ខេត្តព្រៃវែង
ខេត្តព្រៃវែង គឺជាខេត្តមួយនៃប្រទេសកម្ពុជា ខេត្តព្រៃវែងជាខេត្តមួយដែលស្ថិតនៅតំបន់ទំនាបកណ្ដាលជាខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជា ខេត្តព្រៃវែងជាខេត្តមួយដែលមានចំនួនប្រជាជន១.១ លាននាក់ច្រើនជាងគេទី៣នៅក្នុងប្រទេសកម្ពុជា ខេត្តព្រៃវែងជាប់នឹងដងទន្លេមេគង្គដែលអំណោយផលក្នុងវិស័យកសិកម្មផងដែរ។
ខេត្តព្រៃវែង | |
---|---|
ខេត្ត | |
ស្ពានអ្នកលឿង | |
ផែនទីប្រទេសកម្ពុជាមានពណ៌ក្រហមបញ្ជាក់ពីខេត្តព្រៃវែង | |
កូអរដោនេ: 11°29′N 205°20′E / 11.483°N 205.333°ECoordinates: 11°29′N 205°20′E / 11.483°N 205.333°E{{#coordinates:}}: invalid longitude | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ក្រុងព្រៃវែង |
ផ្ទៃក្រឡា | |
• សរុប | ៤៨៨៣ គម2 (១៨៨៥ ម៉ាយ ការ) |
ប្រជាជន (២០០៨)[១] | |
• សរុប | ៩៤៧៣៥៧ |
• សន្ទភាព | ១៩០/km2 (៥០០/sq mi) |
ល្វែងម៉ោង | UTC+០៧ |
លេខក្រមទូរស័ព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៤ |
ស្រុក | ១២ |
ឃុំ | ១១៦ |
ភូមិ | ១១៣៩ |
ខេត្តព្រៃវែង មានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ហើយខេត្តព្រៃវែងមានទីរួមខេត្តមួយគឺ ក្រុងព្រៃវែង ។
រឿងព្រេង
កែប្រែជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំ កកើតឡើងដោយមានឈ្មោះថា នគរបាភ្នំ។ នគរនេះមានព្រះមហាក្សត្រ បានដឹកនាំមេទ័ពស្រី និងប្រុសយ៉ាងខ្លាំងពូកែ គ្រប់គ្រងលើតំបន់អាណាខេត្តនានា ទាំងអស់។ ទ័ពការពារ នគរបាភ្នំ មានទ័ពបា និងទ័ពមេជាច្រើន ហើយបណ្តាទ័ពបរទេសតែងបាក់ខ្លបខ្លាចទ័ពនគរបាភ្នំ។ នៅសម័យនោះ គឺស្រីដែលដណ្តឹងប្រុស។ ម្យ៉ាងទៀតទ័ពបានិងទ័មេតែងតែប្រឡងប្រជែងគ្នា លើការងារបំរើនគរហើយនាំគ្នាពូនភ្នំប្រឡងប្រជែង។ ខាងបាគេពូនភ្នំខាងបាខាងមេដែងគេពូនខាង មេដែង និងសន្មតផ្កាយព្រឹករះគឺឈប់សំរាកពូនភ្នំ។ ពេលនោះទ័ពខាងមេដែលមានល្បិចចង់ឈ្នះទ័ពខាងបាបានធ្វើគោមហោះមួយខ្ពស់នៅខាងគេ។ ខាងបាកាលបានមើលឃើញគោមនោះរះឡើង ស្មានថាផ្កាយព្រឹករះក៏ឈប់សំរាកពូនភ្នំ។ ខាងទ័ពមេដែងគេនៅតែពូនភ្នំដល់ផ្កាយព្រឹករះ។ ដូច្នេះ ខាងមេដែងគេពូនភ្នំបានខ្ពស់ជាខាងទ័ពបា។គេបន្ត ប្រឡងប្រជែងគ្នា ខាងបាញ់ធ្នូទៅវិញទៅមកបន្តទៀត។ ខាងទ័ពបាគេកាច់ឈើល្អៗធ្វើព្រួញបាញ់ទៅខាងមេដែងជាប់នាមថាភ្នំឈើកាច់ ។ ខាងភ្នំមេដែងមានដើមឈើល្អៗដុះរហូតមកដល់សព្វថ្ងៃនេះ។ ខាងទ័ពភ្នំ មេដែង