បួរ គ្រី
thumb|220px|សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ថតចេញពីផ្ទាំងគំនូរដ៏ចំណាស់មួយ thumb|220px|សម្តេចព្រះសង្ឃរាជ បួរ គ្រី ក្រោយពេលសាងផ្នួសបានមួយរយៈខ្លី ក្រោយឆ្នាំ១៩៦៣ thumb|220px|សម្តេចព្រះសង្ឃរាជ បួរ គ្រី ទទួលនិមន្តប្រគេនភត្តកឋិនទាន ឆ្នាំ១៩៧៤
បួរ គ្រី | ||
---|---|---|
ព័ត៌មានមួយចំនួន | ||
ព្រះនាម | បួរ គ្រី | |
ព្រះគោរមងារ | សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា | |
ឋានៈ | សម្ដេចព្រះមហាសង្ឃរាជ | |
ប្រសូត | ១១ មករា ១៩៤៥ | |
ព្រះបិតា | បួរ វ៉ាន | |
ព្រះមាតា | ជា ជួន | |
សញ្ជាតិ | កម្ពុជា | |
បន្តពី | ||
សាសនា | ព្រះពុទ្ធសាសនាថេរវាទ |
សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Bour Kry) ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ១៩៤៥។ ព្រះបិតាព្រះនាម បួរ វ៉ាន ព្រះមាតាព្រះនាម ជា ជួន។
បឋមវ័យ
កែប្រែសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម៧ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរ និងលេខនព្វន្ត នៅសាលាបឋមសិក្សា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គបានប្រឡងចូលសិក្សានៅវិទ្យាល័យបាត់ដំបង។ លុះដល់ឆ្នាំថោះ គ.ស. ១៩៦៣ ព្រះអង្គបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។
បព្វជ្ជា
កែប្រែនៅឆ្នាំ១៩៦៣ ព្រះអង្គបានសម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ ដើម្បីបានបព្វជ្ជាជាសាមណេរ និងឧបសម្ប័ទជាភិក្ខុភាវៈ នៅវត្តបុប្ផារាម ក្នុងឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានឧបជ្ឈាយ៍ព្រះនាម ព្រះមហារាជធម្ម នាមបញ្ញត្តិ ព្រះធម្មរក្ខិតោ ស៊ីវ ទន់ ជាព្រះរាជាគណៈថ្នាក់ចត្វា និងកម្មវាចា ព្រះមង្គលមុនី ចែង ស្មិន។ បន្ទាប់មក ព្រះអង្គបានគង់នៅក្នុងវត្តបុប្ផារាម និងវត្តបទុមវតីរាជវរារាម ដើម្បីសិក្សារៀនសូត្រភាសាបាលី ប្រែគម្ពីរធម្មបទ និងមង្គលត្ថទីបនីចប់សព្វគ្រប់។ ក្រោយមក ព្រះអង្គត្រូវបានតែងតាំងជាព្រះលេខាធិការគណ ប្រចាំខេត្តបាត់ដំបង ព្រមទាំងបានទទួលនូវសេចក្តីគោរពស្រឡាញ់ និងកោតសរសើរពីព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើន។ មិនយូរប៉ុន្មាន ព្រះអង្គត្រូវបានទទួលការតែងតាំងបន្ថែមលើមុខងារដែលព្រះអង្គកំពុងបំពេញ ជាអ្នកបដិបត្តិនាទីជំនួសព្រះមេគណគណៈធម្មយុត្ត ខេត្តបាត់ដំបង និងនិមន្តឡើងចុះ មើលការខុសត្រូវ ក្នុងការកសាងវត្ត គណៈធម្មយុត្ត នៅប៉ោយប៉ែត (ទល់ដែនកម្ពុជា-ថៃ)។
ការភៀសព្រះកាយទៅប្រទេសបារាំង
