សម្រាប់ភាសាដទៃ សូមមើលវិគីភីឌា:បាបេល
ធម្មសិរី! សូមស្វាគមន៍មកកាន់វិគីភីឌាភាសាខ្មែរ!
ជម្រាបសួរ ធម្មសិរី! វីគីភីឌាភាសាខ្មែរសូមស្វាគមន៍! វិគីភីឌាភាសាខ្មែរ បានចាប់ផ្តើមនៅឆ្នាំ២០០៥។​

ហើយបច្ចុប្បន្ននេះវិគីជាភាសាខ្មែរមានតែ៤ប៉ុណ្ណោះ មួយគឺវិគីភីឌា និង៣គម្រោងទៀតគឺ៖ វិគីនានុក្រម, វិគីសៀវភៅ និងវិគីបណ្ណាល័យ
ជាថ្មីម្ដងទៀត សូមថ្លែងអំណរអរគុណចំពោះ ការរួមចំនែករបស់លោកអ្នក។ ខាងក្រោមនេះ គឹជាសេចក្ដីណែនាំ និងជំនួយមួយចំនួនសម្រាប់អ្នកចំណូលថ្មី៖

ជួយយ៉ាងណា ជួយយ៉ាងណា វិគីភីឌាជាភាសាខ្មែរ បំណង
កិច្ចការ កិច្ចការ ទំព័រហាត់ ហាត់នៅទីនេះ
របៀបវិគីមីឌាសម្រាប់វិគីភីឌាភាសាខ្មែរ Guide ChatKhmer​​ For no-Khmer speakers
ស្ថានទូតវិគីមីឌា Embassy Download the Fonts. Download the Fonts
ច្បាប់របស់វិគីភីឌា ច្បាប់របស់វិគីភីឌា ជំនួយ ទំព័រជំនួយ

យើងខ្ញុំសង្ឃឹមថាលោកអ្នករីករាយក្នុងការចូលរួមចំណែក ជួយកែលម្អវិគីភីឌាភាសាខ្មែរ។ សូមចុះហត្ថលេខារបស់លោកអ្នក នៅពេលពិភាក្សា ដោយវាយសញ្ញា (~~~~) ដែលវានឹងបញ្ចូលឈ្មោះនិងកាលបរិច្ឆេទរបស់លោកអ្នកដោយស្វ័យប្រវត្តិ។ សូមជូនពរអ្នកជួបតែសំណាងល្អគ្រប់ៗពេល។ --វ័ណថារិទ្ធ ម៉ោង១៥:០៩ ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ (UTC)Reply


នេះគឺជាទំព័រការពិភាក្សារបស់លោកអ្នក។​


មនុស្សយើងសព្វថ្ងៃ ចូលចិត្តជឿគេណាស់ ដោយគ្មានការពិចារណាត្រឹមត្រូវ ជាពិសេសពាក្យផ្អែមល្ហែមបោកប្រាស់ និងការក្លែងបន្លំដោយឧបាយកលផ្សេងៗ ។ ដូច្នេះ ដើម្បីរួចចំណែកប៉ែកបញ្ញា សូមសហធម្មិកទាំងអស់ រីករាយនឹងរឿងខ្លីមួយ ដូចខាងក្រោយនេះ៖

                                                                                                                                                                    រឿងគ្រួពស់ និងស្វា 

សត្ថាៈ ព្រះសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធនឹងភិក្ខុចាស់មួយអង្គ ទើបសម្តែងនូវព្រះជាតក នេះឡើង ដោយមានពាក្យជាដើមថា ខ្ញុំជាអ្នកលេងល្បែង ដូច្នេះជាដើម ។ សេចក្តីពិស្តារក្នុងរឿងនេះ មានប្រាកដ ដូចក្នុងសាលកជាតក ទី ២៤៩ ឯណោះ ។ តែនៅក្នុងរឿងនេះ ក៏មានដំណើរដូចគ្នាដែរថា ភិក្ខុចាស់មួយអង្គនោះ បានបំបួសកូនស្រុកម្នាក់ ហើយតែជេរប្រទេចវាយធ្វើបាប (ជារឿយៗ) ហេតុហ្នឹងហើយ ដែលធ្វើឲ្យសាមណេរ នោះភ័យខ្លាចក៏សឹករត់ចោលទៅ ។ ហើយក៏បានបួសជាលើកទីពីរទៀត ដោយការអង្វររបស់ភិក្ខុចាស់នោះដែរ ។ តែពេលសឹកលើកទីពីរនេះ ទោះជាភិក្ខុចាស់អង្គនោះ អង្វរយ៉ាងណាក៏ដោយ ក៏មិនព្រមត្រឡប់ឡើយ ។ ភិក្ខុទាំង ឡាយ ក៏បានប្រជុំគ្នានិយាយរឿងនេះក្នុងសាលាធម្មសភា ថា នែ ! អាវុសោ ភិក្ខុចាស់អង្គមួយនោះ មិនអាចរស់នៅ ជាមួយគ្នា ឬបែកគ្នា នឹងសាមណេរតូចរបស់លោកទេ រីឯសាមណេរតូចនោះទៀតសោត ឃើញទោសភិក្ខុចាស់ នោះហើយ ទើបសឹកទៅមិនត្រឡប់ក្រោយសោះឡើយ ហ៊ឺ ! ក្មេងតូច មានចិត្តទន់មែនហ្ន៎ !

គ្រានោះ ព្រះសាស្តាយាងមកទាន់ ក៏ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយអំពីរឿងអ្វីអម្បិញម៉ិញនេះ ចុះកថាដូចម្តេចដែលពួកអ្នកលើកឡើងជជែកគ្នានោះ ? នៅពេលដែលភិក្ខុទាំង ឡាយក្រាបទូលរឿងនោះហើយ ទើបទ្រង់ត្រាស់ទៅថា ម្នាលភិក្ខុទាំងឡាយ សាមណេរនោះ ជាអ្នកមានចិត្តទន់ ល្អ បរិសុទ្ធមិនមែនតែពេលនេះទេ សូម្បីកាលពីមុន ក៏ដូចនោះដែរ ព្រោះគេឃើញទោសម្តងហើយ គេមិនប្រាថ្នានឹង ត្រឡប់ឲ្យខុសទៀតឡើយ ទើបទ្រង់នាំអតីតនិទានមកដូចតទៅនេះ ៖

អតីតេ ពារាណសិយំៈ ក្នុងកាលកន្លងទៅហើយ នារជ្ជកាលព្រះបាទព្រហ្មទត្ត ព្រះពោធិសត្វ បានចាប់ កំណើតក្នុងត្រកូលធញ្ញពាណិជ (អ្នកជួញស្រូវ ឬឈ្មួញស្រូវ) ក្នុងក្រុងពារាណសី កាលមានវ័យធំចម្រើនឡើង ហើយ ក៏រករបរចិញ្ចឹមជីវិតដោយលក់ដូរស្រូវ (តាមឪពុកដែរ) ។ គ្រានោះ ក៏មានហ្មពស់ម្នាក់ (អហិតុណ្ឌិកៈ) ចាប់ បានស្វាមួយក្បាលយកមកបង្ហាត់បង្រៀន (និង) បង្ហាត់ពស់ឲ្យចេះលេងផង (ជួនជាពេលនោះ) ក្នុងក្រុងពារាណសី មានការលេងមហោស្រព ហ្មពស់ក៏យកស្វានោះ ទៅផ្ញើនឹងនាយធញ្ញពាណិជ (ខ្លួនឯង) ក៏ដើរលេងតែពស់ឯទីផ្សេង ៗ អស់ ៧ ថ្ងៃ ។

នាយពាណិជក៏បានឲ្យចំណីអាហារដល់ស្វាឆីតាមធម្មតា ដរាបដល់ថ្ងៃទី ៧ ហ្មពស់មកពីលេងបុណ្យ ក៏វាយស្វានោះ ៣ បន្ទះឫស្សី យកទៅឧយ្យានចងដេកលក់ទៅ ។ សត្វស្វាស្រាយចំណងរត់ឡើងលើដើមស្វាយ ហើយអង្គុយទំពារស៊ីផ្លែសា្វយទាំងនោះ ។ ហ្មពស់នោះ ភ្ញាក់ឡើងឃើញស្វាយនៅលើចុងឈើ គិតថា អញនឹងលួង លោមស្វានោះឲ្យចុះហើយចាប់វាឲ្យបាន ក៏ពោលគាថាទី ១ សន្ទនានឹងស្វានោះយ៉ាងនេះថា ៖

