូមិស្នាយជាដើម។ នៅសម័យនោះវិញ មនុស្សទាំងពីរភេទចូលចិត្តចោះត្រចៀក ដើម្បីពាក់ត្រសាល់ត្រចៀក ធ្វើអំពីឈើភ្លុក ឆ្អឹង និងលោហៈ។ ម្យ៉ាងវិញទៀតពួកគេទាំងក្មេង ទាំងចាស់ ទាំងប្រុស ស្រី សុទ្ធសឹងតែចូលចិត្តជក់បារី ហើយប្រើខ្សៀ។ បុព្វការីជនខ្មែរទាំងនោះ នាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចនៅសម័យបុរេអង្គរ និងអង្គរដែរ ដើម្បីបិទបាំងរាងកាយបុរស និងស្ត្រីនិយមប្រើប៉ឹង តែភាគច្រើនស្ត្រីនិយមស្លៀកសំពត់។ បើនិយាយម្យ៉ាងទៀត ពួកគេដែលស្ថិតក្នុងអំបូរមន-ខ្មែរ ឬខ្មែរ-មន ចេះស្លៀកពាក់តុបតែងខ្លួនប្រាណដោយគ្រឿងអលង្ការទៅហើយព្រមទាំងចេះសាក់ខ្លួនផងដែរ។ ស្នាមក្រណាត់ ឬសំពត់ដែលជាប់នៅលើវត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងផ្លែត្រល់នៅតាមស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ជាពិសេសនៅភូមិស្នាយ និងភូមិបានឈៀង (ប្រទេសថៃ) គឺជាភស្តុតាងយ៉ាងប្រាកដ។ ស្តីពីចំណាស់នៃគំនូរពណ៌ក្រហមទាំងនោះ ដែលប្រើវត្ថុធាតុដើមដី ដែលបារាំងហៅថា អូក្រើ (Ocre) តាមការសិក្សាស្រាវជ្រាវពីសំណាក់អ្នកបុរាណវិទូថៃបានបង្ហាញយ៉ាងច្បាស់ថាគឺស្ថិតក្នុងចុងយុគសំរិទ្ធិដើមយុគដែកពោលគឺមុនសម័យប្រវត្តិសាស្ត្របន្តិច។ ខាងលើនេះគឺជាលក្ខណៈសង្គមវប្បធម៌របស់បុព្វបុរសខ្មែរមុនឥណ្ឌូបនីយកម្ម ដែលអាចគូសបញ្ជាក់តាមរយៈគំនូរ និងបុរាណវត្ថុមួយចំនួនដែលគេបានជួបប្រទះនៅលើទឹកដីដើមកំណើតរបស់មនុស្សខ្មែរ។ កុំភ្លេចថាបុរេប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រម្ពុជាបច្ចុប្បន្នផ្សាភ្ជាប់ទៅនឹងបុរេប្រវត្តិសាស្ត្រដែនដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ សិល្បៈគុហាទាំងនោះ ដែលភាគច្រើនត្រូវបានផលិតឡើងដោយការផាត់ពណ៌ទៅលើគំនូរដែលគេបានគូរ ឬក៏ជាគំនូសលើថ្មដែលគ្មានពណ៌គឺជាសិល្បៈមួយប្រភេទប្រកបដោយលក្ខណៈពិសិដ្ឋដែលត្រូវបានធ្វើឡើងដើម្បីមូលហេតុជំនឿ។[៣៣]
ស្ថាបត្យកម្ម
កែប្រែនៅប្រទេសកម្ពុជាសព្វថ្ងៃ ក៏ដូចនៅលើទឹកដីកំណើតរបស់ពូជសាសន៍ខ្មែរដែរ មុនការលេចធ្លោឡើងនូវប្រាង្គប្រាសាទ និងទីក្រុងបែបឥណ្ឌា ឬអឺរុប វិស័យស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រត្រូវចែកចេញជាពីរប្រភេទធំៗគឺថ្ម និង ឈើ។ ស្ថាបត្យកម្មថ្មមានដូចជា ថ្មធម្មជាតិដែលគេបញ្ឈរ (menhir) សំរាប់សំគាល់ថាជាទីសក្ការៈបូជាដែលមានលក្ខណៈសក្តិសិទ្ធិព្រមទាំងថ្មដេក (dolmen) ដូចជានៅភាគខាងជើងនៃប្រទេសលាវបច្ចុប្បន្នដែលតាមពិតទៅគឺគេដាក់គងលើគ្នា (មួយផ្ទាំងនៅពីលើ និងពីរទៀតនៅខាងក្រោមជាទំរ) ដើម្បីបញ្ចុះសព។ ទន្ទឹមនឹងនេះ យើងក៏បានឃើញដែរនូវរណ្តៅកប់សពដែលគេបានចោះក្នុងថ្ម និងវត្តមាននៃក្តារមឈូសថ្ម និងឈើ ដូចករណីក្តារមឈូសនៅស៊ុនឡុក (កម្ពុជាក្រោម) និងក្តារមឈូសនៅចង្វាតកញ្ចនបុរី (ប្រទេសសៀម)។ ប្រភេទស្ថាបត្យកម្មទី២ គឺផ្ទះសំបែង និងភូមិរាងមូល ឬដែលមានរាងជាពងក្រពើដែលជាទីប្រជុំជន ឬទីក្រុងបុរាណធ្វើអំពីដីលើកហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញ ដែលលោកភីលិប-ហ្គ្រោលីយេបានឲ្យឈ្មោះថាវប្បធម៌ភូមិមូលនៅមេមត់។ ក្នុងសម័យបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏ចាប់តាំងពី ១៥០០ ឆ្នាំមុនគ.ស ពោលគឺក្នុងដំណាក់កាលបុព្វបុរសខ្មែរបានចេះប្រើផ្ទាំងថ្មធម្មជាតិធំៗដើម្បីធ្វើជានិមិត្តសញ្ញាផ្សេងៗ និងដើម្បីមូលហេតុជំនឿសាសនា។ ហើយទន្ទឹមនឹងនេះ ពួកគេក៏ចេះយកថ្មធម្មជាតិទាំងនោះមកកែច្នៃប្រឌិតនូវសំណង់ស្ថាបត្យកម្មដំបូងបង្អស់ដែរ។ នៅទីនេះយើងចង់និយាយដល់ថ្មបញ្ឈរ និងដេក ដែលមានលក្ខណៈជាសកល ហើយដែលជាសមិទ្ធិផលឲ្យក្លាយទៅជារបស់មនុស្សសុទ្ធសាធខុសពីថ្មធម្មជាតិធំៗ និងពើង ឬពយ ដែលជាថ្មធម្មជាតិ តែផ្នែកខាងលើលយចន្លោះមួយ ល្មមសមរម្យធ្វើជាជំរក។ ខាងលើនេះសឲ្យឃើញថា សមត្ថភាពសាងសង់របស់បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ មានកំរិតខ្ពស់រួចទៅហើយ ហើយនាសម័យនោះពួកគេក៏ពិតជាមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយនឹងតំបន់ផ្សេងៗឯទៀតក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បើយើងពិនិត្យមើលសំណង់ស្ថាបត្យកម្មទាំងនោះ ដែលមានលក្ខណៈសកល យើងនឹងដឹងថានៅប្រទេសអឺរ៉ុប គេឲ្យឈ្មោះថា វប្បធម៌ថ្ម (Culture megalithique)។ ផ្ទាំងថ្មធម្មជាតិ និងពើង ជាទីសក្ការៈហៅ ខ្លាហោះ មានសិលាចារឹក Ka 726 និង ថ្មដា ឈ្មោះថ្មកំរើក មានសិលាចារឹក Ka 725 ត្រង់ចំណុចថ្មបីដុំ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ (ម.ត ២០១២)។ មុនឆ្នាំ ១៩៨១ គ្មានការសិក្សាស្រាវជ្រាវអំពីវប្បធម៌ថ្ម (Culture megalithique) ស៊ីជំរៅណាមួយនៅប្រទេសកម្ពុជានៅឡើយ ទោះជាគេដឹងថា មូលដ្ឋានគ្រឹះនៃប្រព័ន្ធគំនិតខ្មែរគឺស្ថិតលើជំនឿបែបជីវចលនិយមជាពិសេសជំនឿលើថ្មធម្មធម្មជាតិដូចជាការគោរពបូជាថ្ម អ្នកតា ឬភ្នំជាដើម ដែលតំណាងឲ្យបុព្វការីជន (Cf. ម.ត្រាណេ, ១៩៨១ ប្រភពនៃវប្បធម៌អារ្យធម៌ និងជំនឿខ្មែរ)។ គឺប្រការនេះហើយ ដែលជំរុញឲ្យយើងយល់ឃើញថា គេត្រូវតែបញ្ចូលរាល់ទិន្នន័យបុរាណវិទ្យាពាក់ព័ន្ធនឹងវប្បធម៌ថ្មដែលគេបានរកឃើញក្នុងប្រទេសទាំងពីរខាងលើនេះក្នុងខឿនវប្បធម៌ខ្មែរបុរាណមុនការបង្កើតរដ្ឋវ្នំ ឬរដ្ឋខ្មែរដំបូងបង្អស់។ ក្នុងន័យនេះហើយ ការមើលរំលងនូវសំណង់ស្ថាបត្យកម្ម សក្ការៈនាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ដែលបណ្តាលមកពីការផ្លាស់ប្តូរទំរង់ ឬទំហំនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រ ឬប្រព័ន្ធជំនឿសាសនារបស់អតីតព្រះរាជាណាចក្រកម្ពុជាត្រូវតែកែតំរូវ។ ការដែលសំណង់ស្ថាបត្យកម្ម មានការប្រែប្រួលលក្ខណៈដោយបានឆ្លងកាត់នូវច្រើនសម័យកាលតែទោះជាយ៉ាងណាក៏ដោយសមិទ្ធិផលទាំងនោះ គឺជាតឹកតាងវប្បធម៌ដែលយើងមិនត្រូវបំភ្លេចក្នុងការស្វែងយល់អំពី អតីតកាលរបស់មនុស្សខ្មែរដែរ។ ខាងលើនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់និក្ខេបបទថ្នាក់បណ្ឌិតរបស់យើងនៅខាងលើ។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថាវប្បធម៌ថ្មសម័យបុរេប្រវត្តិសាស្ត្រក៏ជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ សំណង់ថ្មធំៗសំរាប់បញ្ចុះសាកសពដែរ ដែលគេបានមើលរំលង។ ក្នុងការស្រាវជ្រាវរបស់យើង ក៏បានឃើញដែរនូវថ្មសក្ការៈមួយចំនួន ដែលបុព្វបុរសខ្មែរមិនបានស្ថាបនាទេ ហើយការគោរពបូជាត្រូវបានបន្តវេនពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ បច្ចុប្បន្នភាពដូចករណីថ្មនៅលើភ្នំត្បែងមានជ័យក្នុងខេត្តព្រះវិហារជាឧទាហរណ៍ស្រាប់។ ព្រោះជាថ្មធម្មជាតិនៅតាមជំរាល ឬលើខ្នងភ្នំ ដូចករណីផ្ទាំងថ្មដា នៅចង្វាតឧត្តរធានី ប្រទេសថៃបច្ចុប្បន្នជាសក្ខីកម្មស្រាប់ រមែងតែទទួលនូវការគោរពបូជាជានិច្ចកាល។ ទន្ទឹមនឹងនេះ យើងក៏បានឃើញមានផ្ទាំងថ្មធម្មជាតិខ្លះទៀតដែរ ដែលត្រូវបានកែច្នៃដោយទេពកោសល្យខ្ពស់ ដើម្បីជាទីគោរពសក្ការៈ ឬក៏ដើម្បីតំណាងឲ្យអង្គប្រាណដូនតា ដូចករណីផ្ទាំងថ្មដេក និងថ្មបញ្ឈរនៅតំបន់បានអាង នៅភូមិភាគខាងជើងនៃប្រទេសលាវ បច្ចុប្បន្នជាតឹកតាងរឹងមួយដោយឥតប្រកែកបាន។ តែអ្វីដែលយើងកត់សំគាល់នៅទីនេះគឺក្នុងវប្បធម៌មន-ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចបច្ចុប្បន្នភាពដែរ ជំនឿលើថ្មធម្មជាតិ និង ជំនឿលើភ្នំ ដែលមានលក្ខណៈជាជីវចលនិយម នោះជំនឿនេះបានបន្តវេនពីអតីតកាលដ៏យូរលង់ រហូតដល់បច្ចុប្បន្នភាព ហើយឧត្តមភាពនៅត្រូវបានថែរក្សាដដែល។ ហើយការគោរពបូជានេះ ក៏ដោយសារតែគេជឿថាថ្មទាំងនោះមានបារមីកាន់ ឬវត្ថុសក្តិសិទ្ធិ ពោលគឺ ព្រលឹង ឬវិញ្ញាណបុព្វការីជនសណ្ឋិតនៅក្នុងថ្មទាំងនោះធ្វើឲ្យថ្មទាំងនោះប្រកបដោយអច្ឆរិយភាពដោយចេះជួយសង្គ្រោះមនុស្សឲ្យផុតពីទុក្ខភ័យទាំងឡាយ។ ក្តារមឈូសឈើនៅកញ្ចនបុរី ថៃបច្ចុប្បន្ន ក្តារមឈូស នាសម័យក្រោយអង្គររបស់ជនជាតិភាគតិចស្អូចនៅខេត្តកោះកុង។ លក្ខណៈជាសកល ករណីថ្មបញ្ឈរ និងដេក ដែលសុទ្ធសឹងតែជាកត្តាអាចតំណាងឲ្យវិស័យស្ថាបត្យកម្មដំបូងបង្អស់របស់មនុស្សខ្មែរតំរូវឲ្យយើងអធិប្បាយអំពីនិមិត្តរូបភាពមួយកំរិតទៀត។ នៅប្រទេសលាវ ដែលជាទឹកដីកំណើតរបស់អំបូរមន-ខ្មែរ ថ្មបញ្ឈរគឺតំណាងឲ្យលិង្គរបស់ភេទប្រុសដែលគេបញ្ឈរ ដើម្បីជាទីគោរពសក្ការ:។ បង្គោលថ្មទាំងនោះត្រូវបានគេចិតចេញពីស្រទាប់ថ្មដា (mica-schiste)។ រីឯពាងថ្មខ្លះសំរាប់បញ្ចុះសពវិញមានបណ្តោយរហូតដល់ ៣ មាត្រ និងកំពស់់ ៣មាត្រ ២០ តំណាងយោនី ឬផ្ទៃរបស់ស្ត្រីទៅវិញ។ រីឯរណ្តៅបញ្ចុះសពវិញ ដែលគេចោះលើថ្ម ខ្លះមានជំរៅរហូតដល់ ២ មាត្រនិងបណ្តោយប្រវែង ២ មាត្រ ១៥ ក៏មានអត្ថន័យដូចគ្នា។ ជាឧទាហរណ៍: ដី ឬព្រះធរណីត្រូវបានគេចាត់ទុកថាជាដៃ ឬទ្វារមាសសំរាប់ទទួលសាកសពកូន ហើយដោយសារហេតុផលនេះ ទើបគេកប់សពក្នុងដីសំរាប់ឲ្យចាប់ជាតិឡើងវិញទៅអនាគត។ នេះជាការយល់ឃើញរបស់ពួកគេ ហើយរូបារម្មណ៍នេះ នៅតែស្ថិតក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរផងដែរ។ ប្រការមួយទៀតដែលគួរកត់ត្រាដែរគឺវត្តមានរបស់ថ្មផ្តេកមួយ (dolmen) នៅបានណាសែវ ប្រទេសលាវ ដែលមានលក្ខណៈប្រហាក់ប្រហែលនិងថ្មផ្តេកនៅប្រទេសបារាំងជាពិសេសនៅន័រម៉ុងឌី។ ដូនតាខ្មែរនាសម័យនោះ ដែលមានលក្ខណៈជាកុលសម្ព័ន្ធនៅឡើយ។ ហើយសហគមន៍មន-ខ្មែរដើមទាំងនោះក្នុងភូមិភាគនេះ។ សង្គមដូចជាពួកខា និងល្មេតជាដើម រួមទាំងប្រទេសកម្ពុជា វៀតណាមកណ្តាល និងត្បូង ប្រទេសថៃ ភូមា និងម៉ាឡេស៊ីសុទ្ធសឹងតែបានបន្សល់ទុកនូវតឹកតាងដ៏សំខាន់ពាក់ព័ន្ធទៅ នឹងវិស័យស្ថាបត្យកម្មថ្ម និងឈើដែលមិនមែនជារបស់ឥណ្ឌា ឬចិនឡើយ។ ទោះបី យ៉ាងនេះក្តីដូចពោលខាងលើ សមិទ្ធិផលសង្គមសំខាន់ជាងគេគឺការស្ថាបនានូវភូមិមូល ឬបន្ទាយគូក្នុងភូមិភាគនេះដែលបានគ្របដណ្តប់ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ សរុបមកខ្មែរមុនឥណ្ឌាចូលស្រុកបានស្គាល់នូវវិស័យស្ថាបត្យកម្មឈើរួចមកហើយ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា យោងតាមឯកសារ និងការស្រាវជ្រាវ យើងអាចយល់ដឹងអំពីស្ថាបត្យកម្មដែលពាក់ព័ន្ធទៅនឹងជំនឿលើភាពអមតៈ និងជំនឿលើការចាប់ជាតិឡើងវិញក្រោយពីស្លាប់។ ទាំងនេះគឺជាមែកធាងមួយនៃវប្បធម៌ខ្មែរយ៉ាងប្រាកដ ទោះជាយ៉ាងណាក៏ដោយយើងមិនអាចរាប់បញ្ចូលក្នុងវិស័យស្ថាបត្យកម្មដែរ។ ក្នុងបរិវេណនៃភូមិមូល ឬបន្ទាយគូនីមួយៗ ដែលធ្វើអំពីដីលើកមានរាងមូល ឬពងក្រពើ ដោយមានគូទឹកជុំវិញនោះគេឃើញស្លាកស្នាមនៃផ្ទះសំបែងដែលបានផ្គុំគ្នាឲ្យក្លាយទៅជាភូមិរោង សិប្បកម្មព្រមទាំងស្រែចំការ។ ទំហំនៃភូមិទាំងនោះ មិនស្មើគ្នាទេ រួចមានទំហំ (វិជ្ឈមាត្រ) ជិតដល់ ១គីឡូម៉ែត្រ ដូចករណីភូមិមូលនៅម្តុំជើងឯក រាជធានីភ្នំពេញបច្ចុប្បន្ន ហើយខ្លះទៀតមានទំហំត្រឹមតែ ១០០ មាត្រប៉ុណ្ណោះ។ ជាមួយភូមិមូល ដែលជាទីប្រជុំជននាសម័យបុរេប្រវត្តិសាស្ត្រនោះ យើងក៏បានឃើញមាននូវគូទឹកហ៊ុំព័ទ្ធនៅជុំវិញនៃសំណង់ស្ថាបត្យកម្មទាំងនោះដែរ ដូចករណីគូទឹកខាងក្នុងនិងគូទឹកខាងក្រៅហ៊ុំព័ទ្ធទីក្រុងសុរិន្ទ្រ ដែលមានប្រវែងជាច្រើនសហាតិមាត្រ។ រាល់ស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏មានការវិវត្តផ្សេងៗទៅតាមតំបន់នីមួយៗផងដែរ។ ដូច្នេះហើយបានជានៅតំបន់ខ្ពង់រាបខ្លះ គេឃើញមានការប្រើក្តារមឈូសឈើ សម្រាប់បញ្ចុះសពដូនតា ដូចជាកញ្ចនបុរីជាដើម។ ក្រៅពីក្តារមឈូសថ្ម ឬឈើ ដែលបុព្វបុរសមន-ខ្មែរបានបន្សល់ជាស្នាដៃដ៏សំខាន់ប្រពៃណីប្រើក្តារមឈូសឈើខាងលើនេះ ក៏ត្រូវបានបន្តរហូតដល់សព្វថ្ងៃដែរ ជាពិសេសនៅតាមតំបន់ព្រៃភ្នំក្នុងឧបទ្វីបឥណ្ឌូចិន។ មានន័យថាការដែលសហគមន៍មន-ខ្មែរនៅប្រទេសកម្ពុជា និង លាវក៏ដូចនៅប្រទេសវៀតណាមកណ្តាល និងត្បូងបច្ចុប្បន្ន នៅតែប្រើក្តារមឈូសឈើ ដើម្បីបញ្ចុះសពដូចនៅសម័យមុនឥណ្ឌូបនីយកម្ម មិនគ្រាន់តែធ្វើឲ្យឃើញនូវចំណាស់នៃខឿនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យឃើញនិរន្តភាពនៃវិស័យស្ថាបត្យកម្មផងដែរ។ ការខ្វះខាតច្រើនក្នុងការស្រាវជ្រាវដំបូងនេះ ប៉ុន្តែគប្បីយើងត្រូវបញ្ចូលក្នុងអត្ថបទនេះនូវស្លាកស្នាមពាក់ព័ន្ធទៅនឹងផ្ទះសំបែងនាសម័យនោះដែរ។ ព្រោះថាលំនៅស្ថាន សំរាប់មនុស្សក៏ដូចលំនៅស្ថានជាទីសក្ការៈរបស់ពពួកអារុក្ខអារក្សដូចជាខ្ទមអ្នកតាជាដើមគឺត្រូវបានបង្កើតឡើងដោយបុព្វការីជនខ្មែរសុទ្ធសាធពោលគឺមិនមែនជាកំចីបរទេសនោះទេ។ [៣៤]
បច្ចេកទេស
កែប្រែដោយសារកំណាយនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយចំនួន យើងអាចនិយាយបានថាបច្ចេកទេសស្មិតត្រូវបានអនុវត្តឡើងដោយសហគមន៍មន-ខ្មែរតាំងតែដើមសម័យលោហធាតុម្ល៉េះ។ ដោយហេតុថាក្នុងចំណោមវត្ថុបុរាណដែលគេបានរកឃើញ គេបានឃើញមានពុម្ពសំរាប់ធ្វើផ្លែ ដឹង មុខព្រួញ ចិញ្ចៀន ពូថៅដើម្បីយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ហើយការប្រើពុម្ពនេះត្រូវបានបន្តរហូតដល់សម័យប្រវត្តិសាស្ត្រ។ សម័យបុរេប្រវត្តិសាស្ត្រ គេយកដីឥដ្ឋដែលធន់នឹងភ្លើងលើកលែងតែចំពោះគ្រឿងអលង្ការលំអរបស់ព្រះអាទិទេព ឬមនុស្សទាំងពីរភេទដែលគេប្រើពុម្ពថ្មដូចជា ថ្មថ្លើមអណ្តើកមកធ្វើស្នូល ចាក់ក្រមួនពីក្រៅហើយឆ្លាក់រូបលើក្រមួន។ បន្ទាប់មកជាងស្មិតក៏យកដីមកចាក់រុំពីក្រៅទៀតដើម្បីធ្វើជាពុម្ព។ ដំណាក់កាលទីពីរ គឺក្រោយពីពុម្ពទាំងពីរគឺពុម្ពមុខ និងក្រោយត្រូវបានផលិតរួចមកហើយ គេយកលោហធាតុដែលរលាយដោយកំដៅភ្លើង ដែលគេដាក់ក្នុងក្រឡមួយ ដើម្បីចាក់បង្ហូរក្នុងពុម្ពនោះ ដែលគេរឹបឲ្យជាប់គ្នា។ ក្រមួនប៉ះនឹងលោហធាតុក៏រលាយអស់ទៅ ហើយលោហធាតុក៏ហូរទៅបំពេញជំនួសដោយរក្សានូវរូបដែលគេបានឆ្លាក់ពីលើ។ ដំណាក់កាលទី៣ គឺក្រោយពីលោហធាតុរលត់ក្តៅ គេក៏យករូបចេញពីពុម្ពហើយយករូប ឬវត្ថុដែលគេបានស្មិតនោះទៅលាងដុសខាត់ឲ្យស្អាត ហើយយកទៅប្រើប្រាស់។ ខាងលើនេះគឺជាបច្ចេកទេសស្មិតទេវរូប រូប ឬវត្ថុផ្សេងៗដូចជា សញ្ញានិមិត្តពិសិដ្ឋ និង កាក់ជាដើម ដែលមានលក្ខណៈតូច។ រីឯរូបចំលាក់ដែលមានខ្នាតធំវិញ គេត្រូវប្រើពេលវេលា និងសំភារៈច្រើនជាង។ ពោលគឺ គេត្រូវស្មិតផ្នែកនីមួយៗនៃរូបនោះ ហើយក្រោយពីចាក់ពុម្ពធ្វើអំពីថ្ម រួចគេក៏យកបំណែកផ្សេងៗមកផ្គុំគ្នា ទើបបានរូបទាំងមូល។ នៅលើទីតាំងនៃទីក្រុងអង្គរបុរី យើងបានឃើញវត្ថុប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ព្រមទាំងទេវរូបធ្វើអំពីលោហៈប្រកបដោយក្បាច់រចនាយ៉ាងផ្ចិតផ្ចង់ និងលំអិតឆ្មារ ដែលសិប្បករខ្មែរនាជំនាន់នោះបានផលិតដោយបានប្រើប្រាស់ពុម្ពចាក់។ វត្តមានរបស់ពុម្ពទាំងនោះ ដែលនៅសេសសល់ពិតជាបង្ហាញបញ្ជាក់ឲ្យយើងដឹងអំពីបច្ចេកទេសស្មិតនាសម័យមុនអង្គរ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏មានទេវរូប និងពុទ្ធរូបដែលគេផលិតដោយមិនបានប្រើពុម្ពឡើយ ព្រោះគេបានឆ្លាក់ដោយដៃផ្ទាល់។ បច្ចេកទេសស្មិតនៅអង្គរបុរីក៏ដូចជានៅដែនដីសណ្តនៃដងទន្លេមេគង្គ ឬក៏នៅភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ដែលឋិតក្នុងសម័យកាលវប្បធម៌វ្នំ រវាងស.វទី៣ និងទី៥នៃគ.ស គឺជាតឹកតាងបង្ហាញនូវភាពរុងរឿង ថ្កើងថ្កាននៃខឿនវប្បធម៌នៃជនជាតិខ្មែរនាដើមសម័យប្រវត្តិសាស្ត្រយ៉ាងជាក់ច្បាស់។ [៣៥]
ឧស្សាហកម្ម
កែប្រែឧស្សាហកម្មឆ្អឹងប្រកបដោយភាពសំបូរ ដែលយើងបានឃើញ ដងកាំបិត គ្រឿងអលង្ការ អង្កាំ ត្រសាល់ត្រចៀក ចិញ្ចៀន ផ្លែសន្ទូច ហើយក្នុងចំណោមកុលាលភាជន៍ខ្មែរនាសម័យនោះ យើងបានជួបវត្ថុសិល្បៈមួយចំនួនតូចដូចជា ក្របី ជ្រូក គោ ជាដើម។ ឥឡូវនេះច្បាស់ហើយថា ដូនតាខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រចេះផលិតរូបសត្វរួចទៅហើយ សំរាប់មូលហេតុសាសនា។ ប៉ុន្តែនៅមានវត្ថុផ្សេងៗទៀតដូចជា លិង្គ និងយោនី ជាដើមដែលគួរឲ្យកត់សំគាល់ផងដែរ។ លក្ខណៈពិសេសនៃឧស្សាហកម្មយុគថ្មរំលីង គឺការផលិតពូថៅធ្វើអំពីថ្ម មានរាងប្លែកៗពីគ្នា ហើយដែលត្រូវបានគេរកឃើញនៅស្ថានីយ៍នានា ជាពិសេសនៅតំបន់បឹងទន្លេសាប ចំពោះអាវុធយើងរកបានដូចជាពូថៅសំប៉ែតមានមុខជាបួនជ្រុងទ្រវែង មានពន្លួញសម្រាប់ដាក់ដងជាឈើ៘ ចំពោះឧបករណ៍ប្រើប្រាស់ យើងឃើញមានពុម្ពថ្មសំរាប់ចាក់តឹង ឬចង្កៀង និងកាវត្រចៀកជាដើម។ ក្រៅពីនេះគេក៏បានរកឃើញនូវសំណល់ធ្យូង ដែលជាភស្តុតាងនៃការធ្វើម្ហូបអាហារ ដើម្បីជីវិតប្រចាំថ្ងៃ។ វឌ្ឍនភាពនៃឧស្សាហកម្មភាជន៍ គឺជាសញ្ញានៃកំណើនអត្រារបស់ប្រជាជនខ្មែរ រស់នៅក្នុងភូមិភាគនេះយ៉ាងប្រាកដបន្ទាប់ពីស្តែងឲ្យឃើញ នូវភាពសំខាន់ពាក់ព័ន្ធទៅនឹងការរស់នៅ។[៣៦]
មើលផងដែរ
កែប្រែកំណត់ត្រានានា
កែប្រែ- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១
- ↑ "ស្រីគោត្របូរណ៍ដោយលោកបណ្ឌិត មីសែល-ត្រាណេ". Archived from the original on 2016-03-11. Retrieved 2015-02-18.
