នរោត្ដម ចន្ទរង្សី
ប្រវត្តិទ្រង់នរោត្តម ចន្ទរង្សី
កែប្រែអ្នកអង្គម្ចាស់ នរោត្តម ចន្ទរង្សី បានប្រសូតនៅឆ្នាំ ១៩២៦ ត្រូវនឹងឆ្នាំខាលនៅក្នុងស្ថានភាពមួយ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំងសែស។ បិតាព្រះអង្គមានព្រះនាមថា ព្រះអង្គម្ចាស់ចន្ទលេខា ហៅព្រះអង្គម្ចាស់តូ ដែលត្រូវជាបុត្ររបស់ព្រះបាទនរោត្តម ជាមួយនឹងអ្នកម្នាងតាត។ ទ្រង់មានប្អូនស្រីរួមផ្ទៃម្នាក់ឈ្មោះអ្នកអង្គម្ចាស់ង៉ែត។ ព្រះអង្គបានចូលប្រឡូកក្នុងជីវភាពនយោបាយដំបូង នៅមានវត្តមានជប៉ុនមកប្រទេសកម្ពុជា កំឡុងពាក់កណ្ដាលចុងក្រោយនៃទសវត្សឆ្នាំ ១៩៤០។ ព្រះអង្គបានចូលរួមជាសមាជិកក្នុង“ទាហានស្ម័គ្រចិត្ត” ដែលត្រូវបានបង្កើតឡើង ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់យោធាជប៉ុន។ នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ជប៉ុនបានចាប់ខ្លួនកងទ័ព អ្នករដ្ឋការ និងជនស៊ីវិលបារាំង ហើយបីថ្ងៃក្រោយមក ពួកគេបានជួយជំរុញឱ្យសម្ដេច នរោត្ដម សីហនុ ប្រកាសឯករាជ្យកម្ពុជា។ វាសនាជប៉ុននៅលើទឹកដីកម្ពុជាមិនមានរយៈពេលវែងឡើយ ដោយសារឥទ្ធិពលរបស់ពួកគេបានធ្លាក់ចុះក្រោយពេលគេចាញ់សង្គ្រាមលោកលើកទី ២។ បារាំងក៏បានវិលត្រលប់មកកាន់ទឹកដីកម្ពុជាវិញ ដែលជាហេតុធ្វើឱ្យអ្នកទាំងឡាយណាបានធ្វើសហប្រតិបត្តិការជាមួយជប៉ុន ដូចជា “ក្រុមទាហានស្ម័គ្រចិត្ត” ជាដើម មានការភ័យខ្លាចបារាំងចាប់ខ្លួន។ “ក្រុមទាហានស្ម័គ្រចិត្ត” ត្រូវរំសាយខ្លួនជាស្វ័យប្រវត្តិ។ ចំណែកទ្រង់ចន្ទរង្សី ក៏បានគេចចេញទៅខេត្តបាត់ដំបង ដែលកាលនោះជាទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។ នៅទីនោះ ទ្រង់បានចូលរួមជាមួយចលនាខ្មែរឥស្សរៈ ដែលត្រូវបានបង្កើតដោយលោក ប៉ុក គុណ និងលោក រស់ យឿន រួចទៅហើយ។ គេបានឱ្យទ្រង់កាន់តំណែងជាមេបញ្ជាការកងវរសេនាតូច។ ពួកគេបានធ្វើសកម្មភាពផ្សេងៗ ក្រោមការជួយគាំទ្រពីថៃ រហូតដល់ពេលដែលខេត្តបាត់ដំបងត្រូវផ្ទេរមកក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាវិញ។ ក្រុមខ្មែរឥស្សរៈទាំងឡាយត្រូវរត់គេចទៅក្រុងបាងកក។ នៅចន្លោះខែតុលា និងខែវិច្ឆិកា ពួកមេខ្មែរឥស្សរៈទាំងឡាយ នាំគ្នាប្រជុំមួយ ដែលដឹកនាំដោយ ប៉ុក គុណ។ ក្រោយការពិភាក្សាដ៏ល្អិតល្អន់រវាងមេដឹកនាំល្បីៗ ដូចជា ហូលវង្ស អានុភាព, ដាប ឈួន, កៅ តក់, ស៊ីវ ហេង, ហែម សាវាង, តំណាងមកពីរដ្ឋាភិបាលថៃ និងពួកយៀកមិញ, សេចក្ដីសម្រេចចំនួនបួនត្រូវបានអនុម័ត។ តាមរយៈសេចក្ដីសម្រេចទី ៣ ទ្រង់ចន្ទរង្សី និង ប៉ុក គុណ ត្រូវបានគេបញ្ជូនឱ្យទៅបាងកក ដើម្បីធ្វើជាតំណាងអន្តរជាតិរបស់ខ្មែរឥស្សរៈ និងទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយអាជ្ញាធរថៃ និងពួកយៀកមិញ។ ទន្ទឹមនឹងនេះ តាមរយៈសេចក្ដីសម្រេចទី ៤ ទ្រង់ត្រូវបានគេតែងតាំងជាតំណាង និងជានិមិត្តរូបនៃក្រុមរាជវង្សានុវង្ស ដែលប្រឆាំងនឹងបារាំង។ អង្គប្រជុំសម្រេចថា ខ្មែរឥស្សរៈត្រូវពង្រីកសកម្មភាពសង្គ្រាមទ័ពព្រៃក្នុងប្រទេសកម្ពុជា ឱ្យបានគ្រប់ច្រកល្ហកក្នុងពេលឆាប់ៗ និងប្រកាសឱ្យបង្កើតរដ្ឋាភិបាលឯករាជនៃចលនាខ្មែរឥស្សរៈ ដែលនឹងបណ្ដេញបារាំង និងសម្ដេចសីហនុ ដោយរក្សាសមាជិករាជវង្សណាមួយអង្គជានិមិត្តរូប គឺ ទ្រង់ចន្ទរង្សី។ នៅក្នុងរយៈពេលរដ្ឋាភិបាលលោក ព្រីឌី ផាណុមយ៉ុង (ប្រីតី ភ្នំយង្គ) កាន់កាប់អំណាចក្នុងប្រទេសថៃ ពួកខ្មែរឥស្សរៈបានទទួលនូវការគាំទ្រជាច្រើនពីរដ្ឋាភិបាលថៃ។ ប៉ុន្តែ សកម្មភាពរបស់ពួកគេត្រូវបានបញ្ចប់ ក្រោយមាន “ពលប្រហារ” មួយនៅទីក្រុងបាងកក នាថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ១៩៤៧។ រដ្ឋាភិបាលថ្មីបានសម្រេចបញ្ឈប់ និងចាប់ខ្លួនបណ្ដាមេដឹកនាំខ្មែរឥស្សរៈទាំងឡាយ។ ចំណែកព្រះអង្គម្ចាស់ចន្ទរង្សី បម្រុងតែនឹងរត់ទៅហើយ តែសំណាងល្អ ទ្រង់ត្រូវបាន ប៉ុក គុណ ធានា និងរារាំងមិនឱ្យគេចាប់ខ្លួនទ្រង់ទេ។ នៅចន្លោះខែវិច្ឆិកា ឆ្នាំ ១៩៤៧ និងដើមឆ្នាំ ១៩៤៨ ទ្រង់ចន្ទរង្សី និងបណ្ដាមេដឹកនាំខ្មែរឥស្សរៈដទៃទៀត រួមមាន ហែម សាវាង, ម៉ី ផូ, ស៊ីវ ហេង និង កៅ តក់ ជាដើម បានរត់គេចមកទឹកដីកម្ពុជាវិញ។ ទ្រង់ចន្ទរង្សីបានប៉ះទង្គិចគ្នាជាមួយពួកយៀកមិញ ព្រោះពួកគេបានចោទប្រកាន់ថា ទ្រង់គឺជាពួកសក្ដិភូមិប្រតិកិរិយា។ ដូចនេះ ទ្រង់ក៏បានបង្កើតក្រុមឥស្សរៈមួយដោយខ្លួនឯង ដែលប្រតិបត្តិការនៅភាគខាងត្បូងនៃខេត្តបាត់ដំបង ដំណាលពេលដែលមេដឹកនាំឥស្សរៈដទៃទៀត ដូចជា លាវ កែវមុនី និង កៅ តក់ បានរួមសហការគ្នានៅភាគខាងជើងខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទ្រង់បានផ្ដាច់ខ្លួនចេញពី “គណៈកម្មាធិការរួបរួមជាតិ” ដោយដាក់ឈ្មោះចលនារបស់ទ្រង់ថា ចលនាឆ្ពោះទៅ “មាគ៌ាសន្តិភាព”។ ចលនានេះមានទស្សនៈផ្ទុយពីទ្រឹស្ដីកុម្មុយនិស្ត ហើយលើកតម្កើងការគោរពសិទ្ធិមនុស្ស។ ក្រុមរបស់ទ្រង់បានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ និងពង្រីកដែនដីត្រួតត្រាបន្តិចម្តងៗ រហូតដល់ទឹកដីខេត្តកំពង់ស្ពឺ។
ការបង្កើតចលនាតស៊ូថ្មី
