កម្មបថ១០
ផ្នែកមួយនៃ |
ព្រះពុទ្ធសាសនា |
កិរិយាតំកល់ចិត្តក្នុងសីល |
កម្មបថកែប្រែ
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ
ផ្លូវកាយមាន៣ហៅថាកាយកម្ម៣, ផ្លូវវាចាមាន៤ហៅថាវចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង
ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ
មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។
កុសលកម្មបថ១០យ៉ាងកែប្រែ
កាយកម្ម៣កែប្រែ
- ១- បាណាតិបាតា វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
- ២- អទិន្នាទានា វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។
- ៣- កាមេសុមិច្ឆាចារា វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
វចីកម្ម៤កែប្រែ
- ១- មុសាវាទា វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
- ២- បិសុណាយ វាចាយ វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។
- បិសុណាវាចា មានអង្គ៤គឺៈ
- ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។
- ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។
- ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។
- ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
- ៣- ផរុសាយ វាចាយ វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។
- ផរុសវាចា មានអង្គ៣គឺៈ
- ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។
- ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។
- ៣- អក្កោសនា បានជេរប្រទេច ។
- ៤- សម្ផប្បលាបា វេរមណី
- ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។
- សម្ផប្បលាប មានអង្គ២គឺៈ
- ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
- ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
មនោកម្ម៣កែប្រែ
- ១- អនភិជ្ឈា
- មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
- អភិជ្ឈា មានអង្គ២គឺៈ
- ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។
- ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។
- ២- អព្យាបាទោ
- មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
- ព្យាបាទ មានអង្គ២គឺៈ
- ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។
- ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។
- ៣- សម្មាទិដ្ឋិ
- គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។
- មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
- ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
- ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។
កម្មបថ ៤០កែប្រែ
អង្គនៃកម្មបថនិមួយៗមាន ៤ យ៉ាង ដូច្នេះកម្មបថមានទាំងអស់ ៤០ (កម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០) ផ្នែកអកុសល ៤០ និង ផ្នែកកុសល ៤០ ទៀត រួមទាំងអស់ត្រូវជា ៨០ កម្មបថ ។ ៤ យ៉ាងគឹៈ
- ១- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
- ២- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
- ៣- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
- ៤- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរការសម្លាប់សត្វ ជាដើម) ។