បណ្ឌិត​កថា

បណ្ឌិតកថា

ពុទ្ធសាសនិកជន​ទាំងឡាយ !

ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ ដែល​ពុទ្ធបរិស័ទ​ជា​គ្រហស្ថ គួរ​លះ​បង់​កង្វល់​ក្នុង​ផ្ទះ អប់រំ​ឧបោសថសីល ដើម្បី​ញាំញី​រាគៈ ទោសៈ មោហៈ មានៈ ជា​ដើម ។ ដើម្បី​ធ្វើ​ឧបោសថ​ឲ្យ​មាន​ផល​ច្រើន​គួរ​បំពេញ​កិច្ច​ពិសេស​តាម​កាល​គួរ គឺ​ការ​ស្ដាប់​ធម្មទេសនា ការ​សាក​សួរ​ធម៌ ការ​ហាត់​ធ្វើ​ឧបោសថ ។ ឯ​កាល​នេះ ជា​កាល​គួរ​ស្ដាប់​ធម្មទេសនា ។

វិទ្យុជាតិ ផ្សាយ​ធម្មទេសនា អំពី​បណ្ឌិតកថា ជូន​ជា​សណ្ដាប់​ចំពោះ​ពុទ្ធបរិស័ទ ដើម្បី​នឹង​តម្រូវ​នឹង​ឧបោសថ​កាល​ផង ដើម្បី​ជួយ​អបរំ​ចរិត​អធ្យាស្រ័យ នៃ​មនុស្ស​ជាតិ​ឲ្យ​ងាក​ចេញ អំពី​ពាល​ភាព​មក​កាន់​បណ្ឌិត​ភាព តាម​ន័យ​នៃ​ពុទ្ធទស្សនៈ​ផង ។

ព្រះពុទ្ធ​ជា​បណ្ឌិត​ឯង​ខាង​សន្តិភាព ឥត​មាន​អាមិស មាន​ការ​ពិសោធន៍​គ្រប់​គ្រាន់ ទ្រង់​ណែនាំ​ពួក​សត្វ​ឲ្យ​លះ​បង់​អំពើ​ពាល ដែល​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ទោស ភ័យ អន្តរាយ ឧបសគ្គ គ្រោះ​ថ្នាក់ ឧបទ្រព​អពមង្គល​គ្រប់​ប្រការ ឲ្យ​ឧស្សាហ៍​បំពេញ​អំពើ​បណ្ឌិត ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​សុខ​សួស្ដី សិរីមង្គល​គ្រប់​យ៉ាង បាន​ខាង​សុខ​មនុស្ស សុខ​សួគ៌ សុខ​និព្វាន​គ្មាន​កង្វល់​រវល់​នឹង​កើត​ចាស់​ស្លាប់​ជា​អវសាន ទ្រង់​ទូន្មាន​បុគ្គល​ដែល​ជា​ពាល ឲ្យ​ប្រញាប់​ប្រញាល់​ឆ្នៃ​ខ្លួន​ឲ្យ​ជា​បណ្ឌិត​ទ្រង់​ឲ្យ​ឱវាទ​បន្ថែម​ដល់​បណ្ឌិត​ឲ្យ​រឹត​តែ​កាន់​ភាព​បណ្ឌិត​ល្អ​ឡើង ។

សឹង​មាន​ព្រះពុទ្ធភាសិត​ពីរ​គាថា​ក្នុង​ធម្មបទ បណ្ឌិត​វគ្គ ដែល​មាន​អត្ថន័យ​សំដែង​អំពី​បណ្ឌិត នឹង​ធម៌​របស់​បណ្ឌិត​ជា​និទស្សន៍​ថា ៖

កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្ម វីវេកេ យត្ថ ទូរមំ
តត្រាភិវតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ
បរិយោទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ

បណ្ឌិត​ចេញ​ចាក​អាល័យ អាស្រ័យ​និព្វាន ឥត​អាល័យ គប្បី​លះ​ឲ្យ​ស្រឡះ​នូវ​ធម៌​ខ្មៅ គប្បី​ចំរើន​នូវ​ធម៌​ស បណ្ឌិត​លះ​បង់ នូវ​កាម​ទាំងឡាយ​អស់​កង្វល់ គប្បី​ប្រាថ្នា​នូវ​សេចក្ដី​ត្រេក​អរ​ក្រៃ​លែង​ក្នុង​វិវេក ដែល​សត្វ​កម្រ​ត្រេក​អរ​រក គប្បី​ញ៉ាំង​ខ្លួន​ឲ្យ​ស្អាត​ផូរ​ផង់ ចាក​ធម៌​ទាំងឡាយ​ជា​គ្រឿង​សៅហ្មង​ចិត្ត ។

