ប្រាសាទភ្នំបាខែង

(ត្រូវបានបញ្ជូនបន្តពី ប្រាសាទ ភ្នំបាខែង)
ប្រាសាទភ្នំបាខែង

ឈ្មោះ: ប្រាសាទភ្នំបាខែង
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ឆ្នាំ៩០៧នៃគ.ស
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាខែង
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

កែប្រែ

ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់ ៤៥ម៉ែត្រ។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។

ស្ថាបត្យកម្មនៃប្រាសាទ

កែប្រែ

ប្រាសាទនេះពិតជាមានលក្ខណៈពិសេសដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈតម្រៀបស្មើៗគ្នាគឺ ១២ ប្រាង្គធំកណ្តាលមួយនៅជាន់ខាងលើ។ សព្វនេះ ប្រាង្គមួយចំនួនធំត្រូវបានដួលរលំ។ ប្រាង្គទាំង១២ នៅតាមថ្នាក់និមួយៗគឺតំណាងឱ្យសត្វទាំង១២ នៃឆ្នាំ ហើយប្រាង្គទាំង ១០៨នោះ ប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិទាំង៤ ដែលមានរយះពេល ២៧ថ្ងៃ នៃចន្លោះពេលនិមួយៗ។ នៅតាមទិសនិមួយៗ យើងអាចមើលតែ ៣៣ប្រាង្គប៉ុណ្ណោះ នេះតំណាងឱ្យចំនួនទេវតាទាំង៣៣ ក្នុងព្រហ្មមញ្ញសាសនា។ ជណ្តើរឡើងប្រាសាទនេះមានលក្ខណៈចោទខ្លាំង។ នៅតាមជណ្តើរនៃថ្នាក់ទាំង៥ មានតោឈយាមផ្លូវ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលមានគោបុរៈ។ ក្រៅពីនេះមានកូនប្រាសាទនៅខាថជើងដែលមានតំកល់លឹង្គពីរ និងមានបណ្ណាល័យពីរ។ នៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថតនៅចំកណ្តាល នៃផ្លូវចូលទៅកាន់ប្រាសាទ។ នៅប្រាង្គកណ្តាលដើមឡើយមានតំកល់លឹង្គព្រះឥសូរ។ ប្រាង្គនេះមានទ្វាចូលតាមទិសទាំងបួន។ ប្រាង្គទាំងបួននៅជាន់ខាងលើក៏មានតំកល់លឹង្គព្រះឥសូរផងដែរ តែមានទ្វាចូលតែពីរទិស។ ប្រាង្គកណ្តាលមានចំលាក់អប្សរា។ សិលាចារិកមាននៅផ្នែកខាថលិចនៃទ្វាខាងជើងនៃប្រាង្គកណ្តាល។ តាមសិលាចារិក ប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្តាលទីក្រុង យសោធបុរ។ នេះត្រូវបានបញ្ជាក់ដោយការរកឃើញស្លាក់ស្នាមកំពែងចាស់របស់ទីក្រុង នៅចុងសតវត្សរ៍ទី៩។ ប្រាសាទនេះមានឈ្មោះដើមថា យសោធរគិរី ។ ក្រោយមកគេហៅថា ភ្នំកណ្តាល ។ ការហៅនេះប្រហែលជាគេគិតទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង។ យើងរកឃើញឈ្មោះនេះជាលើកដំបូងនៅក្នុងសិលាចារិករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។

ព្រះបាតជាន់ទុក

កែប្រែ

សូមបញ្ជាក់ថា រូបព្រះបាតជាន់ទុកត្រូវបានឆ្លាក់តម្កល់នៅទីកន្លែងសំខាន់ៗចំនួន៣កន្លែងគឺនៅលើភ្នំបាខែង លើភ្នំគូលែន និងនៅលើភ្នំសន្ទុក ដែលជានិមិត្តរូបនៃការប្រតិស្ថានព្រះពុទ្ធបាទជាន់ទុកនៅក្នុងស្ថានទាំងបីតួយ៉ាងដូចជា នៅលើភ្នំសន្ទុកតំណាងឱ្យព្រះពុទ្ធជាន់ទុកនៅស្ថានបាតាលលោកមួយ នៅលើភ្នំបាខែងតំណាងឱ្យព្រះពុទ្ធបាតជាន់ទុកនៅស្ថានមនុស្សលោកមួយ និងនៅលើភ្នំគូលែនតំណាងឱ្យព្រះពុទ្ធបាតជាន់ទុកនៅក្នុងស្ថានទេវលោកមួយ[]

