ប្រាសាទព្រះគោ
ប្រាសាទព្រះគោ | |
---|---|
ឈ្មោះ: | ប្រាសាទព្រះគោ |
អ្នកកសាង: | ព្រះបាទឥន្ទ្រវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ៨៧៩ នៃគ.ស |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថព្រះគោ |
ទីតាំង: | ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប |
ទីតាំងភូមិសាស្រ្ត
កែប្រែប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង[១]។
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត។ ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី។
ការជុសជុល
កែប្រែប្រាសាទព្រះគោត្រូវបានជុសជុលដោយគម្រោងពីរផ្សេងគ្នាគឺ ទី១គម្រោងរបស់ប្រទេសហុងគ្រី ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៦ និងដំណាក់កាលទី២ដោយគម្រោងរបស់ប្រទេសអាឡឺម៉ង់ ចាប់ផ្តើមនៅឆ្នាំ១៩៩១-២០០៣ លុះបច្ចប្បន្នបន្តដោយអភិរក្សដោយគម្រោងរបស់អាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិអប្សរា[២]។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សាបានចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ព័ន្ធខ្លោងទ្វារទី៣នៃប្រាសាទព្រះគោ[៣]។
ស្ថាបត្យកម្មប្រាសាទ
កែប្រែប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ដែលទិសសំខាន់ក្នុងការផ្តល់កំណើតដល់សត្វទាំងឡាយ។ ប្រាសាទនេះមានទំហំ៥០០ម៉ែត្រគុណ៤០០ម៉ែត្រមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជាពីរដាច់ដោយឡែកពីគ្នា និងមានកំពែងមួយធ្វើអំពីឥដ្ឋព័ន្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនូវស្នាកស្នាមខ្លះៗ។
កំពែងប្រាសាទ
កែប្រែកំពែងទី១ សង់អំពីថ្មបាយក្រៀម។ ខ្លោងទ្វារចូលមានលម្អបង្អួច និងចម្រឹងបង្អួចធំធ្វើអំពីថ្មភក់ដោយមានក្បាច់ចម្លាក់ក្បូរល្អស្អាត មានសសរវែងពីរបញ្ឈរធ្វើអំពីថ្មភក់។ ផ្លូវចូលមានក្រាលថ្មបាយក្រៀម។ កំពែងទី២សង់អំពីថ្មបាយក្រៀមហើយមានសាភាពបាក់បែកខ្លាំង។ នៅពេលដើរហួសកាត់កំពែងទី២ទៅខាងក្នុង យើងឃើញមានប្រាង្គមួយនៅខាងខ្វេងដៃ ដែលប្រាង្គនោះធ្វើអំពីឥដ្ឋលម្អដោយថ្មភក់នៅខ្លោងទ្វារ និងសសរទ្វារ។ ចំណែកឯកំពែងទី៣ សង់អំពីឥដ្ឋត្រូវបានបាក់បែកខូចខាតស្ទើរតែមិនអាចសម្គាល់បានឡើយ ប៉ុន្តែបើយើងពិនិត្យឱ្យបានល្អិតល្អន់ យើងឃើញមានបំណែកឥដ្ឋខ្លះរបស់កំពែងនេះជាក់ជាមិនខាន។ នៅក្នុងកំពែងនេះមានរូបគោចំនួន៣ក្រាបពីមុខប្រាង្គសំខាន់។ គោនោះគឺជាយានជំនិះរបស់ព្រះឥសូរគឺគោនិន្ទិ។
ប្រាង្គកណ្តាល
កែប្រែនៅលើខឿនមានប្រាង្គចំនួនប្រាំមួយសង់រៀបជាជួរនៅលើខឿនតែមួយ ក្នុងនោះមានប្រាង្គបីស្ថិតនៅក្នុងជួរខាងមុខ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាង្គទាំងនេះត្រូវបានគេតម្កល់រូបទេវរូបភេទប្រុស និងប្រាង្គបីទៀតស្ថិតនៅជួរខាងក្រោយ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទស្រីកាលពីមុនត្រូវបានគេតម្កល់ទេវរូបភេទស្រីនៅក្នុងប្រាង្គនីមួយៗ។
សិលាចារឹក
កែប្រែតាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោមានឈ្មោះដើមថា បរមេស្វរៈ ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថាព្រះសិដ៏ប្រសើរ ជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ប្រាសាទនេះបានស្ថាបនាឡើងនៅក្នុងឆ្នាំ៨៧៩នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១[៤]។
រូបភាព
កែប្រែឯកសារយោង
កែប្រែ- ↑ សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ១ លោក ហែម សោភ័ន្ត ទំព័រទី២៣។
- ↑ ឯកសារអាជ្ញាធរជាតិអប្សរាស្តីអំពីការអភិរក្សតំបន់អង្គរ ឆ្នាំ២០១២។
- ↑ "អាជ្ញាធរជាតិអប្សរា Apsara National Authority". www.facebook.com. Retrieved 2021-10-21.
- ↑ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី៨