សេចក្ដី​អធិប្បាយ ៖

ពាក្យ​ថា "បណ្ឌិត" បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា​ដោយ​ញាណ​គតិ​អ្នក​ប្រកប​ដោយ​បញ្ញា​ស្អាត អ្នក​ប្រាជ្ញ អ្នក​មាន​ប្រាជ្ញា​អ្នក​ចេះ​ដឹង អ្នក​ចេះ​សំដែង​សេចក្ដី​ច្បាស់​លាស់ អ្នក​ចេះ​វែក​ញែក​បើក​បង្ហាញ​សំដែង​ពន្យល់ ឲ្យ​ងាយ​យល់​នូវ​អាថ៌ធម៌ អ្នក​ឈ្លាស អ្នក​ប៉ិន​ប្រសប់ អ្នក​វាង​វៃ​មាន​ប្រាជ្ញា​រឹង​ប៉ឹង អ្នក​មាន​ប្រាជ្ញា​ខ្ជាប់​ខ្លួន អ្នក​មាន​ប្រាជ្ញ​កាប់​ឆ្កា អ្នក​ចេះ​លៃ​លក អ្នក​មាន​ញាណ អ្នក​មាន​មតិ​ល្អ អ្នក​មាន​ឧត្ដគតិ អ្នក​ចេះ​អប់រំ​ខ្លួន​ដោយ​សុចរិត ។

ពាក្យ​ថា ចេញ​ចាក​អាល័យ អាស្រ័យ​នៅ​ព្រះនិព្វាន​គ្មាន​អាល័យ​បាន​សេចក្ដី​ថា ចេញ​ចាក​កំនៅ​គឺ ឃរាវាស​ធម៌ ជា​លំនៅ​តណ្ហា ជា​ចំណង​មារ ជា​គ្រឿង​អាឡោះ​អាល័យ​របស់​ចិត្ត ដែល​ធ្លាប់​ដេក​ត្រាំ លះ​ភេទ​គ្រហស្ថ​ទាំង​អស់​ហើយ​តោង​យក​ព្រះនិព្វាន ដែល​ចេញ​ផុត​អាល័យ​គឺ​តណ្ហា​ឲ្យ​ជា​អារម្មណ៍ ហើយ​បំពេញ​នេក្ខម្ម​ក្នុង​សាសនា ។

ពាក្យ​ថា គប្បី​លះ​បង់​ឲ្យ​ស្រឡះ​នូវ​ធម៌​ខ្មៅ បាន​សេចក្ដី​ថា​កាល​បាន​បួស​ហើយ គួរ​លះ​បង់​នូវ​អកុសល​ទាំងអស់ មាន​ទុចរិត​ជា​ដើម ហើយ​បំពេញ​ចតុប្បារិសុទ្ធិ​សីល​ឲ្យ​ផូរ​ផង់​ឲ្យ​ស្អាត ឲ្យ​បរិបូណ៌​ជា​អបរិមាណ ។

ពាក្យ​ថា គប្បី​ចំរើន​នូវ​ធម៌​ស បាន​សេចក្ដី​ថា គួរ​ប្រឹង​ប្រែង​ព្យាយាម​តាំង​សម្មប្បធាន ៤ ឲ្យ​ម៉ឺង​ម៉ាត់​នឹង​ឥទ្ធិបាទ ៤ ឲ្យ​រឹង​ប៉ឺង បំពេញ​នូវ​កុសល​ធម៌​ទាំង​អស់ មាន​សុចរិត​ជា​ដើម​ឲ្យ​បាន​ចំរើន ធ្វើ​សមាធិ​ចិត្ត​ឲ្យ​មាំ​មួន​ដរាប​ដល់​បាន​អរហត្តមគ្គ ។

