ក្រឡាពាសសួស ប្រ.សតវត្សទី១៦ ជាមន្ត្រីចូលនិវត្តន៍ក្នុងសម័យលង្វែកមានគុណសម្បត្តិស្វែងរកបានព្រះខឌ្ដរាជ្យ

ក្រឡាពាសសួស
ក្រឡាពាស
ក្នុងការិយាល័យ
ប្រ.សតវត្សទី១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សួស

រកឃើញព្រះខឌ្ដរាជ្យ

កែប្រែ

ព្រះបាទអង្គចន្ទទី២ ស្ដេចត្រឡប់មកពីប្រទេសសៀមវិញ ស្ដេចធ្វើសង្គ្រាមបង្ក្រាបពួកក្បត់ គឺឃុនហ្លួងព្រះស្ដេចកនបាន។ នៅគ.ស ១៥២៩ សេ្ដចត្រូវធ្វើប្រាប្ដាភិសេកជាម្ចាស់ផែនដី ក៏ត្រូវគេស្វែងរកព្រះខឌ្ដរាជ្យជាថ្មីទៀត។ ទ្រង់អំពាវនាវថា៖ "បើនរណារកព្រះខឌ្ដរាជ្យនោះឃើញយកទៅថ្វាយព្រះអង្គនឹងតាំងឲ្យធ្វើជានាម៉ឺនធំ"។

តើនរណានឹងរកឃើញ បើអ្នកលាក់នោះស្លាប់បាត់អស់ទៅហើយ? តើនរណានឹងហ៊ានចូលព្រៃចំបក់នោះ បើព្រៃនោះកាចសាហាវដូច្នេះ? ហើយតាមដោយពិតគ្មានជនណាម្នាក់នឹងសង្ស័យថាព្រៃចំបក់នោះមានលាក់ទុកនូវគ្រឿងពិសិដ្ឋនោះ៖

ប៉ុន្ដែគ្រានោះ មានមាណពម្នាក់ឈ្មោះ សួស​ (ឈ្មោះនេះដូចឈ្មោះព្រះឥសីភ័ទ្ទដែរ)។ ឈ្មោះសួសនេះ ពីដើមធ្វើរាជការមានងារជាក្រឡាពាស ពោលគឺជាស្មៀនស្មេរនាសម័យនោះ។ ដោយខុសទាស់នឹងចៅហ្វាយនាយ ក៏ត្រូវគេបញ្ឈប់ពីតំណែងទៅ គេហៅថា ក្រឡាពាស រហូតមក។ នកគឺនៅក្រៅតំណែងរាជការ។ ឈ្មោះសួសនេះជាមនុស្សដឹងគុណមាតាបិតាណាស់ អត់អំពីឪពុកម្ដាយទៅតែងរកស៊ី ដាក់មង ចងសន្ទូច តាមដងស្ទឹងបាទីនេះយកត្រីសាច់លក់ដូរចិញ្ចឹមម្ដាយជាធម្មតា។

និយាយអំពីក្រឡាពាស "សួស" នារាត្រីមួយនោះយល់សប្តិថា ឃើញតាចាស់ម្នាក់មកប្រាប់ថា: ឱ្យទៅយកព្រះខឌ្ដ និង គ្រងព្រះបញ្ចក្សេត្រនៅរូងដើមចំបក់យកទៅថ្វាយហ្លួងនឹងបានជាធំ។ អ្នកមកពន្យល់សប្ដិនេះ គឺជាទេវតារក្សាព្រះខ័នរាជ្យ និងព្រលឹងឥសីភ័ទ្ទសួសនោះឯង។ ដោយនឹកអាណិតចំពោះនាយសួសដែលមានចិត្ដកត្ដញ្ញូចំពោះម្ដាយ ក៏បានមកពន្យល់សប្ដិប្រាប់នូវកន្លែងព្រះខឌ្ដរាជ្យនោះទៅ។ លុះព្រឹកភ្ញាក់ឡើងក្រឡាពាស "សួស" ក៏និយាយប្រាប់សប្ដិឱ្យនាងរៀបជាម្ដាយស្ដាប់, ម្ដាយស្រាយនិមិត្តថា យល់សប្តិទៀបព្រឹកនេះ ចំណាំតែឆុតណាស់ដូច្នេះ ឱ្យកូនទៅឡើងមើលក្នុងរូងចំបក់ធំនោះឱ្យច្បាស់មើល។ ក្រឡាពាសសួសទៅដល់ហើយឡើងមើលនៅរូងដើមចំបក់នោះឃើញព្រះខាន់នឹងគ្រឿងព្រះបញ្ចក្សេត្រនោះមែន ក៏អរណាស់ឃ្មាតខ្មីតំរង់ទៅបន្ទាយលង្វែក។ មកដល់កណ្ដាលផ្លូវឃើញពញាពិជ័យសង្គ្រាមនាំពល ៥០០ នាក់ ទៅស៊ើបសួររកព្រះខាន់នោះហើយ ថាបើនរណារកឃើញ ហ្លួងនឹងឱ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈផង ទើបក្រឡាពាសសួស ថ្លែងប្រាប់ពញាពិជ័យសង្គ្រាមតាមដំណើរសេចក្ដីគ្រប់ប្រការ។ ទើបពញាពិជ័យសង្គ្រាមនាំក្រឡាពាសសួសត្រឡប់មកព្រះបរមរាជវាំងយកសេចក្ដីមកក្រាបបង្គំទូល ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរណាស់ ត្រាស់ចាត់សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការឱ្យរៀបគ្រឿងហែមានដំរី សេះ រេហ៍ពលអភិរម្យសែនត្វាន់ ទៅដង្ហែយកព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះមក។ ចំណែកសាស្ត្រាផ្សេងនិយាយថា នាយសួសប្រញាប់ចុះមកវិញ យកសេចក្ដីទៅជំរាបចៅហ្វាយស្រុកបាទី ចៅហ្វាយស្រុកបាទីក៏នាំដំណឹងទៅក្រាបថ្វាយបង្គំទូលព្រះករុណាអង្គចន្ទរាជាក្រុងលង្វែក

ព្រះករុណាអង្គចន្ទរាជាស្ដេចចាត់មន្ដ្រីម្នាក់ឈ្មោះ ជ័យ ងារជាព្រះធម្មរឹទ្ធិឲ្យទៅពិនិត្យដល់ទីកន្លែង។ ព្រះធម្មរឹទ្ធិជ័យ ក៏នាំពួកពលចេញទៅខែត្របាទី មើលព្រះខឌ្ដរាជ្យនោះ។ លុះបានឃើញពិតហើយមានអំណរណាស់សម្ដេចព្រះធម្មរឹទ្ធិជ័យក៏តាំងរៀបពលិការបូជាចំពោះព្រះខឌ្ដរាជ្យ ដើម្បីសូមយាងចុះចាកដើមចំបក់នោះ​មកវិញ។ ហើយដោយគាវរភាពដ៏មុតមាំចំពោះព្រះខឌ្ដរាជ្យឲ្យចុះចាកដើមចំបក់ សម្ដេចព្រះធម្មរឹទិ្ធជ័យបានឲ្យកងទ័ពឈរព័ទ្ធជុំវិញដើមចំបក់ ចាំសំដែងសេចក្ដីគោរពទទួលព្រះខឌ្ដរាជ្យផង។ ព្រះខឌ្ដរាជ្យដែលបានបាត់បង់អស់កាលដ៏យូរ ហើយគ្មានសង្ឈឹមថានឹងរកឃើញសោះនោះ ត្រូវបានរកឃើញឡើងវិញរួចបន្ទាប់មកមានការដង្ហែរព្រះខឌ្ដរាជ្យយ៉ាងអឹងធឹក ឆ្ពោះទៅកាន់ព្រះរាជាធានីលង្វែកដែលនៅទីនោះព្រះករុណាអង្គចន្ទរាជាស្ដេចមានអំណរដ៏ក្រៃលែង យាងចេញមកទទួលព្រះខឌ្ដរាជ្យយកទៅតំកល់លើបញ្ចក្សត្រដោយសេចក្ដីគោរពផង។

