ខ្មែរឥស្សរៈ
តាមរយៈអ្នកនិពន្ធកន្លងមក ដូចជាលោក ប៊ុណ្ណ ចន្ទម៉ុល ហាក់ព្យាយាមពន្យល់ “គាត់ជាប្រធាន ឬប្រមុខនៃចលនាខ្មែរឥស្សរៈដំបូងគេ” នៅបាត់ដំបងតែប៉ុណ្ណោះ។ តែតាមការពិតកំណកំណើតរបស់ ចលនាខ្មែរឥស្សរៈ បើសិនយើងធ្វើការពិភាក្សា វែកញែក ដោយផ្ទៀងផ្ទាត់ជាមួយនឹងឯកសារពិគ្រោះ ដទៃទៀត ក៏ដូចជាព័ត៌មានដែលទទួលបានពីការសាកសួរលោក នី វ៉ាន់ធី គឺមានដំណើរដូចខាងក្រោម៖
ខ្មែរឥស្សរៈ Khmer Isarak | |
---|---|
Leader | នរោត្តមចន្ទរង្សី |
បង្កើត | ១៩៤៥ |
ទីស្នាក់ការកណ្ដាល | Thai-khmer borders |
មនោគមវិជ្ជា | ជាតិខ្មែរនិយម កុម្មុយនិស្តនិយម សង្គមនិយម |
នយោបាយនៅCambodia គណបក្សនយោបាយ ការបោះឆ្នោត |
កំណកំណើត
កែប្រែចលនាតស៊ូដំបូងនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយបច្ឆាជនដ៏មានឥទ្ធិពលម្នាក់របស់អភ័យ ធីបេស “បែន” ឈ្មោះ ប៉ុក គុណ ឬ ប៉ុក ផល្គុណ ហៅតាត្រឡាច។ គាត់ និងបក្សពួកបានដាក់ឈ្មោះថា “ចលនាខ្មែរឥស្សរៈ” មានមូលដ្ឋានបង្អែកនៅខេត្តបាត់ដំបង ដែលកាលនោះជាដែនដីស្ថិតនៅក្រោមការ ត្រួតត្រារបស់ថៃ មួយរយៈពេលខ្លី ឆ្លៀតពេលដែលបារាំងចាញ់ដៃក្នុងសង្គ្រាមលោកលើកទី២ និងត្រូវ ស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចយោធាជប៉ុន។ ចលនានេះ មានទីស្នាក់ការធំនៅផ្ទះអ្នក ល៉្មាយ ដែល ជាកូនស្រីម្នាក់នៃត្រកូល “កថាថន” ដែលជាបច្ឆាជនរបស់អភ័យធីបេស “បែន” ដែរ។ តា ត្រឡាច បានតាំងមេដឹកនាំផ្ទាល់ ដែលជាអតីតគ្រូបង្រៀនម្នាក់ ឈ្មោះ រស់ យឿន និងភូឈួយរបស់គាត់ ឈ្មោះ បូរិន។ ចលនាខ្មែរឥស្សរៈបានធ្វើប្រតិបត្តិការតែនៅក្នុងតំបន់ទីរួមខេត្ត និងជាយទីក្រុងបាត់ដំបង ពិសេស នៅម្ដុំ វត្តក្តាំងងារ វត្តលៀប និងវត្តពិភិទ្ឋរង្សី ហៅវត្តកំភិត។
នៅក្នុងស្នាដៃ “ចរិតខ្មែរ” របស់គាត់, លោក ប៊ុណ្ណ ចន្ទម៊ុល ពិតជាមិនបានបង្ហាញកំណើតដើមទង របស់ខ្មែរឥស្សរៈឱ្យបានជាក់ច្បាស់នោះទេ ហេតុដូច្នេះហើយ ទើបមានអ្នកអានជាច្រើនយល់ថា រូបគាត់ តែម្នាក់ ដែលជាមេផ្ដួចផ្ដើមបង្កើតចលនាឥស្សរៈដំបូងៗនោះ។ ម៉្យាងទៀត ទាក់ទិននឹងបញ្ហា វាក្យសព្ទ “ឥស្សរៈ” នេះ គាត់បានឱ្យនិយមន័យថា “ធំ, មិនកញ្ជះគេ, ជាអ្នកជា។ ដូច្នេះ ខ្មែរឥស្សរៈ គឺជាក្រុមខ្មែរ ដែលជាម្ចាស់លើខ្លួនឯង គ្មាននៅក្រោមអំណាចនរណា, ជាខ្មែរមានឯករាជ្យ, មានសេរីភាព, មានសិទ្ធិ គ្រប់គ្រាន់ជាខ្មែរ”។ តើដោយសារ ខ្មែរឥស្សរៈ ជាខ្មែរមិនកញ្ជះ ឬ នៅក្រោមបង្គាប់គេដូច្នេះហើយឬ ដែលបណ្តាលឱ្យពួកមេដឹកនាំខ្មែរឥស្សរៈមិនរវល់ទៅពឹងពាក់កម្លាំង ឬជំនួយពីបរទេស ដែលអាចនាំឱ្យ ពួកគេធ្លាក់ក្នុងអន្លង់ ឬនឹមត្រួតត្រារបស់បរទេសនោះ? ម៉្លោះហើយ ដើម្បីជំនួសជំនួយបរទេស តើពួកគេ ត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើការតស៊ូបាន?