កែប្រែតាំងពីពេលនោះមក ក្រុមឥស្សរៈរបស់ទ្រង់ នរោត្តម ចន្ទរង្សី ត្រូវបានគេស្គាល់ថាជា “គណៈកម្មាធិការខ្មែរកសាងជាតិភាគ ៤” ដែលមានដែនដីគ្រប់គ្រង ចាប់ពីផ្នែកព្រំប្រទល់ខ្មែរ-ថៃភាគខាងក្រោម រហូតដល់ខេត្តកំពង់ស្ពឺ ម្ដុំតំបន់រលាក់កងជើង កន្ទេល ឬស្សីជ្រំ ស្រីស្រំ វាលវែង។ បើតាមប្រសាសន៍លោក នី វ៉ាន់ធី បានឱ្យដឹងថា កាលពីដើមឡើយ ក្រុមនេះមានកម្លាំងប្រហែល ៣០ នាក់ ដែលត្រូវបានគេបញ្ជាឱ្យចុះមកកាន់ត្បូងឃ្មុំ ខេត្តកំពង់ចាម ដើម្បីបំផ្លិចបំផ្លាញសេដ្ឋកិច្ចខ្មាំង រួមមានចម្ការកៅស៊ូបារាំង ជាដើម។ បុគ្គលសំខាន់ៗ ទាំងនោះ មានដូចជា លោក ហែម សាវ៉ាង, លោក ហ៊ឹម ខាន់, លោក ចន្ទ តោត្រេស និង លោក សុក សេងរឿងមុនី។ កាលណោះ ក្រុមនេះធ្វើដំណើរតាមអាណាខេត្តភាគខាងលិចបឹងទន្លេសាប នៅចន្លោះ ខេត្តកំពង់ឆ្នាំង កំពង់ហ្លួង និងពញាឮ ប៉ុន្តែ ដោយសារកងទ័ពជើងទឹកបារាំងយាមកាមតាមដងទន្លេតឹងរ៉ឹងពេក ជាហេតុធ្វើឱ្យទ្រង់មិនអាចបន្តដំណើរឆ្លងកាត់ទៅត្រើយខាងកើតទន្លេសាបបាន ហើយក៏សម្រេចព្រះទ័យតាំងទីនៅទីនោះសិន។
ក្រោយពីទ្រង់បានពង្រឹងអំណាចត្រួតត្រាបានរឹងមាំហើយ ទ្រង់ក៏បានរៀបចំពិធីប្រកាសបង្កើត “គណៈកម្មាធិការខ្មែរកសាងជាតិភាគទី ៤” នៅក្នុងកំឡុងឆ្នាំ ១៩៤៩។ ក្រុមនេះមានសញ្ញាសម្គាល់ទង់ព័ណ៌ក្រហម ដែលមានរូបប្រាសាទកំពូលបីព័ណ៌លឿង នៅចំកណ្ដាល។ ទោះបីទ្រង់ស្ថិតនៅក្នុងត្រកូលក្សត្រ ដែលត្រូវបានតំណាងដោយជាយទង់ព័ណ៌ខៀវ ដូចជាទង់របស់ជាតិ ទ្រង់មិនបានជ្រើសយកព័ណ៌ខៀវនេះជាសញ្ញាសម្គាល់ដែរ ដោយហេតុថា ទ្រង់មិនចូលចិត្តរបបរាជនិយម តែចូលចិត្តរបបសាធារណរដ្ឋដូចលោក លន់ នល់ នៅពេល ២០ ឆ្នាំក្រោយ។
សូមរំលឹកថា មុនពេលដែល លាវ កែវមុនី រត់ចូលរួមក្នុងគណៈមុត្តគាហា (គណៈមោក្ខគាហក?) គាត់បានផ្ញើលោក នី វ៉ាន់ធី ឱ្យនៅជាមួយលោក អ៊ូច និលពេជ្រ។ តែក្រោយពេលដែលលោក អ៊ូច ចុះចូលជាមួយរដ្ឋាភិបាលមក នី វ៉ាន់ធី ក៏ត្រូវបានទាក់ទាញដោយអាចារ្យ ប៊ុន ដើម្បីឱ្យចូលរួមជាមួយចលនារបស់ទ្រង់ នរោត្តម ចន្ទរង្សី នៅខេត្តកំពង់ស្ពឺវិញ។ នៅក្នុងក្រុមនេះ គាត់បានចូលរៀនសាលានាយទាហាននៅតានៀវ ក្នុងខេត្តកំពង់ស្ពឺ ដោយសារមេទ័ពឈ្មោះ ហ៊ឹម ខាន់ ចង់ឱ្យគាត់ជួយធ្វើការងារខ្លួន។ ដំណាលគ្នានោះដែរ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៩៥២ លោក សឺង ង៉ុកថាញ់ រត់ចូលព្រៃម្តងទៀត ក្នុងគោលបំណងបង្រួបបង្រួមចលនាខ្មែរឥស្សរៈទាំងអស់។ អ្វីដែលជំរុញឱ្យគាត់ធ្វើបែបនេះ គឺដោយសារពួកគាត់យល់ឃើញពីគ្រោះថ្នាក់ ដែលបង្កពីការលូកដៃចូលរបស់ពួកយៀកមិញក្នុងចលនាខ្មែរឥស្សរៈ។ ដូច្នេះ ពួកគាត់ត្រូវតែទៅបង្រួបបង្រួមពួកខ្មែរឥស្សរៈឡើងវិញ។ ក្រោយពេលដែលលោក អ៊ីវ យ៉ាង ដែលជាមនុស្សទុកចិត្តរបស់លោក សឺង ង៉ុកថាញ់ បានស្វែងរកកន្លែងតាំងមូលដ្ឋានបានល្អនៅសៀមរាប និងភ្នំដងរែកហើយនោះ លោក ថាញ់ ក៏បានទៅស្នាក់នៅជាមួយក្រុមរបស់ កៅ តក់។ នៅទីនេះដដែល មានបុគ្គលសំខាន់ៗ ដទៃទៀត ដូចជា លោក គិរី ចិន្តា, លោក កែវ យឿន, លោកអៀ ស៊ីចូវ, លោក ឡឹក សំអឿន ផ្កាយព្រឹក, និងលោក គាំ រ៉េត។
គឺក្នុងទិសដៅខាងលើនេះហើយ ដែលលោក សឺង ង៉ុកថាញ់ បានបញ្ជូនលោក អៀ ស៊ីចូវ ទៅចូលរួមក្នុងក្រុមទ្រង់ ចន្ទរង្សី។ នៅទីនេះ លោក អៀ ស៊ីចូវ បានបង្កើតសាលានយោបាយ និងសាលាទាហាន ដែលមានរូបលោកផ្ទាល់ជាគ្រូបង្ហាត់នយោបាយ និងមានជនជាតិជប៉ុនម្នាក់ ឈ្មោះ តៈដៈគឹម៉ៈ (TADAKUMA) ជាគ្រូបង្វឹកយុទ្ធសាស្ត្រកងទ័ព។ ក្រោយពីបង្វឹកទាហានចប់ភ្លាម ទ្រង់ចន្ទរង្សីបានបញ្ជាឱ្យវាយពង្រីកដែនដីត្រួតត្រា។ ដោយឡែក លោក វ៉ាន់ធី ត្រូវបានគេបញ្ជូនឱ្យដឹកនាំកងទ័ពមួយក្រុមទៅ សមរភូមិស្រែអំបិល និងកោះកុង។ យ៉ាងណាមិញ ការប្រយុទ្ធពង្រីកអាណាខេត្តត្រួតត្រា តែងទទួលបានជោគជ័យជាលំដាប់ ដែលជំរុញឱ្យទ្រង់ចន្ទរង្សីកាន់តែមានកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀត។ កំឡុងពេលនោះ ដែនដីដែលពួកគេត្រួតត្រា មានទំហំធំគ្រាន់បើ គឺព្រំប្រទល់ខាងត្បូងជាប់នឹងផ្លូវជាតិលេខ ៤ សព្វថ្ងៃ ខាងលិចទល់នឹងស្រែអំបិល និងខេត្តកោះកុង ខាងជើងទល់នឹងស្រុកវាលវែងនិងលាជនៃខេត្តពោធិ៍សាត់ និងខាងកើតទល់នឹងជាយខាងលិចនៃខេត្តកំពង់ឆ្នាំង។
ការដណ្ដើមឥទ្ធិពលគ្នា
កែប្រែហេតុអ្វីបានជាក្រុមឥស្សរៈរបស់ទ្រង់ ចន្ទរង្សី មានកិត្តិសព្ទល្បីល្បាញ នៅខេត្តកំពង់ស្ពឺ និងតំបន់ ខាងលិចនៃប្រទេសកម្ពុជា? បើតាមលោកសាស្ត្រាចារ្យ វង់ សុធារ៉ា យល់ថា វាអាចមកពីរបៀបរបប ធ្វើការជាក្រុម មានទីប្រឹក្សាយោធាដ៏ល្អ ដូចជា tadakuma នៅជាមួយ និងយកចិត្តប្រជាពលរដ្ឋក្នុងតំបន់ ឈរជើងបាន។
នៅពេលក្រុម មានអំណាច និងឥទ្ធិពលគ្រាន់បើឡើង ពួកមេក្រុមសំខាន់ៗនៅក្នុងចលនា ចាប់ផ្ដើមមានការប្រជែងដណ្ដើមអំណាចផ្ទៃក្នុងរវាងគ្នា។ ក្នុងក្រុមទ្រង់ ចន្ទរង្សី ចាប់ផ្ដើមមានអ្នករៀបចំគម្រោងការ ធ្វើគតទ្រង់ ដើម្បីដណ្ដើមយកសិទ្ធិមេបញ្ជាការក្រុមធំ។ សំណាងល្អ ទ្រង់បានគេចផុតពី គ្រោះភ័យ និងចាប់បានអ្នកប៉ុនប៉ងជាមួយភស្តុតាង។ អ្នកក្បត់ទ្រង់មុនគេនោះ គឺលោក ហែម សាវ៉ាង ដែលជាហេតុ ធ្វើឱ្យទ្រង់អនុវត្តតាមវិន័យក្រុម ដោយសម្លាប់ចោល និងបោសសំអាតអ្នកឃុបឃិតទាំងអស់ចោល។ លោក នី វ៉ាន់ធី ថា ទ្រង់មិនចង់សម្លាប់លោក សាវ៉ាង ចោលទាល់តែសោះ ប៉ុន្តែលោកមិនអាចប្រឈមមុខនឹងមេក្រុមដទៃទៀត ដែលឱ្យយោបល់ត្រង់ថា ត្រូវតែសម្លាប់ចោល ដើម្បីទុកជាការព្រមាន។ ប៉ុន្តែ តាមលោក ប៊ុណ្ណ ចាន់ម៉ុល ថា លោក សាវ៉ាង ត្រូវ ដាប ឈួន សម្លាប់ចោល ក្រោមកលល្បិចហៅប្រជុំពិភាក្សាគ្នា។ ទោះជាយ៉ាងណា លោក ម៉ុល គាត់មិនបាននៅក្នុងក្រុមឥស្សរៈផ្ទាល់ទៀតទេ ក្រោយពីពួកនេះនាំគ្នាដកថយទៅកាន់ប្រទេសថៃ និងប្រមូលផ្ដុំគ្នាឡើងវិញ នៅភាគខាងជើងខេត្តសៀមរាប ឯនាយជួរភ្នំដងរែក។ លើសនេះទៀត គាត់បានឈប់ទាក់ទងជាមួយក្រុមនោះ មុនពេលទ្រង់ ចន្ទរង្សី បំបែកខ្លួនទៅទៀត។ ក្រោយមក ក្រុមទ្រង់ ចន្ទរង្សី កាន់តែមានអំណាចធំ អាចវាតទីទឹកដីបាន កាន់កាប់ ឈរជើង យ៉ាងធំទូលាយ។ សមត្ថភាពនេះ ប្រហែលជាមកពីស៊ាបដ៏ក្លាហាន និង ក្លៀវក្លាក្នុងការប្រយុទ្ធ ធ្វើពុតជាចុះចូលជាមួយក្រុមទ្រង់ អស់មួយរយៈពេល។ ក្រោយពីបានដឹងថា គាត់ជាចារបុរសរបស់ក្រុម ពុត ឆាយ ដែលជាមេខ្មែរឥស្សរៈម្នាក់ទៀត ហើយនិងការកម្ចាត់ ស៊ាប ចេញពីក្រុមវិញ គេសង្កេតឃើញថា ក្រុមរបស់ទ្រង់ មិនសូវបានជោគជ័យក្នុងការវាតទីតំបន់កាន់កាប់របស់ខ្លួនបន្តទៅទៀតឡើយ។