១. ធុត្តោម្ហិ សម្ម សុមុខ ជូតេ អក្ខបរាជិតោ

ហរេហិ អម្ពបក្កានិ វីរិយំ តេ ភក្ខយាមសេ ។

ម្នាលសម្លាញ់ មានមុខល្អ ខ្ញុំនេះវឹកវរ ព្រោះល្បែងភ្នាល់

ជាអ្នកលេងល្បែង ចាញ់គ្មានសល់ ពេលនេះតែលតោល គ្មានទីពឹង ។

ឥឡូវខ្ញុំសូម អាស្រ័យនាក់ សូមជួយទម្លាក់ ស្វាយទុំហ្នឹង

ឲ្យខ្ញុំបានឆី គ្រាន់លំនឹង រាងកាយរឹងប៉ឹង បន្តការ ។

សត្វស្វាឮហើយ ក៏ពោលត គាថាយ៉ាងល្អ ប្រពៃជា

គាថាដែលសេស មុខនេះណា សារស័ព្ទវាចា ដូច្នេះថា ។

២. អលិកំ វត មំ សម្ម អភូតេន បសំសសិ

កោ តេ សុតោ វា ទិដ្ឋោ វា សុមុខោ នាម មក្កដោ ។

ហៃហេ! មហាមិត្រ សម្លាញ់អាប់ ពាក្យអ្នកសារស័ព្ទ អត់ខ្លឹមសារ

តើអ្នកធ្លាប់ឮ ឬឃើញស្វា នៅទីឯណា មានមុខល្អ ។

៣. អជ្ជាបិ មេ តំ មនសិ យំ មំ ត្វំ អហិតុណ្ឌិក

ធញ្ញាបណំ បវិសិត្វា មត្តោ ឆាតំ ហនាសិ មំ ។

នែនែ ! អហិតុណ្ឌិកៈ ចូរអ្នកសាកគិត តិចទៅហ៎

កាលអ្នកស្រវឹង ខឹងឈូឆរ វាយខ្ញុំឃ្លានក្រ ឯផ្សារស្រូវ ។

៤. តាហំ សរំ ទុក្ខសេយ្យំ អបិ រជ្ជម្បិ ការយេ

នេវាហំ យាចិតោ ទជ្ជំ តថា ហិ ភយតជ្ជិតោ ។

រឿងនោះខ្ញុំនៅ ចាំទាំងអស់ មិនដែលភ្លេចសោះ ដល់ឥឡូវ

ខ្ញុំដេកជាទុក្ខ សោកពេកកូវ ទោះអ្នកតម្រូវ ផ្លូវណាមួយ ។

ជាថ្នូរនឹងស្វាយ ទុំពណ៌លឿង ក្រហមព្រឿង ៗ សូម្បីមួយ

ដូរដោយសម្បត្តិរាជ្យក៏ដោយ ខ្ញុំមិនឲ្យឡើយ ព្រោះតែភ័យ ។

៥. យញ្ច ជញ្ញា កុលេ ជាតំ គព្ភេ តិត្តំ អមច្ឆរិំ

តេន សខិញ្ច មិត្តញ្ច ធីរោ សន្ធាតុមរហតីតិ ។

អ្នកប្រាជ្ញតែងស្គាល់ បុគ្គលណា តាំងស៊ប់ក្នុងគភ៌ ដ៏ប្រពៃ

ស្កប់ស្កល់ដោយយស សក្តិសិរី ត្រកូលថ្លាថ្លៃ ប្រសើរសម ។

ជាអ្នកចិត្តធម៌ មិនកំណាញ់ គួរចងសម្លាញ់ ពេញឧត្តម

ចងគ្នាជាមិត្ត ពិតសក្តិសម គួររាប់សមាគមន៍ នឹងអ្នកនោះ ។

សត្វស្វាកាលពោល បញ្ជាក់ន័យ ថារូបគេភ័យ នឹងហ្មពស់

ហើយឈប់ចាញ់បោក ជនទុយ៌ស រួចរត់បង្ហួស ចូលព្រៃទៅ ។

រួចព្រះសាស្តា ប្រជុំជាតក៍ គ្រូពស់នោះឃា្លត មកឥឡូវ

ជាភិក្ខុចាស់ មានសក់ស្កូវ តែងជេរប្រដៅ សាមណេរតូច ។

ដែលកាលនោះគឺ ជាសត្វស្វា ត្រូវគេប្រហារ នឹងឫស្សីស្រួច

រីតថាគត ពិតរឹងរួច ពាណិជ្ជស្រូវពួជ ដូចនេះហោង ។

                                                                 ចប់ រឿងគ្រូពស់ និងស្វា តែប៉ុណ្ណេះ  ។

ស្រង់ចាកគម្ពីរ ខុទ្ទកនិកាយ ជាតក ព្រមទាំងអដ្ឋកថា

ប្រែចាកបាលិភាសា មកជាខេមរភាសា ដោយៈ ធម្មសិរី សែម ចន្ទធីរ៍ ព.ស. ២៥៥៦

រឿងរ៉ាវទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ ក្នុងប្រពៃណី ព្រះពុទ្ធសាសនា-ខ្មែរ កែប្រែ

                                                                                                                                                   រឿងជដិល៣នាក់បងប្អូន

ឥតោ ហិៈ រាប់ថយក្រោយអំពីភទ្ទកប្បនេះទៅចំនួន ៩២ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះសម្ពុទ្ធ ព្រះនាម ផុស្សៈ និងព្រះពុទ្ធពីរព្រះអង្គ ទៀតបានឧប្បត្តិឡើងក្នុងលោក។ ព្រះរាជបិតារបស់ព្រះពុទ្ធផុស្សៈ ព្រះនាម មហិន្ទៈ។ ក៏កាលដែលព្រះពុទ្ធទ្រង់បានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ព្រះរាជបុត្រពៅរបស់ព្រះរាជា (អនុជរបស់ព្រះពុទ្ធ) បានជាអគ្គសាវ័កទី ១ ឯបុត្រ របស់បុរោហិតបានជាអគ្គសាវ័កទី ២ ។ (ថ្ងៃមួយ) ព្រះរាជាបានយាងទៅគាល់ ព្រះសាស្តា កាលសំឡឹងមើលឃើញព្រះសម្ពុទ្ធជាដើមនោះ ក៏សញ្ជឹងគិតថា "កូនច្បងរបស់យើងជាព្រះពុទ្ធ កូនពៅជាអគ្គសាវ័កស្តាំ ឯកូនបុរោហិត ជា អគ្គសាវ័កឆ្វេង " (ភ្លាមនុ៎ះ) ទ្រង់បន្លឺឧទានវាចា ៣ ថា "មមេវ ពុទ្ធោ ព្រះពុទ្ធ ជារបស់យើងតែម្នាក់ឯង មមេវ ធម្មោ ព្រះធម៌ជារបស់យើងតែម្នាក់ មមេវ សង្ឃោ ព្រះសង្ឃក៏ជារបស់យើងតែម្នាក់ឯងគត់ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស យើងសូមនមស្សការចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធអង្គនោះ (ដោយគោរព)" រួចក្រាបទៀបបាទមូលនៃព្រះសាស្តាពោលប្តេជ្ញា បមើ្រព្រះពុទ្ធជានិច្ចថា "បពិត្រព្រះអង្គដ៏ចម្រើន! ចាប់ពីពេលនេះទៅ សូមព្រះអង្គគង់នៅអស់កំណត់អាយុខ្ញុំព្រះអង្គប្រមាណ ៩ ម៉ឺនឆ្នាំ ធ្វើហាក់ ដូចជាកាលផ្ទុំលក់ សូមកុំនិមន្តទៅកាន់ផ្ទះអ្នកដទៃណាឡើយ សូមទទួលតែបច្ច័យបួនរបស់ខ្ញុំព្រះអង្គតែម្យ៉ាង ដរាបណាខ្ញុំ ព្រះអង្គនៅមានជីវិត " ។ ក្រោយមក ព្រះរាជាក៏មានបុត្រា ៣ អង្គផ្សេងទៀត ដែលអង្គទីមួយ កាន់ទ័ព ៥០០ នាក់ ទីពីរ ៣០០ និងបុត្រពៅ ២០០ នាក់ ។ ព្រះរាជបុត្រទាំង ៣ អង្គ នោះ ទូលសុំការអនុញ្ញាតពីព្រះបិតាដើម្បីពួកគេបានថ្វាយចង្ហាន់បិណ្ឌបាត ចំពោះព្រះពុទ្ធជាព្រះរៀម តែមិនបានឱកាសសោះ ទោះជាសុំច្រើនលើក ច្រើនសារក៏ដោយ។ គ្រាមួយ នៅបច្ចន្តគ្រាមមានការក្រោកបះបោរ ព្រះរាជា ក៏បញ្ជូនព្រះរាជបុត្រទាំង ៣ ទៅបង្ក្រាប ក្រោយពីបង្ក្រាប ការបះបោរក៏ស្ងប់រម្ងប់ហើយ បាននាំគ្នាចូលទៅគាល់ព្រះបិតា។ ពេលនោះ ព្រះបិតាបានឱបបុត្រទាំង ៣ ថើបថ្ងាស ទាំងមានព្រះរាជឱង្ការថា "ហៃ! បាទាំងឡាយ! បិតា នឹងប្រទានពរដល់អ្នកទាំងឡាយ"។

ព្រះរាជបុត្រទាំង ៣ អង្គ ទទួលពរថា “សាធុ! ព្រះសម្មតិទេព!„ ពីរ បីថ្ងៃក្រោយមកព្រះបិតាសួរថា“បាទាំងឡាយ ទទួលយកពរទេ?„ ក៏បានឆ្លើយ ព្រមគ្នាថា “បពិត្រព្រះសម្មតិទេព ! ពួកបុត្រមិនត្រូវការប្រយោជន៍តិចតួច ដទៃណាមួយពីពរនេះទេ (តែ) ពួកបុត្រ សូមបានថ្វាយចង្ហាន់បិណ្ឌបាត ដល់ ព្រះរៀមផងចាប់ពីពេលនេះទៅ តើព្រះអង្គ ប្រទានពរនេះដល់ពួកបុត្រទេ? „ “ហៃបាទាំងឡាយ! បិតាមិនប្រទានពរនេះទេ„ ព្រះរាជាតប។ “ បពិត្រ ព្រះសម្មតិទេព! បើមិនបានថ្វាយជានិច្ច ក៏សូមទ្រង់ប្រទានតែ ៧ ឆ្នាំមក „។ ហៃបា! មិនបានទេ។ បើដូច្នោះ សូមព្រះបិតាមេត្តា អនុញ្ញាត ៦ ឆ្នាំ ៥ ឆ្នាំ ៤ ឆ្នាំ ៣ ឆ្នាំ ២ ឆ្នាំ ១ ឆ្នាំមក។ មិនបានទេ បា!។ អញ្ចឹង! សូមទ្រង់ប្រទាន ៧ ខែ។ សូមទ្រង់ ប្រទាន ៦ ខែ ៥ ខែ ៤ ខែ ៣ ខែ បានទេ ព្រះអង្គ? នែ!បា! បិតា មិនព្រមទេ។ បពិត្រព្រះសម្មតិទេព! សូមទ្រង់ប្រទាន ៣ ខែ សម្រាប់ខ្ញុំ ព្រះអង្គ ៣ នាក់ ម្នាក់ៗ បាន ១ ខែ បានទេ ព្រះអង្គ? ព្រះរាជាតបថា “សាធុ! បាទាំងឡាយ បើអញ្ចឹង ចូរបាថ្វាយចង្ហាន់ ៣ ខែចុះ„។ ព្រះរាជកុមារទាំងនោះ ក៏មានចិត្តរីករាយថ្វាយបង្គំលាព្រះរាជាទៅលំនៅស្ថានរៀងៗ ខ្លួន។ ឯព្រះរាកុមារទាំង ៣ អង្គនោះ មាននាយឃ្លាំង និងនាយស្មៀនម្នាក់មួយៗ មានបុរសជាបរិវារ ១២ ម៉ឺននាក់ ទ្រង់បានហៅពួកគេមកប្រាប់ណែនាំ ថា “កំឡុងពេល ៣ ខែនេះ យើងនឹងកាន់សីល ១០ ស្លៀកសំពត់កាសាយៈពីរផ្ទាំង នៅរួមនឹងព្រះសាស្តា! អ្នកទាំងឡាយ ចូរយកទ្រព្យប៉ុណ្ណេះ ចាត់ចែងម្ហូបអាហារបង្អែមចង្អាបសព្វគ្រប់ ចំពោះភិក្ខុសង្ឃ ៩ ម៉ឺនអង្គ និងយោធា ១ ពាន់នាក់ជារៀងរាល់ថ្ងៃ! ហើយចាប់ពីពេលនេះទៅ យើងឈប់និយាយអ្វីទាំងអស់„។