ពាក្យ​ថា លះ​បង់​នូវ​កាម​ទាំងឡាយ​ឲ្យ​អស់​កង្វល់ បាន​សេចក្ដី​ថា​លះ​បង់ ផ្ដាច់​បង់ រំលើង​ចោល​នូវ​កាម​ ២ ​យ៉ាង​គឺ វត្ថុ​កាម បាន​ដល់​កាម​គុណារម្មណ៍ ៥ ឧបភោគ​បរិភោគ​វត្ថុ ស​វិញ្ញាណ​កាវិញ្ញាណកវត្ថុ ។ កិលេស​កាម បាន​ដល់​ឆន្ទៈ រាគៈ សង្កប្បៈ តណ្ហា ស្នេហៈ មុច្ឆា អជ្ឈោសានៈ យោគៈ ឧបាទាន ចំពោះ​វត្ថុ​កាម​នោះ ហើយ​អស់​មាន​ការ​រវល់​ខ្វល់​ស្មុគ្រ​ស្មាញ ព្រោះ​កង្វល់​គឺ រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ​នៅ​ជា​ស្រួល ។

ពាក្យ​ថា គប្បី​ប្រាថ្នា​នូវ​សេចក្ដី​ត្រេក​អរ​ក្រៃ​លែង​ក្នុង​វិវេក ដែល​ពួក​សត្វ​កម្រ​ត្រេក​អរ​រក បាន​សេចក្ដី​ថា បន្ទាប់​មក ចង់​បាន​នូវ​សេចក្ដី​រីករាយ​ស្រោះ​ស្រាយ កន្លង​នូវ​សេចក្ដី​រីករាយ​ប្រកប​ដោយ​អាមិល ក្នុង​ព្រះនិព្វាន​ដ៏​ស្ងប់​ស្ងាត់​ចាក​កិលេស ខន្ធ អភិសង្ខារ បាន​ដោយ​ងាយ ព្រោះ​សេចក្ដី​ត្រេក​អរ​រីក​រាយ​បែប​នេះ ពួក​សត្វ​ដែល​ត្រូវ​កាម​នឹង​កង្វល់​រួប​រឹត​ជិះ​ជាន់​ញាំ​ញី​ជានិច្ច ពុំ​បាន​ឱកាស​ត្រេក​អរ​នឹក​ដល់​ទេ ។

ពាក្យ​ថា គប្បីញ៉ាំង​ខ្លួន​ឲ្យ​ស្អាត​ផូរ​ផង ចាក​ធម៌​ទាំងឡាយ​ជា​គ្រឿង​សៅហ្មង​ចិត្ត បាន​សេចក្ដី​ថា ត​មក​ទៀត គប្បី​ដុស​ខាត់​ខាត់​អាត្ម័ន​គឺ​ចិត្ត ឲ្យ​រឹត​តែ​ផូរ​ផង់​ពិសេស​ជាង​នោះ​ទៅ​ទៀត ឲ្យ​ជ្រះ​រលីង​អំពី​កិលេស​របស់​ចិត្ត គឺ​នីវរណធម៌ ៥ យ៉ាង

បណ្ឌិត​លោក​យក​និព្វាន​ជា​អារម្មណ៍​ហើយ ឈាន​ទៅ​កាន់​និព្វាន​សោយ​នេក្ខម្មៈ សីល សមាធិ បញ្ញា ដរាប​សម្រេច​អវសាន​កិច្ច ។

បណ្ឌិត​ចែក​ដោយ​ន័យ ជា​ដំណើរ​មក ដោយ​សង្ខេប​មាន ៤០ គឺ៖

កែប្រែ

១- សីប្បិយបណ្ឌិត = បណ្ឌិត​ព្រោះ​ស្ទាត់​ខាង​សិល្បៈ​មាន​សិល្បៈ​ធ្នូ​ជា​ដើម,
២- ឧគ្គណ្ហនបណ្ឌិត = បណ្ឌិត​ព្រោះ​រៀន​ចេះ​អក្សរ​សាស្ត្រ ធម្មសាស្ត្រ បរិយត្តិ​ជា​ដើម,
៣- ពាហុសច្ចបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ចាំ​ច្រើន រៀន​សូត្រ​ស្ដាប់​ច្រើន,
៤- បណ្ឌិត​បសំសេវបណ្ឌិត = បណ្ឌិត​ព្រោះ​ចូល​សេព​បណ្ឌិត​រៀន​ស្ដាប់​ជា​មួយ,
៥- សុតបណ្ឌិត = បណ្ឌិត​ព្រោះ​ស្ដាប់​អ្នក​ប្រាជ្ញ​សំដែង​រឿយ ៗ,
៦- ចិត្តបណ្ឌិត = បណ្ឌិត​ព្រោះ​គិត​ត្រិះ​រិះ រាវ​រក ពិនិត្យ​ពិសោធ ល្បង,
៧- ភាវនាបណ្ឌិត = បណ្ឌិត​ព្រោះ​ការ​ចំរើន​នូវ​គន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ សច្ច,
៨- សជាតិបណ្ឌិត = បណ្ឌិត​ព្រោះ​មាន​បញ្ញា​ពី​កំណើត​ដែល​កើត​អំពី​ធ្លាប់​អប់រំ,
៩- អត្តវិមោចនបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ដោះ​ខ្លួន​ឲ្យ​រួច​អំពី​ឧបសគ្គ កណ្ដាប់​ដៃ​សត្រូវ,
១០- ឧបាយកោសល្លបណ្ឌិត = បណ្ឌិត​ព្រោះ​ឈ្លាស​ក្នុង​ឧបាយ​សព្វ​ផ្លូវ,
១១- ការណាការណជាននបណ្ឌិត = បណ្ឌិត​ព្រោះ​ស្គាល់​ហេតុ​តូច-ធំ គួរ​មិន​គួរ,
១២- លោកវត្តជាននបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ស្គាល់​វត្ត​ទំនៀម​លោក ប្រើ​ឫក​ពា​សម​តាម,
១៣- កាលវិចក្ខណបណ្ឌិត = បណ្ឌិត​ព្រោះ​ប្រសប់​លៃ​ទុក​ដាក់​ខ្លួន​តាម​កាលៈ​ទេសៈ,
១៤- បញ្ហាវិស្សជ្ជនបណ្ឌិត = បណ្ឌិត​ព្រោះ​វាង​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា,
១៥- ធនសន្និចយបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ដំកើង​ខ្លួន​ដោយ​សន្សំ​ទ្រព្យ​ឲ្យ​មាន,
១៦- ឃរាំវាសបណ្ឌិត = បណ្ឌិត​ព្រោះ​គ្រប់​គ្រង​ផ្ទះ តាម​ប្រយោជន៍​ទាន់​ភ្នែក​នឹង​ឯ​ភ្នែក,
១៧- អជ្ឈាសយគ្គហណបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​តម្រូវ​អធ្យាស្រ័យ បុគ្គល បរិស័ទ,
១៨- កតញ្ញូកតវេទិបណ្ឌិត = បណ្ឌិត​ព្រោះ​ដឹង​គុណ​គេ ហើយ​ធ្វើ​តប​វិញ,
១៩- សង្គហបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​សង្គ្រោះ​ដោយ​ទាន សំដី​ផ្អែម ប្រយោជន៍​ស្មោះ​ស្មើ,
