ទីដំរីយំ
ទីដំរីយំ (អង់គ្លេស៖ Where Elephants Weep) គឺជាទស្សនីយភាពល្ខោនបែបរ៉ុកអូប៉េរាសហសម័យដំបូងបំផុតរបស់កម្ពុជា ដែលជាស្នាដៃរបស់អ្នកនិពន្ធជនជាតិអាមេរិក លោកស្រី ឃេថ្រឹន-ផ្វឹល្លូ (Catherine Filloux)។ ល្ខោនបែបបញ្ចឹមប្រទេសមួយនេះត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ដល់ថ្ងទី ៨ខែធ្នូ ឆ្នាំ២០០៨។ ទោះជាទស្សនីយ៍ភាពនេះត្រូវបានទទួលនូវការពេញនិយម និងកោតសរសើរពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេសអំពីភាពច្នៃប្រឌិតក្នុងការច្របាច់បញ្ចូលគ្នារវាងតន្ត្រីបុរាណខ្មែរ រួមជាមួយតន្ត្រីសម័យបែបបញ្ចឹមប្រទេសយ៉ាងណាក្ដី ក៍ទីដំរីយំត្រូវបានរងនូវការរិះគន់នៅត្រង់ឈុតឆាកមួយចំនួន[១] ជាពិសេសប្រតិកម្មរបស់សម្ដេចព្រះសង្ឈរាជ ទេព វង្ស រហូតមានការសរសេរលិខិតផ្ញើជូនទៅក្រសួងវប្បធម៌ស្នើឱ្យបញ្ឈប់ការសម្ដែងនេះទៀតផង។
ទីដំរីយំនិយាយពីសាច់រឿងពីការវិលត្រឡប់មកវិញរបស់ជនជាតិខ្មែរម្នាក់មកទឹកដីកំណើតរបស់ខ្លួនក្រោយពីសង្គ្រាមជាង៣០ឆ្នាំ។ ល្ខោននេះមានបញ្ចូលសាច់រឿងស្នេហាបុរាណខ្មែរ (ទុំទាវ)។ តួសំដែលជាជនភៀសខ្លួនពីសម័យវាលពិឃាតខ្មែរក្រហមបានចាកចេញពីទឹកដីអាមេរិក ត្រឡប់ទៅមាតុភូមិ ដើម្បីស្វែងរកប្រភពដើមរបស់ខ្លួន។ សំបានធ្លាក់ក្នុងអន្លង់ស្នេហ៍នារីអ្នកចម្រៀងម្នាក់ឈ្មោះបុប្ផាដោយមិនដឹងខ្លួន។ ទីដំរីយំបង្ហាញអំពីការវិលត្រលប់ទៅរកប្រភពដើមរបស់ខ្លួន ដែលមានស្ថានភាពផ្ទុយស្រឡះពីអ្វីដែលខ្លួនធ្លាប់ជួប នឹងបានឃើញ ហើយនេះជាលទ្ធផលនៃសង្គ្រាម ក៍ដូចជាភាពមិនស៊ីសង្វាក់គ្នារវាងវប្បធម៌បុរាណ និងសម័យទំនើប។
ខណៈដែលសាច់រឿងមានលក្ខណៈបែបបុរាណ ល្ខោនអូប៉េរានេះក៍និយាយផងដែរនូវបទពិសោធន៍ខ្លះៗរបស់អ្នកដែលពាក់ព័ន្ធទៅនឹងគម្រោងមួយនេះ តួយ៉ាងដូចជាលោក អាន ចន-ផន ស្ថាបនិកសិល្បៈខ្មែរអមតៈ និងអ្នកនិពន្ធសាច់ភ្លេងលោក ហ៊ឹម សូភី។ ពួកគាត់ទាំងពីរសុទ្ធតែជាអ្នកបានរួចជីវិតពីសម័យខ្មែរក្រហម។
ប្រវត្តិនៃការបង្កើតស្នាដៃ
កែប្រែដោយមានការឧបត្ថម្ភពីសំណាក់សិល្បៈខ្មែរអមតៈ ក្នុងរយៈពេលជាងមួយឆ្នាំគឺចាប់ពីខែកក្កដា ឆ្នាំ២០០៥ រហូតដល់ខែមិថុនា ឆ្នាំ២០០៦ លោក ហ៊ឹម សូភី ត្រូវទទួលភារកិច្ចចូលរួមជាមួយអ្នកនិពន្ធល្ខោនគឺលោកស្រី ខេធឺរីន ហ្វីឡក់ នៅទីក្រុងញ៉ូវយ៉ក។ ក្នុងកំឡុងពីឆ្នាំ២០០៥ រហូតដល់ ២០០៦ មានសិក្ខាសាលាចំនួន៤ បង្កើតឡើងក្រុមអ្នកល្ខោនអូប៉ែរ៉ា និងតន្ត្រីករអាជីពត្រូវបានធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក។ បន្ទាប់ពីមានសកម្មភាពនានានៅទីក្រុងញ៉ូវយ៉ក នៅទីក្រុងភ្នំពេញឯនេះវិញ សិក្ខាសាលាដើម្បីប្រគុំតន្ត្រី ដែលរៀបចំដោយ សិល្បៈខែ្មរអមតៈមានរយៈពេលមួយខែពេញបានប្រមូលផ្ដុំផលិតករ សិល្បករដើម្បីសាកល្បងប្រគុំនូវស្នាដៃតន្ត្រីបុរាណបញ្ចូលគ្នាជាមួយតន្ត្រីសម័យ[២]។
រហូតដល់ខែមេសាឆ្នាំ២០០៧ ទើបចាប់ផ្ដើមមានការសម្ដែងល្ខោននេះឡើងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដោយមានការសហការរួមគ្នារវាងសិល្បករខ្មែរ រួមជាមួយសិល្បករអន្តរជាតិដ៏ទៃ ផ្ដល់ឱកាសដល់ពួកគេអាចធ្វើការផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌រវាងគ្នាទៅវិញទៅមក។ ការសម្ដែងនេះត្រូវបានធ្វើឡើងនៅរោងមហោស្រព Cyrus W.Irish នាវិទ្យាល័យឡូវែល ដែលជាទីន្លែងមានប្រជាជនខ្មែររស់នៅច្រើនលំដាប់ទីពីរ។
នៅឆ្នាំ២០០៨ ផ្ទាំងទស្សនីយ៍ភាពនេះត្រូវបានយកមកសម្ដែងនៅទីក្រុងភ្នំពេញរយៈពេល១០ថ្ងៃ ដោយសំបុត្រទស្សនា៦យប់លក់ដាច់គ្មានសល់ និងមានការចាក់ឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០០៨។ ស្ទើរតែមានការចាក់ផ្សាយទស្សនីយ៍ភាពនេះជាលើកទី២ នៅលើកញ្ចក់ទូរទស្សន៍ដដែល តែក្រោយមកក៍មានការអាក់ខានទៅវិញ។
ឈុតនៃសាច់រឿង
កែប្រែការចាប់ផ្ដើម៖
កែប្រែសាច់រឿងបានចាប់ផ្តើមដោយមានអ្នកចម្រៀងចាប៉ីច្រៀងអំពីកំណើតរបស់កុមារាសំ និងកុមារីបុប្ផា[៣]។
ឈុតទី១៖
កែប្រែនៅឆ្នាំ១៩៩៥ ជនជាតិខ្មែរសញ្ជាតិអាមេរិកាំងឈ្មោះ សំ និងតារាបានត្រឡប់មកទីក្រុងភ្នំពេញវិញដើម្បីបួសជាសាមណេនៅវត្តមួយក្បែរទីក្រុង។ ទំនៀមទម្លាប់ពុទ្ធសាសនាខ្មែរ យុវជនត្រូវបួសដើម្បីសងគុណឳពុកម្ដាយ។ សំ(ច្រៀងបទ "Where Your Country Is" ) ធ្លាប់ទទួលទារុណកម្មយ៉ាងយ៉ង់ឃ្នង បានរួចជីវិតពីសម័យប៉ុលពតក្នុងនាមជាកងទ័ពកុមារ។ ឥឡូវនេះគេបានត្រឡប់មកមាតុភូមិវិញហើយ។ សំទទួលបានជោគជ័យក្នុងអាជីពចម្រៀងនៅទីក្រុងញ៉ូវយ៉ក ហើយបានបែកពីតារាកាលនៅជំរុំជនភៀសខ្លួន តែពួកគេបានជួបគ្នាវិញនៅសហរដ្ឋអាមេរិក។ ដោយមានការលើកទឹកចិត្តពីតារា សំបានត្រឡប់ និងភ្ជាប់ទៅរកប្រភពដើមរបស់ខ្លួន ហើយរូបគេត្រូវបានបញ្ជាក់ដោយតារាដែរថាការវិលត្រឡប់ពីសហរដ្ឋអាមេរិក ទៅកម្ពុជាវិញគឺត្រូវការពេលវេលា។
សំស្វែងរកការលើកលែងកំហុសដែលខ្លួនមាន ដោយការភាវនាធម៌នៅក្នុងវត្តអារាម។ គ្រាមួយនោះសំបានឮការបន់ស្រន់នាងណាវី ជាមួយប្អូនស្រីបុប្ផា និងប្អូនប្រុសឈ្មោះខាន់ បន់អំពីម្ដាយ ដែលបានស្លាប់ទៅ។ នាងបុប្ផាគឺជាតារាចម្រៀងល្បីមួយរូប ដែលទាញចំណាប់អារម្មណ៍របស់សំ ហើយសំរកឃើញថាខ្លួនគាត់ចាប់ចិត្តលើបុប្ផាហើយ។
នាងណាវីបានទូលសួរលោកចៅអធិការអំពីសាមនេរូបសង្ហាឈ្មោះសំ ហើយលោកចៅអធិការបាននិយាយថាគាត់ស្គាល់ឪពុកម្ដាយសំ ដែលជាអ្នកសម្ដែងល្ខោនបាសាក់ ហើយពួកគាត់បានស្លាប់នៅជំនាន់ប៉ុលពត។ លោកចៅអធិការបានប្រាប់ទៅណាវីថា សំជាអ្នកចម្រៀងនៅទីក្រុងញ៉ូយ៉ក ហើយរូបគេមកទីនេះដើម្បីសំអាតភាពសៅម្មងក្នុងអារម្មណ៍របស់ខ្លួន។ ខាន់ដែលជាអ្នកជំនួញប្រកបដោយភាពសម្លឹងខ្ពស់ក្នុងរឿងឱកាស និងជាអ្នកគ្រប់គ្រងបុប្ផា មានបំណងបង្ហាញដល់សំនូវទឹកដមសំនៀងរបស់បុប្ផាដល់សំ ដោយអញ្ជើញលោកចៅអធិការ និងព្រះសង្ឈដ៏ទៃទៀតទៅចម្រើនព្រះបរិត្តនៅក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន។ លុយដែលរកបានដោយសារបុប្ផា ខាន់ទើបតែទិញបាននូវភូមិគ្រឹះមួយមានទីធ្លាប្រកបដោយផាសុភាព។ ណាវីទាយទុកជាមុនថាគឺជាវាសនាដែលសំ និងបុប្ផានឹងត្រូវជាគូរនឹងគ្នា។
ឈុតទី២៖
កែប្រែអង្គរក្សរបស់ខាន់នៅយាមមាត់របងភូមិគ្រឹះ ពួកគេច្រៀងបទរ៉េប "Khan is Our Man" ខណៈដែលមានព្រះសង្ឈអញ្ជើញមកដល់។ សំ និងព្រះសង្ឈដទៃទៀតកំពុងសូត្រធម៌ចម្រើនព្រះបរិត្តពិធីឡើងគេហដ្ឋានថ្មី ហើយខាន់បានប្រាប់បុប្ផាឱ្យច្រៀងចម្រៀងទៅកាន់ភ្ញៀវចូលរួមទាំងអស់។ បុប្ផាច្រៀងបទ "The Gate Will Shut" សម្រាប់សំ ពេលនោះពួកគេហាក់មានទំនាក់ទំនងគ្នា និងលង់ស្រលាញ់គ្នាទៅវិញទៅមក។ សំមិនបានដឹងជាមុនថា បុប្ផាបានភ្ជាប់ពាក្យរួចទៅហើយជាមួយមិត្តភក្តិ ដែលជាដៃគូររកស៊ីរបស់ខាន់ឈ្មោះវិសាល ដែលនេះអាពាហ៍ពិពាហ៍ដោយមានការរៀបចំក្នុងទំលាប់របស់សង្គមខ្មែរ។ សំបានបញ្ជាក់ពីក្ដីស្នេហ៍របស់ខ្លួនតាមរយៈបទចម្រៀង "Whoever Thought" ខណៈដែលតារាដាស់តឿនអំពីអ្វីដែលសំត្រូវធ្វើនៅពេលដែលគេត្រលប់មកមាតុភូមិវិញ ជាជាងលង់ស្រឡាញ់ស្រីម្នាក់នោះ។