ចាប់ពីពេលនោះទៅ ព្រះរាជកុមារទាំង ៣ អង្គ ជាមួយនឹងបរិវារ ១ ពាន់នាក់ សមាទានសីល ១០ ស្លៀកសំពត់កាសាយៈ គង់នៅតែក្នុងវត្តម្យ៉ាង ប៉ុណ្ណោះ។ នាយឃ្លាំង និងនាយស្មៀនស្រុះស្រួលគ្នាយកទ្រព្យពីឃ្លាំងរបស់ ព្រះរាជកុមារទាំង ៣ តាមវេន ឲ្យទានជាប្រចាំ ប៉ុន្តែ កូនពួកកម្មករទាំងឡាយ ចេះតែយំទារបបរបាយជាដើម។ ពួកកម្មករទាំងនោះ ថ្វាយចង្ហាន់ដល់ព្រះ សង្ឃហើយ ទើបឲ្យដល់កូនតូចៗ ជាក្រោយ។ ពេលដែលព្រះសង្ឃឆាន់រួច ក៏មិនមានអ្វីសេសសល់តិចតួចឡើយ ដូច្នេះហើយ ទើបក្រោយមកពួកគេ យកបរិភោគសូម្បីដោយខ្លួន ដោយអាងថា យកទុកឲ្យកូនញ៉ាំ ព្រោះឃើញ ម្ហូបអាហារជាទីពេញចិត្តទ្រាំមិនបាន។ ក៏អ្នកដែលបរិភោគរបស់ដែលគេថ្វាយ ដល់សង្ឃនោះ មានចំនួន ៨ ម៉ឺន ៤ ពាន់នាក់ បន្ទាប់ពីរំលាងខន្ធស្លាប់ទៅ បានទៅកើតក្នុងបេត្តិវិស័យ។ រីឯព្រះរាជកុមារទាំង ៣ នាក់ បងប្អូន និងបុរស ១ ពាន់នាក់ បន្ទាប់ពីស្លាប់ទៅបានទៅកាន់ទេវលោក លុះច្យុតិចាកទេវលោក មកក្នុងមនុស្សលោក ពីមនុស្សលោកទៅកាន់ទេវលោកវិញ វិលកើតស្លាប់យ៉ាងនេះ អស់៩២ ផែនដី។ បងប្អូន ៣ នាក់នេះ ប្រាថ្នាអរហត្តផល បានធ្វើកល្យាណកម្មក្នុងកាលនោះ (ឥឡូវ) បានសម្រេចនូវអ្វីដែលពួកគេប្រាថ្នាហើយ។

នាយស្មៀនក្នុងកាលនោះ បានមកជាព្រះបាទពិម្ពិសារ ឯនាយឃ្លាំង បានមកជាវិសាខឧបាសក។ ព្រះរាជកុមារ ទាំង ៣ បានមកជាជដិលភិក្ខុទាំង ៣ អង្គ។ ចំណែកកម្មករនៃពួកគេទាំងនោះ កើតហើយជាប្រេតក្នុងកាលនោះ កាលត្រាច់រង្គាត់ទៅដោយសុគតិ និងទុគ្គតិ បានមកកើតជាប្រេតដដែលក្នុង ភទ្ទកប្បនេះអស់ចន្លោះ ៤ ព្រះពុទ្ធ។ ពួកប្រេតទាំងនោះ បានចូលទៅទូល សួរព្រះសម្ពុទ្ធកកុសន្ធៈទ្រង់ត្រាស់ដឹងមុនព្រះពុទ្ធ ៤ អង្គដទៃទៀត ទ្រង់មាន ព្រះជន្ម ៤ ម៉ឺនឆ្នាំ ថា “សូមព្រះអង្គប្រាប់ពួកយើងផង ពេលណា ទើបបាន អាហារបរិភោគ? „ ព្រះពុទ្ធកកុសន្ធៈត្រាស់ថា “ក្នុងកាលរបស់តថាគត អ្នក ទាំងឡាយមិនទាន់បានអាហារបរិភោគនៅឡើយទេ! ក្រោយពីតថាគតទៅ ពេលផែនដីឡើង កម្រាស់ ១ យោជន៍ថែមទៀត នឹងមានព្រះពុទ្ធព្រះនាម កោនាគមនៈ ឧប្បត្តិឡើង អ្នកទាំងឡាយចាំទូលសួរ ព្រះអង្គចុះ„។ ពួកប្រេត ទាំងនោះ ចាំអស់កាលប្រមាណប៉ុណ្ណោះ បានសួរព្រះពុទ្ធដែលឧប្បត្តិឡើងនុ៎ះ។ សូម្បីព្រះកោនាគមនៈ ក៏តា្រស់ថា “ក្នុងកាលតថាគត អ្នកទាំងឡាយ មិនទាន់បានអាហារបរិភោគទេ! ក្រោយពីនេះទៅ កាលផែនដីឡើងកម្រាស់ ១ យោជន៍ទៀត នឹងមានព្រះពុទ្ធព្រះនាមកស្សបៈ ឧប្បតិ្តឡើង អ្នកទាំងឡាយ ចាំទូលសួរ ព្រះអង្គចុះ„។ កាលប៉ុណ្ណោះ ក៏អស់ទៅ ព្រះពុទ្ធកស្សបៈ ក៏ឧប្បត្តិ ឡើង ពួកប្រេតទាំងនោះ ក៏ទូលសួរ។ ព្រះកស្សបៈ ក៏ទ្រង់មានព្រះពុទ្ធដីកា ដូចព្រះពុទ្ធមុនៗ ថា“អ្នកទាំងឡាយ នឹងមិនបានអាហារបរិភោគទេ ក្នុងសម័យតថាគត! ប៉ុន្តែ ក្រោយពីតថាគតទៅ កាលផែនដីបានកម្រាស់ ១ យោជន៍ទៀត នឹងមានព្រះពុទ្ធមួយព្រះអង្គព្រះនាម គោតម ឧប្បត្តិឡើង! សម័យនោះ ព្រះរាជាព្រះនាម ពិម្ពិសារ ដែលធ្លាប់ជាញាតិរបស់អ្នកទាំងឡាយ នឹងថ្វាយទានដល់ព្រះសាស្តាហើយឧទ្ទិសចំណែកបុណ្យដល់អ្នកទាំងឡាយ ពេលនោះ អ្នករាល់គ្នានឹងបានបរិភោគ„។ ចន្លោះមួយព្រះពុទ្ធ (តែ) សម្រាប់ពួកប្រេតទាំងនោះ (ដែលអត់អាហារយូរហើយ) ប្រៀបនឹងបានបរិភោគក្នុងថ្ងៃស្អែក។ នៅពេលដែលព្រះតថាគត (សមណគោតម) ឧប្បត្តិឡើង ព្រះបាទពិម្ពិសារ បានថ្វាយទានជាលើកទីមួយ មិនបានឧទ្ទិសដល់ប្រេតទាំងនោះ ទើបពួកប្រេតទាំងនោះ ស្រែកសម្រែកយ៉ាងខ្លាំង និងបង្ហាញខ្លួនឲ្យឃើញនៅពេលយប់។ ព្រឹកស្អែកឡើង ព្រះរាជាបានទៅកាន់វត្តវេឡុវ័ន ប្រាប់ដំណឹងនុ៎ះដល់តថាគត។

ព្រះសាស្តាត្រាស់ថា “បពិត្រមហារាជ! ខាងចុង ៩២ កប្ប អំពីនេះ ទៅ ក្នុងកាលនៃព្រះពុទ្ធផុស្សៈ ពួកញាតិរបស់ព្រះអង្គទាំងនោះឯង បាន បរិភោគទេយ្យទានរបស់ភិក្ខុសង្ឃ ក៏បានទៅកើតក្នុងកំណើតប្រេត ត្រាច់ រង្គាត់ទៅ ក្នុងសង្សារវដ្តបានទូលសួរព្រះពុទ្ធទាំងឡាយមានព្រះកកុសន្ធៈ ជា ដើម ដែលព្រះអង្គបានព្យាករណ៍ថាយ៉ាងនេះផង យ៉ាងនេះផង អស់កាល វេលាមានប្រមាណប៉ុណ្ណោះ សង្ឃឹមចំពោះទានរបស់ព្រះអង្គដែលបានធ្វើក្នុង ថ្ងៃម្សិលម៉ិញ កាលមិនបាននូវចំណែកទាននុ៎ះ ក៏ធ្វើយ៉ាងនេះទៅ„។ “បពិត្រ ព្រះអង្គដ៏ចម្រើន អញ្ចឹងបើខ្ញុំព្រះអង្គធ្វើទានឥឡូវនេះទៀត ពួកគេនឹងបាន ទទួលទេ?„ “ថ្វាយព្រះពរ! មហារាជ បាន!„។ ព្រឹកឡើង ព្រះរាជាបាន និមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ថ្វាយមហាទាន ឧទ្ទិសចំណែកបុណ្យថា “បពិត្រព្រះអង្គដ៏ចម្រើន! ដោយទាននេះ សូមឲ្យបាយ និងទឹកដ៏ជាទិព្វ សម្រេចដល់ប្រេតទាំងឡាយនោះ„ បាយនិងទឹកដ៏ជាទិព្វក៏សម្រេច ដល់ ប្រេតទាំងនោះយ៉ាងនោះមែន។ ថ្ងៃបន្ទាប់ ពួកប្រេតបង្ហាញកាយអាក្រាត ឲ្យឃើញ។ ព្រះរាជាទូលព្រះមានព្រះភាគថា “បពិត្រព្រះអង្គ ខ្ញុំព្រះបានឃើញ ពួកគេនៅអាក្រាតកាយ„។ “មហារាជ! ព្រះអង្គមិនបានឲ្យសំពត់ជាទាន„។ ស្អែកឡើង ព្រះរាជាក៏ថ្វាយ ចីវរទានដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជា ប្រធាន នឹកចំពោះថា “ដោយទាននេះ សូមសំពត់ដ៏ជាទិព្វមានដល់ប្រេតទាំងឡាយនុ៎ះ„ ក្នុងខណៈនោះឯង សំពត់ដ៏ជាទិព្វក៏កើតមានប្រាកដដល់ប្រេតទាំងនោះ។ ពួកប្រេតទាំងនោះ ក៏បានលះបង់អត្តភាពជាប្រេត ហើយតាំងនៅក្នុងភាវៈជាទិព្វតទៅ។ ព្រះបរមសាស្តា កាលទ្រង់អនុមោទនា បានសម្តែង អនុមោទនាដោយតិរោកុឌ្ឌសូត្រ មានជាអាទិ៍ថា តិរោកុឌ្ឌេសុ តិដ្ឋន្តិ ។ ធម្មាភិសម័យនៃសត្វ ៨ ម៉ឺន ៤ ពាន់ ក៏មាន ប្រាកដ ក្នុងទីបំផុតនៃការ អនុមោទនា។ ព្រះសាស្តាលើកយកធម្មទេសនានេះឡើង ព្រោះចង់សម្តែង រឿងជដិល ៣ នាក់បងប្អូនដោយប្រការនេះឯងហោង ។

