ឧប្បលវណ្ណា
ឧប្បលវណ្ណា គឺជាអគ្គសាវិកាឆ្វេងនៃព្រះសម្មាសម្ពុទ្ធ។ ព្រះនាងជាកំពូលលើសភិក្ខុនីដទៃ ផ្នែកខាងមានឫទ្ធិ។ ព្រះនាងគឺជាកូនស្រីរបស់គហបតីអ្នកមានទ្រព្យសម្បត្តិច្រើន ក្នុងក្រុងសាវត្ថី។
ប្រវត្តិសង្ខេប
កែប្រែកុមារភាព និង ការសាងផ្នួស
កែប្រែឧប្បលវណ្ណា គឺជាកូនស្រីគហបតីមហាសាល នៅក្នុងក្រុងសាវត្ថី។ នៅពេលព្រះនាងប្រសូត ព្រះនាងមានសម្បុរដូចជាស្រទាប់នៃផ្កាឧប្បល (ផ្កាព្រលឹត) ហេតុនេះ ទើបសាច់ញាតិដាក់ព្រះនាមថា ឧប្បលវណ្ណា។ ព្រះនាងមានរូបសម្រស់ស្អាត ដែលជាទីគួរពិតពិលរមិលមើលនៃជនច្រើនគ្នា។ ពេលចម្រើនវ័យ មានគហបតី និងព្រះរាជាជាច្រើនអង្គ ចូលមកសុំស្តីដណ្តឹងព្រះនាង។ ដោយមិនចង់ឲ្យមានជំលោះ ទាស់ទែងគ្នា បិតារបស់ព្រះនាង បានសម្រេចចិត្តចូលទៅសួរកូនស្រីរបស់លោក ដើម្បីឲ្យនាងសាងផ្នួសជាភិក្ខុនី។ ព្រះនាងមានឧបនិស្ស័យនឹងព្រះពុទ្ធសាសនា ក៏សម្រេចចិត្តចេញបួស មិនយូរប៉ុន្មាន ក៏បានសម្រេចអរហត្តផល បានជាអគ្គសាវិកាឆ្វេងនៃព្រះសម្ពុទ្ធព្រះនាមគោតម។
ការផ្សព្វផ្សាយសាសនា
កែប្រែនិទាននៅក្នុងវិនយបិដក
កែប្រែ(ព្រះត្រៃបិដកខ្មែរ វិន័យបិដក សៀវភៅលេខ ៣ ទំព័រទី ៤០ ដល់ )
[៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់គង់នៅវត្ដវេឡុវនកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង នាងឧប្បលវណ្ណាភិក្ខុនីនៅក្នុងអន្ធវន ទៀបក្រុងសាវត្ថី ។ វេលានោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះពេលព្រឹកឡើង ក៏បានស្លៀកដណ្ដប់រួចនាំយកបាត្រ និងចីវរចូលទៅឯក្រុងសាវត្ថីដើម្បីបិណ្ឌបាត លុះដើរទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី រួចត្រឡប់មកអំពីបិណ្ឌបាតក្នុងកាលជាខាងក្រោយនៃភត្ដ ហើយក៏ចូលសំដៅទៅក្នុងអន្ធវន (ព្រៃងងឹត) ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់ព្រៃអន្ធវនហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើនីមួយ ។ សម័យនោះ មានពួកចោរអ្នកធ្វើនូវចោរកម្ម បានសម្លាប់មេគោ១ អារយកសាច់រួចនាំយកទៅកាន់ព្រៃអន្ធវន ។ ឯមេចោរជាធំ បានក្រឡេកមើលទៅឃើញនាងឧប្បលវណ្ណាភិក្ខុនីកំពុងអង្គុយសម្រាកក្នុងវេលាថ្ងៃទៀបគល់ឈើនីមួយ ។ លុះឃើញហើយ ចោរនោះក៏មានសេចក្ដីត្រិះរិះថា បើប្រសិនណាពួកចោរជាកូន និងបងប្អូនអញឃើញ នាងភិក្ខុនីនេះហើយ មុខជាបៀតបៀននាងភិក្ខុនីនេះមិនខាន (លុះគិតយ៉ាងនេះហើយ) មេចោរក៏នាំពួកចោរទាំងនោះដើរទៅតាមផ្លូវដទៃវិញ វេលានោះឯង មេចោរនោះកាលបើដុំសាច់គេចំអិនរួចស្រេចហើយ ក៏យកសាច់យ៉ាងល្អ ខ្ចប់នឹងស្លឹកឈើយកទៅព្យួរនឹងដើមឈើជិតនាងឧប្បលវណ្ណាភិក្ខុនី ហើយពោលថា នរណាមួយ ទោះបីជាសមណៈក្ដី ព្រាហ្មណ៍ក្ដី បានឃើញដុំសាច់ដែលអញទុកឱ្យនេះហើយ ចូរនាំយកទៅចុះ រួចហើយក៏ចេញដើរទៅ ។ នាងឧប្បលវណ្ណាភិក្ខុនីចេញពីសមាធិ ហើយបានឮសំដីនេះរបស់មេចោរដែលកំពុងពោលនោះ ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនីក៏បានយកសាច់នោះទៅឯកន្លែងនៅរបស់ខ្លួន ។ វេលានោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះកន្លងរាត្រីនោះទៅហើយ នាងក៏ចាត់ចែងយកសាច់នោះមកវេចជាបង្វេចដោយចីពរ រួចហើយក៏ហោះទៅឯអាកាស ទៅចុះក្នុងវត្ដវេឡុវន ។