ឈុតទី៣៖
កែប្រែពេលត្រឡប់មកវត្តវិញ សំបានស្នើសុំលោកចៅអធិការវត្តដើម្បីសឹក។ លោកចៅអធិការមានសង្ឈដីការណែនាំថាវាមិនមែនជាពេលសមរម្យសម្រាប់ការលាចាកសិក្ខាបទនេះឡើយ ព្រោះជើងលេខទាយថាមិនល្អ ប៉ុន្តែតារាអាចសឹកបាន ហើយអាចទៅជួយក្មេងកំព្រាតាមអ្វីដែលគេបានគ្រោងទុក។
ឈុតទី៤៖
កែប្រែសំបានល្មើសនឹងសំដីលោកចៅអធិការដោយលួចសឹកដោយខ្លួនឯង (តាមរយៈបទ "What Another Wrong?") ។ រូបគេបានចងចាំនូវការបង្ខិតបង្ខំឱ្យគេប្រើនូវអំពើហឹង្សាជំនាន់ខ្មែរក្រហម។ នៅពេលដែលខាន់មិននៅ សំបានត្រឡប់មកជួបបុប្ផានៅគេហដ្ឋាននោះវិញ។ ពួកគេបានច្រៀងជាមួយគ្នា។ សំ និងបុប្ផាបានរួមរក្សជាមួយគ្នាក្នុងផ្ទះ ខណៈដែលនៅខាងក្រៅពួកអង្គរក្សនាំគ្នារ៉េបបទ "Monk-Turned-To-Playboy"។ សំ និងបុប្ផាបានរកឃើញថាពួកគេមានចំណុចដូចគ្នាច្រើន។ ទោះជាយ៉ាងណនេះក្ដី បុប្ផាក៍មានការសោកស្ដាយ និងភ័យខ្លាច ដែលបានជ្រុលខ្លួនជាមួយសំខុសប្រពៃណី។ សំបានឃើញស្នែងក្របីដែលព្យួរក្នុងផ្ទះ ដូចស្នែងដែលឪពុករបស់ខ្លួនធ្លាប់ប្រើផ្លុំហៅដំរី។ សំបានផ្លុំឱ្យបុប្ផាស្ដាប់ ហើយពួកគេនាំគ្នាច្រៀងបទបំពេរ "No Mothers"។ ខាន់មិនទាន់បានដឹងរឿងស្នេហារបស់អ្នកទាំងពីរ ហើយបានអញ្ជើញសំទៅចូលរួមពិធីរបស់ព្រះអង្គម្ចាស់មួយ ដែលមានបុប្ផាជាអ្នកសម្ដែងជូន។ ខាន់មានជំនឿថានេះជាការសាងជំនឿចិត្តរបស់សំឱ្យយល់ថាបុប្ផានឹងទទួលបានជោគជ័យក្នុងវិស័យបទចម្រៀង។
ឈុតទី៥៖
កែប្រែសំឃើញតារាសំណាក់នៅក្នុងផ្ទះនាមាត់ស្ទឹងមួយ ពួកគេបានរួមគ្នាទម្លាយភាពស្ងប់ស្ងាត់តាមរយៈបទ "The Place I want To Stay" ដោយតារាជាអ្នកផ្លុំខ្លុយ។ សំសួរថាតើគេអាចយកបុប្ផាទៅទីនោះបានឬអត់។ តារាវាយប្រហារអត្តចរិតមិនចេះប្រយ័ត្នប្រយែងរបស់សំតាមរយៈបទ "Lost & Found" ហើយសំក៍ទទួលស្គាល់នូវអារម្មណ៍កណ្ដោចកណ្ដែងរបស់ខ្លួនដែរ។ តារាអញ្ជើញសំទៅសំណេះសំណាលជាមួយក្មេងៗកំព្រា នៅទីកន្លែងដែលខ្លួនធ្វើការ ហើយសំក៍យល់ព្រមនូវការអញ្ជើញនេះ។
ឈុតទី៦៖
កែប្រែនៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់ អង្គរក្សរបស់ខាន់ច្រៀងបទរ៉េប "The Prince"។ សំ និងបុប្ផាត្រូវបានគេស្នើឱ្យច្រៀងរួមគ្នានូវចម្រៀង "Duet of Tum Teav" ដែលយកលំនាំតាមស្នាដៃកំណាព្យបែបបុរាណ រឿងទុំទាវ។ តារាក៍ចូលរួមក្នុងការសម្ដែងនោះដែរជាមួយនឹងគ្រូខ្លុយរបស់គាត់។ ខាន់ និងវិសាលក្រេវក្រោធយ៉ាងខ្លះនៅពេលដែលសំ និងបុប្ផាបង្ហាញពីក្ដីស្នេហារបស់ខ្លួនតាមរយៈបទចម្រៀង។ ខាន់ព្យាយាមបញ្ឈប់ពួកគេ តែត្រូវបានរាំងស្កាត់ដោយណាវី ពីព្រោះពួកគេកំពុងនៅក្នុងពិធីដែលមានវត្តមានរបស់ព្រះអង្គម្ចាស់។ ព្រះអង្គម្ចាស់ដែលនៅចាំឪពុកម្ដាយរបស់សំ កាលដែលពួកគាត់ធ្លាប់បានសម្ដែងថ្វាយនៅមុនសម័យប៉ុលពត បានចាប់អារម្មណ៍ឃើញសំ និងបុប្ផាជាមនុស្សប្រកបដោយមន្ដស្នេហ៍។ ខាន់ទាញដៃបុប្ផាចេញ ហើយក៍ចាប់ផ្ដើមមានហឹង្សាកើតឡើង ខណៈដែលសំព្យាយាមការពារបុប្ផា។ ព្រះអង្គម្ចាស់ក៍ទតនូវពួកគេទាំងបីច្រៀង "A Strange Family" បុប្ផាប្រកែក និងបរិហាអំពីបងប្រុសរបស់ខ្លួន ចំណែកណាវីជជែកជាមួយខាន់ឱ្យគិតគូរឡើងវិញនូវការរៀបចំអាពាហ៍ពិពាហ៍នេះ តែខាន់ព្យាយាមការពារនូវការសម្រេចចិត្តនេះ។
ឈុតទី៧៖
កែប្រែនៅក្នុងផ្ទះរបស់តារា សំ និងបុប្ផាបានសច្ចានូវក្ដីស្នេហារបស់ខ្លួនទៅវិញទៅមកក្នុងបទ "Spiritual Vows"។ ខាន់មានគម្រោងបញ្ជោតបុប្ផាដើម្បីមករៀបការជាមួយវិសាល ដោយកុហកថាណាវីមានជម្ងឺជាទម្ងន់ បង្ខំចិត្តត្រូវតែឱ្យបុប្ផាត្រឡប់មកផ្ទះ។ សំដឹងថាខាន់មិនគួរឱ្យទុកចិត្តក៍សុំរួមដំណើរជាមួយបុប្ផាដើម្បីការពារនាង តែបុប្ផាមិនស្ដាប់តាមហើយបដិសេធ។ នាងនៅតែខ្លាចឥទ្ធិពលរបស់ខាន់ រីឯសំមានភាពឈឈចាប់ និងខឹងនូវការបដិសេធនេះ។
ឈុតទី៨៖
កែប្រែសំ និងតារាអង្គុយផឹកនៅហាងផឹកស៊ីមួយ ដែលពេលនោះនារីស្រាបៀបានសម្ដែងបទ "All Night Long"។ ខណៈនោះខាន់បានវាយបុប្ផា ព្រោះនាងទៅជួបសំ ដោយបានច្រៀងបទ "Erase Me" ។ សំរំសាយកំហឹងរបស់ខ្លួនតាមរយៈបទ "Forget" ក្នុងពេលដែលខ្លួនកំពុងជប់លាងនៅក្លិប។ ជាមួយនឹងភាពឈឺចាប់ សំបានចាកចេញពីហាងផឹកស៊ីជាមួយនារីស្រាបៀ ABC ។ ដោយមានការយល់ព្រមពីណាវី បុប្ផាបញ្ជុះបញ្ជូលអង្គរក្សរបស់ខាន់ហើយលួចរត់ចេញពីផ្ទះ។ ណាវីច្រៀងបទ "What Could I Tell Her?" ហើយបងប្អូនស្រីទាំងពីរបានច្រៀង "Forget & Party"។
