សេចក្តីវិនាស ៥
និយមន័យ
កែប្រែ
ពាក្យថា វិនាស គឺជា នាមសព្ទ ខ្ចីមកពីភាសាបាលី និង សំស្ក្រឹត ប្រែថា សេចក្ដីខូចបង់, ការបាត់, បាត់បង់, ការខូចខាត, សេចក្ដីអន្តរាយ, ដំណើរលាញ, សូន្យ ឧទាហរណ៍ មានវិនាស ឬ មានសេចក្ដីវិនាស ។ ខ្មែរក៏ប្រើពាក្យ "វិនាស" ធ្វើជាកិរិយាសព្ទផងដែរ ឧទាហរណ៍ ខ្ញុំឆ្នាំនេះវិនាសទ្រព្យអស់ច្រើនណាស់ ។ រីឯនាមសព្ទថា "វិនាសការណ៍" គឺជា ហេតុ, ដំណើរដែលនាំឲ្យវិនាស ហើយពាក្យថា "វិនាសន្តរាយ" ដែលផ្សំពីពាក្យ "វិនាស" និង "អន្តរាយ" ប្រែថា អន្តរាយបាត់ទៅ, អន្តរាយយ៉ាងសម្បើម, អន្តរាយធំ ។
ក្នុងគម្ពីរព្រះត្រៃបិដក ពាក្យ "ព្យសនៈ" ឬ "ព្យសន៍" (អានថា ព្យស់) ត្រូវបានជ្រើសយកមកប្រើសំដៅន័យថា ទុក្ខ, អំពើអាក្រក់, សេចក្ដីវិនាស, ពុតត្បុត, ពុតកំណាច ឧទាហរណ៍ ទូន្មានប្រដៅឲ្យអស់ព្យសន៍ ឬ មានពុតព្យសន៍ និង មានពាក្យកាព្យថា ជនមានពុតព្យសន៍ តែងរំលស់ នូវសុខសួស្ដី នៅក្នុងទីណា ទីនោះអប្រិយ នាំឲ្យមានក្ដី ព្រួយខ្វល់ជានិច្ច ។
សេចក្តីសង្ខេប
កែប្រែយោងតាមគម្ពីរទីឃនិកាយ ត្រង់បាដិកវគ្គ (សៀវភៅលេខ ១៩ ទំព័រទី ១៧៦) សេចក្តីវិនាសមាន ៥ ប្រការ គឺ ៖
- សេចក្តីវិនាសញាតិ
- សេចក្តីវិនាសភោគសម្បត្តិ
- សេចក្តីវិនាសព្រោះរោគ
- សេចក្តីវិនាសសីល
- សេចក្តីវិនាសទិដ្ឋិ (គឺសម្មាទិដ្ឋិ)
សម្រង់ពីគម្ពីរព្រះត្រៃបិដក
កែប្រែ[១៥៩] សេចក្តីវិនាស ៥ យ៉ាង គឺ សេចក្តីវិនាសញាតិ ១ សេចក្តីវិនាសភោគសម្បត្តិ ១ សេចក្តីវិនាសព្រោះរោគ ១ សេចក្តីវិនាសសីល ១ សេចក្តីវិនាសទិដ្ឋិ ១ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្តីវិនាសញាតិក្តី ព្រោះហេតុតែសេចក្តីវិនាសភោគៈក្តី ព្រោះហេតុតែសេចក្តីវិនាសដោយរោគក្តី (នោះទេ) ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅៗ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្តីវិនាសសីល ឬ ព្រោះតែសេចក្តីវិនាសទិដ្ឋិ ។
ឯកសារយោង
កែប្រែ- វចនានុក្រមខ្មែរ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត
- សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សៀវភៅលេខ១៩ ទំព័រទី ១៧៦