                                                                                                                                                            រឿងជដិលបីនាក់បងប្អូន ចប់ ៕
                                        ពន្យល់ពាក្យ

កល្យាណកម្ម អំពើល្អ

កប្ប (កល្ប) កាលតាំងនៅយូរអង្វែង, ផែនដី

ចីវរទាន ការឲ្យសំពត់អាវជាអំណោយ

ធម្មាភិសម័យ ការត្រាស់ដឹងចំពោះនូវធម៌

បាទមូល ទីជិតជើង

បុរោហិត ព្រាហ្មណ៍ដែលធ្វើប្រយោជន៍ដល់នគរ, រាជគ្រូ

បេត្តិវិស័យ កំណើតប្រេត

ព្យាករណ៍ ទាយទុក, ប្រាប់ទុកមុន

ភទ្ទកប្ប កប្ប ឬកល្បដ៏ចម្រើន, មានព្រះពុទ្ធត្រាស់ ៥ អង្គ

រាជកុមារ កូនរបស់ស្តេច

រាជបុត្រ កូនរបស់ស្តេច

រំលាងខន្ធ ស្លាប់

ព្រះរាជឱង្ការ និយាយ, ហៅ, (ពាក្យស្តេចប្រើ)

ព្រះរៀម បង

សង្សារវដ្ត ពិភពលោក

សម្ពោធិញ្ញាណ ប្រាជ្ញាត្រាស់ដឹងសព្វ

សំពត់កាសាយៈ ស្បង់ចីពររបស់ព្រះសង្ឃ

អគ្គសាវ័ក សិស្សដ៏ឆ្មើមរបស់ព្រះពុទ្ធ

អត្តភាព ខ្លួនប្រាណ

អនុជ ប្អូនប្រុស

អនុមោទនា ធ្វើសេចក្តីត្រេកអរតាម

អរហត្តផល គុណធម៌ជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា

ឧទ្ទិស ផ្សាយចំពោះ, នឹកដៅចំពោះ

ឧប្បត្តិ កើតឡើង

ឧបាសក អ្នកដែលស្មោះស័្មគ្រចំពោះព្រះពុទ្ធសាសនា

                                    តិរោកុឌ្ឌសូត្រ

តិរោកុឌ្ឌេសុ តិដ្ឋន្តិ សន្តិ សង្ឃាដកេសុ ច

ទ្វារពាហាសុ តិដ្ឋន្តិ អាគន្ត្វាន សកំ ឃរំ

ពួកប្រេតទាំងឡាយ មកហើយកាន់ផ្ទះនៃញាតិ ដោយគិតថា ជាផ្ទះ របស់ខ្លួន រមែងឈរនៅជិតខាងក្រៅ ជញ្ជាំងផ្ទះទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ

បហុតេ អន្នបានម្ហិ ខជ្ជភោជេ ឧបដ្ឋិតេ

នាកាលបាយ និងទឹក និងបង្អែម និងចង្អាបដ៏ល្មមគ្រាន់ គឺពួកញាតិ ចូលទៅតាំងទុកហើយ

ន តេសំ កោចិ សរតិ សត្តានំ កម្មបច្ចយោ

ញាតិណាមួយ មិននឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់ សត្វទាំងឡាយជាបច្ច័យ

ឯវំ ទទន្តិ ញាតីនំ យេ ហោន្តិ អនុកម្បកា

សុចឹ បណីតំ កាលេន កប្បិយំ បានភោជនំ

ញាតិទាំងឡាយឯណា តែងអនុគ្រោះ ញាតិទាំងឡាយនោះ រមែង ឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាលដល់ ញាតិទាំងឡាយ ជាអ្នកលះលោកនេះទៅហើយនោះ យ៉ាងនេះថា

ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ

ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នក ដល់នូវសេចក្តីសុខចុះ

តេ ច តត្ថ សមាគន្ត្វា ញាតិបេតា សមាគតា

ក៏ប្រេតជាញាតិទាំងឡាយនោះ មកប្រជុំគ្នាហើយ ក្នុងឋានដែលឲ្យ ទាននោះ ជាអ្នកមកហើយដោយបំណងល្អ

បហុតេ អន្នបានម្ហិ សក្កច្ចំ អនុមោទរេ

កាលបើ ថ្វាយបាយ និងទឹកដ៏ល្មមគ្រាន់ ក៏គប្បីអនុមោទនា ដោយ គោរពថា៖

ចិរំ ជីវន្តុ នោ ញាតី យេសំ ហេតុ លភាម សេ

យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយឯណា សូមញាតិទាំងឡាយនោះ របស់យើងទាំងឡាយ ចូររស់នៅយឺនយូរ

អម្ហាកញ្ច កតា បូជា ក៏បូជា គឺញាតិទាំងឡាយ ធ្វើហើយដល់យើងទាំងឡាយ

ទាយកា ច អនិប្ផលា ឯទាយក គឺអ្នកឲ្យទានក៏មិនឥតផល

ន ហិ តត្ថ កសិ អត្ថិ កសិកម្ម គឺការភ្ជួរស្រែចំការ ក៏មិនមាន ក្នុងភូមិនៃប្រេតនោះ

គោរក្ខេត្ថ ន វិជ្ជតិ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុង ភូមិនៃប្រេតនោះ

វណិជ្ជា តាទិសី នត្ថិ ពាណិជ្ជកម្ម គឺការជួញដែលជាហេតុបាន សម្បត្តិដូច្នោះក៏មិនមាន

ហិរញ្ញេន កយាកយំ មិនមានការលក់ទិញផ្លាស់ប្តូរដោយប្រាក់

ឥតោ ទិន្នេន យាបេន្តិ បេតា កាលកតា តហឹ

បុគ្គលទាំងឡាយ កាលធ្វើកាលកិរិយាទៅកើតជាប្រេត រមែងញ៉ាំង អត្តភាពឲ្យប្រព្រឹត្តទៅក្នុងប្រេតវិស័យនោះ ដោយផលទានដែលញាតិឲ្យ ហើយអំពីលោកនេះ

ឧណ្ណតេ ឧទកំ វុដ្ឋំ យថា និន្នំ បវត្តតិ

ឯវមេវ ឥតោ ទិន្នំ បេតានំ ឧបកប្បតិ

ទឹកធ្លាក់ចុះក្នុងទីទួល រមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទាន ដែលបុគ្គលឲ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ប្រេតទាំងឡាយ ដូច្នោះដែរ

យថា វារិ វហា បូរា បរិបូរេន្តិ សាគរំ

ឯវមេវ ឥតោ ទិន្នំ បេតានំ ឧបកប្បតិ ។

ជ្រលងផ្លូវទឹកទាំងឡាយ មានទន្លេ និងស្ទឹងជាដើម រមែងញ៉ាំងសាគរ ឲ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ រមែង សម្រេចផលដល់ប្រេតទាំងឡាយដូច្នោះដែរ ។

អទាសិ មេ អកាសិ មេ ញាតិ មិត្តា សខា ច មេ

មេតានំ ទក្ខិណំ ទជ្ជា បុព្វេ កតមនុស្សរំ

បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះ បានឲ្យរបស់នេះ ដល់អញ អ្នកនេះ បានធ្វើគុណនេះ ដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ និងជាសំឡាញ់របស់អញ ដូច្នេះ ហើយ គួរឲ្យទក្ខិណាទានដើម្បីប្រេតទាំងឡាយ ។

ន ហិ រុណ្ណំ វា សោកោ វា យាវញ្ញា បរិទេវនា

          ការយំ ឬសោកសៅ ឬការខ្សឹកខ្សួលដទៃៗ មិនមានប្រយោជន៍ឡើយ

ន តំ បេតានមត្ថាយ ធ្វើដូច្នេះ រកបានជាប្រយោជន៍ ដល់ប្រេត ទាំងឡាយគ្មាន

ឯវំ តិដ្ឋន្តិ ញាតយោ ញាតិទាំងឡាយ រមែងស្ថិតនៅឥតបាន ដឹង បានឮយ៉ាងនេះ

អយញ្ច ខោ ទក្ខិណា ទិន្នា បើទក្ខិណាទានដែលបុគ្គលបានឲ្យហើយ នេះឯង

សង្ឃម្ហិ សុបតិដ្ឋិតា ជាទានដម្កល់នៅល្អហើយក្នុងសង្ឃ

ទីឃរត្តំ ហិតាយស្ស ឋានសោ ឧបកប្បតិ ទក្ខិណាទាននោះ ទើបចូលទៅសម្រេចតាមស្ថាន ដើម្បីជាប្រយោជន៍ដល់ប្រេតនោះ អស់ កាលជាអង្វែង

សោ ញាតិធម្មោ ច អយំ និទស្សិតោ ក៏ញាតិធម៌នោះ គឺអ្នក បានសម្តែងជាបែបយ៉ាងហើយ

បេតាន បូជា ច កតា ឧឡារា ការបូជាដ៏ថ្លៃថ្លា ចំពោះ ដល់ប្រេតទាំងឡាយ គឺអ្នកបានធ្វើហើយ

ពលញ្ច ភិក្ខូនមនុប្បទិន្នំ កម្លាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា គឺអ្នកបានបំពេញឲ្យហើយ