ឈុតទី៩៖
កែប្រែសំគេងជាមួយនារីស្រាបៀ ABC ហើយនាងបានបង្ហើរសំនៀងម្ដងទៀតនូវបទ "All Night Long"។
ឈុតទី១០៖
កែប្រែសំឃើញតារានៅតំបន់ជនបទមួយ ដែលជាទីរបស់តារារៀនផ្លុំខ្លុយជាមួយគ្រូនូវបទ "Just one Leaf" ។ លោកគ្រូបង្រៀនខ្លុយឃើញសំប្រកបដោយភាពអស់សង្ឈឹម គាត់ចាប់ផ្ដើមច្រៀង "Our Land's Compassion" ដើម្បីជួយឱ្យសំរម្លឹកមកវិញនូវដួងព្រលឹងនៃប្រទេសរបស់គាត់តាមរយៈក្ដីចង់ចាំដ៍រីករាយ ហើយដើម្បីឱ្យរូបគេអាចអភ័យទោសឱ្យខ្លួនឯងផង។ ក្នុងបទ "Spirit Dance" គ្រូបង្ហាត់ខ្លុយជម្រុញឱ្យសំអាចជ្រះស្រឡះឡើងវិញនៅពេលដែលសំបានស្រម៉ៃឃើញខ្លួនឯងកាលពីក្មេង ដែលសម្ដែងល្ខោនបាសាក់ជាមួយគ្រួសាររបស់គាត់នៅជនបទ។
ឈុតទី១១៖
កែប្រែអង្គរក្សរបស់ខាន់រ៉េបបទ "This Wedding" នៅពេលដែលសំ និងតារាចូលមករកបុប្ផាកំឡុងពេលដែលពិធីមង្គលការចាប់ផ្ដើម។ ក្នុងបទ "I Took Her in My Arms" ណាវីប្រាប់សំឱ្យដឹងថាបុប្ផាបានរត់ចោលរោងការ ហើយកំពុងលាក់ខ្លួន តែនាងបានទុករបស់អនុសាវរីយ៍ឱ្យគេ។ ខាន់ឃើញសំ និងតារានិយាយជាមួយណាវី ពេលនោះការប្រទុស្ដរាយក៍បានចាប់ផ្ដើមឡើង ដោយគេបានបញ្ជាឱ្យអង្គរក្សសម្លាប់សំ។ តារាបានចូលទៅរងជំនួសធ្វើឱ្យរូបគេមានរបួស។ សំ និងតារារួមគ្នាច្រៀងម្ដងទៀតបទ "Where You Country Is" ហើយតារាស្លាប់លើដៃសំ។
ឈុតទី១២៖
កែប្រែតួអង្គសំកាលពីក្មេងបានលេចចេញមកហើយនិយាយទៅកាន់គេថា "តើឯងនឹងត្រឡប់តាមការអំពាវនាវឬទេ?" សំក៍ត្រឡប់ទៅកាន់ព្រះវិហារវិញហើយបានសាងផ្នួសម្ដងទៀត។ ពេលវេលាចេះតែរំកិលទៅមុខ ព្រះចៅអធិការបានបង្ហាញតាមរយៈ "Our Land's Compassion" ។ នាទីដ៍ស្ងាត់មួយ សំបានដកចេញមកនូវរបស់ដែលបុប្ផាឱ្យគឺជាស្នែងក្របី ហើយគេអធិដ្ឋានដល់អស់វត្ថុសក្កិសិទ្ធក្នុងប្រទេស និងអស់ទាំងខ្លួនរបស់គេតាមរយៈ "Where Elephants Weep"។ បុប្ផាចូលមកព្រះវិហាររកសំ។ សំ និងបុប្ផានៅចងចាំពាក្យសច្ចារបស់ពួកគេដោយរួមគ្នាក្នុងបទ "Always Remember This"។ ដោយខ្លាចបងប្រុសរបស់នាង បុប្ផារស់នៅដោយលាក់ខ្លួនជាមួយបងស្រី។ ទោះជាយ៉ាងនេះ បុប្ផាមានសេរីភាពដើម្បីនិពន្ធបទចម្រៀងរបស់នាងសម្រាប់សំ។ នាងបានច្រៀងនូវបទ ដែលនិពន្ធសម្រាប់សំ "Between the Earth and Sky"។ បទនេះមានប្រភពពីរបស់ដែលជាទីសក្ការៈក្នុងប្រពៃណីរបស់ប្រទេសនាង។ ចាប់ពីពេលនេះតទៅ សំ និងបុប្ផារស់នៅទីទៃពីគ្នាដើម្បីស្វែងរកផ្លូវស្ងប់នៃព្រលឹង និងអនាគតនៃប្រទេសកម្ពុជា។ ពួកគេទាំងពីបានច្រៀងរួមគ្នាក្នុងបទ "That We Might Leave A Trace" ។
ក្រុមអ្នកផលិត
កែប្រែក្រុមច្នៃប្រឌិត៖ បណ្ឌិត ហ៊ឹម សូភី (អ្នកនិពន្ធសាច់ភ្លេង), លោកស្រី ឃេថ្រឹន-ផ្វឹល្លូ (Catherine Filloux អ្នកនិពន្ធល្ខោន), លោក ស្កុត ស្តេនហ្វ័ត (អ្នកប្រឹក្សាតន្ត្រី និងដឹកនាំវង់ភ្លេង), លោក រ៉ូបឺត ម៉ាកខ្វីន (អ្នកគ្រប់គ្រងឆាក), លោក សៀន គូរ៉ាន (ដឹកនាំក្រុមសិល្បករ), លោក អៀង ស៊ីធុល (ប្រឹក្សាផ្នែកសិល្បៈ), អ្នកនាង ជ័យ ច័ន្ទកិត្យា (ជំនួយផ្នែករបាំ), លោក ចន ប៊័ត (ផលិតករ), ម៉ាគូស ដូស៊ី (រៀបចំឆាក និងភ្លើង), កាមីល អាសសាហ្វ (រចនាសំលៀកបំពាក់)។
ក្រុមអ្នកតន្ត្រីបុរាណ៖ លោក កែវ ដូរីវ៉ាន់ (ខ្លុយ), លោក កែវ សុណនកវី(ខ្សែឯក), លោក កែវ សុភី(គងធំ), លោក ហ៊ឹម សារិន(ចាប៉ីដងវែង), លោក សាយ តុលា(ទ្រ)។
ក្រុមតន្ត្រីរ៉ុក៖ លោក ឆេងសារ៉ាត់(ហ្គីតា), លោក ស៊ីណា(ហ្គីតាអេឡិចទ្រិក), លោក មាស សុគន្ធ(ឃីប៊័ត), លោក រ៉ុង សិរីវ៉ាន់(ឃីប៊័ត), លោក សុខ សារ៉ាដេត(ស្គរ)។
តួសម្ដែង
កែប្រែការប្រតិកម្ម
កែប្រែសម្ដេចសង្ឈរាជ្យ ទេព វង្សមានប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្ដែងល្ខោនទីដំរីយំនេះ។ សារលិខិតមួយបានផ្ញើទៅកាន់កស្រួងវប្បធម៌ឱ្យបញ្ឈប់ជាបន្ទាន់នូវការសម្ដែង និងតម្រូវឱ្យតួសម្ដែងទាំងអស់ធ្វើការសុំទោស ព្រោះព្រះអង្គមើលឃើញថាឈុតឆាកមួយចំនួនរបស់ល្ខោនបានធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឈជាង ៥ម៉ឺនអង្គទូទាំងប្រទេស[៤]។ ឆ្លើយតបនឹងប្រតិកម្មនេះលោក អៀង ស៊ីធុល ដែលជាតួអង្គមួយរូបក្នុងល្ខោនដែរ បាននិយាយថាវណ្ណកម្មថ្មីនេះជាការប្រឹងប្រឹងឱ្យមានការកកើតល្ខោនបែបថ្មីនេះក្នុងប្រទេសយើង។ រឿងនេះយកលំនាំតាមស្នាដៃអក្សរសិល្បខ្មែររឿងទុំទាវ ហើយបើនិយាយពីឈុតដែលព្រះសង្ឈជាប់ជំពាក់សេ្នហាជាមួយនារីនោះ រឿងទុំទាវក៍មានឈុតនេះដែរ។ លោកបានឱ្យដឹងថារឿងនេះគ្រាន់តែចង់ឆ្លុះបញ្ចាំងពីតថៈភាពក្នុងសង្គម ព្រោះថាយើងមានទាំងព្រះសង្ឈល្អ និងអាក្រក់។ នៅប្រទេសកម្ពុជា សាសនាព្រះពុទ្ធត្រូវបានទទួលស្គាល់ថាជាសាសនារបស់រដ្ឋដោយមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះបើមានការសម្ដែងណាមួយ ឬមានកាយវិការណាមួយមិនសមរម្យអាចនាំឱ្យមានការប៉ះពាល់ នឹងមានប្រតិម្មពីសំណាក់មហាជន ឬព្រះសង្ឈនានា។ លោករដ្ឋមន្ត្រី ហុន សែន ធ្លាប់បានព្រមានស្ថានីយ៍ទូរទស្សន៍មុននឹងចាក់ផ្សាយរឿង ឬការសម្ដែងណាដែលមានទាក់ទងនឹងសាសនាព្រះពុទ្ធ ត្រូវមានការពិនិត្យជាមុនសិនពីក្រសួងធម្មការ[៥]។
ឯកសារយោង
កែប្រែ- ↑ Ban 'insult' opera: monks, 5/1/2009, Phnom Penh Post http://www.phnompenhpost.com/national/ban-insulting-opera-monks ទាញយកថ្ងៃទី៣១/១/១៤
- ↑ Where Elephants Weep - Production history, http://www.whereelephantsweep.com/inner/production_timeline.html[តំណភ្ជាប់ខូច] ទាញយកថ្ងៃទី ៣១/១/១៤
- ↑ Where Elephan Weep, Plot synopsis, http://www.whereelephantsweep.com/inner/production_plot.html[តំណភ្ជាប់ខូច] ទាញយកថ្ងៃទី ៤/២/១៤
- ↑ សម្ដេចព្រះសង្ឈរាជ ទេព វង្សប្រតិកម្មចំពោះល្ខោនអូប៉េរាទីដំរីយំ, ហ៊ុយ វណ្ណៈ, 04/01/2009, វិទ្យុអាស៊ីសេរី http://www.rfa.org/khmer/indepth/TepVong-reaction-2first-rock-opera-01042009063613.html?searchterm:utf8:ustring=%E1%9E%91%E1%9E%B8%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%99%E1%9F%86[តំណភ្ជាប់ខូច] ទាញយកថ្ងៃទី ៣១/១/១៤
- ↑ នាយករដ្ឋមន្ត្រីព្រមានស្ថានីយទូរទស្សន៍ពីការផ្សាយរឿងទាក់ទងព្រះពុទ្ធសាសនា, ០៨/០២/២០០៩, វិទ្យុអាស៊ីសេរី http://www.rfa.org/khmer/indepth/pm-warns-tv-stations-02082009211758.html?searchterm:utf8:ustring=%E1%9E%91%E1%9E%B8%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%99%E1%9F%86 Archived 2016-03-17 at the វេយប៊ែខ ម៉ាស៊ីន. ទាញយកថ្ងៃទី ៦/២/២០១៤