គេកាច់ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបា។ ម្លោះហើយភ្នំឈើកាច់មានដើមឈើតូចតាច ទាប មិនល្អដុះរហូតមកដល់សព្វថ្ងៃ ជាប់នាមមកថា បាភ្នំ និង ភ្នំមេដែង ។ បណ្តាទ័ពភ្នំបា និង ភ្នំមេដែង បានបន្តប្រឡងប្រជែងមហិទ្ធិរិទ្ធដោយទ័ពបា ប្រើដំរីស្តរ ទៅពិតភ្នំមេដែង បាក់ មួយជំហៀងខាងជើង ឯទ័ពខាងភ្នំមេដែង ប្រើមាន់សម្រាប់កកាយភ្នំបា ឱ្យរតាត់រតាយ គ្នីគ្នា ដូចជា ភ្នំមាន់កាយ ក្លាយមកជាភ្នំធម្មាការជាដើម ។ មេទ័ពមួយមានហិទ្ធិរិទ្ធិខ្លាំងពូកែឈ្មោះ តេជោ មានប្រព័ន្ធឈ្មោះ រ័ត្ន ជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រគ្រប់គ្រងទាំងអស់។ តេជោ និងនាងរ័ត្នមានកូនប្រុសមួយឈ្មោះថា មគ្គរីផល ហើយបានបញ្ជូនទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិច។ ស្តេចក្រិចទទួលរាប់អានស្រឡាញ់មគ្គរីផលណាស់ ដោយប្រគល់មគ្គរីផលឱ្យទៅមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាបាមោក បង្ហាត់បង្រៀនក្បួនវេទមន្ត និងក្បួនចំបាំងសាងសង់ទាំងឡាយ។ មគ្គរីផលរៀនសូត្រពូកែលើសសិស្សដទៃ ពេលនោះស្តេចក្រិច និងអាចារ្យទេសាបាមោក ទ្រង់សព្វព្រះហឫទ័យនិងស្រឡាញ់មគ្គរីផលណាស់។ ស្តេចក្រិចទ្រង់បញ្ជាឱ្យមេទ័ពក្រិច គឺអាចារ្យទេសាបាមោកឱ្យរកល្បិចយ៉ាងណាកុំឱ្យមគ្គរីផលវិលត្រឡប់មកនគរបាភ្នំវិញ។ មេទ័ពក្រិចមានកូនក្រមុំមួយឈ្មោះថា មេ ស ដែលគាត់នឹងផ្សំផ្គុំឱ្យមគ្គរីផល។ មេទ័ពក្រិចរូបនោះបាននិយាយលួងលោមផង និងបាននិយាយគំរាមផង ដោយថា បើមគ្គរីផលក្បត់សន្យានឹងកាត់ក្បាលចោល រហូតធ្វើឱ្យមគ្គរីផលខ្លាចនិងធ្វើតាមកិច្ចសន្យា។ បន្ទាប់ពីបានក្លាយជាមេទ័ព និងបានរៀបការជាមួយនាងមេ ស អស់រយៈបីឆ្នាំពួកគេក៏ទទួលបានកូនប្រុសមួយឈ្មោះថា គរីជោត។ កាលនោះនគរភ្នំមានកើតសឹកសង្រ្គាម និងទ័ពជិតខាងឈ្លានពាន ព្រះមហាក្សត្រនគរភ្នំបានត្រាស់បញ្ជាឱ្យតេជោដែលមានវ័យចាស់ប្រមូលពលវាយបង្រ្កាបសត្រូវ។ ឆ្លៀតឱកាសនោះតេជោជាឪពុកបានផ្ញើសំបុត្រមួយទៅមគ្គរីផលដែលជាកូន ដោយបញ្ជាក់ថាគាត់ឈឺធ្ងន់។ ក្រោយបានទទួលដំណឹងភ្លាមមគ្គរីផលក៏សម្រេចចិត្តរត់ចោលប្រពន្ធកូនមកដល់នគរបាភ្នំ ជាស្រុកកំណើតជួបជុំឪពុកម្តាយ។ ការរត់នេះព្រោះខ្លួនបានក្បត់សន្យាជាមួយឪពុកក្មេកកាលពីពេលកន្លងមក។ បន្ទាប់ពីកូនប្រុសត្រឡប់មកវិញតេជោនិងនាងរ័ត្នក៏បាននាំកូនទៅគាល់ព្រះមហាក្សត្រ ពេលនោះស្តេចនគរភ្នំទ្រង់សព្វព្រះទ័យជាមួយមគ្គរីផលជាខ្លាំង ក៏តែងតាំងជាមេទ័ព។បន្ទាប់ព្រះមហាក្សត្របានបញ្ជាឱ្យ ធម្មាតេជោ ដែលជាឪពុកនិងនមគ្គរីផលប្រមូលទ័ពមានទ័ពដំរីទ័ពដំបងដែក ស្នរ លំពែង ទ័ពទូងស្គរ ធ្នូ ស្នា ទ័ពបោសលាន ដើម្បីបង្រ្កាបទ័ពឈ្លានពាន។ ដូចនេះទ័ពត្រូវពង្រាយជុំវិញនគរភ្នំ មានតាំងមុខភ្នំព្រៃដំរី រហូតដល់ភ្នំមេដែង។ ចំណែកស្តេចនគរក្រិចវិញ កាលបើដឹងថាមគ្គរីផលរត់ចោលនគរក្រិច រត់ចោលប្រពន្ធ កូន ហើយក្បត់នឹងកិច្ចសន្យា ក៏ត្រាស់បញ្ជាឱ្យមេទ័ពក្រិចដែលជាឪពុកក្មេកមគ្គរីផល ឱ្យមានវិធានការតាមសម្លាប់មគ្គរីផល។ បន្ទាប់មកអាចារ្យទេសាបាមោក និងជាមេទ័ពបានធ្វើហិបយន្តមួយថ្វាយស្តេចក្រិច និងផ្ញើរសារមកនគរភ្នំ ដោយសង្កត់ធ្ងន់ថា ហិបយន្តនេះអ្នកខ្លាំងពូកែទើបអាចបើកបាន បើបើកមិនបានទេ នគរក្រិចនឹងលើកទ័ពមកកំទេចនគរភ្នំដាក់ជាចំណុះ។ ព្រះមហាក្សត្រក៏រិះរកអ្នកខ្លាំងពូកែដើម្បីបើកហិបនោះ ពេលនោះមគ្គរីផលដឹងខ្លួនថា ហិបយន្តនោះច្បាស់ជាឪពុកក្មេកផ្ញើរឱ្យមកកាត់ក្បាលគាត់ហើយ ហើយហិបនេះមានតែរូបគាត់ទេទើបបើកបាន។មគ្គរីផលស្រឡាញ់នគរនិងព្រះមហាក្សត្រ បាននិយាយដំណើររឿងនេះជូនឪពុកស្តាប់ ហើយឧកញ៉ាធម្មាតេជោក៏បាននាំដំណឹងនេះទៅបង្គំគាល់ស្តេច។ បន្ទាប់មកស្តេចក៏បានត្រាស់បង្គាប់ឱ្យមគ្គរីផលបើកហិបយន្តនោះ។ ពេលនោះហិបយន្តបើកបាន ម៉ាស៊ីនក៏បានកាត់ក្បាលមគ្គរីផល ធ្លាក់ចូលក្នុងហិបយន្តនោះរួចគេក៏បានយកហិបនោះទៅនគរក្រិចវិញ។ រីឯនាងមេ ស និងកូនពេលដឹងដំណឹងនេះ ក៏បាននាំគ្នាមកដល់នគរបាភ្នំដែលកំពុងតែតម្កល់សពមគ្គរីផល ហើយពេលមកដល់ឪពុកម្តាយក្មេកក៏នាំនាងនិងកូនទៅគាល់ស្តេច។ បន្ទាប់មកស្តេចនគរភ្នំក៏តែងតាំងនាងជាមេទ័ព និងកូនជាទីប្រឹក្សាផ្ទាល់របស់នាង។ ក្រោយពីឃើញសាកសពឪពុកគរីជោត ក៏ចង់ជប់សពឪពុកឱ្យរស់វិញ តែរកក្បាលមកដាក់មិនត្រូវដងខ្លួនឪពុកក៏សម្រេចកាត់ក្បាលដំរីមកដាក់ ស្រាប់តែមគ្គរីផលបានរស់ឡើងវិញតែមានខ្លួនជាមនុស្សនិងក្បាលជាដំរី ដែលគេតែងហៅថា ព្រះគណេស។ លុះតំណក្រោយមកនាងមេ-សនិងកូន បានបំរើស្តេច បំរើទ័ព និងប្រជាពលរដ្ឋបានសុខសាន្តរហូតមក ដោយអនុវត្តតាមព្រះរាជបញ្ជាបុណ្យរំលឹកគុណមគ្គរីផល ដែលតមកហៅថា បុណ្យឡើងអ្នកតា។ ប្រវត្តិនគរបាភ្នំបានក្លាយមកជាអាណាខេត្តបាភ្នំ ហើយមកជាស្រុកបាភ្នំ។ ចៅហ្វាយអាណាខេត្តឬស្រុកមានងារថា អ្នកឧកញ៉ាធម្មាតេជោ ហើយចៅហ្វាយស្រុកបាភ្នំមានត្រាជារូបហនុមាន។[២]
ប្រវត្តិសាស្ត្រ
កែប្រែភូមិសាស្ត្រ
