មូលនិធិរូបិយវត្ថុអន្តរជាតិ

(ត្រូវបានបញ្ជូនបន្តពី IMF)

មូលនិធិរូបិយវត្ថុអន្តរជាតិ (អង់គ្លេស: International Monetary Fund) ហៅកាត់​ថា "អាយ.អឹម.អែហ្វ" (IMF) គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​មាន​នាទី​ទទួល​ខុសត្រូវ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល មាន​ទីស្នាក់ការ​ធំ​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីងតោនឌីស៊ី សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មាន​សមាជិក​សរុប​ចំនួន ១៨៥ ប្រទេស (ម៉ុងតេណេក្រូ បាន​ក្លាយជា​សមាជិក​ទី​១៨៥ កាលពី​ថ្ងៃ ១៨ មករា ២០០៧) ។

ទស្សនវិស័យ

កែប្រែ

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធ្វើការ​ដើម្បី​ភាព​រីកចម្រើន និង​រក្សា​លំនឹង​សេដ្ឋកិច្ច​សកល​។ អាយ.អឹម.អែហ្វ ​បាន​ផ្ដល់​នូវ​ការណែនាំ​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ជួប​មាន​វិបត្តិ ហើយ​ក៏​ធ្វើការ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ សំដៅ​ជួយ​ដល់​ប្រទេស​ទាំងនោះ​ឱ្យ​មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។

ប្រវត្តិ

កែប្រែ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៤៤ ក្នុង​វេទិកា​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ​សហប្រជាជាតិ​។ តំណាង​រដ្ឋាភិបាល​នៃ ៤៥ ប្រទេស បាន​ជួប​ប្រជុំ​គ្នា​នៅ​សណ្ឋាគារ Mount Washington សហរដ្ឋអាមេរិក ដោយ​មាន​កិច្ចព្រមព្រៀង​លើ​គម្រោង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​។ អាយ.អឹម.អែហ្វ បាន​បង្កើត​ឡើង​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្លូវការ​នា​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤៥ ដោយ​មាន​ប្រទេស​ចំនួន ២៩ បាន​ចូលរួម​ចុះហត្ថលេខា​លើ​មាត្រា​នៃ​កិច្ចព្រមព្រៀង​នេះ​។

ការងារ

កែប្រែ

បេសកកម្ម​ចម្បង​របស់ អាយ.អឹម.អែហ្វ គឺ​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រព័ន្ធ​អន្តរជាតិ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​បី​យ៉ាង​គឺ​៖ រក្សា​ការ​ឃ្លាំមើល​សេដ្ឋកិច្ច​សកល និង​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក, ផ្ដល់​កម្ចី​ដល់​ប្រទេស​ដែល​មាន​ឱនភាព​ជញ្ជីង​ទូទាត់, និង​ផ្ដល់​ជំនួយ​ប្រតិបត្តិ​ដល់​ប្រទេស​ជា​សមាជិក​។

ការ​ឃ្លាំមើល​សេដ្ឋកិច្ច

កែប្រែ

អាយ.អឹម.អែហ្វ មាន​នាទី​ទទួលខុសត្រូវ​លើ​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ និង​ត្រួតពិនិត្យ​លើ​នយោបាយ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​។ លើសពីនេះ គឺ​រក្សា​ការ​ឃ្លាំមើល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រជាជាតិ​មួយ ក៏ដូចជា​ក្នុង​តំបន់ និង​សកលលោក ដោយ​ពិគ្រោះ​យោបល់​យ៉ាង​ទៀងទាត់​ជាមួយ​ប្រទេស​ជា​សមាជិក និង​ផ្ដល់​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដល់​សមាជិក​របស់​ខ្លួន​។

ការ​ផ្ដល់​កម្ចី

កែប្រែ

អាយ.អឹម.អែហ្វ ផ្ដល់​កម្ចី​ដល់​ប្រទេស​ដែល​ជួប​ការ​លំបាក​លើ​ការ​ទូទាត់​អន្តរជាតិ​របស់​ខ្លួន ហើយ​មិន​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​តាម​ពេល​កំណត់​។ ជំនួយការ​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​ប្រទេស​ទាំងនោះ​ឱ្យ​ស្ដារ​ឡើងវិញ​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ដោយ​កសាង​ឡើងវិញ​នូវ​ធន​បម្រុង​អន្តរជាតិ ដោយ​រក្សា​ស្ថិរភាព​រូបិយវត្ថុ និង​ចំណាយ​សម្រាប់​ការ​នាំចូល​របស់​ពួកគេ- រាល់​លក្ខខណ្ឌ​ចាំបាច់​ទាំងអស់​សម្រាប់​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​។ អាយ.អឹម.អែហ្វ ក៏​ផ្ដល់​ផង​ដែរ​នូវ​ឥណទាន​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាព​ក្រីក្រ​។

ជំនួយការ​បច្ចេកទេស

កែប្រែ

ផ្ដល់​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​សេដ្ឋកិច្ច​។ អាយ.អឹម.អែហ្វ ផ្ដល់​ការ​ណែនាំ​ផ្នែក​ប្រតិបត្តិ និង​ហ្វឹកហ្វឺន​លើ​ការ​លើកកម្ពស់​ស្ថាប័ន និង​រៀបចំ​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​រចនាសម្ព័ន្ធ​ឱ្យ​បាន​សមស្រប​។


ឯកសារយោង

កែប្រែ