កែប្រែនៅក្នុងឆ្នាំថោះ សប្តស័ក ព.ស. ២៥១៩ គ.ស. ១៩៧៥ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា ធ្លាក់ចូលក្នុងរបបខ្មែរក្រហម ដែលបង្កឲ្យមានភាពវឹកវរយ៉ាងធំ។ ព្រះពុទ្ធសាសនាក្នុងពេលនោះ បានធ្លាក់ចុះយ៉ាងខ្លាំង។ ព្រះសង្ឃខ្មែរទាំងឡាយ ខ្លះត្រូវបានគេចាប់ផ្សឹក ខ្លះទៀតត្រូវបានគេសម្លាប់ចោល។ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានសម្រេចភៀសព្រះកាយ យាងទៅដល់ប្រទេសបារាំងនៅឆ្នាំ១៩៧៦។ នៅក្នុងកិច្ចសម្ភាសជាមួយនឹងសម្តេចសង្ឃ ផប ជីន ផោល ទី២ ( Pope Jean Paul II) ដែលជាព្រះសង្ឃរាជកាតូលិក នៅទីក្រុងវ៉ាទីកង់ (Vatican), សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានស្នើឲ្យព្រះវិហារកាតូលិកធ្វើការថ្កោលទោសជាផ្លូវការ ចំពោះគោលនយោបាយ(សម្លាប់រង្គាល) នៃរបបខ្មែរក្រហម ប៉ុល ពត។ ដោយសារប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសបារាំង ហើយមានទំនាក់ទំនងនឹងគ្នាច្រើនជាងមួយសតវត្សរ៍មកហើយ ហេតុនេះធ្វើឲ្យមានការងាយស្រួលសំរាប់ជនភៀសខ្លួនខ្មែរ ក្នុងការសុំសិទ្ធជ្រកកោន ក្នុងប្រទេសបារាំង។ នៅឆ្នាំ១៩៧៧ ព្រះអង្គ រួមជាមួយនឹងក្រុមព្រះសង្ឃមួយចំនួនតូច ព្រមទាំងជនភៀសខ្លួនខ្មែរ បានបង្កើតសមាគមន៍សាសនាដំបូង មានឈ្មោះថា ពុទ្ធិកសមាគមខ្មែរ ដែលមានលក្ខណៈផ្លូវច្បាប់ខាងសាសនាសុទ្ធសាធ។ សមាគមនេះ ស្ថិតនៅទីក្រុងក្រេតីយ៍ (Créteil) ប្រទេសបារាំង។ ប៉ុន្មានឆ្នាំក្រោយមក សមាគមន៏នេះ មានការរីកចំរើនខ្លាំងឡើង។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨០ ព្រះអង្គបានបង្កើតវត្តដំបូងបង្អស់មួយ នៅក្នុងទ្វីបអឺរ៉ុប ឈ្មោះថា វត្តខេមរារាម នៅក្នុងទីក្រុងក្រេតីយ៍ (Créteil) នៅជាយនៃទីក្រុងបារីស ក្រោមការដឹកនាំគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ដោយមានពិធីបញ្ចុះសីមាជាវត្តត្រឹមត្រូវ ដើម្បីប្រារព្ធពិធីបុណ្យនានា តាមបែបព្រះពុទ្ធសាសនា។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៨១ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនៅជាព្រះអង្គម្ចាស់នៅឡើយ ទ្រង់បានយាងសាងព្រះផ្នួស ឧបសម្បទាជាភិក្ខុភាវៈ មាននាមបញ្ញត្តិថា ពុទ្ធរក្ខិតោ នាវត្តខេមរារាម ដោយមានសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពេលនោះ ជាលោកគ្រូម្ចាស់ បួរ គ្រី ស្តេចជាព្រះរាជឧបជ្ឈាយ៍បំបួសផ្ទាល់។
ក្រោយមក ពុទ្ធិកសមាគមខ្មែរ ត្រូវបាននិយាយដោយបើកចំហ មិនមានការប្រណាំង មិនមានការរើសអើងពូជសាសន៍ ឬសមាជិកសាសនាដទៃ។ អាស្រ័យនូវទឹកព្រះទ័យមេត្តាករុណា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានបង្កើតអង្គការមនុស្សធម៌មួយ ដែលមានឈ្មោះថា សមាគមពុទ្ធិសង្គ្រោះអន្តរជាតិ (Secours Bouddhique International) នៅក្នុងឆ្នាំ១៩៨២ ដែលមានលក្ខណៈផ្លូវច្បាប់ខុសពីការបង្កើតវត្ត ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ជនរងគ្រោះ និងទីទ័លក្រ។ ព្រះអង្គ នៅតែបន្តយកព្រះទ័យទុកដាក់ យាងសួរសុខទុក្ខប្រជារាស្ត្រ នៅជំរំជនភៀសខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផ្តល់ជាសម្ភារៈ ក៏ដូចជាកម្លាំងស្មារតី ដល់ជនភៀសខ្លួន ដែលរងការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្ត ប្រាសចាកលំនៅស្ថាន ចាកមាតុប្រទេសរបស់ខ្លួន។
ការតែងតាំងព្រះរាជក្រឹត្យ
កែប្រែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៥ (ឯកសារខ្លះថា ឆ្នាំ១៩៨៤) សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានរៀបចំធ្វើពិធីសម្ភោធ ឆ្លងវត្តខេមរារាម-ពុទ្ធិកសមាគមខ្មែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ នៅពេលនោះ ព្រះករុណា ព្រះមហាវីរក្សត្រ បានតម្លើងព្រះកិត្តិយសថ្វាយព្រះអង្គជា ព្រះសុវរធម្មខេមរសាសនវង្សាចារ្យ ព្រះចៅអធិការ វត្តខេមរារាម។
ព្រះអង្គបានខិតខំកសាងវត្តអារាម និងពុទ្ធមណ្ឌលជាច្រើននៅក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង (នៅទីក្រុង Créteil, Toul Nancy Lille) ប្រទេសប៊ែលហ្សីក (ទីក្រុងBrussels) ប្រទេសអាល្លឺម៉ង់ (ទីក្រុង Stuttgart) និងនៅសហរដ្ឋអាមេរិក (នៅទីក្រុង Ohio និង Washington)។
ដោយមានការកត់សំគាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ទ្រង់ប្រោសប្រទានថ្វាយគោរមងារជាសម្តេចព្រះអង្គគ្រូ (Spiritual Eminence Master) ទីក្រុងប៉េកាំង (ប្រទេសចិន) នៅថ្ងៃចន្ទ ០៦រោច ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៣២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៧។ ។
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា, បានតែងតាំងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាប្រមុខនៃគណៈធម្មយុត្ត មានងារថា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ (ព្រះសង្ឃរាជកំពូល) នៃធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧, ព្រះបាទនរោត្តម សីហមុនី បានថ្វាយងារក្នុងដំណែងកំពូលជា សម្តេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជា ធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចព្រះសង្ឃរាជ បួរ គ្រី បានមានសកម្មភាពជាច្រើនក្នុងព្រះពុទ្ធសាសនាដោយពេញព្រះរាជហឫទ័យ ដោយហេតុនោះ ព្រះអង្គបានទទួលការទទួលស្គាល់ពីបណ្តាប្រទេសមួយចំនួន ដូចជា ស្រីលង្កា ថៃ ជាដើម ដែលបានថ្វាយចំណាត់ថ្នាក់សញ្ញាប័ត្រជានខ្ពស់ ដូចជា បណ្ឌិតអូណូរីខាវសា (Doctor Honoris Causa), ផ្នែកព្រះពុទ្ធសាសនា ពីមហាវិទ្យាល័យមហាមកុដរាជវិទ្យាល័យ (២៥ តុលា ២០០៣ ប្រទេសថៃ) ក៏ដូចជាងារដ៏ខ្ពង់ខ្ពស់ក្នុងសាសនាថា មហាសទ្ធម្ម ជោតិកធាចារ នៃព្រះសង្ឃភូមា។
