វិទ្យាល័យ ចម្រើនវិជ្ជា
វិទ្យាល័យ ចម្រើនវិជ្ជា គឺជាស្ថាប័នអប់រំឯកជនមួយបង្កើតឡើងសម្រាប់ជួយដល់កូនខ្មែរទូទៅឱ្យទទួលបានការរៀនសូត្រដោយឥតគិតថ្លៃ ដែលមានបួនសាលាដូចជា សាខាគោលស្ថិតនៅក្នុងខេត្តព្រៃវែង សាខាទី២និងទី៣ស្ថិតនៅខេត្តត្បូងឃ្មុំ និងសាខាទី៤ស្ថិតនៅទីរួមខេត្តកំពង់ចាម។
អត្ថន័យនៃឈ្មោះ
កែប្រែពាក្យថា ចម្រើនវិជ្ជា មកពីពាក្យ ចម្រើន + វិជ្ជា
ចម្រើន មានន័យថា ធ្វើឱ្យចម្រើន, ឱ្យកើនឡើងៈ ចម្រើនមេត្តា ចម្រើនកម្មដ្ឋាន។
វិជ្ជា មានន័យថា សេចក្តីដឹងច្បាស់ ការចេះដឹង ចំណេះ វេទមន្ត អាគមៈ វិជ្ជាលេខ, វិជ្ជាពេទ្យ។
ដូច្នេះ ចម្រើនវិជ្ជា មានន័យថា ធ្វើឱ្យចម្រើនឬ ធ្វើឱ្យកើននូវចំណេះដឹង ប្រាជ្ញា ស្មារតី ទេពកោសល្យ។
ប្រវត្តិ
កែប្រែវិទ្យាល័យចម្រើនវិជ្ជា ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៨ ដោយលោកបូជាចារ្យ អាល់ប៊ែរតូ កាការ៉ូ។ វិទ្យាល័យនេះ មានទីតាំងនៅភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ប៉ុន្តែសព្វថ្ងៃរដ្ឋបាលខេត្តព្រៃវែងបានចាត់តំបន់នេះចូលទៅក្នុងរដ្ឋបាលក្រុង គឺភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ស្រុកកំពង់លាវ ក្រុងព្រៃវែង។
សាខា
កែប្រែ- សាខាគោល ឬសាខាទី១ៈ វិទ្យាល័យចម្រើនវិជ្ជា ទីតាំងគោល ស្ថិតនៅក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ បើយើងធ្វើដំណើរពីទីរួមខេត្តព្រៃវែងទៅដល់សាលាគឺ មានចម្ងាយប្រហែល៥គីឡូម៉ែត្រ។ វិទ្យាល័យនេះ ស្ថិតលើបណ្តោយផ្លូវជាតិលេខ១១ ខាងឆ្វេងដៃ។ វិទ្យាល័យនេះ មាន៣អគារសិក្សា ចែកចេញជា៦បន្ទប់ ទីចាត់ការ១បន្ទប់ បន្ទប់រៀន៣។ រីឯបណ្ណាល័យមានទីតាំងដាច់ដោយឡែកពីអគារសិក្សា។ បណ្ណាល័យនេះ មានឈ្មោះថា "បណ្ណាល័យសន្តលូកា" ចែកចេញជាពីរជាន់ ជាន់ផ្ទាល់ដីជាបន្ទប់ដាក់សៀវភៅ និងជាន់ទី១ជាបន្ទប់កុំព្យូរទ័រ។ ក្រៅពីនេះមានសាលប្រជុំខាងក្រៅមួយ ផ្ទះស្នាក់នៅរបស់យុវជនមួយខ្នង និងបន្ទប់ទឹកមួយខ្នងមានបីបន្ទប់ ចែកចេញជា បន្ទប់គ្រូ បន្ទប់ស្រី និងបន្ទប់ប្រុស។
- សាខាទី២ៈ អនុវិទ្យាល័យចម្រើនវិជ្ជា (សាខាត្បូងឃ្មុំ) មានទីតាំងស្ថិតនៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ សាលារៀននេះ ស្ថិតនៅដាច់ស្រយាលពីទីប្រជុំជន បើយើងគិតពីភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយ១០គីឡូម៉ែត្រ។ បើយើងទៅដល់ភូមិពងទឹកនេះ យើងនឹងឃើញផ្លូវបត់ខាងស្តាំដៃ ដែលជាផ្លូវលំធម្មតា ដោយឆ្លងកាត់ចម្ការកៅស៊ូ ប្រមាណជា៥គឺឡូម៉ែត្រនឹងទៅដល់ភូមិមួយឈ្មោះថា ភូមិស្រះត្រកួន ហើយបន្តទៀតនឹងទៅដល់ភូមិផ្កាដូងតែម្តង។ សាលារៀននេះ មានអគារសិក្សាចំនួន២អគារ ចែកចេញជា៥បន្ទប់ ក្នុងនោះមានថ្នាក់ទី៧មួយបន្ទប់ ថ្នាក់ទី៨មួយបន្ទប់ ថ្នាក់ទី៩មួយបន្ទប់ ទីចាត់ការមួយបន្ទប់ និងបណ្ណាល័យ១បន្ទប់។ ក្រៅពីបន្ទប់រៀន មានបន្ទប់ទឹក១ខ្នងចំនួន៤បន្ទប់គឺ បន្ទប់ទឹកស្រី១បន្ទប់ បន្ទប់ទឹកប្រុស១បន្ទប់ បន្ទប់ទឹកគ្រូ១បន្ទប់ និងឃ្លាំងដាក់សម្ភារៈអនាម័យ១បន្ទប់ផងដែរ។