សមាជិក និងការរីកលូតលាស់
កែប្រែមានហេតុផលជាច្រើនដែលផ្ដល់ឱកាសឱ្យចលនាខ្មែរឥស្សរៈរីកធំធាត់ និងប្រមូលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ។ មូលហេតុមួយក្នុងចំណោមហេតុផលសំខាន់ៗបំផុត គឺដោយសារការ គាបសង្កត់ពីសំណាក់បារាំង។ ដូចដែលគេបានដឹង មានមន្ត្រី អាណានិគមបារាំងមួយចំនួនធំ តែងធ្វើការ គាបសង្កត់ ទារពន្ធដារធ្ងន់ធ្ងរមកលើប្រជារាស្ត្រខ្មែរក្រីក្រ។ ដូច្នេះហើយ ទើបមានការតស៊ូវាយបារាំងឆ្នាំ ១៩៨៤-១៩៨៦ ព្រឹត្តិការណ៍១៩១៦ ព្រឹត្តិការណ៍សម្លាប់លោកបារដេសឆ្នាំ១៩២៥ និងបាតុកម្មឆត្រ របស់ព្រះសង្ឃឆ្នាំ១៩៤២ជាដើម។ ទាំងនេះ អាចជាមូលហេតុសមរម្យសម្រាប់ប្រជារាស្ត្រខ្មែរក្រោកឈរឡើង ប្រឆាំងបារាំង។
លើសពីនេះទៅទៀត ក្រោយការចាប់ខ្លួនរបស់អាចារ្យ ហែម ចៀវ នៅឆ្នាំ១៩៤២ក៏បានជំរុញឱ្យ ព្រះសង្ឃខ្មែរជាច្រើន រត់ចូលរួមជាមួយចលនានេះដែរ។ ការភ័យខ្លាចបណ្ដាលមកពីការមានការរំលោភបំពានពីសំណាក់បារាំង ដូចជាគំរូក្នុងការតាមចាប់ខ្លួនជនស្នេហាជាតិ ប៉ាច ឈឺន និងចុងក្រោយការចាប់ខ្លួនលោក ស៊ឺង ង៉ុកថាញ់ នាឆ្នាំ១៩៤៥ ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត នាពេលបារាំងវិលមកកម្ពុជា ជា លើកទី២ បានបង្ខំឱ្យកូនចៅ បក្សពួករបស់គាត់ រត់ទៅខេត្តបាត់ដំបង និង ចូលព្រៃរួបរួម ជាចលនាតស៊ូឥស្សរៈ ដើម្បីជាការដោះគេចខ្លួន និងបុព្វហេតុដ៏សមស្របមួយ គឺតស៊ូដណ្ដើមឯករាជ្យជាតិ នោះសម្រាប់ ពួកអ្នកចេះដឹង។ ដូច្នេះមធ្យោបាយ ដ៏ល្អបំផុតសម្រាប់ពួកគេ គឺចាប់កាន់អាវុធប្រឆាំងបារាំង។
ប៉ុន្តែបើតាមលោក វ.ម. រេឌ្ឌី (V.M. Reddi) យល់ថា ការចុះសន្ធិសញ្ញា ម៉ូឌុស វីវ៉ង់ឌី (Modus Vivendi) (កិច្ចសន្យាបណ្តោះអាសន្ន) ដែលទទួលស្គាល់កាវិលត្រឡប់របស់បារាំង មកកាន់ប្រទេសកម្ពុជា នាខែមករាឆ្នាំ១៩៤៦ នោះ បានបញ្ឆេះអ្នកមិនពេញចិត្តនឹងរដ្ឋការបារាំង ឱ្យមានចំនួនកាន់តែច្រើនឡើង នាំគ្នាប្រឆាំងបារាំង ជាមួយខ្មែរឥស្សរៈដែរ។ ប៉ុន្តែ បើតាមលោក ចន កូស (Jonh Coast) លើកឡើងថា “ខ្មែរឥស្សរៈ មិនអាចធំធាត់ និងអាចទាក់ទាញការ ចាប់ អារម្មណ៍ពីសំណាក់បារាំង និងរដ្ឋាភិបាលខ្មែរបានទេ បើសិនគ្មាន ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បញ្ញវន្ត និង ជនជាតិថៃដែលមានចិត្តស្អប់បារាំង និងលោភលន់ចង់បានទឹកដីខ្មែរនៅតំបន់អង្គរ។ ដូច្នេះ តើមតិយោបល់របស់ លោកអ្នកប្រាជ្ញណាម្នាក់ដែលត្រឹមត្រូវជាង? ឬ មួយមានហេតុផលអ្វីផ្សេង? ហើយនរណាអាចជួយផ្ដល់ចម្លើយសមស្រប និងជាក់ស្ដែងតាមព្រឹត្តិការណ៍ នៅក្នុងកំលុងពេលនោះ?
