ស្លឹក (ឧបករណ៍ភ្លេង)
ស្លឹកជាឧបករណ៍តន្ត្រីផ្លុំដែលមានសំនៀងប្រហាក់ប្រហែលនឹងសំនៀងមនុស្សហួចដែរ។ ឧបករណ៍នេះមិនប្រើចូលរួមជាមួយឧបករណ៍ដទៃឡើយ។ វាគឺជាស្លឹកឈើស្រស់សុទ្ធសាធដែលមានសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោងដូចជា ស្លឹកក្រវ៉ាន់ ស្លឹកពួច ស្លឹកជ្រៃក្រឹម ស្លឹកលំពស់។ល។
របៀបផ្លុំ
កែប្រែនៅពេលផ្លុំម្តងៗ គេតែងតែយកស្លឹកស្អាតមួយមកពត់តាមបណ្តោយស្លឹក ហើយញាត់ទៅក្នុងមាត់ដោយបិទបើកគួបផ្សំនឹងអណ្តាតខាងក្នុង រួមជាមួយនឹងកម្លាំងខ្យល់បញ្ចេញពីក្នុងអាចធ្វើឱ្យសំនៀងបត់បែនទៅតាមចិត្តចង់បាន។
ស្លឹកឈើស្រពោន ឬស្ងួតក្រៀមមិនអាចយកមកផ្លុំឱ្យមានសំនៀងបានឡើយ ពីព្រោះស្លឹកបែបនេះបាត់អស់សរសៃរស់របស់វាទៅហើយ គេត្រូវការតែស្លឹកឈើបេះភ្លាមៗយកមកផ្លុំភ្លាមតែប៉ុណ្ណោះ ដូច្នេះហើយបានជាគេមិនយកទៅប្រគំរួមជាមួយនឹងឧបករណ៍ដទៃក្នុងវង់ផ្សេងៗនោះឡើយ ពីព្រោះមានការលំបាករកស្លឹកភ្លាមៗ និងពិបាកថែរក្សាវាទុកឱ្យបានយូរកុំឱ្យស្រពោន កុំឱ្យស្ងួតក្រៀម។ ម៉្យាងទៀតស្លឹកមួយអាចផ្លុំបានតែមួយបទ ឬពីរបទប៉ុណ្ណោះ កាលណាវាទក់ គេត្រូវប្តូរស្លឹកថ្មីមួយទៀត។
ប្រវត្តិ
កែប្រែការផ្លុំស្លឹកកើតឡើងអំពីការទាក់សត្វ ឬបរបាញ់សត្វនៅក្នុងព្រៃតាំងពីបរមបុរាណមក (និយាយតៗគ្នា) គេផ្លុំស្លឹកត្រាប់សំឡេងសត្វ ឬហៅថាផ្លុំអែបសត្វសម្រាប់ឱ្យសត្វទាំងឡាយដែលឮដូចសំឡេងរបស់វា រត់មករកកន្លែងផ្លុំ ងាយគេនឹងបាញ់នឹងទាក់យ៉ាងស្រួល។ ក្រោយៗមកទើបគេយកស្លឹកមកផ្លុំជាបទបែបនៅតាមដងព្រៃនៅពេលឃ្វាលគោក្របី។ល។
អ្នកផ្លុំស្លឹកច្រើនតែជាអ្នកចេះច្រៀង ចេះហួច ហើយក្រៅពីគេច្រៀង គេហួច គេយកស្លឹកមកផ្លុំជំនួសដើម្បីបកស្រាយមនោសញ្ចេតនាផ្ទាល់របស់គេ នៅពេលដែលគេអផ្សុក ប៉ុន្តែគេចៀសវាងមិនផ្លុំកំសាន្តនៅក្នុងភូមិដែលមានអ្នកស្រុករស់នៅទេកាលពីសម័យដើម ពីព្រោះគេមានជំនឿថា កាលណាគេផ្លុំច្បាស់ជាមានសត្វព្រៃរត់ចូលស្រុក សត្វព្រៃទាំងនោះនឹងនាំមកនូវឧបទ្រពចង្រៃទាំងឡាយឱ្យដល់អ្នកភូមិ។ ម៉្យាងទៀត ភូមិស្រុកទាំងឡាយច្រើនតែសង់នៅក្បែរមាត់ព្រៃ ដែលជាហេតុងាយឱ្យសត្វព្រៃរត់ចូលស្រុកបានដោយស្រួល។ សំខាន់ទៅទៀត គឺសត្វខ្លាដែលជាសត្វសាហាវក៏ចេះស្តាប់សំឡេងអែបសត្វនេះដែរ ព្រោះសំឡេងនេះជាសំឡេងត្រាប់តាមសត្វស្លូតៗ ដូចជាសត្វក្តាន់ ប្រើស ឈ្លូស។ល។ ដែលសត្វខ្លាប៉ងជាអាហារ៕