ហោត្រៃ

កែប្រែ

មានតួប៉មធ្វើអំពីថ្មភក់ចំនួន២ ស្ថិតនៅខាងមុខបរិវេណខឿនប្រាសាទនៃទីធ្លានៃផហនែកខាងក្រោមទិសខាងកើត តួប៉មនេះត្រូវបានហៅថា ហោត្រ័យជាកន្លែងសម្រាប់ដាក់វត្ថុផ្សេងៗដូចជាគម្ពីរធម៌ និងក្បួនច្បាប់ផ្សេងៗ[]។ ហោត្រៃនេះតំណាងឱ្យព្រះពន្លោងដែលជារាជបណ្ណាល័យ ហើយក៏ជាទីកន្លែងសក្ការៈបូជាចំពោះព្រះគណេសផងដែរ ព្រះអង្គមានចំនេះដឹងជ្រៅជ្រះបំផុត និងជាអាទិទេពគ្រប់គ្រងគម្ពីរវេទទៀតផង[]

សិលាចារឹក

កែប្រែ

ប្រាសាទភ្នំបាខែង ដែលមានឈ្មោះដើមតាមនាមសិវលិង្គ ដែលកម្កល់នៅលើកំពូលថា ស្រី យសោធរេស្វរៈ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ម្ចាស់ប្រកបដោយមង្គល ភាពល្បីល្បាញនៃភាពស្រស់ផូរផង់គឺសំដៅលើព្រះសិវៈ។ បើតាមសិលាចារឹកស្តុកក់ធំលេខ K-២៣៥ ប្រាសាទនេះស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩-៩១០) ថ្វាយទេពសិវៈ[]។ តាមសិលាចារឹកស្តុកកក់ធំលិង្គដែលតម្កល់នៅប្រាង្គកណ្តាល ដោយព្រះរាជគ្រូនាម វាមសិវៈ មានឈ្មោះថា យសោធរេស្វរៈ គឺជាព្រះរាជានៃយសោធរៈ ដែលមានន័យថាការបង្ហាញនៃសិវៈ ជាម្ចាស់នៃព្រះបាទយសោវរ្ម័នទី១។ នៅជុំវិញលិង្គ គេត្រូវព្រះលានមួយហៅថា សិវៈក្សេត្រៈ ដែលត្រូវដាំដើមឈើធំៗជាកន្លែងដែលឥសីធ្វើសមាធិ។ ព្រះលានសិវៈក្សេត្រមានទំហំលាតសន្ធឹង ដល់ទៅ១ពាន់ហត្ថព័ន្ធជុំវិញលិង្គ។ []

រូបប្រាសាទភ្នំបាខែង

កែប្រែ

ឯកសារយោង

កែប្រែ
  1. សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ១ ដោយលោក ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី៦១។
  2. អាជ្ញាធរជាតិអប្សរា ព្រឹត្តិបត្រព័ត៌មានប្រចាំខែតុលា ឆ្នាំ២០០៨ ឆ្នាំទី៣ លេខ២៥ ទំព័រទី៩។
  3. ពាក្យប្រើចំពោះសំណង់បុរាណ និងក្បាច់លម្អដោយលោក ព្រាប ចាន់ម៉ារ៉ា ភ្នំពេញ ឆ្នាំ១០១២ ទំព័រទី៣៩។
  4. លោក ចាន់ ភក្តី
  5. សៀវភៅ ដែនដីអាថ៌កំបាំង អច្ឆរិយៈ ប្រាសាទកោះកែរ ព្រះបាទជ័យវរ្ម័នទី៤ ដោយលោក ស៊ឹម សុភក្រ្តា ឆ្នាំ២០១៧ ទំព័រទី៤៤។
  6. សៀវភៅ ប្រវត្តិសាស្រ្តអង្គរ រៀបរៀងដោយ ម៉ុង សារី ឆ្នាំ២០០១ ទំព័រទី១២