កែប្រែខេត្តព្រៃវែង ជាខេត្តដែលមានទីតាំងស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ខេត្តស្វាយរៀង និងវៀតណាម ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងលិចជាប់ខេត្តកណ្តាល និងខាងត្បូងជាប់វៀតណាម។ ខេត្តព្រៃវែង មានច្រកអន្តរជាតិចំនួន ៣ កន្លែងគឺ ទី១ ច្រកអន្តរជាតិម៉ឺនជ័យ (ស្រុកកំចាយមារ) ទី២ ច្រកអន្តរជាតិបន្ទាយចក្រី (ស្រុកព្រះស្តេច) ទី៣ ច្រកអន្តរជាតិកោះរការ (ស្រុកពាមជរ) នឹងមានផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា (១៨១ ០៣៥ គម²), ដែលក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃតំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន
កែប្រែចំនួនប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុងចំនួនខាងលើនេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជាអ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជាមធ្យមនៃខេត្តនេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
បំណែងចែករដ្ឋបាល
កែប្រែខេត្តនេះត្រូវបានបែងចែកជា ក្រុងចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷
ខេត្តព្រៃវែង | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ | ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង | ចំនួនឃុំ-សង្កាត់ |
១៤០១ | ស្រុកបាភ្នំ | Ba Phnum District | ៩ |
១៤០២ | ស្រុកកំចាយមារ | Kamchay Mear District | ៨ |
១៤០៣ | ស្រុកកំពង់ត្របែក | Kampong Trabaek District | ១៣ |
១៤០៤ | ស្រុកកញ្ជ្រៀច | Kanhchriech District | ៨ |
១៤០៥ | ស្រុកមេសាង | Me Sang District | ៨ |
១៤០៦ | ស្រុកពាមជរ | Peam Chor District | ១០ |
១៤០៧ | ស្រុកពាមរក៍ | Peam Ro District | ៨ |
១៤០៨ | ស្រុកពារាំង | Pea Reang District | ៩ |
១៤០៩ | ស្រុកព្រះស្ដេច | Preah Sdach District | ១១ |
១៤១០ | ក្រុងព្រៃវែង | Krong Prey Veng | ៤ |
១៤១១ | ស្រុកពោធិ៍រៀង | Pur Rieng District | ៦ |
១៤១២ | ស្រុកស៊ីធរកណ្ដាល | Sithor Kandal District | ១១ |
១៤១៣ | ស្រុកស្វាយអន្ទរ | Svay Antor District | ១១ |
តំបន់ទេសចរណ៍
កែប្រែខេត្តព្រៃវែងមានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកំសាន្តបាន ៖