ទោះជាយ៉ាងណាក៏ដោយ រហូតដល់ឆ្នាំ១៩៤៥ ចលនាខ្មែរឥស្សរៈមានអ្នកគាំទ្រដែលមានសមានចិត្តទាំងប្រុសទាំងស្រីប្រហែល ៣០០០នាក់ និងមានកងទ័ពប្រហែល ១០០០នាក់នៅឆ្នាំ១៩៤៦ ដែលអ្នក ទាំងអស់នោះ ត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារដំបូង នៅក្រុងសៀមរាបនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៤៦។
សកម្មភាព
កែប្រែដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ក្រុមខ្មែរឥស្សរៈបានអនុវត្តនូវសកម្មភាពជាច្រើនគួរឲ្យកត់ សំគាល់ និងភ័យខ្លាចសម្រាប់ អាណានិគមបារាំង។ ពួកគេបានកំណត់ថា ធ្វើយ៉ាងណា ដើម្បីរំខានអាជ្ញាធរបារាំង ឱ្យមានការពិបាកគ្រប់គ្រងស្រុកទេស ដូចជា ការធ្វើសង្គ្រាមទ័ពព្រៃ ការវាយឆ្មក់ និងការពួនស្ទាក់ ដើម្បីវាយយកភស្តុភារ និងសម្ភារៈផ្សេងៗដែលពួកបារាំងដឹកជញ្ជូនតាមផ្លូវជាដើម។ ម៉្យាងវិញទៀត ពួកគេក៏តែងបានបិទផ្លូវទំនាក់ទំនងរបស់បារាំង ដែលនាំឱ្យបារាំងពិបាកទាក់ទងគ្នាធ្វើការត្រួតត្រា ឬបង្ក្រាប ក្រុមបះបោរ។ ខ្មែរឥស្សរៈ កម្ចាត់ចោលនូវជនជាតិខ្មែរទាំងឡាយ ដែលនិយមចូលចិត្ត និងធ្វើគិញបារាំង ត្រូវរងការធ្វើទុក្ខបុកម្នេញពីកំហឹងរបស់ខ្មែរឥស្សរៈ។
ជាការល្អប្រសើរដែរសម្រាប់ការសិក្សាប្រវត្តិសាស្ត្រ ដែលកន្លងមក លោក ប៊ុណ្ណ ចន្ទម៉ុល បាន រៀបរាប់ឱ្យយើងដឹងពីអំពើឃោរឃៅមួយចំនួនរបស់ឥស្សរៈ ដូចជាការសម្លាប់គិញបារាំងឈ្មោះ ប៊ុន ចាន់ និងការធ្វើទារុណកម្មគិញដទៃទៀត បែបស្រងែពែន។ លើសពីនេះទៀត គាត់បានរៀបរាប់យ៉ាងលម្អិតអំពីព្រឹត្តិការណ៍វាយប្រហារលើកដំបូងរបស់ខ្មែរឥស្សរៈនៅទីក្រុងសៀមរាប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ១៩៤៦។
ពួកកងឯកភាពរួមរបស់ខ្មែរឥស្សរៈ ជាអ្នកបានចាប់ផ្ដើមចេញប្រតិបត្តិការវាយប្រហារនេះ។ ពួកគេបានបែងចែកគ្នាជាប្រាំក្រុម ទីមួយគឺក្រុមដឹកនាំដោយ ហែម សាវ៉ាង និង ហែម សាវ៉ាត (ជាបងប្អូនបង្កើតនឹងគ្នា) ដែលមានទិសដៅវាយសណ្ឋាគារខេត្ត។ ក្រុមទីពីរ គឺក្រុមសម្រាប់វាយបន្ទាយទាហានជើងខ្មៅ។ ក្រុមទីបីគឺ ក្រុមមានគោលដៅវាយប៉ុស្តិ៍ប្រៃសណីយ៍ និងផ្ដាច់វិទ្យុ។ ក្រុមទីបួន វាយពន្ធនាគារ រំដោះអ្នកទោស។ ក្រុមទីប្រាំ ដឹកនាំដោយដាបឈួន មានគោលដៅវាយ តម្រួតខេត្ត និងផ្ទះគយ។ តែបើតាមការស្រាវជ្រាវរបស់ប្រវត្តិវិទូអូស្ត្រាលី ចន ទូលី (Jonh Tully) បានអះអាងថា ក្នុងការវាយប្រហារនេះ ប្រទេសថៃត្រូវបានបារាំងបន្ទោស និងចោទប្រកាន់ថា បានផ្សំគំនិតរៀបចំផែនការ និងបញ្ជាលើការវាយប្រហារនេះ។ តែតាម លោក ប៊ុណ្ណ ចន្ទម៊ុល អះអាងថា គឺពួកថៃក៏មិនបានចូលរួម ឬ ដឹងគម្រោងការណ៍នេះឡើយ។ ពួកខ្មែរឥស្សរៈផ្ទាល់តែម្ដង ដែលរៀបចំការវាយប្រហារដូចខាងលើ។
កងទ័ពខ្មែរឥស្សរៈបានវាយលុកក្រុងបានរយៈពេល ៤ម៉ោង តែព្រឹកឡើងត្រូវទ័ពបារាំងដេញវាយវិញយ៉ាងសង្ខុញ។ ពួកគេប្រមូលជ័យភណ្ឌបានយ៉ាងច្រើន ពិសេសក្រុមប្រតិបត្តិការរបស់ ដាប ឈួន ដែលជាហេតុមួយធ្វើឱ្យគាត់មានឈ្មោះល្បីឡើង និងមានថវិកាច្រើនជាងក្រុមដទៃទៀត។ គាត់មិនបាន ត្រឡប់មកបាត់ដំបងវិញទេ ក្រោយការវាយបកយ៉ាងលឿនរបស់បារាំងនោះ។ ជាលទ្ធផលនៃការវាយប្រហារនេះ មានសាកសពស្លាប់នៅកន្លែង ៣០នាក់ រួមបញ្ចូលទាំងនាយទាហានបារាំង៧នាក់ផងដែរ។ ចំណែកកាសែតបាងកកប៉ុស្តិ៍ថាភាគីទាំងសង្ខាងមានមនុស្សស្លាប់ និងរបួសប្រហែលច្រើនជាងនេះ។
វាហាក់ដូចជាថា អស់លោកអ្នកតស៊ូ និងអ្នកស្រាវជ្រាវទាំងអស់នេះអាចផ្ដល់ព័ត៌មានបានល្អ និងច្បាស់ជាងគ្នាដោយអន្លើ ហើយអាចបង្គ្រប់គ្នាទៅ វិញទៅមក បង្កើតបានជាទិដ្ឋភាពប្រវត្តិសាស្ត្រមួយនៃ ចលនាខ្មែរឥស្សរៈ។ តែការពិត ខ្ញុំយល់ថា អស់លោកទាំងអស់ នៅមិនទាន់បានលាតត្រដាងប្រវត្តិសាស្ត្រពិតនៃចលនានេះទេ។ ទីមួយ លោកម៊ុល ដូចដែលគាត់បានបញ្ជាក់ គឺគាត់បានដកខ្លួនចេញពីចលនាខ្មែរឥស្សរៈ តាំងពីភាគដំបូងនៃចលនាតស៊ូនេះម៉្លេះ។ ម៉្លោះហើយ មានអាថ៌កំបាំងជាច្រើនទៀត ពិសេស ជីវភាព និងរបត់នៃកម្លាំងតស៊ូរបស់ខ្មែរឥស្សរៈរបស់ទ្រង់ ចន្ទរង្សី (នាពេលក្រោយ) ដែលគាត់មិនអាចដឹង ឬមិនបានសរសេរ។
ទីពីរ ទាំងប្រវត្តិវិទូឥណ្ឌា វ. ម. រេឌ្ឌី ទាំងប្រវត្តិវិទូអូស្ត្រាលី ចន ទូលី ក៏ដូចជាអ្នកស្រាវជ្រាវ មួយចំនួនទៀត ពិតជាមិនបានសិក្សាលំអិតពីចលនាតស៊ូនេះទេ។ ជាក់ស្ដែង នៅក្នុងស្នាដៃរបស់ខ្លួន ដែលមានចំណងជើងថា“ប្រវត្តិសាស្ត្រនៃចលនា(ទាមទារ)ឯករាជ្យកម្ពុជា” លោក រេឌ្ឌី បានត្រឹមតែរៀបរាប់ ខ្លះតែប៉ុណ្ណោះអំពីចលនាខ្មែរឥស្សរៈ។ ម៉្យាងទៀត គាត់បានត្រឹមតែបញ្ជក់ពីរូបភាពទូទៅនៃចលនានេះ ដោយគាត់ចំណាយពេលវែង ថ្លាថ្លែងពីការទាមទារឯករាជ្យរបស់ក្រុមតស៊ូដោយវិធីការទូតនៅក្នុងស្រុក។ ចលនាទាមទារឯករាជ្យនៅក្នុងស្រុកនេះរួមមាន ក្រុមអភិរក្សនិយម (the Conservatives) ដែលមាន សម្ដេច នរោត្ដម សីហនុ ជាប្រមុខ, ក្រុមមជ្ឈន្តិកជន (the Moderators) ដែលមានពួកបញ្ញវន្តសម័យទំនើបជាគោល, ហើយគាត់បានបន្តចាត់ទុកពួកខ្មែរឥស្សរៈសេរីនិយម ជាផ្នែកមួយនៃក្រុមក្រោយនេះ។ ឯក្រុមទីបី គឺពួកឧទ្ទាមព្រៃ (the Radicals) ដូចជាពួកខ្មែរវៀតមិញ។ ទោះជាគាត់បានបែងចែក យ៉ាងច្បាស់ដូចនេះហើយក្ដីតែគាត់មិនបានថ្លឹងថ្លែងស្រាវជ្រាវពីជំពូកអ្នកតស៊ូទាំងបីក្រុមនោះ ឱ្យស្មើគ្នាទេ។ ទន្ទឹមនឹងនេះចលនាខ្មែរឥស្សរៈត្រូវបានលោក ចន ទូលី ពិភាក្សានិងចំណាយត្រឹមតែមួយជំពូកតូច នៃសៀវភៅ “ប្រវត្តិអាណាព្យាបាលបារាំង នៅកម្ពុជា” របស់លោក ដែលមានជាង ៥០០ទំព័រ ឯណោះ។
ក្រៅពីនេះ អ្នកនិពន្ធដទៃទៀត ហាក់ដូចជាមិនមានការស្រាវជ្រាវផ្ទាល់ខ្លួនឱ្យច្បាស់អំពីចលនា តស៊ូបែបនេះទេ គឺពួកគេបានត្រឹមតែដកស្រង់ និងយោងលើឯកសារចាស់របស់គេប៉ុណ្ណោះ។
ការគំរាមកំហែងចំពោះរដ្ឋអំណាច
កែប្រែលោក ប៊ុណ្ណ ចន្ទម៉ុល បានយល់ថា“ការវាយប្រហារលើក្រុងសៀមរាបនេះ មិនសន្មតថា ជោគជ័យ ឬ បរាជ័យអ្វីទេ។ ប៉ុន្តែជាស្រមោលតស៊ូមួយ ដែលធ្វើឱ្យពួកបារាំងភ័យផ្អែមមាត់មួយគ្រាដ៏ធំទៅដែរ ហើយវាអាចបណ្ដុះទឹកចិត្តខ្មែរឯទៀត ឱ្យភ្ញាក់រលឹកឡើងផង។” នេះគ្រាន់តែជាការព្រមានមួយរបស់ខ្មែរឥស្សរៈទៅលើ អាណានិគមបារាំង។ ឯការពិតនោះ គឺចាប់តាំងពីពេលនោះមករហូតដល់ពេលបារាំង សម្រេចចិត្តប្រគល់ឯករាជ្យពេញបរិបូណ៌ ដល់ប្រទេសកម្ពុជានោះ ចលនាខ្មែរឥស្សរៈបានបង្កបញ្ហាច្រើនណាស់ដល់អាជ្ញាធរបារាំង។
បើតាមការអួតអាងរបស់អតីតខ្មែរឥស្សរៈម្នាក់ឈ្មោះ ក្រុត ធាម បានប្រាប់ទៅលោក ប៊ិន ឃៀនិន ថាប្រសិនបើបារាំងមិនបានផ្ដល់ឯករាជ្យពេញបរិបូរណ៍ដល់សម្ដេច សីហនុនោះទេ ម៉្លេះទ្រង់ពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខាន ព្រោះនាពេលនោះដែនដីកម្ពុជាមួយភាគបីត្រូវបានត្រួតត្រាដោយខ្មែរឥស្សរៈ។ ឆ្លើយតបនឹងការអួតអាងនេះ សម្ដេច សីហនុ ផ្ទាល់បានសារភាពប្រាប់រដ្ឋមន្ត្រីការបរទេសថៃ ថាបើគ្មានព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំងទេ ប្រទេសកម្ពុជាប្រហែលមានផ្ទុះឡើងនូវការបះបោរធ្ងន់ធ្ងរប្រឆាំងនឹងបារាំង និងប្រឆាំងរាជានិយមផ្ទាល់តែម្តង។ ប្រសិនបើព្រះអង្គមិនប្រញាប់ប្រញាល់ ទាមទារឯករាជ្យពេញបរិបូណ៌ទេនោះ ប្រជាជនកម្ពុជាមុខតែនឹងងាកទៅសង្ឃឹមលើលោក ស៊ឺង ង៉ុកថាញ់ និង ខ្មែរឥស្សរៈជាពុំខាន ព្រោះពួកគេប្រាថ្នាចង់បានតែឯករាជ្យពេញបរិបូរណ៍ ដោយមិនពេញចិត្តនឹងអ្វីដែល ព្រះអង្គពីមុនបានហៅថា “ឯករាជ្យ៥០ភាគរយ” នោះទេ។
