កិត្តិព្រឹទ្ធបណ្ឌិត

កិត្តិព្រឹទ្ធបណ្ឌិតគឺជាគោរម្យងារដែលទើបបង្កើតក្នុង​ឆ្នាំ២០១៣ ដែលបានផ្ដល់ដល់បុគ្គលបីរូបរួមមានសម្ដេចចៅពញាចក្រីហេង-សំរិន សម្ដេចមហាធម្មពោធិសាលជា-ស៊ីម និងលោកជំទាវប៊ុន-រ៉ានី-ហ៊ុនសែន បច្ចុប្បន្នបានងារជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ប្រវត្តិ

កែប្រែ

ដើម្បី​បង្ហាញ​នូវ​សេចក្តី​កោត​សរសើរ និង​ដឹងគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ជាតិ ដែល​មាន​បុគ្គលភាព​ថ្លៃថ្នូរ​ល្អ​ប្រសើរ និង​មាន​មគ្គុទេសក៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកប​ដោយ​សេចក្តី​ថ្កុំថ្កើង ល្បីល្បាញ ហើយ​ស័ក្តិសម​ជា​ឥស្សរជន​ឆ្នើម​ជាន់​ខ្ពស់​របស់​ជាតិ និង​ដើម្បី​ជា​គំរូ​ប្រពៃ​ថ្លៃថ្លា​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ ក៏​ដូចជា ប្រជារាស្ត្រ​ទូទាំង​ប្រទេស ក្នុង​ការ​បណ្តុះ​នូវ​ស្មារតី និង​ឆន្ទៈ​ស្រឡាញ់​ការពារ​ទឹកដី និង​សន្តិភាព​ឱ្យ​បាន​ជា​ភិយ្យោភាព​នោះ ក្រុម​សមាជិក​ពេញ​សិទ្ធិ ឬ ​បណ្ឌិតសភាចារ្យ (Academician) បាន​សម្រេច និង​ឯកភាព​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​ទ្រង់​ប្រោស​ប្រទាន​នូវ​គោរមងារ​ដល់​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជា​កិត្តិព្រឹទ្ធបណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ។

គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត (Kittipritthbindit)» ជា​គោរមងារ​ដ៏​ឧត្តុង្គឧត្តម ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ។ គោរមងារ​នេះ​ស្នើ​ប្រគល់​ជូន​វរជន​ខ្មែរ​ដែល​មាន​គុណ​បំណាច់ និង​ស្នាដៃ​ធំធេង​ចំពោះ​ប្រទេស​ជាតិ ក្នុង​ការ​ធ្វើ​ឱ្យ​រស់​ឡើង​វិញ និង​អភិវឌ្ឍ​នូវ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំង​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​វិស័យ​មនុស្សធម៌​ និង​សង្គមធម៌​ទៀត​ផង ។ គោរមងារ​នេះ​ត្រូវ​បាន​សម្រេច​ជ្រើស​រើស​ដោយ​សមាជិក​បណ្ឌិតសភា​ពេញ​សិទ្ធិ ឬ​បណ្ឌិតសភាចារ្យ (Academician) នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​ កម្ពុជា និង​ដោយ​មាន​ការ​ឯកភាព​ពាក្យពេចន៍​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​ដែរ ព្រម​ទាំង​ត្រូវ​បាន​ត្រាស់​បង្គាប់​ប្រគល់​ជូន​ដោយ​ព្រះ​មហាក្សត្រ​ព្រះ​ ករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​ព្រះប្រមុខរដ្ឋ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទៀត​ផង ។

និរុត្តិសាស្ត្រ

កែប្រែ

កិត្តិព្រឹទ្ធបណ្ឌិត បាន​ផ្សំ​បង្កើត​ពី​ពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត

  • កិត្តិ ជា​នាមសព្ទ មាន​ន័យ​ថា សេចក្តី​រុងរឿង​ដ៏​មហាប្រសើរ សេចក្តី​ថ្កុំថ្កើង ភាព​ល្បីល្បាញ ។
  • ព្រឹទ្ធ ជា​គុណនាម មាន​ន័យ​ថា ដែល​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​វ័យ វឌ្ឍនាការ​ខាង​កិរិយា​មារយាទ ឬ ខាង​គំនិត​ដែល​គិត​វែង​ឆ្ងាយ ហើយ​ប្រកប​ដោយ​គុណធម៌ ។
  • បណ្ឌិត ជា​នាមសព្ទ​មាន​ន័យ​ថា អ្នកប្រាជ្ញ អ្នក​មាន​ប្រាជ្ញា​ឈ្លាសវៃ អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ អ្នក​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គុណធម៌

ឥស្សរជនដែលទទួលគោរម្យងារ

កែប្រែ
  1. សម្ដេចមហាធម្មពោធិសាលជា-ស៊ីម
  2. សម្ដេចចៅពញាចក្រីហេង-សំរិន
  3. សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន

ឯកសារយោង

កែប្រែ

ឈូកខ្មែរ