ដោយហេតុនៃការដង្ហែនេះទើបធ្វើឱ្យកើតមានជាវត្តទ័ពចំបក់មាស ប្រហែលជាមានដើមចំបក់មាសមួយជ្រុំដុះនៅត្រង់ទីនេះ ដែលគេទុកដូចជាកងទ័ពនៃដើមចំបក់មាសមួយកង។ ប៉ុន្ដែតាមការពិតពុំដូច្នោះទេ បន្ទាប់ពីសង្កេតទិដ្ឋភាពវត្ដនេះ ព្រមទាំងត្រឡប់មកបើកមើលពង្សាវតារដោយល្អិតល្អន់ទៅ យើងក៏បានដឹងថា វត្ដនេះគឺព្រះករុណាព្រះបានអង្គចន្ទរាជា ទ្រង់បានកសាងក្នុងរវាង គ.ស ១៥៣៥ ជាលើកដំបូង ហើយទ្រង់ប្រទាននាមបញ្ញត្ដិថា វត្ដទ័ពព័ទ្ធចំបក់។ បានជាហៅថាវត្ដទ័ពព័ទ្ធចំបក់ ពីព្រោះកាលណោះមានកងទ័ពមកឈរព័ទ្ធដើមចំបក់នៅទីនេះពិតប្រាកដមែន។ កាលនោះ ដើមចំបក់នោះមានគេលាក់ទុកនូវគ្រឿងព្រះខឌ្ដរាជ្យ។ គ្រានោះគេត្រូវសុំយាងព្រះខឌ្ដរាជ្យអោយចុះចាកដើមចំបក់ ហើយដោយមានសេចក្ដីគោរពដ៏មុតមាំចំពោះព្រះខឌ្ដរាជ្យ គេក៏ចាត់អោយកងសេនាឈរព័ទ្ធជុំវិញដើមចំបក់ ដើម្បីសំដែងការគោរព ពេលដែលព្រះខឌ្ដរាជ្យត្រូវគេសុំយាងចុះនោះ។

ព្រះអង្គចេញទៅទទួលដល់ក្រៅព្រះនគរ យកមកតំកល់ក្នុងហោបញ្ចក្សេត្រ។ ទ្រង់ទតទស្សនាឃើញគ្រឿងព្រះបញ្ចក្សេត្រនោះ ទេវរូប ១៣ ព្រះអង្គបាត់ ១២ ព្រះអង្គ ហើយព្រះអង្គទ្រង់តាំងសម្ដេចព្រះធម្មរឹទ្ធិ ជាសម្ដេចព្រះឥសីភ័ទ្ទ ហើយឱ្យប្រជុំរាជាគណៈបារគូ ស្ដេចមាឃ មកធ្វើពិធីសាងទេវរូប ១២ ព្រះអង្គបង្គ្រប់ជា ២៥ ព្រះអង្គឡើងវិញទុកឱ្យសម្ដេចព្រះឥសីភ័ទ្ទ និង ក្រុមបុរោហិតរក្សាទុកក្នុងហោព្រះបញ្ចក្សេត្រ ហើយព្រះអង្គយាងទៅតាក់តែង ព្រះចេតិយ ព្រះឧណ្ណាលោម នោះជាព្រះអារាមតាំងចៅអធិការ បញ្ចុះសីមា រួចចាត់ឱ្យមានរេហ៍ពលសំរាប់វត្តឱ្យនៅថែរក្សាហើយព្រះអង្គត្រឡប់មកព្រះបរមរាជវាំងវិញ។

គឺដោយសារព្រះខឌ្ដរាជ្យនេះ​ឯងទើបព្រះអង្គចន្ទស្ដេចបានរៀបចំប្រាប្ដាភិសេកតាមទំនៀមទំលាប់ជាក្សត្របាន។ ក្រោយនោះទ្រង់ប្រទានយសសក្ដិនាយសួស អ្នកឃើញព្រះខឌ្ដរាជ្យនោះជាសម្ដេចចៅហ្វាទឡ្ហៈ ហើយព្រះធម្មរឹទ្ធិជ័យក៏ឡើងជាសម្ដេចព្រះឥសីភ័ទ្ទថែរក្សាព្រះខឌ្ដរាជ្យមកទៀត។ តាមទំនៀមទំលាប់ ការៀបអភិសេកក្សត្រនៅប្រទេសខ្មែរត្រូវមានជាចាំបាច់នូវព្រះខឌ្ដរាជ្យនេះក្សត្រណាសោយរាជ្យដោយគ្មានព្រះខឌ្ដរាជ្យនេះ ក្សត្រណាសោយរាជ្យដោយគ្មានព្រះខឌ្ដរាជ្យជាគ្រឿងទ្រង់ នៅពេលឡើងសោយរាជ្យនោះ មិនពេញលក្ខណៈជាក្សត្រទេ។ ព្រះខឌ្ដរាជ្យសាងឡើងតាំងពីសតវត្សទី ៩ នៃគ.ស គឺក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៣ ដែលប្រជាជនខ្មែរយើងជឿថាជាព្រះកេតុមាលា បុត្រាព្រះឥន្ទ្រាធិរាជ។ ហេតុដូច្នេះហើយ ទើបក្សត្រខ្មែរដែលត្រូវឡើងសោយរាជ្យ ត្រូវការខានពុំបាននូវព្រះខឌ្ដរាជ្យនោះ។

ឯកសារយោង

កែប្រែ
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ក្រឡាពាសសម័យលង្វែក
ប្រ.សតវត្សទី១៦
តដោយ
មិនស្គាល់