២០- អត្តប្បដិជគ្គនបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ថែ​ទាំ​ខ្លួន​ដោយ​ល្អ ប្រាស​ចាក​អកុសល,
២១- បដិរូបនិវេសនបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​ដំកល់​ខ្លួន​ក្នុង​គុណ​ដ៏​សម​គួរ,
២២- កល្យាណបណ្ឌិត = បណ្ឌិត​ព្រោះ​មាន​កល្យាណកម្ម អំពើ​ល្អ​ជា​ទី​គាប់​ចិត្ត,
២៣- មលនិទ្ធមបណ្ឌិត = បណ្ឌិត​ព្រោះ​ព្យាយាម​កំចាត់​មន្ទិល​ដោយ​បំពេញ​កុសល,
២៤- បុញ្ញឧច្ចយបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​សន្សំ​បុណ្យ​បន្តិច​ម្ដង ៗ
២៥- បរិច្ចាគបណ្ឌិត = បណ្ឌិត​ព្រោះ​លះ​កំណាញ់​បំពេញ​ទាន,
២៦- សីលបណ្ឌិត = បណ្ឌិត​ព្រោះ​មាន​សីល ៥-៨-១០-៤,
២៧- បញ្ញាបណ្ឌិ = បណ្ឌិត​ព្រោះ​មាន​បញ្ញា​ដឹង​នូវ​ទុក្ខ ហេតុ​ទុក្ខ​ការ​រលត់​ទុក្ខ ហេតុ​រលត់​ទុក្ខ,
២៨- ពុទ្ធិបណ្ឌិត = បណ្ឌិត​ព្រោះ​ត្រាស់​ដឹង​នូវ​សច្ចៈ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​ផង,
២៩- អនុពុទ្ធិបណ្ឌិត = បណ្ឌិត​ព្រោះ​ត្រាស់​ដឹង​នូវ​សច្ចៈ​តាម​ក្រោយ,
៣០- ខន្តិបណ្ឌិត = បណ្ឌិត​ព្រោះ​ចេះ​អត់​ធន់​នឹង​សភាវធម៌ ធម្មជាតិ អន្តរាយ,
៣១- វីរិយបណ្ឌិត = បណ្ឌិត​ព្រោះ​ព្យាយាម​កំចាត់​កិលេស​អកុសល​លាមក,
៣២- អវេរបណ្ឌិត = បណ្ឌិត​ព្រោះ​មិន​មាន​ពៀរ​ភ័យ​រវាង​ខ្លួន​នឹង​អ្នក​ដទៃ,
៣៣- សមចរិយាបណ្ឌិត = បណ្ឌិត​ព្រោះ​ការ​ប្រព្រឹត្តិ​ស្មើ​ដោយ កាយ វាចា ចិត្ត,
៣៤- មោនបណ្ឌិត = បណ្ឌិត​ព្រោះ​ការ​ដឹង​នូវ​លោក ព្រោះ​ស្ងៀម​ចាក​អកុសល,
៣៥- បច្ចវេក្ខណបណ្ឌិត = បណ្ឌិត​ព្រោះ​ពិចារណា​ឃើញ​ត្រកូល​វ័យ​ជា​ដើម វៀរ​ចាក​អកុសល,
៣៦- អត្ថគ្គហណបណ្ឌិត = បណ្ឌិត​ព្រោះ​មាន​បញ្ញា​ចក្ខុ​កាន់​យក​នូវ​ប្រយោជន៍​ទាំង​ពីរ,
៣៧- អត្តបរហិតបណ្ឌិត = បណ្ឌិត​ព្រោះ​ធ្វើ​ប្រយោជន៍​ឲ្យ​ខ្លួន​ផង​ឲ្យ​អ្នក​ដទៃ​ផង,
៣៨- សុខីករណបណ្ឌិត = បណ្ឌិត​ព្រោះ​ធ្វើ​ខ្លួន​ឲ្យ​បាន​ស្រួល​ឲ្យ​សុខ​សាន្ត,
៣៩- អត្តវិសោធនបណ្ឌិត = បណ្ឌិត​ព្រោះ​ការ​ឆ្នៃ​ខ្លួន​ឲ្យ​បាន​ចំរើន​ល្អ ចេះ,
៤០- កាមាទីនវទស្សនបណ្ឌិត = បណ្ឌិត​ព្រោះ​ការ​ឃើញ​ទោស​កាម​គុណារម្មណ៍ ។