តុម្ហេហិ បុញ្ញំ បសុតំ អនប្បកន្តិ បុណ្យគឺអ្នកសន្សំទុកហើយ មិនមែនតិចដូច្នេះ ៕

                                             តិរោកុឌ្ឌសូត្រ ចប់ ៕
                             តិរោកុឌ្ឌសូត្រ ប្រែរបៀបកាព្យ

ពួកប្រេតទាំងឡាយ មកហើយកាន់ផ្ទះ គិតទុកយ៉ាងច្បាស់ ថាជាផ្ទះខ្លួន

រមែងឈរនៅ ត្រង់ផ្លូវបែកបួន បែកបី ឬសួន ក្រៅជញ្ជាំងផ្ទះ ។

បើបាយនិងទឹក បង្អែមចង្អាប ញាតិបានរាប់បាត្រ ឧទ្ទិសឲ្យច្បាស់

ពួកប្រេតជាញាតិ នៅជិតទ្វារផ្ទះ ទ្វារក្រុងណាខ្លះ តែងត្រេកសប្បាយ ។

បើញាតិណាមួយ មិននឹកដល់ប្រេត នេះព្រោះតែហេតុ កម្មជាបច្ច័យ

មករារាំងចិត្ត ទាំងយប់ទាំងថ្ងៃ ឲ្យញាតិទាំងឡាយ រលឹកមិនដល់ ។

តែបើញាតិណា តែងអនុគ្រោះ ញាតិទាំងឡាយនោះ គេតែងខ្វាយខ្វល់

ឧទ្ទិសនូវទឹក បាយនិងភោគផល បញ្ជូនទៅដល់ ប្រេតជាញាតិថា ។

ឥទំ វោ ញាតីនំ ហោតុ ញាតយោ ហោន្តុ សុខិតា

ទាននេះ ចូរមាន ដល់ញាតិកា សូមបុណ្យផលា នាំឲ្យសុខចុះ ។

ធម្មតាពួកប្រេត តែងមកទានស្ថាន ប្រជុំគ្នាគ្មាន បំណងអាក្រក់សោះ

បើញាតិទាំងឡាយ ណានឹកស្រណោះ ឲ្យទានដោយស្មោះ ក៏ត្រេកអរ ថា ។

យើងទាំងឡាយណា បានសម្បត្តិនេះ ព្រោះញាតិឯណេះ បានធើ្វកុសលា

សូមញាតិទាំងឡាយ នៃយើងនុ៎ះណា មានជន្មវស្សា រស់នៅយឺនយូរ ។

ទានដែលពួកញាតិធើ្វហើយដល់យើង ប្រសើររុងរឿង នៅនាឋានសួគ៌

មិនមែនតែខ្ញុំ ម្ខាងដែលសមគួរ ទោះអ្នកធ្វើនោះ ក៏បានតាមហេតុ ។

ឱ!កសិកម្ម គឺការភ្ជួរស្រែ ញាតិអើយគ្មានទេ ក្នុងភូមិនៃប្រេត

ការរក្សាគោ ការជួញជាហេតុ ពាណិជកម្មក្នុងខេត្ត ក៏មិនមានដែរ ។

គ្មានការលក់ទិញ ផ្លាស់ប្តូរដោយប្រាក់ ប្រេតប្រាកដជាក់ រងទុក្ខឥតល្ហែរ

រស់បានដោយសារបុណ្យញាតិឲ្យទេ បើញាតិបែកបែរច្បាស់ដាច់ពោះស្លាប់

ទានដែលបុគ្គលបានឲ្យទៅនេះ ពិតប្រាកដណាស់ បានដល់ប្រេតគាប់

ប្រៀបដូចទីខ្ពស់ ទឹកមិនដក់ជាប់ តែងហូរត្រឡប់ ទៅឯស្ថានទាប ។

ម្យ៉ាងដូចជ្រលងផ្លូវទឹកទាំងឡាយ មានស្ទឹងនាយអាយ ទន្លេពោរប្រៀប

តែងហូរចាក់ចូល សាគរដែលទាប ញ៉ាំងឲ្យពេញប្រៀប ដូចបុណ្យនេះដែរ

ដូច្នេះ ពួកជន កាលរឭកបាន ថា ញាតិសន្តាន បានថ្នាក់ថ្នមថែ

ធ្លាប់បានធ្វើល្អ ឲ្យពីបុព្វេ ហេតុនោះគួរតែ ឲ្យទក្ខិណា ។

គឺឲ្យធ្វើបុណ្យ ឧទ្ទិសភាគផល ចែកញាតិបានដល់ ឋានសុខសោភា

ព្រោះការយំសោក រៀបរាប់នានា មិនបានជាការណ៍ ប្រយោជន៍អ្វីឡើយ ។

ពួកប្រេតនឹងមិន បានដឹងអ្វីសោះ បុណ្យម្យ៉ាងប៉ុណ្ណោះឲ្យញាតិបានស្បើយ

គឺបុណ្យដែលញាតិ ថ្វាយដល់សង្ឃហើយ ឧទ្ទិសតាមក្រោយ ឲ្យញាតិត្រេកតាម ។

កាលធ្វើដូច្នោះ ទើបបានប្រយោជន៍ ឲ្យផលរុងរោចន៍ ប្រសើរយូរឆ្នាំ

ធម៌នោះធ្វើឲ្យ ញាតិបានផុតកម្ម ប្រេតតែងចំណាំ បានរួចផុតភ័យ ។

អ្នកធ្វើយ៉ាងនេះ តែងគាប់ប្រសើរ បានបុណ្យជាន់លើ ខ្ពង់ខ្ពស់ពេកក្រៃ

ពួកប្រេតបានរួច ចាកពីទុក្ខភ័យ ព្រះសង្ឃទាំងឡាយ ក៏បានស្កប់ស្កល់ ។

នេះបញ្ជាក់ថា បុណ្យ បានធ្វើហើយ ឱ !ញោមញាតិអើយ មិនមែនតិចផល

អ្នកសន្សំទុក បានច្រើនផុតខ្វល់ ញាតិនឹងបានដល់ ក្តីសុខក្សេមក្សាន្ត ។

ជាចំណងដៃនៃថ្ងៃភ្ជុំបិណ្ឌ ខ្ញុំលៃចម្រាញ់ កាព្យតាមលំអាន

ពួកធម៌តិរោក ដែលអ្នកធ្លាប់បាន ស្តាប់លោកសូត្រទាន នាពេលបុណ្យភ្ជុំ។

ថ្ងៃច័ន្ទ ៧ រោច ខែភទ្របទ ខ្ញុំចារកំណត់ ជួយដាស់អារម្មណ៍

ខុសឆ្គងសូមញាតិ កុំប្រកាន់ខឹង កវីខ្ចីប្រឹង ចារភ្ជាប់និស្ស័យ ។

មណ្ឌលវប្បធម៌ខ្មែរនៅស្វីស វត្តស៊ូរីក សង្ឃារាម អុបហ្វ៊ែនដេន

ថ្ងៃច័ន្ទ ៧ រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៥៥

ត្រូវនឹងថ្ងៃទី ១៩ កញ្ញា គ.ស.២០១១

តរុណកវី សែម ចន្ទធីរ៍

សីលានិសង្សាធិប្បាយ កែប្រែ

                                                                                                                                                          ពណ៌នាគាថាសីលវត្ថេរ

ទ្វាទសកនិបាតេ នៅក្នុងគម្ពីរខុទ្ទកនិកាយ ទ្វាទសកនិបាត មានសម្តែងអំពីគាថា (ចំនួន ១២) របស់ ព្រះសីលវត្ថេរដ៏មានអាយុ មានពាក្យជាដើមថា សីលមេវ ដូច្នេះ ។ តើព្រះគាថាទាំងនោះ កើតដោយរបៀបណា ?

ព្រះសីលវត្ថេរអង្គនេះ មានបុញ្ញាធិការធ្វើហើយក្នុងសម័យកាលព្រះពុទ្ធមុន ៗ ហើយបានសន្សំនូវកុសល ដែលជាឧបនិស្ស័យដើម្បីរលាស់ចោលនូវវដ្តសង្សារក្នុងភពនោះៗ ។ ហើយនៅក្នុងពុទ្ធុប្បាទ (សម័យព្រះពុទ្ធយើង) នេះ បានប្រសូតនៅក្នុងក្រុងរាជគ្រឹះ ជាព្រះរាជបុត្ររបស់ព្រះបាទពិម្ពិសារ មាននាមថា សីលវាតិស្ស ។ គ្រាកាល ដែលព្រះរាជកុមារអង្គនោះ ចម្រើនវ័យវឌ្ឍនាការ (ធំពេញវ័យ) ហើយ ព្រះបាទអជាតសត្រូវ ក៏មានប្រាថ្នានឹងធ្វើ គុត (សម្លាប់) ក៏បានឲ្យព្រះរាជកុមារឡើងជិះលើដំរីចុះប្រេងដ៏កាចសាហាវ (និង) សូម្បីព្យាយាមដោយឧបាយផ្សេង ៗ ក៏នៅតែមិនអាចសម្លាប់បានឡើយ ព្រោះថា ជាតិនេះ គឺជាជាតិចុងក្រោយរបស់រាជកុមារដែលនឹងត្រូវបានជាព្រះ អរហន្ត មិនអាចមានអន្តរាយដល់ជីវិតបានទេ បើមិនទាន់បានត្រាស់ ។ ព្រះដ៏មានព្រះភាគទ្រង់បានជ្រាបនូវដំណឹង នោះ ក៏បានទ្រង់បញ្ជូនព្រះមហាមោគ្គល្លានត្ថេរ ឲ្យទៅនាំព្រះសីលវកុមារមក ។ ព្រះថេរៈក៏បាននិមន្តទៅនាំសីលវ កុមារនោះមកទាំងដំរីដោយកម្លាំងនៃឫទ្ធិ ។ ព្រះរាជកុមារបានយាងចុះពីលើខ្នងដំរីថ្វាយបង្គំព្រះមានព្រះភាគ ហើយ ក៏បានគង់ (អង្គុយ) ក្នុងទីដ៏សមគួរមួយ។ ព្រះភគវាក៏បានត្រាស់ធម្មទេសនាតាមគាប់អធ្យាស្រ័យរបស់កុមារនោះ ។ ពេលដែលបានស្តាប់ព្រះធម៌ ក៏មានសទ្ធាជ្រះថ្លា បានបួស រួចចម្រើនវិបស្សនាកម្មដ្ឋាន ក៏បានលុះនូវអរហត្តផល ដោយពេលវេលាមិនយូរប៉ុន្មានឡើយ ហើយបានគង់អាស្រ័យនៅក្នុងដែនកោសល ។ គ្រានោះ ព្រះបាទអជាត-សត្រូវបានដឹងដំណឹងនោះ ក៏ដាក់ព្រះរាជបញ្ជាឲ្យរាជបុរសទាំងឡាយទៅសម្លាប់ព្រះថេរៈទៀត ។ ពួករាជបុរសទាំង នោះបានទៅរកលោក រួចបានឈរស្តាប់នូវធម្មកថាដែលព្រះថេរៈសម្តែងប្រាប់ កើតក្តីសង្វេគស្ញប់ស្ញែង ក៏មានចិត្ត ជ្រះថ្លាបានបួសអស់ទៅ ។ ព្រះថេរៈបានសម្តែងនូវព្រះធម៌ប្រោសអ្នកទាំងនោះ ដោយគាថាដូចតទៅនេះ គឺ ៖

