ជាលន់
ចៅពញាស្នងធ្នឹមព្រះនគរជាលន់ (សម័យចតុមុខ-លង្វែក) លោកត្រូវជាប្អូនប្រុសអ្នកម្នាងជាលែង។ ក្រោយពីព្រះបាទស្រីជេដ្ឋាទី២ បានសាងសង់ព្រះនគរនៅស្រឡប់ពិជ័យព្រៃនគររួច ទ្រង់បានតែងតាំងលោកជា ស្នងធ្នឹមព្រះនគរ បើតាមងារនេះច្បាស់ណាស់វាជាគោរម្យងារនៃមេទ័ពការពារក្រុងស្រឡប់ពិជ័យព្រៃនគរ បើហៅអោយចំគេហៅថា មេទ័ពការពាររាជធានី។
ជាលន់ | |
---|---|
ចៅពញាស្នងធ្នឹមព្រះនគរនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ដើមសតវត្សទី១៦ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ជាលន់ |
ឪពុកម្តាយ(s) | សម្ដេចចៅពញាហែង ជំទាវសួស |
ប្រវត្តិដកស្រង់
កែប្រែនិយាយអំពីសម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន ១៥០០០ នាក់មកសមហាត់ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ (ពោធិ៍សាត់) សំរេចផែនដីក្នុងឆ្នាំនេះឲ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹងឧកញ៉ាចក្រីទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ ១៥០០០០ នាក់ ពលយើងមានតែ ៤០០០ នាក់ដូច្នោះនឹងគិតដូចម្ដេចកើត។ វេលានោះ ឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចន្ទ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថាឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសំរេច។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចន្ទ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំទូល។ ខណៈនោះ ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខេត្តពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា នឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខេត្តរោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខេត្តរោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែងឲ្យបាំងស្រមោលវាស់លមើលឃើញ ២៤ ព្យាម សំណុំ ៩ ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ។ បើហ៊ានអុំភ្នាល់ទូកយើងវែងជាងដល់ទៅ ៧ ព្យាមនោះគង់មានជ័យជំនះដោយងាយបាន។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូក-ងមួយវែង ២៥ ព្យាម ទទឹង ១២ ហត្ថទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ នឹងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនីរត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀតចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចំកាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួចអស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនីឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ។ អុងម៉ុងតូចនោះមានទំហំ ៧ ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ ១៣ ហត្ថបួនជ្រុង។ ទឹកដែលហូរលើអុងម៉ុងនោះធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងសួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលា រៀងមក។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយ ស្វានោះ ក៏បេះផល្លានុផលទំលាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះជាប់ជាភូមិស្វាស។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថាឲ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែ រៀងមក។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កំលាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ ៦ ហត្ថ កំពស់ ១ ហត្ថ ទទឹង ៣ ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅ ភូមិថ្មគ្រែ។ ឯសម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង ៤ នាយនេះកាលភ័យពេកក៏រត់បែកគ្នា ចូលទៅខេត្តបាភ្នំ មឿងរមាសហែកមានស្ម័គ្របក្សពួក ២០០ នាក់។ វេលានោះកងទ័ពនាយទាំង ៤ បានប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្ដេចកនឃ្លានបាយណាស់ ក៏ឈប់ឲ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅ ភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង ៤ នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុងតែបេះនោះទ័ពគេទៅដល់ចាក់កាប់សំលាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ក៏បែករត់ទៅទៀត។ ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថា ភូមិត្រឡាច រៀងមក។ ឯសម្ដេចចៅហ៊្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើមានទឹកត្រពាំងល្មមពេលដាំបាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប។ លុះកងទ័ពគេទៅដល់សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិតចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក។ ឯចៅហ៊្វាកៅ ចក្រីនីនាំស្ម័គ្របក្សពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្ដិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូលប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្ដេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការកាន់អាវុធចិត្ដមុតដូចគ្នា។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្ដាលឲ្យចៅហ៊្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឲ្យធ្លាក់អាវុធពីដៃ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញាតេជោសំលាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្ដេចព្រះភគិនេយ្យាយសរាជជាកែវនាយក ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រោសរង្វាន់តាមសមគួរ។ ឯសម្ដេចចៅពញាហែង នាងជាលែង ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនឹងព្រះស្ដេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជាបន្ទាយកាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម។ ដូច្នោះហើយស្ដេចកនក៏នាំគ្នាជិះដំរីទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅ ភូមិដំរីជ្រាប។ រត់ពីនោះទៅទៀតស្ដេចកនជួបមេមត់ម្នាក់ល្បីថាឆុតណាស់ ស្ដេចកនឲ្យបញ្ជាន់សួរពីសុខឬមិនសុខ។ មេមត់នោះឆ្លើយថា ពុំសុខទេ បើចង់សុខឲ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយមានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូច ត្រដោក។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិត្រដោក។ រត់ទៅទៀតស្ដេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងជាលែង កំពង់ហ្លួង កំពង់សម្ដេចចៅពញាហែងរៀងមក។ លុះ នៅទីនោះយូរទៅសម្ដេចចៅពញាហែង ជំទាវសួសក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ដ្រីសេនាទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋាជំនុំនឹងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន។ យើងយល់ថា ព្រះចន្ទរាជាទៅខេត្តពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុកជាម្ដេចម្ដា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឲ្យអញធ្វើជាសម្ដេចជាសម្ដេចចៅហ៊្វាដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្ដីសុខដែរ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនុកបំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឲ្យអស់ ហើយសុំចុះចូលវិញឃើញថាបានសេចក្ដីសុខប្រសើរជាង។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំ រៀងមក។ ព.ស ២០៦៩, គ.ស ១៥២៥, ម.ស ១៤៤៧, ច.ស ៨៨៧ ឆ្នាំរកា សប្ដស័ក សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្ដគរដែលព្រះនាងជាលែងសាងនោះ។ នៅទីនោះស្ដេចកនឲ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុក ជាទីសំរាប់វត្ដ។ ក្រោយមកស្ដេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្ដមួយដែលសម្ដេចចៅពញាហែង បិតាព្រះម្នាងជាលែងសាងនោះឲ្យឈ្មោះជាប់នឹងវត្ដដែលសាងនោះហៅថា វត្ដគរការទួលតាហែង តាមនាមសម្ដេចហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឲ្យជីកស្រះមួយបណ្ដោយប្រវែង ៥០ ព្យាម ទទឹង ២៥ ព្យាម ហើយសាងវត្ដមួយសាងព្រះពុទ្ធរូប និងដើមរកា ៥ ព្រះអង្គបានដាក់ឈ្មោះហៅថា វត្ដភូមិរកាព្រះប្រាំ រៀងមក។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ចៅពញាស្នងធ្នឹមព្រះនគរនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ដើមសតវត្សទី១៦ |
តដោយ មិនស្គាល់ |