ប្រហែលវត្តមាន និងកេរ្តិ៍ឈ្មោះរបស់ទ្រង់ ចន្ទរង្សី បានធ្វើឱ្យ ក្រុមឥស្សរៈចល័តរបស់ពុត ឆាយ មិនសប្បាយចិត្តឡើយ ទើបនាំឱ្យកើតក្ដីច្រណែន និងការក្ដៅក្រហាយ។ ម៉្យាងទៀត ជារឿយៗ ក្រុមទាំងពីរ ប៉ះទង្គិចគ្នា និងប្រឈមមុខដាក់គ្នា ដោយអាវុធគួរឱ្យតក់ស្លុត ជាពិសេសនៅតំបន់ស្រះឃ្លាំង អង្គខ្មៅ នៃស្រុកសំរោងទង និងឧដុង្គសព្វថ្ងៃ។ ហេតុនេះហើយ ទើប ពុត ឆាយ ដែលជាមេឥស្សរៈម្នាក់ គ្មានទីតាំងឈរជើងពិតប្រាកដនេះ បានរៀបចំផែនការធ្វើគតទ្រង់ ចន្ទរង្សី ដោយបញ្ជូនឱ្យ ស៊ាប និងគ្នីគ្នា ប្រហែល៣០នាក់ផ្សេងទៀត ទៅចូលធ្វើការក្នុងក្រុមឥស្សរៈទ្រង់ ចន្ទរង្សី។
នៅក្នុងឋានៈជាមេទ័ពម្នាក់នៅក្នុងក្រុមថ្មី ស៊ាបបានខិតខំចូលប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុង សមរភូមិផ្សេងៗ ហាក់ឥតញញើតនឹងសេចក្ដីស្លាប់ឡើយ ដើម្បីសាងសេចក្ដីទុកចិត្តពីសំណាក់ទ្រង់ ចន្ទរង្សី។ ទាំងនៅក្នុងសមរភូមិនៅខេត្តកោះកុង គាត់ខិតខំវាយប្រហារពួកវៀតមិញ។ ដោយក្ដីអាណិតនិងស្រលាញ់ ខ្លាចក្រែង ស៊ាប មានការនឿយហត់ ព្រោះបានប្រឹងប្រែងយកជ័យជម្នះលើសមរភូមិជាច្រើនហើយនោះ ទើបទ្រង់ ចន្ទរង្សី បានបញ្ជូនសារឱ្យហៅគាត់មកឈប់សម្រាកនៅម្ដុំភូមិក្រាំងម្កាក់។
ពីមួយថ្ងៃទៅមួយថ្ងៃ ទ្រង់ ចន្ទរង្សី កាន់តែមានសេចក្ដីពេញចិត្តនឹងស្នាដៃរបស់ ស៊ាប ខ្លាំងឡើង។ ចៃដន្យអ្វី ថ្ងៃមួយយុទ្ធជនរបស់ទ្រង់ចាប់បានសំបុត្រសម្ងាត់មួយច្បាប់ផ្ញើមកពីមេឥស្សរៈ ពុត ឆាយ ដែល តឿនឱ្យ ស៊ាប ឆាប់សម្លាប់ទ្រង់ ចន្ទរង្សី។ ស៊ាប មិនបានដឹងខ្លួនជាមុនថា គម្រោងការ របស់ខ្លួនត្រូវបែក ការណ៍សម្ងាត់ឡើយ។ គាត់បែរជានាំគ្នីគ្នាជប់លៀងផឹកស៊ីចំនួន ៧យប់ ៧ថ្ងៃ ដើម្បីជាការអបអរសាទរដល់ ជ័យជម្នះរបស់គាត់ ដំណាលពេលដែលទ្រង់ ចន្ទរង្សី បានរៀបចំជើងព្រួលកម្ចាត់គាត់ចោលវិញ។ ទ្រង់បាន សម្រិតសម្រាំងជ្រើសរើសយកអ្នកដែលមានស្នាដៃប្រយុទ្ធល្អៗ និងស្មោះស្ម័គ្រចំពោះខ្លួន។ ទោះជាយ៉ាងណា ពួកយុទ្ធជនឆ្នើមរបស់ទ្រង់ទាំងនោះ នៅតែមានភាពញញើតនឹងចូលទៅកម្ចាត់ ស៊ាប ដែរ។ ពួកគេ សុទ្ធសឹង ញញើតកោតខ្លាចវីរភាពក្លៀវក្លារបស់ ស៊ាប ក្នុងអារម្មណ៍ជានិច្ច។
ពួកខ្មាន់ប្រយុទ្ធទាំងនោះ មានការប្រុងប្រយ័ត្នណាស់ក្នុងការរៀបជើងព្រួល។ ពួកគេរៀបចំគ្នីគ្នា ឡោមព័ទ្ធកន្លែង ស៊ាប និងបក្សពួកជប់លៀងរហូតដល់ទៅបីជាន់ឯណោះ ដើម្បីក្រសោបចាប់ និងសម្លាប់ ឱ្យអស់កុំឱ្យមានការថ្លោះធ្លោយ។ អ្នករៀបចំផែនការ មានការកោតសរសើរ ស៊ាប គ្រប់ៗគ្នា ព្រោះគាត់ តែងមានការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច។ ទោះបី គាត់ និងបក្សពួកស្រវឹងជោកយ៉ាងណាក៏ដោយ ក៏គាត់នៅតែចុះពីលើផ្ទះខ្ពស់របស់គាត់ មកដាស់ឱ្យកូនចៅយាមរវាំងជាប់ជានិច្ច និងបញ្ជាម្នាក់ឱ្យអង្គុយលើកាំជណ្ដើរ ផ្ទះដែលគាត់ដេក។ ប៉ុន្តែ ពួកនោះស្រវឹងជោកពេក ក៏ទន់ក ដេកលក់បាត់ទៅ។
ឱកាសល្អរបស់ខ្លួនមកដល់ លោក សុក សេងរឿងមុនី និងលោក នី វ៉ាន់ធី បានលបលួចចូលទៅ ក្រោមផ្ទះ បម្រុងនឹងបាញ់សម្លាប់ ស៊ាប ពីក្រោមផ្ទះ ទាំងក្នុងចិត្តភ័យរអាយ៉ាងខ្លាំង។ ស្រាប់តែខ្មាន់ប្រយុទ្ធ ម្នាក់ ដែលចូលរួមការឡោមព័ទ្ធ នៅក្នុងយប់នោះដែរ បានរាលកៃកាំភ្លើងផ្ទុះឡើង ដែលប្រហែលមកពី សេចក្ដីតក់ស្លុត ញញីញញ័រខ្លាច តេជដៃរបស់ ស៊ាប។ ភ្លាមនោះ ស៊ាប ស្ទុះក្រោកកញ្ឆក់យកកាំភ្លើងយន្ត ដែលបញ្ឈរនៅក្បែរដៃបាន ហើយរត់លោត ចុះពីលើផ្ទះ បាញ់រះរំដោះខ្លួនចេញ។ លោក សុក សេងរឿងមុនី និងនី វ៉ាន់ធី មានឱកាសបាញ់សំដៅ ស៊ាប ពីក្រោយខ្នងហើយ ក៏នៅតែមិនអាចធ្វើអ្វីស៊ាបបាន ព្រោះ កាំភ្លើងរបស់ពួកគេ បាញ់មិនផ្ទុះ ទាំង២ ទាំង៣ គ្រាប់ដំបូង។ ចំណែក ពួកអ្នកឡោមព័ទ្ធភ័យខ្លាចតេជដៃ របស់ ស៊ាប ក៏មិនហ៊ានខ្ទប់ផ្លូវគាត់ឡើយ។ បណ្ដោយឱ្យគាត់អាចនាំប្រពន្ធយួន និងគូកនប៉ុន្មាននាក់វាយរំដោះខ្លួនរត់រួច ដោយសុវត្ថិភាព។ សល់ពីនេះ កូនចៅរបស់គាត់ប៉ុន្មាននាក់ត្រូវស្លាប់ និងមួយចំនួនទៀត រួមនឹងប្រពន្ធជនជាតិខ្មែររបស់គាត់ត្រូវចាប់ខ្លួនបាន សម្រាប់អ្នកគ្មានឱកាសបាញ់តដៃ ចំណែកអ្នកតដៃបានបាញ់បើកផ្លូវរត់តាម ស៊ាប អស់ទៅ។ ការរត់ប្រាសយកអាយុ យ៉ាងទាន់ហន់របស់ ស៊ាប លើកនេះ ធ្វើឱ្យគាត់ យកតាមខ្លួនមិនទាន់នូវខ្សែកមាសមួយខ្សែមានបន្តោងគោដេកដ៏ស័ក្ដិសិទ្ធិ ដែលគេល្បីថាជាវត្ថុពូកែស័ក្ដិសិទ្ធិរបស់គាត់ ត្រូវក្រុមទ្រង់ ចន្ទរង្សី រឹបអូសយក។ ជាលទ្ធផល ប្រតិបត្តិការកម្ចាត់ ស៊ាប (ចារបុរសរបស់ ពុត ឆាយ) ទទួលបានជោគជ័យ ដោយទប់ស្កាត់មិនឱ្យ ស៊ាប អាចមានឱកាសសម្លាប់ទ្រង់ ចន្ទរង្សី បានឡើយ។
វិន័យកងទ័ព
កែប្រែទោះបីខ្លួនជាទ័ពព្រៃយ៉ាងណា ខ្មែរឥស្សរៈនៅជាមនុស្សមានវិន័យយ៉ាងតឹងរ៉ឹង និងជំនឿយ៉ាង មុតមាំផងដែរ។ បើតាមលោកនី វ៉ាន់ធី បានបញ្ជាក់ប្រាប់យើងថា ទ្រង់ចន្ទរង្សី បានដាក់វិន័យយ៉ាងម៉ឺង ម៉ាត់សម្រាប់ពួកគាត់អនុវត្ត ប្រយោជន៍កសាងក្រុមឥស្សរៈរបស់ទ្រង់ឱ្យមានកេរ្តិ៍ឈ្មោះល្អ មិនធ្វើឱ្យអ្នក ស្រុក ដែលជាអ្នកគាំទ្រមានការក្ដៅក្រហាយ ឬ ខឹងសំបាឡើយ។ វិន័យដ៏ល្អ និងសំខាន់បំផុត គឺការ ហាមប្រាមរបស់ពួកនាយទាហានមិនឱ្យធ្វើបាបអ្នកស្រុក និងកូនចៅទាំងស្រីទាំងប្រុសរបស់ពួកគេឡើយ។ ប្រសិនបើយុទ្ធជនណាម្នាក់ត្រូវបានគេទាន់ថា បានប្រព្រឹត្តខុសនឹងវិន័យនេះ ដូចជាការចាប់រំលោភកូនក្រមុំអ្នកភូមិ អ្នកនោះនឹងត្រូវគេនាំយកទៅបាញ់ចោលជាមិនខាន ដើម្បីជាការព្រមានកុំឱ្យអ្នកក្រោយយកតម្រាប់តាម។
