គីមីវិទ្យា
សេចក្តីផ្តើម
កែប្រែគីមីវិទ្យាជាមុខវិជ្ជាដែលចាត់ចូលក្នុងប្រភេទវិទ្យាសាស្ត្រពិតនិងជាមុខវិជ្ជាដែលសិក្សាអំពី លក្ខណៈ ក៏ដូចជា បម្លាស់ប្តូរ នៃរូបធាតុផ្សេងៗ នៅក្នុងសកលលោកទាំងមូល។ ក៏ព្រោះតែចំណេះដឹងគីមីវិទ្យា តែងតែត្រូវគេប្រើរួមជាមួយ ចំណេះដឹងផ្សេងៗទៀតដើម្បី បង្កើតនូវអ្វីថ្មីៗផ្សេង គេបានឲ្យឈ្មោះមួយសម្រាប់ វាថា វិទ្យាសាស្រ្តស្នូល។ គីមីវិទ្យាជាមុខវិជ្ជាដែលធ្វើការសិក្សាលម្អិតទៅលើ សមាសភាព ទម្រង់ មុខងារ និង សកម្មភាពក្នុង ប្រតិកម្មគីមី មួយ របស់រូបធាតុទាំងឡាយនោះ។ ដោយសារ គីមីវិទ្យា មានអាយុកាល យូរមកហើយ មុខវិជ្ជានេះមានភាពទូលំទូលាយយ៉ាងខ្លាំង ហើយភាពទូលំទូលាយនេះបានជម្រុញឲ្យ មានការចែកការសិក្សាលម្អិត ទៅតាម អនុផ្នែក សំខាន់ៗជាច្រើន ដូចមានរៀបរាប់ ខាងក្រោម៖
- គីមីវិភាគ (Analytical Chemistry)
- គីមីសរីរាង្គ (Organic Chemistry)
- គីមីអសរីរាង្គ (Inorganic Chemistry)
- គីមីរូបវន្ត (Physical Chemistry)
- ជីវគីមីសាស្ត្រ (Biochemistry)
អនុផ្នែកទាំងនេះ ក៏អាចចែកមានជាអនុផ្នែកបន្តបន្ទាប់ទៀតផងដែរដែលមានដូចជា៖
- គីមីភាគល្អិត (ឬ គីមីណានូ) (Nanochemistry)
- គីមីសម្ភារៈ (Material Chemistry|Material)
- គីមីប្រសាទ (Neuro Chemistry)
- គីមីបរមាណូ (នុយក្លេអ័រ) (Nuclear Chemistry)
- គីមីទ្រឹស្តី (Theoretical Chemistry)
សារៈសំខាន់នៃគីមីវិទ្យា
កែប្រែចំណេះដឹងផ្នែកគីមីវិទ្យាមានសារៈសំខាន់ដូចទៅនឹងចំណេះដឹងនៃមុខវិជ្ជាវិទ្យាសាស្រ្តផ្សេងៗដែរ ព្រោះវិទ្យាសាស្រ្តទាំងអស់មិនថា រូបវិទ្យា គណិតវិទ្យា ជីវវិទ្យា ឬ មុខវិជ្ជាផ្សេងៗទេ គឺសុទ្ធតែមានទំនាក់ទំនងគ្នា។ ផ្នែកទាំងនោះត្រូវការគ្នាដើម្បី អភិវឌ្ឍទៅមុខ និង ឈានទៅរករបកគំហើញនានា។ ទោះជាយ៉ាងនេះក៏ដោយ ចំណេះដឹងផ្នែកគីមីវិទ្យា ជាគោលនៃរបកគំហើញ ក្នុងផ្នែក ឱសថ ចំណីអាហារ និង សម្ភារៈប្រើប្រាស់រាល់ថ្ងៃ។ ចំណេះដឹងនេះផងដែរក៏អាចឲ្យបុគ្គលស្គាល់នូវអ្វី ដែលមាន ឬ គ្មាន អត្ថប្រយោជន៍សម្រាប់ សុខភាពខ្លួនព្រោះនៅក្នុង សារពាង្គកាយរបស់មនុស្សរាល់គ្នាសុទ្ធតែ មានប្រតិ្តកម្មគីមី រាប់ម៉ឺនប្រត្តិកម្មកើតឡើងជា រៀងរាល់នាទី។ ចំណេះដឹងនេះផងដែរក៏អាចធ្វើឲ្យមនុស្សជាតិអាចស្គាល់នូវអ្វីៗជុំវិញខ្លួនដែលអនុញ្ញាតឲ្យមនុស្សអាចប្រើប្រាស់ អ្វីទាំងនោះឲ្យមានប្រយោជន៍ និង ជៀសវាងការប្រើប្រាស់ដែលអាចនាំមកនូវភាពវិនាសហិនហោច ឬ វិនាសកម្មផ្សេងៗដោយអចេតនា។