នៅខែកញ្ញា ឆ្នាំ២០០៧ (ឯកសារពីទំព័រគណៈធម្មយុត្តកម្ពុជាថ្ងៃនេះ ថា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧) សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយមេដាយជាន់ខ្ពស់ ថ្នាក់ ជាតូបការ ដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលជាមេដាយថ្នាក់ខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីតបព្រះរាជគុណ ដែលព្រះអង្គមានស្នាព្រះហស្តជាច្រើន លះបង់ព្រះកាយពល ដើម្បីប្រយោជន៍ដល់ព្រះពុទ្ធសាសនាបែបថេរវាទ និងដោយព្រះទ័យសប្បុរស ចំពោះប្រជាជនខ្មែរ។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១០ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានទទួលការប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងទទួលខុសត្រូវបន្ថែមជា ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៧ សម្តេចព្រះមហាសង្ឃរាជ បានទទួលការតែងតាំងដោយព្រះរាជក្រឹត្យ ជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ សម្តេចព្រះមហាសង្ឃរាជ ព្រះអង្គបានទទួលព្រះរាជទានព្រះរាជក្រឹត្យ ថ្វាយព្រះបរមងារជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះរាជបញ្ញត្តិ ទូលតបជាភាសារាជស័ព្ទ ហើយព្រះអង្គមានសិទ្ធិប្រើផ្លិតយសពិសេស។
សង្គម និងការងារសាសនា
កែប្រែបន្ទាប់ពីកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស រវាងគ្រប់ភាគីទាំងអស់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ បានស្នើសុំយាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មកកាន់មាតុភូមិកម្ពុជាវិញ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធ បណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅពេលនោះ ជាឯកឧត្តម ជា ស៊ីម ប្រធានរដ្ឋសភា នៃរដ្ឋកម្ពុជា ប្រធានរណសិរ្សសង្គ្រោះមាតុភូមិកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះ ព្រះអង្គជា ព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយព្រះឋានៈជា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា។ ពេលនោះ ពុំទាន់មានវត្ត និងព្រះសង្ឃគណៈធម្មយុត្តនៅឡើយ សម្តេចព្រះមហាសង្ឃរាជ ទ្រង់ប្រថាប់នៅក្នុងវត្តឧណ្ណាលោម អស់រយៈពេល៣ខែ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ទើបស្តេចយាងមកគង់នៅវត្តបទុមវតីរាជវរារាម ប្រារព្ធពីធី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងមន្ត្រីរាជការជាន់ខ្ពស់ដទៃទៀតជាច្រើនរូប។ ចំណែកខាងព្រះសង្ឃ មាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងមន្ត្រីសង្ឃ ព្រមទាំងពុទ្ធបរិស័ទ យាង និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៩២ ព្រះអង្គបានបំបួសកុលបុត្រ ដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាភិក្ខុ សាមណេរ រាប់រយអង្គ ព្រមទាំងបានជួសជុល កសាងវត្តអារាមនានា សាលារៀន ដែលត្រូវបានបោះបង់ចោលក្នុងអំឡុងទសវត្សរ៍នៃសង្គ្រាម។ នៅក្នុងគម្រោងការកសាងជាតិឡើងវិញ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបំណងឲ្យព្រះពុទ្ធសាសនាចូលរួមចំណែកនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងការអភិវឌ្ឍន៍ជនបទ។ សម្តេចព្រះមហាសង្ឃរាជ ពិចារណាថា ព្រះពុទ្ធសាសនាគួរមាននាទីអប់រំជាច្រើនឡើងវិញ ក្នុងសង្គមខ្មែរ និងគួរស្ថិតនៅក្នុងសន្តានចិត្តរបស់ក្មេងជំនាន់ក្រោយ។ ក្នុងរយៈពេលដ៏ខ្លី ព្រះអង្គបានបញ្ជូនព្រះសង្ឃក្មេងៗជាច្រើនទៅក្រៅប្រទេស ដូចជា ប្រទេសបារាំង ស្រីលង្កា ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម ដើម្បីឲ្យព្រះសង្ឃក្មេងៗទាំងនោះ ទទួលបានចំណេះដឹងទូលំទូលាយ ដើម្បីជួយក្នុងការកើតឡើងជាថ្មីនៃព្រះពុទ្ធសាសនាធម្មយុត្ត។
នៅឆ្នាំ១៩៩៥ ព្រះអង្គបានផ្តួចផ្តើមបង្កើតវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រះសីហនុធម្មាធិរាជ។ វិទ្យាស្ថាននេះ ស្ថិតនៅភូមិចំបក់ ខេត្តកំពង់ស្ពឺ ៤៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គោលបំណងក្នុងការបង្កើតវិទ្យាស្ថាននេះ គឺ៖
- ដើម្បីអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ក្មេងក្រីក្រ
- ធ្វើឲ្យមានដំណើរការឡើងវិញ នូវការប្រៀនប្រដៅរបស់ព្រះពុទ្ធ
- ដើម្បីណែនាំពីវប្បធម៌ និងប្រពៃណីជាតិខ្មែរ ដល់យុវជនកម្ពុជា
វិទ្យាស្ថាននេះ ជាពុទ្ធិកវិទ្យាល័យ ផ្តោតសំខាន់ទៅលើការអប់រំវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាដល់ក្មេងក្រីក្រ និងស្តារតម្លៃនៃក្រុមគួរសារខ្មែរ។ បច្ចុប្បន្ននេះ វិទ្យាស្ថានបានទទួលក្មេងៗប្រមាណជាង១០០នាក់ ដែលឪពុកម្តាយគ្មានលទ្ធភាពចិញ្ចឹមឲ្យរៀនសូត្រ មកអប់រំទូន្មាន និងផ្តល់ការសិក្សា។ មូលនិធិសម្រាប់ផ្គត់ផ្គង់ដល់កុមារក្រីក្រកម្ពុជានេះ ត្រូវបានឧបត្ថម្ភដោយសិស្សរបស់សម្តេចព្រះមហាសង្ឃរាជ ដែលរស់នៅក្នុង និងក្រៅប្រទេស។
ព្រះអង្គបានបង្កើតសាលាជាច្រើនដូចជា :
ពុទ្ធិកវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី នៅរាជធានីភ្នំពេញ ដែលជាសាលាអនុវិទ្យាល័យ និងវិទ្យាល័យភាសាបាលី ដែលមូលនិធិភាគច្រើនបានមកពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសិស្សរបស់ទ្រង់។ វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើង ដើម្បីអប់រំបណ្តុះបណ្តាលភិក្ខុ សាមណេរ ផ្នែកសាសនា និងការសិក្សាថ្នាក់អនុវិទ្យាល័យ។ វិទ្យាស្ថាននេះ មានទីតាំងស្ថិតនៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ។ វិទ្យាល័យនេះ មាន៣ថ្នាក់។ ក្រោយពីបញ្ចប់ការសិក្សាអស់៣ឆ្នាំ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមការប្រឡង ដើម្បីទទួលបានសញ្ញាប័ត្របឋមភូមិ (ឌីប្លូម៌) ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (រាជធានីភ្នំពេញ) ស្ថិតនៅក្រោមការឧបត្ថម្ភ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថាននេះ ក៏មានទីតាំងនៅក្នុងវត្តស្វាយពពែដែរ ។ សាសលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនូវតម្រូវការរបស់យុវសិស្ស យុវនិស្សិតបព្វជិត និងគ្រហស្ថ ដែលគ្មានធនធាន ហើយចង់បន្តការសិក្សារបស់ពួកគេ។