១. សីលមេវិធ សិក្ខេថ អស្មឹ លោកេ សុសិក្ខិតំ

សីលញ្ហិ សព្វសម្បត្តឹ ឧបនាមេតិ សេវិតំ ។

បុគ្គលគប្បីរក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ

ព្រោះថា សីលដែលបុគ្គល សេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។

២. សីលំ រក្ខេយ្យ មេធាវី បត្ថយានោ តយោ សុខេ

បសំសំ វិត្តិលាភញ្ច បេច្ច សគ្គេ បមោទនំ ។

ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តី

ត្រេកអរ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល ។

៣. សីលវា ហិ ពហូ មិត្តេ សញ្ញមេនាធិគច្ឆតិ

ទុស្សីលោ បន មិត្តេហិ ធំសតេ បាបមាចរំ ។

ពិតណាស់ បុគ្គលអ្នកមានសីលរមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម

ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ ។

៤. អវណ្ណញ្ច អកិត្តិញ្ច ទុស្សីលោ លភតេ នរោ

វណ្ណំ កិត្តឹ បសំសញ្ច សទា លភតិ សីលវា ។

ជនទ្រុស្តសីលរមែងបាននូវទោសផង នូវដំណេះដំនៀលផង ឯជនអ្នកមានសីល

រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល ។

៥. អាទិ សីលំ បតិដ្ឋា ច កល្យាណានញ្ច មាតុកំ

បមុខំ សព្វធម្មានំ តស្មា សីលំ វិសោធយេ ។

សីលជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាន

នៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល ។

៦. វេលា ច សំវរំ សីលំ ចិត្តស្ស អភិហាសនំ

តិត្ថញ្ច សព្វពុទ្ធានំ តស្មា សីលំ វិសោធយេ ។

សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់

នៃព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល ។

៧. សីលំ ពលំ អប្បដិមំ សីលំ អាវុធមុត្តមំ

សីលំ អាភរណំ សេដ្ឋំ សីលំ កវចមព្ភុតំ ។

សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីល

ជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ ។

៨. សីលំ សេតុ មហេសក្ខោ សីលំ គន្ធោ អនុត្តរោ

សីលំ វិលេបនំ សេដ្ឋំ យេន វាតិ ទិសោទិសំ ។

សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ

សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅ សព្វ ៗ ទិស ។

៩. សីលំ សម្ពលមេវគ្គំ សីលំ បាថេយ្យមុត្តមំ

សីលំ សេដ្ឋោ អតិវាហោ យេន យាតិ ទិសោទិសំ ។

សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម

សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង ។

១០. ឥធេវ និន្ទំ លភតិ បេច្ចាបាយេ ច ទុម្មនោ

សព្វត្ថ ទុម្មនោ ពាលោ សីលេសុ អសមាហិតោ ។

បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទា

ក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង ។

១១. ឥធេវ កិត្តឹ លភតិ បេច្ច សគ្គេ ច សុមនោ

សព្វត្ថ សុមនោ ធីរោ សីលេសុ សុសមាហិតោ ។

អ្នកបា្រជ្ញ មានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទ

ក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង ។

១២. សីលមេវ ឥធ អគ្គំ បញ្ញវា បន ឧត្តមោ

មនុស្សេសុ ច ទេវេសុ សីលបញ្ញាណតោ ជយន្តិ ។

សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញាក៏ឧត្តមដែរ

ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីលនិងបញ្ញា ។

                                                                                                                                                             ព្រះអដ្ឋកថា

បណ្តាព្រះគាថាទាំងនោះ ក្នុងបាទនៃព្រះគាថាដំបូងគឺ សីលមេវិធ សិក្ខេថ អស្មឹ លោកេ នេះ បទថា ឥធ គ្រាន់តែជានិបាត ប៉ុណ្ណោះ បានសេចក្តីថា កុលបុត្រអ្នកប្រាថា្ននូវប្រយោជន៍ក្នុងលោកទាំង ៧១ នេះ គប្បីផ្តើមសិក្សា នូវសីលមានចារិត្តសីល និង វារិត្តសីលជាដើមនេះឯងជាប្រភេទផង ហើយកាលសិក្សា គប្បីសិក្សានូវសីលនោះ ដោយប្រពៃ សិក្សាដោយល្អដោយភាវៈជាសីលមិនដាច់ជាដើម និងធ្វើឲ្យបរិសុទ្ធល្អ បរិបូណ៌ពេញលេញផង ។ ម្យ៉ាងទៀត ពីរបទថា អស្មឹ លោកេ សេចក្តីថា គប្បីផ្តើមសិក្សានូវសីលក្នុងពួកធម៌ដែលគួរសិក្សាទាំងឡាយ ក្នុង សង្ខារលោកនេះ ។ បទថា សីលញ្ហិ ជាដើម គឺពោលដោយភាពជាសីលដែលតម្កល់ល្អ សូម្បីដោយទិដ្ឋិសម្បត្តិ ។ ជំនុំបទទាំងនោះ ពាក្យថា ហិ ជាពាក្យប្រាប់ហេតុ (ប្រែថា ព្រោះថា) ។ សីលដែលបុគ្គលសេពហើយ ធ្វើឲ្យថ្នឹក ហើយ បានរក្សាហើយ ដោយប្រការណា សីលនោះ រមែងបង្អោន គឺនាំមកនូវសម្បត្តិទាំងពួង ដល់សត្វដែលកើត ក្នុងលោកទាំង ៧ នោះយ៉ាងពេញលេញបរិបូណ៌ ជាសម្បត្តិមនុស្ស សម្បត្តិទេវតា ឬសម្បត្តិព្រះនិព្វាននុ៎ះឯង ។

ន័យដែលទ្រង់សម្តែងដោយសង្ខេបថា សីលំ សព្វសម្បត្តឹ ឧបនាមេតិ ដូច្នេះ កាលនឹងទ្រង់ត្រាស់ឲ្យពិស្តារ ទើបទ្រង់ត្រាស់បន្ថែមទៀតថា សីលំ រក្ខេយ្យ ជាដើម ។ បណ្តាបទទាំងនោះ បទថា រក្ខេយ្យ ប្រែថា គប្បីរក្សា ។ ក៏បុគ្គលកាលវៀរចាកការសម្លាប់សត្វជាដើមផង ញ៉ាំងវត្តបដិបត្តិតូចធំឲ្យពេញលេញផង ឈ្មោះថា រក្សានូវសីល នោះ ព្រោះបានគ្របសង្កត់នូវធម៌ដែលជាសត្រូវ ។ បទថា មេធាវី ប្រែថា អ្នកមានបញ្ញា បានដល់ ការដឹងឃើញនូវ ឧបាយជាគ្រឿងរក្សានូវសីលនោះនេះផង និងការរក្សាមិនឲ្យបែកធ្លាយនូវការសមាទាននូវសីលនោះ ដោយកម្លាំង នៃញាណ (បញ្ញា) ផង ។ បទថា បត្ថយានោ ប្រែថា កាលប្រាថ្នា ។ ពីរបទថា តយោ សុខេ ប្រែថា សេចក្តីសុខទាំង ឡាយ ៣ ប្រការ ។ ម្យ៉ាងទៀត សុខនិមិត្ត ឈ្មោះថា សេចក្តីសុខ ។ បទថា បសំសំ បានដល់ កិត្តិយស ឬសេចក្តី សរសើរនៃពួកវិញ្ញុជន ។ បទថា វិត្តិលាភំ បានដល់ លាភជាទីត្រេកអរ ។ ម្យ៉ាងទៀត លោកពោលថា វិត្តលាភំ (បានសេចក្តីត្រេកអរ) សេចក្តីថា បាននូវទ្រព្យធន (ជាទីត្រេកអរ) ។ ព្រោះថា អ្នកមានសីលរមែងបានប្រសប់នូវ គំនរនៃភោគទ្រព្យ ព្រោះតែខ្លួនមិនធ្វេសប្រហែស ។ បទថា បេច្ច ប្រែថា ធ្វើកាលកិរិយាហើយ ។ ពីរបទថា សគ្គេ បមោទនំ ត្រូវភ្ជាប់ដោយបទថា បត្ថយមានោ ដូច្នេះថា កាលប្រាថ្នាដោយកាមគុណទាំងឡាយជាទីប្រាថ្នា ក្នុងទេវលោក និងកាលប្រាថ្នានូវសេចក្តីរីករាយ ។ ត្រូវចងប្រយោគដូច្នេះ ឥធ លោកេ បសំសំ វិត្តិលាភំ បរលោកេ ទិព្វសម្បត្តិយា មោទនញ្ច ឥច្ឆន្តោ សីលំ រក្ខេយ្យ បុគ្គលកាលចង់បាននូវសេចក្តីសរសើរ និងលាភជាទី ត្រេកអរ ក្នុងលោកនេះផង នូវសេចក្តីរីករាយដោយសម្បត្តិដ៏ជាទិព្វក្នុងបរលោកផង គប្បីរក្សានូវសីល ។

បទថា សញ្ញមេន សេចក្តីថា ដោយការសង្រួមនូវកម្មទាំងឡាយមានកាយកម្មជាដើ់ម ។ ព្រោះថា បុគ្គល អ្នកមានសេចក្តីសង្រួម រមែងមិនបៀតបៀននូវបុគ្គលណាមួយ ដោយអំពើជាទុច្ចរិតទាំងឡាយ មានការប្រព្រឹត្ត អាក្រក់ដោយកាយ (កាយទុច្ចរិត) ជាដើម ហើយតែងឲ្យនូវអភ័យទាន ចងទាក់នូវមិត្រទាំងឡាយ ព្រោះជាបុគ្គល គួរជាទីស្រឡាញ់រាប់អាន (នៃមិត្រ) ។ បទថា ធំសតេ ប្រែថា រមែងព្រាត់ ឬឃ្លាត ។ ពីរបទថា បាបមាចរំ ប្រែថា កាលធ្វើនូវបាបកម្មមានការសម្លាប់សត្វជាដើម ។ ពិតណាស់ សត្វទាំងឡាយដែលប្រាថ្នានូវប្រយោជន៍ រមែងមិន គប់រកនូវបុគ្គលទ្រុស្តសីលឡើយ គឺថា ប្រយោជន៍ដទៃមាន បុគ្គលតែងវៀរបង់ (នូវអ្នកទ្រុស្តសីល)។

បទថា អវណ្ណំ ប្រែថា មិនមែនគុណ (ទោស) ឬថា ដំនៀលក្នុងទីចំពោះមុខ ។ បទថា អកិត្តឹ ប្រែថា មិនមែនយស បានដល់ ការតិះដៀល គឺមិនមានសេចក្តីសរសើរ ។ បទថា វណ្ណំ ប្រែថា គុណ ។ បទថា កិត្តឹ ប្រែថា សេចក្តីសរសើរ គឺ យសសក្តិដែលខ្ចរខ្ចាយទៅ ។ បទថា បសំសំ គឺសេចក្តីសរសើរក្នុងទីចំពោះមុខ ។

