វិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧
វិបត្តិសេដ្ឋកិច្ចអាស៊ីអគ្នេយ៍ឆ្នាំ ១៩៩៧ បានបង្អាក់ដល់ទស្សនៈរបស់លោក អេនវ៉ អ៊ីប្រាហ៉ីម (Anwar Ibrahim) ដែលក្រោយមកលោកបានក្លាយជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាទ្បេស៊ី ចំពោះអ្វីដែលគាត់បានធ្វើការសរសើរនៅ ក្នុងឆ្នាំ ១៩៩៤ ថា “ដំណើរកើតទ្បើងជាថ្មីរបស់អាស៊ី នោះ ។ វិបត្តិនេះបានសរបញ្ជាក់នូវការភ័យខ្លាចដែលថា សាជីវកម្មឆ្លងដែន និង ក្រុមអ្នកគាំទ្រសាជីវកម្មទាំងនោះ ពិតជាមិនចង់បាននូវរដ្ឋអាស៊ីអគ្នេយ៍មួយដ៏រឹងមាំនោះទេ ។ នៅពាក់កណ្តាលឆ្នាំ ១៩៩៧ ធនាគារកណ្តាលរបស់ប្រទេសថៃ បានធ្វើការបញ្ចុះតម្លៃរូបិយវត្ថុ “បាត” និង ធ្វើអោយ រូបិយវត្ថុបាត លែងមានចំណងទាក់ទងជាមួយនឹងដុល្លារសហរដ្ឋអាមេរិក ដែលធ្លាប់មានតាំងពីឆ្នាំ ១៩៨៤ មកម៉្លេះ ។ ការណ៍នេះ បណ្តាលអោយមានលេចទ្បើងនូវសំណួរដែលថា តើសហគ្រាសពាណិជ្ជកម្មនឹងត្រូវសងនូវបំណុលដ៏ច្រើន របស់ពួកគេទៅអោយបណ្តាប្រទេសផ្សេងៗ ដែលធ្វើអោយប្រទេសថៃជួបប្រទះនូវឱនភាពពាណិជ្ជកម្ម និង សល់នូវ រូបិយប័ណ្ណបរទេស ដែលបំរុងទុកតិចតួចបំផុតនោះ ឬ យ៉ាងម៉េច ។
បណ្តាប្រទេសអាស៊ីអគ្នេយ៍ដទៃៗទៀត ក៏បានជួបប្រទះនូវឱនភាពពាណិជ្ជកម្មដូចប្រទេសថៃ និង រួមចំណែក ទទួលរងនូវគ្រោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះផងដែរ ។ ទោះបីជាមាននូវការជជែកវែកញែកអំពីសារៈសំខាន់នៃកត្តា ផ្សេងៗជាច្រើនដែលមានការពាក់ព័ន្ធក៏ដោយ ក៏បរិបទជាទូទៅនៃឱនភាពអាស៊ីអគ្នេយ៍ រួមមានដូចជា ៖
១. វដ្តនៃការធ្លាក់ចុះ នូវតំរូវការពិភពលោកចំពោះទំនិញអេទ្បិចត្រូនិច ដែលសហគ្រាសផលិតក្នុងស្រុក ភាគច្រើនបានផ្តោតលើ ។
២. ការកកើតទ្បើងយ៉ាងឆាប់រហ័សនូវការប្រកួតប្រជែងជាមួយនឹងការនាំចេញរបស់ប្រទេសចិន ពីព្រោះតែ ប្រទេសចិនក្រោយសម័យដែលគ្រប់គ្រងដោយលោក ម៉ៅ បានផ្លាស់ប្តូរយ៉ាងសន្សឹមៗទៅរក គោលនយោបាយអភិវឌ្ឍន៍ផ្អែកលើការនាំចេញជាចំបង ។ និង
៣. ការធ្លាក់ចុះនូវការវិនិយោគ រួមទាំងការបដិសេធរបស់ប្រទេសជប៉ុន ដែលជាប្រទេសអ្នកមានបំផុត នៅអាស៊ី ក្នុងការទទួលយកនូវការនាំចូលទំនិញពីអាស៊ីអគ្នេយ៍បន្តទៀត ។