លោកតា តិប ផន បានបញ្ចេញទស្សនៈរបស់គាត់ ចំពោះចលនាខ្មែរឥស្សរៈរបស់ទ្រង់ ចន្ទរង្សី ថា “ទ្រង់ ចន្ទរង្សី ជាមេដឹកនាំចេះសន្ដោសអាណិតប្រជារាស្ត្រ ហើយទ្រង់មានបទបញ្ជាតឹងរ៉ឹង។ ចំពោះ នាយទាហាន និងពលទាហានរបស់ទ្រង់ មិនដែលធ្វើបាប ឬ ជិះជាន់សង្កត់សង្កិនប្រជារាស្ត្រ ដែលរស់នៅ ជុំវិញបន្ទាយ ដូចជា ពួកយើងនោះទេ”។ ដូច្នោះហើយ ពួកយុទ្ធជនទាំងនោះ មានរបៀបរៀបរយល្អ មិនច្រឡើមច្រឡោងខាមឡើយ។ ស្ទើរតែរៀងរាល់ពេលដែលពួកទាហានវិលត្រឡប់មកពីសមរភូមិវិញ ទ្រង់បានចាត់ចែងឱ្យមានពិធីរាំកម្សាន្តលេង សប្បាយជាមួយនឹងតន្ត្រី ដែលប្រគំដោយដៃនាយទាហាន ដែលធ្លាប់តែកាន់អាវុធ។ តែឱកាសនេះ គេបែរជាកាន់អន្លូងវាយស្គរ វាយប៉ោត នៅក្នុងបន្ទាយ ដើម្បី បង្កើតសូរស័ព្ទចង្វាក់ភ្លេងរាំវង់។ កូនចៅអ្នកស្រុក ជាពិសេស នារីក្រមុំៗ ក៏មករាំលេងសប្បាយនឹងគេដែរ។ ព្រោះពួកគេជឿជាក់ថា ពួកនាយទាហាន និងពលទាហានទាំងនោះ មិនដែលប្រព្រឹត្តិអ្វីហួសហេតុខុសទំនងនោះឡើយ។
ជំនឿលើកម្លាំងក្រៅខ្លួន និងទំនាក់ទំនងជាមួយយួនវៀតមិញ
កែប្រែជំនឿនៅកម្លាំងក្រៅខ្លួន គឺជាមនោគមវិជ្ជាដ៏ពេញនិយមរបស់អ្នកកាន់អាវុធ។ គេបានចាត់ទុកថាជាកត្តាមួយ ដែលអាចជំរុញឱ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធរបស់កងទ័ពខ្មែរឥស្សរៈផងដែរ ព្រោះវាធ្វើឱ្យពួកគេមានភាពកក់ក្ដៅ និងការជឿជាក់ក្នុងខ្លួន។ ទ្រង់ចន្ទរង្សីជាមនុស្សម្នាក់មានជំនឿយ៉ាងមុតមាំលើមន្តអាគម និងអភិនីហារបែបនេះដែរ។ ក៏ដូចជាមេខ្មែរឥស្សរៈដទៃទៀតដែរ ទ្រង់តែងពាក់បន្តោងយ័ន្ត និងគ្រឿងស័ក្ដិសិទ្ធិផ្សេងៗ ដែលគេហៅថា “ផ្ទៃគ្រូ”។ ពួកគេតែងសាកល្បង “ផ្ទៃគ្រូ” ជារៀងរាល់សប្ដាហ៍ ដើម្បីល្បងមើលថា តើ “ផ្ទៃគ្រូ” នេះមានបារមីយ៉ាងណា? លោក នី វ៉ាន់ធី តែងសង្កេតឃើញថា ភាគតិចណាស់ដែលពួកគេបាញ់ “ផ្ទៃគ្រូ” ត្រូវ។ ដូច្នេះហើយ កំឡុងពេលនោះ គាត់ពិបាកនឹងជឿលើបារមីបាញ់មិនត្រូវ ដុតមិនឆេះរបស់កន្សែងយ័ន្តនេះណាស់។ ប៉ុន្តែ គាត់ត្រូវស្ទាក់ស្ទើរវិញ ដោយសារការភ្នាល់គ្នារវាងក្រុមគាត់ជាមួយនឹងពួកយួនយៀកមិញ។ នាយទាហាន រស់ ហឿន ដែលជាកូនចៅម្នាក់របស់ទ្រង់ មានជំនឿងប់ងល់លើគ្រឿងវត្ថុស័ក្ដិសិទ្ធិទាំងនេះ ដំណាលពេលដែលមេទ័ពយួនយៀកមិញ មិនជឿលើជំនឿផ្ដេសផ្ដាសបែបនេះ។ រឿងភ្នាល់គ្នានេះ បានកើតឡើងនៅកំឡុងឆ្នាំ ១៩៤៩ នៅចំពីមុខបន្ទាយរបស់ក្រុមទាំងពីរនេះ។ កាលនោះ ទាំងពីរក្រុមបានបោះទីតាំងទ័ពនៅទល់មុខគ្នា ដោយដាក់ទង់ សម្គាល់របស់ផងខ្លួននៅទន្ទឹមគ្នា មិនឱ្យទាប ឬខ្ពស់ជាងគ្នាឡើយ។ ដូចសព្វមួយដង នៅព្រឹកមួយ ទាំងពីរក្រុមបានចេញមកគោរពទង់សម្គាល់រៀងៗ ខ្លួន។
ការភ្នាល់គ្នាបានចាប់ផ្ដើមកើតឡើង។ ដំបូងទាំងសង្ខាង សាកល្បងផ្សងចង់ដឹងមើលថា តើយួន ឬ ខ្មែរដែលនឹងទទួលបានឯករាជ្យពីបារាំងមុន? ពួកគេសន្មតថា បើខាងណាបង្ហូតទង់ជាតិដល់លើកំពូលមុន វាអាចជាប្រផ្នូលថា ក្រុមនោះនឹងទទួលឯករាជ្យមុន។ ត្រៀមខ្លួនជាស្រេច តំណាងទាំងពីរក្រុម ចាប់ផ្ដើមទាញខ្សែទង់សម្គាល់ឡើងលើកំពូល។ ដោយតំណាងខាងយួនរហ័សរហួនជាងខាងតំណាងខ្មែរ មុនដំបូង ទង់សម្គាល់របស់យួនបានរំកិលឡើងលើលឿនជាង។ ដំណាលពេលខាងខ្មែរ កំពុងញាប់ញ័រ ហើយខាងយួន អបអរនឹងស្ថានភាពនេះ ស្រាប់តែខ្សែទង់សម្គាល់របស់យួន ដែលចាស់ផុយ បូករួមនឹងកម្ដៅ ដែលកកិតជាមួយរ៉កប្រែជាដាច់មួយរំពេច ទុកឱកាសឱ្យតំណាងខាងខ្មែរ បង្ហូតទង់ឡើងដល់លើកំពូល ដោយសុវត្ថិភាព។
បាតុភូតនេះបានបណ្ដាលឱ្យឥរិយាបថចំពោះជំនឿរបស់លោក នី វ៉ាន់ធី ចាប់ផ្ដើមផ្លាស់ប្ដូរបន្តិច។ ក្រោយថ្ងៃកម្ពុជាទទួលបានឯករាជ្យ គាត់ចេះតែនឹកគិតពិចារណាក្នុងចិត្តម្នាក់ឯងថា ការផ្សងខាងលើ ហាក់ត្រូវជាមួយស្ថានភាពអាណានិគមនៅឥណ្ឌូចិនខ្លាំងណាស់។ ព្រោះគាត់សង្កេតតាមប្រវត្តិសាស្ត្រទៅឃើញថា បើប្រៀបធៀបជាមួយជនជាតិខ្មែរ យួនហាក់បានស្រូតរូតរហ័សរហួនប្រឆាំងនឹងបារាំងជាង។ ចំណែកស្ថានភាពនៅស្រុកខ្មែរវិញ មានសភាពស្ងប់ស្ងាត់ច្រើន ដោយសារជនជាតិខ្មែរមិនសូវក្រោកឡើង ប្រឆាំងនឹងបារាំងឡើយ។ លោកបន្តទៀតថា បើទោះបីជាមានការទប់ទល់ប្រឆាំងនឹងបារាំង ក៏វាមិនត្រូវបានដឹកនាំធ្វើដោយប្រជារាស្ត្រសាមញ្ញទេ តែវាត្រូវបានធ្វើដោយពពួកវណ្ណៈអ្នកចេះដឹង និងពួកអភិជន ដែលមានទំនាស់ផលប្រយោជន៍ជាមួយបារាំងតែប៉ុណ្ណោះ។ រហូតដល់ថ្ងៃបានឯករាជ្យ ដោយសន្តិវិធីមុនវៀតណាម ដែលបានឯករាជ្យដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅដៀនបៀនហ្វា គាត់កាន់តែនឹកឃើញការផ្សងគ្នា ដែលខ្មែរបានបង្ហូតទង់សម្គាល់របស់ខ្លួនដោយសុវត្ថិភាពដែរ។ ពួកយួនយៀកមិញមិនទាន់អស់ចិត្តទេ ដោយយកលេសថា ខ្សែទង់សម្គាល់របស់ខ្លួនចាស់ ងាយផុយ ទើបមិនបានបង្ហូតឱ្យដល់លើ។ ដោយឮល្បីពីកូនទាហានរបស់ខ្លួនអួតសរសើរពីបារមីរបស់ទង់សម្គាល់ទ័ពខ្មែរ មេទ័ពយួនយៀកមិញម្នាក់ បានបបួលខ្មែរឥស្សរៈបាញ់ទង់សម្គាល់ដាក់កាំភ្លើងយន្តមួយដើម។ គាត់បានអួតអាងថា គាត់បាញ់ត្រង់មិនដែលខុស ហើយបន្តុះបង្អាប់ថា មិនដែលមានទង់សម្គាល់ខាងខ្មែរឯណា ដែលគាត់បាញ់មិនត្រូវនោះទេ។ គាត់បន្តដោយតម្កើងឫកពាប្រមាថខ្មែរថា ចាំមើល តើបារមីទង់សម្គាល់របស់ខ្មែរឥស្សរៈពូកែស័ក្ដិសិទ្ធិ ឬក៏គ្រាប់កាំភ្លើងគាត់ត្រង់ជាង។ លោក នី វ៉ាន់ធី នៅ ពេលនោះ មានការបារម្ភជាខ្លាំងខ្លាចបាត់បង់កាំភ្លើងយន្តមួយដើម។ ព្រោះថា គាត់នៅតែមិនទាន់ទុកចិត្តលើ “ផ្ទៃគ្រូ” ទេ។ ដោយសារជារៀងរាល់សប្ដាហ៍ ដែលគេសាកល្បងបារមី “ផ្ទៃគ្រូ” គាត់ឃើញតែវាឆេះ ស្ទើររាល់តែលើក។ ជួនកាល ចៃដន្យទៅ វាក៏មានពេលគេបាញ់មិនឆេះទៅដែរ ហើយមកដល់ពេលនោះ លោក រស់ ហឿន យកវាមកលេងសើចភ្នាល់គ្នា ដាក់កាំភ្លើងយន្តមួយដើមដូច្នោះ គាត់ដូចជាមិនស្រួលក្នុងចិត្តសោះ។ លោក វ៉ាន់ធី បានបន្តបញ្ជាក់ទៀតថា តាមពិតទៅ ទង់សម្គាល់ដែលយកមកបាញ់ភ្នាល់នោះ គ្រាន់តែជាក្រណាត់ធម្មតារបស់លោក រស់ ហឿនទេ។