បទថា អាទិ ប្រែថា ឫសគល់ ឬខាងដើម ។ ព្រោះថា សីល គឺ ជាខាងដើមនៃកុសលធម៌ទាំងឡាយ ។ ដូចដែលព្រះដ៏មានព្រះភាគត្រាស់ទុក (ក្នុងអម្ពបាលិវគ្គ សតិប្បដ្ឋានសំយុត្ត) ថា តស្មាតិហ ត្វំ ភិក្ខុ អាទិមេវ វិសោធេហិ កុសលេសុ ធម្មេសុ ។ កោ ចាទិ កុសលានំ ធម្មានំ ។ សីលញ្ច សុវិសុទ្ធំ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះក្នុងកុសលទាំងឡាយជាខាងដើមបង្អស់សិនចុះ ។ ចុះអ្វីជាខាងដើមនៃកុសលធម៌ទាំងឡាយ ? គឺ សីលដ៏បរិសុទ្ធ ១។ បទថា បតិដ្ឋា ប្រែថា ជាទីតាំង ។ ព្រោះថា សីល គឺ ជាទីតាំងនៃឧត្តរិមនុស្សធម៌ទាំងពួង ។ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទុក (ក្នុងទេវតា និង ព្រាហ្មណសំយុត្ត) ថា សីលេ បតិដ្ឋាយ ប្រែថា បានតាំងមាំ ក្នុងសីលហើយ២ ដូច្នេះជាដើម ។ ពីរបទថា កល្យាណានញ្ច មាតុកំ គឺជាមេ សេចក្តីថា ជាទីកើតនៃ កល្យាណធម៌ទាំងឡាយ មានសមថៈ និងវិបស្សនាជាដើម ។ ពីរបទថា បមុខំ សព្វធម្មានំ សេចក្តីថា ជាប្រមុខ ជាខាងមុខ គឺជាទ្វារចូលមកនៃពួកធម៌ដែលមិនមានទោសទាំងឡាយទាំងពួងមានបាមោជ្ជៈជាដើម ។ ពាក្យថា តស្មា សេចក្តីថា ជាអាទិភាព ព្រោះជាខាងដើម ។ បទថា វិសោធយេ សេចក្តីថា គប្បីសមាទានឲ្យប្រពៃដោយភាពជា សីលមិនដាច់ជាដើម ។

បទថា វេលា ប្រែថា ច្រាំង ដោយអត្ថថា ជាគ្រឿងរារាំង មិនឲ្យប្រព្រឹត្តកន្លងដោយទុច្ចរិតទាំងឡាយ សេចក្តីថា ជាសីមា ។ ម្យ៉ាងវិញទៀត ធម្មជាតិណា តែងទប់ គឺញ៉ាំងភាពទ្រុស្តសីលឲ្យឃ្លេងឃ្លោង គឺថា ឲ្យវិនាស ទៅ ធម្មជាតិនុ៎ះ ឈ្មោះថា វេលា ច្រាំង ។ ពីរបទថា សំវរំ សីលំ ដែលថា សីលជាទំនប់ ព្រោះសីលជាគ្រឿងបិទ នូវទ្វារដែលជាដែនកើតនៃទុច្ចរិតទាំងឡាយ មានកាយទុច្ចរិតជាដើម ។ បទថា អភិហាសនំ សេចក្តីថា ជាទីរីករាយ (នៃចិត្ត) ព្រោះសីលជាគុណជាតធ្វើឲ្យចិត្តរីករាយក្រៃលែង ដោយហេតុថា ជាចិត្តមិនមានវិប្បដិសារី (សេចក្តីក្តៅ ក្រហាយស្តាយក្រោយ) ។ ពីរបទថា តិត្ថញ្ច សព្វពុទ្ធានំ គឺ ជាកំពង់សម្រាប់បណ្តែតចោលនូវកិលេស និងមន្ទិល គ្រឿងសៅហ្មងទាំងឡាយផង សម្រាប់ជាក្រសែផ្លូវភ្ជាប់ទៅកាន់មហាសមុទ្រគឺព្រះនិព្វានផង នៃព្រះពុទ្ធទាំងឡាយ គ្រប់ព្រះអង្គ គឺ ព្រះសាវកពុទ្ធទាំងឡាយ ព្រះបច្ចេកពុទ្ធទាំងឡាយ និងព្រះសម្មាសម្ពុទ្ធទាំងឡាយ ។

បាទនៃគាថា ថា សីលំ ពលំ អប្បដិមំ សេចក្តីថា សីល ជាកម្លាំងគ្មានអ្វីប្រៀបបាន និងជាកម្លាំងទ័ពដ៏ខ្លាំង សម្រាប់ញាំញីនូវកងទ័ពនៃមារ ។ ពីរបទថា អាវុធមុត្តមំ សេចក្តីថា សីល ជាបហរណវត្ថុ (គ្រឿងប្រហារ) ដ៏មុត ស្រួចក្រៃលែងសម្រាប់កាត់ផ្តាច់នូវសង្កិលេសធម៌ (ធម៌ជាគ្រឿងសៅហ្មងព្រម)ទាំងឡាយ ។ សីលជាគ្រឿង អាភរណៈ ដោយសេចក្តីថា ជាគ្រឿងលម្អសរីរៈរាង្គកាយ ។ បទថា សេដ្ឋំ សេចក្តីថា ឧត្តម និងជាទិព្វសព្វ ៗ កាល។ សីលជាគ្រឿងក្រោះដ៏អស្ចារ្យ ព្រោះជាគ្រឿងការពារនូវជីវិតបាន ។ មួយវិញទៀត បាលីជា អព្ភិទំ សេចក្តីថា មិនបានបែកហើយ ឬមិនអាចបំបែកបាន, មិនអាចទំលាយបាន ។

(សីលជា) ស្ពាន ដោយសេចក្តីថា មិនចាក់ស្រេះដោយកិលេសទាំងឡាយ ក្នុងការឆ្លងកាត់នូវអន្លង់ធំ គឺ អបាយភូមិផង ឆ្លងកាត់នូវអន្លង់ធំ គឺ សង្សារវដ្តផង ។ បទថា មហេសក្ខោ គឺ មានកម្លាំងខ្លាំង ឬល្បឿនយ៉ាងលឿន ។ ពីរបទថា គន្ធោ អនុត្តរោ សេចក្តីថា សីល ជាគ្រឿងក្រអូបដ៏ប្រសើរ ព្រោះជាទីត្រេកអរនៃចិត្តរបស់ជនទាំងពួង ដែលអាចរសាត់ទៅក្នុងទិសទាំងពួង ទោះជាបញ្ច្រាសខ្យល់ក្តី ។ ព្រោះហេតុនោះ បានជាទ្រង់ត្រាស់ថា យេន វាតិ ទិសោទិសំ សេចក្តីថា តែងបក់ទៅកាន់ទិសតូចនិងទិសធំទួទៅដោយក្លិននៃសីលឯណា គឺថា តែងបក់ផ្សាយទៅ កាន់ទិសទាំងឡាយទាំងពួង ។ បាលីជា ទិសោទិសា ដូច្នេះក៏មាន ដោយសេចក្តីថា (ផ្សាយទៅកាន់) ទិសទាំង ១០ ។

ពីរបទថា សម្ពលមេវគ្គំ គឺ កញ្ចប់បាយ ឈ្មោះថា សម្ពលៈ (បាយម្ហូបដែលឆ្អិនស្រាប់) ។ បុរសដែលបាន ដាក់កញ្ចប់បាយ (ជាប់ខ្លួន) ដើរទៅកាន់ផ្លូវ (ឆ្ងាយ) តែងមិនលំបាកដោយសេចក្តីស្រេកឃ្លានតាមចន្លោះផ្លូវ មាន ឧបមាយ៉ាងណាមិញ សូម្បីបុគ្គលដែលបរិបូណ៌ដោយសីល កាន់យកនូវកញ្ចប់បាយគឺសីលដ៏បរិសុទ្ធ ដើរទៅកាន់ផ្លូវ ឆ្ងាយគឺសង្សារវដ្ត តែងមិនលំបាកត្រង់ទីដែលខ្លួនទៅដល់ហើយនោះ ៗ ក៏មានឧបមេយ្យយ៉ាងនោះដែរ ព្រោះហេតុ នោះ សីល ទើបបានឈ្មោះថា ជាកញ្ចប់បាយដ៏ប្រសើរ ។ ពិតដូច្នោះ សីលជាស្បៀងដ៏ប្រសើរ ព្រោះពួកជន អ្នកប្រាថា្ននូវការបៀតបៀនទាំងឡាយមានចោរជាដើម មិនអាចលួចបានផង ព្រោះជាឃ្លាំងសម្រាប់បើកទ្រព្យ សម្បត្តិដែលខ្លួនត្រូវការគ្រប់យ៉ាងក្នុងទីដែលទៅដល់ហើយនោះ ៗ ផង ។ រថ ដែលចម្លងនាំទៅកាន់ទីដៅនោះ ៗ ឬទីកន្លែងដែលចង់ទៅ គឺ ដាក់ពួកជនឲ្យដល់គោលដៅតាមប្រាថ្នាបាន ឈ្មោះថា អតិវាហៈ ប្រែថា វាហនៈដ៏ប្រសើរ បានដល់ យានជំនិះ ។ សីល ជាវាហនៈដ៏ប្រសើរ ព្រោះជាយានដែលមិនមានរអាក់រអួលដោយអន្តរាយណាមួយ ឡើយ ហើយអាចបរបានដល់ទីតាមសេចក្តីប្រាថ្នា ។ បទថា យេន គឺបរទៅដោយអតិវាហៈ (យាន) ឯណា ។ បទថា ទិសោទិសំ គឺ តែងដល់ទិសនោះ ៗ ទាំងនៅពាក់កណ្តាលផ្លូវ និងទីបំផុតនៃផ្លូវ (គោលដៅ) ដោយសេចក្តីសុខ តែម្យ៉ាង ។