បណ្ឌិត​ទាំង​នេះ មាន​សទិសភាព​តែ​មួយ ដោយ​លក្ខណៈ ៣ គឺ​ការ​ធ្វើ​ល្អ ការ​និយាយ​ស្ដី​ល្អ ការ​គិត​ល្អ ។ បំប្រួញ​មក​នៅ​ត្រឹម ៣ គឺ ៖

១- សយម្ភូបណ្ឌិត = បណ្ឌិត​ចេះ ដឹង​ឯង ដោយ​ផល​បារមី​ធម៌,
២- អនុបណ្ឌិត = បណ្ឌិត​ចេះ​ដឹង តាម​សយម្ភូបណ្ឌិត,
៣- ពីជបណ្ឌិត = បណ្ឌិត​ដែល​មាន​ពូជ​ជាតិ​បណ្ឌិត​ក្នុង​ខ្លួន ។

ក្នុង​ទី​នេះ គួរ​យក​ ពីជបណ្ឌិត​ជា​ប្រាមាណ ព្រោះ​ជា​ខាង​ដើម ។

ក្នុង​លោក​នេះ បុគ្គល​ដែល​បាន​កើត​ជា​មនុស្ស​ហើយ បាន​ជា​បណ្ឌិត​តែ​ម្ដង កម្រ​មាន​ណាស់ ប៉ុន្តែ បុគ្គល​ដែល​មិន​ក្លាយ​ជា​បណ្ឌិត​សោះ​នោះ​មិន​មាន​ទេ បើ​ទុក​ជា​បុគ្គល​នោះ កាន់​អំពើ​ពាល​យ៉ាង​ណា​ក៏​ដោយ​គង់​អាច​ច្នៃ​ខ្លួន​បាន ដោយ​ការ​សេព​គប់​បណ្ឌិត ព្យាយាម​ជា​ដើម ព្រោះ​ក្នុង​សន្តាន​របស់​គេ តែង​តែ​មាន​ពូជ​ជា​បណ្ឌិត​ឋិត​នៅ ដូច​ជា​ធាតុ​ថ្លា​តែង​តែ​មាន​ក្នុង​ទឹក​ជ្រាំ ឬ​ដូច​ជាតិ​រស​ផ្អែម​តែង​តែ​មាន​ក្នុង​ផ្លែ​ស្វាយ​ខ្ចី ឬ​ក៏​ដូច​ពូជ​ឈូក​មាន​នៅ​ក្នុង​ស្រះ​រីង​ទឹក​ក្នុង​គិម្ភរដូវ ។ ដូច្នេះ មនុស្ស​ឈ្មោះ​ថា​បណ្ឌិត​ដោយ​ពូជ​ជាតិ​បណ្ឌិត ។ ពូជ​ជាតិ​បណ្ឌិត​នេះ​នឹង​ដុះ​ដាល​ឡើង ដោយ​ការ​រៀន ដោយ​ការ​សេព​គប់​បណ្ឌិត​កល្យាណ​មិត្ត ដោយ​ព្យាយាម​ជា​ដើម​ដូច​ពូជ​ឈូក​នៅ​ក្នុង​ស្រះ តែង​តែ​ដុះ​ក្នុង​ពេល​មាន​ទឹក ក្នុង​វស្សានរដូវ​ដូច្នោះ បើ​ពុំ​ដូច្នោះ​ទេ មិន​លូត​លាស់ ដើម្បី​បណ្ឌិត​ភាព​ឡើយ ដូច​ពូជ​ឈូក​មិន​ដុះ​ក្នុង​ស្រះ ឥត​ដូច្នោះ ។

បុគ្គល​ជា​ពីជ​បណ្ឌិត អាច​ដើម្បី​សាង​ខ្លួន​ឲ្យ​ជា​សយម្ភូបណ្ឌិត​អនុបណ្ឌិត​បាន ដោយ​ព្យាយាម​បណ្ដុះ​ពូជ​បណ្ឌិត ដោយ​ឧបដ្ឋាន អប្បមាទ សញ្ញាមៈ ទមៈ ដោយ​ការ​សេព​គប់​សប្បុរស, ដោយ​ការ​អប់រំ​ខ្លួន​ក្នុង​រវាង​រៀន, វិជ្ជាស្ថាន, វិទ្យាល័យ, ដោយ​ការ​នៅ​ក្នុង​សំណាក់​អាចារ្យ​ចេះ​ច្រើន​មាន​ការ​ពិសោធន៍​ច្រើន មាន​សីលាចា, សមរម្យ​ស្រគត់​ស្រគំ ដោយ​ការ​ស្ដាប់ គិត ចំរើន ដោយ​ការ​លះ​បង់​ចិត្ត គំនិត ចរិត អធ្យាស្រ័យ​អាក្រក់​ដោយ​ឧបាយ​បន្តិច​ម្ដង ៗ ដោយ​ភាព​ទៀង​ត្រង់ ទន់​ភ្លន់​សុភាព​ប្រដៅ​ងាយ​ដោយ​ទាន សីល ព្រហ្មវិហារ ។

ពីជបណ្ឌិត កាល​បាន​អប់រំ​ខ្លួន​យ៉ាង​នេះ​ហើយ បាន​ឈ្មោះ​ថា​បណ្ដុះ​ពូជ​បណ្ឌិត​ឲ្យ​ដុះ​តាម​លំ​ដាប់ យូរ​ៗ ទៅ មាន​បញ្ញា​ចាស់​ក្លា មាន​កំឡាំង​ភ្លឺ​ថ្លា អាច​មើល​ឃើញ​ច្បាស់ នូវ​ត្រៃ​លោក ដូច​គំនរ​ភ្លើង​គគីរ ៣ ភ្នក់​ធំ​នូវ​លោក​ដែល​កើល​នឹង​ត្រៃ​លក្ខណ៍ នូវ​ភ្លើង​ទុក្ខ ភ្លើង​កិលេស នូវ​សង្សារវដ្ដ​ឥត​ចុង​ឥត​ដើម នូវ​ភ័យ​ក្នុង​សំសារ​សាគរ​ដ៏​ធំ​ធេង​ជ្រៅ​ស្រឡូង​ឃើញ​យក​ឃរាវាសធម៌​ពេញ​ដោយ​កង្វល់​សាំញាំ ។ ឃើញ​ទេ ទោស​កាម​ជាមេអសន្តិសុច ព្យាបាទ វិហឹសា ជា​មេ​ភ្លើង ប្រល័យ​លោក ដុត​រោល​លោក ឲ្យ​ខ្លោច​ក្រៀម​ក្រម​សៅ​ហ្មង​សោក​សៅ ហើយ​ធុញ​ទ្រាន់​នឹង​លោក នឹង​ការ​កើត ចាស់ ឈឺ ស្លាប់ ឃើញ​ច្បាស់​នូវ​អានិសង្ស​នេក្ខម្មថា​ក្សេម ឥត​កង្វល់ លះ​បង់​ភេទ​គ្រហស្ថ​ទាំង​អស់ ថ្វាយ​ជីវិត​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ប្រាស​ចាក​ឧបករណ៍​ក្នុង​ផ្ទះ ។