លោក រស់ ហឿន បានស្រែកសន្មតបញ្ជាក់ថា ឱ្យមេយួនយៀកមិញបាញ់តែមួយគ្រាប់គត់ តែប្រសិនបើបាញ់ទៅហើយមិនឆេះ ឬក៏មិនត្រូវនោះទេ កាំភ្លើងយន្តដែលយួនបានអូសមកដាក់ក្បែរដងទង់ នោះនឹងក្លាយជារបស់ខ្មែរ(ឥស្សរៈ)ហើយ និងបានស្រែកឱ្យកូនទាហានទាំងសង្ខាងជួយធ្វើជាសាក្សី។ សន្មតគ្នាមិនទាន់បានចប់ស្រួលបួលផង គេបានឮស្នូរគ្រាប់កាំភ្លើងការ៉ាប៊ីនមួយគ្រាប់លាន់ឮរំពងព្រៃ តែគេមិនឃើញទង់សម្គាល់របស់ខ្មែរឆេះ ឬត្រូវគ្រាប់ឡើយ។ ពួកខ្មែរឥស្សរៈរបស់ទ្រង់ នរោត្តម ចន្ទរង្សី បានចាប់ស្រែកហ៊ោកញ្ជ្រៀវ ដោយសារភ្ញាក់ផ្អើលនឹងភាពអស្ចារ្យនេះ។ ពួកខាងយួនស្ងាត់មាត់ច្រៀប ដំណាលពេលដែលមេទ័ពរបស់ពួកគេធ្វើជានិយាយលុបលាងភាពអាម៉ាស់របស់ខ្លួន ដោយស្ដីបន្ទោសទៅកាន់កូនចៅខ្លួនថា ខ្ជិលមិនចេះជូតសម្អាតលាងកាណុងកាំភ្លើងឱ្យ ស្អាតល្អ ធ្វើឱ្យស្ទះកាណុងបាញ់ទង់សម្គាល់ខ្មែរមិនត្រូវ។ គិតទៅ ខ្មែរឥស្សរៈ ដូចជាលោក រស់ ហឿន មានអំនួតណាស់ដែរ នៅចំពោះស្ថានការណ៍នេះ ព្រោះគាត់ចង់ឱ្យពួកយួនចាញ់ដោយអស់ចិត្ត។ លោកបានស្រែកទៅកាន់ពួកយួន ដែលមិនទាន់អស់ចិត្តថា ឱ្យពួកយួនបាញ់បីគ្រាប់ថែមទៀត ហើយបើនៅតែមិនត្រូវទេ ខាងខ្មែរឥស្សរៈនឹងយកកាំភ្លើងយន្តនោះហើយ។ មេទ័ពយួនដដែល បានឱ្យគេយកកាំភ្លើងថ្មីមកទាញបាញ់ទង់សម្គាល់ខ្មែរទាំងកំរោល។ មួយគ្រាប់ ហើយនៅតែមិនត្រូវ(ឆេះ) មួយគ្រាប់ទៀតនៅតែមិនឆេះទង់សម្គាល់ខ្មែរឥស្សរៈ ដែលប្រហែលជាពួកទាហានឥស្សរៈស្រែកហ៊ោខ្លាំង ធ្វើឱ្យយួននោះស្លន់ស្លោ បាញ់មិនត្រូវ។ មួយគ្រាប់ចុងក្រោយនៅតែមិនត្រូវ ពួកខ្មែរឥស្សរៈមិនបង្អង់យូរក៏ហក់ចូលទៅអូសយកកាំភ្លើងយន្ត។ ចំណែកពួកយួនក្ដៅមួហ្មងនាំគ្នាថយក្រោយ តែមិនមែនថយទៅណាទេ គឺថយក្រោយឡោមព័ទ្ធដេញបាញ់យកកាំភ្លើងយន្តវិញ។ ពួកខ្មែរឥស្សរៈក៏នៅតែខំប្រឹងទាញយកកាំភ្លើងរត់ ឯខ្លះទៀតខំប្រឹងបាញ់តទល់ជាមួយពួកយួនយៀកមិញរហូតដល់អូសវាដាក់ចូលក្នុងបន្ទាយរបស់ខ្លួន។
ហេតុការណ៍ក៏បញ្ជាក់ឱ្យយើងឃើញដែរថា ខ្មែរចូលចិត្តមានអំណួតភ្លេចខ្លួន និងស្មោះត្រង់រហូត ក្លាយជាឆោតល្ងង់ លង់ខ្លួនចូលអន្ទាក់សត្រូវដែលមានពុតត្បុត។ ភាគច្រើន ដោយសារអំណួត ខ្មែរតែងតែ អត់អោនឱ្យសត្រូវមុន។ ប៉ុន្តែ សត្រូវដូចជាយួនវិញ ពិតជាមានល្បិចកិច្ចកល ហើយមិនដែលគោរពតាមពាក្យសន្យារបស់ខ្លួននោះទេ។ គ្រាន់តែឧទាហរណ៍កំប៉ិកកំប៉ុកខាងលើ ក៏អាចបញ្ជាក់បង្ហាញអំពី ពុតត្បុតរបស់ពួកយួនបានដែរ។ ម៉្យាងទៀត ប្រហែលជាខ្មែរឥស្សរៈភាគច្រើនឆោតល្ងង់បែបនេះឯង ទើបលង់ជឿលើហេតុផល ដែលយួនយៀកមិញឃោសនាថា ចូលមកជួយច្បាំង ដើម្បីបណ្ដេញសត្រូវរួមគ្នា ដោយមើលមិនឃើញមហិច្ឆតាធំរបស់គេ នៅក្រោយថ្ងៃទទួលបានជោគជ័យពិតប្រាកដ។ ឬមួយមកពីគេគិតថា ខ្មែរឥស្សរៈងាយស្រួលឱ្យពួកគេលេងខ្សែលើទេដឹង។
នាយទាហានខ្មែរឥស្សរៈមានជំនឿលើវត្ថុដែលគេជឿថា ស័ក្ដិសិទ្ធិជាច្រើនទៀត មានដូចជា កន្សែងយ័ន្ត ខ្សែគាថា ចង្កូមសត្វព្រៃ ចែកាច់ កុយ ភ្លុក ដើម ឬមើមប្រទាល ជាដើម។ ក្រៅពីនេះ ខ្មែរឥស្សរៈនៃក្រុមទ្រង់ចន្ទរង្សី មានជំនឿលើរឿងកាប់មិនមុតផងដែរ។ ពួកគេមានវិធីចាស់គំរិល ដើម្បីបង្កើតរូបមន្ត និងថ្នាំកាប់មិនមុត ដុតមិនឆេះ។ ពួកគេយល់ថា ដង្កូវនាង គឺជាសត្វដែលមាន ប្រយោជន៍ត្រូវបាន គេចិញ្ចឹមយកសរសៃសំបុកសូត្រ ដែលបានពីទឹកមាត់របស់វា យកមកធ្វើហូល ឬ ផាមួង ដោយសារសូត្រនោះមានគុណភាពដ៏មាំស្វិតមិនងាយដាច់ ឬផុយឡើយ។ ដូច្នេះ នាងពិតជាមានភាពស្វិតមាំនៅក្នុងខ្លួនរបស់វាហើយ ធ្វើឱ្យពួកគេជឿថា អាចយកវាមកធ្វើជាថ្នាំផឹកឱ្យសាច់គង់ សម្រាប់ការពារខ្លួនបាន។ ចំណែកគ្រឿងផ្សំ មានដូចជា កូនដង្កូវនាង ប្រទាល បាលី ទឹកឃ្មុំ ឬ ស្រា។ ដំបូង ពួកគេយកកូនដង្កូវនាងចំនួន ១ នាឡិ មកបុកឱ្យបែកចេញពពុះស្គុល ដើម្បីយកទឹកមាត់របស់វាមកលាយជាមួយស្រាផឹក។ រីឯកាករបស់វា ត្រូវពួកគេយកទៅលាយជាមួយទឹកឃ្មុំ សម្រាប់ហូបការពារជំងឺផ្សេងៗ។ លោក នី វ៉ាន់ធី បានរៀបរាប់បន្តទៀតថា មានគ្នីគ្នា និងកូនទាហានគាត់ជាច្រើន ដែលនាំគ្នាជឿលើភាពស័ក្ដិសិទ្ធិរបស់សំបុកដង្កូវនាងនេះ។ ក្រោយពីផឹក “ថ្នាំកាប់មិនមុតដុតមិនឆេះ” បែបនេះ សាច់របស់ពួកអ្នកផឹក ប្រែជាព័ណ៌ខៀវ ហើយពួកគេតាំងយកដាវ ឬកាំបិត មកកាប់សាកលមើល។ ពួកគេត្រេកអរ ដោយជំនឿជាក់កាន់តែខ្លាំង នៅពេលគេកាប់គ្នាមិនមុត គ្រាន់តែត្រុតសាច់តែប៉ុណ្ណោះ។ ប្រហែលជាដាវ ឬកាំបិតទាំងនោះគំរឹលដែរផងក៏មិនដឹង។ ព្រោះនៅក្នុងសមរភូមិ គាត់សង្កេតឃើញមាននាយទាហាន ទាំងនោះ ត្រូវសត្រូវបាញ់សម្លាប់ ឬត្រូវគេកាប់មុតដាច់សាច់ទាំងដុំៗ ដូចតែមនុស្សធម្មតាដែរ។ លើសពីនេះទៅទៀត ការផឹក “ថ្នាំកាប់មិនមុតដុតមិនឆេះ” បែបនេះ មិនបានជួយពួកខ្មែរឥស្សរៈនោះទេ តែវាកាន់តែនាំភាពលំបាកដល់ពួកគេថែមទៀត។ ជាការពិត ប្រហែលជាវាអាចជួយឱ្យពួកគេមានសាច់ស្វិត ប៉ុន្តែសាច់ស្វិតរបស់ពួកគេនោះនឹងធ្វើឱ្យពួកគេឈឺរហូតដល់ស្លាប់។ ព្រោះគ្មានម្ជុលសឺរ៉ាំងចាក់ថ្នាំណាមួយ អាចចាក់ថ្នាំបញ្ចូលសាច់ពួកគេបានឡើយ ប្រសិនណាពួកគេឈឺថ្កាត់។ ម៉្លោះហើយ ពួកគេនៅតែបន្តប្រើឱសថបុរាណ ដែលពុំមានប្រសិទ្ធភាពដដែល ទោះជាមានឱសថពេទ្យទំនើបស័ក្ដិសិទ្ធិក៏ដោយ។ បើតាមប្រសាសន៍របស់លោក នី វ៉ាន់ធី បានឱ្យដឹងថា យួនយៀកមិញធ្លាប់បានរួមជាមួយខ្មែរឥស្សរៈរបស់ទ្រង់ចន្ទរង្សី ទៅវាយបារាំង តែក្រោយពីការប្រទូស្តរ៉ាយខាងលើ ទំនាក់ទំនងនោះបានចាប់ផ្ដើមប្រេះឆា។ សូមបញ្ជាក់ថា មុនពេលកើតហេតុនេះ ទ្រង់ចន្ទរង្សីបានត្រូវពួកយួនអញ្ជើញទៅប្រជុំនៅណាមបូនៃវៀតណាមខាងត្បូង ហើយទ្រង់ក៏បានដាស់តឿនកុំឱ្យកូនចៅរបស់ទ្រង់តបតឈ្លោះប្រកែកគ្នាជាមួយពួកយួនយៀកមិញ ដែលនៅទល់មុខបន្ទាយឱ្យសោះ ខ្លាចមានការលំបាក និងរំខានដល់គោលដៅនៃក្រុមតស៊ូរបស់ខ្លួន ក្នុងការវាយទាមទារឯករាជ្យពីបារាំង។ ម៉្យាងទៀត ទ្រង់បារម្ភដល់សុវត្ថិភាពផ្ទាល់របស់ទ្រង់ ដែលទៅប្រជុំនៅស្រុកយួននោះផង ខ្លាចក្រែងយ៉ាងម៉េចយ៉ាងម៉ាទៅ គេធ្វើបាបទ្រង់។ “មែន! ដូចការបារម្ភរបស់ទ្រង់មែន,” លោក នី វ៉ាន់ធី បានគូសបញ្ជាក់។ គាត់បានបន្តថា ពួកកូនចៅរបស់ទ្រង់ មានរឿងរ៉ាវដូចខាងលើ ហើយត្រូវពួកយួនខិលខូចក្បត់ពាក្យសន្យា មិនព្រមផ្ដល់កាំភ្លើងយន្ត ដោយសន្តិវិធីទេ តែបែរជាតាមដេញបាញ់ពួកគាត់យកកាំភ្លើងយន្តវិញ។ ទីបំផុត ទំនាក់ទំនងល្អជាមួយពួកគេត្រូវបញ្ចប់។ ឯរូបទ្រង់ចន្ទរង្សីផ្ទាល់ ត្រូវពួកយួនចាប់ឃាត់ខ្លួនដាក់ក្នុងគុកអស់មួយរយៈ ទម្រាំបានរត់ចេញមកវិញបាន ដោយសារបានអ្នកយាមគុកម្នាក់ ជាជនជាតិវៀតណាមធ្លាប់រាប់អាន និងមានសមានចិត្តដល់ទ្រង់ បានប្រើឧបាយកលក្បត់ក្រុមខ្លួន ដើម្បីលួចដោះលែងទ្រង់ តែត្រូវពួកគេដឹងទាន់ពេល ហើយដេញចាប់ទ្រង់វិញ ស្ទើរតែរត់មិនទាន់។ តាំងតែពីពេលនោះមក ពួកគេចេះតែមានការប៉ះទង្គិចនឹងគ្នាជារឿយៗ។
សក្ខីភាពនៃការមិនចុះសម្រុងគ្នារវាងទ្រង់ចន្ទរង្សី និងពួកយៀកមិញ ត្រូវបានបញ្ជាក់ដោយទ្រង់ចន្ទរង្សីផ្ទាល់ នៅក្នុងបទសម្ភាសន៍ទ្រង់ជាមួយលោក ស្ទីវិន ហេឌ័រ នាពេលក្រោយមកថា “ខ្ញុំ...ឈប់ធ្វើបដិវត្តន៍ជាមួយយួន ព្រោះក្រោយពេលខ្ញុំសហការជាមួយពួកគេ តាំងតែពីក្រោយពេលមានសង្គ្រាមលោកលើកទី ២ ភ្លាម ច្បាស់ណាស់ដែលថា ពួកគេកំពុងប្រើប្រាស់ខ្ញុំ ដោយប្រើឈ្មោះរាជវង្សានុវង្សរបស់ខ្ញុំ។ ពួកគេថែមទាំងបានព្យាយាមត្រួតត្រាលើចលនា(ឥស្សរៈ)របស់ខ្ញុំទៀតផង។ ហើយពេលដែលខ្ញុំជំទាស់លើអ្វី ដែលពួកគេស្នើសុំ ពួកកូនចៅរបស់គេ លែងហៅខ្ញុំថាជាក្សត្រស្នេហាជាតិទៀតទេ។ ផ្ទុយមកវិញ ពួកគេនឹងហៅខ្ញុំចោទខ្ញុំថា ជាក្សត្រក្បត់ ឬជនសក្ដិភូមិក្បត់។
សមរភូមិសំខាន់
កែប្រែកំលុងពេលឆ្នាំ ១៩៥១ បន្ទាប់ពីបានបង្វឹកហាត់យុទ្ធជនរបស់ខ្លួន នៅសាលានាយទាហានជំនាន់ទី ១ ទ្រង់ ចន្ទរង្សី បានបញ្ជាឱ្យកូនទាហានរបស់ខ្លួនជាង ៨០០ នាក់ ចេញធ្វើសមយុទ្ធទៅខេត្តកោះកុង ដែលជាទឹកដីក្រោមការត្រួតត្រាដ៏សំខាន់មួយរបស់ទ្រង់។ លោកមេទ័ព ហ៊ឹម ខាន់ ទទួលភារៈដឹកនាំ នាយទាហានទាំងនោះ ចេញពីសាលានាយទាហាននៅតានៀវកាត់តាមផ្លូវទៅស្រែអំបិល។ បើតាម ប្រសាសន៍របស់ លោក នី វ៉ាន់ធី ដែលពេលនោះ ជាលេខាលោក មេទ័ព ហ៊ឹម ខាន់ បានរៀបរាប់ឱ្យ យើងដឹងថា នាយទាហានជំនាន់ទី ១ ទាំង ៨០០ នាក់ បានធ្វើដំណើរកាត់តាមមាត់សមុទ្រ ទៅបោះទីតាំងនៅខ្សាច់សអស់រយៈពេលមួយអាទិត្យ។ នៅភូមិខ្សាច់សនេះ ពួកគេជាថ្មីម្ដងទៀត បានប៉ះទង្គិចប្រដាប់អាវុធជាមួយពួកយួនវៀតមិញបន្តិចបន្តួចដែរ។ ជាក់ស្ដែងលោកលេខា នី វ៉ាន់ធី ដែលមានភារកិច្ចជួយកិច្ចការផ្សេងៗរបស់លោកមេទ័ព ហ៊ឹម ខាន់ ដូចជា ខាងកិច្ចការរដ្ឋបាលផ្សេងៗ និងស្ពាយថង់អាហារ ផែនទី និងត្រារបស់មេទ័ព ហ៊ឹម ខាន់ ជាដើម។ លោកគិតថា ពេលនោះ ពួកយួនវៀតមិញ ពិតជាត្រៀមខ្លួន គុំគួន ចាំវាយទ័ពរបស់ទ្រង់ចន្ទរង្សី ដូចជាពួកគេមានកំហឹងធំដុំពីកាលណាអញ្ចឹង។ នៅវេលាថ្ងៃមួយ ពេលដែលគាត់ទៅដងទឹក គាត់ត្រូវបានពួកយួនវៀតមិញដេញបាញ់។ គាត់ខំប្រឹងរត់គេចពីការតាមចាប់នេះ រហូតមិនដឹងខ្លួនថា ជ្រុះត្រារបស់មេទ័ព ហ៊ឹម ខាន់ បាត់តាំងពីពេលណា ឬនៅកន្លែងណា។ បន្ទាប់ពីរត់គេចដោះខ្លួនរួច គាត់បានយកដំណឹងអាក្រក់នេះទៅប្រាប់លោក ហ៊ឹម ខាន់ តែគាត់បែរជា ច្រឡោតខឹង ដេញបាញ់លោកស្មៀនភ័យរត់ស្ទើរស្លាប់ម្ដងទៀត។ លោក នី វ៉ាន់ធី និយាយការពារដើមហេតុនៃអំពើដែលលោក ហ៊ឹម ខាន់ ច្រឡោតខឹងនឹងគាត់ថា ព្រោះលោក ហ៊ឹម ខាន់ បារម្ភខ្លាចពួកសត្រូវ ខិលខូចរើសត្រានោះបាន ហើយមានគំនិតអាក្រក់បន្លំធ្វើជាកោះហៅ ឬបញ្ជាឱ្យកូនទាហានរបស់គាត់ ទៅទីណាមួយ ដើម្បីកម្ចាត់ពួកគេចោល នាំឱ្យមានលទ្ធផលខ្លោចផ្សាពន់ពេកសម្រាប់ទ្រង់ ចន្ទរង្សី។
បន្ទាប់ពីនោះមក ពួកនាយទាហានទាំងឡាយបានបន្តដំណើរទៅបោះទីតាំងចាស់ នៅភូមិជីឃ នៅក្បែរស្រុកស្រែអំបិល ខេត្តកោះកុង។ លោក វ៉ាន់ធី ថាបន្ទាយជីឃនេះមានទីតាំងយុទ្ធសាស្ត្រល្អណាស់។ វាមានទីតាំងលើទីទួលមួយដែលព័ទ្ធជុំវិញដោយរុក្ខជាតិសំរុង ដែលជាអន្លង់ធម្មជាតិជាច្រើន។ វាក៏ជា ប្រភពសេដ្ឋកិច្ចមួយដ៏សំខាន់ផងដែរសម្រាប់ក្រុមទ្រង់ ចន្ទរង្សី។ ព្រោះគេអាចប្រមូលរុក្ខផលបានជាច្រើន ដូចជា គ្រាប់ម្រេច ជ័ររោម ខ្លឹមច័ន្ទ និងក្រវាញ ជាដើម។ ដូចដែលត្រូវបានរៀបរាប់ខាងលើ រុក្ខផលទាំងអស់នេះ ត្រូវបានខ្មែរឥស្សរៈដឹកជញ្ជូនដោយសេះ និងដំរី ដើម្បីយកទៅលក់ដូរនៅខេត្តត្រាតនៃប្រទេសថៃ។ ដោយសារគុណសម្បត្តិទាំងអស់នេះហើយ ទើប ពួកយួនវៀតមិញតែងព្យាយាមវាយឆ្មក់ដណ្ដើម យកទីតាំងនេះ ជាច្រើនលើកជាច្រើនសារ។