បាទព្រះគាថា ថា ឥធេវ និន្ទំ លភតិ សេចក្តីថា មានចិត្តជាទុក្ខ ជាចិត្ត ដែលទោសមានរាគៈជាដើមប្រទូស្ត ហើយ តែងបាននូវការនិន្ទាតិះដៀលថា ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ទាំងដែលនៅក្នុងលោកនេះផង ។ សូម្បីក្នុងបរលោក ពេលដែលត្រូវស្លាប់ទៅហើយ ក៏រមែងបានពាក្យនិន្ទាក្នុងអបាយភូមិ ដោយពួកយមបុរស ជា ដើមផង ដោយហេតុថា ខ្លួនមានកំណើតដ៏អាក្រក់ ព្រោះកំហុសដែលបានធ្វើហើយក្នុងអត្តភាពជាមនុស្សជាដើម ។ បុគ្គលទ្រុស្តសីល រមែងបានពាក្យនិន្ទាតែម្យ៉ាងប៉ុណ្ណោះ ក៏នៅមិនទាន់គ្រប់គា្រន់ទេ តាមពិត ជាបុគ្គលមានចិត្ត អាក្រក់កើតទុក្ខ ពាលល្ងង់ខ្លៅក្នុងទីទាំងពួង ជាបុគ្គលមានចិត្តត្រូវទោសគឺការប្រព្រឹត្តទុច្ចរិតប្រទូស្តហើយ ក្នុង លោកនេះ ហើយរមែងជាបុគ្គលពាលល្ងង់ខ្លៅចិត្តអាក្រក់កើតទុក្ខក្នុងទីទាំងពួង ព្រោះនឹងបានប្រសប់នូវទុក្ខ ដោយ អំណាចនៃអំពើ (អាក្រក់) ជាដើម (ដែលខ្លួនបានធ្វើហើយ) ក្នុងបរលោកថែមទៀត ។ ដំណើរនុ៎ះ ព្រោះអ្វី ? ព្រោះមិនសមាទានដោយល្អក្នុងសីលទាំងឡាយ គឺថា មិនតម្កល់ចិត្ត មិនតាំងចិត្តស៊ប់នៅក្នុងសីលទាំងឡាយ ដោយប្រពៃត្រឹមត្រូវ ។

បាទព្រះគាថា ថា ឥធេវ កិត្តឹ លភតិ សេចក្តីថា អ្នកមានសីលរមែងជាអ្នកមានចិត្តល្អ តែងបាននូវកិត្តិសព្ទ ព្រោះលោកជាសប្បុរស មានសីល មានកល្យាណធម៌ ទាំងដែលនៅក្នុងលោកនេះនៅឡើយនោះឯង ។ កាល រំលាងខន្ធលះលោកនេះទៅហើយ រមែងបាននូវកិត្តិសព្ទនៅនាឋានសួគ៌ ឯបរលោកនោះទៀត ព្រោះមានពាក្យ ដែលពួកទេវតាពោលរាប់អានជាដើមថា លោកអ្នកមានសីលបានកើតហើយជាមួយនឹងពួកទេវតាទាំងឡាយ ព្រោះ បុគ្គលនេះ ជាសប្បុរស ជាអ្នកមានសីល មានកល្យាណធម៌ យ៉ាងនេះ ។ អ្នកមានសីលបានទទួលនូវកិត្តិសព្ទ តែប៉ុណ្ណឹង នៅមិនគ្រប់គ្រាន់នៅឡើយទេ ជាងនោះទៅទៀត លោកគឺជាអ្នកប្រាជ្ញមានបញ្ញា ដល់ព្រមដោយធិតិ គឺសេចក្តីព្យាយាម សមាទានដោយល្អប្រពៃ មានចិត្តមិនងាករេ គឺថា មានចិត្តតម្កល់នៅស៊ប់ល្អហើយ ក្នុងសីល ទាំងឡាយ រមែងបានកិត្តិសព្ទក្នុងទីទាំងពួង ទាំងដែលនៅក្នុងលោកនេះ ព្រោះការប្រព្រឹត្តដែលជាសុចរិត ហើយ រមែងមានចិត្តល្អ គឺមានចិត្តរីករាយ គឺថា បានដល់នូវភាពជាចិត្តសោមនស្សត្រេកអរក្រៃ ព្រោះបានចំពោះនូវសម្បត្តិ (ជាទិព្វ) ក្នុងបរលោក ។ បាទគាថា ថា សីលមេវ ឥធ អគ្គំ សេចក្តីថា សីលមានពីរយ៉ាង គឺ លោកិយសីល ១ លោកុត្តរសីល ១ ។ បណ្តាសីលទាំងពីរយ៉ាងនោះ (សីលដែលអ្នករក្សាប្រាថ្នានូវសម្បត្តិ) ក្នុងត្រកូលទាំងឡាយ មានត្រកូលខត្តិយមហាសាលជាដើម ក្នុងកាមលោកប៉ុណ្ណេះក្តី សីលនាំមកនូវកំណើតដ៏វិសេសក្នុងទេវលោក និងព្រហ្មលោកក្តី សីល ជាហេតុដើម្បីបាននូវភាពជាអ្នកមានលាភជាដើមក្តី (ប៉ុណ្ណេះ) ឈ្មោះថា លោកិយសីល ។ ចំណែកឯលោកុត្តរសីល គឺជាសីលដ៏ប្រសើរមែនពិត ព្រោះតែងឲ្យកន្លងបង់នូវវដ្តទុក្ខទាំងអស់ដោយពិតបា្រកដ ។ ពិតដូច្នោះ ព្រះសាស្តាបានត្រាស់ពាក្យនេះ (ទុកក្នុងអដ្ឋកនិបាត អាទិត្តកជាតក បញ្ជាក់កុលសម្បត្តិ) ថា៖

ហីនេន ព្រហ្មចរិយេន ខត្តិយេ ឧបបជ្ជតិ

មជ្ឈិមេន ច ទេវត្តំ ឧត្តមេន វិសុជ្ឈតិ

បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌ដ៏ថោកទាប បុគ្គលចូលទៅកាន់ភាព

ជាទេវតា ដោយព្រហ្មចរិយធម៌យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ ដោយព្រហ្មចរិយធម៌ដ៏ឧត្តម ១។

និង (ក្នុងអាកង្ខេយ្យសូត្រ បញ្ជាក់ភាពជាអ្នកបានលាភ) ថា

អាកង្ខេយ្យ ចេ ភិក្ខវេ ភិក្ខុ លាភី អស្សំ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញគប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ បរិក្ខារដូច្នេះ

និងត្រាស់ថា សីលេស្វេវស្ស បរិបូរការី គួរធ្វើសីលឲ្យបរិបូណ៌ ដូច្នេះ 

និង (ក្នុងទានវគ្គទៀត) ថា ឥជ្ឈតិ ភិក្ខវេ សីលវតោ ចេតោបណិធិ វិសុទ្ធត្តា ម្នាលភិក្ខុទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ ៣។

ក៏ឯ លោកុត្តរសីល គឺជាសត្រូវនៃពួកធម៌ថោកទាបដោយប្រការទាំងពួង ហើយចាប់ពីភព ឬជាតិទី ៧ ទៅ កាលនឹងញ៉ាំងសង្សារទុក្ខឲ្យបាត់បង់ទៅ កិច្ចដទៃដែលគប្បីធ្វើក្នុងភាពដ៏ប្រសើរបែបនេះទៀតមិនមានឡើយ ។ បាទព្រះគាថា ថា បញ្ញវា បន ឧត្តមោ គឺព្រះសាស្តាទ្រង់ត្រាស់ដល់ភាវៈដ៏ប្រសើរដោយបញ្ញាមែនពិត តាមទំនងជា បុគ្គលាធិដ្ឋាន ថា ចំណែកបុគ្គលអ្នកមានប្រាជ្ញាក៏ឧត្តមដែរ គឺប្រសើរក្រៃលែងតែម្តង ។ ឥឡូវនេះ កាលទ្រង់ សម្តែងនូវភាវៈដ៏ប្រសើរនៃសីល និងបញ្ញា ដោយកិច្ច គឺផល ទើបត្រាស់ថា សីលបញ្ញាណតោ ជយំ ដូច្នេះ ។ ក៏ បទថា ជយំ គប្បីជ្រាបជាលិង្គវិបល្លាស គឺប្តូររូប ។ មួយទៀត នៅសល់ពាក្យ អហុ មួយបទទៀត ។ ជំនុំបទទាំងពីរ នោះ សព្ទថា បញ្ញាណំ ដោយអត្ថថា ការដឹងច្បាស់ បានសេចក្តីថា ជ័យជំនះលើសត្រូវ (គឺបាបធម៌) ដោយសីល និង បញ្ញា ។ ព្រោះថា តែវៀរសីលចេញ បញ្ញាក៏កើតមិនបានឡើយ ហើយបើវៀរចាកបញ្ញា សីលក៏មិនបានធ្វើកិច្ចករ បានឡើយ គឺមិនបានឲ្យសម្រេចប្រយោជន៍បរិបូណ៌ទេ បានសេចក្តីថា សីល និងបញ្ញាទាំងពីរនុ៎ះ មានឧបការៈដល់ គ្នានិងគ្នាទៅវិញទៅមក ។ ព្រោះហេតុនោះ បានជាព្រះសុគតជាសាស្តាទ្រង់ត្រាស់ទុក (ក្នុងសោណទណ្ឌសូត្រ) ថា សីលបរិធោតា បញ្ញា បញ្ញាបរិធោតំ សីលំ ប្រែថា ប្រាជ្ញា រមែងជម្រះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ១ ដូច្នេះ ជាការសម្តែងនូវឋានដ៏វិសេសនៃអ្នកមានសីលទាំងឡាយថា (មានជ័យ ជំនះ) ក្នុងមនុស្ស និងទេវតាទាំងឡាយ ។ ព្រោះថា សីលដ៏វិសេសវិសាលទាំងឡាយនោះ រមែងប្រព្រឹត្ត ទៅក្នុងភូមិ ទាំងនោះផង ទាំងសមាធិ ជាចំណែកនៃសីលក្នុងទីនោះ រមែងប្រព្រឹត្តទៅបានព្រោះការអធិដ្ឋានដោយបញ្ញាផង ឬ ប៉ែកនៃបញ្ញា ក៏រមែងប្រព្រឹត្តទៅព្រោះបានចម្រើនសមាធិ និងតាំងអធិដ្ឋាននូវសីលផង ។

ព្រះថេរៈកាលសម្តែងនូវព្រះធម៌ដល់ភិក្ខុទាំងឡាយនោះ បានព្យាករនូវគាថាដទៃទៀត ដោយការបំភ្លឺនូវ គុណទាំងឡាយមានសីលគុណដ៏បរិសុទ្ធវិសេសជាដើមរបស់ខ្លួន ដោយប្រការយ៉ាងនេះឯង ។

                                                                                                          ចប់ ពណ៌នាគាថាព្រះសីលវត្ថេរ  ។

ខុទ្ទកនិកាយ ថេរគាថា បិដកលេខ ៥៧ ទំព័រ ២៨ ព្រមទាំងអដ្ឋកថា

ប្រែចាកបាលិភាសា មកជាខេមរភាសាដោយៈ ធម្មសិរី សែម ចន្ទធីរ៍