ស្ថិតក្រោមការគ្រប់គ្រងរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គេឃើញមានការវិវត្តន៍ទៅមុខជាលំដាប់។ តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញការកសាងវត្តអារាមនានា ផ្នែកធម្មយុត្ត មានចំនួនកើនឡើងជាលំដាប់ ផ្សាយពេញទូទាំងប្រទេស ជាពិសេស ក្នុងខេត្តប៉ៃលិន ជាខេត្តឯករាជ្យមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា។ វត្តអារាមធម្មយុត្តទាំងឡាយ មានចំនួន១៦១ និងមានព្រះសង្ឃចំនួន២៥០០អង្គ គិតមកដល់ខែមករា ឆ្នាំ២០១១។ ក្រៅពីនេះ មនុស្សចាស់ កុមារកំព្រា និងជនទុគ៌ត ក៏មានការជួយឧបត្ថម្ភ ដើម្បីការរស់នៅ ដោយទឹកព្រះទ័យសប្បុរស និងភាពមេត្តា ពីសម្តេចព្រះមហាសង្ឃរាជបច្ចុប្បន្ននេះដែរ។
សម្តេចព្រះមហាសង្ឃរាជ បានចេញផ្សាយសៀវភៅព្រះពុទ្ធសាសនាជាច្រើន ជាភាសាខ្មែរ និងសំនួរចម្លើយសង្គម ស្តីអំពីសន្តិភាព ការអភិវឌ្ឍន៍សង្គម។ល។ ដើម្បីផ្តល់ភាពសុខដុម និងសន្តិភាពនៅក្នុងសង្គមបច្ចុប្បន្នរបស់យើង។
ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥ សម្តេចព្រះអភសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចូលរួមវិសាខបូជាអន្តរជាតិ លើកទី ១២ នៅប្រទេសថៃ។
ព្រះរាជបេសកកម្មអន្តរជាតិ
កែប្រែសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចបានយាងបំពេញព្រះរាជបេសកកម្ម ដើម្បីបង្កបង្កើតនូវទំនាក់ទំនងជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើន ក្នុងព្រះរាជបំណងបណ្តុះបណ្តាល និងបង្កើននូវវប្បធម៌សន្តិភាព។ ព្រះអង្គបានយាងទៅប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប មានដូចជា ប្រទេសបារាំង (Creteil, Toul-Nancy, Lille), ប៊ែលស្សីក (Brussels), អាល្លឺម៉ង (Stuttgart), និងសហរដ្ឋអាមេរិក (Ohio, Los Angeles/California, Washington State)។
នៅខែធ្នូ ឆ្នាំ១៩៩០ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើព្យុហយាត្រាសន្តិភាព នៅក្នុងប្រទេសឥណ្ឌា ដែលជាទីស្ថានប្រសូត របស់ព្រះសម្មាសម្ពុទ្ធ ។ សម្តេចព្រះមហាសង្ឃរាជ បានចូលរួមសន្និសិទអន្តរជាតិ នៅប្រទេសមួយចំនួន ដូចជា បារាំង ជប៉ុន នេប៉ាល ឥណ្ឌា ស្រីលង្កា អូស្ត្រាលី វៀតណាម តៃវ៉ាន់ ឥណ្ឌូនេស៊ី និងប្រទេសថៃ។ សាររបស់ព្រះអង្គបានធ្វើឲ្យអ្នកទាំងនោះ រំភើប រំជួលចិត្ត ដឹងពីទឹកព្រះទ័យមេត្តាករុណារបស់ព្រះអង្គ ដែលប្រាថ្នានូវសន្តិភាព សុខុមាលភាព សុភមង្គល ក្នុងសហស្សវត្យរ៍ថ្មី។ នៅក្នុងកិច្ចប្រជុំកំពូលសាសនាពិភពលោក លើកទី៣ មេដឹកនាំសាសនាទាំងអស់ បានសម្រេចជាឯកច្ឆន្ទ ផ្តល់សច្ចានុមតិ ដោះស្រាយ ដោយសង្កត់ធ្ងន់លើសាររបស់ព្រះអង្គ ដែលប្រាថ្នានូវសន្តិភាព ក្នុងរាជធានីភ្នំពេញ នៅដើមសតវត្សរ៍ទី២១។