(យោងទៅលើការប៉ាន់ប្រមាណមួយ សហរដ្ឋអាមេរិកបានទិញទំនិញផលិតកម្មនាំចេញរបស់បណ្តាប្រទេសដែលមិន រាប់បញ្ចូលក្នុងចំណោមប្រទេសលោកខាងលិចទាំងទ្បាយ ចំនួន ៧០ ភាគរយ នាចុងទសវត្សឆ្នាំ ១៩៨០ ហើយចំណែកឯប្រទេសជប៉ុនវិញ ដែលមានសេដ្ឋកិច្ចយ៉ាងហោចណាស់ស្មើនឹង ២ ភាគ ៣ នៃសេដ្ឋកិច្ច សហរដ្ឋអាមេរិកនោះ បានទិញទំនិញនាំចេញទាំងនោះតែ ៨ ភាគរយប៉ុណ្ណោះ) ។ ទាក់ទិនទៅនឹងទង្វើផ្តល់ឥណទាន ស្រពិចស្រពិល មិនមានសុភវិនិច្ឆ័យត្រឹមត្រូវ និង ក្នុងទំរង់ពុករលួយផងនោះ ដែលអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុ កំពូលៗភាគច្រើននៅក្នុងតំបន់ យើងអាចវាយតំលៃបានថា នេះអាចជាគ្រោះអាក្រក់មួយ ដែលនឹងអាចកើតមាន ទ្បើងជាយថាហេតុជាក់ជាមិនខាន ។
ស្ថានការណ៍ដ៏អាក្រក់បំផុត គឺកើតទ្បើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលរូបិយវត្ថុឥណ្ឌូនេស៊ីបានធ្លាក់ថ្លៃរហូត ដល់ ៣ ភាគ ៤ នៃតម្លៃដើមរបស់វា នៅពាក់កណ្តាលឆ្នាំ ១៩៩៧ ។ បញ្ហានេះ បានបង្កអោយមានការបិទទ្វារ រោងចក្រ និង ភាពអត់ការងារធ្វើយ៉ាងធ្ងន់ធ្ងរ ។ ពីព្រោះតែថ្លៃនៃទំនិញនាំចូលបានកើនទ្បើង បណ្តាលអោយ ប្រជាជនឥណ្ឌូនេស៊ីជាច្រើននាក់ ដែលកំពុងតែរស់នៅក្នុងភាពក្រីក្រ បានទទួលរងនូវគ្រោះមហន្តរាយនេះកើនទ្បើង ថែមមួយកំរិតទៀត ។ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ដែលបានបង្កើតទ្បើងក្រោមកិច្ចដឹកនាំរបស់សហរដ្ឋ អាមេរិកនៅក្នុងទសវត្សឆ្នាំ ១៩៤០ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច បានធ្វើការ ផ្តល់ជំនួយដល់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ ១៩៩៨ នៅក្នុងតំលៃមួយដើម្បីបញ្ឈប់នូវភាពអភិរក្សនិយម និង ភាព ផ្តាច់មុខក្នុងវិស័យកសិកម្មរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ។ ការធ្វើសេរីភាវូបនីយកម្មដ៏ចាំបាច់ភ្លាមៗនេះ គឺដើម្បីជួយ ស្តារដល់ការដួលរលំផ្នែកសេដ្ឋកិច្ចតែប៉ុណ្ណោះ ។ ដូចដែលលោកប្រធានាធិបតីស៊ូហាតូបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមួយនៅខែមេសា ឆ្នាំ ១៩៩៨ ប៉ុន្មានខែមុនការបញ្ចប់អណត្តិជាប្រធានាធិបតីរបស់គាត់ នាយកគ្រប់គ្រងរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ លោក មីឆែល ខេមដឺសឹស (Michel Camdessus) ដែលត្រូវបានថតរូបឃើញឈរអោបដៃក្បែរលោកស៊ូហាតូ ប្រៀបហាក់បីដូចជា អ្នកអភិបាលអាណានិគមគ្រប់គ្រង ប្រជុំកោះឥណ្ឌា ចាប់ជាតិទ្បើងវិញជាថ្មីអញ្ចឹង ។