ដូច្នេះចង់ ឬមិនចង់ ទាំងបារាំង ទាំងសម្ដេច សីហនុត្រូវប្រុងប្រយ័ត្នចំពោះការរីកឡើងនូវឥទ្ធិពល របស់ពួកខ្មែរឥស្សរៈ និងដឹងនូវតួនាទីសំខាន់របស់ខ្មែរឥស្សរៈ ក្នុងការទាមទារឯករាជ្យសម្រាប់ជាតិ មាតុភូមិកម្ពុជា។ ដូច្នេះ សម្ដេច សីហនុ ត្រូវស្រូតរូតផ្ដើមយុទ្ធនាការទាមទារឯករាជ្យឱ្យបានមុនការគំរាមកំហែងចំពោះព្រះអង្គដែលអាចកើតឡើង ហើយដើម្បីជម្នះលើការគំរាមកំហែងនេះ ព្រះអង្គត្រូវឈានទៅមុខ មុនពួកជាតិនិយមឥស្សរៈ និងពួកកុម្មុយនិស្តវៀតមិញ។ តែទោះជាយ៉ាងណាក៏ដោយ ចាប់ពី ឆ្នាំ ១៩៤៨ ចលនាខ្មែរឥស្សរៈ ក៏កាន់តែរីកធំ តាមការដឹកនាំរបស់មេផ្ទាល់របស់ពួកគេតែរៀងៗខ្លួន ដូចជា ខ្មែរឥស្សរៈ ក្រោមការដឹកនាំរបស់ ដាប ឈួន, ពុយ ឆាយ លាវ កែវមុនី មានទីតាំងនៅ ភ្នំដងរែក, កៅ តក់ និងក្រុម ខ្មែរឥស្សរៈរបស់ទ្រង់នរោត្តមចន្ទរង្សី ដែលកំពុងបោះទីតាំងនៅតានៀវ នៃខេត្តកំពង់ស្ពឺ។
ដើមកំណើតនៃបក្សកុម្មុយនីស្តកម្ពុជា
មុននឹងក្លាយទៅជាបក្សមួយឯករាជ្យ ចលនាកុម្មុយនីស្តខ្មែរគឺជាសាខាមួយរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលរួមមាន វៀតណាម កម្ពុជា និងឡាវ។ ក្រោយពីបំបែកខ្លួនចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ចលនាកុម្មុយនីស្តខ្មែរបានទៅបង្កើតបក្សកុម្មុយនីស្តឯករាជ្យមួយ ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។
បក្សកុម្មុយនិស្តឥណ្ឌូចិន
លទ្ធិកុម្មុយនិស្តបានរីកសាយនៅទូទាំងពិភពលោក តាមរយៈចរន្តប្រឆាំងនឹងអាណានិគម នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន រួមមានប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនីស្តមួយដែរ គឺ បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០ ហើយប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសទាំងបីនៅឥណ្ឌូចិននេះ។
នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺនង៉ុកមិញ។ យោងតាមអ្នកស្រី អេលីសាបិធ បេកឺរ (Elizabeth Becker) ឈ្មោះ សឺនង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាងសឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំនេញពីប្រជាប្រិយភាពរបស់សឺនង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់ មិនមែនជាជនកុម្មុយនិស្តនោះទេ។
