ត្រីកោណមាត្រ
ត្រីកោណមាត្រ (ត្រីកោណ + មាត្រ "រង្វាស់" = រង្វាស់ត្រីកោណ)គឺជាផ្នែកមួយនៃគណិតវិទ្យាដែលជាប់ទាក់ទងនឹងត្រីកោណ ជាពិសេសត្រីកោណក្នុងប្លង់ដែលមានមុំមួយជាមុំកែង (មុំ ៩០ដឺក្រេ)។ ត្រីកោណមាត្រភ្ជាប់ទំនាក់ទំនងរវាងជ្រុង និង មុំនៃត្រីកោណ និង ជាប់ទាក់ទងនឹងអនុគមន៍ត្រីកោណមាត្រដែលពណ៌នាពីទំនាក់ទំនងទាំងនោះ។
ត្រីកោណមាត្រត្រូវបានគេយកទៅអនុវត្តទាំងនៅក្នុងគណិតវិទ្យាសុទ្ធ និង គណិតវិទ្យាអនុវត្ត ដែលវាមានសារសំខាន់ក្នុងសាខាជាច្រើននៃវិទ្យាសាស្ត្រ និង បច្ចេកវិជ្ជា។ សាខាមួយនៃត្រីកោណមាត្រគឺត្រូវបានគេហៅថាត្រីកោណមាត្រស្វ៊ែរ និង វាមានសារសំខាន់នៅក្នុងតារាសាស្រ្ត និង នាវាចរណ៍។