[២៣៤] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ ។​ ​សម័យ​មួយ ​ព្រះ​មាន​ព្រះ​ភាគ គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី ។​ ​ក្នុង​ទី​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយថា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។​ ភិក្ខុ​ទាំង​នោះ​ ទទួល​ព្រះ​ពុទ្ធ​ដីកា​ព្រះ​មាន​ព្រះ​ភាគថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ។​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត ​នឹង​សំដែង​នូវ​ហេតុ​នៃ​ការ​នៅ​ក្នុង​ព្រៃ​ ​ដល់​អ្នក​ទាំង​ឡាយ ចូរ​អ្នក​ទាំង​ឡាយ​ប្រុង​ស្តាប់ ធ្វើ​ទុក​ក្នុង​ចិត្ត​ ​នូវ​ហេតុ​នោះ​ ​ដោយ​ប្រពៃ​ចុះ តថាគត ​នឹង​សំដែង​ឥឡូវ​នេះ​ ។​ ភិក្ខុ​ទាំង​នោះ​ ទទួល​ព្រះ​ពុទ្ធដីកា​ព្រះ​មាន​ព្រះ​ភាគថា ​ព្រះ​ករុណា​ព្រះ​អង្គ ។​

[២៣៥] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ​ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​ខ្លួន​មិន​ទាន់​បាន​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​បាន​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ណា​មួយ​នេះ​ ​ដែល​បព្វជិត​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា ​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ ​កាល​អាត្មា​អញ​ចូល​មក​អាស្រ័យ​នូវ​ដង​ព្រៃ​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ​ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​អាត្មា​អញ​ ​មិន​ទាន់​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ឯណា ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ចៀសចេញ​ចាក​ដង​ព្រៃ​នោះ​ ​ក្នុង​ចំណែក​នៃ​រាត្រី ​ឬ​ក្នុង​ចំណែក​នៃ​ថ្ងៃ ​មិន​ត្រូវ​នៅ​ក្នុង​ដង​ព្រៃ​នោះ​ឡើយ​ ។​

[២៣៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​ណា​មួយ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ​ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​ ​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា ​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​នេះ​ ​ចិត្ត​ដែល​មិន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក អាត្មា​អញ​ ចេញ​ចាក​ផ្ទះ ​មក​បួស​នេះ​សោត ​ព្រោះ​ហេតុ​តែ​ចីវរ​ក៏​ទេ អាត្មា​អញ​ ចេញ​ចាក​ផ្ទះ ​មក​បួស ​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​សេនាសនៈ ​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ក៏​ទេ​ដែរ​ តាំងពីដួច អាត្មា​អញ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​អាត្មា​អញ​មិន​ទាន់​បាន​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​បាន​ដល់​ដដែល​ ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ បើ​ដឹង​ ​(​នូវ​កិរិយា​មិន​ដល់​នូវ​សមណ​ធម៌​យ៉ាង​នេះ​ហើយ​)​ ត្រូវចេញ​ចាក​ដង​ព្រៃ​នោះ​ ​មិន​ត្រូវ​នៅ​ ​(​ក្នុង​ដង​ព្រៃ​នោះ​ឡើយ​)​ ។​

[២៣៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដង​ព្រៃ​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​ដង​ព្រៃ​នេះ​ សតិ​ដែល​មិន​ទាន់​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើង​ផង ​ចិត្ត​ដែល​មិន​ទាន់​បាន​ខ្ជាប់ខ្ជួន ​ក៏​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ អាត្មា​អញ​ ​ក៏​បាន​ដល់​ ​ដោយ​លំដាប់ផង ។​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ អាត្មា​អញ​ ចេញ​ចាក​ផ្ទះ ​មក​បួស​នេះ​សោត ​ព្រោះ​ហេតុ​តែ​ចីវរ​ក៏​ទេ អាត្មា​អញ​ ចេញ​ចាក​ផ្ទះ ​មក​បួស ​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​សេនាសនៈ ​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ក៏​ទេ​ដែរ​ តាំងពីដួច អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ សតិ​ដែល​មិន​ទាន់​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ទាន់ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ អាត្មា​អញ​ ​ក៏​បាន​ដល់​ដោយ​លំដាប់​ផង ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ បើពិចារណាឃើញ ​(​យ៉ាង​នេះ​)​ហើយ​ ​គប្បី​នៅ​ក្នុង​ដង​ព្រៃ​នោះ​ ​មិន​ត្រូវ​ចៀសចេញទេ ។​

[២៣៨] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដង​ព្រៃ​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដង​ព្រៃ​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដង​ព្រៃ​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​ដង​ព្រៃ​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ ​ក៏​បាន​ដល់​ដោយ​លំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​នៅ​ក្នុង​ដង​ព្រៃ​នោះ​ ដរាប​ដល់​អស់​ជីវិត ​មិន​ត្រូវ​ចៀសចេញទេ ។​

[២៣៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ស្រុក​ណា​មួយ​ ។​បេ ។​ ​ចូល​ទៅ​អាស្រ័យ​នូវ​និគម​ណា​មួយ​ ។​បេ ។​ ​ចូល​ទៅ​អាស្រ័យ​នូវ​ក្រុង​ណា​មួយ ។​បេ ។​ ​ចូល​ទៅ​អាស្រ័យ​នូវ​ជនបទ​ណា​មួយ​ ។​បេ ។​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​នៅ​តែ​មិន​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ អាត្មា​អញ​ ​ក៏​នៅ​តែ​មិន​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​មិន​បាច់លាបុគ្គល​នោះ​ទេ ​គប្បី​ចៀស​ចេញ​ទៅ​ ​ក្នុង​ចំណែក​នៃ​រាត្រី ​ឬ​ក្នុង​ចំណែក​នៃ​ថ្ងៃ ​មិន​គប្បី​ដើរតាម ​(​បុគ្គល​នោះ​)​ឡើយ​ ។​

[២៤០] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​បុគ្គល​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​តាមលំដាប់ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​ដល់​ អាត្មា​អញ​ ​ក៏​នៅ​តែ​មិន​ទាន់​បាន​ដល់​តាមលំដាប់ ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក អាត្មា​អញ​ចេញ​ចាក​ផ្ទះ ​មក​បួស​នេះ​សោត ​ព្រោះ​ហេតុ​តែ​ចីវរ​ក៏​ទេ អាត្មា​អញ​ ចេញ​ចាក​ផ្ទះ​មក​បួស ​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​សេនាសនៈ​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​គិលានប្បច្ចយ​ភេសជ្ជៈ​បរិក្ខារ​ក៏​ទេ​ដែរ​ តាំងពីដួច អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​នៅ​តែ​មិន​បាន​តាំងមាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​នៅ​តែ​មិន​ខ្ជាប់​ខ្ជួន​ដដែល​ អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​នៅ​តែ​មិន​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ អាត្មា​អញ​ ​ក៏​នៅ​តែ​មិន​ទាន់​បាន​ដល់​តាមលំដាប់ ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ពិចារណាឃើញ ​(​យ៉ាង​នេះ​)​ហើយ​ ​មិន​បាច់លាបុគ្គល​នោះ​ទេ ​គប្បី​ចៀសចេញ​ទៅ​ ​មិន​ត្រូវដើរតាមទេ ។​

[២៤១] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​បុគ្គល​ណា​មួយ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​បាន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ អាត្មា​អញ​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​លំបាក អាត្មា​អញ​ ចេញ​ចាក​ផ្ទះ ​មក​បួស​នេះ​សោត ​ព្រោះ​ហេតុ​តែ​ចីវរ​ក៏​ទេ អាត្មា​អញ​ ចេញ​ចាក​ផ្ទះ​មក​បួស ​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​សេនាសនៈ​ក៏​ទេ​ដែរ​ ​ព្រោះ​ហេតុ​តែ​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ក៏​ទេ​ដែរ​ តាំងពីដួច អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​បាន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ អាត្មា​អញ​ ​ក៏​បាន​ដល់​តាមលំដាប់ ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ បើពិចារណាឃើញ ​(​យ៉ាង​នេះ​)​ ​ហើយ​ ត្រូវដើរតាមបុគ្គល​នោះ​ ​មិន​ត្រូវ​ចៀសចេញទេ ។​

[២៤២] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​បុគ្គល​ណា​មួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​បុគ្គល​នោះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មា​អញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ សតិ​ដែល​មិន​បាន​តាំងមាំ ​ក៏​បាន​តាំងមាំឡើងផង ​ចិត្ត​ដែល​មិន​បាន​ខ្ជាប់ខ្ជួន ​ក៏​បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈ​ទាំង​ឡាយ ​ដែល​មិន​ទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង ​ធម៌​ដ៏​ក្សេម​ចាក​យោគៈ ​គឺ​អរហត្ត ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិន​ទាន់​បាន​ដល់​ អាត្មា​អញ​ ​ក៏​បាន​ដល់​តាមលំដាប់ផង ​គ្រឿង​បម្រុង​ជីវិត​ទាំង​ឡាយ​ ​គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ​និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំង​នោះ​ ​ក៏​កើត​ឡើង​ដោយ​មិន​លំបាក ។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ ទោះបីបុគ្គល​នោះ​ បណ្តេញចេញ​ក៏​ដោយ​ ត្រូវ​តែ​ដើរតាម ​មិន​ត្រូវចៀស​ចេញ​ចាក​បុគ្គល​នោះ​ ដរាប​ដល់​អស់​ជីវិត ។​ លុះ​ព្រះ​មាន​ព្រះ​ភាគ ​បាន​សំដែង​វនបត្ថសូត្រ​នេះ​ចប់​ហើយ​ ​ពួក​ភិក្ខុ​ទាំង​នោះ​ ​ក៏​មាន​សេចក្ដី​ពេញ​ចិត្ត​ ត្រេកអរ​នឹង​ភាសិត របស់​ព្រះ​មាន​ព្រះ​ភាគ ។​

ចប់ វនបត្ថសូត្រ ទី៧ ។​

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសក > បឋមភាគ (សៀវភៅភាគ ២០ ទំព័រទី ៣៩៥)