បក្សប្រជាជនបដិវត្តន៍ខ្មែរ
នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា សមាគមខ្មែរឥស្សរៈ ទៀតផង ដែលជាហេតុនាំឲ្យមានការភ័ន្តច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែកបក្សកុម្មុយនិស្តឥណ្ឌូចិនឲ្យទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនិមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ខ្លួន ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយដែលមាន សឺនង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និងសៀវ ហេង ជាអគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជាផ្លូវការទេ ដែលជាហេតុនាំឲ្យបក្សប្រជាជនបដិវត្តន៍ខ្មែរមិនមានភាពឯករាជ្យដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។ ទោះជាយ៉ាងនេះក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា បានកំណត់យកបក្សប្រជាជនបដិវត្តន៍ខ្មែរថាជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថាជាថ្ងៃកំណើតបក្ស។
ក្រោយពីសន្និសីទក្រុងហ្សឺណែវ ខែកក្កដា ឆ្នាំ១៩៥៤ ដែលមានចុះកិច្ចព្រមព្រៀងហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើទឹកដីកម្ពុជា បក្សប្រជាជនបដិវត្តន៍ខ្មែរក៏បែកខ្ញែកគ្នាជាបីក្រុម។ មួយក្រុម ដែលរួមមាន សឺនង៉ុកមិញ កែវ មុន្នី ម៉ី ផូ រ័ត្ន សាមឿន ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។ ក្រុមទីពីរ រួមមាន ទូ សាមុត សៀវ ហេង នួន ជា សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់នៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមទីបី ដែលរួមមាន កែវ មាស នន សួន ប៉ែន យុទ្ធ ជាដើមបានបង្កើតជាគណបក្សស្របច្បាប់មួយ ដាក់ឈ្មោះថា ប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។
បក្សពលករកម្ពុជា