[៤៧] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ។ ឧទាយិភិក្ខុដ៏មានអាយុជាអ្នកនៅចាំរក្សាវត្ដ ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនីបានចូលទៅរកឧទាយិភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏សួរទៅឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះដ៏មានព្រះភាគទ្រង់យាងទៅណា ។ ឧទាយិប្រាប់ថា ម្នាលប្អូនស្រី ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅបិណ្ឌបាតឯស្រុកហើយ ។ នាងឧប្បលវណ្ណាភិក្ខុនី និយាយថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មេត្ដាថ្វាយសាច់នេះដល់ព្រះដ៏មានព្រះភាគឱ្យទានផង ។ ឧទាយិនិយាយថា ម្នាលប្អូនស្រី នាងឱ្យព្រះដ៏មានព្រះភាគទ្រង់ឆ្អែតដោយសាច់ (យ៉ាងណា) ប្រសិនបើនាងឱ្យស្បង់ដល់អាត្មាៗក៏ឈ្មោះថានាងឱ្យឆ្អែតដោយស្បង់ ក៏យ៉ាងនោះដែរ ។ នាងឧប្បលវណ្ណាភិក្ខុនីតបវិញថា បពិត្រលោកម្ចាស់ដ៏ចម្រើនយើងខ្ញុំជាមាតុគ្រាម មានលាភបានដោយកម្រណាស់ ។ មួយទៀតចីវររបស់ខ្ញុំនេះជាចីវរគំរប់៥ជាទីបំផុត ខ្ញុំមិនប្រគេនលោកម្ចាស់ទេ ។ ឧទាយិនិយាយថា ម្នាលប្អូនស្រី ដូចជាបុរសដែលឱ្យដំរី (ទៅគេ) គួរលះខ្សែដង្គន់ផងយ៉ាងណាមិញ ម្នាលប្អូនស្រី បើនាងថ្វាយសាច់ដល់ព្រះដ៏មានព្រះភាគហើយ ចូរលះស្បង់របស់នាងដល់អាត្មា ក៏យ៉ាងនោះដែរ ។ គ្រានោះ នាងឧប្បលវណ្ណាភិក្ខុនី កាលបើឧទាយិដ៏មានអាយុចេះតែទទូចសូម ក៏ប្រគេនស្បង់ហើយត្រឡប់ទៅឯលំនៅរបស់ខ្លួនវិញ ។ ពួកនាងភិក្ខុនីកាលទទួលយកបាត្រ និងចីវរពីនាងឧប្បលវណ្ណាភិក្ខុនី ក៏សួរនាងឧប្បលវណ្ណាភិក្ខុនីថា បពិត្រនាងជាម្ចាស់ ស្បង់របស់នាងតើនៅឯណា ។ នាងឧប្បលវណ្ណាភិក្ខុនីក៏បានប្រាប់សេចក្ដីនុ៎ះដល់នាងភិក្ខុនីទាំងឡាយ ។ នាងភិក្ខុនីទាំងឡាយក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ឧទាយិ មិនសមបើនឹងទទួលយកចីវរពីដៃនាងភិក្ខុនីសោះ មាតុគ្រាមសុទ្ធតែមានលាភបានដោយកម្រ ។ គ្រានោះ នាងភិក្ខុនីទាំងនោះក៏ប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច ។បេ។ ពួកភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរបើនឹងទទួលយកចីវរពីដៃនាងភិក្ខុនីសោះ ។ ទើបភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧទាយិ បានឮថា អ្នកឯងបាន ទទួលចីវរពីដៃនាងភិក្ខុនី មែនឬ ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស មែន ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សួរថា ម្នាលឧទាយិ នាងភិក្ខុនីនោះត្រូវជាញាតិនឹងអ្នកឯង ឬមិនមែនជាញាតិទេ ។ ឧទាយិក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស (នាងភិក្ខុនីនោះ) មិនមែនជាញាតិទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលមោឃបុរស បុរសដែលមិនមែនជាញាតិ មិនស្គាល់អំពើគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិតល្អ របស់ស្ដ្រី ដែលមិនមែនជាញាតិ (នោះ) ទេ ម្នាលមោឃបុរស អ្នកឯងហេតុអ្វីក៏ទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលមិនមែនជាញាតិ (ដូច្នេះ) ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ នឹងបានដឹកនាំមនុស្សដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលជ្រះថ្លាហើយ ឱ្យកាន់តែជ្រះថ្លាឡើងក៏ទេ ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្ដហើយ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះ ។
[៤៨] សម័យនោះឯង មានពួកភិក្ខុសង្ស័យ មិនហ៊ានទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់នាងភិក្ខុនីទាំងឡាយ ។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនគួរបើនឹងមិនទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់យើងសោះ ។ កាលពួកនាងភិក្ខុនីទាំងនោះកំពុងលើកទោស តិះដៀល បន្ដុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឱ្យអ្នកទាំងឡាយទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នារបស់សហធម្មិកបុគ្គល ៥ ពួកគឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នានឹងពួកសហធម្មិកទាំង ៥ នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា ។
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយក្នុងបឋមបារាជិកសិក្ខាបទរួចហើយ) ។ នាងភិក្ខុនីដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី ចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់ ៧ ហៅថាមិនមែនជាញាតិ ។ ស្រីដែលបាន ឧបសម្បទាអំពីសំណាក់ឧភតោសង្ឃ ហៅថានាងភិក្ខុនី ។ បណ្ដាចីវរទាំង ៦ ចីវរណាមួយដែលតូចបំផុតគួរល្មមភិក្ខុនឹងវិកប្បបាន ហៅថាចីវរ ។ ពាក្យថា វៀរលែងតែផ្លាស់ប្ដូរគ្នា សេចក្ដីថា លើកលែងតែចីវរដែលផ្លាស់ប្ដូរគ្នា ។ ភិក្ខុទទួលយកចីវរ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលទទួល ចីវរនោះ ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះចីវរនោះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរយ៉ាងនេះ ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះដែលខ្ញុំបានទទួលយកអំពីដៃនាងភិក្ខុនីដែលមិនមែនជាញាតិ ជានិស្សគ្គិយហើយ វៀរលែងតែផ្លាស់ប្ដូរគ្នា ឥឡូវខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃ ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ) ។
[៥០] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ទទួលយកចីវរអំពីដៃ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ទទួលយកចីវរអំពីដៃត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុសម្គាល់ថាជាញាតិ ទទួលចីវរអំពីដៃ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា ។
[៥១] ភិក្ខុទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលបានឧបសម្បទាអំពីសំណាក់ឯកតោសង្ឃ (គឺអំពីចំណែកខាងភិក្ខុនីសង្ឃតែម្យ៉ាង) ត្រូវអាបត្ដិទុក្កដ វៀរលែងតែផ្លាស់ប្ដូរគ្នា ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ ។ នាងភិក្ខុនីជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិឡើយ ។
[៥២] អាបត្ដិមិនមានដល់ភិក្ខុក្នុងសិក្ខាបទនោះមាន ៨ យ៉ាងគឺ ភិក្ខុទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលជាញាតិ១ ភិក្ខុទទួលយកចីវរ ដោយការផ្លាស់ប្ដូរគ្នា១ ភិក្ខុទទួលយកចីវរមានដម្លៃច្រើនដោយចីវរមានដម្លៃតិច ឬភិក្ខុទទួលយកចីវរមានដម្លៃតិចដោយចីវរមានដម្លៃច្រើន១ ភិក្ខុយកចីវរដោយសេចក្ដីស្និទ្ធស្នាល គឺយកដោយអាងសេចក្ដីទុកចិត្ដគ្នា១ ភិក្ខុយកចីវរជារបស់ខ្ចីគ្នា១ ភិក្ខុទទួលយកគ្រឿងបរិក្ខារឯទៀតរបស់សិក្ខមានា និងសាមណេរី លើកលែងតែចីវរចេញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១ ។
សិក្ខាបទទី៥ ចប់ ។
និទាននៅក្នុងសុត្តន្តបិដក
កែប្រែឯកសារយោង
កែប្រែព្រះត្រៃបិដក > វិនយបិដក > មហាវិភង្គ > តតិយភាគ > សិក្ខាបទទី ៥
(ព្រះត្រៃបិដកខ្មែរ វិន័យបិដក សៀវភៅលេខ ៣ ទំព័រទី ៤០ ដល់ )