ប្រវត្តិដែនដីសុខោទ័យ
អ្នកប្រាជ្ញជាតិ-អន្តរជាតិនានាអះអាងថាព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរក្សត្រដ៏អង់អាច ក្លាហានគួរឲ្យ គោរពស្រលាញ់ ហើយក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូល នាសម័យមហានគរដែលគ្រងរាជ្យសម្បត្តិពីគស ១១៨១ដល់១២២០។ ប៉ុនែ្តលោកអតីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ក្នុងបទសំភាសន៍តាមវិទ្យុអាស៊ីសេរីថា ព្រះបាទជ័យវរ័្មនទ៧បានប្រគល់ដីសុខោទ័យឲ្យសៀម លុះពេលព្រះអង្គសោយទិវង្គត ដែនដីនេះក៏ប្រកាសផ្តាច់ខ្លួនចេញពីកម្ពុជាតែម្តង ។ បញ្អានេះ បើផែ្អកទៅតាមសៀវភៅប្រវត្តិសាស្រ្តរបស់លោករស់ ចន្រ្តាបុត្រ បញ្ជាក់ថា បន្ទាប់ពីព្រះបាទជ័យវរ័្មនទី៧សោយទិវង្គត បុត្រារបស់ព្រះអង្គគឺព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើងគ្រងរាជ្យសម្បត្តិបន្ត ប្រទេសជាតិមានការរីកចំរើនរុងរឿង និងគ្មានព្រឹត្តិការណ៍អ្វីដែលគួរឲ្យកត់សំគាល់ទេ ។ លុះចូលមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស១២៤៣-១២៩៥) មានការចលាចលរង្គោះរង្គើអាណាចក្រខែ្មរ ដោយសារព្រះអង្គប្រកាន់លទ្ធិព្រហ្មញ្ញសាសនាជ្រុលពេក រហូតបញ្ជាឲ្យគេកំទេចព្រះពុទ្ធរូបតាមប្រាសាទនិងវត្តអារាម ដែលបន្សល់ទុកពីសម័យមុនចោល ធ្វើឲ្យនាម៊ឺនសព្វមុខមន្រ្តី និងរាស្រ្តមិនសូវសប្បាយចិត្ត បង្កើតជាបក្សពួក ប្រឆាំងដោយកនែ្លង ។ ចំណែកពួកថៃ ខែ្មរហៅថាសៀម ដែលធ្លាប់រស់នៅខេត្តយូណាន់ប្រទេសចិន ហើយដែលបានមកជ្រកកោនលើទឹកដីខែ្មរ ក៏ផ្សំគំនិត រួមដៃជាមួយនាម៊ឺនមុខមន្រ្តី និងមេទ័ពខែ្មរខ្លះ រៀបចំជាកងទ័ពក្បត់ ធ្វើសង្រ្គាមប្រកាសឯករាជ្យនៅសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះណាន់ឆាវស្ថិតនៅពាយ័ព្យនៃប្រទេសភូមា ដោយមានសង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃក៏បានធ្វើដំណើរចុះបន្តិចម្តងៗទៅទិសខាងត្បូង ដោយមួយពួកសំដៅមកប្រទេសភូមា និងមួយពួកសំដៅមកប្រទេសខ្មែរ ។ ដំណើរសន្សឹមៗវាតទីរបស់ថៃមកលើទឹកដីខែ្មរ និងភូមាបានចាប់ផ្តើមក្នុងសតវត្សទី១២ ។ ក្នុងភូមិភាគអាស៊ីអាគេ្នយ៍នៅមានដំណើរចុះមកទិសខាងត្បូងទីបីមួយទៀត គឺការវាតទឹកដីរបស់យួនសំដៅយកប្រទេសចាម ។ ដំណើរថៃចុះមកវាតទីលើទឹកដីខែ្មរ មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយជនជាតិថៃបានដាក់ខ្លួនទទួលយកវប្បធម៌ និងអរិយធម៌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្តជាតិសាសន៍ខ្លួន ។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម ។ ក្នុងសតវត្សទី១៣ សង្រ្គាមប្រយុទ្ធគ្នារវាងខែ្មរ និងសៀមចាប់ផ្តើមមានជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើនដល់ប្រទេសជាតិ ហើយកាលនោះស្តេចត្រាញ់ខ្មែរមួយអង្គ ព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយកទៅបង្កើតនគរជាមួយសៀម និងបានយកទីក្រុងខែ្មរឈ្មោះ សុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ បុត្រីព្រះអង្គបានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ឲ្យស្វាមីជាមេទ័ពដ៏សំខាន់ក្នុងនគរ ឯព្រះខ័នតំណាងឲ្យអំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រារបស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្ក ក៏លែងមានសិទ្ធិគ្រប់គ្រងនគរដែរ ចំណែកបុគ្គលមានព្រះខ័នមានសិទ្ធិអំណាចគ្រប់គ្រាន់ ។ ហើយព្រះបាទជ័យវរ្ម័នទី៨ក៏សំរេចព្រះទ័យដាក់រាជ្យក្នុង គ្រិស្តសករាជ១២៩៥ រីឯបុត្រាព្រះអង្គក៏បង្ករទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែត្រូវបរាជ័យដោយត្រូវព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានហើយធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំងប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុកលាវ ត្រង់ហ្លួងប្រាបាង នៅឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់ខែ្មរ មានរាជធានីនៅស័ង្ខលោកនាពាក់កណ្តាលសតវត្សទី១១ បន្ទាប់មកនៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ មនខែ្មរ ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មកនៅអយុធ្យាដែលពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម ហើយលើករាជធានីពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ ចិនហៅរដ្ឋខាងជើងថា សៀនឡូមានរាជធានីនៅឡាហ្វាង និងរដ្ឋខាងត្បូងថា ឡូហ៊ូ ហើយក្រោយមកប្រទេសថៃ គឺសៀន ឬសៀម បានឯករាជ្យពីកម្ពុជា ក៏ប៉ុនែ្តឡូហ៊ូស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរដដែល ។ នៅសម័យនោះហើយដែលលេចព្រះរោង ឬរាមាកំហែង ចេញមកជាមេ ឬចៅហ្វាយនៃទឹកដីសុខោទ័យ ដែលមិនដឹងថាជ្រែករាជ្យ ឬយ៉ាងណានោះទេ តែជាអ្នកកសាងសន្តិវង្សសេ្តចស្រីសញ្ជនាលយៈសុខោទ័យ ។ ព្រះរោងនេះបើតាមរឿងនិទានខែ្មរចាត់ទុកថា ជាមេកងខាងដឹកជញ្ជូនទឹកសុទ្ធចេញពីល្អាងភ្នំស័ក្តិសិទ្ធិមួយកនែ្លង មកកាន់រាជធានីយសោធរៈបុរៈ និងជាអ្នកនាំគេឯងធ្វើកញើ្ជល្អី លាបល័ក្ខ ប៉ុនែ្តក្រោយមកក៏គេចខ្លួនទៅសៀន រឺសៀម ។ នៅឯសៀនគឺជាមេបះបោរ ហើយក្រោយមក មានឋានៈជាចៅហ្វាយ បន្ទាប់ពីបានជ័យជំនះលើទ័ពសៀន និងខែ្មរ ហើយក៏ឡើងសោយរាជ្យ ។ ចំណែករឿងសៀមវិញថា ព្រះអង្គជាបុត្រាសេ្តច ឬបុត្រាចិញ្ចឹម ហើយបានរៀបអភិសេកជាមួយក្សត្រីរជ្ជទាយាទរបស់នគរសុខោទ័យ ម៉្លោះហើយក៏ក្លាយជាព្រះរាជានៃសុខោទ័យ ។ តាមសិលាចារឹកសុខោទ័យបញ្ជាក់ថា បើសិនជាមានការប្រដូចព្រះរាមាកំហែងទៅនឹងព្រះរោងពិតប្រាកដមែននោះ ព្រះអង្គគឺជាបុត្រារបស់មេទ័ព ជាមេក្រុម និងជាសេ្តច។ ព្រះអង្គគឺជាអ្នករំដោះប្រទេសឲ្យបានឯករាជ្យ ទ្រង់ឡើងសោយរាជ្យនៅ ឆ្នាំ១២៩៦ ត្រូវនិង មហាសករាជ១២១៨ ។
យោងតាមឯកសារប្រវត្តិសាស្រ្តនានា ក៏ដូចសិលាចារឹក និងរឿងព្រេងនិទានអាចសន្និដ្ឋានថា ទឹកដីសុខោទ័យ មិនបានបាត់បង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ទេ ពីព្រោះក្នុងសម័យព្រះអង្គមានអំណាចខ្លាំងក្លា ហើយប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូលទៀត ការបាត់បង់ទឹកដីនោះវាកើតមាននៅក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៨ ដែលកាលនោះមានចលាចលខ្លាំង ពេលដែលបុត្រីលួចព្រះខ័នរាជ្យឲ្យទៅស្វាមី ហើយចំពេលដែលពួកថៃប្រកាសឯករាជ្យ ទាមទារដីសុខោទ័យធ្វើរាជាណាចក្រ ម៉្លោះហើយគ្មានលទ្ធភាពត្រួតត្រាទឹកដីសាមន្តរាជរបស់ខ្លួនបាន ។