សាលាបឋមសិក្សានៅជប៉ុន

(ត្រូវបានបញ្ជូនបន្តពី សាលាបឋមសិក្សានៅប្រទេសជប៉ុន)

មានក្មេង៩៩%​ចុះឈ្មោះរៀននៅបឋមសិក្សា។ ក្មេងទាំងអស់ចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍យ៉ាងសំខាន់​ នៅក្នុងជីវិតកុមារភាព។

ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន

ការសិក្សានៅបឋមសិក្សាត្រូវផ្ដល់ដោយ​ឥតគិតថ្លៃ​ លើកលែងតែ​ថ្លៃអាហារថ្ងៃត្រង់ និងសំភារៈសិក្សា ដែលត្រូវចំនាយដោយមាតាបិតាសិស្ស។ សំរាប់គ្រួសារធូធារខ្លះ មានការចំនាយបន្ថែមផ្សេងទៀត ទៅលើសៀវភៅបន្ថែម ឬ មេរៀនឯកជន ឬ ជឹគឹ។ ថ្នាក់រៀននៅបឋមសិក្សាមានទំហំធំ ជាមធ្យម៣១នាក់ក្នុងមួយថ្នាក់។

មុខវិជ្ជាសិក្សា

កែប្រែ

យោងតាមបញ្ជីមុខវិជ្ជាសិក្សានៅបឋមសិក្សា​របស់ក្រសួងអប់រំ គេឃើញមានមុខវិជ្ជាយ៉ាងសំបូរបែប ទាំងមុខវិជ្ជាទាក់ទងនឹងការសិក្សា និង មិនទាក់ទងនឹងការសិក្សា និង សកម្មភាពពិសេសៗ។ សកម្មភាពពិសេសៗ សំដៅលើពេលវេលា​សំរាប់រៀបចំកម្មវិធីរបស់ថ្នាក់រៀន ក៏ដូចជាបុណ្យទាននៅសាលា។ សកម្មភាពទាំងនេះ​ជួយអោយសិស្ស​អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ពួកគេ និង យល់ពីសារៈសំខាន់នៃការងារជាក្រុមនិងកិច្ចសហការគ្នា។ មុខវិជ្ជាស្ដង់ដារទាក់ទងនឹងការសឹក្សាមាន ភាសាជប៉ុន សិក្សាសង្គម នព្វន្ឋ និង វិទ្យាសាស្ត្រ។ មុខវិជ្ជាមិនទាក់ទងនឹងការសិក្សាមាន​ សិល្បៈ សិប្បកម្ម តន្ត្រី មេផ្ទះ កីឡា និង សីលធម៌។ ភាសាជប៉ុន​ត្រូវបានគេផ្ដោតការយកចិត្តទុកដាក់ជា​ចំបង។

គ្រូនៅបឋមសិក្សា​បង្រៀនគ្រប់មុខវិជ្ជា នៅក្នុងថ្នាក់រៀនដែលគេកាន់។ ថ្នាក់រៀនគ្មានការចល័តទេ។

បរិក្ខា

កែប្រែ

កម្មវិធីផ្សាយតាមទូរទស្សន៍និងវិទ្យុ​រៀបរៀងដោយ​សមាគមផ្សាយជប៉ុន ត្រូវបានយកមកប្រើនៅតាមបឋមសិក្សា។ គេឃើញមានកំនើតសាលាដែលមានបំពាក់កុំព្យូទ័រផងដែរ។

អាហារថ្ងៃត្រង់

កែប្រែ

ជាទូទៅ សិស្សបឋមសិក្សា​ត្រូវហូបអាហារថ្ងៃត្រង់នៅសាលា។ ការចំនាយនេះ​មានការឧបត្ថម្ភពីរដ្ឋ តែមិនមែនផ្ដល់ដោយឥតគិតថ្លៃទេ។ អាហារថ្ងៃត្រង់មាន បាយ ម្ហូប និង ទឹកដោះគោ។ ការផ្ដល់អាហារថ្ងៃត្រង់នៅសាលានេះ មិនត្រឹមតែជួយសិស្សអោយទទួល​ទានអាហារមានជីវជាតិគ្រប់គ្រាន់ទេ តែថែមទាំងជួយអោយគេរៀនសូត្រជំនាញជីវិត​ផងដែរ។ ដោយសារ​សាលាបឋមសិក្សា​ទូទៅមិនមានអាហារដ្ឋាន សិស្សត្រូវយកម្ហូបអាហារមកបរិភោគ​នៅក្នុងថ្នាក់​ជាមួយនឹងគ្រូពួកគេ។ នេះជាឱកាសដែលគ្រូអាចបង្រៀនពួកគេពី ជីវជាតិ សុខភាព ទំលាប់ល្អក្នុងការទទួលទាន និងឥរិយាបថក្នុងសង្គម។ សិស្ស​តែងផ្លាស់វេនគ្នា​ដួសម្ហូបអាហារ​និងលាងចាន។