មកទល់នឹងពេលដែលវិបត្តិសេដ្ឋកិច្ចនេះបានកើតទ្បើង គេឃើញមេដឹកនាំអាស៊ីអគ្នេយ៍ទាំងទ្បាយបានបន្ត បង្ហាញនូវសញ្ញាណនៃការរំពឹងទុកនូវការកើតទ្បើងនូវអត្រានៃការរីកចំរើនខ្ពស់ផ្នែកសេដ្ឋកិច្ច ដោយមិនបានគិត ទៅដល់ការធ្លាក់ចុះផ្ទួនៗ និង ការប្រែប្រួលភ្លាមៗនូវអារម្មណ៍ និង ទង្វើដែលពួកគេសំដែងទ្បើង ដែលវាធ្លាប់បាន កើតទ្បើងច្រើនដងច្រើនសាររួចមកហើយនៅក្នុងប្រវត្តិសាស្ត្ររបបមូលធននិយមជាទូទៅ ។ ឧទាហរណ៍ដូចជា ឈ្លក់វង្វេងក្នុងការវិនិយោគផ្កា ធ្យូលីប (tulip)ដែលទទួលបាននូវការបរាជ័យដ៏ធ្ងន់ធ្ងររបស់ប្រទេសហូទ្បង់ នៅក្នុង ទសវត្សឆ្នាំ ១៦០០ រហូតដល់ទៅការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩២៩ ជាដើម។ នៅ ក្នុងឆ្នាំ ១៩៩៤ លោកនាយករដ្ឋមន្ត្រីម៉ាទ្បេស៊ី មហាធា មហាម៉េត បានសហនិពន្ធសៀវភៅមួយក្បាល ជាមួយនឹង អ្នកជាតិនិយមជប៉ុន ដែលមានចិត្តក្រេធក្រោធមួយរូប ដែលមានចំណងជើងថា “អាស៊ីដែលអាចនិយាយថា“ទេ“ ” ចំពោះបស្ចិមប្រទេស ដែលក្នុងនោះគាត់បានធ្វើការរំពឹងទុកថា ភាពថ្កុំថ្កើងរបស់ សហរដ្ឋអាមេរិក ដែលមិនមែនជាភាពចំរុងចំរើនរបស់អាស៊ីអគ្នេយ៍នោះ គឺជារឿងអតីតកាលទេ ។ វិបត្តិសេដ្ឋកិច្ច អាស៊ីអគ្នេយ៍ឆ្នាំ ១៩៩៧ ដែលមានទំនាក់ទំនងមិនសូវប្រាកដជាមួយនឹងបញ្ហាសេដ្ឋកិច្ចជប៉ុន គឺជាការភ្ញាក់ផ្អើល ដ៏ធំមួយ មិនចំពោះតែបណ្តាប្រទេសអាស៊ីភាគច្រើននោះទេ ថែមទាំងចំពោះបណ្តាប្រទេសផ្សេងៗជាច្រើនទៀត នៅក្រៅតំបន់អាស៊ី (រួមទាំងវិនិយោគិន នៅក្នុងទ្វីបអាស៊ី) ផងដែរ ។
បញ្ហាបន្ទាន់ភ្លាមៗ គឺថា តើត្រូវកសាងនូវរដ្ឋមួយដ៏រឹងមាំ ជាមួយនឹងការធានាអោយបាននូវស្ថេរភាពប្រសើរចំពោះស្ថាប័នហិរញ្ញវត្ថុ និង ធ្វើអោយមានសមតុល្យភាពចំពោះការយកពន្ធក្នុងស្រុកនានា ដែលនឹងមិនងប់ងល់ជាមួយនឹងការបន្ថែមទុន វិនិយោគរបស់វិនិយោគិនបរទេស ដែលចង់ទទួលបាននូវផលសំរេចខ្ពស់ក្នុងរយៈពេលខ្លី នៅក្នុងក្រុមហ៊ុនទិញលក់ ដីធ្លី ជាជាងនៅក្នុងឧស្សាហកម្មក្នុងស្រុក ឬយ៉ាងណា ។
ឯកសារយោង
កែប្រែដកស្រង់ពីឯកសារបង្រៀនស្តីពី ប្រវត្តិសាស្រ្តអាសីអគ្នេយ៌ ដោយ [https://web.archive.org/web/20110722010800/http://www.garudapura.4t.com/ Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. ថា លាងអាង] [https://web.archive.org/web/20081204005151/http://www.rupp.edu.kh/fssh/history/history.php Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា] សាកលវិទ្យាល័យភូមិន្ទភំពេញ។