- សាខាទី៣ៈ វិទ្យាល័យចម្រើនវិជ្ជា មានទីតាំងស្ថិតនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សាលារៀននេះ មាន១អគារ ចែកចេញជា៤បន្ទប់ បន្ទប់រៀន៣បន្ទប់ ទីចាត់ការ១បន្ទប់។ ក្រៅពីនេះមានអន្តេវាសិកដ្ឋានរបស់គ្រូ២បន្ទប់។ បន្ទប់ទឹកមួយខ្នងមាន៣បន្ទប់ បន្ទប់ទឹកគ្រូ១បន្ទប់ បន្ទប់ទឹកស្រី១បន្ទប់ និងបន្ទប់ទឹកប្រុស១បន្ទប់។
- សាខាទី៤ៈ វិទ្យាល័យចម្រើនវិជ្ជា មានទីតាំងស្ថិតនៅ ខេត្តកំពង់ចាម ដែលនៅតាមបណ្តោយវិថីខេមរៈភូមិន្ទ និងវិថីព្រះបាទអង្គចន្ទ។
កម្មវិធីសិក្សា
កែប្រែការបង្រៀនៈ សាលារៀនចម្រើនវិជ្ជា ជាសាលាឯកជនមួយដែលមានកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សាជាតិ ហើយអនុវត្តមុខវិជ្ជាសិក្សាដូចទៅនឹងសាលារដ្ឋដែរ។ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់សាលារៀនចម្រើនវិជ្ជាមានភាពខុសពីសាលារដ្ឋគឺ កូនសិស្សដែលបានចូលមកសិក្សានៅសាលានេះមិនតម្រូវឱ្បបង់លុយ ឬរៀនគួរបន្ថែមឡើយ។ ផ្ទុយទៅវិញសាលាបានបន្ថែមចំនួនម៉ោងទៅលើមុខវិជ្ជសំខាន់ៗដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរជាដើម។
ចាប់តាំងពីឆ្នាំ ២០១៧ ក្រោមការរៀបចំរបស់ផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា សិស្សានុសិស្ស មកពីវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីដំណើរការ ជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯក។[១] ដំណើរទស្សនកិច្ចរបស់ សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែម នូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ ពិនិត្យមើលទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលបន្សល់ទុកពី របបខ្មែរក្រហម និងការចងចាំរឿងរ៉ាវអតីតកាល។ [២]
ឯកសារយោង
កែប្រែ- ↑ សាលាក្តីខ្មែរក្រហមបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំមេដឹកនាំខ្មែរក្រហមជូនដល់សាធារណជន, GrandNews, ថ្ងៃពុធ ទី ១៨ មករា ២០១៧[តំណភ្ជាប់ខូច]
- ↑ សិស្សជាង៣០០នាក់ មកពីវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម, FreshNews Asia, ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧
តំណភ្ជាប់
កែប្រែអត្ថបទទាក់ទងនឹងសាលារៀននេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |