វត្តស្វាយពពែ
វត្តស្វាយពពែជាវត្តមួយ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ វត្តនេះស្ថិតនៅតាមបណ្ដោយ វិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្ស៊ី ។ វត្តនេះ ក៏មានពុទ្ធិកសកលវិទ្យាល័យមួយឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ ។
វត្តនេះស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអភិសេរី មហាសុគន្ធាធិបតី ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ។
ក្នុងបរិវេណ មានចេតិយព័ណ៌លឿងដូចមាស និងមានរាងដូចជួង ស្ថិតនៅមួយជួរ នៅខាងមុខព្រះវិហារ ដែលមានសំបុរស្រអាប់ណាស់ទៅហើយ ។
នៅខាងជើង ជាប់ព្រះវិហារ មានអគារព័ណ៌ក្រហមក្រមៅថ្មី មានដំបូលបួនថ្នាក់ឈ្មោះថា ៖ ព្រះវិមានធម្មយុត្តិកាធិបតី… គឺជារាជកុដិ ឬព្រះរាជដំណាក់កុដិរបស់សម្តេចព្រះមហាសង្ឃរាជ ប៊ួរ គ្រី ដែលនៅមិនទាន់បានធ្វើពិធីបុណ្យឆ្លងសម្ភោទ្យកាត់ខ្សែបូនៅឡើយ ដែលជាហេតុនាំឲ្យសម្តេចព្រះមហាសង្ឃរាជ នៅមិនទាន់យាងមកគង់នៅជាអចិន្រ្តៃយ៍ក្នុងទីអារាមវត្តស្វាយពពែនេះនៅឡើយដែរ ។ នៅលើជញ្ជាំងហោជាងប៉ែកខាងក្រោយ នៃព្រះវិមានធម្មយុត្តិកាធិបតី មានសរសេរអក្សរចិន ។
នៅជាប់របងជិតច្រកផ្លូវចូលប៉ែកខាងជើង មានអគារសិក្សាបណ្តោយថ្ងៃមួយ ឈ្មោះថា ៖ ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហមុនីរាជា… ។ អគាររបស់សកលវិទ្យាល័យនេះ រាងចំឡែកបន្តិច ដោយសារតែនៅខាងមុខយ៉ដែលបែរចេញក្រៅនេះ ត្រូវបានបាំងដោយសំណាញ់ដែកគ្រប់ជាន់ទាំងអស់ ។ ចំណែកឯនៅកៀនរបងខាងក្រោយ ជ្រុងខាងជើងប៉ែកខាងលិច ឃើញមានអគារសិក្សាមួយខ្នង ធ្វើជិតហើយរួចរាល់ដែរ ដែលស្លាកប៉ាយនៅលើដំបូលដាក់ថា កសាងឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដោយសម្តេចតេជោ និងលោកជំទាវផងដែរ… ។
ក្រៅពីនោះ នៅមានអគារចាស់ ៗ មួយចំនួនទៀត ដូចជា បណ្ណាល័យ និងកុដិព្រះសង្ឃ ជាដើម ។ រីឯសាលាឆាន់វិញ ហាក់ដូចជាសំងំលាក់ខ្លួន មិនចង់ឲ្យភ្ញៀវជិតឆ្ងាយបានឃើញពីទិដ្ឋភាពខាងក្នុងសោះ ៕
ឯកសារយោង
កែប្រែ