រហូតដល់ខែកញ្ញា ឆ្នាំ១៩៦០ ទើបបក្សប្រជាជនបដិវត្តន៍ខ្មែរបានរៀបចំធ្វើសន្និបាតដោយលួចលាក់មួយ ក្នុងគោលដៅបង្កើតជាផ្លូវការនូវគណបក្សកុម្មុយនិស្តមួយផ្ទាល់របស់កម្ពុជា ប៉ុន្តែបានប្តូរឈ្មោះបក្សទៅជា បក្សពលករកម្ពុជា វិញ។ បក្សថ្មីនេះ មាន ទូ សាមុត ជាលេខាបក្ស នួន ជា ជាលេខារង ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សាឡុត ស គឺជាឈ្មោះដើមរបស់ ប៉ុល ពត។ អៀង សារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មីនេះដែរ។ សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត សន្និបាតខែកញ្ញា ឆ្នាំ១៩៦០នេះ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនិស្តរបស់ខ្លួន ហើយបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរនោះទេ។ ពួកខ្មែរក្រហមធ្វើបែបនេះក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឲ្យដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បីកុំឲ្យមានជាប់ជំពាក់វាក់វិនជាមួយប្រទេសវៀតណាម។ តាមពិត ការមិនចុះសម្រុងគ្នា និងការដែលចលនាខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ ដោយពាក់កណ្តាលរត់ទៅប្រទេសវៀតណាម និងពាក់កណ្តាលទៀតនៅក្នុងប្រទេសកម្ពុជាដូចនេះហើយ ដែលនាំឲ្យមានការកាប់សម្លាប់គ្នារវាងសមាជិកបក្ស នៅកំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ រហូតដល់ខ្មែរកុម្មុយនិស្តមួយក្រុមរត់ភៀសខ្លួនទៅវៀតណាម ហើយនាំទ័ពវៀតណាមមកវាយខ្មែរកុម្មុយនិស្តក្នុងស្រុក ដែលជាអតីតសហការី។
បក្សកុម្មុយនិស្តកម្ពុជា
នៅក្រោយពេលដែលទូ សាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលងនួន ជា ដែលជាលេខារង។ ក្នុងអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅវៀតណាម និងនៅចិន។ ក្រោយពីបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសចិន សាឡុត ស ក៏បានផ្តាច់ខ្លួនបន្តិចម្តងៗពីឥទ្ធិពលវៀតណាម។ នៅខែកញ្ញា ឆ្នាំ១៩៦៦ សាឡុត ស បានប្តូរឈ្មោះបក្សពលករកម្ពុជា មកជា "បក្សកុម្មុយនិស្តកម្ពុជា" វិញ។
ត្រលប់មកនិយាយអំពីបក្សពលករកម្ពុជាវិញ បើទោះជាបានបង្កើតជាផ្លូវការហើយក៏ដោយ ក៏បក្សនេះស្ថិតនៅជាសម្ងាត់ដដែល ដោយមិនប្រកាសឲ្យដឹងជាសាធារណៈនោះទេ។ ពួកកុម្មុយនិស្តនៅតែបន្តធ្វើការតស៊ូផ្នែកនយោបាយ ជាពិសេស ចូលរួមក្នុងការបោះឆ្នោតជាតិ ដោយប្រើឈ្មោះគណបក្សប្រជាជនដដែល៕
ឯកសារយោង
កែប្រែ- (ស្រង់ពីសារណាបញ្ចប់បរិញ្ញាបត្រប្រវត្តិវិទ្យា ស្ដីពីប្រធានបទ "ស្វែងយល់ពីចលនាខ្មែរឥស្សរៈ ករណីសិក្សាអំពីអតីតអ្នកតស៊ូខ្មែរឥស្សរៈ នី វ៉ាន់ធី" របស់លោក "ថា លាងអាង"។)