បណ្ឌិត​ចេញ​ចាក​អាល័យ​របស់​គ្រហស្ថ​គឺ​កាម​តណ្ហា​ហើយ ក៏​ផ្គង​ចិត្ត​បោះ​គោល​លើ​ព្រះនិព្វាន ដែល​ឥត​អាល័យ​ឲ្យ​ជា​អារម្មណ៍​ជា​ខាង​ដើម​ឲ្យ​ជា​ទី​សម្រាប់​ដើរ​ទៅ​នៃ​ចិត្ត ។ តមក​លោក​តាំង​យក​អសុតានុទស្សនៈសំវរៈ មត្តញ្ញុតា សទ្ធា វីរយៈ ជា​សេនា​ឯក ហើយ​ត​តាំង​ញាំញី​មារ លះ​បង់​ឲ្យ​ជ្រះ​ស្រឡះ​នូវ​ធម៌​ខ្មៅ គឺ​អកុសល​ធម៌​ទាំង​អស់ ដែល​ជា​ធម៌​នាំ​ចិត្ត​ឲ្យ​ខ្មៅ ឲ្យ​សៅហ្មង​ល្អក់​កករ នាំ​សត្វ​ទៅ​កាន់​កន្លែង​ខ្មៅ កំណើត​ខ្មៅ ឥត​សិរី​សុខ​ចំរើន ដែល​ជា​ធម៌ មាន​ឫស ៣ គឺ លោភៈ ទោសៈ មោហៈ ចែក​ទៅ​មាន​ទុច្ចរិត ៣ ជា​ដើម ។ ត​មក លោក​ព្យាយាម​ចំរើន​ធម៌​ស គឺ​កុសលធម៌​ទាំង​អស់ មាន​សុចរិត​បី​ជា​ដើម ដែល​ជា​ធម៌​ស្អាត​បរិសុទ្ធ​ម៉ដ្ឋ​ចត់​ផូរ​ផង់​ឥត​ទោស ជា​ធម៌​នាំ​ចិត្ត ឲ្យ​ស​ឲ្យ​ភ្លឺ​ថ្លា នាំ​សត្វ​ទៅ​កាន់​កន្លែង​ស្អាត​កំណើត​ស្អាត នាំ​សត្វ​ទៅ​កាន់​និព្វាន​ដែល​ជា​កន្លែង​ស្អាត​ចាក​តណ្ហា​មន្ទិល​ទុក្ខ​គ្រប់​ប្រការ ។ លុះ​លោក​បាន​ចំរើន​ធម៌​ស​ហើយ លោក​ត្រូវ​ការ​ចង់​បាន​នូវ​អភិរតិ សេចក្ដី​ត្រេក​អរ​ដែល​កន្លង​លែង​នូវ​ត្រេក​អរ​ជា​របស់​មនុស្ស​ទេពតា​ទាំង​អស់ ក្នុង​វិវេក​គឺ​អមត​និព្វាន ដែល​ស្ងប់​ស្ងាត់​សូន្យ​ចាក​ឧបធិ​ធិកិលេស​ទាំង​អស់ អស់​តណ្ហា ប្រាក​ចាក​តម្រេក រលត់​ទុក្ខ អស់​កង្វល់​វានវ័ណ្ត គឺ​តណ្ហា​គ្រឿង​ដោត ដែល​ពួក​សត្វ​កំពុង​ត្រូវ​អវិជ្ជា​បិទ​បាំង​មុខ​ភ្នែក​ជិត មិន​ដែល​នឹក​ឃើញ ចង់​រីក​រាយ​សប្បាយ​សោះ ហើយ​លោក​ក៏​លះ​បង់​នូវ​កាម​ ២ យ៉ាង

