សង្គ្រាមប្រាំមួយថ្ងៃ
សង្គ្រាមប្រាំមួយថ្ងៃ (ជាភាសាអង់គ្លេស: Six-Day War, ភាសាអារ៉ាប់: حرب الأيام الستة, ភាសាហេប្រឺ: מלחמת ששת הימים) ត្រូវបានគេស្គាល់ថាជា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៦៧, សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទីបី ឬ សង្គ្រាមខែមិថុនា គឺជាការវាយប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និងបណ្ដារដ្ឋអារ៉ាប់ជិតខាងមាន អេហ្សីប (Egypt) ហ្សកដានី (Jordan) និង ស៊ីរី (Syria) ។ ប្រជាជាតិអារ៉ាប់ដទៃទៀតដូចជា អ៊ីរ៉ាក់ (Iraq), អារ៉ាប៊ីសាអ៊ូឌី (Saudi Arabia), ស៊ូដង់ (Sudan) ទុយនីស៊ី (Tunisia), ម៉ារុក (Morocco) និង អាល់ហ្សេរី (Algeria) ក៏បានផ្ដល់កងទ័ពដល់កងកម្លាំងសម្ពន្ធមិត្តអារ៉ាប់ផងដែរ។
នៅខែ ឧសភា ឆ្នាំ ១៩៦៧ ប្រធានាធិបតីអេហ្សីប ណាស៊ែរ (Nasser) បានបណ្ដេញកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចេញពីឧបទ្វីបស៊ីណាយ (Sinai Peninsula) ដែលបានដាក់តាំងតែពីឆ្នាំ ១៩៦៧ មកម្ល៉េះបន្ទាប់ពីផ្ទុះវិបត្តិព្រែកជីកស៊ុយអេ (Suez Crisis) ឆ្នាំ ១៩៥៦។ អេហ្សីបក៏បានកេណ្ឌរថក្រោះ ១,០០០ គ្រឿង និងទាហាន ១០០,០០០ នាក់នៅតាមបណ្ដោយព្រំដែនជាមួយអ៊ីស្រាអែល ដើម្បីបិទច្រកសមុទ្រទីរ៉ាន (Tiran) រារាំងមិនឲ្យនាវាអ៊ីស្រាអែលដឹកប្រភពថាមពលចូលអ៊ីស្រាអែលបាន ហើយបានប្រកាសឲ្យបណ្ដាប្រទេសអារ៉ាប់រួបរួមគ្នាប្រឆាំងអ៊ីស្រាអែល។ នៅថ្ងៃទី ០៥ មិថុនា ១៩៦៧ អ៊ីស្រាអែលបានបើកការវាយប្រហារមុនប្រឆាំងនឹងកងទ័ពអាកាសអេហ្សីប។ ប្រទេសហ្សកដានី ដែលបានចុះសន្ធិសញ្ញាការពាររួមគ្នាជាមួយអេហ្សីបកាលពីថ្ងៃទី ៣០ ឧសភា ក្រោយមកបានបើកការវាយប្រហារលើភាគខាងលិចក្រុងហ្សេរូសាឡឹម (Jerusalem) និងណេតានយ៉ា (Netanya) ។ នៅពេលបញ្ចប់សង្គ្រាម អ៊ីស្រាអែលបានពង្រីកការកាន់កាប់ ឧបទ្វីបស៊ីណាយ តំបន់ហ្កាសាស្ត្រីប (Gaza Strip) តំបន់វេសប៊ែង (West Bank) ទីក្រុងហ្សេរូសាឡឹមខាងកើត និងខ្ពង់រាបហ្គូឡាន (Golan Heights) ។ ជាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយនៃតំបន់រហូតដល់សព្វថ្ងៃនេះ។
ប្រវត្តិ
កែប្រែលទ្ធផលនៃវិបត្តិព្រែកជីកស៊ុយអេ
កែប្រែវិបត្តិព្រែកជីកស៊ុយអេ ឆ្នាំ ១៩៥៦ បានតំណាងនូវបរាជ័យផ្នែកយោធា ប៉ុន្តែជាជ័យជម្នះផ្នែកនយោបាយសម្រាប់អេហ្សីប។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការឈានទៅរកសង្គ្រាមប្រាំមួយថ្ងៃ។ ដោយមានសម្ពាធផ្នែកការទូតពីសំណាក់សហរដ្ឋអាមេរិក និងសហភាពសូវៀត បានបង្ខំឲ្យអ៊ីស្រាអែលដកកងទ័ពចេញពីឧបទ្វីបស៊ីណាយ។
ក្រោយសង្គ្រាមឆ្នាំ ១៩៥៦ អេហ្សីបបានយល់ព្រមឲ្យដាក់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅឧបទ្វីបស៊ីណាយ ដើម្បីការពារកុំឲ្យកងកម្លាំងទព័ព្រៃប៉ាឡេស្ទីន (Palestinian fedayeen) ឆ្លងកាត់ព្រំដែនចូលទៅអ៊ីស្រាអែល។
ក្រោយសង្គ្រាមឆ្នាំ ១៩៥៦ អេហ្សីបក៏បានយល់ព្រមបើកច្រកសមុទ្រទីរ៉ានឡើងវិញ ដើម្បីឲ្យនាវាអ៊ីស្រាអែលអាចចរាចរវិញបាន ដែលត្រូវបានខ្ទប់មិនឲ្យឆ្លងកាត់ជាហេតុនាំឲ្យផ្ទុះវិបត្តិព្រែកជីកស៊ុយអេ។ ជាលទ្ធផល ព្រំដែនរវាងអេហ្សីប និងអ៊ីស្រាអែលនៅតែស្ថិតក្នុងសភាពស្ងប់ស្ងាត់មួយរយៈពេល។
ក្រោយសង្គ្រាមឆ្នាំ ១៩៥៦ តំបន់មជ្ឈិមបូព៌ាបានត្រឡប់ទៅរកអតុល្យភាពដោយគ្មានដំណោះស្រាយណាមួយអាចបញ្ចៀសនូវជម្លោះ ដែលញាំញីនៅក្នុងតំបន់បានឡើយ។ នៅពេលលនោះ ពុំមានរដ្ឋអារ៉ាប់ណាមួយបានទទួលស្គាល់អ៊ីស្រាអែលទេ។ ប្រទេសស៊ីរី បានចូលរួមជាមួយប្លុកសូវៀត ចាប់ផ្ដើមវាយប្រហារសង្គ្រាមឈ្លបលើអ៊ីស្រាអែលនៅដើមទសវត្សឆ្នាំ ១៩៦០ ជាផ្នែកមួយនៃសង្គ្រាមរំដោះប្រជាជន ។