សម្តេចព្រះមហាសង្ឃរាជ មិនដែលបំភ្លេចនូវបញ្ហាយ៉ាងធំ ដែលសង្គមខ្មែរកំពុងប្រឈមមុខ គឺជំងឺអេដស៍។ ដោយហេតុនេះ ព្រះអង្គ បានទទួលការនិមន្តពីសេតវិមាន នៅក្នុងសហរដ្ឋអាមេរិក ដើម្បីពិភាក្សារកដំណោះស្រាយ ចំពោះបញ្ហានេះ។ នៅខែមិនា ឆ្នាំ២០០១ ព្រះអង្គបានយាងទៅឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិភាក្សាលើបញ្ហានេះដែរ។ ព្រះអង្គបានចូលរួម ក្នុងសកម្មភាពប្រឆាំងថ្នាំជក់ - គ្រឿងញាណផងដែរ។ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បានធ្វើការពង្រឹងទំនាក់ទំនងជាមួយនឹងព្រះសង្ឃថៃគណៈធម្មយុត្តិកនិកាកយ។ ក្រោយមក ខាងគណៈធម្មយុត្តិកនិកាយថៃ បានផ្តល់ជំនួយសៀវភៅព្រះត្រៃបិដក សម្រាប់ដម្កល់ក្នុងបណ្ណាល័យសាកលវិទ្យាល័យព្រះសង្ឃរាជ បួរ គ្រី។ ទន្ទឹមនឹងនោះដែរ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួលការនិមន្ត ពីគណៈកម្មការរៀបចំខួបកំណើត លើកទី៩០ នៃសម្តេចព្រះនីយានាសំវរ (Somdet Phra Nyanasamvara) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០០៣ នៅវត្តBovoranives, ទីក្រុងបាងកក។
ឆ្នាំ១៩៨៨ ព្រះអង្គត្រូវបានគណៈមហាសង្ឃនាយក នៃប្រទេសស្រីលង្កា ថ្វាយព្រះបរមងារជា ព្រះបិដកសោភ័ណសង្ឃនាយក។ ឆ្នាំ២០០៤ ព្រះអង្គត្រូវបានរាជរដ្ឋាភិបាល នៃប្រទេសភូមា ថ្វាយព្រះបរមងារជា ព្រះធម្មបិដកសង្ឃនាយក និងព្រះរាជលញ្ឆករ សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនង រវាងគណៈសង្ឃពុទ្ធសាសនា នៃប្រទេសភូមា។
សមណស័ក្តិ
កែប្រែ- ត្រូវបានតែងតាំងជា លេខាធិការគណ ខេត្តបាត់ដំបង សម័យព្រះរាជាណាចក្រកម្ពុជា។
- ត្រូវបានតែងតាំងជាអ្នកបដិបត្តិនាទីជំនួសព្រះមេគណខេត្តបាត់ដំបង សម័យព្រះរាជាណាចក្រកម្ពុជា។
- ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៤ ត្រូវបានតែងតាំង ជាព្រះសុវរធម្មខេមរសាសនវង្សាចារ្យ ព្រះចៅអធិការ វត្តខេមរារាម ប្រទេសបារាំង។
- ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៧ បានទទួលការថ្វាយបរមងារ ជាសម្តេចព្រះអង្គគ្រូ ទីក្រុងប៉េកាំង ប្រទេសចិន។
- ឆ្នាំ១៩៨៨ ព្រះអង្គត្រូវបានគណៈមហាសង្ឃនាយក នៃប្រទេសស្រីលង្កា ថ្វាយព្រះបរមងារ ជា ព្រះបិដកសោភ័ណសង្ឃនាយក។
- ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ បានទទួលការថ្វាយព្រះឋានៈ ជាសម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
- ឆ្នាំ២០០៤ ទ្រង់ត្រូវបានរដ្ឋាភិបាល នៃប្រទេសភូមា ថ្វាយព្រះបរមងារ ជា ព្រះធម្មបិដកសង្ឃនាយក និងព្រះរាជលញ្ឆករ។
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៧ ទ្រង់ទទួលព្រះរាជដំណែង ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួលព្រះបរមងារជាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
- ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១០ ទ្រង់បានទទួលព្រះឋានៈបន្ថែមទៀត ជាព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ស្នាព្រះហស្ត
