អនុសោតសូត្រ

កែប្រែ

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ? គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ១ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាញ្រហ្មណ៍ឋិតនៅលើគោក ១ ។

ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ។

ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិញ្វន ក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះ​ជាធម្មតា​ព្រោះអស់ទៅ​នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ ។

ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបានឆ្លង​ទៅដល់ត្រើយនាយ ជាញ្រហ្មណ៍ ឋិតនៅលើគោក តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់​នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ​នៃអាសវៈទាំងឡាយ​ដោយប្រាជ្ញា​ដ៏ឧត្តមខ្លួនឯង ហើយ​សម្រេចសម្រាន្តនៅ​ក្នុងបច្ចុប្បន្ននេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាញ្រហ្មណ៍ឋិតនៅលើគោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក ។

ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិនបានប្រាសចាករាគៈ ជាអ្នកបរិភោគកាម ក្នុងលោកនេះ ជនទាំងនោះឯង តែងចូលទៅកាន់ជាតិ និងជរាជារឿយ ៗ ត្រូវតណ្ហាគ្របសង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក ។ ព្រោះហេតុនោះ បុគ្គលអ្នកមានប្រាជ្ញា ក្នុងលោកនេះ ជាអ្នកមានសតិ​តម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវអំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះបង់កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមានដំណើរទៅច្រាសខ្សែទឹក ។ ជនណា លះបង់នូវកិលេស ទាំង ៥ មានការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្រ្ទិយ​តម្កល់​​មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ ។ ធម៌ទាំងឡាយ ដ៏ឧត្តម និងលាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកំចាត់ចោលហើយ ដល់នូវសេចក្តីវិនាសទៅ មិនមានដល់បុគ្គលណា បុគ្គលនោះ ហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុត​នៃត្រៃលោក​ដល់នូវត្រើយ​ហើយ ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ចតុក្កនិបាត > តតិយភាគ > អនុសោតសូត្រ (ភាគ៤២ ទំព័រ​ទី​ ១៣)

พระไตรปิฎก เล่มที่ ๒๑ > พระสุตตันตปิฎก เล่มที่ ๑๓ > อังคุตตรนิกาย > จตุกกนิบาต > อนุโสตสูตร

Anusota Sutta: With the Flow (AN 4:5)

ឱបបាតិក