- រមណីយដ្ឋាននគរភ្នំ : រមណីយដ្ឋានគំរូស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីយដ្ឋានមួយដែលមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗជួបជុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនាតាមលទ្ធិព្រាហ្មណ៍មួយ គឺ បុណ្យឡើងអ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។ ប្រជាជនតែងប្រារព្ធធ្វើបុណ្យឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះពិធីនេះគឺជាទំនៀមទម្លាប់មានតាំងពីបុរាណ ។ ប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធធ្វើពិធីនេះដើម្បីរំលឹកគុណបុព្វបុរស ដើម្បីសុំសេចក្ដីសុខ សុំទឹកភ្លៀង និង ជាពិសេសដើម្បីសុំអ្នកតាមេសរជួយការពារសុវត្ថិភាព និង សន្តិសុខជូនប្រជាជន ។
- ប្រាសាទព្រះវិហារច័ន្ទ : ស្ថិតនៅក្នុងស្រុកបាភ្នំ ។
- ទំនប់ស្នេហ៍ : ស្ថិតនៅក្នុងស្រុកបាភ្នំ ។
- មជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជភូមិបាទី : ឃុំពាមរក៍ ស្រុកពាមរក៍ ។
- បូជនីយដ្ឋានបារមីបារាយណ៍អណ្តែត : ភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
- តំបន់ចុងប៉ម : ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
- ប្រាសាទព្រៃដើមស្រុក : ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
- កន្លែងតម្កល់ទូក ង វែងជាងគេលើពិភពលោក ក្រុងព្រៃវែង
- កន្លែងមើលសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ស្រុកបាភ្នំ។
- ស្ពានអ្នកលឿង ស្រុកពាមរក៍
- រមណីយដ្ឋានដីដុះ (ស្វាយភ្លោះ ពាមជរ)។
- សួនសត្វតាដា ស្រុកកំចាយមារ
- វាលស្រែក្បែរស្ពានអ្នកលឿង
- ភូមិសុខារាវី (កោះកម្ពុជា) ស្រុកកំពង់ត្របែក
សេដ្ឋកិច្ច
កែប្រែរាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា "ខ្សែក្រវាត់បៃតងធំ" នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូក៏ឃើញមាននៅតំបន់ខ្លះក្នុងស្រុកកំចាយមារផងដែរនៅក្នុងសម័យបច្ចុប្បន្ន។ ផ្សារសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖
តំណភ្ជាប់ក្រៅ
កែប្រែ- វ៉ែបសាយ គ្រប់គ្រងរដ្ឋបាល Archived 24 December 2008[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
ឯកសារពិគ្រោះ
កែប្រែ- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 11 September 2010[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងទេសចរកម្ពុជា
- ↑ General Population Census of Cambodia 2008 - Provisional population totals, National Institute of Statistics, Ministry of Planning, released 3rd September, 2008
- ↑ Radio, VAYO FM. "ប្រវត្តិខេត្តព្រៃវែងរបស់កម្ពុជា! - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2023-07-05.