ជាក់ស្ដែង នៅពេលពួកនាយទាហានជំនាន់ទី១របស់ទ្រង់ ចន្ទរង្សី ធ្វើសមយុទ្ធនៅទីនោះ ពួកគេ បានលួចវាយឡើងលើបន្ទាយនោះ។ ពួកគេមានគ្នាច្រើន ដើម្បីឡោមព័ទ្ធ តែត្រូវពួកនាយទាហានរបស់ ទ្រង់ ចន្ទរង្សី វាយរុញច្រានចុះវិញ រហូតដល់ពួកគេធ្លាក់ចុះចូលក្នុងសំរុងនោះស្លាប់អស់ជាច្រើននាក់។ ទីបំផុត ខ្មែរឥស្សរៈអាចការពារបន្ទាយដ៏ល្អរបស់ខ្លួនបានដោយសុវត្ថិភាព ហើយបានអបអរសាទរជោគ ជ័យដំបូងរបស់ខ្លួន ក្រោយពេលចេញពីសាលាហ្វឹកហ្វឺនថ្មីថ្មោង។
យុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃ
កែប្រែខុសពីចលនាជាតិនិយមកម្ពុជាទំនើបដទៃទៀត ចលនាខ្មែរឥស្សរៈបានជ្រើសរើសយកផ្លូវតស៊ូ ដោយអាវុធចេញពីក្នុងព្រៃ ដើម្បីតាមទារឯករាជ្យពីបារាំង។ តើពួកគេមានយុទ្ធសាស្ត្រអ្វី ជាទីអាង? លោក វ៉ាន់ធី បានឆ្លើយតបយ៉ាងខ្លីថា គឺ “សង្គ្រាមទ័ពព្រៃ”។ តើអ្វីជាសង្គ្រាមទ័ពព្រៃ? តើពួកយុទ្ធជន ខ្មែរឥស្សរៈ មានជំនាញធ្វើសង្គ្រាមទ័ពព្រៃកំរិតណា? លោក នី វ៉ាន់ធី ដែលបានរៀនសូត្រជាមួយ អតីត នាយទាហានជប៉ុនមួយរូប ដែលមិនបានដកថយក្រោយអធិរាជជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ គឺ លោក តាដាកុមា (TADAKUMA) និងអនុវត្តផ្ទាល់ក្នុងអំឡុងពេលតស៊ូ បានរៀបរាប់ប្រាប់យើងឱ្យ ដឹងដូចតទៅ ៖ សង្គ្រាមទ័ពព្រៃ គឺជារបៀបនៃការវាយលុក ដែលប្រើមនុស្សរស់នៅជុំវិញតំបន់ ដែលខ្មាំងកាន់ កាប់ ឬ ឡោមព័ទ្ធ។ សង្គ្រាមទ័ពព្រៃនេះ មានលក្ខណៈសំគាល់ចំបងៗ ដែលយុទ្ធជនរបស់ពួកគេ ត្រូវ ដឹងខ្លួនជាមុនដូចខាងក្រោមៈ
- គ្មានរណសិរ្ស ឬ មូលដ្ឋានបង្អែកច្បាស់លាស់
- ប្រតិបត្តិការដោយក្រុមតូចៗ ហើយប្រដាប់ដោយគ្រឿងអាវុធខ្សោយបំផុត
- ដឹងជាមុនថា ខ្មាំងខ្លាំងជាងខ្លួនជានិច្ច។
- អាចរស់នៅឆ្ងាយពីភូមិស្រុកបាន ពេលធ្វើប្រតិបត្តិការងារ ដូចជាចូលស៊ើបការណ៍ជាដើម។
- មានគំនិតផ្តួចផ្តើមជានិច្ចក្នុងការពេលប្រតិបត្តិការ ព្រោះក្នុងកាលៈទេសៈភាគច្រើនបំផុត ពួកយុទ្ធជនទ័ពព្រៃ នឹងគ្មាននរណាជួយណែនាំឱ្យធ្វើអ្វីឡើយ គឺពួកគេខ្លួនឯង ជាអ្នកផ្តួចផ្តើម។
- ត្រូវទាក់ទាញឱ្យមានការគាំទ្រពីប្រជាជន
- សំខាន់បំផុត ត្រូវជៀសវាងកុំប្រើទ័ពព្រៃ ដើម្បីទប់ទល់នឹងទ័ពព្រៃមួយទៀត ផ្ទុយទៅវិញ គេត្រូវតែប្រើប្រាស់យុទ្ធវិធីនេះ ជាមួយកម្លាំងទ័ព ដែលនៅទីចំហរតែប៉ុណ្ណោះ។
លើសពីនេះទៀត លោក វ៉ាន់ធី បានពន្យល់ប្រាប់ថា ក្នុងនាមគាត់ជាយុទ្ធជនទ័ពព្រៃមួយរូប គាត់ត្រូវចងចាំ និងមានសមត្ថភាព៧ ផ្សេងទៀត ផងដែរ។
- ទីមួយ គាត់ត្រូវចេះកម្រើកដោយប៉ិនប្រសប់។ ក្នុងន័យនេះ គាត់ថា គាត់ត្រូវធ្វើប្រតិបត្តិការ ឱ្យបានរហ័សបំផុត។
- ទីពីរ គាត់ត្រូវចេះបំភ័ន្ត ដូចជា ធ្វើជាផ្តល់ពត៌មានខុសដល់ខ្មាំង ឬ នៅពេលទ័លច្រកត្រូវខ្មាំង ចាប់បាន គួរប្រគល់ខ្លួនឱ្យខ្មាំង បន្ទាប់មក ពេលខ្មាំងសួរចម្លើយ ត្រូវឱ្យចម្លើយខុសទៅខ្មាំង ឬ ជួនកាល ពួកគាត់ត្រូវចេះធ្វើវិទ្ធង្សនា ហើយចូលជ្រៀតជ្រែកខាងក្នុងផ្ទៃដីសត្រូវ។
- ទីបី គឺជាចំណុចសំខាន់ជាងគេ ដែលយុទ្ធជនឥស្សរៈត្រូវចេះ “ការធ្វើឱ្យភ្ញាក់ផ្អើល”។ ដើម្បីធ្វើឱ្យ ខ្មាំងភ្ញាក់ផ្អើល គេត្រូវធ្វើគំរោងការជាមុនសម្រាប់បំភ័ន្តខ្មាំង ឬ ក៏ធ្វើការបង្វែងដាន ដោយវាយបញ្ឆោត ទីតាំងតូច ដើម្បីងាយស្រួលឆ្មក់វាយទីតាំងធំ។
ម៉្យាងទៀត ពួកគាត់ត្រូវត្រៀម ខ្លួនជានិច្ចសម្រាប់វាយលុកកន្លែង ដែលស្ងាត់ស្ងៀម និង មូលដ្ឋានខ្មាំងតូចៗ ដែលនៅឆ្ងាយពីមូលដ្ឋានធំរបស់ខ្មាំង។ ទន្ទឹមនឹងនេះ ពួកគាត់ត្រូវធ្វើដំណើរឱ្យបាន លឿនបំផុត និងមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់សណ្ឋានទីតាំងភូមិសាស្ត្រ ថា តើគួរលាក់បំពួន ឬ ធ្វើអ្វីនៅកន្លែងណា ដើម្បីឱ្យស័ក្តិសមបំផុត សម្រាប់គំរោងការត្រៀមប្រយុទ្ធណាមួយ។ សំខាន់ជាងនេះទៅទៀត ពួកគេត្រូវចេះត្រួតត្រាក្តោបក្តាប់ភូមិស្រុក ដែលខ្លួនធ្វើសកម្មភាពឱ្យ បាន ដូចជា ត្រូវដឹងពីសមានចិត្តប្រជាពលរដ្ឋចំពោះពួកគេ ឬទៅលើសត្រូវ។ ក្នុងដូចករណីខាងក្រោយ នេះ យុទ្ធជនទ័ពព្រៃ ត្រូវចេះឃោសនាឱ្យប្រជាពលរដ្ឋស្រលាញ់ និងជួយទំនុកបម្រុងផ្នែកផ្សេងៗ។ ពួកគេត្រូវដឹងថា សង្គ្រាមនេះ នឹងមិនងាយបញ្ចប់ទេ។ ដូច្នេះ គេត្រូវរៀបខ្លួនត្រៀមលក្ខណៈ តស៊ូយូរអង្វែង សម្រាប់សង្គ្រាមមួយយូរអង្វែង ហើយមុននឹងចូលធ្វើសង្គ្រាមទ័ពព្រៃ យុទ្ធជនម្នាក់ៗត្រូវ សំរេចចិត្តជាមុនឱ្យបានត្រឹមត្រូវ។ ចំណុចសំខាន់ចុងក្រោយ ពួកគាត់ត្រូវរៀបចំឱ្យមានខ្សែរយៈពត៌មានឱ្យបានគ្រប់ទីកន្លែង ដើម្ប៉ី យកជោគជ័យទៅលើខ្មាំង។ ដំណាលគ្នានេះដែរ ពួកគេក៏ត្រូវចេះក្បួនរត់គេច និងយល់ដឹងនូវប្រការ សំខាន់ៗមួយចំនួន ផងដែរ ៖
- គប្បីបំបែកជួរ ដើម្បីរត់នៅពេលដំបូងបង្អស់ តែគប្បីរកកន្លែងពួន។
- ត្រូវបំបែកជួរ ហើយរត់។ តែបើ កាលណាសត្រូវហេវហត់ គេត្រូវឱ្យមានការឈ្លប គយគន់នៅពេលយប់ ដើម្បីចាត់ការពួកសត្រូវវិញ ។
- ឱ្យមានការរត់ចេញនៅពេលយប់។
- ត្រូវធ្វើការប្រៀបផ្ទឹម ដល់ការប្រមូលប្រជុំទ័ពខ្លាំងឡើងវិញ ព្រមទាំងពេលបាយ។
- ត្រូវធ្វើ ឬ រៀបចំជាមុននូវចំណុចជួបជុំទាំងឡាយ ដូចដែលគាត់បានណាត់ក្រុមគាត់ជួបគ្នា នៅអូរស្រឡៅក្រោយពេលពួកគាត់ចាប់ជំរិតប្រាក់ពីថៅកែទឹកឃ្មុំ ដែលត្រូវបានលាតត្រដាងក្នុង ផ្នែកខាងលើ។
- ត្រូវប្រើប្រាស់អន្ទាក់ផ្ទុះ ដើម្បីបង្អាក់ល្បឿននៃដំណើរខ្មាំង។
- ត្រូវឱ្យបានល្អ ឬ មានប្រៀបជាងសត្រូវជាដរាប។
- ឱ្យមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការចេះរស់ ក្នុងពេលអាសន្ន។