១- វត្ថុកាម = អារម្មណ៍​របស់​ជា​ទី​ត្រូវ​ការ ឆ្ងាញ់​នៃ​កាម​លោក​បាន​ដល់​អារម្មណ៍​ជា​ទី​ពេញ​ចិត្ត ៥ : រូប សំឡេង ក្លិន រស សម្ផស្ស បាន​ដល់​វិញ្ញាណកវត្ថុ គឺ​សំពត់ មាស ប្រាក់ ផ្ទះ ស្រែ ចំការ ស្រុក ដែន លោក សវិញ្ញាណកវត្ថុ​គឺ ប្រពន្ធ បុត្រ ធីតា ទាសី ទាសា គោ ក្របី ដំរី សេះ ។

២- កិលេសកាម = បាន​ដល់​សេចក្ដី​ពេញ​ចិត្ត​តម្រេក ឆន្ទរាគ តម្រិះ​រក​កាម សេចក្ដី​គាប់​ចិត្ត សេចក្ដី​រីករាយ​ត្រេក​ត្រអាល អន្ទះ​សា​រសាប់​រសល់​ជ្រួល​ក្នុង​កាម ការ​ស្អិត​ដាម​ក្នុង​កាម សេចក្ដី​ក្ដៅ​រោល​រាល​រលាក​ព្រោះ​កាម ការ​ជ្រប់​ជ្រុល ងងុល ឈ្លក់ លង់ ក្នុង​កាម ការ​ក្រៀក ជាប់ ប្រកាន់​ស្អិត​ក្នុង​កាម ការ​រាំង​រាការពារ​កាម លុះ​លះ​ហើយ​លោក​ជា​បុគ្គល​ទំនេរ ស្រាល​អស់​កង្វល់ អស់​អំពល់​ចិត្ត ។

លំ​ដាប់​ពី​នោះ លោក​សំអាត​ខ្លួន​លោក​ឲ្យ​រឹត​តែ​ស្អាត​ចាក​កិលេស គឺ​ឲ្យ​ផូរ​ផង់​រលីង​ចាក​ធម៌​ដែល​នាំ​ឲ្យ​សៅហ្មង ធម៌​ដែល​នាំ​ឲ្យ​ចិត្ត​សៅហ្មង​បាន​ដល់​នីវរណធម៌ ៥ យ៉ាង​គឺ ៖

១- កាមច្ឆន្ទៈ សេចក្ដី​ទាក់​ចិត្ត​នឹង​កាម,
២- ព្យាបាទៈ សេចក្ដី​ឈ្នានីស​បំផ្លេច​បំផ្លាញ,
៣- ថីនមិទ្ធៈ សេចក្ដី​ងោក​ងុយ,
៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដី​អណ្ដែត​រាយ​មាយ,
៥- វិចិកិច្ឆា សេចក្ដី​សង្ស័យ មិន​អស់​ហើយ ។

បណ្ឌិត​ថ្ពក់​គោល​ដៅ​នឹង​ព្រះនិព្វាន​ហើយ បាន​ប្រព្រឹត្ត​ធម៌​បណ្ឌិត​តាំង​អំពី​ថ្នាក់​ទាប កណ្ដាល​រហូត​ថ្នាក់​ឧក្កដ្ឋ ដើម្បី​ឲ្យ​សម្រេច​និព្វាន​ក៏​បាន​ដល់​នូវ​ទី​បំផុត​នៃ​គោល​ដៅ ត្រង់​ការ​អស់​អាសវៈ​ជា​ទី​បំផុត ។

និគមវចនៈ

ពាក្យ​ថា លះ​បង់​នូវ​ធម៌​ខ្មៅ គួរ​ចូល​ក្នុង​សីល ចំរើន​នូវ​ធម៌​ស គួរ​ចូល​ក្នុង​សមាធិ, ចេញ​ចាក​អាល័យ គួរ​ចូល​ក្នុង​បញ្ញា, លះ​បង់​កាម​ឥត​កង្វល់​គួរ​ចូល​ក្នុង​បញ្ញា, សំអាត​ចិត្ត​ឲ្យ​ផូរ​ផង់​ចាក​គ្រឿង​សៅហ្មង​ចិត្ត គួរ​ចូល​ក្នុង​បញ្ញា ។

ឯកសារ​យោង

កែប្រែ
  1. ​ព្រះមហា អ៊ុក អីន ទេសនា​តាម​វិទ្យុជាតិ​ថ្ងៃ​ទី ១៦-១១-១៩៥៨
  2. ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា > បណ្ឌិតវគ្គ