- ↑ "ស្ថានីយ៍ភូមិស្នាយ ដោយមីសែល ត្រាណេ". Archived from the original on 2016-03-12. Retrieved 2015-02-18.
- ↑ "កុលាលភាជន៍បុរេប្រវត្តិ ដោយមីសែល ត្រាណេ". Archived from the original on 2016-03-11. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-06. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2014-10-16. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2015-03-03. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
- ↑ La numération chez les Khmers ou Cambodgiens, Societe d'Ethnographie de Paris, No 1, 15 octobre, 1914)
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
- ↑ "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
- ↑ "ជំនឿជីវចលនិយម ដោយលោកមីសែល-ត្រាណេ". Archived from the original on 2014-11-07. Retrieved 2015-02-18.
- ↑ "ជំនឿព្រលឹងនិយម ដោយលោកមីសែល-ត្រាណេ". Archived from the original on 2014-11-09. Retrieved 2015-02-18.
- ↑ "ស្ថានីយ៍ជើងឯក ដោយលោកបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-09. Retrieved 2015-02-18.
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
- ↑ "ស្លាកស្នាមការប្រើធ្នូ ដោយលោកបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-12. Retrieved 2015-02-18.
- ↑ "កុលាលភាជន៍ ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-13. Retrieved 2015-02-18.
- ↑ "កុលាលភាជន៍ ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2014-05-01. Retrieved 2015-02-18.
- ↑ "មាស ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2014-07-31. Retrieved 2015-02-18.
- ↑ [welcambodia.wordpress]
- ↑ "ទំនៀមពាក់ស្នែង ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-08. Retrieved 2015-02-18.
- ↑ "ផលិតផលកែវដោយមីសែល-ត្រាណេ". Archived from the original on 2014-09-13. Retrieved 2015-02-18.
- ↑ "កងដៃមន-ខ្មែរដោយមីសែល-ត្រាណេ". Archived from the original on 2014-04-06. Retrieved 2015-02-18.
- ↑ "ទំនៀមទំលាប់ពាក់ឆៀងខ្វែងដោយមីសែល-ត្រាណេ". Archived from the original on 2015-02-17. Retrieved 2015-02-20.
- ↑ "គំនូរជីវចលដោយមីសែល-ត្រាណេ". Archived from the original on 2015-03-03. Retrieved 2015-02-18.
- ↑ "ស្គមហោរធឹកដោយមីសែល-ត្រាណេ". Archived from the original on 2014-03-27. Retrieved 2015-02-18.
- ↑ "គំនូរបុរេប្រវត្តិដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.
- ↑ "គំនូរនៅប្រទេសថៃដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.
- ↑ "ស្ថាបត្យកម្មទាក់ទងនឹងព្រលឹង ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
- ↑ "បច្ចេកទេសបុរេប្រវត្តិ ដោយមីសែល-ត្រាណេ". Archived from the original on 2014-11-01. Retrieved 2015-02-18.
- ↑ "ឧស្សាហកម្មបុរេប្រវត្តិ ដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.
ឯកសារយោង
កែប្រែ- ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
- មណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.
- ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា
ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។
- Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
- Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
- Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
- Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
- ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926