បើនិយាយកាលដែលក្រុមលោក នី វ៉ាន់ធី ចូលទៅចាប់ជំរិតនៅផ្ទះថៅកែទឹកឃ្មុំ ពួកគាត់ក៏មិន មែន ចេះតែចូលទៅដោយមិនបានស៊ើបការជាមុននោះទេ គឹគាត់ត្រូវបានភ្នាក់ងារ ឬ រនុកក្នុងរបស់គាត់ រាយការណ៍ពីកន្លែង ដែលថៅកែនោះលាក់លុយ និងពេលវេលាដែលគាត់នៅផ្ទះជាដើម។ នេះបញ្ជាក់ថា ពួកខ្មែរឥស្សរៈក៏យល់នឹងចាត់ទុកការស៊ើបការ ឬ ការយកពត៌មានជាការសំខាន់បំផុត សម្រាប់ពួកគេធ្វើ ប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សង្គ្រាមទ័ពព្រៃ មានការទាក់ទងទៅលើទំហំដ៏ធំទូលាយនៃសកម្មភាពមនុស្ស។ ក្នុងការធ្វើឱ្យ កិច្ចប្រតិបត្តិការមានជោគជ័យ ពួកខ្មែរឥស្សរៈត្រូវដឹងថា មនុស្សណាខ្លះគាំទ្រក្រុមរបស់គេ ហើយ អ្នកណាគាំទ្រសត្រូវ។ បើតាមការចេះដឹងបានពីបទពិសោធន៍របស់លោក នី វ៉ាន់ធី សង្គ្រាមបែបនេះ គេមិនត្រូវធ្វើឱ្យមានការខុសឆ្គង ចំពោះមជ្ឈដ្ឋានអ្នកស្រុកអាយឡើយ។ លើសពីនេះទៅទៀត ទ័ពព្រៃ ត្រូវប្រយ័ត្ន មិនគួរធ្វើឱ្យមានការបាត់បង់នូវយុទ្ធជនរបស់ខ្លួន គ្រឿងសម្ភារៈ រួមទាំងអ្នកគាំទ្ររបស់ ផងខ្លួនទេ។ ពីព្រោះទ័ពព្រៃ គឺធ្វើការប្រយុទ្ធបែបអ្នកក្រ ដោយសារសក្តានុពលសម្ភារៈសឹក មិនសូវមាន ច្រើនទេ។ ដូចគ្នានេះដែរ គេក៏ត្រូវមាន តំរេះវិជ្ជា និងបទពិសោធន៍គ្រប់គ្រាន់ ដែលក្លាយជាកត្តា មានឥទ្ធិពលលើលទ្ធផលជោគជ័យ ឬ បរាជ័យផងដែរ។ កាលណោះ ពួកគាត់បានបែងចែកពាក្យ “ដំណឹង” និង“ពត៌មាន”ក្នុងន័យខុសគ្នាថាៈ
- ដំណឹង គឺជាផលដែលត្រូវបានផ្តុំប្រមូល ដោយប្រភពទីទៃជាច្រើន។
- ពត៌មាន គឺជាការចេះដឹងអំពីខ្មាំងទៅលើទីដី ទៅលើប្រជាពលរដ្ឋ ព្រមទាំងទៅលើធាតុ អាកាស ដែលបានមកអំពីដំណឹង ដែលប្រមូលផ្តុំហើយច្នៃ(ឱ្យតំលៃផ្តុំគ្នា និងឆ្លងកាត់ការពិភាក្សារួច)។
ចំពោះមេបញ្ជាការ ត្រូវដឹងអំពីពត៌មានស្តីពីខ្មាំង ធាតុអាកាស និងស្ថានភាពដីជាមុន ទើបអាច មើលឃើញជោគជ័យមកខាងខ្លួន។
សន្និសីទក្រុងហ្សឺណែវ
កែប្រែដោយសារគ្រោងការសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ទើបទ្រង់ ចន្ទរង្សីដាក់អាវុធ ចុះចូល ជាមួយរាជរដ្ឋាភិបាលរបស់សម្តេច នរោត្តម សីហនុ។ ដើម្បីដោះស្រាយជម្លោះនៅឥណ្ឌូចិន មានតំណាងប្រទេសចំនួន១៩ បានចូលរួមក្នុងសន្និសីទមួយួ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៥៤ ដែលមានប្រទេសមហាអំណាចសំខាន់ៗ ដូចជា សហរដ្ឋអាមេរិច ប្រទេសបារាំង អង់គ្លេស សហភាពសូវៀត និងប្រទេសចិន បានព្រមព្រៀងគ្នា ប្រារព្វធ្វើសន្និសីទមួយ នៅ ទីក្រុងហ្សឺណែវ ដើម្បីបញ្ចប់សង្គ្រាម និងស្តារឡើងវិញនូវសន្តិភាពនៅកូរ៉េ និងនៅឥណ្ឌូចិន។ តែបើ និយាយឱ្យស្រួលស្តាប់ គឺដើម្បីឱ្យប្រទេសបារាំងដកខ្លួនចេញ និងប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន បារាំង។
ក្រោយពីឮសេចក្តីប្រកាសនេះភ្លាម បណ្តារដ្ឋសាមី និងភាគីសាមី ក្នុងជម្លោះទាំងអស់ចាប់ផ្តើម ពិចារណារកស្នៀត និងធ្វើការយ៉ាងញាប់ដៃជើង ឆ្ពោះទៅរកសិទ្ធិចូលរួមក្នុងអនាគតសន្និសីទក្រុង ហ្សឺណែវនេះ។ រដ្ឋាភិបាលវៀតណាមខាងជើង ដែលដឹកនាំដោយហូ ជីមិញ និង ផាម វ៉ាន់ដុង បានរៀបចំ ល្បិចយុទ្ធសាស្ត្រយ៉ាងញាប់ដៃ ដើម្បីបង្កើតជារដ្ឋាភិបាលមួយ ឱ្យចលនាតស៊ូខ្មែរឥស្សរៈកុំមុយនីស្ត នៅ កម្ពុជា ដែលមាន ស៊ឺង ង៉ុកមុញ៉ិ ជាប្រមុខ និងបណ្តាវរជនជាច្រើនទៀត ដែលគេធ្លាប់ស្គាល់យូរមកហើយ នោះ ដូចជា ស៊ីវ ហេង, ទូ សាមុត, លាវ កែវមុនី និងលោកម៉ីផូ។
ចំពោះមុខស្ថានការណ៍បែបនេះ សម្តេច នរោត្តម សីហនុ បានប្រើប្រាស់នយោបាយដ៏ឈ្លាសវៃ មួយ ដើម្បីបញ្ឆោតមតិសាធារណៈអន្តរជាតិ។ ព្រះអង្គ ដែលក្រោយមកត្រូវបាន ទ្រង់ នរោត្តម ចន្ទរង្សី ហៅថា “ល្បិចព្រួញមួយបាញ់បានសត្វពីរ”។ ជាដំបូងព្រះអង្គ បានចាត់ឱ្យ ឯកឧត្តម ប៊ូ ហ៊ង ទៅនិយាយ បញ្ចុះបញ្ចូលមេខ្មែរឥស្សរៈ ឱ្យចូលរួមជាធ្លុងតែមួយួក្នុងរាជរដ្ឋាភិបាល កុំឱ្យបែកបាក់គ្នា នាំឱ្យគេពុះចែក ទឹកដីខ្មែរជាមួយខ្មែរវៀតមិញ នៅពេលអនាគត។ តែទោះជាយ៉ាងណា លោក ហ៊ិន ស៊ីថាន បានចោទថា ពួកមេខ្មែរឥស្សរៈ ដែលចុះចូលជាមួយរដ្ឋាភិបាលនេះ គឺដើម្បីបានលាភសក្ការៈ និងយសសក្តិផ្ទាល់ខ្លួន។¬?¦ ក្រោយចរចាគ្នាបានសំរេច ព្រះអង្គបាននាំយកមេៗខ្មែរឥស្សរៈទាំងឡាយ ដូចជា លោក ដាបឈួន, ទ្រង់ នរោត្តម ចន្ទរង្សី, លោក សាវ៉ាង វង្ស, និងលោក ពុត ឆាយ ទៅចូលរួមសន្និសីទក្រុងហ្សឺណែវ ដើម្បីធ្វើ ជាសាក្សីប្រាប់ពិភពលោក ថា គឺពួកគេឯណេះទេ ដែលជាអ្នកតស៊ូពិតប្រាកដ ក្នុងបុព្វហេតុវាយបណ្តេញ បារាំង ហើយកំពុងមានដែនដីត្រួតត្រា និងកងទ័ពច្រើនជាងភាគីដទៃទៀត។ ពួកគេបានពោលអះអាង បន្ថែមថា ពួកគេបានធ្វើការតស៊ូដើម្បីបម្រើផលប្រយោជន៍ប្រទេសខ្មែរពិតៗ ហើយឥឡូវពួកគេព្រមដាក់ អាវុធចុះ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព។ ជាចុងក្រោយ ពួកគេបានវាយប្រហារ ដោយពាក្យ សំដីដាក់ពួក ស៊ឺង ង៉ុកម៉ិញ ថា ជាជនក្បត់ជាតិចង់ពុះបំបែកដែនដីខ្មែរ។
ក្រោយសន្និសីទនេះ ភាគីពាក់ព័ន្ធបានសំរេចបញ្ឈប់សកម្មភាពប៉ះទង្គិចយោធាទាំងស្រុង ចាប់ពី ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ។ នៅក្រោយពេលបញ្ចប់សង្គ្រាម ជាធម្មតានៅប្រទេសភាគច្រើន ក្នុងពិភពលោក គេត្រូវគិតគូដល់ពួកអ្នកតស៊ូដែលបានរងរបួសពិការដៃជើង ភ្នែក ឬ រាងកាយ ដោយការ ផ្តល់រង្វាន់ ឬ មុខតំណែងតួនាទី ឬការងារផ្សេងៗប្រយោជន៏ពួកគេអាចចិញ្ចឹមជីវិតបាន។ ដូច្នេះជាថ្នូរ នឹងការចុះចូលជាមួយរដ្ឋាភិបាល សម្តេច សីហនុ បានសន្យាថា នឹងបញ្ចូលកងទ័ពខ្មែរឥស្សរៈទាំងអស់ នៅក្នុងកងទ័ពខេមរភូមិន្ទ ជាបន្តបន្ទាប់ តាមដំណាក់កាល។
ឯកសារយោង
កែប្រែ- (ស្រង់ពីសារណាបញ្ចប់បរិញ្ញាបត្រប្រវត្តិវិទ្យា ស្ដីពីប្រធានបទ "ស្វែងយល់ពីចលនាខ្មែរឥស្សរៈ ករណីសិក្សាអំពីអតីតអ្នកតស៊ូខ្មែរឥស្សរៈ នី វ៉ាន់ធី" របស់លោក "ថា លាងអាង"។)