កែប្រែក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍សង្គម សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា]] បាននិពន្ធនូវសៀវភៅព្រះធម៌ សម្រាប់ពុទ្ធសាសនិក ដើម្បីអប់រំបណ្តុះបណ្តាលនូវខន្តី អំណត់ធ្មត់ អហិង្សា និងភាពសុខដុមរមនា ក្នុងផ្លូវចិត្ត ក៏ដូចជាក្នុងសង្គមជាតិ មានដូចជាសៀវភៅ ពុទ្ធធម៌ ប្រទីបនៃជីវិត ប្រទីបធម៌ ប្រជុំសន្និបាត១២៥០អរហន្តសាវ័ក ព្រមទាំងអត្ថបទស្តីអំពីសន្តិភាព និងការអភិវឌ្ឍន៍មនុស្ស និងសង្គមប្រជាធិបតេយ្យ។ ព្រះអង្គ ក៏បានជួសជុល វត្តអារាមចាស់ៗជាច្រើន និងកសាងវត្តថ្មី និងសាលាសម្រាប់ប្រជាជនក្រីក្របានមានឱកាសដើម្បីចូលសិក្សារៀនសូត្រ មានជាដើមដូចជាៈ
ស្នាព្រះហស្តក្នុងប្រទេស
កែប្រែ- ពុទ្ធសាសនមណ្ឌលព្រះសីហនុធម្មាធិរាជ (ខេត្តកំពង់ស្ពឺ)
- ពុទ្ធិកវិទ្យាល័យព្រះសង្ឃរាជ បួរ គ្រី (រាជធានីភ្នំពេញ)
- ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (រាជធានីភ្នំពេញ)
- ពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (ខេត្តកណ្តាល)
- កសាងព្រះមហាកុដិ ក្នុងវត្តបទុមវតី ធម្មយុត្ត (រាជធានីភ្នំពេញ)
- កសាងព្រះរាជដំណាក់អនុស្សាវរីយ៍ ក្នុងវត្តស្វាយពពែ (រាជធានីភ្នំពេញ)
- កសាងសាលាបុញ្ញសភាថ្មី ក្នុងវត្តស្វាយពពែ
- កសាងសមិទ្ធិផលជាច្រើនក្នុងវត្តស្វាយពពែ
- កសាងវត្តព្រះឥន្ទសាមគ្គីធម៌ (ខេត្តកណ្តាល) ជាដើម។បេ។
ស្នាព្រះហស្តក្រៅប្រទេស
កែប្រែ- ឆ្នាំ១៩៩៧៧ ទ្រង់បានបង្កើតពុទ្ធិកសមាគមខ្មែរដំបូងបង្អស់មួយ ឈ្មោះថា ពុទ្ធិកសមាគមខ្មែរ នៅទីក្រុងក្រេតីយ៍ ប្រទេសបារាំង
- ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨០ ទ្រង់បានកសាងវត្តដំបូងបង្អស់មួួយ ឈ្មោះថា វត្តខេមរារាម ពុទ្ធិកសមាគមខ្មែរ នៅទីក្រុងក្រេតីយ៍ ប្រទេសបារាំង រួមទាំងសាខាក្នុងខេត្តនានា ដូចជា លីល រូបេ ទួលណង់ស៊ី (ប្រទេសបារាំង)
- ឆ្នាំ១៩៨១ ទ្រង់បានបង្កើតសាខា វត្តខេមរារាមពុទ្ធិកសមាគមខ្មែរ នៅប្រទេសអាល្លឺម៉ង់
- ឆ្នាំ១៩៨២ ទ្រង់បានបង្កើតនូវសមាគមពុទ្ធិកសង្គ្រោះអន្តរជាតិ នៅប្រទេសបារាំង
- ឆ្នាំ១៩៨៦ ទ្រង់បានបង្កើតសាខាវត្តខេមរារាមពុទ្ធិកសមាគមខ្មែរ នៅប្រទេសប៊ែលហ្សីក
- ឆ្នាំ២០០៣ ទ្រង់បានបង្កើតវត្តនៅសហរដ្ឋអាមេរិក (រដ្ឋអូហាយូ និងវ៉ាស៊ីនតោន) ឈ្មោះវត្តខេមរារាម ស្នូហូមីស្ស
- ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៧ ទ្រង់បានបង្កើតវត្តនៅទីក្រុងម៉ាកាសារ ប្រទេសឥណ្ឌូនេស៊ី ឈ្មោះ គិរីនាគា។
មើលផងដែរ
កែប្រែយោង/ពិគ្រោះ
កែប្រែ- បានទទួលការជួយជ្រោមជ្រែង និងត្រួតពិនិត្យ និងឯកសារសំខាន់ៗមួយចំនួន ពីសម្តេច ព្រះពុទ្ធាចារ្យ ទូច សុខវោហារ សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
- ឯកសារពី លោកស្រី ម៉ង តារា ព្រះរាជលេខាសម្តេចព្រះមហាសង្ឃរាជនៅបារាំង
- រូបភាពឯកសារពីឧបាសកTy Sophat
- គណៈធម្មយុត្តិកម្ពុជា ថ្ងៃនេះ
- វត្តខេមរារាម[តំណភ្ជាប់ខូច]